ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ថៃ (SRT) បានជួលអ្នកពិគ្រោះយោបល់ ដើម្បីធ្វើការសិក្សា លើគម្រោងផ្លូវដែកតម្លៃ ៩៦,៧ពាន់លានបាត (៣,១ ពាន់លានដុល្លារ) ដើម្បីភ្ជាប់ផ្លូវរវាងទីក្រុង Mae Sot និង Nakhon Sawan ដោយកំណត់ពេលសិក្សាបញ្ចប់នៅឆ្នាំក្រោយ។
គម្រោងនេះ ជាផ្នែកដំបូងនៅក្នុងគម្រោងផ្លូវស្ថិតតាមបណ្តាញ ច្រករបៀងសេដ្ឋកិច្ចខាងកើត និងខាងលិច ដែលនឹងគាំទ្រដល់ការដឹកជញ្ជូន ទៅប្រទេសជិតខាងកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។
លោក Niruj Maneepun អ្នកគ្រប់គ្រងក្រុមហ៊ុន SRT បាននិយាយថា ក្រុមប្រឹក្សាក្រុមហ៊ុន SRT កាលពីសប្តាហ៍មុន បានអនុម័តការតែងតាំងក្រុមហ៊ុន Tesco Co សាកលវិទ្យាល័យ Chulalongkorn និងក្រុមហ៊ុនDesign Concept Co ជាមួយនឹងថវិកាចំនួន ១៦១លានបាត ដើម្បីសិក្សាលើគម្រោងនេះ។
ក្រុមការងាររួមគ្នានេះ ត្រូវបានផ្តល់រយៈពេល៣៦០ថ្ងៃ ដើម្បីធ្វើការសិក្សាការរចនាលម្អិត និងវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់ផ្លូវដែកថ្មី២៥៦គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង Mae Sot ខេត្ត Kamphaeng Phet និងទីក្រុង Nakhon Sawan។
បន្ទាប់ពីការសិក្សារួច គំរូវិនិយោគ និងថវិកាសម្រាប់ការសាងស ង់នឹងត្រូវបានអនុម័ត។
លោក Niruj បាននិយាយថា ក្រុមហ៊ុន SRT នឹងត្រូវការដី ដើម្បីសាងសង់ផ្លូវថ្មីនេះ ដែលនឹងគាំទ្រ ដល់ការដឹកជញ្ជូនពីព្រំដែន តាមបណ្តោយច្រករបៀងខាងកើត និងខាងលិច។
លោកបានបន្ថែមថា “ភ្លើងខៀវសម្រាប់ការសិក្សាគម្រោងនេះ បានបញ្ជាក់ចំណុចចាប់ផ្តើមសំខាន់មួយ សម្រាប់ផ្លូវដែកភាគខាងកើត និងខាងលិច ដោយសារគម្រោងស្ថាបនាផ្លូវពីទីក្រុង Nakhon Sawan ទៅទីក្រុង Ban Phai ក្នុងខេត្ត Khon Kaen នៅតែស្ថិតនៅក្រោមសិក្សា” ។
ផ្លូវដែកខាងកើត និងខាងលិចចែកចេញជា៣ផ្នែក គឺផ្លូវប្រវែង២៥០គីឡូម៉ែត្រពីខេត្ត Tak ទៅទីក្រុង Nakhon Sawan ចម្ងាយ២៩១ គីឡូម៉ែត្រពី Nakhon Sawan ទៅដល់ Ban Phai និងផ្លូវ ៣៥៥ គីឡូម៉ែត្រទៅខេត្ត Nakhon Phanom។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SRT បានទទួលស្គាល់គំរូអភិវឌ្ឍន៍ ពាណិជ្ជកម្មនេះ សម្រាប់មជ្ឈមណ្ឌលរថភ្លើង ប្រើប្រាស់ចម្រុះនៅទីក្រុងបាងកក។
ផ្ទៃដី ៥២ហិកតា នឹងមានមជ្ឈមណ្ឌលតាំងពិព័រណ៍ និងលំនៅដ្ឋានរបស់បុគ្គលិកក្រុមហ៊ុន ដោយវិនិយោគិនឯកជនរួម បានផ្តល់សម្បទានរយៈពេល ៥០ឆ្នាំ ដើម្បីគ្រប់គ្រងទីតាំងនេះ ដោយបែងចែកជា៤ឆ្នាំសម្រាប់ការសាងសង់ និងរយៈពេល ៤៦ឆ្នាំសម្រាប់ការគ្រប់គ្រង។
លោក Niruj មានប្រសាសន៍ថា “អ្នកពិគ្រោះយោបល់ប៉ាន់ស្មានថា តម្លៃបច្ចុប្បន្នសុទ្ធ (NPV) នៃគម្រោងគឺ ១៦,៨ពាន់លានបាត” ។ លោកបានបន្តថា ក្រុមប្រឹក្សារបស់ក្រុមហ៊ុន SRT បានទទួលស្គាល់គំនិតនេះ ប៉ុន្តែនឹងរង់ចាំការបង្កើតក្រុមហ៊ុនគ្រប់គ្រងមួយ មុននឹងបញ្ជូនបន្ត ទៅគណៈរដ្ឋមន្ត្រីសម្រាប់ការអនុម័ត” ៕