កម្ពុជាគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីត្រៀមសា្វគមន៍ព្រិត្តិការណ៍ ស៊ីហ្គេមឆ្នាំ២០២៣

ដោយ ប៊ី

ភ្នំពេញៈ សាលារាជធានីភ្នំពេញ គ្រោងនឹងសាង់សង់ផ្លូវពីរខ្សែថ្មីបន្ថែម មុនការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះ នឹងជួយរំដោះការកកស្ទះពីផ្លូវជាតិលេខ៦។

គម្រោងសាងសង់ផ្លូវថ្មីពីរនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំទាក់ទងនឹងការរៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន២ សំខាន់ៗ គឺការពិនិត្យពិគ្រោះយោបល់ស្តីពី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ និងបទបង្ហាញទិសដៅការងារ-តួនាទី ភារកិច្ចរបស់គណៈកម្មការជំនាញសំខាន់ៗចំនួន៦ ក្នុងចំណោម១៤គណៈកម្មការ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍គូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងមានប្រជាពលរដ្ឋប្រមាណពី៥ ទៅ៦ម៉ឺននាក់ នឹងចូលរួមក្នុងពេលតែមួយ។

លោកបានបន្តថា “យើងត្រូវការរៀបចំផ្លូវអាទិភាពសម្រាប់ការតភ្ជាប់ ដោយសា​លារាជធានីភ្នំពេញ បានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មី ចំនួន២ខ្សែ ដោយខ្សែទី១ភ្ជាប់ពីផ្លូវOCIC ឆ្ពោះទៅវិមានឈ្នះ ឈ្នះ និងខ្សែទី២ គឺជាផ្លូវស្របតាមដងទន្លេ​សាប តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ (បុកមកមហាវិថីឈ្នះឈ្នះដែរ)”។

លោកវ៉ាត់ ចំរើនបានឱ្យដឹងទៀតថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងនឹងសាង់សង់ផ្លូវពីរខ្សែថ្មីនេះ ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះ នឹងជួយរំដោះការកកស្ទះពីផ្លូវជាតិលេខ៦បាន”៕

រដ្ឋាភិបាលសម្រេចបន្ថយថ្លៃអគ្គិសនីចំនួន ២៥ ភាគរយ ដល់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មរយៈពេល ៥ ខែ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីជួយសម្រួលការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំង ឬបន្ថយសកម្មភាពផលិតកម្មអាជីវកម្ម។

សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នេះជាការជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើតសកម្មភាពផលិតកម្ម ឬអាជីវកម្មក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19 ។

ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ ២០២០ មានខ្លឹមសារដូចខាងក្រោម៖

១) ផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែកការបង់ថ្លៃ តាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃ អគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលប្រើប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់អគ្គិសនីកម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ។

២) រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាមប្រហាក់ប្រហែលពេលមុន។

៣) ផ្តល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ លើការបង់ថ្លៃអគ្គិសនី ដែលប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែដើមឆ្នាំ (ពីខែ មករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាសអំណោយផលអាចបង្កើតសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួលទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19 ៕

ចំណេះដឹង! អ្វី​ជា​យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន?

ដោយ វុត្ថា

ភ្នំពេញ៖ យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រកា​សលេខ ៩០៦ សហវ.ប្រក ចុះ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​ផ្នែក​ឯកជន​ក្នុងការ​ជម្រុញ​នូវ​អនុលោមភាព​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

យន្តការ​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ក្នុង​គោល បំណង​លើកកម្ពស់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ល្អ ប្រកបដោយ​សមធម៌​សម្រាប់​ផ្នែក​ឯកជន​បន្ថែមទៀត។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរ​យន្តការ​នេះ ដោយ​ឈរលើ​ស្មារតី​ភាពជា​ដៃគូ​ស្នើ​ភាព​គ្នា​រវាង​គយ និង​ផ្នែក​ឯកជន  ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានសម្រេច​ចេញប្រកាស​លេខ ៣២០ សហវ.ប្រក ចុះ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពី​ការកែសម្រួល​សមាសភាព​និង​កិច្ចដំណើរការ​ភាព ជា​ដៃគូ​គយ-ផ្នែក​ឯកជន ដោយ​កែសម្រួល​ឲ្យ​មាន​សហប្រធាន​ជា​តំណាង អគរ និង​ផ្នែក​ឯកជន​ក្នុង​សម​សភាព​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​ទាំង​បី ។

ក្រុមការងារ​បច្ចេកទេស​ទាំងបី​មាន ៖

១. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​កាត់ដេរ

២. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ

៣. ក្រុមការងារ​គយ-ធុរកិច្ច​បម្រើ​ទីផ្សារ​ក្នុងស្រុក

យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន​គឺជា​យន្តការ​សម្របសម្រួល​ឲ្យ​មាន​កិច្ចសហការ និង​ការយោគយល់​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​គយ​និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​គយ​ឲ្យ​អស់​លទ្ធភាព​ជាមុន មុននឹង​ឈានទៅ​ដោះស្រាយ​កម្រិត​អន្តរក្រសួង ឬ​ដាក់ជូន​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។  នេះ​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការធានា​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នៃ​កិច្ច​សម្រួល ពាណិជ្ជកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​យន្តការ​ភាពជា​ដៃគូ​គយ​និង​ផ្នែក​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ដោះស្រាយ នូវ​រាល់​បាតុភាព​អសកម្ម ដែល​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ​មិន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕

ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាន់តែច្រើន​បាន​នឹង​កំពុង​ប្រែ​ក្លាយទៅជា​ស្ថាប័ន​ប្រាក់​បញ្ញើរ និង​សន្សំ

ដោយ ​វុត្ថា

ភ្នំពេញៈ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ប្រែក្លាយជា​ស្ថាប័ន​កម្ចី​ទៅជា​ស្ថាប័ន​បញ្ញើរ និង​សន្សំ ដែល​ធ្វើឱ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​សន្ទុះ​រីកចំរើន និង​រក្សាបាន​ក្នុង​រង្វង់៧ភាគរយ ហើយ​បានធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទៅមួយថ្ងៃ។

លោក ង៉ែត ជូ អ្នកជំនាញ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ឯក​រា​ជ្រ បាន​ថ្លែង​តាមរយៈ​ការផ្សព្វផ្សាយ​របស់​សមា​គ​មន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​ថ្ងៃទី១៩ ខែឧសភា​នេះ​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាលពី​កន្លងមកនេះ ផ្តល់​តែ​ប្រាក់កម្ចី តែ​នាពេល​ច្ចុ​ប្បន្ន​នេះ ផ្តល់​សេវាកម្ម​ប្រាក់​បញ្ញើរ និង​សន្សំ ដែលមាន​ជម្រើស​ច្រើន​ដល់​អតិថិជន និង​ជា​ផ្នែក​មួយ​ដ៏​ល្អ​ក្នុង​វិស័យសេដ្ឋកិច្ច។

លោក​បន្តថា “នេះ​ជាការ​កសាង​មូលដ្ឋានគ្រឹះ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាជាង​ដែល​យើង​ខ្ចីប្រាក់ មកពី​ខាងក្រៅ​ស្រុក​ដែលមាន​ថ្លៃដើម​ខ្ពស់ ក្នុងការ​បញ្ចេញ​សាច់ប្រាក់​ក៏មាន​ថ្លៃដើម​ខ្ពស់​ផងដែរ” ។

លោក​បណ្ឌិត​ប៊ុន មុនី អនុប្រធាន​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា ធនាគារ​បានដាក់​ការិយាល័យ​នៅតែ​ក្នុង​ទីប្រជុំជន។ ចំណែក​ស្ថា​ប័​មីក្រូហិរញ្ញវត្ថុ​មាន​ទិសដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​បណ្តា​ទីជនបទ ហើយ​វិស័យនេះ បាន​នឹង​កំពុង​លើ​កម្ពស់ និង​លើកស្ទួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យ៉ាង​ល្អ។

លោក​បន្តថា “ស្ថាប័ន​នេះ​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​បន្ត​ជួយ ឱ្យ​វិស័យនេះ អាច​រស់រាន​បាន​ដោយ​ខ្លួនឯង ប្រកបដោយ​និរន្តរភាព​នាពេល​អនាគត” ។ លោក​បន្តថា “វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​បន្ត​ជា​ចលករ​យ៉ាងសំខាន់ ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កសាង​លើកកម្ពស់ ជីវភាព ប្រជាពលរដ្ឋ​កម្ពុជា” ។

លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​កម្ពុជា បានឱ្យដឹង​ដែរ​ថា កម្ពុជា​បានរៀបចំ​សន្និសីទ បើក​ឱ្យ​ដំណើរការ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កាលពី​ឆ្នាំ ២០១៦  ហើយ​រហូតមក​ដល់ពេលនេះ វិស័យនេះ​បាន​នឹង​កំពុង​រីកចំរើន​យ៉ាងខ្លាំង ជាពិសេស​បាន​កៀរគរ​ប្រភព​មូលធន​ពី​ខាងក្រៅ​ប្រទេស មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យនេះ។

លោក​បន្តថា “ធនាគារជាតិ​នៃ​កម្ពុជា បាន​នឹង​កំពុង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ខេត្ត​នានា​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​យល់​ជ្រោ​ត​ជ្រាប​អំពី សារៈសំខាន់​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ហានិភ័យ​នានា” ។

លោក​រំពឹងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នឹង​រួមចំណែក ក្នុង​សមាហរណកម្ម​អាស៊ាន តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ ឱ្យបាន​សម្បូរបែប​ដល់​ប្រជាពលរដ្ឋ នៅតាម​ទីប្រជុំជន និង​ជនបទ៕

អ្នកជំនាញ​អះអាងថា​ទីផ្សារ​ជួល​វិស័យ​ខុន​ដូ​ចាប់ផ្តើម​កម្រើក​ឡើងវិញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ ក្រោយ​ភាព​ធូរស្រាល​ពី​វិបត្តិ​នៃ​ជំងឺឆ្លង ​Covid-19 នៅក្នុង​ប្រទេស​កម្ពុជា​កា​លពី​ពេលថ្មីៗនេះ វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់​ទទួលរង​នូវ​ភាពស្ងប់ស្ងាត់ បានចាប់ផ្តើម​ក​ម្រើ​កឡើ​ង​វិញ​បន្តិចម្ដងៗ ដោយ​ក្នុងនោះ​ទីផ្សារ​ជួយ​ខុន​ដូ ក៏​កំពុងមាន​សកម្មភាព​ឡើងវិញ​ផងដែរ។

ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ២០២០ ក្រៅពី​ទីផ្សារ​ទិញ-លក់​អចលនទ្រព្យ​មួយចំនួន​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើងវិញ សម្រាប់តែ​ទីផ្សារ​ជួល​ខុន​ដូរ ដែល​ធ្លាប់​ទទួលរង​នូវ​ភាពស្ងប់ស្ងាត់​តាំងពីដើម​ឆ្នាំ​មក​នោះ បានបង្ហាញ​ពី​ភាពល្អប្រសើរ​ជាបណ្តើរៗឡើងវិញ​ហើយ។ នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA កាលពី​រសៀល​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ។

អ្នកជំនាញ​នៅក្នុង​វិស័យ​ខុន​ដូ លោក ខន គង្គា​បាន​មានប្រសាសន៍​បន្តថា “ចាប់តាំងពី​ដើមខែ​មករា ឆ្នាំ២០២០ ស្រប​ពេលដែល​ការទិញ-លក់ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ទទួលរង​នូវ​ភាពស្ងប់ស្ងាត់​នោះ ទីផ្សារ​ជួល​ខុន​ដូ ក៏​ជួប​ឱប​ភាព​ផងដែរ ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ Covid-19 មានការ​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន និង​បន្ត​សាយភាយ​ទៅដល់​បណ្តា​នានា​ជា​បន្តបន្ទាប់” ។

លោក​បាន​បន្តទៀតថា ភាពល្អប្រសើរ​នៃ​ទីផ្សារ​ជួល​ខុន​ដូ​យើង​ឃើញថា បាន​ងើប​ឡើងវិញ​នៅ​ពាក់កណ្ដាល​ខែមេសា ជាពិសេស​នៅ​ដើមខែ​ឧសភា​នេះ បន្ទាប់ពី​កម្ពុជា​ទទួលបាន​ភាព​ធូរស្រាល និង​អាច​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺឆ្លង​បាន​យ៉ាង​ប្រសើរ។ ជាក់ស្ដែង​ពេលនេះ មាន​អតិថិជន​ក្នុងស្រុក និង​បរទេស​មួយចំនួន ជាពិសេស​ជនជាតិ​ចិន បានធ្វើការ​កក់​ជួល​យូ​នី​ត​ខុន​ដូ​តាមរយៈ Online ជា​បន្តបន្ទាប់។

លោក​បន្តថា “ខ្ញុំ​គិតថា​បន្តិចទៀតនេះ នឹង​កាន់តែ​ប្រសើរ​ជាង​នេះ ជាពិសេស​នៅ​ចុងឆ្នាំ២០២០ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា ក៏ដូចជា​រដ្ឋាភិបាល​ចិន អាច​គ្រប់​ការឆ្លង​រាលដាល​ក្នុងប្រទេស​បាន ហើយ​បើក​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​ប្រទេស​ឡើងវិញ” ។

នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​ចេញ​ដោយ ក្រុមហ៊ុន​ភ្នាក់ងារ​អ​ច​កន​ទ្រព្យ​អន្តរជាតិ​ CBRE Cambodia កាលពីពេល​កន្លងទៅនេះ​បាន​បង្ហាញថា នៅ​ទូ​រាជធានី​ភ្នំពេញ មាន​គម្រោង​ខុន​ដូ​ចំនួន៥ ស្មើនឹង២៨៤៣យូ​នី​ត បាន​ទៅក្នុង​ទីផ្សារ​ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ ដែល​បានធ្វើឱ្យ​ខុន​ដូ​មាន​កំនើន​រហូតដល់២០,៨៥១ យូ​នី​ត។ ទន្ទឹមនឹង​នេះដែរ ការជួល​ប្រចាំខែ​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​យូ​នី​ត​ដែលមាន​តម្លៃ​ខ្ពស់​គឺ ១៤,២១ដុល្លារ ធ្លាក់ចុះ ០,៤ភាគរយ​ពីមួយ​ត្រីមាស ទៅមួយ​ត្រីមាស និង ១១,៧៩ដុល្លារ​សម្រាប់​យូ​នី​ត​ខ្នាត​មធ្យម​ធ្លាក់ចុះ ០,៦ភាគរយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ខុន​ដូ​នៅ​កម្ពុជា​ត្រូវបាន​អ្នក​អភិវឌ្ឍន៍​ធ្វើ​ឡើងជា៣កម្រិត រួមមាន កម្រិត​ខ្ពស់​សម្រាប់​បំពេញតម្រូវការ​ទៅ​ផ្សារ​មកពី​ក្រៅ​ស្រុក (ទីផ្សារ​ជនបរទេស) ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​សមរម្យ​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែលជា​ជនជាតិខ្មែរ។

លោកស្រី​បន្តទៀតថា “បច្ចុប្បន្ននេះ​ទីផ្សារ​ខុន​ដូ​កម្រិត​ខ្ពស់​មួយចំនួន ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារតែ​ទីផ្សារ​គោលដៅ​ភាគច្រើន ផ្តោតលើ​ជនបរទេស​ដែល​កំពុង​តែមាន​ភាព​ប្រឈម​ខ្លាំង នឹង​ការវាយប្រហារ​ដោយ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​សម្រាប់​ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម និង​តម្លៃ​សមរម្យ នៅតែមាន​បន្ត​មាន​ទីផ្សារ​ដែលជា​តម្រូវ​ការ​នៅក្នុង​ស្រុក​ជា​ជនជាតិខ្មែរ” ។

លោកស្រី​បាន​បញ្ជាក់ថា យើង​ទទួលស្គាល់​នៅក្នុង​ដំណាក់កាល នៃ​ការវាយប្រហារ​ដោយ​ជំងឺឆ្លង Covid-19 ពិតជា​បានធ្វើឱ្យ​ប៉ះពាល់ ដល់​វិ​និ​ស័​យ​អចលនទ្រព្យ​នៅក្នុង​កម្ពុជា​មួយចំណែក ប៉ុន្តែ​សម្រាប់​ផ្នែក​ការវិនិយោគ​លើ​វិស័យ​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​សមរម្យ គឺ​នៅតែមាន​ឱកាស​ដដែល៕

IMF ជំរុញ​ប្រទេស​ជា​សមាជិក​រក្សា​លំហូរ​ពាណិជ្ជកម្ម កំឡុង​ពេលនេះ​ជាជាង​ផ្តោតលើ​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន

ដោយ ប៊ី

ភ្នំពេញៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)  ជំរុញ​ប្រទេស​ជា​សមាជិក (G7) រក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា និង​លំហូរ​ពាណិជ្ជកម្ម ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​ពិភពលោក​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ជាជាង​ផ្តោតលើ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​បាន​កើនឡើង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ​កំឡុង​ពេលនេះ។

នៅពេល​ត្រូវបាន​សួរ​អំពី​ភាព​តានតឹង​ជាថ្មី​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង២ នៅលើ​ពិភពលោក​លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយថា លោកស្រី​កំពុង​ជំរុញ​ប្រទេស​ជា​សមាជិក(G7) ឱ្យ​រក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា និង​លំហូរ​ពាណិជ្ជកម្ម ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​ពិភពលោក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ។

ប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​អាមេរិក។

លោក Georgieva បាន​មានប្រសាសន៍ថា “យើង​ចាំបាច់​ត្រូវ​រក្សា​លំហូរ​ពាណិជ្ជកម្ម​ឱ្យ​បើកចំហ ជាពិសេស​សម្រាប់​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​ស្បៀងអាហារ​រយៈពេល​វែង​ដើម្បី​ស្វែងរក​វិធី ដើម្បី​ជំនះ​នូវ​អ្វីដែល​កំពុង​កើតឡើង កំឡុងពេល​វិបត្តិ​នេះ” ។ លោក​បន្តថា “យើង​ចង់​បន្ត​កសាង​អនាគត ប្រកបដោយ​វិបុលភាព​សម្រាប់​ទាំងអស់គ្នា ដោយ​ជម្នះ​វិបត្តិ​ជំងឺ​COVID-19នេះ” ។

ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​កើនឡើង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ ដោយ​មន្ត្រី​ទាំងសងខាង​បានស្នើ​កិច្ចព្រមព្រៀង​ដ៏​លំបាក​មួយ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល១៨ខែ​ដ៏​ជូរចត់ ដែល​អាច​ត្រូវបាន​គេបោះបង់​ចោល​ជាច្រើន​ខែ បន្ទាប់ពី​វា​ត្រូវបាន​ចុះហត្ថលេខា។

លោកស្រី Georgieva បាន​ព្រមាន​ប្រឆាំងនឹង​ការវិលត្រឡប់ ចូលទៅក្នុង​របប​គាំពារ​និយម។

លោកស្រី​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា “យើង​មិនគួរ​ងាក​ចេញពី​អ្វីដែល​បានធ្វើការ​សម្រាប់​ប្រជាជន​គ្រប់​ទីកន្លែង​នោះទេ រួមមាន ការបែងចែក​នៃ​កម្លាំង​ពលកម្ម និង​កិច្ចសហការ និង​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យ​តម្លៃ​ទំនិញ និង​សេវាកម្ម​ធ្លាក់ចុះ និង​ភាពក្រីក្រ​នៅក្នុង​ប្រទេស និង​នៅ​ទូទាំងប្រទេស​ទាំងអស់​ថ​ម​ថយ” ។

IMF ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​សង្គ្រាមលោកលើកទី២ ដើម្បី​លើកកម្ពស់​ស្ថេរភាព​ហិរញ្ញវត្ថុ ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជុំវិញ​ពិភពលោក។

លោកស្រី Georgieva បាន​បន្ថែមថា IMFបានផ្តល់​ហិរញ្ញប្បទាន​បន្ទាន់​ដល់​ប្រទេស​ចំនួន៥៦ ចាប់តាំងពី​វិបត្តិ​បានចាប់ផ្តើម ហើយនឹង​សម្រេច​លើ​សំណើ ៤៧បន្ថែមទៀត​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

អ្នកនាំពាក្យ​របស់ IMF បាន​និយាយថា ហិរញ្ញប្បទាន​បន្ទាន់​ចំនួន២១ពាន់​លាន​ដុល្លារ ដែលមាន​អត្រា​ការប្រាក់​ទាប​បំផុត ត្រូវបាន​ផ្តល់ឱ្យ​ប្រទេស​នានា រហូតមកដល់​ពេលនេះ។

លោក Georgieva បាន​និយាយថា​មូលនិធិ​នេះ ក៏​អាច​ផ្តល់ជំនួយ​ក្នុង​ការជួយ​ដល់​ប្រទេស​ក្រីក្រ​បំផុត ក្នុងការ​ទូទាត់​ការផ្តល់សេវា​បំណុល​របស់​ពួកគេ​ទៅឱ្យ IMF រហូតដល់​ចុងឆ្នាំ បន្ទាប់ពី​ការប្តេជ្ញាចិត្ត​ផ្តល់ប្រាក់​កម្ចី​ថ្មី​ពី​សមាជិក​របស់ខ្លួន៕ Economic Times

វិភាគ៖ តើ​អ្នកវិនិយោគ​ចិន​មាន​សារសំខាន់​ដូចម្តេច​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា?

ដោយ ប៊ី

ភ្នំពេញ៖ បច្ចុប្បន្ន​មានការ​សង្កេតឃើញថា ប្រជាជន​ចិន​ចាប់ផ្តើម​ត្រឡប់មក​កម្ពុជាបណ្តើរៗ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា តើ​ការមកដល់​របស់​ពួកគេ​ក្នុង​គោលបំណង​អ្វី ខណៈ​មាន​ទស្សនៈ​ជាច្រើន​ជុំវិញ ការ​ត្រឡបមកវិញ​របស់​វិនិយោគិន​ចិន​ថា នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ចូលក្នុង​វិស័យ​អចលនទ្រព្យ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត COVID-19 ។

កាលពីពេលថ្មីៗនេះ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន នឹង​ជះឥទ្ធិពល​វិជ្ជមាន ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​លេខ១ក្នុង​វិស័យនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុនី​ម បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅថ្ងៃនេះ​ថា ចិន​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​វិនិយោគ​ចិន​មាន​ភាព​វ័យឆ្លាត និង​ដឹង​ច្បាស់​ពី​សក្តានុពល​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​ថ្លែងថា “មុននឹង​វិនិយោគ​ក្នុង​វិស័យ​អ្វីមួយ អ្នកវិនិយោគ​បរទេស មិនថាតែ​ចិន​នោះទេ ពួកគេ​សុ​ទ្ឋ​តែ​បាន​សិក្សា​ច្បាស់លាស់​ជាមុនសិន។ ដូច​បានឃើញ​គម្រោង​ជាច្រើន ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​នៅ​កម្ពុជា ជា​គំរោង​ដែល​ផ្តល់​ផលប្រយោជន៍ និង​ចំណេញ​យ៉ាងច្រើន​នាពេល​អនាគត” ។

លោក​បាន​ថ្លែងថា “បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺជា​បញ្ហា​រយៈពេល​ខ្លី ហើយ​នៅពេលអ្វីៗត្រឡប់​មករក​សភាព​ធម្មតា​ឡើងវិញ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​កំណើន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត” ។ លោក​បាន​បន្តថា “ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ច​ចិន គឺជា​រឿង​ល្អ​មួយ​សម្រាប់​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​គាត់​នឹង​មក​បន្ត​ការវិនិយោគ​នៅ​កម្ពុជា” ។

ចិន​ឈរ​ក្នុង​លំដាប់​ទី១ ដែល​បាន​ចាក់​បញ្ចូល​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​ទុនវិនិយោគ​របស់​ចិន​មាន​ប្រមាណ​ជាង ១០០០ពាន់​ប៊ី​លាន​រៀល ស្ថិតនៅ​នាំមុខ​ក្នុងចំណោម​ប្រទេសធំៗ​ចំនួន៤​ផ្សេងទៀត ដែល​កំពុង​វិនិយោគ​លើ​វិស័យនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ចេញ​កាលពី​ដើមខែ​នេះ។

របាយការណ៍​បានឱ្យដឹងថា “លំហូរ​ចូល​ទុនវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នេះ ក្នុងនោះ ចិន​មាន​ទុនវិនិយោគ​ជាង១ពាន់​ប៊ី​លាន​រៀល ដោយ​ឈរ​ក្នុង​លំដាប់​ទី១,សិង្ហ​បុរី ចំនួន ២៧១ប៊ី​លាន​រៀល ឈរ​ក្នុង​លំដាប់​ទី២, អាមេរិក​ជាង ២១៤ ប៊ី​លាន​រៀល ឈរ​ក្នុង​លំដាប់​ទី៣, កូរ៉េខាងត្បូង​ចំនួន ១០៩ ប៊ី​លាន​រៀល, ជប៉ុន ៦២ ប៊ី​លាន​រៀល និង​ប្រទេសផ្សេងៗទៀត​ប្រមាណ​ជាង ៧៨ ប៊ី​លាន​រៀល” ។

ជាមួយគ្នានេះ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការ​ងើបឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ផល​វិជ្ជមាន ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​វិបត្តិ​ការ​ COVID-19 ធ្វើឱ្យមាន​ផលប៉ះពាល់​ជាស​កល មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ។

លោកស្រី​បាន​បន្តថា “ការបើក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​ទាមទារ​រយៈពេល​ទៅខាង​មុខ សម្រាប់​កម្ពុជា​ទទួលបាន​ចំហាយ​កំណើនសេដ្ឋកិច្ច​របស់​ចិន” លោក​បាន​លើកឡើងថា “យើង​ដឹង​ហើយ ចិន​ឈរ​នៅ​លំដាប់​កំពូល​នៃ​អ្នកវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា” ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី១ ចំពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​សេដ្ឋវិទូ​កាល​ពីស​ប្តា​ស៍​មុន។

លោក Piao Renjin អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន NH Investment & Securities នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ប្រទេស​ចិន​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការរីក​រាលដាល នៃ​ការ​គ្របដណ្តប់​លើ​ជំងឺ Covid-19 ដោយមាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

អ្នកវិភាគ​រូបនេះ​បាន​និយាយថា “រដ្ឋាភិបាល​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ពង្រីក​វិធានការ​ជំរុញ​សារពើពន្ធ​និង​រូបិយវត្ថុ ហើយ​អ្នក​អាច​មើលឃើញ​ការ​ងើប​ឡើងវិញ នៅក្នុង​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី២” ៕

កាលពី​ថ្ងៃ​ពុធ​ទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ចិន។

អ្នកវិភាគ​បានលើកឡើង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​កម្ពុជា ដោយ​នឹង​នាំមក​វិនិយោគ​ចិន​ចូល​កម្ពុជា​បន្ថែម ខណៈ​វិនិយោគ​ចិន​បាន និង​កំពុង​ឈរលើ​លំដាប់​កំពូល​នៃ​វិនិយោគិន​បរទេស​នៅ​កម្ពុជា។

លោក​បណ្ឌិត​ហុង វណ្ណៈ  អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ធ្លាប់​ប្រាប់​គេ​ទំព័រ Propertyarea.asia ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច ទៅ​ជួប​ជាមួយ ឯកឧត្តម​ស៊ី ជីន​ពីង កាលពីពេលថ្មីៗនេះ មាន​សញ្ញា​ល្អ​ច្រើន ហើយ​នឹងមាន​វិនិយោគ​ត្រឡប់​វិញ ព្រោះ​ក្រុមហ៊ុនធំៗនៅ​ប្រទេស​ចិន ជាទូទៅ​មានការ​ជាប់​ពាក់ព័ន្ធ និង​ការគាំទ្ររ ដ្ឋា​ភិ​បាល​ចិន។

លោក​មានប្រសាសន៍ថា “កត្តា​នេះហើយ​ដែល​ប្រធានាធិបតី​បាន​អះអាងថា ចិន មាន​គម្រោង​រួចហើយ គិតគូរ​រួចហើយ ដូច្នេះ​អ្នកវិនិយោគ​ចិន​ប្រាកដជា​ត្រឡប់មកវិញ” ។

លោក​បាន​ថ្លែងថា “វា​ជា​កិច្ចសហប្រតិបត្តិការ លើ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គោលនយោបាយ​ជោគវាសនា​តែមួយ របស់​ប្រទេស​ទាំងពីរ និង​កិច្ចព្រមព្រៀង​នៅតែមាន​ជា​ធរមាន​នៅឡើយ” ។ លោក​បន្តថា “ក្នុងករណី​ដែលមាន​វិនិយោគិន​មួយចំនួន​មក​ប្រទេស​កម្ពុជា ហើយ​ត្រឡប់​នៅ​វិញ គឺមាន​តែមួយ​ចំនួន​តូច​ទេ ដោយសារ​ការរកស៊ីរ​បស់​គាត់​មិន​ចំណេញ កត្តា​ខ្លះទៀត​មកពី EBA ដូរ​ទៅរក​ស៊ី​នៅ​ប្រទេស​ផ្សេង កត្តា​ខ្លះទៀត​ដូរ​ឈ្មោះ​ក្រុមហ៊ុន​រកស៊ី” ។

វិស័យ​ជាទូទៅ​ដែល​ភាគី​ចិន នឹង​មក​វិនិយោគ​វិស័យ​ច្រើន ក្នុងនោះ​វិស័យ​កាត់ដេរ វិស័យ​ថាមពល វិស័យ​រ៉ែ វិស័យ​ទេសចរណ៍ អចលនទ្រព្យ លើ​កសិកម្ម វិស័យ​អេ​ឡិច​ត្រូ​និ​ច និង​ធានា​គារ​ផងដែរ។

លោក​បណ្ឌិត​ហុង វណ្ណៈ​បាន​និយាយថា “ការ​ត្រឡប់មកវិញ​របស់​អ្នកវិនិយោគ​ចិន​នឹង​ផ្តោត​ទៅ​វិស័យ​ចំរុះ ប៉ុន្តែ​យើង​មិនមាន​ហេតុផល​ណា ដើម្បី​ពន្យល់ថា​តើ​វិស័យ​មួយណា​លេចធ្លោ​ជាង​វិស័យ​ណា​ទេ។ វា​ទៅតាម​ការចាប់អារម្មណ៍​របស់​វិនិយោគិន​ចិន។លោក​ឱ្យដឹងទៀតថា “ការវិល​ត្រឡប់មកវិញ​លើក​នេះ មាន​រយៈ​វែង ឬ​ខ្លី​អាស្រ័យទៅលើ​វិស័យ​ដែល​គាត់​វិនិយោគ។ វិស័យ​ឧ​ស្សហកម្ម​ធន​មធ្យម និង​ធ្ងន់ វិស័យ​កសិកម្ម និង​វិស័យ​អចលនទ្រព្យធំៗគឺ​វិស័យ​ដែលមាន​វិនិយោគ​រយៈពេល​វែង” ។

លំហូរ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ចូលក្នុង​វិស័យ​អចលនៈទ្រព្យ (រួមបញ្ចូល​ទាំង​អចលនទ្រព្យ និង​ខុន​ដូ​គ្រប់​ប្រភេទ) នៅ​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ជាង៤៣៧លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី២៧ ខែមេសា​ឆ្នាំ ២០២០ ។

ក្នុងចំណោម​លំហូរ​នៃ​ការវិនិយោគ ដោយផ្ទាល់​ពី​បរទេស​សរុប ទៅក្នុង​វិស័យ​អចលនទ្រព្យ​ប្រទេស​ចិន មាន​ទំហំ​ទុនវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា។ ប្រទេស​ចិន​បាន​ចូលរួម​វិភាគទាន​ប្រហែល៥៨,៨ ភាគរយ (ឬ​ជាង២៦២ លាន​ដុល្លារ) នៃ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​សរុប បន្ទាប់មក​ប្រទេស​សិង្ហ​បុរី ១៥,២ ភាគរយ ឬ៦៧,៧៥ លាន​ដុល្លារ អាមេរិក៥៣,៥ លាន​ដុល្លារ ២៧,២៥លាន​ដុល្លារ​ពី​ប្រទេស​កូរ៉េខាងត្បូង និង១៥,៥ លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន និង ១៩,៥ លាន​ដុល្លារ​ពី​ប្រទេស​ដទៃទៀត៕

តើ​រវាង​លំនៅដ្ឋាន និង​ដីធ្លី គួរតែ​វិនិយោគ​ទៅលើ​វិស័យ​ណា​ទើបបាន​ផលចំណេញ​ខ្ពស់?

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុង​កម្រើក​ឡើងវិញសន្សឹមៗ មិន​ថា​វិស័យ​លំនៅដ្ឋាន ឬ​ដី​សាងសង់​ផ្ទះ​នោះឡើយ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​សម្រុក​ទិញ​អចលនទ្រព្យ​សម្រាប់​វិនិយោគ។

ដើម្បី​ដោះស្រាយ​ចម្ងល់​របស់​អ្នក ដែលមាន​បំណង​ចង់​ជាវ​អចលនវត្ថុ ប៉ុន្តែ​មិនទាន់​ហ៊ាន​សម្រេចចិត្ត គប្បី​ដឹង​ពី​ព័ត៌មាន​ជាក់ច្បាស់​ជាមុនសិន។ ដូច្នេះ​អ្នកជំនាញ​បាន​ចែករំលែក​ព័ត៌មាន​មួយចំនួន​ថា តើ​រវាង​ដី​និង​លំនៅដ្ឋាន​គួរ​វិនិយោគ​លើ​មួយណា ដើម្បី​ទទួលបាន​ផលចំណេញ​នៅ​ថ្ងៃ​អនាគត? ។

លោក អ៉ិន ណា​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ​មក​គេហទំព័រ Property Area Asia នៅ​រសៀល​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ នេះ​ថា ជាដំបូង​វា​អាស្រ័យទៅលើ​ស្ថានភាព​អតិថិជន​ដែរ ប្រសិនបើ​ពួកគាត់​មិនទាន់មាន​លំនៅដ្ឋាន​រស់នៅ​ទេនោះ គួរណា​តែ​ទិញ​ផ្ទះ​ជៀសវាង​ការជួល​ផ្ទះ។

លោក​បន្តថា “បើសិនជា​ពួកគាត់​មានផ្ទះ​រួចហើយ គួរណា​តែ​ទិញ​ដី​វិញ​ល្អ​ជាង ដោយសារតែ​ដី អាចមាន​ឱកាស​ចំណេញ​ច្រើនជាង​ការទិញ​ផ្ទះ។ ម្យ៉ាង​នៅពេល​អនាគត ផ្ទះ​នោះ​អាច​ក្លាយជា​សំណង់​ចាស់​បាន។ លោក​បន្តថា “ជាទូទៅ កាលណា​អ្នកទិញ​ផ្ទះ​គឺ​ខាង​ក្រុមហ៊ុន​បាន​បូក​ទាំង​ថ្លែ សំណង់ និង​ដី​រួចហើយ ហេតុនេះ​វា​មានតម្លៃ​ថ្លៃ​ជាង​ដី។

ចំណែកឯ​ដី​វិញ ពួកគាត់​អាច​ទិញ​បាន​ទំហំ​ធំ ហើយ​ការចំណាយ​លើ​ការសាងសង់​មិន​ថ្លៃ​ខុសគ្នា​ប៉ុន្មាន​ទេពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​នោះ។ វា​អាច​ខុសគ្នា​តិចតួច​អាស្រ័យទៅលើ​គ្រឿងសំណង់ តែបើ​ថ្លៃ​ដី​វិញ​គឺ​ខុសគ្នា​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

អ្នកជំនាញ​រូបនេះ​សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ​មិនមែន​ផ្ទះ​ថ្លៃ​ទេ គឺជា​ដី​ទេ​ដែលមាន​តម្លៃ​ថ្លៃ ដូចនេះ​បើសិនជា​អាច​គួរតែ​វិនិយោគ​ទៅលើ​ដី​វិញ វា​មានឱកាស​ចំណេញ​ខ្ពស់ជាង ជាពិសេស​ដី​នៅតាម​ជាយក្រុង​តែម្តង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ​អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century 21 Advance Property លោក ឡុង គីម​សួគ៌ បានលើកឡើង​វិញ​ថា ការវិនិយោគ​ទៅលើ​វិស័យ​ដីធ្លី មិនមែន​ទទួលបាន​ចំណេញ​ទាំងអស់​នោះឡើយ ព្រោះ​វា​អាច​នឹងមាន​ហានិភ័យ ដូច្នេះ​អ្នកទិញ​គប្បី​ចេះ​សម្លឹងមើល​ឱកាស​សិន​មុននឹង​លក់​ចេញ។ សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ អាច​ទិញ​នៅ​តំបន់ឆ្ងាយៗ ប៉ុន្តែ​បើ​អ្នកមាន​ជីវភាព​មធ្យម ឬ​ជាប់បំណុល​ធនាគារ​គឺមាន​អត្រា​ប្រឈម​ខ្ពស់។

ចំណែកឯ​នាយិកា​ក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហ៊ូរ វិញ​ធ្លាប់បាន​ថ្លែង​មកកាន់​គេហទំព័រ Property Area Asia ថា មិន​ថា​វិស័យ​ដីធ្លី លំនៅដ្ឋាន អគារ​អ្វី​នោះទេ កាលណា​តែ​វិនិយោគ​នូវ​គម្រោង​ដែល​ច្បាស់លាស់ និង​ទីតាំង​មាន​សក្តានុពល គឺ​សុទ្ធតែ​ទទួលបាន​ផលចំណេញ​នៅពេល​អនាគត​ទាំងអស់៕

បើមានថវិកាក្រោម ១០ម៉ឺនដុល្លារ តើគួរទិញលំនៅដ្ឋាននៅតំបន់មួយណាក្នុងរាជធានីភ្នំពេញ?

ដោយ ហ្សូលី

ភ្នំពេញ៖ ទីផ្សារលំនៅដ្ឋានកំពុងមានភាពរីកលូតលាស់ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដែលនេះជាសបញ្ជាក់ឱ្យឃើញពីសក្តានុពលនៃការវិនិយោគអចលនទ្រព្យ និងតម្រូវការអចលនវត្ថុក្នុងប្រទេស។ ដោយឡែក ស្ថិតក្នុងស្ថានការណ៍វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារការរងឥទ្ធិពលពីមេរោគរាតត្បាត តើអ្នកដែលមានថវិកាសមល្មមក្រោម ១០ ម៉ឺនដុល្លារ គួរតែសម្រេចចិត្តទៅវិនិយោគនៅតំបន់មួយណាក្នុងទីក្រុងភ្នំពេញ?

អ្នកជំនាញអចលនទ្រព្យ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់តាមទូរសព្ទមកកាន់គេហទំព័រ Property Area Asia នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះថា សម្រាប់បងប្អូនដែលចង់ជាវលំនៅដ្ឋានសម្រាប់រស់នៅក៏បានផងឬថ្ងៃក្រោយចង់លក់ចេញវិញដើម្បីទទួលបានផលចំណេញទៅថ្ងៃក្រោយនោះ អាចវិនិយោគទៅលើតំបន់ជាយក្រុងបាន។

លោកបន្តថា ក្នុងករណីដែលអ្នកមានថវិកាត្រឹម ៧ ម៉ឺន ឬក្រោម ១០ ម៉ឺនដុល្លារនោះ អាចសម្លឹងមកតំបន់ក្បែរផ្លូវជាតិលេខ ២ ឬផ្លូវជាតិលេខ ៣ តំបន់កៀនស្វាយ និងតំបន់អរិយក្សត្រ ត្រើយម្ខាងក៏បាន ព្រោះតំបន់ទាំងអស់នេះសុទ្ធតែល្អនៅក្នុងពេលអនាគត។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property លោក ម៉ម សិរីបញ្ញា បានលើកឡើងថា សម្រាប់អ្នកមានថវិកាក្រោម ១០ម៉ឺនដុល្លារ អាចទិញលំនៅដ្ឋានបាននៅក្នុងតំបន់ខណ្ឌដង្កោរ ឬខណ្ឌកំប៉ូល ព្រោះថានៅតំបន់នេះកំពុងមានការអភិវឌ្ឍជាហូរហែទៅលើវិស័យលំនៅដ្ឋាន។ ម្យ៉ាង ទីតាំងនោះគឺសាកសមសម្រាប់គ្រួសារខ្នាតតូចដែលចង់រស់នៅក្នុងទីក្រុងភ្នំពេញ ថ្វីត្បិតតែឆ្ងាយពីកណ្តាលក្រុងក៏ពិតមែន តែហ៊ុមព័ទ្ធទៅដោយផ្សារ ឬតំបន់រកស៊ី។

អ្នកជំនាញអចលនទ្រព្យមួយរូបទៀតគឺលោក ហៃ រ៉ាវី នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty Group ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា អ្នកដែលមានជីវភាពមធ្យមចង់ស្វែងរកលំនៅដ្ឋានសមស្របក្នុងការរស់នៅនិងចង់ស្ថិ្តតនៅក្នុងតំបន់ទីប្រជុំជន ឬអាចលក់ចេញវិញបាននៅថ្ងៃអនាគត សូមសាកល្បងក្រឡេកទៅខណ្ឌច្បាតអំពៅ ឬព្រែកព្នៅ។

លោកបញ្ជាក់ប្រាប់ពីហេតុផលដែលគួរទិញលំនៅដ្ឋាននៅតំបន់នោះ ព្រោះទីនោះមានប្រជាពលរដ្ឋសម្រុកទៅច្រើន និងមានរោងចក្រ សហគ្រាស នៅជុំវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមានភាពរលូនស្រួលទៀតផង៕

អ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោយCovid-19 នៅក្នុងប្រទេសមានភាពធូរស្រាល

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញ អះអាងថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេសហាក់មានសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីមើឃើញប្រជាពលរដ្ឋខ្មែរក្នុងរយៈពេលកន្លងមកនេះចេញធ្វើសកម្មភាពទេសចរណ៍នៅតាមបណ្តាគោលដៅទេសចរណ៍នានា និងក្រោយCovid-19 មានភាពធូរស្រាល។

លោក ស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមានការត្រេកអរចំពោះការធូរស្រាលនៃស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស ហើយបានធ្វើដំណើរទេសចរណ៍ស្ទើរតែគ្រប់គោលដៅទេសចរណ៍នៅក្នុងប្រទេសរៀងរាល់ចុងសប្តាហ៍។

លោកស្រីបន្តថា នេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាននឹងកំពុងលើកកម្ពស់ និងជំរុញចលនាទេសចរណ៍នៅក្នុងស្រុក។

លោកស្រីបន្ថែមថា បើសិនជាមានការអូសបន្លាយក្នុងរយៈពេលយូនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេស តែយ៉ាងណាក៏ដោយក៏នៅមានហានីភ័យចំពោះប្រជាពលរដ្ឋដែលពុំបានការពារខ្លួននៅពេលធ្វើដំណើរទេសចរណ៍ខ្លះដែរ ខណៈដែលជំងឺនេះនៅតែបន្តមានវត្តមាននៅលើសកលលោក។

លោកស្រីបញ្ជាក់ថា នៅពេលឃើញមានប្រជាពលរដ្ឋកម្សាន្តច្រើនបែបនេះ វាជួយជំរុញឱ្យវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មនានាងើបឡើងវិញ ហើយអាចឈរជើងបានតែ មិនទាន់ផលចំណេញនោះទេ។

អគ្គលេខាធិការសម្ព័ន្ធទេសចរណ៏ជាតិកម្ពុជា លោក ហូ វណ្ឌី បានអះអាងស្រដៀងគ្នាដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ឃើញមានប្រជាពលរដ្ឋខ្មែរមានសកម្មភាពទេសចរណ៍នៅក្នុងស្រុក ដែលនេះ គឺជាសញ្ញវិជ្ជមានថ្មីមួយសម្រាប់វិស័យនេះ ស្របពេលដែលរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នជំនាញបានប្រកាសពីស្ថានភាពធូស្រាលនៃជំងឺកូវីដ ១៩នៅក្នុងប្រទេស តែយ៉ាងណាក៏ត្រូវមានការគិតគូដល់ការការពារពីជំងឺនេះផងដែរខណៈជំងឺនេះ មិនទាន់ផុតរលត់នៅឡើយទេ។

លោកថ្លែងបន្តថា សញ្ញាវិជ្ជមាននេះ នឹងធ្វើឱ្យសេវាកម្មទាំងបីរបស់កម្ពុជានឹងដំណើរការឡើងវិញ គឺសេវាកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន និងសេវាកម្មស្នាក់នៅ ហើយក្រៅពីនេះ ក៏អាចរស់រានមានជីវិញផងដែរ តែយ៉ាងណាក៏ដោយវាមិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយទេ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងមកនេះ បានដាក់ចេញផែនការជំរុញចលនាទេសចរណ៍ក្នុងប្រទេស ឱ្យដំណើរការនៅតាមខេត្តគោលដៅ និងជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។

លោកបន្តថា ការធ្វើដំណើរបស់ទេសចរក្នុងស្រុក នឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ៕