ចំណេះដឹង! តើ​ការចុះបញ្ជី​ដីធ្លី​មាន​សារប្រយោជន៍​យ៉ាងណា?

ដោយ​វុត្ថា

ភ្នំពេញៈ ការចុះបញ្ជី​ដីធ្លី​ពិតជា​មាន​សារ:ប្រយោជន៍​ណាស់ សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​កាលណា​ប្រជាពលរដ្ឋ ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​នោះ បញ្ហា​ទំនាស់​ដីធ្លី​នឹង​ត្រូវបាន​កាត់បន្ថយ ហើយ​វា​ក៏​អាច​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ក្រោយ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​អាច​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ។

ម្យ៉ាងទៀត ប្រជាពលរដ្ឋ​នឹង​ក្លាយជា​ម្ចាស់​ដី ពិតប្រាកដ​ទៅតាម​ច្បាប់ ហើយ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ពង្រីក​របរ​កសិកម្ម ឬ​មុខរបរ​ផ្សេងទៀត លើដី​កម្មសិទ្ធិ​នេះ ដែល​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត​ថែមទៀត។

រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កំណែទម្រង់​លើ​វិស័យ​ដីធ្លី​ជូន​ពលរដ្ឋ និង​បាន​ដាក់ចេញ​នូវ​យុទ្ធនា​ការវាស់វែង​ដីធ្លី ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែលជា​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ក្នុង​គោលបំណង​ការពារ​ប្រយោជន៍ របស់​ប្រជាពលរដ្ឋ។

ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី​នៅ​កម្ពុជា មាន​ពីរ​ប្រភេទ គឺ ៖ ១)- ការចុះបញ្ជី​ដាច់​ដោយ​ដុំ គឺជា​ការចុះបញ្ជី តាម​ការស្នើសុំ​របស់​ម្ចាស់​ដី និង​ទី ២)- ការចុះបញ្ជី​ដោយ​ប្រព័ន្ធ​គឺជា​ការចុះបញ្ជី​តាម​គម្រោង ឬ​ផែនការ​របស់​រដ្ឋ។ សម្រាប់​ការស្នើសុំ​ចុះបញ្ជី​អចលនទ្រព្យ គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន៥២ថ្ងៃ និង​កម្រៃ​សេវា​គឺមាន​តម្លៃ៦០ម៉ឺន​រៀល៕

សំណង់ខុសច្បាប់ជាង៧០ភាគរយនៅក្រុងព្រះសីហនុត្រូវបានដោះស្រាយ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ជាមួយនឹងការពង្រឹងកិច្ចអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ជាពិសេសក្រុងដែលកំពុងមានការរីកដុះដាល នូវសំណង់អាគារពាណិជ្ជកម្មចំរុះធំៗយ៉ាងស្អេកស្កះ រដ្ឋបាលខេត្តបានធ្វើការរុះរើ និងដោះស្រាយលើបញ្ហាសំណង់ខុសច្បាប់បានប្រមាណជាង៧០ភាគរយ នៃចំនួនសរុបប្រមាណ១០០០ខ្នង ក្នុងក្រុងព្រះសីហនុ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តបានមានប្រសាសន៍កាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០នេះថា ជាមួយនឹងផែនការនៃការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មបែបទំនើប និងជាមណ្ឌលហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះក្រៅពីការជំរុញ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងខេត្ត រដ្ឋបាលខេត្តក៏បានដោះស្រាយលើបញ្ហាសំណង់ខុសច្បាប់ សម្រេចបានលទ្ធផលប្រមាណជាង៧០ភាគរយ។

លោកបានមានប្រសាសន៍ថា “រាល់សំណង់ខុសច្បាប់ទាំងអស់ មានជាង១០០០ខ្នង ត្រូវបានដោះស្រាយបានសរុបប្រមាណជាង៧០ភាគរយ ក្រោមគោលនយោបាយសំណង់”។ លោកបន្តថា “សម្រាប់សំណង់ខ្លះ ដែលខុសលក្ខណៈបច្ចេកទេសក្នុងការសាងសង់ ក៏ត្រូវបានសម្រេចឱ្យមានការកែតម្រួល ឱ្យស្របទៅតាមលក្ខខណ្ឌនៃច្បាប់សំណង់ផងដែរ”។

លោកបានបញ្ជាក់ទៀតថា ក្នុងផែនការរបស់របស់រដ្ឋបាលខេត្ត គឺនៅត្រឹមដំណាច់ឆ្នាំ២០២០ខាងមុខនេះ ត្រូវបញ្ចប់ទៅលើបញ្ហានៃសំណង់ខុសច្បាប់ ទូទៅនៅទូទាំងខេត្តព្រះសីហនុ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៣៤ខ្សែ ត្រូវបានពន្លឿនការសាងសង់ប្រកបដោយគុណភាព កម្រិតស្ដង់ដារសម្រេចបានជាង៩១ភាគរយ ដែលនឹងឈានទៅរកការបញ្ចប់ទាំងស្រុងក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។

ស្ថានភាពទូទៅនៅក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២០នេះ បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗវិញហើយ បន្ទាប់ពីជួបភាពអាប់អួរ កាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ជាពិសេសក្រោយពេលរដ្ឋាភិបាលបានខិតខំស្ដារ នូវហេដ្ឋារចនាសម្ព័ន្ពនានានៅទូទាំងខេត្ត រួមជាមួយនឹងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកបន្ថែមទៀត។

តាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ កំពុងតែត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅក្នុងតំបន់កណ្តាលក្រុង ដែលជាទីបណ្តុំនៃសំ​ណ​ង់មជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ។

បន្ថែមពីនេះ ស្ថិតនៅក្នុងតំណាក់កាលនៃការស្ដារឡើងវិញ នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធ នៅគ្រប់ទីកន្លែងដែលប្រាកដថាមានភាពល្អប្រសើរ ដែលអាជួយជម្រុញកិច្ចអភិវឌ្ឍន៍ខេត្តមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ក៏ដូចជាតំបន់ដែលមានភាពទាក់ទាញជាងគេ នៅក្នុងប្រទេសកម្ពុជាផងដែរ ទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ៕

ចិនបោះបង់ចោលគម្រោងខ្សែក្រវ៉ាត់១ផ្លូវ១នៅអាស៊ី ហើយបែរទៅអភិវឌ្ឍន៍ ជាមួយលោកខាងលិច

ដោយ ហ្សូលី

ប៉េកាំងៈ គម្រោងខែ្សក្រវ៉ាត់១ផ្លូវ១ ជាក្តីស្រម៉ៃរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលចង់ពង្រួបពង្រួម អំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ី ប៉ុន្តែនៅពេលនេះចិនបានផ្លាស់ប្តូរយុទ្ធសាស្រ្តបោះបង់ចោលគម្រោងនេះ ហើយងាកទៅរកលោកខាងលិចវិញនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

គណបក្សសាធារណរដ្ឋ បានលើកឡើងពីសំណើរការអភិវឌ្ឍ នៅតំបន់លោកខាងលិច នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា កំពង់ផែសមុទ្រទឹកជ្រៅ កំពង់ផែផ្លូវដែកក្នុងប្រទេស ផ្តោតសំខាន់លើសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការប្រើប្រាស់ធ្យូងថ្មស្អាត តំបន់ឧស្សាហកម្ម ប្រព័ន្ធអ៉ីនធឺណែតល្បឿនលឿន និងបន្ថយអាទិភាពលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។

គម្រោងថ្មីនេះបានដាក់ឈ្មោះថា យុគសម័យថ្មី (New Era) ដែលរដ្ឋាភិបាលចិនបានលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការជាតិប្រជាជាតិចិនស្តីពីការប្រឹក្សាគោលនយោបាយ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ដោយផ្តោតសំខាន់ទៅលើគម្រោង “យុគសម័យថ្មី” និងការអភិវឌ្ឍរបស់ចិននៅលើទឹកដីលោកខាងលិច។

ចិនផ្តោតនៅលើលោកខាងលិច ប៉ុន្តែជ្រើសរើសតែប្រទេសណា ដែលមិនទាន់អភិវឌ្ឍន៍ទូលំទូលាយ លើកលែងតែការទាញយកឧស្ម័ន្ន ប្រេង និងរ៉ែ។

គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ត្រូវបានដកចេញពីបញ្ជីអាទិភាព ដែលចំនុចនេះស្ថិតនៅក្រោមគម្រោងអភិវឌ្ឍរបស់ចិន ជាមួយលោកខាងលិចទាំងអស់។ ការស្ថាបនានូវកំពង់ផែក្នុងស្រុក បានចេញដំណើរការជាបណ្តើរៗហើយ។

ជាក់ស្តែងដូចជា ការបង្កើតកំពង់ផែផ្លូវដែកអន្តរជាតិ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Chengdu កំពុងមានដំណើរការសាងសង់ដូចគ្នា។

ពេលនេះ មហាយក្សចិនយកចិត្តទុកដាក់ ទៅលើការរុករកថ្មីនៃបច្ចេកវិទ្យា ជាជាងសន្តិសុខ និងការគ្រប់គ្រងអំណាចខ្លួននៅក្នុងតំបន់អាស៊ី ព្រោះរដ្ឋាភិបាលបានចំណាយរាប់ពាន់លានដុល្លារ ក្នុងការគាំទ្រការស្រាវជ្រាវបច្ចេកវិទ្យាថ្មី៕  ប្រភពAsia Times៕

រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ អាចចូលមកកាន់ប្រទេសកម្ពុជាវិញ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតាមក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ រួមមាន អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសត្រូវបានព្យាបាលជាសះស្បើយ ១០០ ភាគរយ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ឱ្យដឹងថា ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសទាំងនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍នៃការរីករាលដាលជំងឺ Covid-19 ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ៖

១-និរាករណ៍ការផ្អាកមិនឱ្យជនបរទេសមកពីប្រទេស អឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារំាង និងអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០។

២-គ្រប់អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជាទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថា គ្មានមេរោគ Covid-19 ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលសាម៉ីក្នុងរយៈពេល ៧២ ម៉ោង ។
បន្ថែមពីលើសនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗ ទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ។

៣- អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរងចំា ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគ Covid-19 និងរងចំាទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស័្ទរ។

ជនបរទេសនៅប្រទេសទាំងអ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺ Covid-19 នៅក្នុងប្រទេស និងសកលោកកាន់តែខ្លាំងក្លានាពេលកន្លងមក៕

អូស្ត្រាលី សន្យាបន្តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដើម្បីបន្តរួមចំណែក អភិវឌ្ឍន៍ កម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសន្យាបន្តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីបន្តចូលរួមគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ គ្រប់វិស័យនៅកម្ពុជា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ស្និទ្ធស្នាល។

ក្នុងកិច្ចជំនួបពិភាក្សាការងារជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា បានសន្យាបន្តផ្តល់ជំនួយហិរញ្ញប្បទាន ឥតសំណងដល់កម្ពុជាបន្ថែមពីលើអ្វីដែលធ្លាប់ធ្វើកាលពីពេលកន្លងទៅ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរ ចំពោះក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ក្នុងន័យនេះ រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាកម្មសុខាភិបាល លើកកម្ពស់សន្តិសុខស្បៀង និងកែលម្អជីវភាពប្រជាជន ជាពិសេសប្រជាជននៅតាមជនបទ និងអ្នកបាត់បង់ ការងារនៅទីក្រុង។

លោកបានបញ្ជាក់ថា “សំខាន់ជាងនេះទៅទៀត ហិរញ្ញប្បទានឥតសំណងទាំងនេះនឹងជួយដល់ស្ត្រីរងគ្រោះដោយសារអំពើហិង្សា និងជនពិការ។ បន្ថែមពីនេះ ក៏មានគម្រោ​ងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ ដូចជា ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនីជាដើម”។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីកិច្ចស្វាគមន៍ និងគាំទ្រទៅលើគម្រោងរបស់រដ្ឋាភិបាលប្រទេ​សអូស្ត្រាលីចំពោះកម្ពុជា។

លោកបណ្ឌិតបានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា- អូស្ត្រាលី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ ជាក់ស្ដែង ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយបញ្ហានៃវិបត្តិជំងឺ Covid-19 រដ្ឋាភិបាលអូស្ត្រាលី ក៏បានជួយបន្ថែមទៀតដល់វិស័យសុខាភិបាល ក៏ដូចជាបានតម្រឹមកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍របស់ខ្លួនសំដៅជួយស្ដារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបានប្រទេសអូស្ត្រាលីទើបតែបានប្រកាសផ្តល់ជំនួយឥតសំណង់ថ្មីចំនួន២ ដែលមានទឹកប្រាក់សរុបប្រមាណជាង៦លានដុល្លារអូស្ត្រាលី ដើម្បីចូលរួមឧបត្ថម្ភសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 នៅកម្ពុជា៕

មេFacebookប្រកាសបើកមុខជំនួញថ្មីតាមរយៈហាងអនឡាញ Facebook Shop

ភ្នំពេញ៖ មេក្រុមហ៊ុនFacebook លោក Mark Zuckerberg បានប្រកាសដាក់ឱ្យប្រើប្រាស់ Facebook Shop សម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មខ្នាតតូចតាមប្រព័ន្ធអនឡាញនៅលើបណ្តាញសង្គមដ៏ល្បីហ្វេសប៊ុក ស្របពេលជាមួយនឹងការផ្ទុះចេញនូវជំងឺឆ្លង កូវីត-១៩ ដែលធ្វើឱ្យមនុស្សមិនអាចចេញទៅក្រៅដើម្បីដើរផ្សារទិញអីវ៉ាន់បាន។

លោក Mark Zuckerberg នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះឱ្យដឹងថា Facebook Shop វាគឺជាកម្មវិធីមួយសម្រាប់ឱ្យអ្នកធ្វើអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន អាចបង្កើតហាងខ្លួនឯងបានដើម្បីលក់ផលិតផលដោយផ្ទាល់ ឬឱ្យអតិថិជនអាចចូលទៅរកមើលផលិតផលដែលគេចង់បាននៅក្នុងហាងនោះបានផងដែរ ។

លោកបន្តថា និយាយទៅវាស្រដៀងទៅនឹង Facebook Page ដែរ គ្រាន់តែវាមានលក្ខណៈស្តង់ដារជាការលក់លើអនឡាញជាង ដោយមានភ្ជាប់មកជាមួយនឹងមុខងារបញ្ជារទិញ កាតាឡុកផលិតផលតាំងបង្ហាញ ព្រមទាំងមានមុខងារក្នុងការទូទាត់ប្រាក់ សំខាន់ៗមួយចំនួនដែលស្រដៀងគ្នាទៅនឹងវេបសាយលក់អនឡាញនានាផ្សេងដែរ។

លោកអ្នកអាចដំឡើងកម្មវិធី Facebook Shop ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាហាងផ្ទាល់ខ្លួន ហើយវានឹងបង្ហាញប្រាប់នៅលើ គណនី ហ្វេសប៊ុក និង អ៊ីនស្តាក្រាម របស់លោកអ្នកដើម្បីចាប់ផ្តើមដំណើរការហាងនោះ ហើយមិនយូរមិនឆាប់វាក៏មាននៅលើ Messenger និង WhatsApp ផងដែរ សម្រាប់ធ្វើការទាក់ទងជាមួយអតិថិជនរបស់លោកអ្នក៕

រដ្ឋមន្រ្តីសុខាភិបាលអនុញ្ញាតឱ្យបើកដំណើរការសារៈមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងសុខាភិបាលបានអនុញ្ញាត ឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញ ដោយចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២០តទៅ ខណៈស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសមានស្ថានភាពធូស្រាល និងព្យា​បាលជា១០០ភាគរយ។

យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្តសសីល្បៈ លោកស្រី ភឿង សកុណា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ បញ្ជាក់ថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន។

ដើម្បីជៀសវាងនូវហានិភ័យ នៃការចម្លងវីរុស Covid-19 ដូចជា ការស្កេនកម្ដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺថ្វីត្បិតតែស្ថានភាព COVID-19 នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច។ ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុស COVID-19 ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោ​បាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន។

រហូតមកដល់ពេលនេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបជាង៤,៩លាននាក់ ដែលក្នុងនោះអ្នកជំងឺចំនួន៣២០,៤៤៨នាក់បានស្លាប់ និង១,៩១៩,១៥១នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះ​ជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៦៤ ប្រទេស និងដែនដីហើយ ដោយប្រទេសកម្ពុជាឈរនៅលេខរៀងទី ១៦២។

កម្ពុជាបានរកឃើញអ្នកឆ្លង COVID-19 សរុបចំនួន១២២នាក់ ក្នុងនោះកម្ពុជាបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង នូវអ្នកជំងឺ COVID-19 ទាំង១២២នាក់នេះផងដែរ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវការឆម្លងជំងឺ COVID-19 មកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។

យ៉ាងណាក៏ដោយនៅក្នុងលិខិតនេះ មិនបានបញ្ជាក់ពីសាលារៀន ក្លឹបកម្សាន្ត រោងកុន និងខារ៉ាអូខេជាដើម បើកឱ្យដំណើរការនៅពេលនោះទេ ខណៈដែលរដ្ឋាភិបាលបានប្រកាសបិទជាបណ្តោះអាសន្នកាលពីន្លងមកនេះ បន្ទាប់ពីកម្ពុជារកឃើញនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស ដើម្បីការពារការឆ្លងនូវជំងឺនេះ៕

អ្នកជំនាញអចលនទ្រព្យរៀបរាប់ពីមូលហេតុដែលគួរទិញអចលនវត្ថុក្នុងពេលបច្ចុប្បន្ន

ដោយ ហ្សូលី

ភ្នំពេញ៖ ទោះបីជាកម្ពុជាហាក់បីដូចជាមានភាពស្ងប់ស្ងាត់ច្រើននូវករណីនៃជំងឺ Covid-19 ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពល្អប្រសើរ១០០ភាគរយនៅឡើយទេ។ ហេតុនេះហើយ អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏មិនទាន់វិលមករកសភាពដើមទាំងស្រុងដែរ តែនេះជាឱកាសវិនិយោគទទួលបានផលចំណេញខ្ពស់មួយដែលអ្នកជំនាញនឹងរៀបរាប់ពីមូលហេតុដែលគួរទិញអចលនវត្ថុចាប់ពីពេលនេះទៅ។

អ្នកជំនាញអចលនទ្រព្យ និងជានាយិកាក្រុមហ៊ុន Amaktak Property Service លោកស្រី តាំង ហ៊ួរ ធ្លាប់បានមានប្រសាសន៍មកកាន់គេហទំព័រ Property Area Asia ថា មិនថាបុរីលំនៅដ្ឋាន លំនៅដ្ឋាន នៅតំបន់ណានោះទេ ជាយក្រុងក៏ដោយ ក្នុងក្រុងក៏ដោយ សុទ្ធសឹងតែជាឱកាសទាំងអស់។ អ្វីដែលសំខាន់ឱ្យតែគម្រោងនោះមានភាពច្បាស់លាស់ មានក្រុមហ៊ុនអភិវឌ្ឍត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរ ជាពិសេសលក់ក្នុងតម្លៃល្អ អ្នកវិនិយោគឬអ្នកចង់ជាវអចលនវត្ថុគួរតែចាប់យកឱកាសនេះ។

ទន្ទឹមនេះ នាយិការរូបនេះសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះស្ថានភាព Covid-19 មានភាពប្រសើរក៏ពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យមិនទាន់វិលរកសភាពនៅឡើយទេ ដូចនេះមានគម្រោងជាច្រើនដែលកំពុងធ្វើការបញ្ចុះតម្លៃទាបជាងទីផ្សារច្រើន។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួលផងដែរ ដោយសារក្រុមហ៊ុនយល់ចិត្តអតិថិជនដោយសម្រាលនូវការប្រាក់ និងរយៈពេលបង់ប្រាក់ផងដែរ។

យោងតាមការសិក្សារបស់អ្នកជំនាញអចលនទ្រព្យហ្វីលីពីន លោកស្រី Amanda Carpo បានឱ្យដឹងថា ខណៈ ការរីករាលដាលនៃជំងឺ Covid-19 បង្កឱ្យមានបញ្ហាយ៉ាងខ្លាំនៅក្នុងទីផ្សារហិរញ្ញវត្ថុជាសកល វិស័យអចលនទ្រព្យ អាចជាជម្រើសដ៏ល្អសម្រាប់វិនិយោគិនដែលស្វែងរកផលចំណេញ និងរួចផុតពីហានិភ័យនាពេលខាងមុខ។

លោកស្រីបានបន្តថា អចលនទ្រព្យផ្តល់ភាពងាយស្រួលដល់ម្ចាស់កម្មសិទ្ធិលើវិធីរកប្រាក់ចំណូល វាមិនត្រឹមតែ ទិញឬលក់ប៉ុណ្ណោះទេ។ វិនិយោគិនអាចកែលំអឬជួសជុលសម្រាប់ជួល ឬក្នុងជម្រើសផ្សងទៀតជាច្រើន។

ជាមួយគ្នានេះ ប្រទេសកម្ពុជាត្រៀមរៀបចំព្រឹត្តការណ៍ Black Friday Property Sale ដែលជាកម្មវិធីលក់បញ្ចុះតម្លៃអចលនទ្រព្យខ្នាតធំជាងគេ និងមានអចលនទ្រព្យជាច្រើនលក់តម្លៃជាងទីផ្សារ។ ជាពិសេសមានការចូលរួមសហការពីគម្រោងអភិវឌ្ឍអចលនទ្រព្យល្បីៗដូចជា Urban Village បុរីVIP និងThe ParkWayជាដើម ជាមួយ RealEstate.com.kh ដើម្បីផ្តល់ជូននូវអចលនទ្រព្យមានគុណភាពនិងតម្លៃសែនពិសេស។ ព្រឹត្តការណ៍នេះនឹងប្រព្រឹត្តឡើងនៅថ្ងៃ ទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៤ រសៀល ដល់ម៉ោង ៨ យប់។ ត្រឹមរយៈពេល ៤ម៉ោងប៉ុណ្ណោះ ដែលលោកអ្នកអាចនឹងទទួលបានផលចំណេញយ៉ាងច្រើនដែលមិនធ្លាប់មាន និងមិនងាយទទួលបានឱកាសនេះនោះឡើយ។ ដើម្បីចូលរួមសូមចុះឈ្មោះតាមតំណនេះ https://propertysale.realestate.com.kh/property-area៕

អភិបាលរងខេត្ត ៖ ខេត្តប៉ៃលិនមានការអភិវឌ្ឍប្រែប្រួលគ្រប់វិស័យ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តប៉ៃលិន បានអះអាងថា ខេត្តប៉ៃលិននាពេលបច្ចុប្បន្ននេះ មិនដូចគ្រាក្រោយរំដោះនោះទេ ពោលគឺខេត្តមួយនេះមានការរីកចំរើនស្ទើរគ្រប់វិស័យ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋដែលបានសាងសង់ជាប្រភេទផ្ទះវីឡាស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តតាមបណ្តោយផ្លូវជាតិសំខាន់ៗ។

លោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះថា បច្ចុប្បន្ននេះនៅក្នុងខេត្តប៉ៃលិនមានភាពរីកចំរើន និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ដែលកាលពីមុនមានតែផ្ទះឈើ និងស្បូវ ប៉ុន្តែឥឡូវមានលំនៅឋានធំៗស្អេកស្កះ។

លោកបន្តថា “រហូតមកដល់ពេលនេះ បន្ទាប់ពីបញ្ចប់សង្គ្រាម នៅពេលដែលយើងធ្វើដំណើរពីបាត់ដំបងទៅកាន់ខេត្តប៉ៃលិនសម្បូរទៅដោយប្រភេទផ្ទះវីឡាយ៉ាងច្រើន មិនមែនជាប្រភេទផ្ទះថ្ម សសរឥដ្ឋទៀតទេ ហើយការរីកចំរើនទាំងនេះគឺដោយសារតែកត្តាសុខសន្តិភាព ហើយក៏មិនមែនគ្រាន់តែនិយាយដែរ ព្រោះទាំងអស់នេះជាការពិត ហើយរដ្ឋាភិបាលខេត្ត ក៏កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីទាក់ទាញការវិនិយោគ ស្របពេលដែលកំណើននៃចំនួនប្រជាពលរដ្ឋនៅក្នុងខេត្តក៏មានការកើនឡើង”។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្តបានពង្រីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តឱ្យបានទទឹងទំហំ១៥ ម៉ែតងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ ហើយនៅក្នុងឆ្នាំ២០២០នេះ នឹងបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
លោកថា “សកម្មភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ និងប្រែក្លាយខេត្តជាប់ព្រំដែនមួយនេះ ដែលធ្លាប់ទទួលរងនូវភ្លើងសង្គ្រាម ឱ្យក្លាយជាខេត្តដែលប្រជាពលរដ្ឋចង់រស់នៅ និងប្រកបមុខរបរផ្សេងៗ”។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា ខេត្តប៉ៃលិនមែនគ្រាន់តែជាខេត្តកសិកម្ម សម្រាប់ធ្វើការនាំចេញ និងផ្គង់ផ្គង់នៅក្នុងស្រុក និងការនាំចេញនោះទេ ប៉ុន្តែខេត្តជាប់ព្រំដែនមួយនេះ ក៏ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិមិនចាញ់ខេត្តមណ្ឌលគិរី ដោយមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត សម្រាប់ទាក់ទាញទេសចរទៅលេងកម្សាន្ត ដែលបានទៅម្តងហើយចង់ទៅម្តងទៀត៕

ចិនធ្លាក់ចុះពីកំពូលតារាងវិនិយោគិនបរទេសនៅក្នុងប្រទេសអាល្លឺម៉ង់

ដោយ ប៊ី

អន្តរជាតិៈ ប្រទេសចិនលែងឈរលើកំពូលតារាង នៃវិនិយោគិនបរទេសកំពូលទាំង៣ នៅក្នុងប្រទេសអាល្លឺម៉ង់ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ ខណៈពេលនេះរដ្ឋាភិបាលចិន កំពុងផ្តោតលើការជំរុញសេដ្ឋកិច្ចស្រុក ជាជាងធ្វើការវិនិយោគនៅក្រៅប្រទេស។ នេះបើយោងតាមទិន្នន័យផ្លូវការ របស់ក្រុមហ៊ុនអាល្លឺម៉ង់មួយចេញផ្សាយផ្សាយនៅថ្ងៃពុធនេះ។

តួលេខចងក្រងដោយក្រុមហ៊ុនអាឡឺម៉ង់ ពាណិជ្ជកម្ម និងវិនិយោគ (GTAI) ដែលជាស្ថាប័នរដ្ឋាភិបាលបានបង្ហាញថា ប្រទេសចិនបានក្លាយជាវិនិយោគិនលំដាប់ទី៤ នៃការវិនិយោគផ្ទាល់ពីបរទេសនៅអាល្លឺម៉ង់ ខណៈវិនិយោគិនលំដាប់ទី១ គឺសហរដ្ឋអាមេរិក ទី២ អង់គ្លេស និងទី៣ ស្វីស។

លោក Robert Hermann នាយកគ្រប់គ្រងក្រុមហ៊ុន GTAI បានបញ្ជាក់ថា ការធ្លាក់ចុះនៃវិនិយោគចិននេះ ជាយុទ្ធសាស្ត្រសេដ្ឋកិច្ច ជំរុញដោយរដ្ឋាភិបាលចិន និងផ្តោតលើការជំរុញសេដ្ឋកិច្ចក្នុងស្រុក ជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

លោក Hermann មានប្រសាសន៍ថា “រដ្ឋាភិបាលចិនធ្វើនិយ័តកម្ម លើការនាំចេញមូលធន(ទុនវិនិយោគខាងក្រៅប្រទេស)។ ប្រទេសនេះ ផ្តោតកាន់តែខ្លាំងឡើងលើការជំរុញការវិនិយោគក្នុងស្រុក”។

ទិន្នន័យបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាអ្នកវិនិយោគធំជាងគេនៅប្រទេ​សអាល្លឺម៉ង់ ដោយមាន៣០២គម្រោងកាលពីឆ្នាំមុន បន្ទាប់មកអង់គ្លេសមាន១៨៥គម្រោ​ង និងប្រទេសស្វីសមាន១៨៤គម្រោង។

ប្រទេសចិន ដែលជាវិនិយោគិនធំលំដាប់ទី៣ នៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៨ បានធ្លាក់មកនៅលំដាប់ទី៤ ចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលក្រុមហ៊ុន GTAI ចាប់ផ្តើមចងក្រងទិន្នន័យ។

ចក្រភពអង់គ្លេស បានកើនឡើងពីចំណាត់ថ្នាក់ទីបួន ដើម្បីក្លាយជាវិនិយោគិនបរទេសធំទី២ នៅប្រទេសអាល្លឺម៉ង់ ខណៈក្រុមហ៊ុននានាបានព្រួយបារម្ភថាBrexit នឹងរារាំងការចូលទៅកាន់ទីផ្សារតែមួយ របស់សហភាពអឺរ៉ុបក្នុងការបង្កើតសាខានៅអឺរ៉ុប៕