ដោយៈ ប៊ី
ភ្នំពេញៈ គម្រោងសាងសង់សំណង់ប្រភេទលំនៅដ្ឋាន មានទំហំទុនវិនិយោគប្រមាណជាង១៧០០លានដុល្លារអាមេរិក ឈរក្នុងលំដាប់ទី១ ក្នុងចំណោមប្រភេទសំណង់អគារពាណិជ្ជកម្ម អគារសាងសង់ផ្ទះល្វែង និងសំណង់អគារពហុមុខងារ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ គម្រោងសាងសង់សំណង់នៅកម្ពុជា ក្នុងនោះមានប្រភេទគម្រោង នៃការសាងសង់សំណង់ជាច្រើន បានកំពុងអភិវឌ្ឍន៍ឡើង ជាក់ស្ដែងសំណង់ប្រភេទលំនៅដ្ឋាន កំពុងសាងសង់សរុបចំនួនជាង២ពាន់គម្រោង មានផ្ទៃក្រឡាសំណង់ជាង៤លានម៉ែត្រការ៉េ ដោយមានទុនវិនិយោគនៅលើគម្រោងនេះ ប្រមាណ១៧០០ លានដុល្លារ ឈរក្នុងលំដាប់ទី១ នៃគម្រោងសាងសង់សំណង់ផ្សេង។
អគ្គនាយកក្រុមហ៊ុន PREMIUM GROUP លោក ម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានមួយរូប បានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដែលតម្រូវការទីផ្សារនៅតែបន្តមាន ជាក់ស្ដែងត្រឹមតែតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយក្រុង មានគម្រោងសាងសង់មិនក្រោម១០គម្រោងនោះទេ ដែលមានចំនួនលំនៅដ្ឋានជិត១០០០ខ្នង។
លោកបានថ្លែងថា “មិនថាពេលនេះ ឬបន្តទៅថ្ងៃខាងមុខនោះទេ វិស័យលំនៅដ្ឋាននៅតាមតំបន់ជាយក្រុង នៅតែមានតម្រូវការ ដោយសារតែកំណើនប្រជាជនចូលមករស់នៅរាជធានីភ្នំពេញកាន់តែកើនឡើងជាលំដាប់” ។ លោកបន្តថា “ជាក់ស្ដែងនិយាយត្រឹមតែវត្តមានរបស់និស្សិត ដែលមកពីតាមបណ្តាខេត្តនានា ដើម្បីសិក្សាបន្ត និងបម្រើការងារមានរហូតជិតដល់៥ម៉ឺននាក់ក្នុងមួយឆ្នាំ” ។
លោកម៉ាន់ ចាន់ឌី បានបន្តទៀតថា កំណើននៃចំនួននិស្សិត លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញ សុទ្ធតែមានតម្រូវការស្នាក់នៅ ខណៈដែលកំណើននៃចំនួនសំណង់លំនៅដ្ឋាន នៅពេលបច្ចុប្បន្ន នៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ។ លំនៅដ្ឋានដែលមានទីផ្សារ និងតម្រូវការខ្ពស់បច្ចុប្បន្ននេះ ជាប្រភេទលំនៅដ្ឋានតម្លៃមធ្យម ដែលស្ថិតនៅក្នុងចន្លោះជាង៦ម៉ឺន ទៅ៨ម៉ឺនជាង។
ជាមួយគ្នានេះដែរ សំណង់អគារពាណិជ្ជកម្ម មានចំនួន២២០គម្រោង លើតម្លៃទំហំប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ១៣០០លានដុល្លារ។ ចំណែកសំណង់អគារពហុមុខងារ នៅទូទាំងប្រទេស ក្នុងរយៈពេលនេះដែរ មានចំនួន ៤៥គម្រោង ស្មើជាង ១,៧ លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានលើទុនវិនិយោគ ប្រមាណ ១០០០លានដុល្លារអាមេរិកផងដែរ។
អគារស្នាក់នៅរួមមាន៨២គម្រោង ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគ ជាង ៥០០លានដុល្លារ សំណង់អគាររោងចក្រនៅទូទាំងប្រទេស មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៣០០លានដុល្លារ និងប្រភេទសំណង់សណ្ឋាគារនៅទូទាំងប្រទេស មានចំនួន ១៩ គម្រោងស្មើជាង ២៤ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុលើនវិនិយោគ ប្រមាណ ១៤៥លានដុល្លារ៕