ដោយ វុត្ថា
ភ្នំពេញៈ បើគ្មានអ្វីប្រែប្រួលនោះទេ តាមរយៈផែនការរបស់រដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យដំណើរការនូវ ព្រលានយន្តហោះខ្នាតអន្តរជាតិធំៗចំនួន២ ខណៈបច្ចុប្បន្ននេះ កំពុងមមាញឹកសាងសង់ ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញកំណើនវិស័យទេសចរណ៍នៅក្នុងស្រុក។
រដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិល បានបង្ហាញរបាយការណ៍កាលពីកន្លងមកនេះឱ្យដឹងថា ព្រលានយន្តហោះលំដាប់អន្តរជាតិចំនួនពីរនឹងដាក់ដំណើរការ ទី១ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងទី២ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលមានទីតាំងស្ថិតស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលព្រលានទាំងពីរនេះ បានចំណាយទុនសាង់សង់ជាង២ពាន់លានដុល្លារអាមេរិក។
រដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលបានចុះហត្ថលេខា លើផែនការមេចុងក្រោយ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំងពីរនេះ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដែលអាចមានលទ្ធភាពឱ្យយន្តហោះធុនធំៗ អាចចុះចត និងទទួលអ្នកដំណើរឆ្លងកាត់រាប់លាននាក់ក្នុងមួយឆ្នាំៗ ។
បើតាមរដ្ឋលេខាធិការរដ្ឋានអកាសចរណ៍ស៊ីវិលបានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល ត្រូវបានស្ថាបនាលើដីទំហំប្រមាណ២ ៦០០ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។
ការដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ សមត្ថភាពអាកាសយានដ្ឋានបន្ទាប់ពីសាងសង់រួច ឆ្នាំ២០២៣ ទទួលអ្នកដំណើរ ១៣លាននាក់ ឆ្នាំ២០៣០អាចទទួលអ្នកដំណើរ៣០លាននាក់ និងឆ្នាំ២០៥០អាចទទួលអ្នកដំណើរបាន៥០លាននាក់។
ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។
ដោយឡែក បច្ចុប្បន្ននេះសម្រាប់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) បាននឹងកំពុងដំណើរការសាងសង់ ដោយបានចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មក និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។
ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ឋ ជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។
ក្រៅពីព្រលានយន្តហោះខ្នាតអន្តរជាតិធំៗ ទាំងពីរនេះ និងព្រលានយន្តហោះដែលមានស្រាប់ កម្ពុជាក៏នឹងមានគម្រោងសាងសង់ ព្រលានយន្តហោះផ្សេងៗទៀតនៅតាមខេត្តគោលដៅជាច្រើនផ្សេងទៀត ដូចជាខេត្តមណ្ឌលគិរី បាត់ដំបង និងកោះកុងជាដើម៕