បច្ចុប្បន្នភាពៈ គោលការណ៍ “សករាជថ្មី” របស់ចិនរារាំងដល់គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ ដ៏មានមហិច្ឆតារបស់លោកស៊ី

ដោយ ប៊ី

អន្តរជាតិៈ ក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈឹមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែឧសភានេះ។

កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី” និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិនមានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។ ក្រុមជនជាតិភាគតិចធំជាងគេនៅប្រទេសចិន (ជនជាតិ Uighurs ដែលមានដើមកំណើតចេញរុស្ស៊ី និយាយភាសាទួគី) ត្រូវបានទទួលរងការគាបសង្កត់យ៉ាងខ្លាំងពីសំណាក់កម្លាំងនយោបាយ និងយោធា បន្ទាប់ពីការទាមទារឯករាជ្យជាយូរមកហើយ។ ប្រទេសចិនក៏បានពង្រីកឥទ្ធិពលរបស់ខ្លួន ទៅក្នុងអតីតសហភាពសូវៀត ដែលនៅជិតតំបន់ស៊ីនជាំង។ (តំបន់ Uighurs ជាតំបន់មួយនៅក្នុងប្រទេសចិន)

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភាក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គម្រោងបង្កើតកំពង់ផែថ្នាក់ជាតិ នៅតាមតំបន់ដីគោកកំពុងដំណើរការ។ ការបង្កើ​តតំបន់អភិវឌ្ឍន៍កំពង់ផែសេដ្ឋកិច្ចអន្តរជាតិ ផ្លូវដែកអន្តរជាតិChengdu គឺកំពុងដំណើរការទៅតាមនីតិវិធី។

ឯកសារនេះ (បញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច)បានបង្ហាញថា ភារកិច្ច រក្សាឯកភាពជាតិស្ថិរភាពសង្គម និងសន្តិសុខជាតិនៅតែជាឧបសគ្គ ដោយសារការខ្វះខាត និងការផ្សារភ្ជាប់ខ្សោយ ក្នុងការសម្រេចបាននូវទំនើបភាវូបនីយកម្មសង្គមនិយម។ ប៉ុន្តែមិនមានការបញ្ជាក់ជាក់លាក់អំពីនរណា ឬអ្វីដែលជា “ភាពខ្សោយ” នោះទេ។

របាយការណ៍៍នៃគោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។

ដោយមើលឃើញបែបនេះ ថ្នាក់ដឹកនាំចិនបានបង្ហាញមនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិន ដោយបានផ្លាស់ប្តូរពី “សុបិនចិន” ឬChina Dream របស់លោក ស៊ី ជីនពីង ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។ បញ្ហានេះភាគច្រើនពាក់ព័ន្ធ នឹងការអនុវត្តគំនិតសន្តិសុខជាតិទាំងមូល ដោយផ្តោតខ្លាំងទៅលើប ច្ចេកវិទ្យាជាន់ខ្ពស់។

ទោះបីជាមិនត្រូវបានលើកឡើងនៅក្នុងឯកសារនេះក៏ដោយ ប្រទេសចិនបានប្រ​កាសពីផែនការ ដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ មានភាពចម្រូងចម្រាសគួរឱ្យកត់សម្គាល់ និងការប្រឆាំងនឹងការទាមទាររបស់ចិន នៅតាមតំបន់ព្រំដែនដែលមានជម្លោះជាច្រើន ជាពិសេសជាមួយឥណ្ឌា ជប៉ុន វៀតណាម ហ្វីលីពីន និងប្រទេសដទៃទៀតជុំវិញការទាមទាររបស់ខ្លួនចំពោះសមុទ្រចិនខាងត្បូង។

ឯកសារខាងលើស្នើឱ្យកសាងសង្គម ឱ្យមានភាពល្អប្រសើរគ្រប់បែបយ៉ាងទូទាំងប្រទេសនៅឆ្នាំ២០៣៥។ វានឹងទទួលបានជោគជ័យ ដោយមានការគាំទ្រយ៉ាងខ្លាំងសម្រា​ប់សហគ្រាស និងការច្នៃប្រឌិតដ៏ធំ។ ជំរុញការអភិវឌ្ឍដែលមានគុណភាពខ្ពស់នៅក្នុងតំបន់ខាងលិច និងកំណែថ្មីនៃ “ការច្នៃប្រឌិតទ្វេរដង”។

រដ្ឋាភិបាលចិន នឹងគាំទ្រមូលនិធិណែនាំការផ្លាស់ប្តូរសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ដើម្បីបង្កើតមូលនិធិអនុមូលធន ដែលបណ្តាក់ទុននៅភាគខាងលិចនៃប្រទេសចិន។

បក្សកុម្មុនិស្តចិន នឹងបង្កើនប្រសិទ្ធភាពផលិតកម្ម និងការប្រើប្រាស់ធ្យូងថ្ម – លើកកម្ពស់ “ថាមពេលធ្យូងថ្មស្អាត” និងការរុករករ៉ែប្រកបដោយប្រសិទ្ធភាព និងការជំរុញការធ្វើចំណាត់ថ្នាក់ និងការចាត់ថ្នាក់ធ្យូងថ្ម និងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាសាកល្បង ដូចជា ធ្យូងថ្មទៅប្រេង ធ្យូងថ្មទៅហ្គាស និងធ្យូងថ្មទៅជាអូលីហ្វីន (olefins)។ ការស្ថាបនាមូលដ្ឋានផលិតកម្មប្រេង និងឧស្ម័នមួយចំនួនក៏ត្រូវបានគ្រោងទុកផងដែរ។ មេដឹកនាំជាតិ ក៏ចង់ពន្លឿនការរុករក ការអភិវឌ្ឍន៍ និងការប្រើប្រាស់មេតានគ្រែធ្យូងថ្មផងដែរ។

ប្រទេសចិនក៏នឹងបង្កើតមូលដ្ឋានថាមពលស្អាត

ចិនក៏មានគម្រោងបង្កើតតំបន់អ៊ិនធឺរណែតដូចជា “ អ៊ិនធឺណិត + ការអប់រំ” “អ៊ិនធឺណិត + វេជ្ជសាស្ត្រ (សុខភាព)” និង“ អ៊ិនធឺណិត + ទេសចរណ៍” ។ រដ្ឋាភិបាលចិនចង់ជំរុញល្បឿននៃបណ្តាញនេះ និងដើម្បីកាត់បន្ថយថ្លៃសេវាសម្រាប់ការប្រើប្រាស់ បូករួមទាំងបង្កើនការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន។

ឯកសាររបស់ក្រុមប្រឹក្សារដ្ឋ ដែលវែងអន្លាយបានផ្តោតលើប្រធានបទរបស់ខ្លួន ដើម្បីអភិវឌ្ឍ “ទិសខាងលិច” និងសន្យាថា នឹងបង្កើតតំបន់ឧស្សាហកម្មថ្មីជាច្រើន និងការថែរក្សាមនុស្សចាស់ ដែលមានសន្តិសុខប្រសើរជាងមុន ក្នុងចំណោមបញ្ហាផ្សេងទៀត។

វាបង្ហាញសញ្ញានៃការផ្លាស់ប្តូរទិសដៅបន្តិច នៅពេលដែលប្រទេសនេះកំពុងដោះស្រាយជាមួយនឹងជំងឺឆ្លង COVID-19  និងភាពតានតឹងអន្តរជាតិ ដែលកំពុងកំពុងកើតមាន។

វាមើលទៅដូចជា “សករាជថ្មី” ដែលមើលទៅខាងក្នុង និងមានលក្ខណៈនយោ​បាយកាន់តែច្រើន នៅពេលដែលពិភពលោកចាប់ផ្តើមក្តោបក្តាប់នូវសភាពធម្មតា៕ប្រភព Asia Times

ផ្នែកសំខាន់ៗចំនួនបីនៃអចលនទ្រព្យកម្ពុជាប្រឈមមុខនឹងការងើបឡើងយឺត

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងឈានមុខគេក្នុងចំណោមវិស័យដទៃទៀត ដែលមានការអភិវឌ្ឍឆាប់រហ័ស និងរីកចម្រើនរយៈពេលដ៏ខ្លី។ យ៉ាងណាម៉ិញ នៅពេលជួបប្រទះវិបត្តិសេដ្ឋកិច្ចពិភពលោក វិស័យនេះក៏ទទួលរងឥទ្ធិពលខ្លាំងដូចគ្នា។


អចលនទ្រព្យចំនួន៣ផ្នែកប្រឈមមុខនឹងការងើបឡើងយឺត អំឡុងការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា រួមទាំងពិភពលោកនេះមានដូចជា តម្លៃដី ព្រោះអចលនវត្ថុនេះគឺជាចំណុចខ្លាំងមួយ នៅក្នុងវិស័យអចលនទ្រព្យកម្អុជា ប៉ុន្តែមិនសូវជាមានការទាក់ទាញខ្លាំងនោះទេ បើប្រៀបធៀបជាមួយអចលនទ្រព្យដទៃ ដូចជា លំនៅដ្ឋានជាដើម។ ដីធ្លីស្ថិតនៅក្នុងចំនុចមួយ ដែលវិនិយោគិនត្រូវបារម្ភ តែបើសិនជាCovid-19 នៅតែមានភាពស្ងប់ស្ងាត់ក្នុងរយៈពេល៣ខែទៀតនោះ តម្លៃដីធ្លីនឹងមិនធ្លាក់ចុះឡើយ ពោលគឺតម្លៃថេរដដែលក្នុងឆ្នាំ ២០២០នេះ។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីForbes ដែលបានចេញផ្សាយនៅថ្ងៃ២១ ឧសភា ឆ្នាំ ២០២០នេះបានឱ្យដឹងទៀតថា តម្លៃជួលអគារពាណិជ្ជកម្ម និងទីផ្សារលក់រាយក្នុងប្រទេសកម្ពុជា អាចនឹងមានការប្រែប្រួល សូម្បីតែការជួលការិយាល័យក៏ដោយ។ រដ្ឋាភិបាលកម្ពុជា មិនទាន់បានដាក់ចេញនូវច្បាប់ ដែលកំណត់ឲ្យម្ចាស់ជួលត្រូវបញ្ចុះតម្លៃដល់អ្នកជួលជាផ្លូវការនៅឡើយទេ។ ជាក់ស្តែង ការបញ្ចុះតម្លៃជួលកើតចេញពីការចរចារវាងម្ចាស់ជួលនិងអ្នកជួលប៉ុណ្ណោះ។

សម្រាប់អគារពាណិជ្ជកម្ម តម្រូវការនៃក្រុមហ៊ុនអន្តរជាតិ ដែលវិនិយោគនៅកម្ពុជាកំពុងតែស្ថិតក្នុងសភាពមិនច្បាស់លាស់ ព្រោះវិនិយោគិនទាំងនោះ រង់ចាំមើលសភាពការណ៍ក្នុងប្រទេស ជាពិសេសគឺតម្លៃជួល។

សេដ្ឋវិទូប្រចាំទស្សនាវដ្តីForbes បានព្យាករណ៍ថា តម្លៃជួលអាចនឹងបន្ធូរបន្ថយប្រមាណ២០ភាគរយ ត្រឹមចុងឆ្នាំ ២០២០។


ទីផ្សារលក់រាយរបស់កម្ពុជា អាចប្រឈមនឹងផលប៉ះពាល់ខ្លាំងគួរសម ដោយហេតុថា នៅក្នុងទីក្រុងភ្នំពេញ មានការបិទភោជនីយដ្ឋាន កន្លែងកម្សាន្ត បារ និងបៀរហ្គាឌិន ជាច្រើន ព្រោះគ្មានអតិថិជនទិញ។ ដូចនេះទាំងការផ្គត់ផ្គង់ និងតម្រូវការទៅលើទីផ្សារលក់រាយនេះ នឹងធ្លាក់ចុះតម្លៃគ្រប់ទីកន្លែងចាប់ពី១៥ភាគរយ ដល់៣០ភាគរយ ក្នុងឆ្នាំនេះ។

ចុងក្រោយគឺខុនដូ ដែលវិស័យនេះមានតម្រូវការ និងទាក់ទាញច្រើនចំពោះអតិថិជនជាជនបរទេស។ តម្លៃលក់ខុនដូកម្រិតមធ្យម ដល់កម្រិតខ្ពស់ នៅតែអូសទាញអតិថិជនបរទេសបាន តែបើសម្លឹងទៅចំនុចអវិជ្ជមានឃើញថា តម្រូវការខុនហាក់បីដូចជាស្ងប់ស្ងាត់ជាងមុន។ ចំណែកឯចំណុចវិជ្ជមានវិញ តម្រូវការខុនដូច្រើនតែជាជនជាតិចិនវិញ ព្រោះបច្ចុប្បន្នចិន មានភាពធូរស្រាលនិងស្តារសេដ្ឋកិច្ចបានមកវិញ។

ទោះបីជាមានតម្រូវការពីចិនក្តី តែតម្លៃនៅតែធ្លាក់ចុះ ដោយសារវិនិយោគិនស្នើសុំបញ្ចុះតម្លៃ ជៀសវាងការខាតបង់ក្នុងការវិនិយោគលើវិស័យខុនដូនេះ។ ភាពច្បាស់លាស់ និងជាក់លាក់ មិនទាន់មាននៅឡើយទេក្នុងទីផ្សារខុនដូ ដែលគេអាចរង់ចាំមើលរហូតដល់ចុងឆ្នាំ២០២០ សិន៕

ប្រភពForbes

ក្រុមហ៊ុនOCIC បង្ហាញពីផែនការនិងទម្រង់ស្ពានជាក់លាក់តភ្ជាប់ពីរវាងទីក្រុងកោះពេជ្រនិងទីក្រុងកោះនរា

ដោយៈស៊ីវ ម៉េង និងរ៉ាណេត

ភ្នំពេញ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនOCIC កំពុងសិក្សាលម្អិតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកំណត់ពេលវេលាជាក់លាក់ នៃការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរានៅចុងឆ្នាំ២០២០ខាងមុខនេះ។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បច្ចុប្បន្ន គម្រោងសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបថ្មីកោះនរា បានរៀបចំគម្រោងរួចរាល់ហើយ នៅឡើយការសិក្សាលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញទៅលើផលប៉ះពាល់នានា។

លោកបានបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ លោកបន្តថា ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាប មានប្រវែង ប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ

លោកបន្តថា តាមគម្រោង និងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការដ្ឋានសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មីមួយនេះ លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។

លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាននៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

ការស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ សំឡូត-វាវែង សម្រេចបានជាង២៦ភាគរយ

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ ការសាងសង់ និងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ចាប់ពីចំណុចវាលវែងនៃខេត្តពោធិ៍សាត់ រហូតដល់ចំណុចតំបន់សំឡូត ខេត្តបាត់ដំបង គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះ ជាលទ្ធផលសម្រេចបានប្រមាណជាង ២៦ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣ខាងមុខ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា គិតត្រឹមដើមខែឧសភា កន្លងទៅនេះ ជាលទ្ធផលនៃការស្ថាបនា និងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ១០ សម្រេចបាន ២៦,៥៣ភាគរយ នៃចំនួនសរុបនៅក្នុងខេត្តពោធិ៍សាត់ប្រវែង ៨៧គីឡូម៉ែត្រ។

លោក ម៉ៅ ធនិន បានមានប្រសាសន៍បញ្ជាក់ថា “ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ”។

ខេត្តពិធិ៍សាត់មានប្រជាជនសរុបចំនួន ៤៩៣ ៣៧១នាក់ មានភូមិចំនួន៥១១ ឃុំចំនួន៤២ សង្កាត់ចំនួន៧ ស្រុកចំនួន៦ និងក្រុងចំនួន១។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗនៅទូទាំងខេត្តមានចំនួន៣៨ខ្សែ ស្មើនឹងប្រវែងសរុបប្រមាណ ៨៩៣,១៦គីឡូម៉ែត្រ សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងចរាចរណ៍របស់ប្រជាពលរដ្ឋ៕

តំបន់ជ្រោយចង្វារ តារារះ ក្នុងក្រសែភ្នែករបស់វិនិយោគិន

តំបន់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ ដែលបានតភ្ជាប់ទៅ កាន់បណ្តាខេត្តសំខាន់ៗ បានក្លាយជាតារារះ ក្នុងក្រសែភ្នែករបស់វិនិយោគិន។ តំបន់នេះកំពុងតែមមាញឹកខ្លាំង ក្នុងការអភិវឌ្ឍគម្រោង ធំៗជាច្រើន ដែលបានប្រែក្លាយតំបន់ដ៏មានប្រជាប្រិយភាពមួយនេះទៅជា តំបន់ដ៏មានសក្តានុពលថ្មីមួយ ក្នុងចំណោមតំបន់អភិវឌ្ឍនានាជុំវិញរាជធានីភ្នំពេញ។

មូលហេតុដែលជំរុញអោយវិនិយោគិនធំៗងាកមកអភិវឌ្ឍតំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាព រីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរ  គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់មានលក្ខណៈ ធំទូលាយ ព្រមទាំងស្ថានភាពចរាចរមិនកកស្ទះ ប្រសើរជាងតំបន់កណ្តាលទីក្រុងផងដែរ។

តំបន់ជ្រោយចង្វារ កំពុងតែអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលកំពុងតែរីកដុះដាលទៅដោយ អគារខ្ពស់ៗ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ ជាពិសេសតំបន់ព្រែកលាបផ្ទាល់តែម្តង។

សូមបញ្ជក់ផងដែរថាបច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ជាច្រើន រួមគ្នាក្នុងនោះផងដែរ បុរី ប៉េង ហួត  ដែលគេស្គាល់ថាជាក្រុមហ៊ុនលេចធ្លោឈានមុខគេមួយ ខាងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ក៏បានអភិវឌ្ឍគម្រោងរបស់ខ្លួន ចំនួនពីរផងដែរ គឺគម្រោង ដឹស្តា ជូមីរ៉ាហ៍ និង ដឹស្តា មុនីរ៉ាហ៍ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារ អោយក្លាយជាទីក្រុងរណបមួយនាពេលអនាគត។

ក្រសួងសាធារណការ នឹងសាងសាង់ស្ពានអាកាសថ្មើជើងឆ្លងកាត់លេខ ៣ ត្រង់ចំណុងផ្សារត្រាំខ្នារ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងមួយកន្លែងឆ្លងកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ៣ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ផ្លូវជាតិលេខ ៣ ដែលកំពុងសាងសង់នេះ សាងសង់ជា ៤គន្លង ពោលទៅ ២ មក២ ដែលធ្វើឱ្យការបើកបរមានល្បឿនលឿន ដែលងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ផ្លូវនេះ មានទទឹង ២៤កន្លះ ដែលមានប្រវែងវែង ដូច្នេះ ហើយបានយើងសាងសង់ស្ពានអាកាសថ្មើជើងឱ្យបងប្អូនយើងឆ្លងដើម្បីការសុវត្ថិភាពរបស់ពួកគាត់ត្រប់ចំណុចផ្សារត្រាំខា្នរនេះ ហើយដាក់របាំងនៅកណ្តាលផ្លូវមិនអោយគាត់ដើរទេ”។

លោកបន្ថែមថា “ ចំណែកមូតូ ឬ ឡានដែលមានការជិះចូលផ្សារយើងអនុញ្ញាតឱ្យគាត់ជិះវាង ប្រមាណ ១៥០ ម៉ែត្រ សងខាង ទើបអាចឆ្លងបាន។ ជាមួយគ្នានេះ យើងក៏ដាក់កាមេរាសុវត្ថិភាពផងដែរ ដើម្បីចាប់ល្បឿននៅក្នុងតំបន់ទីប្រជុំជន ដូចតំបន់ផ្សារត្រាំខ្នារនេះ កុំឱ្យមានការបើកល្បឿនហួសកំណត់”។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការស្ថាបនាផ្លូវជាតិលេខ ៣ រហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៧០ ភាគរយហើយ និងបញ្ចប់នៅក្នុងខែ ១២ ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ។ តាមផែនការនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២២ ក៏ប៉ុន្តែ ក្រុមហ៊ុនសាងសង់ធ្វើបានលឿន គម្រោងនេះ នឹងបញ្ចប់នៅក្នុងខែ ១២ ក្នុងឆ្នាំ ២០២១ ពោលគឺមានរយៈពេល ៩ ខែមុន នៃពេលវេលាសាងសង់ ។

លោកបញ្ជាក់ទៀតថា “ក្រុមហ៊ុន គ្រោងនឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ ២០២២ តែដោយសារមានការសហការល្អជាមួយនឹងអាជ្ញាធរក្នុងការដោះស្រាយផលប៉ះពាល់បានលឿន ធ្វើឱ្យក្រុមហ៊ុនសាងសង់ក៏បានលឿនផងដែរ ពោលបញ្ចប់មុនការគ្រោងទុក”៕

ក្រសួង​ដែនដី​ចុះ​ពង្រឹង​ការអនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជំ​ហ៊ា២នៅ​ខេត្តក្រចេះ

ដោយៈ រ៉ា​ណេ​ត

ក្រចេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ចុះ​ត្រួតពិនិត្យ កិច្ច​អនុវត្ត​ការងារ​នៃ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២ (LASED II) នៅ​ខេត្តក្រចេះ ស្រុក​ព្រែក​ប្រសព្វ ដែលមាន​សម្បទា​និក​ស​រុ​ប​ចំនួន៤០០គ្រួសារ ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​នាយក​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២ (LASED II) លោក ដោក ដូ​ម៉ា នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ ចុះ​ពិនិត្យ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២ ។

លោក​ដោក ដូ​ម៉ា បាន​មានប្រសាសន៍​ប្រប់​ឱ្យដឹងថា “ក្នុង​ដំណើរការ​នៃ​ការអនុវត្ត​ក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ​រួមមាន ការស្ថាបនា​ផ្លូវ​ដីស ការសាងសង់​លូ និង​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច ដើម្បី​បម្រើ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ របស់​សម្បទា​និករ​ប​ស់​គម្រោង LASEDII ស្ថិតនៅក្នុង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ” ។

នៅក្នុង​ការចុះពិនិត្យ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នោះ លោក ដោក ដូ​ម៉ា បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស​របស់​គម្រោង ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ការសាងសង់ និង​ស្ថាបនា​សំណង់នីមួយៗ ស្របទៅតាម​ស្តង់ដារ​បច្ចេកទេស និង​ឱ្យបាន​ទាន់ពេលវេលា​ដែល​បានកំណត់ ដើម្បី​សម្បទា​និក​ឆាប់​បាន​ប្រើប្រាស់ និង​ធានា​គុណភាព​ប្រើប្រាស់​បានយូរ​អង្វែង ។

នៅ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​នេះ​មាន​សម្បទា​និក​សរុប​ចំនួន ៤០០គ្រួសារ​ដែល​ភាគច្រើន​ប្រក​របរ​កសិកម្ម។ ហេតុនេះ​ការកសាង​នូវ​ប្រព័ន្ធ​ស្រោចស្រព​ខ្នាតតូច និង​ផ្លូវ​ដីស​នេះ គឺជា​ការផ្តល់​នូវ​លទ្ធ​ភាព​បន្ថែមទៀត​ដល់​ស​ម្ប​ទានិ​ក​ក្នុង​ការបង្កើន​ផល និង​ដឹកជញ្ជូន​កសិផល។

ដំណើរការ​កំណត់​អត្តសញ្ញាណ​ដី​សម្រាប់​រៀបចំ​ផែនទី ការផ្តល់​សិទ្ធិ​កាន់​កាន់​ដីធ្លី និង​ការបែងចែក​ដីធ្លី​របស់​គម្រោង ទទួលបាន​ជោគជ័យ​គួរកត់សំគាល់​ក្នុង​ការជៀស​ផុតពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សប្ប​ទា​និក (អ្នកប្រើប្រាស់​ដី) ទោះជា​យ៉ាងណាក៏ដោយ ការទាមទារ តវ៉ា ក៍​អាច​នឹង​កើតមានទ្បើង​មិនអាច​ជៀសផុត នៅ​គម្រោង​ខាងមុខ ហេតុនេះហើយ​ត្រូវការ​ការគ្រប់គ្រង​បញ្ហា​ទាំងអស់នេះ ប្រកបដោយ​តម្លាភាព​ជាទីបំផុត។

យន្តការ​ដោះស្រាយ​បណ្តឹងតវ៉ា របស់​គម្រោង​ជំហាន២ (LASED-II) ត្រូវបាន​កត់សម្គាល់ឃើញ​ថា មិនមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ។ ទោះបី​ការ​អនុ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ បាន​ជៀស​ផុតពី​ផល​ប៉​ពាល់​ដី​កម្មសិទ្ធិ ដែល​អាច​ត្រូវគេ​ទាមទារ​សំណង  ប៉ុន្តែ​ក៏ត្រូវ​ត្រៀមលក្ខណៈ សម្រាប់​កន្លែង​ផ្សេងទៀត បើ​មានការ​ប៉ះពាល់។

ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ក្នុង​ទីតាំង​គម្រោង​សម្បទាន​ដី​សង្គមកិច្ច និង​ការកំណត់​ព្រំប្រទល់​នៃ​តំបន់​ទាំងនោះ ក៏ត្រូវ​បានកត់សម្គាល់​ថា មិនទាន់​ទទួលបាន​ជោគជ័យ​ពេញលេញ​នៅឡើយ​ដែរ ក្នុងន័យ​ធានា​សុវត្ថិភាព​ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​សម្បទា​និក៕

អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ណែ​នាំឱ្យ​អ្នកវិនិយោគ​ទិញ​អចលនទ្រព្យតែ​ពេល​បញ្ចុះតម្លៃ

ដោយ ហ្សូ​លី

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ភាគច្រើន អង្គុយ​លើ​គំនរ​ប្រាក់ ដោយសារ​ការវិនិយោគ​លើ​អចលនវត្ថុ​បាន​ចំណេញ​ច្រើន។ នេះ​ក៏ដោយ​សារ​ការ​ស្គាល់​ពី​ឱកាស និង​ពេលវេលា​ត្រឹមត្រូវ​ក្នុងការ​វិនិយោគ។

លោក Charles Hawlett នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Rclco Real Estate Advisors និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​មានបទពិសោធន៍​ចំនួន២៥ឆ្នាំ បានឱ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ក្នុងពេល​បច្ចុប្បន្នកំពុង​តែ​ស្ថិតក្នុង​សភាព​វិលវល់ តម្លៃ​អចលនទ្រព្យ​ពាណិជ្ជកម្ម ត្រូវបាន​វិនិយោគិន​សម្លឹង​ថា នឹង​ធ្លាក់ចុះ ដែល​នេះ​ជា​ពេលវេលា​សមស្រប​បំផុត​ក្នុង​ការប្រមូលទិញ។ លោក​បន្តថា អ្នកលក់​ឬ​ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​ចាប់ផ្តើម​ធ្វើការ​បញ្ចុះតម្លៃ​ពី៥ភាគរយ រហូតដល់២០ភាគរយ ដែល​តម្លៃ​នេះ​ដាក់លក់​តែ​កំឡុងពេល​មេរោគ​រាតត្បាត​ប៉ុណ្ណោះ។

យោងតាម​ទិន្នន័យ​ដែល​បានមកពី​ក្រុមហ៊ុន Preqin Ltd បង្ហាញថា កំឡុងពេល​មាន​វិបត្តិ​នេះ តម្លៃ​អចលនទ្រព្យ​ត្រូវបាន​ក្រុមហ៊ុន អចលនទ្រព្យ​សង្កេតឃើញថា វិនិយោគិន​ស្វែង​រកតែ​ទីផ្សារ​អចលនវត្ថុ​ដែល​បញ្ចុះតម្លៃ សូម្បីតែ​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស BlackStone ក៏​រំពឹងថា​នឹង​ទម្លាក់​តម្លៃ​អចលនទ្រព្យ​របស់ខ្លួន​ដែរ។

រីឯ​អ្នកជំនាញ​មកពី​ប្រទេស​អង់គ្លេស និង​ជានា​យក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Real Captial លោក Tome Leahy ថ្លែងថា អ្នកទិញ​អចលនទ្រព្យ​ចង់​ចំនេញ​គួរតែ​ជ្រើសរើស​អចលនទ្រព្យ ដែលមាន​ការផ្តល់ជូន​ពិសេស​វិញ ព្រោះ​នោះ​មិនមែន​មានន័យថា ឱ្យតែ​ការបញ្ចុះ​តម្លៃសុទ្ធ​សឹងតែ​មិនល្អ​ឡើយ សំខាន់​អ្នកវិនិយោគ​ត្រូវមាន​ភាព​វ័យឆ្លាត​ក្នុងការ​ជ្រើសរើស​កុងត្រា និង​តាមដាន​ពី​ភាពខុសគ្នា រវាង​តម្លៃ​លក់​នៅលើ​ទីផ្សារ​មុន​និង​ក្រោយ​មេរោគ​រាតត្បាត។

សេដ្ឋវិទូ​បានបញ្ជាក់​ថា ក្នុង​តំបន់​អាស៊ី​ដែលជា​ចំណុច​មាន​ដង់ស៊ីតេ​ឆ្លង​ខ្ពស់ ពេលនេះ​ចាប់ផ្តើម​មាន​ភាពស្ងប់ស្ងាត់ លឿន​ជាង​លោកខាងលិច។ ជាក់ស្តែង​ដូចជា នៅ​តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។ ដូច្នេះ​តំបន់​ទាំងនោះ​កំពុងតែ​មានការ​រីកចម្រើន​ទៅលើ​វិស័យ​អចលនទ្រព្យ។ ចំណែកឯ​វិស័យ​ជួល​វិញ នោ​ក្នុងប្រទេស​អូស្ត្រាលី ហុងកុង ញ៉ូ​វ​ហ្សេ​ឡែ​ន បាន​ត្រឡប់​មករក​សភាព​ដើម​វិញ​រួចជាស្រេច។

ជាក់ស្តែង​អ្នកជំនាញ​បាន​បង្ហើប​ថា អចលនទ្រព្យ​ដែល​កំពុង​ឡើងថ្លៃ​វិញ​នៅ​ជុំវិញ​ពិភពលោក គឺមាន​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​អគារ​រោងចក្រ​ឧស្សាហកម្ម។ អចលនទ្រព្យ​ទាំងអស់នេះ អ្នក​ជាវ​មិនគួរ​ទាន់​ទិញ​នោះទេ ដោយសារតែ​តម្លៃនៅលើទីផ្សារ​មាន​ភាពមិនច្បាស់លាស់​នៅឡើយ៕ Bloomberg

ការនាំចេញ​នៃ​ឧស្សាហកម្ម​ពាក់កណ្តាល​ធុន​ធ្ងន់​របស់​កម្ពុជា​សម្រេចបាន ២៦៦លាន​ដុល្លារ

ដោយ ប៊ី

ភ្នំពេញៈ ការនាំចេញ​នៃ​ឧស្សាហកម្ម ពាក់កណ្តាល​ធុន​ធ្ងន់​របស់​កម្ពុជា​មានតម្លៃ  ២៦៦លាន​ដុល្លារ​ក្នុង​ទី​ត្រីមាស​ទី១ ឆ្នាំ២០២០ បន្ទាប់ពី​កម្ពុជា​ទទួលបាន​ការវិនិយោគ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ នេះ​បើតាម​ទូរលេខ​បង្ហាញ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ឧស្សាហកម្ម​ពាក់កណ្តាល​ធុន​ធ្ងន់ រួមមាន ឧស្សាហកម្ម​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​កង់​ជាដើម ដែល​កំពុង​នាំមុខ និង​កំពុងមាន​កំណើន​នៃ​ការនាំចេញ​ខ្ពស់។

តួលេខ​បង្ហាញ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យដឹង​ថា នៅក្នុង​រយៈពេល៣ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញ​គ្រឿង​បង្គុំ​អេឡិចត្រូនិក មាន​ចំនួន​ប្រមាណ​ជាង៦ពាន់​តោន មាន​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ជាង២៦៣ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ ៦៥លាន​ដុល្លារ បាន​កើនឡើង​ជាង៣០លាន​ដុល្លារ បើ​ធៀប​និង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ២០១៩ ។

ចំណែក​ការនាំចេញ​គ្រឿង​បង្គុំ​រថយន្ត​វិញ នៅក្នុង​រយៈពេល​នេះដែរ កម្ពុជា​បាន​នាំចេញ​ផលិតផល​ប្រភេទ​នេះ​សរុប​មាន​ជាង២ពាន់​តោន មាន​ទំហំ​ទឹកប្រាក់​នៃ​នាំចេញ ១០៦ប៊ី​លាន​រៀល ស្មើ​ជាង៨២លាន​ដុល្លារ​អាមេរិក បាន​កើនឡើង​ជាង២៤ លាន​ដុល្លារ​អាមេរិក  បើ​ធៀប​និង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ២០១៩ ផងដែរ ។

ចំពោះ​ឧស្សាហកម្ម​ផលិតកម្ម​កង់​វិញ សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​នេះដែរ ចំនួន​នៃ​ការនាំចេញ​នៅក្នុង​រយៈពេល៣ខែ ឆ្នាំ២០២០នេះ សរុប​មាន៤៩៨ពាន់​គ្រឿង សរុប​ជា​ទឹកប្រាក់​មាន​ជាង៤៨៣ប៊ី​លាន​រៀល ត្រូវ​ប្រមាណ១១៩លាន​ដុល្លារ បាន​កើនឡើង​ជាង ១០លាន​ដុល្លារ​អាមេរិក ។

ឧស្សាហកម្ម​ពាក់កណ្តាល​ធុន​ធ្ងន់​របស់​កម្ពុជា ក្នុង​រយៈពេល​ជាង២ឆ្នាំកន្លងមក ឧស្សាហកម្ម​ប្រភេទ​នេះ បាន​កំពុង​បម្រើ​ដល់ទី​ផ្សារ​នាំចេញ​យ៉ាង​ល្អប្រសើរ និង​កំពុងមាន​កំណើន​នៃ​ការនាំចេញ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បន្ទាប់ពី​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​វាយ​ន​ភណ្ឌផ្សេង៕

អ្នកជំនាញ៖ តំបន់​ចំការ​ដូង​បាន​ក្លាយជា​បណ្តុំ​លំនៅឋាន​ដ៏​ពេញនិយម​របស់​ទីក្រុង​ភ្នំពេញ

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​អះអាងថា​ចំការ​ដូង ស្ថិតក្នុង​ខ័​ណ្ឌ​ដង្កោ បានក្លាយ​ទៅជា​បណ្តុំ​លំនៅឋាន​ដ៏​ពេញនិយម​របស់​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ខណៈដែល​គម្រោង​របស់​ក្រុមហ៊ុន​អភិវឌ្ឍល្បីៗជាច្រើន បាន​សម្រុក​ទៅកាន់​ទីនោះ ហើយ​បាន​អភិវឌ្ឍ​ស្របទៅនឹង​ផែនការអភិវឌ្ឍន៍​ក្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kraty Realty Co., Ltd លោក ចក់ ស៊ី​ណាត បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា ចាប់ពី​ឆ្នាំ២០១៦ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ តំបន់​ចំការ​ដូរ​បាន​រីកចំរើន និង​ប្រែក្លាយជា​តំបន់​លំនៅឋាន​យ៉ាង​លឿន និង​ពេញនិយម បន្ទាប់ពី​មាន​ក្រុមហ៊ុន​អភិ​វ ឌ្ឍ​ន៍ធំៗទៅកាន់​ទីនោះ។

លោក​បន្តថា “បើ​កាលពីមុន​យើង​មិនមាន​ឃើញ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ណា​ទៅកាន់​ធ្វើ​សកម្មភាព​នៅ​ទីនោះ​ឡើយ ទើបតែ​ចន្លោះ​ពី​ឆ្នាំ២០១៦  និង២០២០នេះ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន​ទៅ​អភិវឌ្ឍន៍​ទីនោះ ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​កើន ប្រមាណ៤ទៅ៥ ដង ។ ចំណែក​តម្លៃ​លំនៅឋាន​វិញ ប្រមាណ១០០ភាគរយ​ទៅតាម​ប្រភេទ និង​ទីតាំង” ។

លោក​សាវុធ ដា​ណា  ម្ចាស់​បុរី​ហេង​ណា បានឱ្យដឹង​ដែរ​ថា តំបន់​ចំការ​ដូង​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ បើ​ធៀប​ទៅនឹង​តំបន់​ផ្សេងទៀត​របស់​ទីក្រុង​ភ្នំពេញ ស្របទៅនឹង​ផែនការ​ការអភិវឌ្ឍន៍​ក្រុង ។ ហើយ​តំបន់​នេះ​ទៀតសោត​មានផ្លូវធំៗជាច្រើន និង​ផ្លូវ​ខ្វាត់ខ្វែង​ផ្សេងទៀត​បុក​ចេញចូល​ទៅកាន់​ទីនោះ។

លោក​ថា “កត្តា​ទាំងនេះហើយ​ទើប​ធ្វើឱ្យ​តំបន់​នេះ មាន​សក្តា​ន​ពល់​ខ្ពស់​ក្នុង​វិនិយោគ​លើ​វិស័យ​លំនៅឋាន និង​បុរី​ផ្សេង ៗក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ និង​បន្ត​រីកចំរើន​ទៅមុខទៀត ជាពិសេស​តំបន់​នេះ នៅក្បែរ​នឹង​ភ្នំពេញ។លោក​បន្តថា “ពីមុន​យើង​គិតថា ទួល​ពង្រ​មានការ​អភិវឌ្ឍន៍​ខ្លាំង តែបើ​និយាយ​ជារួម​តំបន់​ព្រៃ​សរ និង​តំបន់​ចំការ​ដូង​មកកាន់​ភ្នំពេញ ហាក់​មាន​ស្ថានភាព​ជិត​ជាង និង​មានការ​អភិវឌ្ឍ​ជាង ព្រោះ​វា​មាន​គម្រោងធំៗទៅកាន់​ទីនោះ  ជាពិសេស​បើ​ទៅកាន់​ផ្សារ​ទំនើប​អេ​អន៣ តាមផ្លូវ៥០ម៉ែត្រ​នៅ​ជិតបង្កើយ” ។

លោក​បញ្ជាក់​ទៀ​ថា “នៅ​តំបន់​ចំការ​ដូង រហូតដល់​តំបន់​ព្រៃ​សរ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានធំៗ មិនតិចជាង១០ នៅមាន​ក្រុមហ៊ុនផ្សេងៗជាច្រើន​ទៀត បាន​នឹង​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិ​រៈ បានទទួល​ស្គាល់​នូវ​ភាព​រីកចម្រើន និង​សន្ទុះ​នៃ​ការអភិវឌ្ឍ​គម្រោង​លំនៅ​នៅ​ជាច្រើន​នៅ​តំបន់​ខាងលើនេះ ដោយ​លាក​បាន​អះអាងថា រាល់​គម្រោង​អភិវឌ្ឍន៍​នានា​សុទ្ធតែ​ត្រូវបាន​សិក្សា​ពី​គម្រោង និង​ផែនការ​របស់​រដ្ឋាភិបាល ជាពិសេស​នៅពេល​ដែលមាន​លំហូរ​ប្រជាជន​ចូលទៅ​រស់នៅ​កាន់តែច្រើន។

លោក​បាន​បញ្ជាក់ថា “មនុស្ស​អាច​ចូលទៅ​រស់នៅ​តំបន់​ណាមួយ​បាន គឺ​ទាល់តែ​តំបន់​នោះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ងាយស្រួល​ប្រើប្រាស់​ជាពិសេស​ផ្លូវថ្នល់ រួមជាមួយ​ទីតាំង​បម្រើសេវា​សាធារណៈ” ។

លោក​វ៉ា វីរៈ​បាន​បន្តទៀតថា សម្រាប់​តំបន់​ព្រៃ​ស និង​ចំការ​ដូង​នៃ ខណ្ឌដង្កោ ពេលនេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ក្រុង​នោះទេ ជាពិសេស​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​ទីតាំងផ្សេងៗ ដូចជា​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ចេញទៅ​ផ្លូវជាតិ​លេខ៣ ចេញទៅ​ផ្លូវជាតិ​លេខ២ ចេញទៅ​ក្រុង​តាខ្មៅ ក៏ដូចជា​ឆ្ពោះ​មកកាន់​តំបន់​ពាណិជ្ជកម្ម​ពិសេស ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម។

លោក​បាន​បញ្ជាក់ថា “វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ដែល​ចូលទៅ​កាន់​តំបន់​ខាងលើនេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ ព្រោះ​នឹងមាន​គម្រោងថ្មីៗចូល​បន្ថែមទៀត​នៅពេល​ខាងមុខនេះ ដោយសារតែ​ទីតាំង​តំបន់​មាន​ភាពល្អប្រសើរ ងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម” ៕