ការឈានជើងចូលប្រឡូកក្នុងទីផ្សារខុនដូរបស់យុវតីម្នាក់ឆ្លុះបញ្ចាំងពីទស្សនវិស័យវែងឆ្ងាយមួយសំរាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មានរូបរាងតូច ស្តើងទ្រនាប់ សម្បុរ ស ស្នាមញញឹមរួសរាយរាក់ទាក់ ស្រីអូនបាននិងកំពុងមើលឃើញអនាគតវែងឆ្ងាយ និងប្រកបដោយទំនុកចិត្ត ក្នុងវិស័យអចនទ្រព្យដែលកំពុងរីកចម្រើននៅកម្ពុជា។

ជាមួយនឹងជំនឿចិត្តខ្ពស់ កញ្ញាសុខ ស្រីអូនជាយុវតីម្នាក់ ក្នុងចំណោមយុវជនខ្មែររាប់រយនាក់ ដែលបាននិងកំពុងពាក់អាវធំ អង្គុយក្នុងម៉ាស៊ីនត្រជាក់ និងតែងតែមានស្នាមញញឹម ដើម្បីបង្ហាញពីទីផ្សារខុនដូដល់អតិថិជនរបស់ពួកគេ នៅតាមទីតាំងដែលពួកគេលក់ដែលមានសភាពដូចផ្ការីក នៅកណ្តាលរាជធានីភ្នំពេញ។

យ៉ាងណាខុនដូ ជាផ្នែកមួយនៃអនុវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងចាប់ផ្តើម​មានប្រជាប្រិយភាពបណ្តើរៗ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

ជាមួយនឹងក្តីស្រលាញ់ និងគិតពីប្រាក់ចំណូល ដ៏មានសក្តានុពលនាពេលអនាគតកញ្ញា សុខ ស្រីអូនបាននិយាយដោយស្នាមញញឹម ប្រកបដោយភាពជឿជាក់ថា មិនថាទោះជាមានអាយុតិច ឬច្រើននោះទេ ការទទួលបានចំណែកទីផ្សារ លើការលក់សុទ្ធតែអាចធ្វើបានដូចគ្នា។កញ្ញាបន្តថា អ្វីសំខាន់គឺអាស្រ័យទៅលើភាពវៃឆ្លាត ចំណេះដឹង និងការស្វែងយល់ឱ្យបានច្បាស់លាស់ ពីគម្រោងដែលយើងត្រូវលក់តែប៉ុណ្ណោះ

មានស្រុកកំណើតនៅខេត្តកំពត និងជាកូនស្រីពៅនៅក្នុងចំណោមបងប្អូនចំនួន៧នាក់ ទើបតែមានអាយុត្រឹម២២ឆ្នាំ និងជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញផ្នែកគ្រប់គ្រងនិងសេដ្ឋកិច្ចឆ្នាំទី៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កញ្ញារាងតូច ច្រឡឹ​ងរូបនេះបានអះអាងថា កញ្ញាទើបមានអាយុ២២ឆ្នាំ តែមានបទពិសោធន៍ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យ មិនតិចជាង៣ឆ្នាំនោះទេ បន្ទាប់ពីចូលប្រឡូកនៅក្នុងវិស័យមួយនេះតាំងពីឆ្នាំ២០១៧។

តើអ្វីជាហេតុផលនៅពីក្រោយ ការឈានជើងប្រឡូកក្នុងវិស័យនេះ? ស្រីអូនបានលើកឡើងថា ហេតុផលដែលជំរុញឱ្យកញ្ញាចូលខ្លួន មកប្រឡូកការងារអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ ក៏ព្រោះតែយល់ឃើញថា វិស័យមួយនេះមានទីផ្សារទូលំទូលាយ និងងាយទទួលបានប្រាក់ចំណូលច្រើន ហើយក៏ផ្សារភ្ជាប់ខ្លួន តាមរយៈទីផ្សារនៃការលក់ដីឡូតិ៍ ដែលជាបទពិសោធន៍លើកដំបូងរបស់កញ្ញា ក្នុងពេលកញ្ញាបានឈានជើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដែលមានភាពរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។

ដំបូងឡើយ ពេលមកបន្តការសិក្សា នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៧ ខ្ញុំមិនមានបំណងធ្វើជាអ្នកលក់អចលនទ្រព្យអីនោះទេ ព្រោះពេលនោះមិនទាន់ស្គាល់ពីទីផ្សារអចលនទ្រព្យនៅឡើយ ប៉ុន្តែដោយសារការសម្លឹងឃើញឱកាស ដែលអាចធ្វើការក្រៅម៉ោងសិក្សា និងអាចរកចំណូលបាន ក៏សាកល្បងធ្វើជាអ្នកលក់ដីឡូតិ៍ ហើយក៏ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ នេះជាការលើកឡើងរបស់ស្រីអូន ជាមួយស្នាមញញឹមយ៉ាងស្រទន់។

កញ្ញាបន្តទៀតថា ក្រោយមកទៀតខ្ញុំ ក៏ចេះតែព្យាយាមលក់អចលនទ្រព្យ នៅក្នុងផ្នែកផ្សេងៗទៀត ដូចជាលក់ផ្ទះល្វែង អាផាតម៉ិន ផ្សារទំនើប ទីតាំងការិយាល័យជួល ហើយចុងក្រោយគឺប្រឡូកយ៉ាងមមាញឹក នៅក្នុងទីផ្សារខុនដូរហូតមកដល់សព្វថ្ងៃនេះ

ភ្នាកងារអចលនទ្រព្យវ័យក្មេងម្នាក់នេះ បានប្រាប់ឱ្យដឹងទៀតថា នៅពេលដែលលក់បានគម្រោងជាបន្តបន្ទាប់ ហើយទទួលបានកម្រៃជើងសារកាន់តែច្រើន បានជំរុញចិត្តឱ្យងខ្ញុំចាប់ផ្តើមសិក្សាបន្ថែម និងសុំការណែនាំពីរៀមច្បង ដែលមានបទពិសោធន៍ពីការលក់ផ្នែកដទៃទៀត ដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ ដូចជារបៀបនៃការលក់ផ្ទះល្វែង អាផាតម៉ិន ផ្សារទំនើប ការិយាល័យជួល ជាពិសេសផ្នែកខុនដូ ដែលខ្ញុំកំពុងកាន់គម្រោងនៅក្នុងដៃសព្វថ្ងៃនេះ

ជាមួយនឹងភាពជំនាញ ក្នុងការលក់ខុនដូ នៅពេលបច្ចុប្បន្ន កញ្ញាសុខ ស្រីអូន បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធ ទៅនឹងស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជាថា ទីផ្សារអចលនទ្រព្យកម្ពុជា សព្វថ្ងៃខ្ញុំទទួលស្គាល់ថា ពិតជាមានការធ្លាក់ចុះបន្តិច ប៉ុន្តែការធ្លាក់ចុះ គឺកើតឡើងគ្រប់ប្រទេសជាសាកល ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះគឺទាំងសកម្មភាពអភិវឌ្ឍន៍ ទាំងសកម្មភាពនៃការទិញ-លក់ ទីផ្សារនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាងគេ

កញ្ញាបានបន្តដោយសុទិដ្ឋិនិយមថា ខ្ញុំជឿជាក់ថាទីផ្សារមួយនេះ នឹងវិលត្រឡប់មកកាន់សភាពដូចកាល ពីអំឡុងឆ្នាំ២០១៩វិញ បន្ទាប់ពីស្ថានភាពនៃជំងឺឆ្លងត្រូវបានទប់ស្កាត់ប្រកបដោយភាពជោគជ័យ

កញ្ញាបានបន្ត ដោយសម្លឹងទៅកាន់អាគារខុនដូសប្បនិម្មិត ដែលបង្ហាញនៅក្នុងShowroomជាគំរោងដែលស្រីអូនកំពុងលក់ថា សម្រាប់ទីផ្សារខុនដូនៅកម្ពុជា នឹងកាន់តែល្អប្រសើរ ព្រោះនៅពេលដែលប្រទេសមានការអភិវឌ្ឍ សេដ្ឋកិច្ចមានភាពរីកចម្រើន ដែលជំរុញឱ្យកំណើន នៃប្រាក់ចំណូលប្រជាជនឡើងខ្ពស់ គឺនឹងគិតដល់ផាសុខភាពនៃការរស់នៅតាមបែបទាន់សម័យទំនើប ដូចបណ្តាប្រទេសជិតខាង ជាពិសេសលំនៅដ្ឋានបែបសហកម្មសិទ្ធិ (ខុនដូ) ដែលស្ថិតនៅក្នុងក្រុង ផ្តល់ភាពងាយស្រួលទាំងការរស់នៅ ការប្រកបកិច្ចការងារ អាជីវកម្ម សុវត្ថិភាពក្នុងពេលដំណើរ។

កញ្ញាបានបន្តដោយភាពជឿជាក់ថា ទីផ្សារខុនដូនៅតែបន្តស្ថានភាពល្អប្រសើរ ជាពិសេសនៅពេលបច្ចុប្បន្ន ដែលកាន់តែផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន អតិថិជនដែលជាអ្នកទិញសម្រាប់ស្នាក់នៅ ក៏ដូចជាសម្រាប់អ្នកទិញ សម្រាប់វិនិយោគយកប្រាក់ចំណេញ ខណៈពេលដែលរាជរដ្ឋាភិបាល ក៏បានចូលរួមលើកទឹកចិត្ត ដោយការលើកលែងពន្ធប្រថាប់ត្រា(តម្លៃក្រោម៧ម៉ឺនដុល្លារ) ជាពិសេសការផ្តល់ជូននូវកម្មវិធីជាច្រើន ពីម្ចាស់គម្រោងដូចជាការលក់បញ្ចុះតម្លៃ ការផ្តល់ជូននូវការដូផ្សេងៗ រួមជាមួយការធានាជួលត្រឡប់មកវិញ ដែលសុទ្ធតែជាការនូវអត្ថប្រយោជន៍ដល់អ្នកទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here