ក្រុមហ៊ុនជប៉ុនចំនួន ១៤៤ កំពុងវិនិយោគនៅកម្ពុជាដែលមានទុន ២,៨ ពាន់លានដុល្លារ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គិតត្រឹមខែកក្កដា ឆ្នាំ ២០២០ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤ គម្រោងក្នុងនោះទុនវិនិយោគសរុបចំនួន ២,៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយភណ្ឌ ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។

លោកបន្តថា ការចូលរួមវិនិយោគរបស់វិនិយោគិនជប៉ុននេះ ស្រតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមត្រូវឆ្នាំ ២០២៥។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភារំពឹងថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងកម្ពុជា និងជប៉ុនឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។

លោក ម៉ាសាហ៊ីរ៉ុ មិខាមិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានកោតសសើរកម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងសំណូមពររបស់អ្នកវិនិយោគជប៉ុនដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និងផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគគ្រប់រូប។

លោកមានជំនឿថា កម្ពុជា-ជប៉ុន នឹងសម្រេចបាននូវការឯកភាពគ្នាមួយនាពេលខាងមុខឆាប់ៗនេះ ក្នុងការសម្របសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជប៉ុនដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគស្របតាមស្មារតីនៃកិច្ចពិភាក្សារវាងសម្តេចតេជោ និង លោក ម៉ូតេហ្គី តូស៊ីមីសឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០កន្លងមកនេះ។

កម្ពុជា-ជប៉ុន បានប្តេជ្ញានឹងបន្តសហការគ្នាខិតខំដោះស្រាយចំពោះរាល់បញ្ហាដែលនៅមានសេសសល់ ជំរុញការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលាសម្រួលបែបបទនីតិវិធីឱ្យកាន់តែសាមញ្ញ និងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការមានសកម្មភាពកាន់តែល្អប្រសើរ ធានាបានការប្រកួតប្រជែង និងភាពឈ្នះឈ្នះដែលនេះជាការចូលរួមជួយទ្រទ្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព៕

វិស័យដីធ្លីនៅក្នុងខេត្តចំនួន ២ មានសន្ទុះកំណើនតម្រូវការជាហូរហែ

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យដីធ្លីនៅតាមបណ្តារខេត្តហាក់មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចប្រចាំខេត្តមានកំណើនជាបន្តបន្ទាប់ ជាហេតុជម្រុញឱ្យវិនិយោគិនមានតម្រូវការដីក្នុងការរៀបចំគម្រោងអភិវឌ្ឍនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ធ្លាប់បានបង្ហាញភាពកោតសរសើរចំពោះសមិទ្ធផលរបស់វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មិនថាបណ្តារខេត្តនិងទីក្រុងនោះទេ។ សម្តេចរំពឹងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តារខេត្តដូចជា ដីធ្លី ខុនដូ លំនៅដ្ឋាន សំណង់អគារផ្សេងៗ និងកាន់តែកើនតួលេខអភិវឌ្ឍបន្ថែម ដើម្បីជម្រុញសេដ្ឋកិច្ចប្រទេសកម្ពុជាមួយកម្រិតទៀត។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានមានប្រសាសន៍ប្រាប់គេហទំព័រ PropertyAreaAsia ថា ដីធ្លីខេត្តកំពតមានសក្តានុពលទៅលើប្រភេទអចលនទ្រព្យដែលបម្រើដល់វិស័យទេសចរណ៍ ហើយវិនិយោគិនភាគច្រើនត្រូវការអភិវឌ្ឍលើសណ្ឋាគារ ផ្ទះលម្ហែ ឬច្នៃដីធ្លីទៅជា តំបន់ទេសចរណ៍ធម្មជាតិ ឬបឹងហ្គាឡូ ជាដើម។

លោកស្រីបន្តថា ស្របពេលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើសោភ័ណភាពនៃខេត្តកំពតឱ្យក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិនោះ ទើបបណ្តាលឱ្យវិនិយោគិនត្រូវសម្លឹងមើលឱកាសវិនិយោគបន្ថែម។

បន្ទាប់ពីមានដំណឹងច្បាស់ការអំពីគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរួចហើយនោះ បច្ចុប្បន្នខេត្តកណ្តាលបានក្លាយជាតួឯកក្នុងវិស័យដីធ្លីផងដែរ។

អ្នកជំនាញអចលនទ្រព្យក្នុងស្រុកមួយរូប និងជាអគ្គនាយក្រុមហ៊ុនអចលនទ្រព្យ R Investment លោកឧកញ៉ា តេង រិទ្ធី បានពន្យល់ថា ខេត្តកណ្តាលមានតម្រូវការធីធ្លី ដោយហេតុថាខេត្តកំពុងមានសកម្មអភិវឌ្ឍហេដ្ឋារចនាសមព័ន្ធ និងមានគម្រោងលំនៅដ្ឋានទាំងកម្រិតមធ្យម និងខ្ពស់ រួមទាំងសំណង់អគារមួយចំនួន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE បានឱ្យដឹងថា វិស័យដីធ្លីនៅកម្ពុជាមានកំណើនខ្ពស់ជាងគេ រីឯតម្លៃវិញទៀតសោតកើនឡើង ១២ ភាគរយ ជារៀងរាល់ឆ្នាំ៕

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាម៉ោក១៥ហិកតាផ្តល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ទីស្ដីការថ្មី

ដោយៈ រ៉ាណេត

  ភ្នំពេញៈរាជរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃដីបឹងតាម៉ោកស្ថិតម្ដុំ (កប់ស្រូវ) ចំនួន១៥ហិកតា ចេញពីអនុក្រឹត្យប្រគល់ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្ដីការក្រសួងថ្មី នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ដើម្បីបង្កភាពងាយស្រួលដល់ការបម្រើការងារ និងបើកកិច្ចប្រជុំនានា។

ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទសព្វថ្ងៃដែលមានទីតាំងតូចចង្អៀតស្ថិតនៅជាប់ទីស្តីការគណៈរដ្ឋមន្ត្រីមានផ្លូវតូចចង្អៀតខ្វះទីចំណតយានយន្តនិងបង្កមានការកកស្ទះរាល់ថ្ងៃនោះរដ្ឋាភិបាលបានសម្រេចផ្តល់ផ្ទៃដីបឹងតាមោកទំហំជាង១៥ហិកតាសម្រាប់សាងសង់អគារទីស្តីការថ្មីស្ថិនៅតាមបណ្តោតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០  ជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុករណីសំណើសុំ គោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តី ការក្រសួងអភិវឌ្ឍន៍។

សេចក្តីជូនដំណឹងបានសរសេរយោងលិខិតលេខៈ ០៤០.២០ លស.គ ចុះថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត៤៤៤ ខន ០២០ សជណ ចុះថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី។ ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២០។

នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថា ដូចមានចែង និងយោងក្នុងកម្មវត្ថុខាងលើទីស្តី ការគណៈរដ្ឋមន្ត្រីសូម ជម្រាបឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍ដូចខាងក្រោមៈ កំណត់យកទីតាំងផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្ទៃដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី ការកែសម្រួល ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ស្ថិតនៅក្នុងរាជធានីភ្នំពេញរួចហើយកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០។ បឹងតាមោក ត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៣.២៣៩,៧ហិកតា៕

ទីផ្សារជួលខុនដូចាប់ផ្តើមកើនឡើងស្របពេលតម្លៃជួលក៏មិនទាន់មានសញ្ញាវិជ្ជមាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របពេលដែលការផ្គត់ផ្គង់ចំនួនខុនដូ នៅក្នុងរាជធានីភ្នំពេញកំពុងមានកំណើនខ្ពស់នៅក្នុងឆមាសទី២ឆ្នាំនេះ ទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថាបានចាប់ផ្តើមវិលមករកភាពល្អប្រសើរវិញជាបណ្តើរៗ ប៉ុន្តែតម្លៃនៃការជួលមានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆមាសទី១ក្នុងឆ្នាំ២០២០កន្លងទៅនេះ។

អ្នកជំនាញនៅក្នុងវិស័យខុនដូកម្ពុជា លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេ​សក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍ថា ឲ្យដឹងនាព្រឹកថ្ងៃទី៤ កញ្ញានេះថា ចាប់តាំងពីដើមឆមាសទី២ ឆ្នាំ២០២០ ទីផ្សារខុនដូនៅកម្ពុជា ដែលសំខាន់នៅក្នុងរាជធានីភ្នំពេញ បានបន្តកើនឡើងនូវការផ្គត់ផ្គង់ ពោលគឺមានគម្រោងខុនដូចំនួន៦០អគារត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង។

លោកស្រីបានបញ្ជាក់ថា នៅក្នុងចំណោមនៃចំនួនខុនដូទាំង៦០ គម្រោងត្រូវបានបែងចែកចេញជា៣កម្រិត រួមមានកម្រិតAចំនួន៥៨០០យូនីត កម្រិតB ចំនួន៩៧០០យូនីត និងកម្រិតC ចំនួន៥២០០យូនីត និងត្រូវបានដាក់បញ្ចូលទៅការផ្គត់ផ្គង់ទីផ្សាររួម។

ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ចំនួនខុនដូ នៅក្នុងទីផ្សាររួមនៅពេលនេះ លោកស្រី អាន សុធីតា បានបញ្ជាក់ថា ទីផ្សារខុនដូ បើប្រៀបធៀបទៅនឹងឆមាសទី១ គឺមានភាពល្អប្រសើរឡើងវិញបន្តិ ខណៈដែលតម្លៃត្រូវបានបញ្ចុះ។ ជាក់ស្ដែងដូចជាតម្លៃនៃការជួលយូនីតខុនដីកម្រិតA ១ស្ថិតក្នុងតម្លៃ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតB ១១-១២ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិតC ស្ថិតក្នុងតម្លៃ៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គិតត្រឹមពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២០ ជាមួយនឹងកំណើននៃចំនួនគម្រោងខុនដូគ្រប់កម្រិតត្រូវបញ្ចប់៦០គម្រោងខាងលើនេះ មានយូនីតខុនដូសរុបរហូតដល់ប្រ​មាណ២០៧០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត នៅកំឡុងចុងឆ្នាំ២០២០ បន្ទាប់គម្រោងខុនដូចំនួន២ផ្សេងទៀតអាចនឹងត្រូវបានបញ្ចប់ទាំងស្រុង៕

រដ្ឋបាលក្រុងភ្នំពេញនឹងស្ថាបនាមហាវិថីថ្មីមួយតភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ

ដោយៈ វុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានី។

មន្ទីរសាធារណៈការ និងដឹងជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ពិធីបើកការដ្ឋានខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

កាលពីម្សិលនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំង សំរាប់រៀបចំកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវ ដែលមានទទឹង៣០ម៉ែត្រ និងបណ្ដោយ ៥៨៦០ម៉ែត្រ ដែលតភា្ជប់ចាប់ពីចំណុចបុរីអង្គរភ្នំពេញ រហូតដល់មហាវិថីឈ្នះៗមុនពេលរៀបចំពិធីសម្ពោធបើកការដ្ឋាន។

លោកបានបញ្ជាក់ថា “មហាវិថីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលចរា​ចរ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅប៉ែកខាងជើង និងប៉ែកខាងកើត រាជធានីភ្នំពេញ”៕

 

ច្បាប់មូលបត្ររដ្ឋដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនត្រូវបានអនុម័តដោយគណរដ្ឋមន្រ្តី

ដោយៈ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់ស្ដីពី មូលបត្ររដ្ឋទាំងស្រុង សម្រាប់ធ្វើជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

រដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការចាប់ផ្តើមខ្ចីឥទានសម្បទាន ពីដៃគូអភិវឌ្ឍន៍ក្រៅប្រទេសមក ការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាល គឺមានភាពប្រយ័ត្នប្រយែងច្បាស់លាស់ និងម៉ត់ចត់ ដោយផ្អែកលើគោលការណ៍គន្លឹះ មានចំនួន៤ ដូចជា

– ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន

– ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់

– ខ្ចីសម្រាប់វិស័យអាទិភាពទ្រទ្រង់ ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម។

– ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

យុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ នៅតែបន្តអនុវត្តគោលការណ៍គន្លឹះទាំង៤ខាងលើ ហើយកម្ពុជាមាននូវសមត្ថភាពខ្ចីខ្ពស់ជាងមុន និងមានឱកាសខ្ចីបានថោក ដោយមាននូវដៃគូអភិវឌ្ឍន៍ជាច្រើន ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ។ ឈរលើកត្តាអនុគ្រោះនៃ “លទ្ធផលខ្ចីខ្ពស់ជាមួយនឹងអត្រាការប្រាក់ថោក” នេះជាការបោះផ្សាយមូលបត្ររដ្ឋ។

បរិការណ៍បច្ចុប្បន្ន ដោយពិនិត្យឃើញនូវបញ្ហាប្រឈមពីកត្តាខាងក្រៅ និងខាងក្នុងមួយចំនួនដែលអាចបង្កផលប៉ះពាល់ ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ ជាមួយនឹងគោលដៅ នៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន សម្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប (Lower-middle income economy) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-middle income economy)នាពេលខាងមុខ ការចាប់ផ្តើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរទុនពីផ្សារមូលបត្រក្នុង និងក្រៅប្រទេស មកបំពេញសេចក្តីត្រូវការធនធាន និងហិរញ្ញប្បទានដែលកើនឡើងជាងរៀងរាល់ថ្ងៃនេះ បានក្លាយជាកាលានុវត្តភាព និងអាទិភាពថ្មីសម្រាប់កម្ពុជា។

សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋ(ថ្មី)នេះ ជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ថ្មីនេះ មានវិសាលភាពអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយបោះផ្សាយមូលបត្ររដ្ឋ ជាសិទ្ធិអំណាចផ្តាច់មុខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រោមច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ ដូចនេះ សេចក្តីព្រាងច្បាប់ថ្មីនេះ គឺបានផ្តល់សិទ្ធិអំណាច តាមរយៈការចាត់ឱ្យមានការផ្សាយលក់មូលបត្ររដ្ឋ។

ត្រូវកំណត់ដោយប្រកាសនូវវិធីសាស្រ្ត និងយន្តការនៃការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋ ទម្រង់ និងដំណើរការពាក់ព័ន្ធនឹងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលត្រូវបោះផ្សាយ អ្នកចូលរួមដោយផ្ទាល់ និងអ្នកដែលមានសិទ្ធិ ក្នុងការចូលរួមក្នុងទីផ្សារដំបូង ការកត់ត្រាអ្នកធ្វើបរិវិសកម្ម ការរក្សាទុកមូលបត្ររដ្ឋ នៅប្រតិបត្តិកររក្សាទុកណាមួយនិងការចុះបញ្ជីជួញដូរមូលបត្ររដ្ឋ នៅទីផ្សារមូលបត្រប្រតិស្រុត ការទូទាត់ប្រាក់ដើម និងអត្រាគូប៉ុងនៃមូលបត្ររដ្ឋ និងធាតុសំខាន់ផ្សេងៗទៀត។

មូលបត្ររដ្ឋ អាចត្រូវបានបោះផ្សាយជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណបរទេស តាមការកំណត់ដោយប្រកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ការចរចាពាណិជ្ជកម្មសេរីជុំទី២ រវាងកម្ពុជា និងកូរ៉េខាងត្បូង បានបញ្ចប់ដោយភាពវិជ្ជមាន

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានបញ្ចប់កិច្ចចរចាលើកទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីថ្ងៃពុធកន្លងមកនេះ ជាមួយនឹងការរីកចម្រើនជាវិជ្ជមាន ខណៈយ៉ាងហោចកិច្ចចរចាចំនួន២ជុំទៀតនឹងត្រូវធ្វើឡើងបន្តទៀត មុនពេលប្រទេសទាំងពីរចុះហត្ថលេខា។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែកញ្ញា ថា កិច្ចចរចានេះមានការជឿនលឿនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំវីដេអូ Conference រយៈពេល ៤ ថ្ងៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

លោក បានថ្លែងថា “យើងបានបញ្ចប់ជំពូកនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារ និងជំពូកផ្សេងទៀតនៃកិច្ចព្រមព្រៀង។ យើងបានព្រមព្រៀងលើចំណុចមួយចំនួន ហើយចំណុចផ្សេងទៀតមិនទាន់មាននៅឡើយ”។ លោកបន្តថា “យ៉ាងហោចណាស់មានការចរចាពាណិជ្ជកម្មសេរីចំនួន២ ជុំទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះមុនដំណាច់ឆ្នាំ២០២០”។

លោកឱ្យដឹងទៀតថា កិច្ចចរចាពាណិជ្ជកម្មជុំទី៣ គ្រោងនឹងធ្វើនៅចុងខែកញ្ញា។ ប្រទេសទាំងពីរបានធ្វើកិច្ចចរចាលើកទី១ កាលពីខែកក្កដាឆ្នាំនេះ។

កិច្ចចរចាពាណិជ្ជកម្មនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សម្តេចតេជោ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មួយ ដែលតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៣៦ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង និងនាំចូល ៦៩៧ លានដុល្លារពីប្រទេសកូរ៉េខាងត្បូង។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ របស់ប្រទេសកូរ៉េខាងត្បូង៕

សម្តេចតេជោ សម្រេចទម្លាក់កញ្ចប់ថវិកាចំនួន ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប

ដោយ ៖ វុត្ថា

ភ្នំណពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានទម្លាក់ថវិកាចំនួន១៥០លានដុល្លារសម្រាប់ស្ដា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅទីរួមខេត្តសៀមរាប ដើម្បីបង្កើនសោភ័ណភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងស័ក្ដិសមជាតំបន់ទេសចរណ៍ប្រចាំប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕

តើ​ការសាងសង់​អាគារ​កំពស់ ៧៨ជាន់ នៅក្រោយ​អាគារ The Bridge នឹង​ក្លាយជា​សុបិន?

ដោយ​ ស៊ីវ ម៉េង

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ The Glory ដែល​អាចជា​អំនួត​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ​បាន​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈ​គំរោង​នេះ​ត្រូវបាន​តំណាង​ក្រុមហ៊ុន​យាន​ឆ័ង​ប្រចាំ​កម្ពុជា​ធ្លាប់បាន​ឲ្យ​ដឹងថា គំរោង​នេះ​ត្រូវបាន​កែប្រែ​ប្លង់​ស្ថាបត្យកម្ម​មួយចំនួន។

តំណាង​ក្រុមហ៊ុន យាន ឆ័ង ប្រចាំ​កម្ពុជា​លោក ផូ ប៊ី​ល​សម្បត្តិ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការសាងសង់​អាគារ​នេះ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៨ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឌី​សាញ​រូបរាង​អាគារ និង​គ្រឿង​បង្គុំ​របស់​អាគារ​ដ៏​ធំ​នេះ​ឡើងវិញ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនឃើញ​មាន​សកម្មភាព​សាងសង់​នោះទេ។ លោក​បន្តថា ដោយសារ​វា​ជា​អាគារ​ខ្ពស់ ទើប​ក្រុមហ៊ុន​បាននិងកំពុង​គិតគូរ យ៉ាង​យកចិត្តទុកដាក់​ពី​មូលដ្ឋានគ្រឹះ និង​គ្រឿង​បង្គុំ​របស់​អាគារ​នេះ​ដោយ​ម៉ត់ចត់​បំផុត ដើម្បី​បញ្ចៀស​ហានិភ័យផ្សេង។

លោក​បន្តថា “ការសាងសង់​អាគារ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ និង​ចំណាយ​រយៈពេល​សាងសង់៤ទៅ៥ឆ្នាំ ដូច្នេះ យើង​រំពឹងថា​ឆ្នាំ២០២៣ ឬ២០២៤ទើប​អាគារ​នេះ​អាច​ដំណើរការបាន” ។ លោក​បន្តថា “អាគារ​នេះ​នឹង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប អា​ផាត​ម៉ិ​ន ខុន​ដូ សណ្ឋាគារ និង​ការិយាល័យ​ជាដើម” ។

ទីតាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម GLORY កំពស់៧៨ជាន់​នេះ ស្ថិត​នៅជាប់​អាគារ The Bridge ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម លោក​បណ្ឌិត វ៉ាន់ វ៉ាត​បាន​ថ្លែងថា កម្ពុ​ជាមាន​បទបញ្ញត្តិ​ស្តីពី ការកំណត់​កំពស់​អាគារ​រួចហើយ ដូច្នេះ​ប្រសិនជា​យើង​អនុវត្តន៍​ច្បាប់​បញ្ញត្តិ​ដែលមាន​បានល្អ វា​មិន​ត្រឹមតែ​ជួយ​ការពារ​បាន​នូវ​បេ​តិក​ភ័​ណ្ឌ​ក្នុង​ទីក្រុង​នោះទេ តែ​វា​នឹង​រក្សាបាន​នូវ​ទេសភាព សោភ័ណភាព និង​កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ។លោក​បន្តថា តាម​ធម្មតា​ការសាងសង់​អាគារ​ខ្ពស់​បែបនេះ ក្រុមហ៊ុន​បាន​សិក្សា​ពីបទ    ដ្ឋា​នប​ច្ចេកទេស​អស់ហើយ។លោក​បន្តថា ចំណែក​ក្រសួង​ជំនាញ​គ្រាន់តែ​ជា​អ្នក ពិនិត្យ​លើ​បទដ្ឋាន​សំណង់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ក្រុមហ៊ុន​គោរព​បាន​តាម​គោល​ការ ណ៍​ស្នើសុំ​ឬ​អត់​ប៉ុណ្ណោះ។

លោក​បន្តថា “ការ​មាន​អាគារខ្ពស់ៗបែបនេះ វា​ជា​មោទនភាព​ជាតិ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​នោះទេ តែ​វា​ក៏​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ផងដែរ” ។

យ៉ាងណាក៏ដោយ គេហទំព័រ Cambodiafinancialtimes.com នឹង​ផ្សព្វផ្សាយ​ជូន​នូវ​បច្ចុប្បន្នភាព​ព៌​ត​មាន​បន្ថែមទៀត ពេល​អាគារ​នេះ​ចាប់ផ្តើម​សាងសង់៕

អ្នកជំនាញ​ណែនាំ​ដល់​អ្នក​មា​នចំ​ណូ​ល​ទាប​គួរ​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ ៥០ភាគរយនៃ​ប្រាក់ចំណូល

ដោយ វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បាន​ណែនាំ​ដល់​អ្នក ដែលមាន​ចំណូល​ទាប ហើយ​មានបំណង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​លក់​បន្ត​សម្រាប់​យក​ផលចំណេញ គួរ​ទិញ​នៅក្នុង​តម្លៃ ៥០ភាគរយ​នៃ​ចំណូល​របស់ខ្លួន ដើម្បី​បង្ការ​ហានិភ័យ​ដែល​កើតឡើង​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ។

លោក​ឡុង​គឹម សួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance  បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី៣ កញ្ញា​កន្លងមក​ថា នាពេល​បច្ចុប្បន្ននេះ មាន​មនុស្ស​មួយចំនួន​បាន​ប្រឡូក​ចូល នៅក្នុង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយបាន​ទិញ​ប្រភេទ​អចលនទ្រព្យ ដែលមាន​តម្លៃ​លើសពី​ចំណូល​របស់ខ្លួន ដែល​បង្ករ​ឱ្យមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

លោក​បន្តថា “ការទិញ​អចលនទ្រព្យ​ដោយ​មិន​បានដឹង ពី​គោលបំណង​ច្បាស់លាស់ ដោយ​ចេះតែ​ទិញ​តាម​គ្នា និង​តាម​ការអូសទាញ​ពី​ឈ្មួញ​ជាដើម ក៏មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ” ។ លោក​បន្តថា “បើ​ទិញ​អចលនទ្រព្យ​សម្រាប់​វិនិយោគ​បន្ត​យក​ផលចំណេញ គួរ​ទិញ​តំបន់​ណា​ដែលមាន​ការអភិវឌ្ឍន៍ និង​ចាប់ផ្តើម​អភិវឌ្ឍន៍ ទើប​ទទួលបាន​ចំណេញ​ខ្ពស់ ហើយ​បើ​ទិញ​នៅ​តំបន់​ឆ្ងាយ ឬ​តំបន់​ដែល​ត្រៀម​អភិវឌ្ឍន៍”វា​នឹង​ចំណាយពេល​យូរ ដែល​នឹង​ធ្វើឱ្យ​កប់​នូវ​ចំណូល​របស់ខ្លួន និង​ហា​ភ័យ​ខ្ពស់ ខណៈដែល​ខ្លួន​មាន​ចំណូល​ទាប តែ​សម្រាប់​អ្នក​ដែលមាន​ចំណូល​ខ្ពស់ មិនមាន​បញ្ហា​អ្វី​នោះទេ” ។

លោក​ឡុង គឹមសួគ៌​បាន​បន្ថែមថា ចំណុច​មួយទៀត​ដែល​សំខាន់​អ្នកវិនិយោគ​មុននឹង​ស​ម្រេ​ចិត្ត​ទិញ​អចលនទ្រព្យ​វិនិយោគ​បន្ត គួរ​គិតពី​ចំណូល​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​សិន  តើ​ចំណូល​របស់ខ្លួន​មាន​ភាពរឹងមាំ​ដែរឬទេ ? អ្នកខ្លះ​មាន​ចំណូល​មិន​រឹងមាំ​ទេ ពោលគឺ​បាន​មួយឆាវៗ ហើយ​វា​បាត់បង់​ទៅវិញ។

លោក​ពន្យល់ថា “កុំ​ទិញ​អចលនទ្រព្យ ដែល​លើសពី​សមត្ថភាព​ខ្លួន (អ្នកខ្លះ​ប្រាក់ខែ៥០០ ដុល្លារ តែ​ទិញ​អស់ ៤០០ដុល្លារ សល់​តែ ១០០ដុល្លារ) នេះ គឺមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការចំណាយ​លើ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ក្នុងការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​ចំពោះ​អ្នក​ដែលមាន​ធនធាន​តិចតួច គួរ​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ៥០ភាគរយ នៃ​ចំណូល​របស់ខ្លួន ទើប​មិនមាន​ហានិភ័យ​ដល់​ជីវភាព​ប្រចាំថ្ងៃ” ៕