ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានណែនាំដល់អ្នក ដែលមានចំណូលទាប ហើយមានបំណងវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា សម្រាប់លក់បន្តសម្រាប់យកផលចំណេញ គួរទិញនៅក្នុងតម្លៃ ៥០ភាគរយនៃចំណូលរបស់ខ្លួន ដើម្បីបង្ការហានិភ័យដែលកើតឡើងចំពោះជីវភាពប្រចាំថ្ងៃ។
លោកឡុងគឹម សួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣ កញ្ញាកន្លងមកថា នាពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនបានប្រឡូកចូល នៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយបានទិញប្រភេទអចលនទ្រព្យ ដែលមានតម្លៃលើសពីចំណូលរបស់ខ្លួន ដែលបង្ករឱ្យមានហានិភ័យខ្ពស់សម្រាប់ជីវភាពប្រចាំថ្ងៃ។
លោកបន្តថា “ការទិញអចលនទ្រព្យដោយមិនបានដឹង ពីគោលបំណងច្បាស់លាស់ ដោយចេះតែទិញតាមគ្នា និងតាមការអូសទាញពីឈ្មួញជាដើម ក៏មានហានិភ័យខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃផងដែរ” ។ លោកបន្តថា “បើទិញអចលនទ្រព្យសម្រាប់វិនិយោគបន្តយកផលចំណេញ គួរទិញតំបន់ណាដែលមានការអភិវឌ្ឍន៍ និងចាប់ផ្តើមអភិវឌ្ឍន៍ ទើបទទួលបានចំណេញខ្ពស់ ហើយបើទិញនៅតំបន់ឆ្ងាយ ឬតំបន់ដែលត្រៀមអភិវឌ្ឍន៍”វានឹងចំណាយពេលយូរ ដែលនឹងធ្វើឱ្យកប់នូវចំណូលរបស់ខ្លួន និងហាភ័យខ្ពស់ ខណៈដែលខ្លួនមានចំណូលទាប តែសម្រាប់អ្នកដែលមានចំណូលខ្ពស់ មិនមានបញ្ហាអ្វីនោះទេ” ។
លោកឡុង គឹមសួគ៌បានបន្ថែមថា ចំណុចមួយទៀតដែលសំខាន់អ្នកវិនិយោគមុននឹងសម្រេចិត្តទិញអចលនទ្រព្យវិនិយោគបន្ត គួរគិតពីចំណូលរបស់ខ្លួនឱ្យបានច្បាស់លាស់សិន តើចំណូលរបស់ខ្លួនមានភាពរឹងមាំដែរឬទេ ? អ្នកខ្លះមានចំណូលមិនរឹងមាំទេ ពោលគឺបានមួយឆាវៗ ហើយវាបាត់បង់ទៅវិញ។
លោកពន្យល់ថា “កុំទិញអចលនទ្រព្យ ដែលលើសពីសមត្ថភាពខ្លួន (អ្នកខ្លះប្រាក់ខែ៥០០ ដុល្លារ តែទិញអស់ ៤០០ដុល្លារ សល់តែ ១០០ដុល្លារ) នេះ គឺមានហានិភ័យខ្ពស់ ចំពោះការចំណាយលើជីវភាពប្រចាំថ្ងៃ ដោយក្នុងការវិយោគលើវិស័យអចលនទ្រព្យចំពោះអ្នកដែលមានធនធានតិចតួច គួរទិញអចលនទ្រព្យក្នុងតម្លៃ៥០ភាគរយ នៃចំណូលរបស់ខ្លួន ទើបមិនមានហានិភ័យដល់ជីវភាពប្រចាំថ្ងៃ” ៕