រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាម៉ោក១៥ហិកតាផ្តល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ទីស្ដីការថ្មី

0

ដោយៈ រ៉ាណេត

  ភ្នំពេញៈរាជរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃដីបឹងតាម៉ោកស្ថិតម្ដុំ (កប់ស្រូវ) ចំនួន១៥ហិកតា ចេញពីអនុក្រឹត្យប្រគល់ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្ដីការក្រសួងថ្មី នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ដើម្បីបង្កភាពងាយស្រួលដល់ការបម្រើការងារ និងបើកកិច្ចប្រជុំនានា។

ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទសព្វថ្ងៃដែលមានទីតាំងតូចចង្អៀតស្ថិតនៅជាប់ទីស្តីការគណៈរដ្ឋមន្ត្រីមានផ្លូវតូចចង្អៀតខ្វះទីចំណតយានយន្តនិងបង្កមានការកកស្ទះរាល់ថ្ងៃនោះរដ្ឋាភិបាលបានសម្រេចផ្តល់ផ្ទៃដីបឹងតាមោកទំហំជាង១៥ហិកតាសម្រាប់សាងសង់អគារទីស្តីការថ្មីស្ថិនៅតាមបណ្តោតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០  ជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុករណីសំណើសុំ គោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តី ការក្រសួងអភិវឌ្ឍន៍។

សេចក្តីជូនដំណឹងបានសរសេរយោងលិខិតលេខៈ ០៤០.២០ លស.គ ចុះថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត៤៤៤ ខន ០២០ សជណ ចុះថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី។ ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២០។

នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថា ដូចមានចែង និងយោងក្នុងកម្មវត្ថុខាងលើទីស្តី ការគណៈរដ្ឋមន្ត្រីសូម ជម្រាបឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍ដូចខាងក្រោមៈ កំណត់យកទីតាំងផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្ទៃដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី ការកែសម្រួល ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ស្ថិតនៅក្នុងរាជធានីភ្នំពេញរួចហើយកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០។ បឹងតាមោក ត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៣.២៣៩,៧ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here