ចំណេះដឹង! តើ​ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម​មាន​សារៈសំខាន់​ដូចម្ដេចខ្លះសម្រាប់​កម្មករ និយោជិត?

ដោយ ​វុត្ថា

ភ្នំពេញៈ ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម ជា​យន្ដការ​ដែលមាន​សារៈសំខាន់​បំផុត ហើយ​ត្រូវ​បានរៀបចំ គ្រប់គ្រង និង​ចាត់ចែង​ឡើង​ដោយ​រដ្ឋ ដើម្បី​ធានា​នូវ​សន្ដិសុខ​ប្រាក់ចំណូល នៅពេល​ជួប​ហានិភ័យ​សង្គម​នានា ដោយ​ទទួលបាន​តាវកាលិក​ជ​រា​ភាព តាវកាលិក​ទុព្វលភាព តាវកាលិក​មរណៈភាព តាវកាលិក​ហានិភ័យ​ការងារ តាវកាលិក​ថែទាំ​ព្យាបាល​វេជ្ជសាស្ដ្រ តាវកាលិក​ជម្ងឺ តាវកាលិក​គ្មាន​ការងារ​ធ្វើ និង​តាវកាលិក​គ្រួសារ។

របប​នេះ​ផ្ដោត​សំខាន់​ទៅលើ​របប​សន្ដិសុខ​សង្គម​ទាំង ០៥ផ្នែក​សំខាន់​មាន​ជាអាទិ៍៖

  • ផ្នែក​ប្រាក់​សោធន៖ នៅពេលដែល​ពួកគេ​ចាស់ជរា ឬ​ធ្លាក់​ក្នុង​ទុព្វលភាព ឬ​មរណៈភាព​របស់​មេ​គ្រួសារ ដែល​ត្រូវ​ទទួលបាន​ប្រាក់​សោធន​ជរាភាព  ឬ​ប្រាក់​សោធន​ទុព្វលភាព  ឬ​ប្រាក់​សោធន ចំពោះ​អ្នក​នៅក្នុង​បន្ទុក​មាន​ប្ដី ឬ​ប្រពន្ធ និង​កូន នៅក្នុង​បន្ទុក​ដែល​មិនទាន់មាន​លទ្ធភាព​រក​ប្រាក់ចំណូល។
  • ធានារ៉ាប់រង​ហានិភ័យ​ការងា​រៈ នៅពេលដែល​ពួកគេ​មាន​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ ឬ​ពេលធ្វើ​ដំណើរ​ពី​លំនៅស្ថាន ឆ្ពោះទៅ​កន្លែងធ្វើការ​ឬ​វិល​មកវិញ ដោយ​គ្មាន​វាង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​មាន​ជម្ងឺ​វិជ្ជាជីវៈ ពួកគេ​ត្រូវ​ទទួលបាន​តាវកាលិក ដែល​កើតឡើង​ដោយ​គ្រោះថ្នាក់​ការងារ ឬ​ជម្ងឺ​វិជ្ជាជីវៈ​ដែល​ទាក់ទង​នឹង​ការងារ​នោះ។
  • របប​ថែទាំ​សុខភាព៖ នៅពេលដែល​ពួកគេ​មាន​ជម្ងឺ ឬ​គ្រោះថ្នាក់​ជាយថាហេតុ និង​ទទួលបាន​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ក្នុងឱកាស​សម្រាក​មាតុភាព។
  • របប​និកម្ម​វេលា៖ត្រូវ​ទទួល​អត្ថប្រយោជន៍​ពីរ​បប​នេះ នៅពេលដែល​ពួកគេ​ពុំមាន​ការងារ​ធ្វើ ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ក្នុងឱកាស​គ្មាន​ការងារ បណ្ដុះបណ្ដាល មុខជំនាញ​ថ្មី ឬ​ជួយ​ស្វែងរក​ការងារ​ធ្វើ។
  • របប​គ្រួសារ៖ របប​នេះ​ច្រើនតែ​អនុវត្តន៍ នៅពេលដែល​សេដ្ឋកិច្ច​រីកចម្រើន ហើយ​រដ្ឋ​លើកទឹកចិត្ត ជួយ​ផ្ដ​ត់​ផ្គង់​ដល់​គ្រួសារ​ណា​ដែលមាន​បន្ទុក​កូន​ច្រើន។ ការលើកទឹកចិត្ត​នេះ​ច្រើនតែ​អនុវត្តន៍ នៅលើ​ប្រទេស​ជឿនលឿន​ដែល​ពុំ​ចង់​បានកូន​ច្រើន ក្នុង​គោលបំណង​ធានា​នូវ​ស្ថិរភាព និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​តាម រយៈ​កំណើនប្រជាជន​ស្របតាម​សូចនាករ​ប្រជារាស្ដ្រ៕

សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីមួយទៀតក្រោមទុនវិនិយោគជិត១០៨លានដុល្លារនឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ

ដោយ ៖ ប៊ី

ព្រះសីហនុ ៖ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ថ្មីមួយទៀតក្រោមទុនវិនិយោគជិត១០៨លានដុល្លារ នឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ។ នេះបើយោងតាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃនេះ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “YONG WANG (CAMBODIA) CO., LTD.” ក្នុងការសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា តាមផែនការ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៥-២០២៥ នឹងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង។
លោកបន្តថា “រដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់រដ្ឋបាល តំបន់ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍ ដែលនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងតំបន់អាស៊ាន (Green Toursm Zone in Asian) ពោលគឺវាមានលក្ខណៈប្រទាក់ក្រឡាគ្នា ដោយជាក់ស្តែងខេត្តព្រះសីហនុ កំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធស្រាប់តាមផែនការរបស់យើងក្នុងការជំរុញដល់ការអភិវឌ្ឍ។

លោកថ្លែងថា“យើងនឹងធ្វើឱ្យតំបន់នោះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅទូទាំងខេត្ត…ពីមុនមកយើងជ្រើសរើសតំបន់ ឧទាហរណ៍ថា តំបន់សេដ្ឋកិច្ចស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម ប៉ុន្តែឥឡូវអត់ទេ នៅទូទាំងខេត្តព្រះសីហនុ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់”។

លោក ហេង សុខគង់ បានបន្តទៀតថា “ដូច្នេះនៅពេលអ្នកវិនិយោគទៅដាក់ទុនវិយោគនៅកន្លែងណា ក៏ទទួលបាន QIP (Qualify Investment Project) ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាផងដែរ ក្នុងការនាំចូលវត្ថុធាតុដើម និងក្នុងការនាំចូលគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនជាដើមដោយរួចពន្ធ…និយាយជារួមក្នុងខេត្តមួយនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់”។

រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិស្សុត ធ្លាប់បានឱ្យដឹងថា ដើម្បីជួយឱ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។

លោកបន្ដថា “សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឱ្យខេត្ដព្រះសីហនុក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍”។

លោក វង្ស៊ី វិស្សុត ថ្លែងបន្តថា “យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឱ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាប៉ូលសេដ្ឋកិច្ចមួយដ៏ខ្លាំង ពោលជាតំបន់សេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា”។

លោករដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ៕

រដ្ឋបាលខេត្តកណ្តាលកំណត់យកភូមិចំនួន៥ សម្រាប់ធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ

ដោយ ៖ វុត្ថា

កណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំនួន៥ រួមមាន មានភូមិពាមតាឯក ភូមិព្រែកតាអុងទី១ ភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ ក្នុងឃុំពាមឧកញ៉ាអុង ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។


អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល លោក ទៀង កុស្យារៈ នៅថ្ងៃទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការចង្អុលបង្ហាញពីទីតាំងដី ព្រំដី ហើយត្រូវផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយដែលក្រុមការងារត្រូវការ ដើម្បីប្រមូលទិន្នន័យទាំងនោះឱ្យបានគ្រប់គ្រាន់ តាមនីតិវិធីដែលបានកំណត់ជៀសវាងកុំឱ្យកើតមាននូវកំហុសឆ្គងណាមួយក្នុងការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានលឿន។

លោកបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមួយមន្ត្រីជំនាញគឺសំខាន់ខ្លាំងណាស់ គឺបានជំរុញឱ្យក្រុមការងារធ្វើការបានឆាប់រហ័សតាមការគ្រោងទុក និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស។


លោក យី យ៉េន អភិបាលរងស្រុកល្វាឯម បានឱ្យដឹងដែរថា ប័ណ្ណកម្មសិទ្ធិដីធ្លីគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ពីព្រោះនៅពេលដែលបងប្អូនមានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ធ្វើឱ្យដីធ្លីរបស់ប្អូនមានតម្លៃថ្លៃ ងាយស្រួលក្នុងការទិញលក់ អាចដាក់បញ្ចាំនៅតាមធានាគារបានងាយស្រួលនៅពេលចាំបាច់ ពិសេសធ្វើឱ្យកាត់បន្ថយនូវទំនាស់ព្រំដី និងអាចការពារដីរបស់បងប្អូនពីការរំលោភយកដីធ្លីដោយខុសច្បាប់ផងដែរ។

លោកបាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងត្រូវយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរ និងក្រុមការងារមន្ត្រីជំនាញដើម្បីពន្លឿនក្នុងការវាស់វែង និងការប្រមូលទិន្នន័យនានា ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស និងត្រឹមត្រូវ។

លោកថា ដូច្នេះបងប្អូនត្រូវចូលរួមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹង ត្រូវសហការសម្រួលដល់អាជ្ញាធរ និងមន្ត្រីជំនាញ ចំពោះម្ចាស់ដីត្រូវនិយាយគ្នាឱ្យដាច់ស្រេចជាមួយនឹងព្រំដីរបស់អ្នកជិតខាង ត្រូវបោះបង្គោលឱ្យបានច្បាស់លាស់ ត្រូវចង្អុលបង្ហាញទីតាំងដីដោយផ្ទាល់ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីសម្រួលឱ្យក្រុមការងារអាចអនុវត្តការងារបានរលូន និងជោគជ័យ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕

រដ្ឋាភិបាល អនុម័តលើគម្រោងវិនិយោគចំនួន៥ មានទំហំទឹកប្រាក់សរុបជិត១៦៩លានដុល្លារ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោយភាពស្ងប់ស្ងាត់នៃការរាតត្បាតជំងឺឆ្លង Covid-19 រាជរដ្ឋាភបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើគម្រោងចំនួន ៥ផ្សេងគ្នា ដែលមានទុនជិត ១៦៩ លានដុល្លារ ស្ថិតនៅក្នុងក្រុងព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ លើវិស័យសណ្ឋាគារ រោងចក្រ សហគ្រាស ស្ថានីយផលិតអគ្គិសនី និងរោងចក្រផលិតបន្ទះសូឡា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដែលក្នុងនោះមានឈ្មោះដូចខាងក្រោម ៖

១-“YONG WANG (CAMBODIA) CO., LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។

២-“PROSPECT ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។
៣-“RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD.” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៥០,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- Campico Global Flooring Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

២- JL Cool Refrigeration Technology Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង៕

ការពង្រីក និងកែលំអគម្រោងប្រលានយន្តហោះខេត្តព្រះសីហនុបានបញ្ចប់

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ ក្រុមការងារអ្នកបច្ចេកទេសពង្រីក និងជួសជុលផ្លូវហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិក្នុងខេត្តព្រះសីហនុ កាលពីម្សិលមិញ បានប្រារព្វពិធីបញ្ចប់ការជួសជុលផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ ម៉ែត្រដែលសម្រេចមុនកាលកំណត់ជិត ១ខែកន្លះ។

តំណាងក្រុមហ៊ុន Cambodia Airport នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់គឺការងារដាក់តម្លើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។

តំណាងក្រុមហ៊ុនដដែលបានបន្តថា នៅពេលឆាប់ៗខាងមុខនេះ អាកាសយានដ្ឋាននឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ពីបណ្តាប្រទេសមួយចំនួនមកកាន់ពីខេត្តព្រះសីហនុ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Cambodia Airport បានឱ្យដឹងថា គម្រោងជួសជុលនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់នៅក្នុងពេលវេលាដ៏មមាញឹក បានចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។

ក្រុមហ៊ុន Cambodia Airport បានសម្តែងការអបអរសាទរដល់ក្រុមការងារទាំងអស់សម្រាប់សមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ និងសម្រេចបានដោយសុវត្ថិភាព ស្របតាមស្តង់ដារមានគុណភាពខ្ពស់ និងមិនមានការរំខានដល់ប្រតិបត្តិការ។

ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airport ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរ និងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសសម្រាប់ការសម្របសម្រួលយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុតក្នុងរយៈពេលជិត ២ ឆ្នាំនៃគម្រោងនេះ៕

២សប្ដាហ៍នៃខែឧសភា ចលនាទេសចរក្នុងស្រុកកើនជិត៥០ភាគរយ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោយភាពស្ងប់ស្ងាត់នៃវិបត្តិជំងឺឆ្លងនៅកម្ពុជា ចរន្តទេសចរក្នុងស្រុកចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរឡើងវិញ ជាពិសេសនៅក្នុងរយៈពេល២សប្ដាហ៍នៃខែឧសភា ឆ្នាំ២០២០នេះ ចលនាភ្ញៀវទេសចរនៅតាមតំបន់កម្សាន្តនានាក្នុងស្រុកមានការកើនឡើងជិត៥០ភាគរយ បើធៀបទៅនឹងរយៈពេល២សប្ដាហ៍ដូចគ្នាកាលពីខែមុន។

តាមរយៈរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះបានបង្ហាញថា ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ ចលនានៃភ្ញៀវទេសចរក្នុងស្រុកបន្តកើនឡើង ខណៈស្ដង់ដាពិសេសសម្រាប់អាជីវករទេសចរណ៍៥ប្រភេទ នឹងសម្រេចដាក់ចេញនៅចុងខែនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “សម្រាប់រយៈពេលចាប់ពីថ្ងៃទី៤
-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹង២សប្តាហ៍នៃចុងខែមេសាកន្លងមក”។

លោកបានបន្តទៀតថា “ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។ ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕

ក្រុមហ៊ុនធានារ៉ាប់រងឈានមុខរបស់ម៉ាឡេស៊ីត្រៀមឈានជើងចូលទីផ្សារកម្ពុជា

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រង Etiqa របស់ម៉ាឡេស៊ីបានពង្រីកអាជីវកម្មរបស់ខ្លួនដោយការឈានជើងចូលមកដល់ទីផ្សារប្រទេសកម្ពុជាបន្ទាប់ពីទទួលបានការយល់ព្រមដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនធានារ៉ាប់រង Etiqa បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនធានារ៉ាប់រង Etiqa General Insurance (Cambodia) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa Life Insurance (Cambodia) ហើយក្រុមហ៊ុនទាំង២កំពុងផ្តល់ការធានារ៉ាប់រងអគ្គីភ័យ (លក់រាយ និងពាណិជ្ជកម្ម) និងការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការផ្តល់ជូនពីក្រសួងនេះនឹងពង្រីកផលិតផលរបស់ខ្លួន ដូចជា ការអប់រំ វេជ្ជសាស្រ្ត ក៏ដូចជាការធានារ៉ាប់រងការធ្វើដំណើរ និងម៉ូតូនាពេលឆាប់ៗនេះ តាមរយៈសាខា២១ របស់ធនាគារមេយប៊ែងនៅទូទាំងប្រទេសកម្ពុជា។
លោក Kamaludin Ahmad នាយកប្រតិបត្តិក្រុមហ៊ុន Etiqa ធានារ៉ាប់រង បានមានប្រសាសន៍ថា “ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Etiqa ដើម្បីជ្រៀតចូលទីផ្សារប្រទេសនេះត្រូវបានជំរុញដោយសក្តានុពលដ៏ធំរបស់ខ្លួនសម្រាប់អាជីវកម្មធានារ៉ាប់រង ពីព្រោះប្រជាជនកម្ពុជាជិត ៩៧ ភាគរយមិនមានការធានារ៉ាប់រង”។

លោកបានឱ្យដឹងទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងឈានមុខគេរបស់អាស៊ាននៅប្រទេសសឹង្ហបូរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រុមហ៊ុន Etiqa មានគោលបំណងនាំយកដំណោះស្រាយធានារ៉ាប់រង “លឿន និងងាយស្រួល” ដល់ប្រជាជនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញផលិតផល ដាក់ស្នើ ទទួលការទាមទារ ក៏ដូចជាដើម្បីទទួលបានជំនួយ។
លោក Kamaludin បានថ្លែងថា “យើងក៏មានបំណងក្លាយជាអ្នកដំបូងគេនៅក្នុងប្រទេស ដែលផ្តល់ជូននូវផលិតផលធានារ៉ាប់រងតាមអុីនធឺណេត ផងដែរ”៕

រដ្ឋបាលខេត្តព្រះសីហនុកំពុងឈូសឆាយរៀបចំឆ្នេរសមុទ្រថ្មីមួយទៀតជាតំបន់ទេសចរណ៍

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ តាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងឈូសឆាយរៀបចំឆ្នេរសមុទ្រថ្មីដែលត្រូវបានប្រសិទ្ធិនាម « ឆ្នេរជំទាវម៉ៅ » ប្រវែងប្រមាណ ២៧០០ម៉ែត្រជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយទៀត សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងសារធារណៈ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០នេះថា រដ្ឋបាលខេត្ត បាន និងកំពុងសម្អាត និងកែលម្អសោភ័ណភាព « ឆ្នេរជំទាវម៉ៅ » នេះ ដោយឈូសឆាយកំប៉ូតព្រៃ និងកំទេចកំទីកាកសំណល់នានា ជាពិសេស យកដើមអាកាស្យាចេញ ដើម្បីរៀបចំឆ្នេរខ្សាច់ឱ្យទៅជាលំហរសាធារណៈបម្រើដល់វិស័យទេសចរណ៍ ។

លោកបន្តថា “ស្ថាប័នដែលមានភារកិច្ចក្នុងការអភិវឌ្ឍតំបន់ឆ្នេរថ្មីមួយនេះ គឺរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់ដោយមិនមានការចូលរួមពិវិស័យឯកជននោះទេ ។ ជាមួយគ្នានេះនៅពេលរៀបចំរួចរាល់ យើងរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តកាន់តែច្រើន និងដោយសេរី”។

លោកបានបញ្ជាក់ប្រាប់ឱ្យដឹងថា ការអភិវឌ្ឍ និងរៀបចំតំបន់ « ឆ្នេរជំទាវម៉ៅ » រួមផ្សំជាមួយនឹងការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ និងផ្លូវរណបក្រុងផ្សេងទៀតនៅក្នុងខេត្ត នឹងធ្វើឱ្យខេត្តព្រះសីហនុកាន់តែទាក់ទាញលើការវិនិយោគ និងទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានឱ្យដឹងថា ទីតាំងឆ្នេរដែលបានរៀបចំថ្មីនេះត្រូវបានប្រសិទ្ធិនាមថា ” ឆ្នេរជំទាវម៉ៅ ” មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបន្តថា “« ឆ្នេរជំទាវម៉ៅ » នឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនាកម្សាន្ត និងលេងកម្សាន្តដោយសេរី ។ ពេលនេះនៅខេត្តព្រះសីហនុ យើងមានឆ្នេរថ្មីជាផ្លូវការបន្ថែមប្រវែង ២៧០០ម៉ែត្រទៀតហើយ ដោយកំពុងធ្វើការឈូសឆាយសម្អាតព្រៃនៅតាមដងផ្លូវ និងព្រៃនៅជាប់ឆ្នេរខ្សាច់សស្អាត និងមានថ្មដោយកន្លែងគួរជាទីគយគន់”។


លោកអភិបាលខេត្តបញ្ជាក់ថា ស្ថិតនៅក្នុងតំបន់ពយម៉ាចូវ ដែលពេលនេះគេហៅថាឆ្នេរលោកយាយជំទាវម៉ៅ ទើបសាងសង់ផ្លូវថ្មីទៅដល់(ផ្លូវថ្មីមួយក្នុងចំណោម៣៤ខ្សែ)។ ឆ្នេរនេះមិនធ្លាប់មានប្រជាពលរដ្ឋមកលេងជាសាធារណៈទេ ព្រោះជាដីកាន់កាប់ដោយឯកជនមិនទាន់បានធ្វើការអភិវឌ្ឍន៍។ ប៉ុន្តែ ពេលនេះវិស័យឯកជនបានយល់ព្រមប្រគល់ជូនរដ្ឋបាល ដើម្បីធ្វើការអភិវឌ្ឍតាមគម្រោងប្លង់របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាធ្វើឱ្យឆ្នេរសមុទ្រផ្លូវការនៅខេត្តព្រះសីហនុគិតត្រឹមឆ្នាំ២០២០ មានប្រវែងសរុប ១០៨០០ម៉ែត្រកំពុងត្រូវបានរៀបចំជាឆ្នេរសាធារណៈជាបន្តបន្ទាប់៕

អាជ្ញាធរកោះកុងចុះដោះស្រាយផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីពន្លឿនការសាងសង់

ដោយវុត្ថា

ភ្នំពេញ៖ អាជ្ញាធរខេត្តកោះកុងបានចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី ដែលទទួលរងផលប៉ះពាល់ ពីគម្រោងសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីពន្លឿនការសាងសង់ឱ្យចប់ស្របទៅតាមផែនការ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងពិធីដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញននេះឱ្យដឹងថា គម្រោងល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឆ្លងកាត់ខេត្តកោះកុង មួយចំនួន ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ម្ចាស់ដីខ្លះ។

លោកបន្តថា ក្រុមការងារថ្នាក់ខេត្ត ស្រុក បានកំពុងសម្របសម្រួល ជាមួយអ្នកពាក់ព័ន្ធ និងគម្រោងធ្វើយ៉ាងណាអោយគម្រោងសម្រេចបានជោគជ័យស្របតាមផែនការមេ និងទទួលបានសមិទ្ធផលថ្មី ដែលបម្រើប្រយោជន៍ជាតិទាំងមូល។

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway )ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានការសាងសងប្រមាណ ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក៕

កម្ពុជា និង​មី​យ៉ាន់​ម៉ា​រំពឹង​ចាប់យក​ទីផ្សារ​ទេសចរ​ចិន​ឡើងវិញ បន្ទាប​ជំងឺរាតត្បាត​ធូរស្រាល

ដោយ ប៊ី

ភ្នំពេញៈ អាជ្ញាធរ​ទេសចរណ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​ការចាប់យក​ទីផ្សារ​ចិន​ឡើងវិញ នៅពេល​មានការ​បើក​ឱ្យមាន​ការធ្វើដំណើរ​ដំណើរការ។

នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​មេគង្គ (MeTAG) លោក Hla Myint ប្រធាន​មន្ទីរ​ផ្សព្វផ្សាយ​នៃ​ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​ប្រទេស​មី​យ៉ាន់​ម៉ា បាន​និយាយថា ក្រសួង​បាន​បើក​ការប្រជុំ​ជាក់ស្តែង ជាមួយ​តំណាង​ប្រតិបត្តិ​ករ​ទេសចរណ៍​ចិន​មួយចំនួន​នៅ​សប្តាហ៍​នេះ។

លោក​បាន​បញ្ជាក់ថា “ការ​សង្កត់ធ្ងន់​ជាបន្ទាន់ គឺ​ការជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុងស្រុក ប៉ុន្តែ​យើង​ក៏ត្រូវ​គិត​ផងដែរ នៅពេល​យើង​បើកទ្វារ​ទទួលភ្ញៀវ​អន្តរជាតិ…យើង​កំពុង​ត្រៀម​ទទួល​អ្នកទេសចរ​ចិន បន្ទាប់ពី​ជំងឺ​រាតត្បាត​ធូរស្រាល” ។

នៅ​ឆ្នាំ២០១៩ ចិន​បាន​ជំរុញ​វិ​កំនើន​ស័​យ​ទេសចរណ៍​របស់​មី​យ៉ាន់​ម៉ា។ ចំនួន​អ្នកទេសចរ​សរុប៣៤៤.២៦៨ នាក់​បាន​កើនឡើង៧៥ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ទីផ្សា​ទេសចរណ៍​លំដាប់​លេខ​មួយ​របស់​មី​យ៉ាន់​ម៉ា។

ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ក៏​សង្ឃឹម លើ​ប្រទេស​ចិន​ក្នុងការ​ឈានទៅរក​ការ​ងើប​ឡើងវិញ​របស់ខ្លួន​ផងដែរ។

លោក​តុ​ប សុ​ភ័​ក្រ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង បាន​មានប្រសាសន៍ថា កម្ពុជា​នឹង​បន្ត​លើកកម្ពស់​យុទ្ធសាស្ត្រ “ China Ready” របស់ខ្លួន​ដែលជា​ផែនការ​រយៈពេល៥ឆ្នាំ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យបាន​កាន់តែច្រើន។លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ទេសចរណ៍​នៅក្នុង​ប្រទេស កំពុង​រៀបចំ​កញ្ចប់​ដំណើរ​ទេសចរណ៍​ថ្មី​ជាច្រើន ដែល​ផ្តោតលើ​ទេសចរ​ចិន បន្ទាប់ពី​ឆ្លង​ផុតពី​ជំងឺ​រាតត្បាត។

ចាប់តាំងពី​ឆ្នាំ២០១៧ មក​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍ ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន ដែលមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស។ ក្នុង​ឆ្នាំ២០១៩ ភ្ញៀវទេសចរ​ចិន​ជាង២លាន​នាក់ បានមក​ទស្សនា​ប្រទេស​កម្ពុជា ដែល​កើនឡើង១៦,៧ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

នៅក្នុង​សកម្មភាព​មួយ​ផ្សេងទៀត ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​បាន​លុបចោល​បំរាម​ការធ្វើដំណើរ ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា លើ​ប្រទេស​ចំនួន៦ គឺ​អ៊ីរ៉ង់ អ៊ីតាលី បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក៕