ចំណេះដឹង! តើ​អ្នកវិនិយោគ​តាម​បណ្តា​ខេត្ត​ទទួលបាន​កិច្ច​គាំពារ​យ៉ាងដូចម្តេច?

ដោយៈ​វុត្ថា

ភ្នំពេញៈ យោងតាម​ការរីកចំរើន​របស់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់​មន្ទីរ និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវធ្វើ​ការងារ​ឱ្យ​សកម្ម ដោយ​ត្រូវ​ពង្រឹង នូវ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមានថ្មីៗ ដែល​ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម។

នៅក្នុង​គោលការណ៍​ដែល​បាន​ដាក់ចេញ និង​បាន​ជំរុញ​បន្ថែម​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់​ថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់ ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចុះ​ពង្រឹង​ការអនុវត្ត​ប្រកា​សលេខ០៨១ ពណ ចបព ប្រក ចុះ​ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្តីពី​ការគ្រប់គ្រង និង​ការចេញ​លិខិតអនុញ្ញាត​ប្រកប​អា​ជីក​ម្ម សេវាកម្ម ពាណិជ្ជកម្ម សេចក្តីណែនាំ​ស្តីពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ។

– ត្រូវ​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម លោហៈធាតុ​ត្បូងថ្ម មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ និង​ជាពិសេស​ប្រកាស​អន្តរក្រសួង លេខ២៥៧ ពណ ចបព ប្រក ចុះ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ស្តីពី ការប្រើប្រាស់​នាម​ករ​ណ៍​សហគ្រាស ក្រុមហ៊ុន នៅលើ​លិខិត​ឯកសារ ស្លាក​សញ្ញា​សម្រាប់​តាំង​បង្ហាញ ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍។

ការអនុវត្ត​ទាំងនេះ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ លើ​សកម្មភាព​អសកម្ម​របស់​អា​ជីករ និង​ជា​មុខមាត់​របស់​ប្រទេសជាតិ​លើ​ករណី​មួយចំនួន ដូចជា​ការលើក​ផ្លាក​យីហោ​ភោជនីយដ្ឋាន ស្ថានីយ៍​ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​កំសាន្ត និង​ទីតាំងផ្សេងៗទៀត ដែលមាន​លក្ខណៈ​មិន​សមស្រប តាម​លក្ខណៈ​ប​ចេ្ច​ក​ទេស ។ល។ កុំ​ចាំបាច់​តែ​ក្រុមការងារ​ពង្រឹង​មន្ទីរ​ចុះមក​ធ្វើ​ទេ ត្រូវ​ចេះ​ម្ចាស់ការ​ដោយ​ខ្លួនឯង។

– សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវធ្វើ​ការត្រួតពិនិត្យ​ដោយ​អនុលោម​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ២១ អនក្រ.បក ចុះ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ឱ្យមាន​ប្រសិទ្ធភាព ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ។

– មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង។

– មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​ការប្រកប​អាជីវកម្ម​ដែល​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម ឬ​ស្ថាប័ន​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ឈ្មោះ និង​ស្លាក​សញ្ញា​ស្រដៀង​គ្នា នាំអោយមាន​ការយល់ច្រឡំ។

– មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​ណ៍​ជាមួយ​អាជ្ញាធរខេត្ត លើ​អនុវត្ត​ការងារ​វិម ជ្ឈការ និង​វិសហមជ្ឈការ ដែលថ្មីៗនេះ​រាជរដ្ឋាភិបាល​បានចេញ​សេចក្តី សម្រេច​កាត់​មន្ត្រី​ថ្នាក់ស្រុក របស់​គ្រប់​មន្ទីរ ក្រសួង ស្ថាប័ន​ទាំងអស់ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏មាន​មុខងារ​មួយចំនួន បាន​ផ្ទេរ​ទៅឱ្យ​ថ្នាក់ស្រុក​សម្រាប់​អនុវត្ត​ផងដែរ តាមរយៈ​អនុក្រឹត្យ​លេខ១៨២ អនក្រ.បក ចុះ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង និង​អនុក្រឹត្យ​លេខ១៨៤ អនក្រ.បក ចុះ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុក៕

វិភាគៈតើចិនត្រលប់មកកម្ពុជាវិញឬទេ ខណៈគំរោងខ្សែក្រវ៉ាត់និងផ្លូវឆ្ពោះមកតំបន់អាស៊ីត្រូវបានដកចេញពីបញ្ជីរអាទិភាព

ដោយ យិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកPropertyarea

ភ្នំពេញៈ សករាជអាស៊ីនឹងប្រែព៌ណមែនទេ ខណៈមហាយក្សចិនបានផ្លាស់ប្តូរយុទ្ឋសាស្រ្តរបស់ខ្លួន ជាមួយការដាក់ចេញសករាជថ្មី ជាអ្វីដែលប្រទេសចិនបាននិងកំពុង   ផ្តោតលើការកសាងសុខដុមនីយកម្មរបស់ខ្លួនជាអាទិភាព។

ព្រះអាទិត្យចិនហាក់ប្រែព៌ណ ខណៈមហាយក្សនេះ ទទួលរងសម្ភាធជាច្រើនពីមិត្តក្នុងភាពជាសត្រូវរបស់ខ្លួន(សហរដ្ឋអាមេរិក) ហេតុនេះការផ្លាស់ប្តូរយុទ្ឋសាស្រ្ត និងគោលនយោបាយរបស់ខ្លួន បានដាក់ចេញដោយប្រុងប្រយ័ត្នជាងមុន។

ខ្យល់ប្តូរទិស

មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោនបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្សដែលធ្លាប់ដេកលក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើយប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេសដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះវិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួនក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពីការ ពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ សករាជថ្មីនិងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព

ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ ដូចរឿងមួយពាន់មួយយប់អញ្ចឹង ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង)ឡើងវិញ។ ការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

ៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភាក្សាយអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងប្រឈមនឹង ស្ថានភាពថ្មី ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី សុបិនចិន China Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ សករាជថ្មី

ភូមិសាស្រ្តនយោបាយ

ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណាចលេខ១ ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។

ទី៤ ចិនត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។ ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា មិត្តដែកថែបដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោលនយោបាយរបស់ខ្លួនផង។

មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?

វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំ ហើយភាពសំអប់ចិន ទំនងជារសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺCovid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ ប្រទេសពីរវាសនាតែមួយ បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ ជប់ ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ

ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។

ហេតុអី? ចម្លើយទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជាជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១១(រាប់ទាំងប្រទេសទីម័រឡេស្ត) ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជាខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការណ៍​របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុងប្រទាញប្រទង់ យកឥទ្ឋិពលពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំបន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិនលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍រួចទៅបាន ទា​ល់តែប្រទេសសមាជិកទាំងអស់ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជាជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារកម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមានគោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្តឲ្យប្រទេសនេះ សម្រេចមហិច្ឆតារបស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ

បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ  ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះមិនអាចឈរជើងក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះបាននាំផលប្រយោជន៍ ដ៏មហាសាលសំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាពនា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិនរបស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា កម្ពុជាជាមិត្តស្លាប់រស់របស់ចិន ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេជោជា បុរសង្ហារជាងគេក្នុងលោក ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរនូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នាក្នុងសាច់ភ្លេងតែមួយ៕

បុរី អូរ៉ូរ៉ា ស៊ីធី គម្រោងផ្លូវជាតិលេខ៥១ បើកការដ្ឋានបុកគ្រឹះសាងសង់ និងមានប្រូម៉ូសិនពិសេសជូនអតិថិជន

ដោយ ហ្សូលី

កំពង់ស្ពឺ៖ ក្រោយពីទទួលបានជោគជ័យនៅលើគម្រោងទី ១ ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរួចមក បុរី អូរ៉ូរ៉ាស៊ីធី បានចាប់ផ្តើមបុកគ្រឹះសាងសង់នូវគម្រោងទី ២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០នេះ។

បុរី អូរ៉ូរ៉ា ស៊ីធី គម្រោងផ្លូវជាតិលេខ ៥១នេះ មានអតិថិជនជាច្រើនទន្ទឹងរង់ចាំថ្ងៃបុកគ្រឹះ និងមួយថ្ងៃៗអតិថិជនចុះសាកសួរព័ត៌មានលម្អិតពីបុរី ជាបន្តបន្ទាប់។ កត្តាដែលធ្វើឱ្យគម្រោងផ្លូវ ៥១នេះមានភាពលេចធ្លោ ដោយសារកត្តាមួយចំនួនដូចជា ទីតាំងភូមិសាស្រ្តស្ថិតនៅជាប់ផ្លូវជាតិលេខ ៥១ តែម្តង និងមានរោងចក្រខ្នាតធំនៅជាប់ពីក្រោយគម្រោង។ មានផ្លូវខ្វែងខ្វាត់ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ជាទីប្រជុំជន ហ៊ុមព័ទ្ធទៅដោយកន្លែងអភិវឌ្ឍធំៗដូចជា រោងចក្រ សហគ្រាស ឃ្លាំងជាដើម។

មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តទៀតសោតក៏មានការអភិវឌ្ឍ ប្រកបដោយនិរន្តភាព និងវឌ្ឍនភាព។ លោកអ្នកអាចរស់នៅក៏បាន ប្រកបអាជីវកម្មតូចធំបានគ្រប់ប្រភេទ ឬទិញទុកយកផលចំណេញក៏បាន ព្រោះថាតំបន់នេះនឹងមានការអភិវឌ្ឍច្រើនបន្តទៀត ស្របតាមការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា។

បុរី អូរ៉ូរ៉ា ទទួលបានការកោតសរសើរនិងទទួលបានប្រជាប្រិយភាពពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាពសំណង់រឹងមាំ ប្លង់សេក្រាស់ មិនជ្រាបទឹក មិនបារម្ភរឿងខូចខាតនៅថ្ងៃអនាគត សាងសង់មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្របតាមរចនាបថការរស់នៅរបស់ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃថ្ងៃបើកការដ្ឋានបុកគ្រឹះសាងសង់គម្រោងផ្លូវជាតិលេខ ៥១ នេះ បុរី អូរ៉ូរ៉ាស៊ីធី បានរៀបចំប្រូម៉ូសិនពិសេសផ្តល់ជូនអតិថិជនដែលមានបំណងចង់ជាវគេហដ្ឋានប្រកបអាជីវកម្ម និងរស់នៅ ដោយគ្រាន់តែលោកអ្នកធ្វើការជាវផ្ទះ នោះនឹងទទួលបានកញ្ចប់ប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ ៣០០០ដុល្លារ ព្រមជាមួយការថែមជូន ម៉ូតូ Honda Dream 2020 សេរ៊ីថ្មីមួយគ្រឿង។ ប្រូម៉ូសិនពិសេសនេះមានត្រឹមចុងខែឧសភានេះប៉ុណ្ណោះ។

លោកអ្នកអាចធ្វើការអញ្ជើញទៅដល់ការដ្ឋានផ្ទាល់ដែលមានអាសយដ្ឋាននៅលើ ផ្លូវជាតិលេខ 51 ភូមិក្បាលអូរ ឃុំព្រះស្រៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ Google Maps: https://www.google.com/maps/dir/11.8220421,104.7502404/11.7678929,104.7393732/@11.7665203,104.7378086,723m/data=!3m1!1e3!4m2!4m1!3e0 ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 017 222 055 / 017 222 069 / 017 222 071 / 017 222 072 / 093 553 855៕

ចិនបានបញ្ចេញកញ្ចប់ថវិកា ៥០០ ពាន់លានដុល្លារដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន

ដោយ ៖ ប៊ី

អន្តរជាតិ ៖ ចិនបានសន្យាកាលពីថ្ងៃសុក្រថានឹងចាក់បញ្ចូលប្រាក់ចំនួន ៣,៦ ពាន់ពាន់លានយន់ ស្មើនឹងប្រមាណ ៥០០ ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ដែលជាវិធានការជំរុញបន្ថែមក្នុងការង្កើតការងារចំនួន ៩ លានកន្លែង និងឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។

នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បាននិយាយថា ប្រទេសចិននឹងមិនអាចកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ ដោយសារតែភាពមិនប្រាកដប្រជាដ៏ធំធេង ដែលបង្កឡើងដោយ Covid-19 និង “បរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក”។ ប៉ុន្តែលោកបានសន្យាថានឹងឆ្លើយតប ដែលមានលក្ខណៈខ្លាំងក្លាជាងមុន ចំពោះវិបត្តិនេះ ដែលប្រើប្រាស់មូលនិធិពីការខ្ចីប្រាក់របស់រដ្ឋាភិបាល។

នេះជាលើកទីមួយនៅក្នុងទសវត្ស ដែលប្រទេសចិនមិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានកំណត់ទិសដៅកំណើននៅក្នុងចន្លោះពី ៦ ទៅ ៦,៥ ភាគរយ។ ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៦,១ ភាគរយ ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំ។
ជំងឺរាតត្បាតរីករាលដាល និងការបិទទ្វារប្រទេសរយៈពេលជាច្រើនសប្តាហ៍នៅទូទាំងប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។

ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៦,៨ ភាគរយ នៅក្នុងត្រីមាសទីមួយ ជាការធ្លាក់ចុះដំបូង ដែលទីក្រុងប៉េកាំងបានកត់ត្រាចាប់តាំងពីឆ្នាំ ១៩៧៦៕ CNN

ជំងឺ Covid-19 មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរនោះទេ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទោះបីជាបញ្ហាជំងឺ Covid-19 កើតមានឡើងនៅកម្ពុជា និងកំពុងរីករាលដាលជាសកលយ៉ាងណាក្តី ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងអភិរក្ស នៅតំបន់រមណីយដ្ឋានអង្គរដែរ ខណៈដែលអាជ្ញាធរអប្សរាកំពុងយកឱកាសនេះពង្រីកការអភិវឌ្ឍន៍។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានអះអាងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០នេះ ថា បច្ចុប្បន្ននេះ អាជ្ញាធរអប្សរាបានការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិស្ថានឱ្យមានទេសភាពពណ៌បៃតងនៅតំបន់បរិវេណប្រាសាទអង្គរវត្ដ កន្លែងបដិសណ្ឋារកិច្ចភ្ញៀវទេសចរ នៅខាងមុខអង្គរវត្ដ ក៏ដូចការអភិវឌ្ឍនៅកន្លែងផ្សេងក្នុងតំបន់ឧទ្យានអង្គរ ដែលបានសម្រេចលទ្ធផលប្រមាណ៥៧ភាគរយ ។

លោក យិត ចាន់ដារដ្ឋ បញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា នឹងបន្ដអភិវឌ្ឍន៍ និងកែលម្អហេដ្ឋាចរនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបរិវេណខាងមុខប្រាសាទអង្គរឱ្យក្លាយជាតំបន់ទេសភាពបៃតងគ្រប់រដូវកាល ដែលគម្រោងនេះនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០។

លោកបន្តថា បច្ចុប្បន្ននៅសល់ជាង៤០ភាគរយ ហើយសំណង់ផ្សេងៗ និងតូបលក់ដូរអាណាធិបតេយ្យនៅបរិវេណខាងមុខអង្គរវត្ដទាំងអស់ នឹងត្រូវរុះរើយកទៅដាក់នៅកន្លែងអគារបដិសណ្ឋារកិច្ច ដើម្បីយកទីតាំងនេះ រៀបចំឱ្យមានទេសភាពពណ៌បៃតង ក្នុងគោលបំណងទាក់ទាញអ្នទេសចរឱ្យមកទស្សនាប្រាសាទអង្គរ កាន់តែច្រើនឡើងនាពេលអនាគត ៕

អ្នកជំនាញ ព្រែកព្នៅនឹងប្រែមុខមាត់ជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ និងទាន់សម័យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ខណ្ឌព្រែកព្នៅ បានក្លាយតំបន់ដែលកំពុងមានសក្ដានុពល និងជាគោលដៅវិនិយោគពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានធំជាច្រើន ដែលនឹងប្រែមុខមាត់ខណ្ឌមួយនេះឱ្យកាន់តែមានភាពទាក់ទាញខណ្ឌសែនសុខនោះឡើយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ ខណ្ឌព្រែកព្នៅកំពុងតែមានភាពទាក់ទាញលើការវិនិយោគវិស័យដ្ឋានជាច្រើនតំបន់ ជាពិសេសនៅគៀកនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន លីយ៉ុងផាត់។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា “បន្តិចទៀតខណ្ឌព្រែកព្នៅលែងជាតំបន់ជាយក្រុងទៀតហើយ ដោយសារតែមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានប្លង់មេអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយនឹងគម្រោងវិនិយោគ អភិវឌ្ឍន៍ពីវិស័យឯកជនជាច្រើន ជាពិសេសការអភិវឌ្ឍទៅលើវិស័យលំនៅដ្ឋានបែបប្រណីត និងទំនើប ដែលមានតម្លៃថ្លៃ”។

លោកបានបន្តទៀតថា “តាមខ្ញុំដឹង ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបប្រណីតជាច្រើន ដូចជាក្រុមហ៊ុន ជីពម៉ុង ប៉េងហួត អ័រគីដេរវីឡា លីហួរ រួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអាគារពាណិជ្ជកម្មផងដែរ សុទ្ធតែមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់នៅតំបន់នេះ ដែលនឹងធ្វើឱ្យតំបន់ដែលស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ កាន់តែមានសក្ដានុពល និងប្រែមុខមាត់ទៅជាក្រុងថ្មីមួយទៀត ដែលប្រមូលផ្តុំទៅដោយលំនៅដ្ឋានបែបទំនើប”។ លោកបញ្ជាក់ទៀតថា “បច្ចុប្បន្នយើងឃើញមានដីទំនេរច្រើន ប៉ុន្តែដីទាំងនេះភាគច្រើនត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ធំទិញទុកវិនិយោគក្នុងរយៈពេលយូរ ហើយតម្លៃដីក៏ថ្លៃគួរដែរ”។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “ខណ្ឌព្រែកព្នៅកំពុងតែទទួលបានឥទ្ធិពលពីតំបន់អភិវឌ្ឍន៍ចំនួន២ ដែលស្ថិតនៅសងខាងខ្លួន ដោយមួយចំណែកទទួលឥទ្ឋិពលមកពីខណ្ឌសែនសុខ ហើយមួយចំណែកទៀតទទួលបានមកពីការអភិវឌ្ឍរបស់គម្រោងដ៏ធំរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ដែលធ្វើឱ្យអ្នកជំនួញផ្នែកអចលនទ្រព្យភាគច្រើនចាប់អារម្មណ៍ទៅធ្វើសកម្មភាពក្នុងខណ្ឌនេះ”។

លោកស្រីបានបន្តថា “ក្រៅពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន លីយ៉ុងផាត់ នៅមានពហុកីឡដ្ឋានមរតកតេជោ មហាវិថីធំៗតភ្ជាប់ទៅវិមានឈ្នះឈ្នះ ក៏ដូចជាផ្លូវខ្វាត់ខ្វែងជាច្រើនទៀតតភ្ជាប់ទៅខណ្ឌសែនសុខដែលជាកំពុងមានការអភិវឌ្ឍខ្លាំង។ ទាំងអស់នេះ គឺជាកត្តារុញច្រានឱ្យខណ្ឌព្រែកព្នៅក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់ក្រុមហ៊ុនធំៗ”។

ជាមួយនឹងភាពទាក់ទាញទៅលើការវិនិយោគជាច្រើនខាងលើនេះ បច្ចុប្បន្នគេឃើញមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីតជាច្រើនកំពុងបង្ហាញវត្តមាន រួមជាមួយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹក។ ជាក់ស្ដែងដូចជា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យ បុរី ខេស៊ី ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។

មន្ត្រីទំនាក់ទំនងផ្នែកលក់លំនៅដ្ឋានបុរី ខេស៊ី កញ្ញា ឡេង ម៉ាឡា បានប្រាប់ឱ្យដឹងថា ជាមួយនឹងភាពល្អប្រសើរនៃសក្ដានុពលនៃតំបន់ ដែលស្ថិតនៅកណ្តាលទីប្រជុំជននៃខណ្ឌព្រែកព្នៅ បុរី ខេស៊ី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ កញ្ញាបានបន្តទៀតថា “អ្វីដែលសំខាន់ និងជាចំណុចលេចធ្លោរជាងគេ គឺការផ្ដល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋានក្នុងបុរី ខេស៊ី ស្របច្បាប់ដោយលោកអ្នកគ្រាន់តែបង់ប្រាក់លើកដំបូងត្រឹមតែ ១០០០ដុល្លារតែប៉ុណ្ណោះ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ បន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍”។

បន្ថែមពីនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់បុរី ខេស៊ី ធ្វើឱ្យមានភាពទាក់ទាញខ្លាំង គឺស្ថិតនៅក្នុងតំបន់មានសក្ដានុពល អំណោយផលដល់ការរស់នៅប្រកបដោយផាសុកភាព ងាយស្រួលក្នុងការប្រកបអាជីវកម្ម ហ៊ុព័ទ្ធទៅដោយផ្សារសហគមន៍ សាលារៀនឯកជន និងសាលារដ្ឋ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្រសួង ស្ថាប័នរដ្ឋធំៗ គម្រោងអភិវឌ្ឍន៍ផ្សារទំនើប រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងងាយស្រួលចរាចរណ៍ ចេញ -ចូលក្រុង ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាប្រកបមុខរបរនានាប្រចាំថ្ងៃផងដែរ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១

អាគារ​ការិយាល័យ​កម្ពស់​ជាង១០០ម៉ែត្រ​ចំនួន ២បន្ថែមទៀត នឹង​ជួយ​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អាគារ​ដ៏​ទំនើប និង​ខ្ពស់​ស្កឹមស្កៃ​មាន​កម្ពស់​ជាង ១០០ម៉ែត្រ​ចំនួន២ ដែល​បម្រើ​មុខងារ​ជា​អាគារ​ការិយាល័យ គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេលឆាប់ៗខាងមុខនេះ នឹងចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ព្រមទាំង​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ។

អាគារ​ពាណិជ្ជកម្ម និង​ការិយាល័យ​ដ៏​ទំនើប ដែល​បាន​ចូលរួម​រួម​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចល​ទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន២ខាងលើនេះ រួមមាន​អាគារ Sathapana Tower ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​ឆ្នាំ២០២០នេះ និង​អាគារ Global Tech Exchange ដែល​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន​បឹងកក់។

ទី១ ៖ អាគារ Sathapana Tower ត្រូវបាន​សាងសង់ឡើង ដើម្បី​បម្រើ​មុខងារ​ជាទី​ស្នាក់ការ​កណ្តាល​រប​ស់​ធនាគារ​ស្ថាបនា រួម​នឹង​ការដាក់​បម្រើ​ដល់​វិស័យ​ការិយាល័យ​ផ្សេងទៀត (Office Spaces) មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ជិត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ អាគារ​មួយ​នេះ​មាន​កម្ពស់២២ជាន់ ស្មើនឹង១០៤ម៉ែត្រ និង​មាន​ផ្ទៃក្រឡា​សរុប​ចំនួន៣៣១៣៥ម៉ែត្រក្រឡា អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Maruhan Cambodia Corporation លើ​ទុនវិនិយោគ​ប្រមាណ៥២,៧លាន​ដុល្លារ ។

ទី២៖ គម្រោង Global Tech Exchange ដែលមាន៣អាគារ​ជាប់​គ្នា សាងសង់ឡើង ដើម្បី​បម្រើ​មុខងារ​ក្នុង​វិស័យ​ការិយាល័យ (Office Spaces) ស្ថិតនៅក្នុង​តំបន់​កំពុងអភិវឌ្ឍន៍​បឹងកក់ (PPCC) មាន​កម្ពស់២៩ជាន់ ស្មើនឹង​ជាង១០០ម៉ែត្រ អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន Kingsland Global Ltd ដែល​បច្ចុប្បន្ននេះ​កំពុង​សម្រុក​ការសាងសង់ ហើយ​គ្រោង​បញ្ចប់​ទាំងស្រុង នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ។ ជាមួយនឹង​ការបម្រើ​នៅក្នុង​វិស័យ​ការិយាល័យ គម្រោង​អាគារ​ដ៏​មហិមារ​មួយ​នេះ ក៏​នឹង​អនុញ្ញាតឱ្យ​មានការ​បម្រើ​លើ​សេវាកម្ម​ផ្នែក​ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ ធនាគារ គ្លីនិក រួមជាមួយ​នឹង​ផ្សារ​ទំនើប​សហគមន៍​ផងដែរ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា បើ​ពិនិត្យមើល​ជាក់ស្តែង បច្ចុប្បន្ននេះ កម្ពុជា​នៅ​មិនទាន់មាន​អគារ​ពាណិជ្ជកម្ម កម្រិត​ខ្ពស់​ច្រើន​ដូច​ទីផ្សារ​អន្តរជាតិ ដូច​នៅ​ប្រទេស​គេ​នោះទេ។

លោក Ken Lo បាន​មានប្រសាសន៍​ទៀតថា “ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ តែងតែ​ជួល​ការិយាល័យ​ធ្វើការ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ព្រោះ​មាន​ស្តង់ដារ និង​មានកេរ្តិឈ្មោះ​ល្អ និង​មាន​ភាពជឿជាក់​ដល់​អតិ​ថិ​ជន ដោយ​ពួកគេ​មិន​ទៅ​ជួល​ផ្ទះល្វែង​ធ្វើ​ការិយាល័យ​នោះទេ ហើយ​នៅក្នុង​រយៈពេល៣ទៅ៥ ឆ្នាំ​ខាងមុខ​ទៀត អគារ​ពាណិជ្ជកម្ម នឹង​កាន់​តែមាន​សន្ទុះ​រីក​ឡើង​កាន់តែច្រើន នៅក្នុង​ទីក្រុង​ភ្នំពេញ ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ផ្តល់នូវ​សេវាកម្ម​ល្អ​ដល់​អតិថិជន” ៕

តើ​វិស័យ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន និង​ទៅ​អនាគត​ទៅជា​យ៉ាងណា?

ដោយ ​វុត្ថា

ភ្នំពេញៈ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលវត្ថុ​កម្ពុជា លើកឡើង​ពី​វិស័យ​អចលនទ្រព្យ នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​នៅក្នុង​ខណ្ឌ​សែន​សុខ និង​នៅតាម​បណ្តា​ទីកន្លែងផ្សេងៗទៀត​របស់​ទីក្រុង​ភ្នំពេញ នៅ​ពោ​ពេញ​ទៅដោយ​សក្តានុពល​ខ្ពស់ ស្របទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស។

លោក​បាន​ថ្លែងថា  ទីក្រុង​ភ្នំពេញ បណ្តុំ​ទៅដោយ​អ្នកស្នាក់នៅ​ប្រមាណ២.៥លាន​នាក់ មកពី​តាម​បណ្តា​ខេត្ត-ក្រុង​នានា​របស់​ប្រទេស​កម្ពុជា និង​ជប​រទេស​ដែល​ទេស​ប្រមាណ​ជិត​មួយ​លាន​នាក់មក​ស្នាក់នៅ និង​ប្រក​បរបរ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​តាម​ទិន្នន័យ​សរុប​ប្រមាណ​ជាង៣លាន​នាក់។

លោក​ពន្យល់ថា “កំណើន​វិស័យ​អចលនទ្រព្យ​នៅតែមាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្គត់ផ្គង់​សម្រាប់​កំណើន​នូវ​ប្រជាពលរដ្ឋ​ន​ខ្មែរ និង​បណ្តាជន​ជាតិ​បរទេស។ ទីក្រុង​ភ្នំពេញ​បាន និង​កំពុង​ព​ង្រី​វិសាលភាព​របស់ខ្លួន​យ៉ាង​ឆាប់រ​ហ័យ ជាពិសេស​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ និង​តាម​ដង​ទន្លេ” ។

លោក​បញ្ជាក់ទៀតថា ម្យ៉ាងទៀត ក៏មាន​ការអភិវឌ្ឍន៍​ផងដែរ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ និង​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ គឺមាន​ការអភិវឌ្ឍន៍​យ៉ាងគំហុក​នៅក្នុង​តំបន់​ខាងត្បូង​ឈាង​ខាងលិច​ផងដែរ។ មាន​គម្រោង​អភិវឌ្ឍន៍ធំៗ ជាច្រើន បាន​នឹង​កំពុង​សាងសង់​លំនៅឋាន​ដែលមាន​តម្លៃ​ធ​ម្យ​ម ក្រោម​មធ្យម និង​លើ​មធ្យម​សម្រាប់​ផ្គត់​ផ្គត់​ទីផ្សារ​ផងដែរ។

លោក​ច្រឹ​ក សុខ​នី​ម​បន្ថែមទៀតថា ដោយឡែក​មនុស្ស​ជាច្រើន នៅតែ​មិនអាច​មើលរំលង​បាន​នោះ​គឺ​តំបន​ខាងជើង ឈាង​ខាងលិច​របស់​រាជធានី​ភ្នំពេញ​ជាពិសេស ម្តុំ​ខណ្ឌ​សែន​សុខ បាន​នឹង​កំពុងធ្វើការ​អភិវឌ្ឍន៍​លំនៅឋាន និង​អគារខ្ពស់ៗជាច្រើន។

លោក​បញ្ជាក់ថា “ការ​នេះ​បានធ្វើឱ្យ​តម្លៃ និង​កំណើនសេដ្ឋកិច្ច ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ទីក្រុង​ភ្នំពេញ ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង និង​បាន​នឹង​កំពុង​រីកលូតលាស់​តាមរយៈ​ការអភិវឌ្ឍន៍​គម្រោងធំៗដូចជា គម្រោង​ផ្សារ​ទំនើប​អេ​អន គម្រោង​អភិវឌ្ឍន៍​ជីបម៉ុង គម្រោង​វិមាន​ភ្នំពេញ គម្រោង​អង្គរ​ភ្នំពេញ និង​គម្រោងផ្សេងៗទៀត​ជាច្រើន” ។

លោក​បញ្ជាប់​បន្ថែម​ទៀ​ថា កំណើន​ទាំងអស់នេះ បាន​នឹង​កំពុង​រុញច្រាន​ដល់​ការ​ផ្គត់​ផ្គត់​លំនៅឋាន នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​កំណើន​នេះ​នៅតែ​បន្ត​រីកចំរើន​បន្ថែមទៀត និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បំរើ​ដល់​ការផ្គត់ផ្គង់ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព។

លោក​បន្ត​ដោយ​គូសបញ្ជាក់ថា បើទោះបី​ស្ថិតនៅក្នុង​បញ្ហា​ប្រឈម​ខ្លះ​ក៏ដោយ ប៉ុន្តែ​គម្រោង​លំនៅឋាន​ដែល​បាន​សាងសង់​រួចរាល់ ត្រូវបាន​ដាក់ចូល​ទៅក្នុង​ទីផ្សារ ហើយ​លក់​អស់ពី​ស្តុក ជាមួយគ្នានេះ កំណើន​នេះ​នៅតែ​បន្ត​មាន​ឥទ្ធិពល និង​សក្តានុពល ស្រប​ពេលដែល​តម្លៃ​វិញ ក៏​នៅមាន​ស្ថានភាព​ធូ​ថ្លៃ​នៅឡើយ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់។ វិស័យនេះ នៅតែមាន​ស្ថេរភាព និង​អភិវឌ្ឍន៍​ឆ្ពោះទៅមុខ​បន្ថែមទៀត៕

អ្នកឧកញ៉ា គិត ម៉េង ចុះ MOU គាំទ្រ និង​ចូលរួម​លើក​កំពស់​ការវិនិយោគ​ក្នុងគណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា គិត ម៉េង បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​គាំទ្រ និង​លើកកម្ពស់​ការវិនិយោគ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ឱ្យ​កាន់​តែមាន​ប្រជាប្រិយភាព និង​រ៉ឹង​មាំ។

នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់ រវាង​សភាពាណិជ្ជកម្ម​កម្ពុជា ជាមួយ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា នៅ​ទីស្ដីការ​សភាពាណិជ្ជកម្ម​កម្ពុជា នា​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រោម​វត្តមាន​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា។

អនុស្សរណៈ​នៃ​ការយោគយល់ “កិច្ចសហប្រតិបត្តិការ​លើកកម្ពស់​ការយល់ដឹង និង​ជំរុញ​ការចូលរួម នៅក្នុង​វិស័យ​មូល​ប​ត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា” នេះ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​បង្កើត​នូវ​កិច្ចសហការ​លើកកម្ពស់ និង​បង្កើន​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​ដល់​សហគ្រាស​ពាណិជ្ជកម្ម ឱ្យមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​ហិរញ្ញប្បទាន តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ក៏ដូចជា លើកកម្ពស់​ការវិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ តាមរយៈ​ការចូលរួម​យ៉ាងសកម្ម ពី​វិស័យ​ឯកជន​ដែលជា​វិនិយោគិន​ក្នុងស្រុក​ផងដែរ។

តាមរយៈ​ការចុះ​អនុស្សារណៈ​នេះ សរ​បញ្ជាក់​ឱ្យឃើញថា មាន​សហគ្រាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ជាច្រើន មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា តាមរយៈ​ការត្រៀមខ្លួន​ចុះបញ្ជី​ប្រមូល​ទុន​ពី​ទីផ្សារ និង​ការជួញដូរ​នៅលើ​ទីផ្សារ ព្រមទាំង​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន ដែលជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ជាច្រើន មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា តាមរយៈ​ការត្រៀមខ្លួន​តាមរយៈ​ការចុះបញ្ជី​ប្រមូល​ទុន​ពី​ទីផ្សារ និង​ការជួញដូរ​នៅលើ​ទីផ្សារ ព្រមទាំង​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន ដែលជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​កម្ពុជា មកលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ផងដែរ៕

ការសិក្សា៖ គុណភាព​នៃ​ជីវិត​នៅ​កម្ពុជា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ខ្ពស់ជាង​ប្រទេសជាច្រើន​នៅលើ​ពិភពលោក

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជា​អាច​ផ្តល់​ភាពកក់ក្តៅ​ក្នុងការ​រស់នៅ ដែល​គុណភាព​នៃ​ជីវិត​នៅទីនេះ ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ខ្ពស់ជាង ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បើទោះបី​កម្ពុជា​នៅតែ​មិនមែនជា​ប្រទេស​ល្អ​បំផុត​មួយ ក្នុងចំណោម​បណ្តា​ប្រទេសផ្សេងៗទៀត។

ការសិក្សា​ស្តីពី​ប្រទេស​ល្អ​បំផុត​សម្រាប់​ការរស់នៅ នៅ​ឆ្នាំ ២០២០  របស់​ទស្សនា​វ​ត្តី CEO World បានឱ្យ​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ស្ថិតក្នុង​លំដាប់​ទី១២០ ដែល​គួរឱ្យភ្ញាក់ផ្អើល ដោយ​ឈរ​នៅ​ពីលើ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ និង​កូ​ឡុំ​ប៊ី ជា​ប្រទេស​អាមេរិក​ខាងត្បូង​ពីរ ដែល​ត្រូវបាន​គេ​ចាត់ទុកថា “មានការ​អភិវឌ្ឍ” ។

ការសិក្សា​ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ បាន​រកឃើញថា ប្រទេស​កម្ពុជា​ផ្តល់នូវ​ជីវិត​ប្រសើរ ជាង​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាហ្វ្រិក អាមេរិក​ខាងត្បូង និង​អាមេរិក​កណ្តាល។

ប្រទេស​កម្ពុជា បាន​ចុះបញ្ជី​ពិន្ទុសរុប​ចំនួន ៦៥,១៩ នៃ​ពិន្ទុ១០០ ដែលជា​ពិន្ទុ​ខ្ពស់បំផុត។ នេះ​បើ​យោងតាម​អះអាង​របស់​ការសិក្សា​ខាងលើ។ មាន​ប្រទេស​ចំនួន១៧១ ដែល​ត្រូវបាន​បញ្ចូល​ក្នុងការ​សិក្សា។

ប្រទេស​ហូ​ឡង់​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ មានន័យថា​វា​ជា​ប្រទេស ដែល​ផ្តល់នូវ​ជីវិត​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​របស់ខ្លួន។ វា​ត្រូវបាន​អមដោយ​ប្រទេស​អាល្លឺម៉ង់ នូ​វែ​ល​សេ​ឡង់ ស៊ុយអែត ន័​រវេ ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីស្រាអែល និង​ស្វី​ស។

ប្រទេស​ដែល​បាន​ចាត់់​ចំណាត់ថ្នាក់​នៅ​បាត​តារាង រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង បន្ទាប់មក​គឺ​យេ​ម៉ែន ម៉ូ​រីតា​នី ទី​ម័​រ​ខាងកើត និង​សូ​ម៉ាលី៕

ប្រភព៖ CEO World