ដោយវុត្ថា
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងមន្ត្រីអធិការកិច្ចសំណង់ ចំនួន ៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។
យោងតាមប្រកាសលេខ១៤១ដនស/ប្រក/នីក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្រ្តីអធិការកិច្ចសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលចុះតហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ឱ្យដឹង មន្ត្រីទាំង ៣៦២ រូប មកពីមន្ត្រីថា្នក់ជាតិ របស់ក្រសួងទាំងអគ្គនាយក និងនាយកដ្ឋាន និងមន្ត្រីនៅតាមមន្ទីរាជធានីខេត្តនៅទាំងប្រទេសកម្ពុជា។
ប្រកាសនេះ បញ្ជាក់ថា មន្ត្រីអធិការកិច្ចសំណង់ ត្រូវបំពេញភារកិច្ចដូចមានកំណត់នៅក្នុងច្បាស់ស្តីពីសំណង់ និងប្រកាសអន្តរក្រសួង ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ ស្តីពីនិតិវិធី និងបែបទនៃការធ្វើអធិការកិច្ចសំណង់។
ប្រកាសអន្តរក្រសួងលេខ ១១៨ប្រក/ដនស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ស្តីពីនីតិវិធីនិងបែបបទនៃការធ្វើអធិការកិច្ចលើសំណង់៖
ក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍអចលនទ្រព្យអោយមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើសនឹងបទប្បញ្ញាត្តិស្តីពីនគរូបនីយកម្ម និងសំណង់៕