ដឹងទេថា តម្លៃខុនដូនៅកណ្តាលក្រុង និងជាយក្រុងមានអត្រាខុសគ្នាដូចម្ដេច ?

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រហូតមកដល់ពេលនេះគេជឿថា មនុស្សភាគច្រើនបានធ្វើការស្វែងយល់ និងស្គាល់ពីប្រភេទនៃអចលនទ្រព្យ ដែលហៅថាខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិ ហើយក៏បានជ្រាបច្បាស់ពីអត្ថប្រយោជន៍ដែលទទួលបានពីការវិនិយោគ ក៏ដូចជាភាពងាយស្រួលក្នុងរស់នៅផងដែរ។

នៅក្នុងទីផ្សារខុនដូ ត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នារវាងកម្រិតនៃគុណភាពប្រណីត ទីតាំងភូមិសាស្ត្រ និងតម្លៃផងដែរ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ថា ទីផ្សារខុនដូនៅពេលបច្ចុប្បន្ននេះ បានងាកមករកភាពល្អប្រសើរបន្តិចម្ដងៗវិញហើយ បន្ទាប់ពីមានការធ្លាក់ចុះតាំងពីអំឡុងត្រីមាសទី១ ក្នុងឆ្នាំនេះ។

លោកស្រីបានបន្តថា “គិតត្រឹមដើមត្រីមាសទី៤ ឆ្នាំ២០២០នេះ កំណើននៃការផ្គត់ផ្គង់ទីផ្សារខុនដូមានការកើនឡើងរហូតដល់ប្រមាណ ២០៧០០យូនីត ក្នុងចំណោមទាំង៦០គម្រោងដែលត្រូវបានដាក់បញ្ចូលនៅក្នុងទីផ្សាររួម ដែលត្រូវបានបែងចែកជាប្រភេទ និងកម្រិតនៃភាពប្រណីត រួមជាមួយតម្លៃផ្សេងៗគ្នារវាង កម្រិត A កម្រិត B និងកម្រិត C ។

អ្នកជំនាញក្នុងវិស័យខុនដូរូបនេះបានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងតម្លៃនៃទីផ្សារខុនដូគឺមានភាពខុសគ្នា។ សម្រាប់ខុនដូកម្រិតA ត្រូវបានដាក់លក់ក្នុងតម្លៃ៣០៤១ដុល្លារក្នុងមួយម៉ែត្រការ ខុនដូកម្រិត B មានតម្លៃ ២៤៤១ ដុល្លារក្នុងមួយម៉ែត្រការ និងខុនដូកម្រិត Cមានតម្លៃ ១៥៣៩ដុល្លារក្នុងមួយម៉ែត្រការ ។ ដោយឡែកសម្រាប់តម្លៃនៃការជួលយូនីតខុនដូកម្រិតA ១ស្ថិតក្នុងតម្លៃ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិត B ១១-១២ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិត C ស្ថិតក្នុងតម្លៃ៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកស្រី អាន សុធីតា បញ្ជាក់ថា “ការចាត់ថ្នាក់នៃកម្រិតរបស់ខុនដូ គឺមិនអាស្រ័យទៅលើតំបន់កណ្តាលក្រុង ឬនីជាយក្រុងនោះទេ ប៉ុន្តែវាអស្រ័យទៅលើការអភិវឌ្ឍ និងការរៀបចំរបស់គម្រោង។ យើងឃើញថា នៅកណ្តាលក្រុង ដូចជាក្នុងខណ្ឌបឹងកេង ចំការមន ៧មករា និងខណ្ឌដូនពេញ ភាគច្រើនជាគម្រោងខុនដូកម្រិត A និងកម្រិត B ដោយសារតែតម្លៃដីនៅក្នុងតំបន់ទាំងនេះថ្លៃ ដូច្នេះគេមិនអាចសាងសង់ខុនដូកម្រិត Cនោះទេ ព្រោះលក់បានថោក ហើយបើគេចង់អភិវឌ្ឍន៍គម្រោងប្រភេទខុនដូកម្រិត C គេនឹងងាកទៅរកតំបន់ក្រុងទី២ ឬជាតំបន់ឆ្ងាយពីកណ្តាលក្រុងបន្តិច ហើយក៏ងាយរកអតិថិជនគោលដៅផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here