លទ្ធផលនៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតត្រូវបានបង្ហាញ

ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បន្ទាប់ពីសិក្សារួចរាល។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។

លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោកបន្តថា ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ ចំពោះការធ្វើ បទបង្ហាញរបស់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុតដើម្បីឱ្យការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃសិក្សាគម្រោងផ្នែកបច្ចេកទេស នៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកក៏បានបានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យ វឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនមិន អាចដោះស្រាយបានសំដៅឱ្យគម្រោងនេះមានដំណើរការរលូន៕

រដ្ឋបាលខេត្តកោះកុង បើកកិច្ចពិភាក្សាលើផែនការអាទិភាពគ្រប់គ្រងតំបន់ឆ្នេរដែលវែងជាងគេនៅក្នុងប្រទេស

ដោយ ៖ រ៉ាណេត

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំ និងពិភាក្សាទៅលើផែនការអាទិភាពក្នុងការគ្រប់គ្រងធនធាននៅតាមតំបន់ឆ្នេរតាមបែបសមាហរណកម្ម ដើម្បីរក្សាបាន និងទាញផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងអង្គការ IUCN ស្តីពី ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង ។

លោកបានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរ សមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព។

លោក អ៊ុក ភ័ក្រ្តា បានបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ឆ.ក រដ្ឋបាលខេត្ត បានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង ដែលមានចក្ខុវិស័យប្រែក្លាយ ខេត្តកោះកុង ឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែល មានប្រវែងប្រហែល៤៤០គីឡូម៉ែត្រ ខេត្តកោះកុង ត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ដៅយឡែកកោះ នៅក្នុងលម្ហសមុទ្រមាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ៕

បណ្តាមេដឹកនាំអាស៊ី អឺរ៉ុបប្តេជ្ញារក្សាសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ បើកចំហ និងតភ្ជាប់

ដោយវុត្ថា

ភ្នំពេញៈ បណ្តាមេដឹកនាំកំពូងអាស៊ី អឺរ៉ុបបានអះអាងពីការប្តេជ្ញាចិត្តក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានភាពធន់ បើកចំហ និងការតភ្ជាប់កាន់តែសកម្ម ដើម្បីវិបុលភាពតំបន់ និងពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ដែលបានបិទកិច្ចកិច្ចប្រជុំកំពូលនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

 ទោះបីជាដៃគូASEM អនុវត្តន៍នូវវិធានការណ៍វិសាមញ្ញ ក្នុងការការពារ ស្វែងរក គ្រប់គ្រង និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏នៅតែបន្តប្តេជ្ញាធ្វើការឆ្ពោះទៅរកបរិយាកាសមួយ មានលក្ខណៈបើកចំហ សេរី យុត្តិធម៌ និងគ្មានការរើសអើង ដែលផ្តល់ស្ថានភាពស្មើភាព និងមិនលំអៀង តម្លាភាព និងផលប្រយោ​ជន៍ទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ក្រោយកិច្ចប្រជុំ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០នេះបញ្ជាក់ថា  ASEM ត្រូវការខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែធន់ និងមានពិធិធកម្ម គឺមានភាពចាំបាច់ដើម្បីទប់ទល់នឹងស្ថានភាពវិបត្តិផ្សេងៗ នាពេលអនាគត។

សេចក្តីថ្លែងការណ៍សរសេរថា “យើងបន្តធានានូវលំហូទំនិញ និងសេវាកម្មសំខាន់ៗឆ្លងកាត់ព្រំដែន ក៏ដូចជាការចែកចាយជាសកល និងសមស្របចំពោះទំនិញ និងសេវាកម្មទាំងនោះ ដោយមិនឱ្យមានការរាំងស្ទះអ្វីឡើយ “។

សេចថ្លែងការណ៍បន្តថា “យើងនឹងធ្វើការយ៉ាងជិតស្និទ្ឋ ដើម្បីដោះស្រាយរាល់ការរាំងស្ទះ ដល់ផ្នែកផ្គត់ផ្គង់ដែលត្រូវការសម្រាប់សុខភាព និង សុខមាលភាព របស់ប្រជាជនទាំងអស់។ យើងជំរុញឱ្យរក្សាអន្តរទំនាក់ទំនងចាំបាច់នានា នៅក្នុងតំបន់ដោយជួយសម្រួ​លដល់បំលាស់ទីជាចាំបាច់រស់ប្រជាជន និងទំនិញក្នុងកិច្ចការមនុស្សធម៌ វិទ្យាសាស្ត្រ ព្រមទាំងសកម្មភាពធុរកិច្ចសំខាន់ៗ នៅក្នុងកម្រិតដែលប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរបស់ប្រទេសនីមួយៗ”។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា យើងក៏នឹងបន្តរួមគ្នា ដើម្បីរក្សា និងសម្រួលដល់ពាណិជ្ជករអន្តរជាតិ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក និងសម្របសម្រួ​លដល់ការឆ្លើយតបនានា ដែលធានានូវដំណើរការចរាចរណ៍អន្តរជាតិ និងហេដ្ឋារចនាស   ម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ដូចជាផ្លូវអាកាស និងកំពង់ផែបន្តប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការបន្តលំហូរទំនិញ ស្របពេលកំពុងយកចិត្តទុកដាក់តាមដានសុវត្ថិភាព  និងសុខភាពសាធារណៈ។

វិធានការណ៍សម្រាប់ស្ថានភាពអាសន្ននានា ដែលបង្កើតឡើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំងការរឹតត្បិតការធ្វើដំណើរ ប្រសិនបើចាំបាច់ត្រូវមានគោលដៅជាក់លាក់ តុល្យភាព តម្លាភាព និងមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ។

វិធានការណ៍សម្រាប់ស្ថានភាពអាសន្នទាំងនេះ មិនគួរបង្កើតរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ឬរាំងស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកនោះទេ ហើយគួរតែអនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ការរឹតត្បិតការធ្វើដំណើរនានា គួរតែជូនដំណឹ​ងដល់អង្គការសុខភាពពិភពលោក ស្របតាមបទបញ្ញត្តិសុខភាពអន្តរជាតិ (២០០៥)។

ASEM  ក៏ទទួលស្គាល់នូវតួនាទីដ៏សំខាន់ របស់សហគ្រាសខ្នាតមីក្រូតូច និងធម្យម ក្នុងសកម្មភាពសេដ្ឋកិច្ច របស់ប្រទេសយើងទាំងអស់គ្នា។ យើងជំរុញឱ្យអនុវត្តនូវវិធានការសមស្របនានា ដើម្បីបង្កើនទំនុកចិត្ត និងលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច តាមរយៈគោលនយោបាយជំរុញសេដ្ឋកិច្ចការជួយប្រជាជន និងធុរកិច្ចដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសនោះ គឺជួយសហគ្រាសខ្នាតមីក្រូតូច និងធម្យម ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះបំផុត៕

សក្តានុពលធំៗចំនួន៣ជម្រុញឱ្យវិនិយោគិនទៅបណ្តាក់ទុននៅខេត្តព្រះសីហនុ

ដោយៈហ្សូលី

ភ្នំពេញៈ ខេត្តព្រះសីហនុ បច្ចុប្បន្នប្រៀបបីដូចជា តួឯកកំពុងរះយ៉ាងត្រចះត្រចង់ នៅក្នុងប្រទេសកម្ពុជា និងសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ វិនិយោគិនជាច្រើន ពិសេសជនជាតិចិនបាននាំគ្នាចំណាយថវិកាជាច្រើនលានដុល្លារ មកវិនិយោគលើវិស័យសំខាន់ៗក្នុងការលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ។

 

ចំនុចពិសេសដែលទាក់ទាញវិនិយោគិន សម្រេចចិត្តក្នុងការបោះទុនជាបន្តបន្ទាប់ បណ្តាលមកពីសក្តានុពលពិសេសចំនួន៣ ដូចជា៖

ការរីកចម្រើននៃវិស័យអចលនទ្រព្យ

វិនិយោគិនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកដូចជា ចិន ថៃ ជប៉ុន ស្រាក់ដៃគ្នាមកបណ្តាក់ទុនលើវិស័យអចលនទ្រព្យជាហូរហែ។ សំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតម៉ិនស្កឹមស្កៃ លូតយ៉ាងត្រដែត សាយភាយពាសពេញខេត្តព្រះសីហនុ បណ្តាលឱ្យអ្នកជំនាញកោតសរសើរថា ជាទីក្រុងសិនជិនទី ២។ ថ្វីត្បិតតែប្រឈមជាមួយវិបត្តិCovid-19 បច្ចុប្បន្នខេត្តព្រះសីហនុ នៅតែមានគម្រោងអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដំណើរការសាងសង់ឥតឈប់ឈរ។

ជាក់ស្តែង អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនកាលពីថ្មីៗនេះ ទើបតែអញ្ជើ​ញទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការបណ្តាក់ទុនពីក្រុមហ៊ុនក្នុងស្រុក។ នេះជាចំនុចមួយដែលបង្ហាញពីចរន្តអភិវឌ្ឍ លើវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដែលនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍឥតស្រាកស្រាន្ត។

គោលដៅទេសចរណ៍លេចធ្លោ

ព្រះសីហនុអំណាយផលពីធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅតាមតំបន់ឆ្នេរ កោះតូចធំៗ និងរមណីយដ្ឋានធម្មជាតិនានាដទៃទៀត។ កត្តានេះជាចំនុចវិសេសវិសាល សម្រាប់វិនិយោគិន ដែលមានបំណងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ បឹងហ្គាឡូ ឬរីសតកម្សាន្តជាដើម។

វិសាលភាពនៃការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋ

បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ជារឿងសំខាន់ជម្រុញការវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចខេត្តនិងប្រទេសជាតិទាំងមូល។

ដោយឡែកខេត្តព្រះសីហនុមានសមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនដូចជា ផ្លូវល្បឿនលឿន ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ កំពង់ផែ ស្ពាន និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង។ លើសពីនេះ ក្នុងខេត្តមាត់សមុទ្រមួយនេះក៏មានរោងចក្រ សហគ្រាសតូចធំ ជាហេតុប្រែក្លាយមុខមាត់ខេត្តនេះជាប៉ូលសេដ្ឋកិច្ចទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើនធ្លាប់បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់និងបង្កើនកំនើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋាភិបាលបានស្ដារឡើងវិញទាំងស្រុង នូវហេ ដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីទទួលរងការខូចខាត ដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុកនាពេលកន្លងមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ៕

តើការវិនិយោគលើការិយាល័យជួលទទួលបានផលចំណេញពីការវិនិយោគយ៉ាងដូចម្តេច?

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថាការវិនិយោគទៅលើអគារការិយាល័យជួលបែបទំនើបនៅកម្ពុជានាពេលបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយខណៈដែលវិស័យមួយនេះបានផ្តល់ផលចំណេញពីការវិនិយោគយ៉ាងច្រើនបើធៀបទៅនឹងផ្នែកដទៃទៀតនៅក្នុងទីផ្សារអចលនទ្រព្យ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលប្រភពដើមមកពីសហរដ្ឋអាមេរិកColdwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៧ កញ្ញានេះថា ទីផ្សារការរិយាល័យជួលនៅកម្ពុជា នាពេលបច្ចុ​ប្បន្ននេះ ហាក់នៅមិនទាន់មានតម្រូវការទីផ្សារខ្ពស់នោះទេ ភាពស្ងប់ស្ងាត់ទាំងនេះក៏ដោយ​សារតែបណ្តាលមកពីវិបត្តិនៃជំងឺឆ្លងប៉ុន្តែនៅពេលបន្តិចទៀតខ្ញុំជឿជាក់ថាតម្រូវការទីផ្សារមួយនេះនឹងមានកំណើនខ្ពស់។

លោកបានបញ្ជាក់ថា “តម្រូវការជួលអគារការិយាល័យ នឹងមានកំណើនបន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចសាកល ត្រូវបានវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ”។ លោកបន្តថា “សម្រាប់ទីផ្សារកម្ពុជា ការផ្គត់ផ្គង់ក្នុងវិស័យមួយនេះ ហាក់នៅមានកម្រិតនៅឡើយ ហើយក៏មិនសូវមានការប្រកួតប្រជែងខ្លាំងនោះដែរ”។

ម្ចាស់អាជីវកម្មមួយចំនួននៅបន្តជួលអគារចាស់ឬផ្ទះល្វែងនិងវីឡាជាន់ជាប់ដីធ្វើជាទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួននៅឡើយ។បន្តិចទៀតរបត់សង្គមនៃមុខជំនួញនឹងជំរុញឱ្យពួកគាត់ផ្លាស់ប្ដូរគំនិតនិងឥរិយាបទចាស់ជាមិនខាន។

លោកKen Loបានបន្តថា “នៅពេលដែលមានអ្នកជំនួញអន្តរជាតិ ចូលមកទីផ្សារកម្ពុជាកាន់តែច្រើន តម្រូវការជួលអគារការិយាល័យបែបទំនើប នឹងមានតម្រូវការខ្ពស់ ព្រោះក្រៅពីផ្តល់ភាពងាយស្រួលក្នុងការបំពេញការងារ ថែមទាំងអាចជួយបង្ហាញពីស្ថានភាពរបស់ក្រុមហ៊ុន រួមជាមួយនឹងការផ្តល់ទំនុកចិត្តកាន់ច្រើន ទៅដល់បណ្តាក្រុមហ៊ុនវិនិយោគនានាដែលជាដៃគូ”។ 

ពាក់ព័ន្ធទៅនឹងទីផ្សារនៃការផ្គត់ផ្គង់ អគារការិយាល័យជួលនៅពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា មួយចំណែកធំស្ថិតនៅតាមបណ្តាអគារពាណិជ្ជកម្មធំៗ ដូចជាអគារពាណិជ្ជកម្ម កម្រិតខ្ពស់វឌ្ឍៈកាពីតាល់ អគារពាណិជ្ជកម្ម Exchange Square អគារកាណាឌីយ៉ា មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះនៅតំបន់កោះពេជ្រ មជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia ហើយមួយចំនួនទៀតនៅក្នុងតំបន់បឹងកេងកងជាដើម។

លោកKen Lo បានអះអាងថា “ការផ្គត់ផ្គង់ការិយាល័យជួល នៅក្នុងអាគារធំៗគឺនៅមានកម្រិតនៅឡើយ ប៉ុន្តែអគារពាណិជ្ជកម្មតូចៗ នៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញគឺមានច្រើន ប៉ុន្តែស្ថិតក្នុងកម្រិតស្ដងដារនោះទេ ។ លោកបញ្ជាក់ថា “ការិយាល័យជួលត្រូវបានបែងចែកកម្រិតនៃប្រណីតភាពជា៣ដូចគ្នាទៅនឹងការបែងចែកកម្រិតខុនដូអាផាតមិនផងដែរ។

សម្រាប់ការិយាល័យជួលកម្រិតA បច្ចុប្បន្នឃើញមាននៅក្នុងអគារពាណិជ្ជកម្មកម្រិតខ្ពស់វឌ្ឍនៈកាពីតាល់ និងអគារពាណិជ្ជកម្ម Exchange Square ហើយមួយចំនួនទៀតឃើញមាននៅតំបន់កោះពេជ្រ។

ប្រភេទការិយាល័យជួលកម្រិត A មានតម្លៃក្នុងចន្លោះចាប់ពី ២៥–៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតBមានតម្លៃក្នុងចន្លោះ១៥–២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិត C មានតម្លៃក្នុងចន្លោះ៨–១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកKen Loបានបន្តថា “សព្វថ្ងៃនេះយើងទទួលស្គាល់ថា តម្រូវការជួលការិ​យាល័យកម្រិតBគឺមានច្រើន ហើយតម្រូវការការិយាល័យកម្រិតAនៅមានកម្រិត ប៉ុន្តែក្រោយពេលវិបត្តិត្រូវបានទប់ស្កាត់ ហើយសេដ្ឋកិច្ចសាកលចាប់ផ្តើមមានកំណើនឡើងវិញ នោះតម្រូវការការិយាល័យកម្រិតA នឹងកើនឡើងជាក់មិនខាន់”៕

តើតម្លៃលំនៅឋានចន្លោះប៉ុន្មានដែលកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ?

ដោយវុត្ថា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ តម្លៃលំនៅឋានចន្លោះពី៤ម៉ឺន ទៅ៨ ម៉ឺនដុល្លារអាមេរិកំពុងពេញនិយមខ្លាំង ពីអតិថិនដែលភាគច្រើននៅតាមជាយក្រុងរាជធានីភ្នំពេញ។

លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមអភិវឌ្ឍន៍លំនៅឋាន Premier Group បានប្រាប់គេហទំព័រProperyarea.asia នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះឱ្យដឹងថា  ក្នុងចំណោ មគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានគម្រោងលំនៅឋានតម្លៃ ចន្លោះពី៤ ម៉ឺន ទៅ៨ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលត្រូវបានលក់ចេញនិងទទួលបានការចាប់អារមុ្មណ៍ពីពលរដ្ឋកម្ពុជា។

លោកពន្យល់ថា កត្តាដែលជំរុញមានការបញ្ជាទិញពីអតិថិជន ដោយសារពលរដ្ឋកម្ពុជាមានចំណូលមធ្យមកើនឡើង  ហើយលក្ខខណ្ឌនៃការទិញមានភាពងាយស្រួល តាមយៈការបង់រំលោះ តែសម្រាប់តម្លៃចាប់ពី១០ ម៉ឺន ទៅ២០ម៉ឺនឡើង ហាក់មិនសូវការពេញនិយមនោះទេ ។

លោកបន្ថែមថា “តម្លៃលំនៅឋានដែលមានតម្លៃខ្ពស់ មានតែនៅក្នុងទីក្រុង ហើយពលរដ្ឋយើង អ្នកដែលមានចំណូលធម្យម គឺពួកគាត់មិនមានាលទ្ធភាពទិញនោះទេ”។លោកបន្តថា “ដូច្នេះពួកគាត់បានទៅទិញលំនៅឋាន ដែលមានតម្លៃសមរម្យនៅតាមបណ្តាជាយក្រុងភ្នំពេញ។  ម្យ៉ាងអ្នកដែលមានចំណូលធម្យម នៅក្នុងប្រទេសកម្ពុជា មានច្រើនជាងអ្នកដែលមានចំណូលខ្ពស់”។

លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅឋានភាគច្រើន ដែលមានតម្លៃធម្យម បានកើនឡើងនៅតាមជាយក្រុងភាគខាងលិច និងភាគខាងជើងរាជធានីភ្នំពេញ។

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលលោកច្រឹក សុខនីមបានឱ្យ​ដឹងដែរថា បើទោះកម្ពុជាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ ១៩ តែសម្រាប់ទីផ្សារលំនៅឋានតម្លៃសមរម្យ នៅតែមានសកម្មភាពទិញ–លក់ជាធម្មតា ។

លោកបន្តថា គម្រោងលំនៅឋានដែលមានតម្លៃចាប់ពី៤ម៉ឺន ទៅ១០ម៉ឺនដុល្លារនៅតែមានទីផ្សារខ្ពស់ សម្រាប់អតិថិជននៅក្នុងស្រុក បើធៀបទៅនឹងគម្រោងលំនៅឋានតម្លៃខ្ពស់ តែយ៉ាងណាលោកថា វិស័យអចលនទ្រព្យគ្រប់ប្រភេទ ទាំងតម្លៃធម្យម និងកម្រិតខ្ពស់នឹងមានទីផ្សារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង និងមានចលនទីផ្សារពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើន៕

រដ្ឋាភិបាលឥណ្ឌាអនុញ្ញាតឱ្យសង់អគារកំពស់៧០ជាន់ឡើងដើម្បីប្រជែងជាមួយនឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម

ដោយវុត្ថា

ឥណ្ឌាៈ រដ្ឋាភិបាលឥណ្ឌា បានអនុញ្ញាត្តឲ្យរដ្ឋGujarat សាងសង់អគារកំពស់៧០ជាន់ឡើង នៅក្នុងទីក្រុងចំនួន៥រួមមានទីក្រុង Ahmedabad ទីក្រុង Vadodara ទីក្រុងSurat ទីក្រុងRajkot និង ទីក្រុងGandhinagar ដើម្បីប្រជែងជាមួយនឹងបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់រួម។

យោងតាមការចុះផ្សាយរបស់គេហទំព័រmoneycontrol.com បានឱ្យដឹងថា បច្ចុប្បន្ននេះ ច្បាប់របស់រដ្ឋាបាលរបស់រដ្ឋGujarat បានអនុញ្ញាតឱ្យសាងសង់អាគារកម្ពស់ ២៣ ជាន់សម្រាប់អាគារខ្ពស់ៗប៉ុណ្ណោះ ។ ដូច្នេះបានរដ្ឋាភិបាលរដ្ឋនេះ បានសម្រេចធ្វើវិសោធនកម្មច្បាប់ទូទៅ ((general development control regulations)) ដើម្បីអនុញ្ញាតឱ្យមានការសាងសង់ សំណង់អគារខ្ពស់ៗចាប់ពី៧០ជាន់ឡើងទៅ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាបាលនៃរដ្ឋ Gujarat បានបញ្ជាក់ថា  ច្បាប់ថ្មីនេះ ត្រូវអនុម័តដែលនឹងត្រូវអនុវត្តន៍ ចំពោះសំណង់ដែលមានកម្ពស់ជាង១០០ម៉ែត្រឡើង។ ជាមួយគ្នានេះ គណៈកម្មាធិការបច្ចេកទេស ពិសេសមួយនឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការយល់ព្រមដល់គម្រោងសាងសង់នានា។

ប្រភពដដែលបន្តថា ជាមួយនឹងការសាងសង់អគារខ្ពស់ៗនៅក្នុងទីក្រុង ហេដ្ឋារច​នាសម្ព័ន្ធ ប្រជាជន និងការងារជាច្រើនផ្សេងទៀត នៅទីក្រុងក៏នឹងកើនឡើងផងដែរ។  ការអនុញ្ញាតឱ្យមានការសាងសង់អគារខ្ពស់ៗនេះ ក្នុងគោលបំណងដាក់រដ្ឋGujarat នៅក្នុងផែនទីពិភពលោក ដែលអាចប្រកួតប្រជែងជាមួយ នឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម ប្រទេសសឹង្ហបុរី និងប្រទេសផ្សេងទៀត ដែលមានត្រូវបានគេដឹងថាមានអគារខ្ពស់ៗច្រើន។

អភិបាលរដ្ឋ Gujarat លោកVijay Rupani បានថ្លែងថា ច្បាប់ថ្មីនេះ នឹងធានាបាននូវការប្រើប្រាស់ដីល្អបំផុត ហើយវានឹងនឹងជួយបញ្ចុះតម្លៃអចលនទ្រព្យ នៅក្នុងទីក្រុងផងដែរស្របពេលដែលមានការអនុញ្ញាតសាងសង់សំណង់ខ្ពស់៕

ការសិក្សាៈតម្លៃផ្ទះនៅខណ្ឌចំនួន៣នៅទីក្រុងភ្នំពេញនៅតែបន្តហក់ឡើង

ដោយ៖ ប៊ី

ភ្នំពេញៈ ការអង្កេតថ្មីមួយបានរកឃើញថាតម្លៃផ្ទះលក់នៅខណ្ឌចំនួន៣នៅទីក្រុងភ្នំពេញនៅតែបន្តហក់ឡើងខណៈតម្លៃផ្ទះនៅក្នុងខណ្ឌចំនួន៥មិនការប្រែប្រួលនោះទេ។

យោងតាមសិក្សាដែលធ្វើឡើងដោយគេហទំព័រRealestate.com.khដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានរកឃើញថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ តម្លៃផ្ទលក់ជាមធ្យម ក្នុងខណ្ឌចំការមន មានតម្លៃ៨០០,០០០ដុល្លារក្នុងមួយយូនីត ខណ្ឌដូនពេញមានតម្លៃ ៥៧០,០០០ដុល្លារ ខណ្ឌ៧មករាមានតម្លៃ៤៨៥, ០០០ដុល្លារ ខណ្ឌទួលគោក មានតម្លៃ៨៧០,០០០ដុល្លារ ខណ្ឌជ្រោយចង្វាមានតម្លៃ៣៥០,៥០០ដុល្លារ ខណ្ឌច្បារអំពៅ មានតម្លៃ២៦៨,០០០ដុល្លារ។ ខណ្ឌមានជ័យ៣៤៣,៤០០ដុល្លារ ខណ្ឌសែនសុខ មានតម្លៃ៣៦០,០០០ ភាគរយ ខណ្ឌពោតិ៍សែនជ័យ មានតម្លៃ១៥២, ៥០០ ដុល្លារ ខណ្ឌដង្កោ មានតម្លៃ៤១០, ០០០ ដុល្លារ និងខណ្ឌឬស្សីកែវ មានតម្លៃ៣២០, ០០០ ដុល្លារ។

របាយការណ៍ដដែលបានឱ្យដឹងថា តម្លៃផ្ទះលក់នៅក្នុងខណ្ឌចំនួន៣ នៅតែបន្តហក់ឡើង ក្នុងនោះរួមមានខណ្ឌទួលគោក មានកើនឡើង ២.៣៥ ភាគរយ ខណ្ឌមានជ័យ មានការកើនឡើង៤.០៦ភាគរយ និងខណ្ឌឬស្សីកែវកើនឡើង៧.២៨ភាគរយ។

ជាមួយគ្នាតម្លៃផ្ទះនៅក្នុងចំនួន៥ រូមមានខណ្ឌចំការមន ខ័ណ្ឌ៧មករា ជ្រោយចង្វារ ពោតិ៍សែនជ័យ និងដង្កោមិនការប្រែប្រួលនោះទេ ខណៈតម្លៃផ្ទះនៅក្នុងខណ្ឌចំនួន៣ទៀត បានធ្លាក់ចុះដូចជា ខណ្ឌដួនពេញធ្លាក់ចុះ៣.៣៩ភាគរយ ខណ្ឌច្បារអំពៅធ្លាក់ចុះ ៤.២៩ភាគរយ និងខណ្ឌសែនសុខ១០.០០ ភាគរយ។

អ្នកជំនាញនៅក្នុវិស័យអចលនទ្រព្យក្នុងស្រុក បានលើកឡើងថា ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដែលតម្រូវការទីផ្សារនៅតែបន្តមាន ជាក់ស្ដែងត្រឹមតែតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយក្រុង មានគម្រោងសាងសង់មិនក្រោម១០គម្រោងនោះទេ ដែលមានចំនួនលំនៅដ្ឋានជិត១០០០ខ្នង។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Land Station លោក កាង សុធី ធ្លាប់បានលើកឡើងថា ស្ថិតក្នុងដំណាក់វិបត្តិសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតនេះ ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក៏កើនឡើង ស្របពេលដំណាលគ្នាដែរ ដែលបានធ្វើឱ្យកំណើនលំនៅដ្ឋានថ្មីមានការកើនឡើងច្រើន។ ទោះជាចំនួនលំនៅដ្ឋានថ្មីកើនឡើងច្រើន តែតម្លៃមិនមានការធ្លាក់ចុះនោះឡើយ។

គម្រោងសាងសង់សំណង់ប្រភេទលំនៅដ្ឋាន មានទំហំទុនវិនិយោគប្រមាណជាង១៧០០លានដុល្លារអាមេរិក ឈរក្នុងលំដាប់ទី១ ក្នុងចំណោមប្រភេទសំណង់អគារពា ណិជ្ជកម្ម អគារសាងសង់ផ្ទះល្វែង និងសំណង់អគារពហុមុខងារ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បា នឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ គម្រោងសាងសង់សំណង់នៅកម្ពុជា ក្នុងនោះមានប្រភេទគម្រោង នៃការសាងសង់សំណង់ជាច្រើន បាននិងកំពុងអភិវឌ្ឍន៍ឡើង ជាក់ស្ដែ ងសំណង់ប្រភេទលំនៅដ្ឋាន កំពុងសាងសង់សរុបចំនួនជាង២ពាន់គម្រោង មានផ្ទៃក្រឡាសំណង់ជាង៤លានម៉ែត្រការ៉េ ដោយមានទុនវិនិយោគនៅលើគម្រោងនេះ ប្រមា​ណ១៧០០លានដុល្លារ ឈរក្នុងលំដាប់ទី១ នៃគម្រោងសាងសង់សំណង់ផ្សេង៕

តើអគ្គនាយកដ្ឋានពន្ធដារគណនាអត្រាពន្ធលើចំណេញមូលធន ២០ភាគរយយ៉ាងដូចម្ដេច ?

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងពន្ធលើចំណេញមូលធន ដែលនឹងត្រូវបានចាប់អនុវត្តនៅដើមខែមករា ឆ្នាំ២០២១ខាងមុខ រហូតមកដល់ពេលនេះ នៅមានប្រជាជនមួយចំនួនហាក់មិនទាន់បានយល់ច្បាស់ពីរបៀបនៃការគិត និងគណនាទៅលើអត្រាពន្ធចំនួន ២០ភាគរយថេរនៅឡើយនោះទេ ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិត កែន សម្បត្តិ បានពន្យល់លម្អិតបន្ថែមជុំវិញពន្ធលើចំណេញមូលធនជូនប្រជាពលរដ្ឋ បន្ទាប់ពីមានចម្ងល់មួយចំនួនដែលនៅមិនទាន់យល់ច្បាស់អំពីពន្ធចំណេញមូលធនចំនួន២០ភាគរយនេះ។

លោកបណ្ឌិត កែន សម្បត្តិ បានបញ្ជាក់ថា “ថ្មីៗក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានចេញនូវសេចក្ដី ប្រកាសស្ដីពី ពន្ធចំណេញមូលធន ។ ពាក្យថាចំណេញមូលធននេះ គឺសំដៅលើការយកពន្ធលើចំណេញទាំងឡាយណា សម្រេចបានពីការលក់ និងផ្ទេរមូលធន ហើយពន្ធនេះជាប្រាក់ចំណូលជាប់ពន្ធ ដែលបានមកពីការលក់ និងផ្ទេរមូលធនដកការកាត់កងចំណាយដែលអនុញ្ញាត”។

លោកបានបញ្ជាក់ឱ្យដឹងថា ចំពោះការអនុវត្តពន្ធលើចំណេញមូលធននេះរួមមាន៦ផ្នែក ដូចជាទី១ ផ្នែកអចលនទ្រព្យ (ដី ផ្ទះ អគារ សំណង់ផ្សេងៗ) ទី២ផ្នែកភតិសន្យា (Leasing) ទី៣ ផ្នែកទ្រព្យវិនិយោគ (ភាគហ៊ុន សញ្ញាបណ្ណ មូលបត្រ) ទី៤ផ្នែកកេរ្តិ៍ឈ្មោះអាជីវកម្ម (អាជ្ញារប័ណ្ណ យីហោ) ទី៥ផ្នែកកម្មសិទ្ធិបញ្ញា (ម៉ាកពាណិជ្ជកម្ម ប្រកាសនីយបត្រ ជាដើម) ហើយទី៦ ផ្នែករូបិយបណ្ណបរទេស ។

លោកបានព្ន្យល់ថា ចំពោះអត្រានៃការបង់ពន្ធលើចំណេញមូលធន ២០ភាគរយនេះ គឺត្រូវធ្វើឡើងតែលើប្រាក់ចំណេញតែប៉ុណ្ណោះ ។ មានន័យថា ការគណនាពន្ធត្រូវបានធ្វើឡើងតែទៅលើតម្លៃ២០ភាគរយនៃប្រាក់សរុប។ ឧទាហរណ៍ ៖ តម្លៃផ្ទះដែលលក់បានជាក់ស្ដែងចំនួន១លានដុល្លារ ដូច្នេះ គេដកចំនួន៨០ម៉ឺនទុក ហើយនៅសល់២០ម៉ឺនត្រូវយកមកគិតអត្រាពន្ធដែលត្រូវបង់ចំនួន២០ភាគរយតែប៉ុណ្ណោះ ហើយប្រាក់ដែលត្រូវបង់ពន្ធលើចំណេញមូលធនគឺចំនួន៤ម៉ឹនដុល្លារ។

សម្រាប់រូបមន្ត្រនៃការគណនាទៅលើពន្ធលើចំណេញមូលធនចំនួន ២០ភាគរយនេះ ត្រូវបានធ្វើឡើងតាមរូបមន្តចំនួន២ផ្សេងគ្នា រវាងអ្នកដែលមានឯកសារដើមនៃតម្លៃទ្រព្យ និងអ្នកមិនមានឯកសារតម្លៃទ្រព្យដើម ដែលអ្នកត្រូវជាប់ពន្ធអាចជ្រើសរើសបាន។

សូមមើលពីទម្រង់នៃរូបមន្តការគណនា ដូចមាននៅខាងក្រោមនេះ ៖

វិភាគៈតើមហាអំណាចសេដ្ឋកិច្ចទាំងបីនៅអាស៊ីកំពុងព្យាយាមប្រជែងឥទ្ធិពលគ្នា នៅកម្ពុជា?

ដោយ៖ ប៊ី

ភ្នំពេញៈ កម្ពុជាដូចជាកូនក្រមុំមួយ ជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងលឿន ដែលប្រទេសនេះសម្រេចបានកំនើនប្រហែល៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។

ប្រហែលពាក់កណ្តាល នៃប្រជាជនមានអាយុក្រោម២៥ឆ្នាំ ដូច្នេះកំណើនសេដ្ឋកិច្ចរឹងមាំត្រូវបានគេរំពឹងទុក។ តម្រូវការហេដ្ឋារចនាសម្ព័ន្ធសង្គមមានកម្រិតខ្ពស់ ព្រោះកន្លែងពាក់ព័ន្ធមិនគ្រប់គ្រាន់នៅក្នុងប្រទេស។

ប្រទេសកម្ពុជាមានបទប្បញ្ញត្តិចំនួនស្តីពីមូលធនបរទេស។ នៅក្នុងវិស័យភាគច្រើន ការវិនិយោគត្រូវបានអនុញ្ញាតតាមការរាយការណ៍ ហើយភាពជាម្ចាស់បរទេស ១០០ភាគរយត្រូវបានអនុញ្ញាត។ ប្រតិបត្តិការភាគច្រើនធ្វើឡើង តាមរយៈប្រាក់ដុល្លារអាមេរិក មិនមែនរូបិយប័ណ្ណក្នុងស្រុកទេ ដូច្នេះហានិភ័យនៃការផ្លាស់ប្តូរប្រាក់មានតិចតួច។ គម្រោងវិនិយោគ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា ត្រូវបានរួចផុតពីពន្ធសាជីវកម្ម និងពន្ធនាំចូលសម្រាប់វត្ថុធាតុដើម និងគ្រឿងបរិក្ខារសម្រាប់រយៈពេល៩ឆ្នាំ។ នោះហើយជាមូលហេតុ ដែលប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាទិសដៅវិនិយោគដ៏ទាក់ទាញមួយ។

ដោយសារសេដ្ឋកិច្ចកម្ពុជាបានកើនឡើងច្រើនជាង៧ ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោ​យនេះ។ នៅប្រទេសកម្ពុជា កម្រិតប្រាក់ឈ្នួលមានកម្រិតទាប ដែលជាចំណុចខ្លាំងមួយទៀត។ កាលពីឆ្នាំមុន ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅក្នុងវិស័យកាត់ដេររបស់ប្រទេសនេះមានចំនួន១៨២ដុល្លារអាមេរិក ដែលស្មើនឹង៦០ភាគរយ នៃប្រាក់ឈ្នួលរប​ស់ប្រទេសថៃដែលនៅជិតខាង។ បំពាក់ដោយមានកម្លាំងពលកម្មវ័យក្មេង និងសម្បូរបែប ប្រទេសកម្ពុជាមានអត្រាចូលរួមកម្លាំងខ្ពស់បំផុត នៅក្នុងអាស៊ាន។

ជាមួយអំណោយផលទាំងនេះ ប្រទេសចិន ជប៉ុន និងកូរេខាងត្បូង ដែលជាមហាអំណាចសេដ្ឋកិច្ចទាំងបីនៅអាស៊ី ហាក់ដូចជាកំពុងប្រជែងឥទ្ធិពលនៅកម្ពុជា ខណៈសកម្មភាពផ្សេងៗត្រូវបានធ្វើឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

កាលខែសីហា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បានក្លាយជាអ្នកការទូតបរទេសដំបូងគេ ដែលបានចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំពេលមានការរីករាលដាលនៃជំងឺ COVID-19។

ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច៤ប្រទេស គឺមិនត្រឹមតែជាដំណើរក្នុងតំបន់ធម្មតា ដែលត្រូវបានធ្វើឡើងដើម្បីពង្រឹងចំណងការទូតទ្វេភាគីនោះទេ ប៉ុន្តែដើម្បីឆ្លុះបញ្ចាំងពីសាមគ្គីភាពក្នុងគ្រាលំបាក។ ផ្ទុយទៅវិញ បញ្ហាក្នុងតំបន់ដែលមានជម្លោះមួយចំនួន ដែលរួមមានគំនិតសេរី និងបើកទូលាយនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលផ្សព្វផ្សាយដោយជប៉ុន ក៏ដូចជាភាពតានតឹងនៅសមុទ្រចិនខាងត្បូង បានគ្របដណ្តប់លើរបៀបវារៈ នៃដំណើរទស្សនកិច្ចរបស់លោក Motegi។ (ដកស្រង់ពីគេទំព័រ The Diplomat)។

ដំណើរទស្សនកិច្ចរបស់លោកបានបង្ហាញថា ប្រទេសជប៉ុនកំពុងបោះជំហានមួយទៀត ដើម្បីពង្រីកការចូលរួមរបស់ខ្លួនជាមួយកម្ពុជា ដែលជាសម្ព័ន្ធមិត្តដ៏លេចធ្លោជាងគេមួយក្នុងចំណោមសម្ព័ន្ធមិត្តរបស់ចិននៅក្នុងតំបន់។ ក្រៅពីប្រទេសកម្ពុជាដំណើរទស្សនកិច្ចរបស់លោក Motegi  លោកក៏បានធ្វើទស្សនៈកិច្ចនៅប្រទេសឡាវ និងមីយ៉ាន់ម៉ា – ដែលជាកន្លែងដែលចិនក៏មានឥទ្ធិពលខ្លាំងផងដែរ។

តើអ្វីបានជំរុញឱ្យជប៉ុនចាត់វិធានការភ្លាមៗ ដើម្បីពង្រីកតួនាទីក្នុងតំបន់? ច្បាស់ណាស់ការបង្រីកឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង បង្ហាញនៅក្នុងការទាមទារទឹកដីទាំងនៅបូព៌ា និងសមុទ្រចិនខាងត្បូង។

នៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលត្រូវបានចេញផ្សាយកាលពីខែមុន រដ្ឋាភិបាលជប៉ុនដែលស្ថិត នៅក្រោមលោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន ក៏ដូចជាការលាតត្រដាងដោយឯករាជ្យជាឯកតោភាគី លើការទាមទារទឹកដីរបស់ចិនទាំងនៅសមុទ្រចិនខាងកើត និងខាងត្បូង ខណៈពេលដែលប្រទេសផ្សេងៗទៀតមាន ត្រូវបានជាប់គាំងនៅក្នុងសមរភូមិប្រឆាំងនឹងរោគរាតត្បាត។

ដំណើរទស្សនកិច្ចថ្នាក់តំបន់របស់រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្តល់ដល់ប្រទេសវៀតណាម ដែលជាអ្នកទាមទារសមុទ្រចិនខាងត្បូងមួយផ្សេងទៀតនូវនាវាល្បាតចំនួន៦គ្រឿង ដែលនឹងបង្កើនសមត្ថភាពយោធារបស់វៀតណាម។ ប្រទេសជប៉ុនបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដល់ការធ្វើឱ្យមានភាពសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក។

វាមិនត្រឹមតែការឈ្លានពានរបស់ចិនប៉ុណ្ណោះទេ ដែលមានសារៈសំខាន់ចំពោះប្រទេសជប៉ុននៅពេលនេះ។ ឥទ្ធិពលរបស់ចិន ក្នុងការជួយប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏បង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រទេសជប៉ុន។ ចាប់ពីរម៉ាសរហូតវ៉ាក់សាំង ក្រុងប៉េកាំងបានដាក់ពង្រាយឧបករណ៍ ដែលអាចធ្វើបានទាំងអស់។ ក្នុងករណីទីក្រុងប៉េកាំងជោគជ័យ ក្នុងការបង្កើតវ៉ាក់សាំងការពារCOVID-19 ដែលជាអ្វីដែលថ្នាក់ដឹកនាំចិន ហៅថា “ផលល្អសាធារណៈ” ដែលនឹងត្រូវចែកចាយដល់ពិភពលោកទាំងមូល នោះទីក្រុងតូក្យូនឹងឃើញថា វាកាន់តែមានលក្ខណៈយុទ្ធសាស្ត្រខ្លាំង ដើម្បីប្រកួតប្រជែងជាមួយចិន។

ប្រសិនបើប្រទេសជប៉ុនមិនធ្វើសកម្មភាពភ្លាមៗទេ វាប្រហែលជាឆ្ងាយពីការនាំមុខរបស់ខ្លួន។

ការទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

នៅប្រទេសកម្ពុជា លោកMotegi បានពន្យល់យ៉ាងច្បាស់ដល់សមភាគីកម្ពុជារបស់លោក គឺលោកប្រាក់ សុខុនថា វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់គំនិតសេរី និងបើកទូលាយនៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងបន្ថែមទៀត ខណៈដែលស្ថានភាពអន្តរជាតិ បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសារលទ្ធផលនៃជំងឺCOVID-19។

ណែនាំដោយលោកអាបេនៅឆ្នាំ2016 យុទ្ធសាស្រ្ត គោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់អាស៊ី អាហ្រ្វិក និងមជ្ឈឹមខាងកើត ខណៈពេលផ្តោតលើសារៈសំខាន់នៃប្រព័ន្ធអន្តរជាតិច្បាប់ ដែលមានមូលដ្ឋានរួមទាំងសេរីភាព ដូចជាការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ ក្នុងអំឡុងពេលនៃការជួបសម្តែងការគួរសម ថ្នាក់ដឹកនាំកម្ពុជា ដើម្បីពង្រឹងយុទ្ធសាស្ត្រឥណ្ឌូ ប៉ាស៊ីហ្វិក លោក Motegi បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមបញ្ចូលទាំងការអភិវឌ្ឍន៍ កំពង់ផែទឹកជ្រៅ តែមួយគត់របស់ប្រទេសកម្ពុជា នៅខេត្តព្រះសីហនុ ដែលជាខេត្ត ដែលមានការវិនិយោគរបស់ចិនច្រើន លើការវិនិយោគនៅក្នុងកាស៊ីណូរហូត ការសាងសង់សណ្ឋាគារ និងភោជនីយដ្ឋាន។

លោកបន្តថា “គម្រោងធ្វើទំនើបកម្មកំពង់ផែនេះ ត្រូវបានផ្តល់មូលនិធិដោយប្រាក់កម្ចីរបស់រដ្ឋាភិបាលជប៉ុនចំនួន២០៩លានដុល្លារ។ នៅពេលសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ កំពង់ផែនេះត្រូវបានរំពឹងថា ជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយ ដែលជម្រុញកំណើនសេដ្ឋកិច្ច”។

ទោះយ៉ាងណាគិតត្រឹមខែមិថុនា ចិននៅតែជាវិនិយោគិនធំជាងគេ នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនចិនមានចំនួនភាគច្រើននៃ គម្រោងវិនិយោគចំនួន១៩៤ដែលកំពុងសាងសង់នៅខេត្តនេះ នៅចន្លោះឆ្នាំ ១៩៩៤ និង ២០២០ ដែលមានតម្លៃសរុប៣០ពាន់លានដុល្លារ។

តាមរយៈការអះអាងពីសារៈសំខាន់ នៃការពង្រឹងក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រទេ​សជប៉ុន កំពុងព្យាយាមពង្រឹងជំហររបស់ខ្លួន ក្នុងការប្រកួតប្រជែងឥទ្ធិពលរបស់ចិននៅកម្ពុជា ជាពិសេសនិងក្នុងតំបន់។ នៅក្នុងគំនិតនេះ វាជាការសំខាន់ណាស់ ដែលប្រទេសជប៉ុនខិតខំបន្ថែមទៀតដើម្បីគាំទ្រ និងធ្វើការជាមួយប្រទេសនានា ដែលចាត់ទុកតួនាទីរបស់ខ្លួននៅក្នុងតំបន់ គឺមានសារៈសំខាន់ ក៏ដូចជាប្រទេសណាមួយដែលចិនកំពុងមានឥទ្ធិពល។

គ្មានអ្វីប្លែកទេ ដែលជប៉ុននៅតែចាត់ទុកកម្ពុជា ជាដៃគូក្នុងតំបន់ដ៏សំខាន់។ ហើយការធានាថា ប្រទេសកម្ពុជានឹងមិនបន្តធ្លាក់ចូល ទៅក្នុងគន្លងប្រទេសចិនទៀតទេ គឺជាគោលដៅសំខាន់មួយរបស់ទីក្រុងតូក្យូ។ ប៉ុន្តែជប៉ុន ដែលគាំទ្រគម្រោងដែលបានលើកឡើងខាងលើ ប្រហែលជាមិនគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយចិននៅកម្ពុជាទេ។ ប្រទេសជប៉ុន ក៏ត្រូវធ្វើថែមទៀតក្នុងការពង្រីកការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងឥទ្ធិពលរបស់ចិន។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់ជប៉ុន ប្រទេសកម្ពុជាបានបង្ហាញចំណាប់អារ​ម្មណ៍ និងចាប់យកគំនិតឥណ្ឌូ ប៉ាស៊ីហ្វិកដែលដឹកនាំដោយជប៉ុន។  កម្ពុជាជឿជាក់ថា យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើវិបុលភាពសេដ្ឋកិច្ច តាមរយៈការចូលរួមកាន់តែជិតស្និទ្ធជាជាង ជំរុញឱ្យប្រទេសពាក់ព័ន្ធចូលរួម ដែលអាចប្រថុយនឹងការអព្យាក្រឹតភាព និងធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។

ដូចដែលបានឃើញក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានព្យាយាមបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីលើកកម្ពស់ ទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ាន ដែលរក្សាអាស៊ាន ជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ជាមួយភាពនៅកណ្តាលរបស់អាស៊ាន ប្រព័ន្ធផ្អែកលើគោលការណ៍ និងគោលការណ៍នៃការមិនជ្រៀតជ្រែក។

កូរ៉េខាងត្បូងពន្លឿនការចរចាពាណិជ្ជជាមួយកម្ពុជា

ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានបញ្ចប់កិច្ចចរចាលើកទី២ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីថ្ងៃពុធកន្លងមកនេះ ជាមួយនឹងការរីកចម្រើនជាវិជ្ជមានកាលពីថ្មីៗនេះ ខណៈយ៉ាងហោចកិច្ចចរចាចំនួន២ជុំទៀត នឹងត្រូវធ្វើឡើងបន្តទៀត មុនពេលប្រទេសទាំងពីរចុះហត្ថលេខា។

ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជា​មួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ប៉ុន្តែប្រសិទ្ធភាពនិងកម្រិតនៃកតិកាសញ្ញាពាណិជ្ជកម្មគឺនៅមានកម្រិតនៅឡើយ។ ទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរំពឹងទុកកំពុងកើនឡើងខ្ពស់ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកូរ៉េខាងត្បូង និងកម្ពុជា។

លោក Kim Hyun-su ប្រធានក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅក្រោមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

ជាមួយគោលនយោបាយ ដែលគេហៅថា “គោលនយោបាយខាងត្បូង”ប្រទេសកូរ៉េ ព្យាយាមបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួយអាស៊ានឱ្យមានកម្រិតដូចគ្នានឹងប្រទេសដែលមានប្រទេសធំៗ ចំនួនបួនដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ី។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជាបានចាប់ផ្តើមការសិក្សាលទ្ធភាពរួមគ្នាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ពួកគេស្របតាមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន។

តាមពិតប្រទេសទាំងពីរ បានស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កូរ៉េខាងត្បូង-អាស៊ាន ដែលបានចូលជាធរមានក្នុងឆ្នាំ២០០។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកូរ៉េខាងត្បូង និងកម្ពុជាមានគោលបំណងលើកកម្ពស់ ការចូលទៅកាន់ទីផ្សារកាន់តែច្រើនជាមួយ FTA ដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។

ប្រហែលពាក់កណ្តាលនៃពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ជាមួយអាស៊ានផ្តោតលើប្រទេសវៀតណាម។ ដៃគូពាណិជ្ជកម្មធំៗទាំងបី ក្នុងតំបន់គឺវៀតណាម សឹង្ហបុរី និងម៉ាឡេស៊ី ដែលគ្របដណ្តប់ជាង៧០ភាគរយ នៃពាណិជ្ជកម្មសរុប របស់កូរ៉េខាងត្បូងជាមួយអាស៊ាន។ សម្រាប់ប្រទេសកូរ៉េខាងត្បូង វាចាំបាច់ក្នុងការធ្វើពិពិធកម្មដៃគូ សេដ្ឋកិច្ចរបស់ខ្លួន និងស្វែងរកទីផ្សារអ្នកប្រើប្រាស់ និងមូលដ្ឋានផលិតកម្មថ្មី។ ប្រទេសកម្ពុជាគឺជាប្រទេសជោគជ័យមួយ ដែលត្រូវបានគេជឿជាក់ថា អាចបំពេញតាមតម្រូវការនេះ។

ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលគេស្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំមុន។

ឈានមួយជំហានទៀត ប្រទេសកូរ៉េបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមកិច្ចចរចាFTA ជាមួយកម្ពុជានៅឆ្នាំនេះ ដូច្នេះវានឹងធានាបាននូវការរីកចម្រើនថ្មីមួយ។ កម្ពុជាពិតជាត្រូវបានគេចាត់ទុកថា ជាដៃគូពាណិជ្ជកម្មដ៏ទាក់ទាញមួយ៕