ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងពន្ធលើចំណេញមូលធន ដែលនឹងត្រូវបានចាប់អនុវត្តនៅដើមខែមករា ឆ្នាំ២០២១ខាងមុខ រហូតមកដល់ពេលនេះ នៅមានប្រជាជនមួយចំនួនហាក់មិនទាន់បានយល់ច្បាស់ពីរបៀបនៃការគិត និងគណនាទៅលើអត្រាពន្ធចំនួន ២០ភាគរយថេរនៅឡើយនោះទេ ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិត កែន សម្បត្តិ បានពន្យល់លម្អិតបន្ថែមជុំវិញពន្ធលើចំណេញមូលធនជូនប្រជាពលរដ្ឋ បន្ទាប់ពីមានចម្ងល់មួយចំនួនដែលនៅមិនទាន់យល់ច្បាស់អំពីពន្ធចំណេញមូលធនចំនួន២០ភាគរយនេះ។
លោកបណ្ឌិត កែន សម្បត្តិ បានបញ្ជាក់ថា “ថ្មីៗក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានចេញនូវសេចក្ដី ប្រកាសស្ដីពី ពន្ធចំណេញមូលធន ។ ពាក្យថាចំណេញមូលធននេះ គឺសំដៅលើការយកពន្ធលើចំណេញទាំងឡាយណា សម្រេចបានពីការលក់ និងផ្ទេរមូលធន ហើយពន្ធនេះជាប្រាក់ចំណូលជាប់ពន្ធ ដែលបានមកពីការលក់ និងផ្ទេរមូលធនដកការកាត់កងចំណាយដែលអនុញ្ញាត”។
លោកបានបញ្ជាក់ឱ្យដឹងថា ចំពោះការអនុវត្តពន្ធលើចំណេញមូលធននេះរួមមាន៦ផ្នែក ដូចជាទី១ ផ្នែកអចលនទ្រព្យ (ដី ផ្ទះ អគារ សំណង់ផ្សេងៗ) ទី២ផ្នែកភតិសន្យា (Leasing) ទី៣ ផ្នែកទ្រព្យវិនិយោគ (ភាគហ៊ុន សញ្ញាបណ្ណ មូលបត្រ) ទី៤ផ្នែកកេរ្តិ៍ឈ្មោះអាជីវកម្ម (អាជ្ញារប័ណ្ណ យីហោ) ទី៥ផ្នែកកម្មសិទ្ធិបញ្ញា (ម៉ាកពាណិជ្ជកម្ម ប្រកាសនីយបត្រ ជាដើម) ហើយទី៦ ផ្នែករូបិយបណ្ណបរទេស ។
លោកបានព្ន្យល់ថា ចំពោះអត្រានៃការបង់ពន្ធលើចំណេញមូលធន ២០ភាគរយនេះ គឺត្រូវធ្វើឡើងតែលើប្រាក់ចំណេញតែប៉ុណ្ណោះ ។ មានន័យថា ការគណនាពន្ធត្រូវបានធ្វើឡើងតែទៅលើតម្លៃ២០ភាគរយនៃប្រាក់សរុប។ ឧទាហរណ៍ ៖ តម្លៃផ្ទះដែលលក់បានជាក់ស្ដែងចំនួន១លានដុល្លារ ដូច្នេះ គេដកចំនួន៨០ម៉ឺនទុក ហើយនៅសល់២០ម៉ឺនត្រូវយកមកគិតអត្រាពន្ធដែលត្រូវបង់ចំនួន២០ភាគរយតែប៉ុណ្ណោះ ហើយប្រាក់ដែលត្រូវបង់ពន្ធលើចំណេញមូលធនគឺចំនួន៤ម៉ឹនដុល្លារ។
សម្រាប់រូបមន្ត្រនៃការគណនាទៅលើពន្ធលើចំណេញមូលធនចំនួន ២០ភាគរយនេះ ត្រូវបានធ្វើឡើងតាមរូបមន្តចំនួន២ផ្សេងគ្នា រវាងអ្នកដែលមានឯកសារដើមនៃតម្លៃទ្រព្យ និងអ្នកមិនមានឯកសារតម្លៃទ្រព្យដើម ដែលអ្នកត្រូវជាប់ពន្ធអាចជ្រើសរើសបាន។
សូមមើលពីទម្រង់នៃរូបមន្តការគណនា ដូចមាននៅខាងក្រោមនេះ ៖