រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ៧ចំណុច និង​ហាម​មាន​ពិធី​ជួបជុំ​រហូតដល់​ខែកញ្ញា ដើម្បី​រឹតបណ្តឹង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជាថ្មី នៃ​ជំងឺ COVID-19

ដោយ  ៖  រ៉ា​ណេ​ត

ភ្នំពេញ  ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ​សាជាថ្មី​ដោយ​តម្រូវអោយ​អាជ្ញាធរ​មូលដ្ឋាន  និង​ប្រជា​ជា​ពលរដ្ឋ  ក៏ដូចជា កម្មករ_កម្មការិនី​ទាំងអស់​បន្ត​ចូលរួម​អនុវត្ត​នូវ​វិធានការ​ការពារ នុង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ Covid-19   សាជាថ្មី។

នៅក្នុង​សេចក្ដីប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បាន​បន្ដ​ចេញ​សេចក្ដីណែនាំ ចំនួន០៧ចំណុច ជូន​រដ្ឋបាល​ខណ្ឌ​ទាំង១៤ ដើម្បី​បន្ដ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ការងារ​តាមដាន ការអនុវត្ត​វិធានការ​ការពារ រលក​ទី២ នៃ​ជំងឺ COVID-19  ដោយ សេចក្ដី ណែនាំ​មាន​ដូចខាងក្រោម ៖

* ទី១៖ ត្រូវ​បន្ត​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ស្នាក់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជាពិសេស​កម្មករ-កម្មការិនី នៅតាម​បណ្ដា​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​អនុវត្ត​នូវ​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ COVID-19 និង​កែប្រែ​ឥរិយាបថ នៃ​ការរស់នៅ​ប្រចាំថ្ងៃ ឲ្យ​ស្របតាម​បរិបទ នៃ​ការប្រយុទ្ធ​នឹង​មេរោគ COVID-19 ដោយ​ត្រូវ​លាងដៃ​ជាប្រចាំ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​ក្រមា និង​ត្រូវ​ខ្ទប់មាត់ នៅពេល​ក្អក ឬ​កណ្ដាស់ ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត​គម្លាត សុវត្ថិភាព​សង្គម និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់។

* ទី២៖ ត្រូវ​បន្ត​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ ដូចជា​កម្មវិធី​ជប់លៀង ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់។ល។ នៅក្នុង​មូលដ្ឋាន រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ។

* ទី៣៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា​ឲ្យ​អនុវត្ត វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល មេរោគ COVID-19 ក្នុងនោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ ត្រូវ​រៀបចំ​ជែ​ល ឬ​អាល់កុល​លាងដៃ នៅមុខ​ច្រកទ្វារ​ចេញ-ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក ឲ្យ​ធ្វើការ​វាស់ កម្ដៅ​ភ្ញៀវ​ទាំងអស់​មុននឹង​អនុញ្ញាត​ឲ្យ​ចូលក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង អាជីវកម្ម​ខាងលើ មិន​អនុវត្តតាម​ការណែនាំ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន។

* ទី៤៖ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយ ចំនួន​ដូចជា ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌី​ស្តូ​តែ​ក បៀរហ្គាឌិន) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា។

* ទី៥៖ ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើប​អញ្ជើញ​មកពី​ក្រៅប្រទេស និង​ណែនាំ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ចាំបាច់ ក្នុង​រយៈពេល១៤ថ្ងៃ ហើយ​ក្នុងករណី​សង្ស័យ ឬ​មាន​អា​ការៈមិន​ស្រួលខ្លួន ដូចជា​ក្ដៅខ្លួន ក្អក ឈឺបំពង់ក ឬ​ពិបាក​ដកដង្ហើម ត្រូវ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​នៅ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ជាបន្ទាន់ ឬ​ត្រូវ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅ​លេខ១១៥ ។

* ទី៦៖ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ដែល​បញ្ជូន​មកពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែកលើ​លទ្ធផល នៃ​ការតាមដាន​សុខភាព។

* ទី៧៖ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ COVID-19 ផ្សេងទៀត របស់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន៕

តើ​អាស៊ាន​គួរ​ធ្វើ​ដូចម្តេច ក្នុងកំឡុងពេល​វិបត្តិ​នេះ ?

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្លុក​តំបន់​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជា​ចម្បង ដោយសារតែ​តំបន់​ភូមិសាស្ត្រ​នៅ​ជិត​ប្រទេស​ចិន និង​លំហូរ​ពាណិជ្ជកម្ម​ខ្ពស់​រវាង​តំបន់ និង​ប្រទេស​នេះ។

អាស៊ាន​មិនដែល​ប្រឈមមុខ​នឹង​បញ្ហា​ដូចជា Covid-19 កាលពីមុន​នោះទេ។ គិត​ត្រឹម​ថ្ងៃទី ២០ ឧសភា ចំនួន​ករណី​សរុប​ដែល​រាយការណ៍​ដោយ​អាស៊ាន​បាន​កើន​លើស ៧២ ៥៩០ ករណី។ ហេតុដូច្នេះ ទំហំ​ដ៏​ធំ​នៃ​ការផ្ទុះ​ឡើង​នេះ​បាន​នាំមក​នូវ​កិច្ចការ​ចាំបាច់​សម្រាប់​តំបន់​ដើម្បី​ធ្វើ​សកម្មភាព​រួមមួយ​ឱ្យបាន​រឹងមាំ ជា​ប្រព័ន្ធ​អន្តរជាតិ ដើម្បី​ការពារ​ខ្លួនឯង។

មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អាស៊ាន​ក្នុងការ​ដោះស្រាយ​ជាមួយ​ជំងឺ​រាតត្បាត​គឺ​ការ​រួបរួមគ្នា និង​រួមគ្នា​ជា​តំបន់​មួយ។

វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នៃ Covid-19 នៅក្នុង​អាស៊ាន​ជាមួយនឹង​ហេតុផល​សំខាន់២ ។

ទី១ អាស៊ាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពិភពលោក។ ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ចំពោះ​អាស៊ាន និង​ប្រទេស​ទាំង២ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ហើយ​ភាពជិតស្និទ្ធ​នៃ​តំបន់​ទៅ​អាស៊ី​ខាងត្បូង អាស៊ាន​មិនគួរ​ព្រងើយកន្តើយ​ឡើយ។

មូលហេតុ​មួយទៀត​គឺថា សមាគម​អាស៊ី​ខាងត្បូង​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ជារឿយៗជួប​ការលំបាក នៅពេល​និយាយ​អំពី​គំនិត​នៃ​ការឯកភាព​គ្នា និង​សមាហរណកម្ម​តំបន់ ដោយសារតែ​ភាពខុសគ្នា​នៃ​វិធីសាស្ត្រ​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​របស់ខ្លួន។ ម្យ៉ាងវិញទៀត​អាស៊ាន​បាន​រីកចំរើន ដោយសារតែ​គោលការណ៍​ដែល​ជំរុញ​សមាហរណកម្ម​តំបន់។

ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​អាស៊ាន​ឥឡូវនេះ​កំពុង​ដោះស្រាយ​ជាមួយនឹង​ដំណាក់កាល​ទី៣នៃ​ជំងឺ COVID-19 ដែលជា​ដំណាក់កាល​ចម្លង​សហគមន៍។ ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ក្នុងចំណោម​ប្រទេស​សមាជិក​គឺ​ប្រទេស​សឹង្ហ​បូរី មាន​ករណី​ឆ្លង​វីរុស​ហ៊ី​វ ២៩ ២៩៣៦៤ នាក់ មាន ២២ នាក់​ស្លាប់ បន្ទាប់មក​ឥណ្ឌូណេស៊ី​មាន ១៩ ១៨៩ ករណី​គិត​ត្រឹម​ថ្ងៃទី ២០ ឧសភា ។

រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ បាន​រាយការណ៍​ថា មាន​ករណី​តិចតួច បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​លោកខាងលិច។ ទោះយ៉ាងណា​អ្វីដែល​ធ្វើឱ្យមាន​បញ្ហា​ដល់​អាស៊ាន​គឺថា​ចំនួន​អ្នក​ឆ្លង​នេះ​ទំនងជា​នឹង​កើនឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ ផ្អែកលើ​អង្គហេតុ និង​តួលេខ​ដែលមាន​ស្រាប់ មិនអាច​ប៉ាន់ស្មាន​បាន​ថា ប្រជាជន​រាប់ពាន់នាក់​ទៀត​នៅ​ទូទាំង​អាស៊ាន​នឹងរង​ផលប៉ះពាល់ ដែល​អាច​បង្ក​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់​បន្ថែម​ទៀត​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់។

សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ អាច​ទទួលបាន​ប្រាក់កម្ចី​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ខិតខំ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។ ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​សេណា​រី​យ៉ូ​បច្ចុប្បន្ន ទីផ្សារ​អន្តរជាតិ​ប្រហែលជា​មិនទាន់​ត្រៀមខ្លួន ដើម្បី​គាំទ្រ​ដល់​កំណើន និង​សេដ្ឋកិច្ច​របស់​អាស៊ាន​ឱ្យបាន​គ្រប់គ្រាន់​នោះទេ។ ដូច្នេះ វា​ជាការ​ចាំបាច់​សម្រាប់​សេដ្ឋ​កិច្ច​អាស៊ាន​ដើម្បី​រួមគ្នា។

រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ធ្វើ​តេ​ស្តិ៍​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ហើយ​គួរតែ​ដោះស្រាយ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន។ អ្វីដែល​ត្រូវធ្វើ​គឺ​ត្រូវ​អភិវឌ្ឍន៍​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅតាម​បណ្តា​ប្រទេស​អាស៊ាន ដែល​មិនសូវមាន​ការអភិវឌ្ឍ ដូចជា​ឡាវ និង​មី​យ៉ាន់​ម៉ា ព្រោះ​ពួកគេ​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​ដោយ​ខ្លួនឯង​ទេ ជាពិសេស​ប្រសិនបើ​ជំងឺ​រីក​រាលដាល។

ទោះបី​រដ្ឋមន្ត្រីការបរទេស​អាស៊ីអាគ្នេយ៍​បាន​ពិភាក្សា​អំពី​ការបង្កើត​មូលនិធិ​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​នឹង​ការ​រាតត្បាត​ក៏ដោយ ក៏​មូលនិធិ​តែមួយ​មិន​គ្រប់គ្រាន់​ទេ។ រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​ផ្សេងគ្នា​ចាំបាច់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុម័ត​គោលនយោបាយ ដែលមាន​ប្រសិទ្ធភាព​ចំណាយ ដើម្បី​ជួយ​គ្រប់គ្រង។ នៅពេល​ប្រទេស​សមាជិក​បំពាក់​ជាមួយ​វេជ្ជសាស្ត្រ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះឡើង ពួកគេ​គួរតែ​ចាប់ផ្តើម​ជួយ​ប្រទេសជិតខាង​អាស៊ាន​ដទៃទៀត ព្រោះ​មាន​ភាពខុសគ្នា​នៃ​សេដ្ឋកិច្ច​ក្នុងចំណោម​សមាជិក​អាស៊ាន។

បណ្តា​ប្រទេស​ទាំងនេះ​ត្រូវការ​ឆ្លើយតប​ជារួម​ក្នុង​តំបន់។ បើ​មិន​ដូច្នោះ​ទេ ជំងឺ​នឹងមិន​ចាក​ចេញពី​តំបន់​នោះ​គ្រប់ពេល​ទេ។ Covid-19 មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជះឥទ្ធិពល​ដល់​វិស័យសេដ្ឋកិច្ច​សង្គម​នៅ​ទូទាំង​តំបន់​ទាំងមូល​ផងដែរ។

ការបោះ​ជំហាន​ទៅមុខ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​តំបន់​នេះ គឺ​ការបើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក៣ពិសេស​មួយ​នៅ​ថ្ងៃទី ១៤ ខែមេសា ដែល​រួមមាន​សមាជិក​អាស៊ាន​ទាំង ១០ ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ កិច្ច​ប្រជុំបាន​កើតឡើង បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការឆ្លើយតប​យឺត​ទៅនឹង​ជំងឺ​រាតត្បាត ជាពិសេស​នៅ​ដំណាក់កាល​ដំបូង។ រដ្ឋមន្ត្រី​ទាំងអស់​បាន​វិធានការ​ជាច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត ដែល​រួមមាន​ការបង្កើត​មូលនិធិ Covid-19 អាស៊ាន និង​យុទ្ធសាស្ត្រ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​សុខភាព​ពិភពលោក។

ចាប់តាំងពី​ពេលនោះ​មក ប្រទេស​វៀតណាម​បាន​បន្ថែម​ការគាំទ្រ​មួយចំនួន​ទៅលើ​ឧបករណ៍​វេជ្ជសាស្ត្រ ដែល​រួមមាន​សម្លៀកបំពាក់​ការពារ​ឯកទេស​វេជ្ជសាស្ត្រ ប្រព័ន្ធ​តេ​ស្តិ៍ និង​ឧបករណ៍​ធ្វើតេស្ត ដែលមាន​តម្លៃ ៣០៤០០០ ដុល្លារ​អាមេរិក​ដល់​ប្រទេស​ឡាវ និង​កម្ពុជា។ គំរូ​របស់​ប្រទេស​វៀតណាម​សម្រាប់​ទប់ទល់​នឹង​ការ​ផ្ទុះឡើង​ត្រូវបាន​ចាត់ទុកថា​ជា​គំរូ​ដែល​ទទួលបាន​ជោគជ័យ ហើយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ។

គំរូ​នេះ​ផ្តោតលើ​ការការពារ មាន​ប្រសិទ្ធភាព​ច្រើន​រហូតមក​ដល់ពេលនេះ។ ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​គួរតែ​ព្យាយាម​អនុវត្ត​គំរូ​នេះ ព្រោះ​វិធីសាស្ត្រ​នេះ​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​វៀតណាម​ជាមួយនឹង​ការថយចុះ​ចំនួន​ករណី​ឆ្លង។

ខណៈដែល​អាស៊ាន​គួរតែ​ចាត់ទុក Covid-19 ជា​បញ្ហា​ប្រឈម​ក្នុង​តំបន់ រដ្ឋ​ជា​សមាជិក​គួរតែ​ចៀសវាង​ភាពខុសគ្នា​នៃ​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ និង​ការពារ​កុំឱ្យ​មានការ​បែកបាក់​គ្នា​ថែមទៀត ដោយសារតែ​ភូមិសាស្ត្រ​នយោបាយ ជាពិសេស​នៅពេល​និយាយ​ដល់​អ្នក​ខាងក្រៅ។ ប្រទេស​ចិន​បាន និង​កំពុង​ផ្តល់ជំនួយ​ដល់​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ។ ឧទាហរណ៍ ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាច្រើន​ទៅកាន់​ប្រទេស​ហ្វីលីពីន​កាលពី​ខែមីនា។

អាស៊ាន​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនួយ​របស់​ចិន ព្រោះ​ចិន​តែងតែ​មើល​តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​មួយ​ដែល​អាច​គ្រប់គ្រង​បាន។ ឱកាស​នេះ​ពិតជា​ល្អ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការបង្កើន​អានុភាព​របស់ខ្លួន​លើ​ការទាមទារ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍។ អ្នក​ខាងក្រៅ​ផ្សេងទៀត​ដូចជា​ជប៉ុន ឥណ្ឌា និង​កូរ៉េខាងត្បូង​ឆ្ងាយ ដែល​ចិន​មិនអាច​គ្រប់គ្រង​លើ​តំបន់​នោះទេ។

បើ​គិតពី​កាលៈទេសៈ​នេះ ផែនការ​សកម្មភាពរ​បស់​អាស៊ាន​គួរតែ​ផ្តោតលើ ៤ ជំហាន។ ដំបូងបង្អស់ ប្រទេស​ជា​សមាជិក​អាស៊ាន​គួរតែ​ធ្វើការ​តេស្ត​រក​ជំងឺ​បន្ថែមទៀត និង​កំណត់​ករណី​ឆ្លង​ឱ្យបាន​ច្រើន​តាម​ដែល​ពួកគេ​អាចធ្វើ​បាន​នៅក្នុង​ព្រំដែន​របស់​ពួកគេ។ តម្លាភាព​នៃ​ករណី​ឆ្លង​គឺជា​គន្លឹះ​ក្នុងការ​ព​ន្លឿ​ន​ការខិតខំ​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ។

ទី២ អាស៊ាន​ត្រូវ​ឆ្លើយតប​រួមគ្នា និង​សកម្ម ជា​ប្លុក​មួយ​តាមរយៈ​ការសម្របសម្រួល​ភាព​គ្រប់​ជ្រុងជ្រោយ ការចែករំលែក​ព័ត៌មាន និង​ការបង្កើត​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព។

ទី៣ អាស៊ាន​គួរតែបង្កើត​គំរូ​ដែលមាន​ប្រសិទ្ធភាព ដូចជា​ធ្វើឱ្យ​ប្រដាប់ប្រដា​ធ្វើតេស្ត​តម្លៃ​ទាប ដើម្បី​សម្រួល​ដល់​ការ​តេស្ត។

ជា​ចុងក្រោយ អាស៊ាន​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​តិច​តូច​ទៅលើ​ភាពខុសគ្នា​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នៅក្នុង​គ្រា​លំបាក ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​មិនត្រូវ​ទុកឱ្យ​អ្នក​ខាងក្រៅ​ទាញយក​អត្ថប្រយោជន៍​ពី​ស្ថានការណ៍​នេះឡើយ។ ប្រសិនបើ Covid-19 មិន​ត្រូវបាន​ដោះស្រាយ​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​សមូហភាព វា​គំរាមកំហែង​រំខាន​ដល់​អាទិភាព​របស់​សមាជិក និង​សមិទ្ធផល​របស់ខ្លួន៕ Bangkok Post

តំបន់​ក្រាំងធ្នង់​នៅតែ​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅឋាន

ក្រាំងធ្នង់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖  តំបន់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ នៃ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជាពិសេស​វិស័យ​សំណង់​លំនៅឋាន​គ្រប់​ប្រភេទ ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ខណៈ​តំបន់​នេះ​មាន​សក្ដានុពល​វិនិយោគ​យ៉ាងខ្ពស់​ក្នុងចំណោម​តំបន់​ជាយក្រុង​ផ្សេងទៀត​របស់​ទីក្រុង​ភ្នំពេញ។

លោក  ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះ​ថា តំបន់​ជាយក្រុង​នាពេល​ប​ច្ចុច​ប្បន្ន​នេះ​ជាពិសេស​តំបន់​ក្រាំងធ្នង់ បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​ទាំង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ និង​អគារផ្សេងៗ ជាពិសេស​សំណង់​លំនៅឋាន។

លោក ច្រឹ​ក សុខ​នី​ម ថា តំបន់​ក្រាំងធ្នង់​នៃ​ខណ្ឌ​សែន​សុខ បាន​នឹង​កំពុង​ក្លាយទៅជា​តំបន់​រីកចម្រើន​ខ្លាំង​ដូច​តំបន់​ភ្នំពេញ​ថ្មី​ដូច្នេះ​ដែរ ដែល​កាលពីមុន​តំបន់​នេះ​គ្មាន​ការរីកចម្រើន មានតែ​ដីស្រែ តែ​នាពេល​បច្ចុប្បន្ន​តំបន់​នេះ មានការ​រីកចម្រើន​ខ្លាំង​ដែល​មិន​នឹកស្មាន​ដល់។

លោក​ថា តំបន់​ជាយក្រុង​ភ្នំពេញ​ទាំង៤ទិស​កន្លងមកនេះ​មានការ​រីកចំរើន ហើយ​ក្នុង​រយៈពេល៥ទៅ ១០ខាងមុខ​ទៀត នឹងមាន​ការរីកចម្រើន​ខ្លាំង​បន្ថែមទៀត ហើយ​វា​ជា​ឱកាស​សម្រាប់​អ្នក​ចង់​ទិញ​ដី​វិនិយោគ​បន្ត ដើម្បី​ទទួលបាន​ផលចំណេញ​ច្រើន ព្រោះ​ការ​រី​ចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ការរីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ និង​ប្រកបដោយ​ចីរភាព។

ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ KING Residence លោក ខុម មុនី​រតន៍ បានឱ្យដឹង​កាលពីពេល​កន្លងទៅ​ថា នៅ​តំបន់​ទល់មុខ​ព្រលាន ដូចជា​តំបន់​ឈូក​វ៉ា១ ឈូក​វ៉ា២ ឈូក​វ៉ា៣ ក៏ដូចជា​បន្តទៅ​ដល់​តំបន់​ក្រាំងធ្នង់ ពិត​ជាមាន​សកម្មភាព​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅឋាន​ខ្លាំង ប៉ុន្តែ​កំណើន​នៃ​តម្លៃ​គឺ​វា​មាន​កម្រិត។

លោក​បន្ថែមថា តំបន់​ទាំងនេះ ស័ក្ដិសម​ជាមួយនឹង​វិស័យ​លំនៅឋាន​កម្រិត​មធ្យម ត្រឹម​តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ ដោយសារតែ​ប្រជាជន​ដែល​ចូលទៅ​រស់នៅក្នុង​តំបន់​នេះ ភាគច្រើន​អាចមាន​លទ្ធភាព​រកបាន​ចំណូល​មិន​ខ្ពស់​ខ្លាំង​នោះទេ ដែល​អាច​និយាយបានថា​ស្ថិតនៅ​ត្រឹម​កម្រិត​កណ្តាល​ចុះក្រោម​តែប៉ុណ្ណោះ។

លោក ហ៊ឹម សីហា នាយក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា ទោះបី​កម្ពុជា​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ជំងឺ Covid-19  ក្នុង​រយៈពេល​ខ្លី​ក្នុង​កន្លងមកនេះ សម្រាប់​ការអភិវឌ្ឍ​គម្រោង និង​ការទិញ–លក់​លំនៅឋាន​នៅតែ​ដំណើរការ​ធម្មតា។

លោក​ថ្លែងថា “ចាប់តាំងពី​ដើមឆ្នាំ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ យើង​ឃើញ​មាន​គម្រោង​លំនៅឋានធំៗ និង​ក្រុម​អ្នកទិញ–លក់​នៅតែមាន​ការធ្វើសកម្មភាព ជាពិសេស​លើ​លំនៅឋាន​ពិត​ប្រក​ដ ឬ​ផ្ទះ​ដែលមាន​សំណង់​គ្រប់គ្រាន់ តែបើ​ដីធ្លី​ក្នុង​ទំហំធំៗអាចមាន​បញ្ហា​ខ្លះ” ។

លោក​បន្តថា លំនៅឋាន​ពិត​ប្រក​ដ ឬ​លំនៅឋាន​ដែលមាន​សំណង់​គ្រប់គ្រាន់ មាន​តម្រូវការ​ច្រើន និង​គ្មាន​ការ​ថមថយ ជាពិសេស​នោះ​អ្នក​អភិវឌ្ឍន៍​បាន​បញ្ចុះតម្លៃ ដែលមាន​ភាព​កាន់តែ​ងាយស្រួល​ដល់​ស្វែងរក​ទិញ ជាពិសេស​លំនៅឋាន​នៅតាម​បណ្តា​ជាយក្រុង​ភ្នំពេញ​មាន​ភាព​ទាក់ទាញ និង​សក្តានុពល​ខ្ពស់៕

គំនិត​វិនិយោគ​ថ្មី! វិនិយោគិន​អាស៊ី​កំពុង​ស្វែងរក​ទ្រព្យសម្បត្តិ ដែល​អាច​ទាញយក​ផលចំណេញ​ពី​គ​ន្លាត​សង្គម

ដោយ ៖ ប៊ី

វិនិយោគិន​អាស៊ី​កំពុង​ចាប់ផ្តើម​សែ្វ​ងរ​ក​ទិញ​អចលនទ្រព្យ​ដែល​នឹង​ទទួលបាន​អត្ថប្រយោជន៍ ស្របពេល​មានការ​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ធ្វើការ​កំពុងស្ថិត​ក្នុងពេល​វិបត្តិ COVID-19 ។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​វិនិយោគ TTB Partners ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង។

លោក Jonathan Bond សហ​ស្ថាប និក​ក្រុមហ៊ុន TTB បាន​និយាយថា ការផ្លាស់ប្តូរ​មករក​ការវិនិយោគ​បែបនេះ​បានកើត​ឡើង ដោយ​ការបិទទ្វារ​ប្រទេស និង​ទីក្រុង​ទូទាំង​ពិភពលោក ដែល​ជំរុញឱ្យមាន​ភាព​ទាក់ទាញ​លើ​កា​រិ​និ​យោគ​ផ្នែក​ការិយាល័យ និង​ឃ្លាំង​ជាយក្រុង​នៅ​អឺរ៉ុប ដែល​បម្រើ​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច។

ក្រុមហ៊ុន TTB Partners មាន​ជំនាញ​ក្នុង​ការភ្ជាប់​វិនិយោគិន​នៅ​អាស៊ី​ជាមួយ​អ្នកលក់​បរទេស។

លោក​បាន​មានប្រសាសន៍ថា “មាន​និន្នាការ​នៃ​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការងារ​ពី​ចម្ងាយ ដោយសារតែ​ជំងឺ Covid-19 ហើយ​នេះ​ជា​ព្រឹត្តិការណ៍ថ្មីៗដែល​បាន​កើតឡើង ព្រោះ​ការធ្វើដំណើរ​អាច​បណ្តាល​ឱ្យមាន​ហានិភ័យ​ខ្ពស់” ។

ក្រុមហ៊ុនធំៗ មួយចំនួន​នៅលើ​ពិភពលោក​កំពុង​ពិចារណា​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​ពួកគេ​ដើម្បី​ទាក​យក​ផលចំណេញ​កំពុង​ពេល​ជំងឺ Covid-19 ។

ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​រំពឹងថា​នឹង​ផ្លាស់ប្តូរ​ទីតាំង​បុគ្គលិក​ទៅ​ទីប្រជុំជន​ជាយក្រុង ខណៈ​ក្រុមហ៊ុន​មួយចំនួនទៀត​អាចឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ។  ទន្ទឹមនឹងនេះ ជំងឺ​រាតត្បាត​នេះ​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​លក់ (ប្រជាជនមាន​ការស្ទាក់ស្ទើ​រ​ក្នុងការ​ទៅ​ផ្សារ) ជំនួស​ឱ្យ​មាតិកា​កាន់តែច្រើន​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ។

ក្រុមហ៊ុន TTB បានឱ្យដឹងថា ខ្លួន​បាន​ទិញ​ភាគហ៊ុន​ភាគតិច​នៅក្នុង​ក្រុមហ៊ុន​អចលនៈទ្រព្យ M7 ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ប្រហែល ៥ ពាន់​លាន​អឺរ៉ូ (៧,៧៦ ពាន់​លាន​ដុល្លារ) នៅ​ទូទាំងប្រទេស​ចំនួន ១៤ នៅ​អឺរ៉ុប៕

ចរន្ត​វិនិយោគ​ដីធ្លី​ក្នុង​ខេត្ត​កែប​កាន់តែ​ទាក់ទាញ ក្រោយ​រដ្ឋាភិបាល​ប្រកាស​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​បន្ថែម

ទិដ្ឋភាពសាលាខេត្តកែបមើលពីលើ​អាកាស។ រូបថត៖ ហ្វេសប៊ុក​សាលាខេត្ត

ដោយ ៖ រ៉ា​ណេ​ត

កែប ៖ ខុសពី​បណ្តា​ខេត្ត​ដែល​ស្ថិត​នៅជាប់​តំបន់ឆ្នេរ​សមុទ្រ​ដូចគ្នា កែប គឺជា​ខេត្ត​មួយ​ដ៏​មាន​សក្ដានុពល និង​ទាក់ទាញ​ការវិនិយោគ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ធំៗដែល​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ជាពិសេស​ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ពង្រីក​វិសាលភាព​តំបន់​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ និង​កោះ​មួយចំនួនទៀត​នៅក្នុង​ខេត្ត​មួយ​នេះ ដែល​ធ្វើឱ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅតែមាន​សកម្មភាព។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kraty Realthy Co,.Ltd និង​ជា​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា លោក ចក់ ស៊ី​ណាត បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ​ថា ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺឆ្លង Covid-19 ដែល​បាន​ផ្ទុះឡើង​តាំងពី​ដើមឆ្នាំ២០២០ រហូតមកដល់​ពេលនេះ មិនបាន​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​អចលនទ្រព្យ ក៏ដូចជា​ចរន្ត​នៃ​ការទិញ-លក់​ដីធ្លី​នៅក្នុង​ខេត្ត​កែប​នោះទេ។

លោក​បាន​បន្តទៀតថា “កែប នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ​នៅក្នុង​វិស័យ​អចលនទ្រព្យ ពោលគឺ​មិនមាន​ការធ្លាក់ចុះ​នូវ​តម្លៃ​ដី ធ្លី ដូច​បណ្តា​ខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញ សកម្មភាព​នៃ​ការទិញ​លក់​ដីធ្លី​សម្រាប់​វិនិយោគ​ក្នុង​រយៈពេល​យូរ​នៅក្នុង​ខេត្ត​មួយ​នេះ ជាពិសេស​នៅតាម​តំបន់ឆ្នេរ និង​តំបន់​ជាប់​ភ្នំ នៅតែ​បន្ត​មាន មិន​ស្ងប់ស្ងាត់​នោះទេ” ។

លោក ចក់ ស៊ី​ណាត បាន​មានប្រសាសន៍​បន្តទៀតថា “ភាគច្រើន​ការវិនិយោគ​ដីធ្លី​នៅក្នុង​ខេត្ត​កែប គឺជា​ប្រភេទ​ការវិនិយោគ​ក្នុង​រយៈពេល​យូរអង្វែង ដែល​កម្រ​មាន​ការទិញ​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​ធ្វើការ​ពុះ​ជា​ដី​ឡូ​តិ៍​នោះទេ ពោលគឺ​ជាការ​វិនិយោគ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ជា​មណ្ឌល​កម្សាន្ត ដូចជា​តំបន់​ទេសចរណ៍​កែច្នៃ និង​តំបន់​លំនៅដ្ឋាន​បែប​លំហែរ​កាយ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​សម្រាប់​ដាក់លក់​ក្នុងតម្លៃ​ថ្លៃ​ក្រោយ​បញ្ចប់​ការសាងសង់​រួចរាល់” ។

ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​កែប ត្រូវបាន​លោក ចក់ ស៊ី​ណាត បង្ហើប​ប្រាប់​ពី​ថា “ទោះជា​មានការ​គំរាមកំហែង​ពី​វិបត្តិ​ន​ជំងឺឆ្លង Covid-19 ដែល​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​នៅតាម​បណ្តា​ខេត្ត​មួយចំនួនធំ​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ដីធ្លី​នៅក្នុង​ខេត្ត​កែប​ហាក់​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ជាក់ស្ដែង​ដូចជា​ដី​នៅក្បែរ​តំបន់ឆ្នេរ​មួយចំនួន​នៅ​រក្សាបាន​តម្លៃ​ខ្ពស់​ដដែល​ស្ថិតក្នុង​រង្វង់​ជាង ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា ដោយឡែក​ដី​ដែល​ស្ថិត​នៅជាប់​តំបន់ភ្នំ សម្រាប់​អភិវឌ្ឍ​ជា Resort ក៏​នៅតែ​រក្សាបាន​តម្លៃ​ខ្ពស់​ដូចគ្នា​ទៅនឹង​ឆ្នាំ​កន្លងទៅ​ដែរ ឬ​នៅ​ទីតាំង​ខ្លះ​ក៏មាន​ការកើនឡើង អាស្រ័យទៅលើ​តម្រូវការ​ចាំបាច់ និង​ជាក់ស្ដែង​របស់​អតិថិជន​ដែល​ចង់​ទិញ​សម្រាប់​អភិវឌ្ឍន៍។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ធ្លាប់បាន​មានប្រសាសន៍ថា ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត ហើយក៏​កំពុង​ទាមទារ​ឱ្យមាន​ការរៀបចំ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែមទៀត។ លោកស្រី​បាន​បញ្ជាក់ថា “បើទោះជា​រាជរដ្ឋាភិបាល សម្រេច​មិនឱ្យ​មាន​រោងចក្រ និង​មណ្ឌល​កម្សាន្ត កាស៊ីណូ​យ៉ាងណាក៏ដោយ ក៏​ខេត្ត​មួយ​នេះ​នៅតែមាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ​ដដែល ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូ​ជាដើម” ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោង ខុន ធ្លាប់បាន​ឱ្យដឹងថា ខេត្ត​កែប​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាកលំហែ​ក​ម្សា​ន្ត ប្រណិត​កម្រិត​ខ្ពស់ ខណៈ​បច្ចុប្បន្ននេះ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​នៅ​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ លោក​បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍​មានជំនឿថា ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក៕

តើ​វិស័យ​អចលនទ្រព្យ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មាន​ផលប៉ះពាល់​ដូចម្តេចខ្លះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​នេះ?

ដោយ ៖ ហ្សូ​លី

អារ៉ាប់ ៖ ឆ្នាំ២០២០នេះ​គឺជា​ឆ្នាំ​ដែល​ពិភពលោក​ទទួលរង​នូវ​ភាព​រងគ្រោះ​ជាច្រើន​ក្នុងនោះ​វិស័យ​អចលនទ្រព្យ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​មិនសូវមាន​ការលើកឡើង ក៏​ជួបប្រទះ​នូវ​ការប៉ះទង្គិច​ដែរ។ មេរោគ​នេះ​បាន​រារាំង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ ប្រតិបត្តិការ​ទ្រព្យសម្បត្តិ និង​សេដ្ឋកិច្ច​របស់​អារ៉ាប់​ប៊ី​សា​អូឌីត​កាន់តែ​ទូលំទូលាយ។

កំណែទម្រង់​របស់​រដ្ឋ​ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់​អចលនវត្ថុ​បាន​ជួយ​វិស័យ​លំនៅដ្ឋាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទ្រព្យសម្បត្តិ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ១៥ ខែ​កន្លងមក។  អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​ព្រមាន​ថា កម្រិត​ការិយាល័យ​ប្រហែលជា​នឹង​កើនឡើង នៅពេលដែល​ក្រុមហ៊ុន​ដែលមាន​ការលំបាក  និង​នាំឱ្យ​កាត់បន្ថយ​ចំណាយ​ខណៈពេលដែល​តម្លៃ​ផ្ទះ​និង​ថ្លៃ​ជួល​ពាណិជ្ជកម្ម​ទំនងជា​នឹង​ធ្លាក់ចុះ​ដោយសារតែ​តម្រូវការ​ធ្លាក់ចុះ។

ការកើនឡើង​ទាំងនេះ​ជា​សញ្ញា​បង្ហាញ​ពី​ការបញ្ចប់​នៃ​ការធ្លាក់ចុះ​នៃ​ទីផ្សារ។  ស​ន្ទ​ស្សន៍​អចលនទ្រព្យ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​រួមមាន​ទាំង​ពាណិជ្ជកម្ម​និង​ទ្រព្យសម្បត្តិ​លំនៅដ្ឋាន​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​ចាប់ពី​ដើមឆ្នាំ ២០១៥ រហូតដល់​ដំណាច់ឆ្នាំ ២០១៨ ។

គំនិត​ផ្តួចផ្តើម​របស់​រដ្ឋ​ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​នឹង​បើក​សេដ្ឋកិច្ច​ឱ្យមាន​ការចូលរួម​ពី​បរទេស​កាន់តែច្រើនឡើងៗ មានការ​ងើបឡើង​វិញ​កាលពី​ឆ្នាំមុន។

ព្រះរាជាណាចក្រ​នេះ​មាន​គោលបំណង​បង្កើន​ភាពជា​ម្ចាស់​គេហដ្ឋាន​ដល់ ៦០ ភាគរយ​ក្នុងចំណោម​ជនជាតិ និង​បង្កើន​ប្រាក់កម្ចី​បញ្ចាំ​សរុប​រហូតដល់ ១៣៣,៩ ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ ២០២០ ។

យោងតាម​អ្នកពិគ្រោះ​យោបល់ CBRE បានឱ្យដឹងថា នៅ​ទីក្រុង​រី​យ៉ា​ដ​តែមួយ​ទំហំ​និង​តម្លៃ​នៃ​ប្រតិបត្តិការ​អចលនទ្រព្យ​លំនៅដ្ឋាន រួមទាំង​ប្រាក់កម្ចី​ទិញ​ផ្ទះ​និង​ការលក់​សាច់ប្រាក់​បាន​កើនឡើង ៥៣ ភាគរយ និង ៦៣ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​ឆ្នាំ ២០១៩ ។

ទិន្នន័យ​ដំបូង​ពី​ក្រុមហ៊ុន Knight Frank បាន​បង្ហាញថា​តម្លៃ​លំនៅដ្ឋាន​បាន​កើនឡើង​បន្ថែមទៀត​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០២។ តម្លៃ​អា​ផាត​មិន​និង​វីឡា​បាន​កើនឡើង ៤,២ ភាគរយ  និង ៦,៣ ភាគរយ នៅក្នុង​ទីក្រុង​រី​យ៉ា​ដ ហើយ ៦,១ ភាគរយ​និង ៣,១ ភាគរយ​នៅក្នុង​ទីក្រុង​ជេ​ដា។

លោក Taimur Khan ដៃគូ​សហការ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ knightFrank បាន​មានប្រសាសន៍ថា“ ក្នុងដំណាក់កាល​នេះ​វា​ពិបាក​ក្នុងការ​ព្យាករ​ពី​ចលនា​ពិត​នៃ​តម្លៃ​នៅក្នុង​តំបន់​លំនៅដ្ឋាន។ ដោយសារតែ​ការបិទទ្វារ​យ៉ាង​តឹងរឹង និង​បើកចំហរ និង​ផលប៉ះពាល់​ដែល​រំពឹងទុក​លើ​សេដ្ឋកិច្ច យើង​រំពឹងថា​ទីផ្សារ​លំនៅដ្ឋាន​ទំនងជា​នឹងមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​សកម្មភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។  លទ្ធផល​នេះ​នឹងដាក់​សម្ពាធ​លើ​តម្លៃ​ទំនិញ” ។

Knight Frank បាន​ប៉ាន់ប្រមាណ​ថា កម្រិត​អចលនវត្ថុ​ទំនេរ​នៅ​រី​យ៉ា​ត​ទំនងជា​កើនឡើង​ជាពិសេស​នៅពេលដែល​តំបន់​ដែល​អាច​ជួល​របស់​រដ្ឋធានី​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​កើន​ឡើងដល់ ៥,១៤ លាន​ម៉ែត្រក្រឡា​នៅ​ឆ្នាំ ២០២២ ពី ៣,៩៩ លាន​ម៉ែត្រការ៉េ​នៅ​ចុងឆ្នាំ ២០១៩ ។ កិច្ចព្រមព្រៀង​ដែល​កំពុងដំណើរការ​មួយចំនួន​ត្រូវបាន​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ដែល​បង្ហាញ​ពី​ទស្សនៈ​ទុទិដ្ឋិនិយម​រយៈពេល​វែង​ដែល​ក្រុមហ៊ុន​ភាគច្រើន​កំពុង​ទទួលយក។

ក្នុង​រយៈពេល ១៨ ខែ​កន្លងមកនេះ​ការបន្ធូរបន្ថយ​វិធានការ​វិនិយោគ​របស់​រដ្ឋាភិបាល ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​បាន​នាំឱ្យមាន​ការសាកសួរ​ពី​ក្រុមហ៊ុន​ក្នុង​តំបន់​និង​ពិភពលោក​ដែល​ស្វែងរក​ការបង្កើត ឬ​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត៕

ចំណេះដឹង! តើ​កាតព្វកិច្ចសំខាន់ៗអ្វីខ្លះ​ដើម្បី​គាំទ្រ​វិនិយោគិន​តាម​បណ្តា​ខេត្ត?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ នៅក្នុង​ចក្ខុវិស័យ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​បាន​ផ្ដោត​យកចិត្តទុកដាក់​ខ្លាំង​លើ​ការលើកកម្ពស់​ផលិតកម្ម និង​ការធានា​គុណភាព​នៃ​ផលិតផល​ឱ្យស្រប​តាម​ស្ដង់ដារ​របស់​ទីផ្សារ ការការពារ​កម្មសិទ្ធិ​បញ្ញា ការទប់ស្កាត់​ការ​ក្លែងបន្លំ ការពង្រឹង​យន្ដការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដើម្បី​ធានា​ឱ្យ​ការនាំចេញ​ទៅកាន់​ក្រៅប្រទេស។

ក្រសួងពាណិជ្ជកម្ម បានដាក់​ចេញ​នូវ​គោលនយោបាយថ្មីៗ ប្រកបដោយ​ទស្សនទាន​ពាណិជ្ជកម្មល្អៗ និង​មុត​ស្រួច ជាពិសេស​ការបើកចំហ​ជើងមេឃ លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវាកម្ម វិនិយោគ កម្លាំង​ពលកម្ម និង​មូលធន ដែល​ធ្វើយ៉ាងណា​ជំរុញ និង​លើកស្ទួយ​ឱ្យមាន​សកម្មភាព​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

ក្រសួងពាណិជ្ជកម្ម ក៏បាន​កំណត់​នូវ​កាតព្វកិច្ច​ចម្បង​ចំនួន៤ ដែល​តម្រូវឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​អនុវត្ត​ផងដែរ ដែល​ក្នុងនោះ​រួមមាន​ដូចជា៖ ទី១-ការចេញលិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម។ ទី២-ការចេញលិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ​គ្រប់​ប្រភេទ។

ទី៣-ការត្រួតពិនិត្យ​លើ​ការបិទ​ស្លាក​ថ្លៃ​លើ​មុខទំនិញ និង​សេវា​គ្រប់​ប្រភេទ និង​ការ​ស្រង់​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ចាំបាច់​ប្រចាំ​ជីវភាព​ប្រចាំថ្ងៃ។និង ទី៤-ការស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រសួង​ក៍​បានធ្វើ​ប្រតិភូកម្ម​ការគ្រប់គ្រង​ការចេញ លិខិត​អនុ​ញ្ញ​ត​រៀបចំ​ពិព័រណ៍​កម្ម ដែលមាន​ចំនួន​ស្តង់​ចាប់ពី ៥០ស្តង់​ចុះ ឱ្យមក​មន្ទីរ​ពាណិជ្ជក​ម្ម រាជធានី ខេត្ត​អនុវត្ត៕

ផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ឆ្លងកាត់ខេត្តកណ្តាលដោះស្រាយសម្រេចជិត ៦០ភាគរយ

ដោយ ៖ វុត្ថា

កណ្តាល ៖ អាជ្ញាធរខេត្តកណ្តាលបានដោះស្រាយផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលឆ្លងកាត់នៅក្នុងមូលដ្ឋានខេត្ត សម្រេចបានជិត ៦០ ភាគរយ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីដំណោះស្រាយផលប៉ះពាល់បាន ៨៨,៨៤ ភាគរយ គិតត្រឹមខែមេសា ឆ្នាំ ២០២០ លើគម្រោងទាំងមូល ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំប្រជុំមួយស្តីពីការដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនឆ្លងកាត់ស្រុកអង្គស្នួល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៨៧.០៥គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៥ ក្នុងស្រុកអង្គស្នួល ក្នុងនោះមាន ឃុំពើក ឃុំឆក់ឈើនាង ឃុំបែកចាន ឃុំសំរោងលើ និងឃុំដំណាក់អំពិល ដែលមានប្រវែង ៨.៩២ គីឡូម៉ែត្រ។ លោកបន្តថា កន្លងមកក្រុមការងារអន្តរក្រសួង និងអាជ្ញាធរ បានដោះស្រាយរួចរាល់បានប្រវែង ៥.២២គីឡូម៉ែត្រ នៃប្រវែងផ្លូវ ៨.៩២គីឡូម៉ែត្រ ស្មើនឹង៥៨.៥២ភាគរយ។

ជាមួយគ្នានេះ លោកបានស្នើឱ្យក្រុមការងារអន្តរក្រសួងបន្តសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ដើម្បីដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលមិនទាន់ព្រមព្រៀងលើដំណោះស្រាយរបស់ក្រុមការងារ ហើយការដោះស្រាយនេះត្រូវតែប្រើវិធីសាស្រ្តដ៏ទន់ភ្លន់ និងស្របតាមទិដ្ឋភាពច្បាប់ ដើម្បីឱ្យគម្រោងផ្លូវល្បឿនលឿនអាចដំណើរការសាងសង់ និងបញ្ចប់ការងារតាមផែនការគ្រោងទុកនៅដំណាច់ឆ្នាំ២០២២ ។

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway ) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានការសាងសងប្រមាណ ២០,៦៥ ភាគរយ និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤ ភាគរយ គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយចំណាយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ខាងមុខ នេះ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ២០០០លានដុល្លារអាមេរិក៕

ធនាគារជាតិជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បន្តដោះស្រាយជាមួយអតិថិជនជួបវិបត្តិដោយសន្តិវិធី

ដោយ ៖ រ៉ាណេត

បន្ទាយមានជ័យ ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានទទូច និងជំរុញឱ្យបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេស ត្រូវបន្តត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញសម្រាប់គ្រប់វិស័យ។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាថ្នាក់ខេត្តនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ “កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 ”នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា បន្ថែមលើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជាកន្លងមកនេះ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ។

លោកបានបញ្ជាក់ទៀតថា ក្រៅពីការចូលរួមអនុវត្តនូវវិធានការដែលដាក់ចេញដោយធនគារជាតិនៃកម្ពុជាពីសំណាក់បណ្តាគ្រឹះស្ថានធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានក៏ត្រូវបន្តចូលរួមសហការយ៉ាជិតស្និទ្ធជាមួយគ្រឹះស្ថានដែលពាក់ព័ន្ធទាំងអស់ ហើយនៅក្នុងនោះ ប្រជាពលរដ្ឋដែលជាអតិថិជន ក៏ត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។

ក្រៅពីការជំរុញ និងលើកទឹកចិត្តពីសំណាក់មន្ត្រីដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាក្រោមវត្តមានរបស់លោក ជា ចាន់តូ នៅក្នុងអង្គសិក្ខាសាលាខាងលើនេះ បានបង្ហាញពីគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗរបស់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យអនុវត្តតាមវិធានការដែលបានដាក់ចេញកាលពីពេលកន្លងទៅផងដែរ។

ទី១- គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ។

ទី២- អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។

ទី៣- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។

ទី៤- បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺ Covid-19 ៕

មជ្ឈមណ្ឌលពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន នឹងបង្ហាញខ្លួនលើទំហំដី ២៥ហិកតា នៅខេត្តពោធិ៍សាត់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងសាងសង់មជ្ឈមណ្ឌលពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន « SAMDACH HUN SEN SPORT CENTER» ស្ថិតលើផ្ទៃដីប្រមាណ២៥ហិកតា ក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នេះ បើយោងតាមកិច្ចប្រជុំពិភាក្សារវាងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមយនឹងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវ (៨ និង១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ។ល។ ពហុកីឡដ្ឋាននេះ នឹងឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្តក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ។

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមិនទាន់បានបង្ហាញពីទំហំទឹកប្រាក់ និងពេលវេលានៃការចាប់ផ្តើមសាងសាង់នូវពហុកីឡដ្ឋាននេះនៅឡើយទេ ខណៈខេត្តនេះ បានទទួលគម្រោងវិនិយោគលើវិស័យសាធារណៈ និងឯកជន និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានដាក់ចេញនូវផែនការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គមឱ្យមានការរីកចំរើនបន្ថែមទៀត។

“ពោធិ៍សាត់” គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២ ៦៩២គីឡូម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង ព្រមទាំងមានព្រំដែននៃប្រទេសថៃ ។ ខេត្តដែលនៅមិនឆ្ងាយពីភ្នំពេញមួយនេះមានសក្តានុពលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មដ៏មានឥទ្ធិពលមួយរបស់កម្ពុជា៕