ចំណេះដឹង! តើ​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​ទិសដៅ​យ៉ាងណា?

ដោយៈ វុត្ថា

ភ្នំពេញៈ ស្របតាម​កាល​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា ការធ្វើ​ពាណិជ្ជកម្ម​មួយចំនួន​បានចាប់ផ្តើម​ងាក ទៅរក​ការពឹងផ្អែក​ប្រព័ន្ធ​អេឡិចត្រូនិក ធ្វើជា​មធ្យោបាយ​ក្នុងការ​ធ្វើ​ជំនួញ ក្នុងនោះ​រួម​កិច្ចទំនាក់ទំនង​អាជីវកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ  ដែល​បង្ហាញថា កម្ពុជា​កំពុង​ឈានទៅរក​បដិវត្តន៍​ឧស្សាហកម្ម៤.0 ។

ស្រប​ជាមួយគ្នានេះ កម្ពុជា​បាន​បង្កើត​ច្បាប់​ស្ដីពី «ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក» គឹ​ដើម្បី​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង និង​ក្រៅប្រទេស​ប្រកបដោយ​ទំនុកចិត្ត តាមរយៈ​ការទទួលស្គាល់​សុពលភាព អនុ​ភា ព ភាព​អាច​អនុវត្តបាន និង​ភាព​អាច​ទទួលយកបាន​នៃ​ទំនាក់ទំនង​អេឡិចត្រូនិក កំណត់ត្រា​អេឡិចត្រូនិក និង​កិច្ចសន្យា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

លើសពីនេះ ច្បាប់​នេះ​នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ វិស័យ​ឌីជីថល​នៅ​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ធានាបាន​នូវ​ការប្រកប​អាជីវកម្ម ស្របតាម​ក្របខណ្ឌ​ច្បាប់ ដែល​គាំទ្រ​រាល់​សកម្មភាព និង​ប្រតិបត្តិការ​អាជីវក​ម្មគ្រ​ប់​ទម្រ​ង តាម​ប្រព័ន្ធ​អន​ឡាញ​អេឡិចត្រូនិក និង​ឌីជីថល។

ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ នឹង​ផ្តល់​សារៈប្រយោជន៍​ក្នុងការ​សម្រួល និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទាំង​ក្នុងប្រទេស និង​អន្តរជាតិ ដើម្បី​ធានា​ទាំង​ផ្នែក​ច្បាប់ សុក្រឹតភាព និង​ភាព​អាច​ជឿ​ទុកចិត្តបាន នៃ​ទម្រង់​អេឡិចត្រូនិក និង​ទំនាក់ទំនង​អេឡិចត្រូនិក សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា និង​ជាមួយ​អន្តរជាតិ។

បង្កើន​ប្រសិទ្ធភាព ក្នុង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ពី​សំណាក់​ក្រ សួង-ស្ថាប័នរដ្ឋ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ចុះបញ្ជី ការបង្កើត ឬ​ការ​រក្សាទុក​ក្នុង​ទម្រង់​អេឡិចត្រូនិក​ជាមួយ​ក្រសួង ស្ថាប័នរដ្ឋ តាមរយៈ​កា​រទ​ទួ ល​ស្គាល់​សកម្មភាព និង​ប្រ​អេឡិចត្រូនិក។

លើក​កំពស់​ទំនុកចិត្ត​ដល់​សាធារណជន ក្នុងការ​ប្រើប្រាស់​ទំនាក់​ទំនង​អេឡិចត្រូនិក​ក្នុង​សកម្មភាព និង​ប្រតិបត្តិការ​នានា តាមរយៈ​ការទទួលស្គាល់​សុពលភាព អានុភាព​គតិយុត្ត និង​ភាព​អាចអនុវត្ត​បាន​នៃ​ទម្រង់​អេឡិចត្រូនិក កំណត់ត្រា​អេឡិចត្រូនិក ភស្តុតាង​អេឡិចត្រូនិក ហត្ថលេខា​អេឡិចត្រូនិក និង​ធានា​ដល់​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ឆាប់រហ័ស និង​មាន​សុវត្ថិភាព។

លើកកម្ពស់​កិច្ចការពារ​អ្នកប្រើប្រាស់ នៅក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ​ការការពារ​ព័ត៌មាន​ឯកជន​ដល់​អ្នកប្រើប្រាស់ និង​ការទទួលបាន​ព័ត៌មាន​ច្បាស់ លាស់ និង​គ្រប់គ្រាន់​អំពី​ទំនិញ ឬ​សេវា​ដាក់លក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

ទប់ស្កាត់​រាល់​សកម្មភាព ដែល​បង្កឱ្យមាន​ការប៉ះពាល់ ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត៕

អភិបាលខេត្ត៖ ដីតំបន់ឆ្នេរខេត្តកំពតប្រវែង៦៦,៥គីឡូម៉ែត្រ ត្រូវបានទន្ទ្រានកាន់កាប់

ដោយវុត្ថា

កំពត៖ ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង ៦៦,៥គីឡូម៉ែត្រ ហើយ ក្នុងនោះត្រូវបានរងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើង ដោយមានការកាប់ព្រៃកោងកាងឬចាក់ដីលុប ជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។


នេះគឺការលើកលើកឡើងរបស់ លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកំពតនាថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០នេះ ដើម្បីពិនិត្យ និងពិភាក្សា រកវិធានការ បង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសដែលជនល្មើសបានបង្កឡើងក្នុង សកម្មភាព រូបភាព ទន្ទ្រានកាន់កាប់ ដីតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។

លោកថ្លែងថា “សកម្មភាពបែបនេះជាបញ្ហាមួយ បានធ្វើឱ្យរដ្ឋបាលខេត្តត្រូវតែមានការយកចិត្តទុកដាក់ ចាប់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យជាបន្ទាន់” ។

ជាពិសេស លោកអភិបាលខេត្តបានស្នើដល់មន្ទីរ អង្គភាពជំនាញ នឹងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានស្នើដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការរៀបចំតំបន់ឆ្នេរ រួមទាំងគណៈអភិបាលខេត្តនីមួយៗនៅតាមតំបន់ឆ្នេរទាំង ៤ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារតំបន់ឆ្នេរឲ្យបានគង់វង្ស និងកុំឱ្យមានការទន្ទ្រានយកធ្វើជាកម្មសិទ្ធិ បើនៅតែបន្តទន្ទ្រានកាន់កាប់នោះ កម្ពុជាអាចនឹងប្រឈមការដកចេញពីសមាជិកតំបន់ឆ្នេរស្អាតលើពិភពលោក។

សម្តេចតេជោថ្លែងថា “ពិតមែនហើយ យើងមានគណៈកម្មការឆ្នេរដែលមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជាប្រធាន (គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ) និងមានរដ្ឋមន្ត្រីមួយចំនួនធ្វើជាអនុប្រធាន។ ក៏ប៉ុន្តែភារកិច្ចទទួលខុសត្រូវត្រូវតែជាគណៈអភិបាលខេត្តនីមួយៗត្រូវទទួលខុសត្រូវមើលឲ្យបានដិតដល់ឲ្យបានល្អិតល្អន់។ ហាមចាក់ដីនៅទីកន្លែងណា ដែលគ្មានការអនុញ្ញាត”៕

តម្លៃដីធ្លីក្រុងព្រះសីហនុ បានប្រែទៅរកទីផ្សារថ្មីស្របតាមសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ស្ថិតក្នុងភាពស្ងប់ស្ងាត់នៃការសាងសង់សំណង់ធំៗដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនបរទេស តម្លៃដីធ្លីនៅទូទាំងក្រុងព្រះសីហនុមានការធ្លាក់ចុះបន្តិច និងប្រែទៅរកតម្លៃទីផ្សារថ្មីមួយទៀតស្របទៅនឹងចរន្តសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ០២០នេះថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុបច្ចុប្បន្នមានភាពប្រែប្រួល ទាំងសកម្មភាពអភិវឌ្ឍន៍ក្នុងវិស័យសំណង ការធ្លាក់ចុះតម្លៃ ក៏ដូចជាការវិនិយោគក្នុងវិស័យដីធ្លីផងដែរ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ក្រោយភាពស្ងប់ស្ងាត់ចាប់តាំងពីដើមឆ្នាំមក ពេលនេះឃើញមានជនជាតិចិនមួយចំនួនដែលជាអ្នករកស៊ីធ្វើសកម្មភាពលើអាជីវកម្មរបស់ខ្លួន ប៉ុន្តែសម្រាប់អ្នកវិនិយោគធំៗនៅមិនទាន់ត្រឡប់មកវិញទេ ហើយក្នុងនោះអគារពាណិជ្ជកម្មធំៗក៏នៅបន្តបិទទ្វារមិនទាន់មានដំណើរនោះដែរ។ សម្រាប់ការទិញ-លក់អចលនទ្រព្យ ជាពិសេសវិស័យដីធ្លី គឺស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នាពាក់ព័ន្ធទៅនឹងតម្លៃ ដែលអ្នកលក់ចង់រក្សាតម្លៃខ្ពស់ ហើយអ្នកទិញព្យាយាមបន្ទាបតម្លៃ”។

លោកបានបញ្ជាក់ថា “តម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុកាលពីដើមឆ្នាំ២០១៩ បានឡើងខ្ពស់ខ្លាំងក្នុងល្បឿនមួយយ៉ាងលឿន ប៉ុន្តែពេលនេះតម្លៃខ្ពស់ទាំងនោះបានក្លាយជាបញ្ហាចោទមួយចំនួនសម្រាប់អ្នកលក់។ កាលពីពាក់កណ្តាលឆ្នាំ២០១៩ តម្លៃដីនៅកណ្តាលក្រុងព្រះសីហនុ តំបន់ខ្លះបានឡើងរហូតដល់៥០០០-៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនអាចលក់បានទេនៅពាក់កណ្តាលឆ្នាំនេះ ហើយអ្នកទិញទៀតសោតក៏ព្យាយាមបន្ទាបតម្លៃនៅត្រឹម ៣០០០-៤០០០ដុល្លារតែប៉ុណ្ណោះ ហើយនៅតំបន់ដទៃទៀតក៏មានការធ្លាក់ចុះនូវតម្លៃដូចគ្នា”។

ជាមួយនឹងការធ្លាក់តម្លៃដីធ្លីទាំងនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ “ទោះជាតម្លៃមានការធ្លាក់ចុះនូវតម្លៃដូចបានបង្ហាញខាងលើនេះ ប៉ុន្តែបើប្រៀបធៀបទៅនឹងចរន្តសេដ្ឋកិច្ចនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន គឺមានភាពសមស្រប និងជាតម្លៃទីផ្សារថ្មី ដែលវាជារឿងល្អ អនុគ្រោះដល់ដំណើរនៃការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,.Ltd លោក ចក់ ស៊ីណាត បានទទួលស្គាល់ពីការធ្លាក់ចុះតម្លៃដីធ្លីក្នុងក្រុងព្រះសីហនុ ប៉ុន្តែលោកអះអាងថា ការធ្លាក់ចុះនៃតម្លៃនេះមិនបានជះឥទ្ធិពលអាក្រក់ និងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ និងដីធ្លីនៅក្នុងក្រុងដែលកំពុងរីកដុះដាល់សំណង់អាគារជាច្រើនមួយនេះនោះទេ។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បញ្ជាក់ថា “ទោះជាតម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុមានការធ្លាក់ចុះ ប៉ុន្តែបើប្រៀបធៀបនឹងតម្លៃទីផ្សាររួម គឺនៅតែមានឱកាសចំណេញសម្រាប់អ្នកលក់ ដោយសារតែភាគច្រើនអ្នកទិញទុកវិនិយោគក្នុងរយៈពេលយូរ បានទិញតាំងពីតម្លៃដីធ្លីនៅទាបនៅឡើយ ពោលសម្រាប់អ្នកដែលបានទិញក្នុងអឡុងដើមឆ្នាំ២០១៩ ហើយលក់ពេលនេះខណៈដែលតម្លៃមានការធ្លាក់ចុះនៅពេលនេះ គឺនៅតែមានលទ្ធភាពចំណេញ”។

លោកបានបញ្ជាក់ថា “នៅក្នុងដំណាក់កាលនេះ ប្រសិនបើសកម្មភាពនៃការទិញលក់នៅក្នុងតម្លៃសមរម្យ ឬតម្លៃទីផ្សារស្របទៅនឹងសេដ្ឋកិច្ចក្នុងតំបន់ជាក់ស្ដែង គឺពិតជាចំណុចល្អដែលជួយជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុមានសកម្មភាពឡើងវិញ បើទោះជាវត្តមានក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ធំៗមកពីក្រៅស្រុកនៅបន្តជាប់គាំងក៏ដោយ” ៕

ខេត្តចំនួន ៣ ដែលជាប់ឈ្មោះជាតំបន់ត្រូវប៉ាន់លើការវិនិយោគអចលនទ្រព្យ

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងមានតម្រូវការអចលនវត្ថុច្រើន មិនថានៅ លំនៅដ្ឋាន ខុនដូ អាផាតមិន ឬដីធ្លីនោះទេ។ សព្វថ្ងៃចំនួនប្រជាជនកំពុងមានកំណើន ដែលជាហេតុបណ្តាលឱ្យតម្រូវការអចលនទ្រព្យកើនឡើងស្ទើរគ្រប់ទីកន្លែងមិនថា ក្នុងក្រុង ជាយក្រុង ឬបណ្តារខេត្តនោះទេ។

ខេត្តចំនួន ៣ ដែលកំពុងមានសក្តានុពលអភិវឌ្ឍ និងរីកដុះដាលទៅលើបណ្តាញសេដ្ឋកិច្ច និងទេសចរណ៍ បានទាក់ទាញអ្នកវិនិយោគជាច្រើនមកធ្វើការទិញ-លក់ អចលនទ្រព្យ។
ទី ១ គឺខេត្តសៀមរាប ដោយសារតែខេត្តនេះជាខេត្តឈានមុខគេក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជាទីតាំងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដែលជាហេតុអនុញ្ញាតឱ្យទីផ្សារអចលនទ្រព្យមានភាពទូលំទូលាយ ដូចជា ការបង្កើតសណ្ឋាគារ គម្រោងលំនៅដ្ឋាន បុរីលំនៅដ្ឋាន អាផាតមិនសម្រាប់ជួលរយៈពេលខ្លីឬវែង ជាដើម។ ខេត្តសៀមរាបមានព្រលានយន្តហោះអន្តរជាតិ និងនាំឱ្យការវិនិយោគលើវិស័យអចលនទ្រព្យរឹតតែមានភាពល្អប្រសើរ។

ខេត្តសៀមរាបក្រៅពីអចលនទ្រព្យរស់នៅ ក៏នៅមានប្រជាប្រិយភាពចំពោះប្រភេទអចលនទ្រព្យពាណិជ្ជកម្មដែរ ដូចជាផ្សារទំនើប ភោជនីយដ្ឋាន ឬហាងទំនិញនានា។ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យស្ថិតចំកណ្តាលទីក្រុងសៀមរាប នឹងមានឱកាសក្នុងការចំណេញច្រើននៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាតបញ្ចប់។

ទី ២ គឺខេត្តព្រះសីហនុ ដែលមានឆ្នេរខ្សាច់ល្អឥតខ្ចោះ ស្រស់ស្អាតប្រចាំតំបន់អាស៊ី។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងរៀបចំសណ្តាប់ធ្នាប់ឱ្យរៀបរយ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី។ ជនជាតិចិន ឈានមុខគេក្នុងការវិនិយោគអចលនទ្រព្យដោយហ៊ានឱ្យតម្លៃខ្ពស់ទ្វេដងទៅដល់ម្ចាស់អចលនវត្ថុ កាលពីចន្លោះឆ្នាំ ២០១៦ និង ២០១៨។ បន្ទាប់ពីរដ្ឋាភិបាលបានបិទនិងបញ្ជាឱ្យបញ្ឍប់ការបើកកាស៊ីណូល្បែងរួចមក អចលនទ្រព្យទាំងនោះបានក្លាយទៅជាសណ្ឋាគារធំៗ ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងរកចំណូលជូនប្រទេសជាតិផងដែរ។ លើសពីនេះ ខេត្តព្រះសីហនុមានការអំណោយផលទីតាំងភូមិសាស្រ្តច្រើនដូចជា ព្រលានយន្តហោះ កំពង់ផែ និងទឹកសមុទ្រ ទើបបណ្តាលឱ្យមានការបង្កើតឡើងនូវរីសត និងផ្ទះលំហែកាយ។

ចុងក្រោយនេះ គឺខេត្តបាត់ដំបង ដែលជាខេត្តកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ និងជាខេត្តបង្កបង្កើនផលកសិកម្មច្រើនជាងគេ និងលេចធ្លោក្នុងប្រទេសកម្ពុជា។ ថ្វីត្បិតតែមិនទាន់មានភាពពេញនិយម និងទាក់ទាញខ្លាំងពីសំណាក់អ្នកវិនិយោគអចលនទ្រព្យក្តី ប៉ុន្តែទីតាំងខេត្តនេះមានភាពល្អប្រសើរនិងអំណោយផល ព្រោះជីវភាពប្រជាជនខេត្តនេះមានភាពធូរធារច្រើន។ នៅចំកណ្តាលក្រុងច្រើនតែជាសំណង់ម៉ូដបុរាណរចនាបថបារាំង ហើយគឺជាតំបន់មានភាពទាក់ទាញអ្នកវិនិយោគបរទេសច្រើន រីឯតម្លៃវិញខ្ពស់គួរសមល្មម អាចសាងសង់ជាផ្ទះវីឡា ឬទុកជាដីចំការក៏បាន៕ InvestAsian

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិ នៅខេត្តបាត់ដំបង

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានទំហំ ៣៥៣,៩ ហិចតា ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីជាការអភិរ្ស និងថែរក្សាធនធានធម្មជាតិដែលមានស្រាប់ និងពង្រឹងវិស័យទេសចរណ៍នៅក្នុងតំបន់ផងដែរ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិធម្មជាតិ ភ្នំប្រាំពីរ ដែលមានទំហំ ៣៥៣,៩ ហិចតា ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ នេះ នឹងត្រូវអភិរក្ស ដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិសម្រាប់បម្រើដល់ការកម្សាន្ត ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ ជំនឿ ដែលគ្រប់សកម្មភាពទាំងអស់ មិនបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៍។

នៅក្នុងអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ខាងលើនេះ រាជរដ្ឋាភិបាលបានតម្រូវឱ្យក្រសួងបរិស្ថាន មានសមត្ថកិច្ចក្នុងការរៀបចំ និងគ្រប់គ្រងតំបន់ខាងលើដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួងពាក់ព័ន្ធ រួមនឹងអភិបាលខេត្តបាត់ដំបង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីតទៅ៕

អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ១៧ម៉ឺននាក់ បានស្នើសុំរៀបចំឥណទានឡើងវិញ

ដោយវុត្ថា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនប្រមាណ ១៧៥.៣៦៤ នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញដោយសារ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះអតិថិជនចំនួន ១៥២.៨០៨ នាក់ ឬជិត ៩០%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនប្រមាណជា ៦៥៦ លានដុល្លារ។

នេះ បើយោងតាមទិន្នន័យចុងក្រោយដែលបង្ហាញដោយ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពី វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩» រៀបចំដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។

លោក គា បូរាណ ថ្លែងថា សមាជិករបស់សមាគមទាំង ១០៣ គ្រឹស្ថាន បានបង្ហាញការប្តេជ្ញាចិត្តនឹងដដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺកូវីដ ១៩ ស្របតាមការអំពាវរបស់រាជរដ្ឋាភិបាលក៏ដូចជាធានគារជាតិនៃកម្ពុជាផងដែរ។

លោកបន្តថា គ្រឹស្ថានហិរញ្ញវត្ថុ មានទិដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព “ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន” ។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលរួមមានដូចជា ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្ត្រគណនាអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលនៃការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួន ការបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំពោះចំណេះដឹងហិរញ្ញវត្ថុជាដើម។

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ ២០២០ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជា ចំនួនជាង ២,១ លាននាក់ និងមានឥណទានសរុបជាង ៣០ ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លារ) ខណៈអតិថិជនបញ្ញើសរុបមានចំនួនជាង ២,៨ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២៥ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លារ) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តភាព តមារយ់ការិយាល័យតំណាងចំនួន ១,៤៤៨ កន្លែង និងមានបុគ្គលិកបម្រើការងារចំនួន ៣៦,០៨៩ នាក់ នៅទូទាំង ២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា៕

អាកាសចរស៊ីវិលកម្ពុជា ចេញវិធានការ៤ចំណុចបន្ថែម ដើម្បីរឹតបន្តឹងការទប់ស្កាត់ជំងឺឆ្លង Covid-19 ក្នុងដឹកជញ្ជូនតាមផ្លូវអាកាស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង Covid-19 រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានចេញសេចក្ដីណែនាំ និងដាក់ចេញនូវវិធានការចំនួន៤ចំណុចបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងហោះហើរចេញចូលព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងសេចក្ដីប្រកាសដាក់ឱ្យអនុវត្តនូវវិធានការទាំង៤ចំណុចរួមមាន៖

ទី១- រាល់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគ Covid-19 ក្នុងរយៈពេល៧២ម៉ោង និងឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ត្រូវតែបង្ហាញឯកសារច្បាប់ដើមដល់មន្ត្រីបម្រើសេវាកម្មចុះឈ្មោះឡើងជិះយន្តហោះ នៅតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ។

ទី២- រាល់វិញ្ញាបនបត្របញ្ជាក់ពីសុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវតែចេញដោយមន្ទីរពេទ្យ វិទ្យាស្ថានសុខាភិបាល ស្ថាប័ន ភ្នាក់ងារ ឬក្រុមហ៊ុន ដែលអាចជឿទុកចិត្តបាន និងអាចទំនាក់ទំនងបានគ្រប់ពេលវេលា។

ទី៣- ក្រុមហ៊ុនអាកាសចរណ៍ ពុំអាចដឹកអ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ជាដាច់ខាត់ ប្រសិនបើចំណុចទី១ និងទី២ មិនបានបំពេញ។

ទី៤- ក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវមានភារកិច្ចដូចជា ៖
– ថតចម្លងទុកនូវវិញ្ញាបនបត្របញ្ជាក់ពីសុខភាព និងឯកសារធានារ៉ាប់រងសុខភាពរបស់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទុកជាឯកសារសម្រាប់រយៈពេល២០ថ្ងៃ ដើម្បីឆ្លើយតបរាល់សំណើរកិច្ចសហការស៊ើបអង្កេតណាមួយរបស់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ។

– ផ្ញើចំនួនអ្នកដំណើរសរុបលើកទី១ដែលបានកក់សំបុត្រយន្តហោះជារៀងរាល់ម៉ោង១០ព្រឹកឱ្យបានមុនមួយថ្ងៃ មុនពេលចាប់ផ្ដើមធ្វើការហោះហើរជូនដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

– ផ្ញើចំនួនអ្នកដំណើរសរុបចុងក្រោយ និងបញ្ជាក់ពីប្រភពដើមនៃចំណុចចាប់ផ្តើមធ្វើដំណើរ មុនពេលការហោះហើរមកកាន់ប្រទេសកម្ពុជា ជូនដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះថាបច្ចុប្បន្ននេះ ជើងហោះហើររបស់កម្ពុជាបានធ្លាក់ចុះ ខ្លាំងពោលគឺប្រមាណ៩៨ភាគរយ តែយ៉ាងណាក៏ដោយ យើងរំពឹងថានៅដើមខែកក្កដាខាងមុខនេះ កម្ពុជានឹងមានការកើនឡើងនូវជើងហោះហើរកើនឡើងចំនួន៤០ភាគរយវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airports បានឱ្យដឹងដែរអាកាសយដ្ឋានទាំងបីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបើកនិងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ជាធម្មតា បើទោះបីកម្ពុជា និងពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 យ៉ាងណាក្តី ៕

រដ្ឋបាលខេត្តព្រះវិហារកំពុងពង្រីកក្រុងដើម្បីឱ្យពលរដ្ឋសាងសង់លំនៅឋានឱ្យបានច្រើន

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចាប់ផ្តើមពង្រីកក្រុងរបស់ខ្លួនឱ្យបានកាន់តែធំបន្ថែមទៀត តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗនានា ដើម្បីឱ្យពលរដ្ឋអាចសាងសង់លំនៅឋានឱ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ននេះក្រុងរបស់ខេត្តនៅមានទំហំតូចនៅឡើយ។

លោក គោស៊ុ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ” នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា បច្ចុច្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតនៅជុំវិញក្រុងព្រះវិហារ ។

លោកថ្លែងថា “រដ្ឋបាលខេត្តបាននឹងកំពុងស្តារ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ជុំវិញក្រុង ក្នុងការពង្រីកក្រុងដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពក្នុងការសាងសងផ្ទះសម្រាប់រស់នៅឱ្យបានច្រើន ស្របតាមការរីកចំរើនរបស់ខេត្ត”។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តមានប្រវែង ៨០០ គីឡូម៉ែត្រ ដោយក្នុង ៥០០ គីឡូម៉ែត្រជាផ្លូវកៅស៊ូ និង ៣០០ ជាផ្លូវគ្រួសក្រហម ជាមួយគ្នានេះ រដ្ឋបាលខេត្តបាននឹងកំពុងលើកកម្ពស់ពីផ្លូវកៅស៊ូ ជាទីDBST និង ACនៅក្នុងទីរួមខេត្ត ។

លោកបន្តថា “យើងកំពុងពង្រឹងគុណភាពផ្លូវថ្នល់ទាំងនៅក្នុងក្រុង និងជាយក្រុងធ្វើយ៉ាងណាឱ្យប្រើប្រាស់បានយូអង្វែងស្របតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន”។
លោកថ្លែងបន្តថា “សម្រាប់ទិសដៅខាងមុខ យើងនឹងប្រែក្លាយលផ្លូវដែលមានគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ និង AC ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្ត ជាមួយគ្នានេះ ទាំងផ្លូវគ្រួស ផ្លូវកៅស៊ូ និង AC មន្ទីរសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងយកចិត្តដាក់កែលម្អរ ថែទាំង និង ជួសជុលឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់បំរើដល់ពលរដ្ឋ”។

លោក គោស៊ុ ប៊ុនសឿត អភិបាលរង ខេត្តព្រះវិហារ បញ្ជាក់ថា ចំណូលប្រចាំឆ្នាំប្រជាពលរដ្ឋសម្រាប់ប្រចាំខេត្តព្រះវិហារ តាមរយៈមន្ទីរផែនការដែលបានធ្វើការស្ថិតិកាលពីឆ្នាំ ២០១៨ កន្លងមកនេះ មានចំនួនជាង ១០០០ ដុល្លារអាមេរិក ខណៈឆ្នាំ ២០១៧ មានចំនួនតែជាង ៩០០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៩ រដ្ឋបាលខេត្តមិនទាន់បានធ្វើស្ថិតិនៅឡើយ ដោយសាររដ្ឋបាលខេត្តចុះស្រង់ស្ថិតិប្រពលរដ្ឋរងគ្រោះដោយជំងឺCovid- 19 តែយ៉ាងណាក៏ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំណូលរបស់ពលរដ្ឋមានការកើនឡើង៕

សេដ្ឋកិច្ចនៅតំបន់ CLMVនឹងមានកំណើនឡើងវិញរង្វង់ ៦,៤ ភាគរយនៅឆ្នាំ ២០២១

ដោយ ប៊ី
ភ្នំពេញ៖ ការរាតត្បាតនៃជំងឺ COVID-19 មានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ដោយសារការពឹងផ្អែករបស់ប្រទេសទាំងនេះលើប្រាក់ចំណូលប្រភពបរទេសពីទេសចរណ៍ និងការនាំចេញនេះ។ បើយោងតាមការស្រាវជ្រាវរបស់មជ្ឍមណ្ឌល KResearchCenter ដែលមានមូលដ្ឋាននៅប្រទេសថៃចេញផ្សាយកាលពីថ្មីៗនេះ ។

Aerial view of the Mekong Delta. in Southern Vietnam.

ខណៈពេលវិបត្ដិជំងឺ COVID-19 បានធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងប្លុក CLMV ស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សសេដ្ឋកិច្ច CLMV អាចនឹងមានកំណើនត្រឹម ៣,៤ ភាគរយនៅឆ្នាំនេះ។
សេដ្ឋកិច្ច CLMV នឹងមានទំនោរទៅរកការងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ ដោយកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦,៤ ភាគរយនៅឆ្នាំ ២០២១ និង ៦,៥ ភាគរយនៅឆ្នាំ ២០២២។

បណ្តាប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលបរទេសកំពុងប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានបន្ថែមទៀតក្នុងកំឡុងពេលមានវិបត្តិនេះ។
ប្រទេសកម្ពុជាគឺជាប្រទេសពឹងផ្អែកខ្លាំងលើប្រាក់ចំណូលបរទេសតាមរយៈវិស័យទេសចរណ៍ និងការនាំចេញ។ វិស័យទេសចរណ៍ត្រូវបាន រំពឹងថានឹងធ្លាក់ចុះប្រហែល ៦០ ភាគរយនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីការនាំចេញវិញ កម្ពុជានៅតែពឹងផ្អែកលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដដែល។ ទាំងសហរដ្ឋអាមេរិក និងប្លុកសហគមន៍អឺរ៉ុបបច្ចុប្បន្នងាយរងគ្រោះបំផុតចំពោះការរីករាលដាលនៃ COVID-១៩ ។

ដូច្នេះតម្លៃនៃការនាំចេញសម្រាប់ឆ្នាំ ២០២០ ត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ១០ ភាគរយដែល នឹងនាំឱ្យមានការធ្លាក់ចុះ ០,៩ ភាគរយនៅក្នុងសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានតៀមកញ្ចប់ថវិកាដើម្បីជំរុញសេដ្ឋកិច្ចខ្លួន។

ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះត្រឹមតែចំនួនតិចតួចប៉ុណ្ណោះជាមួយនឹងការរំពឹងទុកថានឹងមានការធ្លាក់ចុះចំនួន ៥ ភាគរយនៃតម្លៃនៃការនាំចេញ។ រដ្ឋាភិបាលវៀតណាមបានអនុវត្តគោលនយោបាយជំរុញសេដ្ឋកិច្ចក្នុងទម្រង់ជាជំនួយនិងការកាត់បន្ថយពន្ធ។ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៦ ភាគរយនៅឆ្នាំនេះ។

តម្លៃនៃការនាំចេញរបស់មីយ៉ាន់ម៉ាត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ១០ ភាគរយនៅឆ្នាំនេះ។
សម្លៀកបំពាក់និងវាយនភណ្ឌដែលជាការនាំចេញធំបំផុតទី ២ របស់មីយ៉ាន់ម៉ាក៏បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការបិទរោងចក្រនៅប្រទេសចិន និងពីការធ្លាក់ចុះតម្រូវការក្នុងទីផ្សារអឺរ៉ុប។

តម្លៃនៃការនាំចេញរបស់មីយ៉ាន់ម៉ាត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ១០ ភាគរយនៅឆ្នាំនេះ។
សេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៣,៩ ភាគរយនៅឆ្នាំ ២០២០។ ប្រទេសលាវគឺជាប្រទេសមួយផ្សេងទៀតដែលទទួលបានផលប៉ះពាល់សេដ្ឋកិច្ចតិចតួចពីជំងឺរាតត្បាត COVID-19 ដោយសារតែប្រទេសនេះមិនពឹងផ្អែកលើវិស័យទេសចរណ៍ ឬការនាំចេញដែលជាប្រភពចំណូលដ៏សំខាន់។

វិស័យទេសចរណ៍របស់ប្រទេសឡាវពឹងផ្អែកភាគច្រើនទៅលើការមកដល់របស់ភ្ញៀវទេសចរថៃ។ ដោយសារប្រទេសថៃស្ថិតក្នុងចំណោមប្រទេសអាស៊ានដែលងាយទទួលរងគ្រោះក្នុងកំឡុងពេលមានវិបត្តិនេះ ទេសចរណ៍របស់ប្រទេសឡាវទំនងជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

បើនិយាយពីការនាំចេញរបស់ប្រទេសឡាវវិញតម្លៃនៃការនាំចេញសម្រាប់ឆ្នាំ ២០២០ ត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះប្រមាណ ៥ ភាគរយ។ ជាសំណាងល្អការនាំចេញរបស់ឡាវភាគច្រើនគឺមកពីឧស្សាហកម្មរុករករ៉ែ និងថាមពលអគ្គីសនី ហើយវិស័យទាំងនេះមិនមានបុគ្គលិកច្រើនទេ៕

ខេត្តព្រះសីហនុចាប់ផ្តើមរៀបចំសួនកម្សាន្តឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ ខេត្តព្រះសីហនុចាប់ផ្តើមរៀបចំសួនកម្សាន្តឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍន៍បង្កើនសោភ័ណភាពទាក់ទាញទេសចរ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព។


ក្រុមហ៊ុន OTRES MANAGEMENT CO., LTD ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំសួននេះ បានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះឱ្យដឹងថា ក្រុមហ៊ុននឹងរៀបចំដូចជា ក្រាលការ៉ូឡាកន្លែងចតរថយន្ត រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង តំឡើងបង់អង្គុយលេង សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ រៀបចំសួនកុមារ និងឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បម្រើ ឱ្យសាធារណ:ជន កាលណាយើងបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ។

លោកបន្តថា ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកអភិបាលខេត្តថ្លែងថា “ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ”៕