ដោយ ហ្សូលី
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងមានតម្រូវការអចលនវត្ថុច្រើន មិនថានៅ លំនៅដ្ឋាន ខុនដូ អាផាតមិន ឬដីធ្លីនោះទេ។ សព្វថ្ងៃចំនួនប្រជាជនកំពុងមានកំណើន ដែលជាហេតុបណ្តាលឱ្យតម្រូវការអចលនទ្រព្យកើនឡើងស្ទើរគ្រប់ទីកន្លែងមិនថា ក្នុងក្រុង ជាយក្រុង ឬបណ្តារខេត្តនោះទេ។
ខេត្តចំនួន ៣ ដែលកំពុងមានសក្តានុពលអភិវឌ្ឍ និងរីកដុះដាលទៅលើបណ្តាញសេដ្ឋកិច្ច និងទេសចរណ៍ បានទាក់ទាញអ្នកវិនិយោគជាច្រើនមកធ្វើការទិញ-លក់ អចលនទ្រព្យ។
ទី ១ គឺខេត្តសៀមរាប ដោយសារតែខេត្តនេះជាខេត្តឈានមុខគេក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជាទីតាំងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដែលជាហេតុអនុញ្ញាតឱ្យទីផ្សារអចលនទ្រព្យមានភាពទូលំទូលាយ ដូចជា ការបង្កើតសណ្ឋាគារ គម្រោងលំនៅដ្ឋាន បុរីលំនៅដ្ឋាន អាផាតមិនសម្រាប់ជួលរយៈពេលខ្លីឬវែង ជាដើម។ ខេត្តសៀមរាបមានព្រលានយន្តហោះអន្តរជាតិ និងនាំឱ្យការវិនិយោគលើវិស័យអចលនទ្រព្យរឹតតែមានភាពល្អប្រសើរ។
-->
ខេត្តសៀមរាបក្រៅពីអចលនទ្រព្យរស់នៅ ក៏នៅមានប្រជាប្រិយភាពចំពោះប្រភេទអចលនទ្រព្យពាណិជ្ជកម្មដែរ ដូចជាផ្សារទំនើប ភោជនីយដ្ឋាន ឬហាងទំនិញនានា។ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យស្ថិតចំកណ្តាលទីក្រុងសៀមរាប នឹងមានឱកាសក្នុងការចំណេញច្រើននៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាតបញ្ចប់។
ទី ២ គឺខេត្តព្រះសីហនុ ដែលមានឆ្នេរខ្សាច់ល្អឥតខ្ចោះ ស្រស់ស្អាតប្រចាំតំបន់អាស៊ី។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងរៀបចំសណ្តាប់ធ្នាប់ឱ្យរៀបរយ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី។ ជនជាតិចិន ឈានមុខគេក្នុងការវិនិយោគអចលនទ្រព្យដោយហ៊ានឱ្យតម្លៃខ្ពស់ទ្វេដងទៅដល់ម្ចាស់អចលនវត្ថុ កាលពីចន្លោះឆ្នាំ ២០១៦ និង ២០១៨។ បន្ទាប់ពីរដ្ឋាភិបាលបានបិទនិងបញ្ជាឱ្យបញ្ឍប់ការបើកកាស៊ីណូល្បែងរួចមក អចលនទ្រព្យទាំងនោះបានក្លាយទៅជាសណ្ឋាគារធំៗ ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងរកចំណូលជូនប្រទេសជាតិផងដែរ។ លើសពីនេះ ខេត្តព្រះសីហនុមានការអំណោយផលទីតាំងភូមិសាស្រ្តច្រើនដូចជា ព្រលានយន្តហោះ កំពង់ផែ និងទឹកសមុទ្រ ទើបបណ្តាលឱ្យមានការបង្កើតឡើងនូវរីសត និងផ្ទះលំហែកាយ។
ចុងក្រោយនេះ គឺខេត្តបាត់ដំបង ដែលជាខេត្តកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ និងជាខេត្តបង្កបង្កើនផលកសិកម្មច្រើនជាងគេ និងលេចធ្លោក្នុងប្រទេសកម្ពុជា។ ថ្វីត្បិតតែមិនទាន់មានភាពពេញនិយម និងទាក់ទាញខ្លាំងពីសំណាក់អ្នកវិនិយោគអចលនទ្រព្យក្តី ប៉ុន្តែទីតាំងខេត្តនេះមានភាពល្អប្រសើរនិងអំណោយផល ព្រោះជីវភាពប្រជាជនខេត្តនេះមានភាពធូរធារច្រើន។ នៅចំកណ្តាលក្រុងច្រើនតែជាសំណង់ម៉ូដបុរាណរចនាបថបារាំង ហើយគឺជាតំបន់មានភាពទាក់ទាញអ្នកវិនិយោគបរទេសច្រើន រីឯតម្លៃវិញខ្ពស់គួរសមល្មម អាចសាងសង់ជាផ្ទះវីឡា ឬទុកជាដីចំការក៏បាន៕ InvestAsian