តម្លៃដីធ្លីក្រុងព្រះសីហនុ បានប្រែទៅរកទីផ្សារថ្មីស្របតាមសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ស្ថិតក្នុងភាពស្ងប់ស្ងាត់នៃការសាងសង់សំណង់ធំៗដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនបរទេស តម្លៃដីធ្លីនៅទូទាំងក្រុងព្រះសីហនុមានការធ្លាក់ចុះបន្តិច និងប្រែទៅរកតម្លៃទីផ្សារថ្មីមួយទៀតស្របទៅនឹងចរន្តសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ០២០នេះថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុបច្ចុប្បន្នមានភាពប្រែប្រួល ទាំងសកម្មភាពអភិវឌ្ឍន៍ក្នុងវិស័យសំណង ការធ្លាក់ចុះតម្លៃ ក៏ដូចជាការវិនិយោគក្នុងវិស័យដីធ្លីផងដែរ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ក្រោយភាពស្ងប់ស្ងាត់ចាប់តាំងពីដើមឆ្នាំមក ពេលនេះឃើញមានជនជាតិចិនមួយចំនួនដែលជាអ្នករកស៊ីធ្វើសកម្មភាពលើអាជីវកម្មរបស់ខ្លួន ប៉ុន្តែសម្រាប់អ្នកវិនិយោគធំៗនៅមិនទាន់ត្រឡប់មកវិញទេ ហើយក្នុងនោះអគារពាណិជ្ជកម្មធំៗក៏នៅបន្តបិទទ្វារមិនទាន់មានដំណើរនោះដែរ។ សម្រាប់ការទិញ-លក់អចលនទ្រព្យ ជាពិសេសវិស័យដីធ្លី គឺស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នាពាក់ព័ន្ធទៅនឹងតម្លៃ ដែលអ្នកលក់ចង់រក្សាតម្លៃខ្ពស់ ហើយអ្នកទិញព្យាយាមបន្ទាបតម្លៃ”។

លោកបានបញ្ជាក់ថា “តម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុកាលពីដើមឆ្នាំ២០១៩ បានឡើងខ្ពស់ខ្លាំងក្នុងល្បឿនមួយយ៉ាងលឿន ប៉ុន្តែពេលនេះតម្លៃខ្ពស់ទាំងនោះបានក្លាយជាបញ្ហាចោទមួយចំនួនសម្រាប់អ្នកលក់។ កាលពីពាក់កណ្តាលឆ្នាំ២០១៩ តម្លៃដីនៅកណ្តាលក្រុងព្រះសីហនុ តំបន់ខ្លះបានឡើងរហូតដល់៥០០០-៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនអាចលក់បានទេនៅពាក់កណ្តាលឆ្នាំនេះ ហើយអ្នកទិញទៀតសោតក៏ព្យាយាមបន្ទាបតម្លៃនៅត្រឹម ៣០០០-៤០០០ដុល្លារតែប៉ុណ្ណោះ ហើយនៅតំបន់ដទៃទៀតក៏មានការធ្លាក់ចុះនូវតម្លៃដូចគ្នា”។

ជាមួយនឹងការធ្លាក់តម្លៃដីធ្លីទាំងនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ “ទោះជាតម្លៃមានការធ្លាក់ចុះនូវតម្លៃដូចបានបង្ហាញខាងលើនេះ ប៉ុន្តែបើប្រៀបធៀបទៅនឹងចរន្តសេដ្ឋកិច្ចនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន គឺមានភាពសមស្រប និងជាតម្លៃទីផ្សារថ្មី ដែលវាជារឿងល្អ អនុគ្រោះដល់ដំណើរនៃការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,.Ltd លោក ចក់ ស៊ីណាត បានទទួលស្គាល់ពីការធ្លាក់ចុះតម្លៃដីធ្លីក្នុងក្រុងព្រះសីហនុ ប៉ុន្តែលោកអះអាងថា ការធ្លាក់ចុះនៃតម្លៃនេះមិនបានជះឥទ្ធិពលអាក្រក់ និងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ និងដីធ្លីនៅក្នុងក្រុងដែលកំពុងរីកដុះដាល់សំណង់អាគារជាច្រើនមួយនេះនោះទេ។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បញ្ជាក់ថា “ទោះជាតម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុមានការធ្លាក់ចុះ ប៉ុន្តែបើប្រៀបធៀបនឹងតម្លៃទីផ្សាររួម គឺនៅតែមានឱកាសចំណេញសម្រាប់អ្នកលក់ ដោយសារតែភាគច្រើនអ្នកទិញទុកវិនិយោគក្នុងរយៈពេលយូរ បានទិញតាំងពីតម្លៃដីធ្លីនៅទាបនៅឡើយ ពោលសម្រាប់អ្នកដែលបានទិញក្នុងអឡុងដើមឆ្នាំ២០១៩ ហើយលក់ពេលនេះខណៈដែលតម្លៃមានការធ្លាក់ចុះនៅពេលនេះ គឺនៅតែមានលទ្ធភាពចំណេញ”។

លោកបានបញ្ជាក់ថា “នៅក្នុងដំណាក់កាលនេះ ប្រសិនបើសកម្មភាពនៃការទិញលក់នៅក្នុងតម្លៃសមរម្យ ឬតម្លៃទីផ្សារស្របទៅនឹងសេដ្ឋកិច្ចក្នុងតំបន់ជាក់ស្ដែង គឺពិតជាចំណុចល្អដែលជួយជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុមានសកម្មភាពឡើងវិញ បើទោះជាវត្តមានក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ធំៗមកពីក្រៅស្រុកនៅបន្តជាប់គាំងក៏ដោយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here