គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិចំនួន ៣ កំពុងប្រឈមមុខនឹងភាពជាប់គាំង

0

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគសាងសង់អគារធំ និងខ្ពស់ៗ ដែលបម្រើលើវិស័យផ្សេងៗគ្នាជាច្រើន ប៉ុន្តែបច្ចុប្បន្ននេះដោយសារវិបត្តិនៃមេរោគរាតត្បាត Covid-19 បណ្តាលឱ្យគម្រោងអគារពាណិជ្ជកម្មខ្ពស់ជាងគេក្នុងកម្ពុជាចំនួន ៣ ប្រឈមនឹងភាពជាប់គាំង។

១.មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង
នេះជាគម្រោងសំណង់អគារភ្លោះ ដែលនឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងក្លាយទៅជាគម្រោងអភិវឌ្ឍសំណង់អគារដែលខ្ពស់ជាងគេនៅកម្ពុជា។ គម្រោងអគារភ្លោះនេះចំណាយទុនប្រមាណ ៣០០០លានដុល្លារ មានកម្ពស់រហូតដល់ទៅ ៥៦១.៧ ម៉ែត្រ ស្មើនឹង ១៣៣ ជាន់ សាងសង់លើផ្ទៃដីទំហំ ៤៩,៧៨២ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។ អគារនេះនឹងបម្រើដល់វិស័យចម្រុះដូចជា ការិយាល័យ សណ្ឋាគារ និងអាមាតមិនជាដើម។

តាមផែនការរបស់គម្រោង គ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៥។ បន្ទាប់ពីបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងទាក់ទាញវិនិយោគិន ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ចូលមកក្នុងប្រទេសកាន់តែច្រើន។

កាលពីដើមឆ្នាំ ២០២០នេះ ក្រុមហ៊ុន ថៃប៊ុនរ៉ុង បានបង្ហើបព័ត៌មានពីគម្រោងសាងសង់អគារពហុមុខងារថ្មីមួយទផត នៅខេត្តព្រះសីហនុ ដែលសាងសង់លើផ្ទៃដីជាង ៧ម៉ឺនម៉ែត្រការ៉េ ប៉ុន្តែគម្រោងនេះស្ថិតនៅក្នុងតំណាក់កាលសិក្សានៅឡើយ។

២.មជ្ឈមណ្ឌលពាណិជ្ជកម្ម MGN Tower
បោះទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម រាជធានីភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក MGN Tower មានកម្ពស់ ៤៨៥ម៉ែត្រ ស្មើនឹង ៨៥ជាន់។ MGN Tower នឹងក្លាយជាទៅគម្រោងអគារលំដាប់ទី ២ នៅប្រទេសកម្ពុជា ដែលត្រៀមបម្រើលើវិស័យការិយាល័យ និងសណ្ឋាគារផងដែរ។ ការស្ថាបនាគម្រោងនេះត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតថ្មី និងបំពាក់ទៅដោយកញ្ចក់។

អាគារដ៏ទាក់ទាញនេះនឹងត្រូវសាងសង់នៅលើទីតាំងពាណិជ្ជកម្មនិងវប្បធម៌សម្រាប់ប្រជាពលរដ្ឋអាចរីករាយ នឹងបរិយាកាសនៃអគារខ្ពស់នៅក្នុងទីក្រុងដូចជា នៅទីក្រុងញូវយ៉ក សិង្ហបុរី ឬសាយហ្គន ជាដើម ។

៣.មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal One

នេះក៏ជាគម្រោងអគារពាណិជ្ជកម្មភ្លោះមួយទៀត ដែលមានកម្ពស់ប្រមាណ ២៣០ ម៉ែត្រ ស្មើនឹង ៦២ ជាន់ មានទីតាំងស្ថិតនៅផ្លូវ ១១៤ កែងមហាវិថីព្រះមុនីវង្ស និងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មប្រជុំដោយអគារខ្ពស់ ៗដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍនៈថៅវើរ រួមទាំងអគារ Exchange Square ជាដើម។

អគារនេះជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សហការរួមគ្នាជាមួយក្រុមហ៊ុនចិន Huashi Group បោះទុនចំនួន ២៣០លានដុល្លារអាមេរិក។

អគារ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ការិយាល័យ ខុនដូ និងផ្សារទំនើប។ សាងសង់លើផ្ទៃដីទំហំ ៤,០៣៦ ម៉ែត្រការ៉េ និងចំណាយរយៈពេលសាងសង់ចំនួន ៥ ឆ្នាំ ដែលនឹងបញ្ចប់ក្នុងឆ្នាំ ២០២២ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here