ដោយ វុត្ថា
ភ្នំពេញៈ បើទោះបីបច្ចុប្បន្ននេះការលក់អចលនទ្រព្យ នៅតាមបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាទទួលបានប្រជាប្រិយភាព និងកើនឡើងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះយ៉ាងណាក្តី ត្រូវបានអ្នកអភិវឌ្ឍន៍អះអាងថា ការលក់នៅតាមបណ្តាញសង្គមនេះ មានទាំងវិជ្ជមាន និងអវិជ្ជមាន។
លោកម៉ាន់ ចាន់ឌី អគ្គនាយក្រុមហ៊ុនអភិវឌ្ឍន៍ Premier Group បានឱ្យដឹងថា ការលក់អចលនទ្រព្យ នៅតាមបណ្តាញសង្គម Facebook ពីភ្នាក់ងារ និងក្រុមហ៊ុនមានទាំងវិជ្ជមាន និងអវិជ្ជមានស្របពេលបបណ្តាញសង្គមនេះ មានភាពងាយស្រួល និងរីកចំរើន ខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកពន្យល់ថា “បច្ចេកវិទ្យាវាបង្កភាពងាយស្រួល ដល់អ្នកលក់ និងអភិវឌ្ឍន៍អចលនទ្រព្យទូទៅ ដោយអ្នកខ្លះបានឡាយលក់ តាមរយៈផេកផ្ទាល់ខ្លួន ឬ ផេកក្រុមហ៊ុន ប៉ុន្តែមានអ្នកលក់មួយចំនួនបានឆបោក និងបរិយាយខុសពីការពិត នៃគម្រោងរបស់ខ្លួនក្នុងចេតនាទាញចំណាប់អារម្មណ៍ ពីអតិថិជនដែលប្រការនេះ ទាមឱ្យមានការជួបតទល់ (Face To Face)”។
លោកពន្យល់ទៀតថា ការជួបតទៅរវាងអ្នកលក់ និងអ្នកទិញ គឺបង្កលក្ខណៈស្និតស្នាល យោគយល់ និងផ្តល់ទំនុកចិត្តដល់គ្នាទៅវិញទៅមក ជាពិសេសអ្នកលក់ផ្តល់ទំនុកចិត្តដល់អ្នកទិញដែលជាអតិថិជនរបស់ខ្លួន បើយើងឡាយលក់ គឺមិនបានផ្តល់ទំនុកចិត្តខ្លាំងនោះទេ ខណៈដែលយើងគ្រាន់តែពន្យល់ និងបរិយាយពីគម្រោងខ្លួន ដែលពេលខ្លះបរិយាយខុសពីការពិត។
លោកម៉ាន់ ច័ន្ទឌីបានបន្ថែមថា ក្នុងនាមជាអ្នកលក់អចលនទ្រព្យ គ្រប់ប្រភេទបើទោះបីឡាយលក់ ឬផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឬលក់ទល់មុខ ទាមទារ ឱ្យមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យទីផ្សារមួយនេះមានភាពរីកចំរើន និងឈរជើងនៅក្នុងទីផ្សារមានភាពយូអង្វែង៕