ដោយៈប៊ី
ភ្នំពេញៈ បើទោះកំពុងឆ្លងកាត់វិបត្តិ ប៉ុន្តែវិស័យសំណង់នៅកម្ពុជានៅតែបន្តមានភាពរីកចម្រើន ដោយមើលឃើញថា សកម្មភាពសាងសង់នៅមមាញឹក ខណៈគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅបានកើនឡើងខ្ពស់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញអំពីរបាយការណ៍អំពីគម្រោងសាងសង់សំណង់នៅកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ ដោយឱ្យដឹងថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២០ មានចំនួន ២១៦គម្រោងស្មើនឹង ២៣៤ អគារ ក្នុងនោះអគារចាប់ពី ០៥ ជាន់ ទៅ ០៩ ជាន់ មានចំនួន ១២០ អគារ ពី ១០ ជាន់ ទៅ ១៩ជាន់ មានចំនួន ៧៣ អគារ ពី ២០ ជាន់ ទៅ ២៩ ជាន់ មានចំនួន ២៤ អគារ ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន១០អគារ និងពី ៤០ ជាន់ឡើងទៅមានចំនួន៤អគារ។
របាយការណ៍បានបង្ហាញថា សំណង់អគារពាណិជ្ជកម្ម មានចំនួន២២០ គម្រោង លើតម្លៃទំហំប៉ាន់ស្មានទុន វិនិយោគប្រមាណ១៣០០លានដុល្លារ សំណង់អគារផ្ទះល្វែងនៅទូទាំងប្រទេស មានចំនួនជិត៩ពាន់ល្វែង មានតម្លៃប៉ាន់ស្មានលើទុនវិនិយោគប្រមាណ១ ២០០លានដុល្លារ។ ចំណែកសំណង់អគារពហុមុខងារ នៅទូទាំងប្រទេស ក្នុងរយៈពេលនេះដែរ មានចំនួន៤៥គម្រោង ស្មើជាង១,៧លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានលើទុនវិនិយោគប្រមាណ១ ០០០លានដុល្លារអាមេរិកផងដែរ។
ក្រៅពីគម្រោងខាងលើ ក្នុងនោះការសាងសង់ ប្រភេទបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី នៅទូទាំងប្រទេស មានចំនួន៣៦គម្រោង ស្មើជាង៦ពាន់ខ្នង មានផ្ទៃក្រឡាសំណង់ជិត២លានម៉ែត្រការរ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៦០០លានដុល្លារ ។
អគារស្នាក់នៅ រួមមាន៨២គម្រោង ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៥០០ លានដុល្លារ សំណង់អគាររោងចក្រនៅទូទាំងប្រទេស មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៣០០ លានដុល្លារ និងប្រភេទសំណង់សណ្ឋាគារនៅទូទាំងប្រទេស មានចំនួន ១៩ គម្រោង ស្មើជាង២៤ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុលើនវិនិយោគប្រមាណ១៤៥ លានដុល្លារ។
លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់គេទំព័រ Propertyarea.asia កាលថ្មីៗនេះថា ការទិញអចលនទ្រព្យនៅតែមានភាពសកម្ម ប៉ុន្តែអ្នកវិនិយោគមានប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។
លោកបានថ្លែងថា “យើងកំពុងមើលឃើញ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេសជាច្រើន ដូចជាអ្នកទិញក្នុងស្រុក នៅពេលការបើកដំណើរការគម្រោងថ្មី នៅខណ្ឌ សែន សុខ” ។
បច្ចេកវិទ្យាបាននិងកំពុងជួយ ក្នុងការធ្វើទីផ្សារខុនដូដល់ដៃគូវិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យភ្នាក់ងារ ធ្វើអន្តរកម្មជាមួយភាគីដែលចាប់អារម្មណ៍ និងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។
ទាក់ទងនឹងប្រជាជនក្នុងស្រុក ចាប់ផ្តើមទិញអចលនទ្រព្យ លោក James បាននិយាយថា កម្រិតសកម្មភាពនៅទូទាំងទីផ្សារ កំពុងផ្លាស់ប្តូរយឺតៗ ឆ្ពោះទៅរកភាពធម្មតា នៅពេលភាពជឿជាក់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា វាគួរតែត្រូវបានព្រមានថា ផលប៉ះពាល់នៃ Covid-19 នៅមានពេលវែងឆ្ងាយទៀត ហើយវានៅតែមានភាពខុសគ្នា នៃភាពមិនប្រាកដប្រជា និងគំរាមកំហែងពីទីផ្សារខាងក្រៅ៕