រដ្ឋា​ភិ​បា​លចាប់ផ្តើម​ដាំ​បង្គោល​កំណត់​ព្រំដី​លើ​ការស្តារ​ព្រលានយន្តហោះខេត្តបាត់ដំបង​ឡើងវិញ

0

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​ឈានដល់​ចំណុច​ចាប់ផ្តើម​ដាំ​បង្គោល កំណត់​ព្រំដី និង​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី លើ​តំបន់​ព្រលានយន្តហោះ​បាត់ដំបង (ព្រលានយន្តហោះ​វាល​បែក​ចាន) ដើម្បី​ត្រៀម​សាងសង់​នាពេល​ខាងមុខនេះ តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោក​តិក សាលី អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​នៅក្នុង​កិច្ចពិភាក្សា​អំពី​ដំណើរ​ការរៀបចំ ព្រលានយន្តហោះ​បាត់ដំបង​ជាមួយ​លោក លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត ត្រូវធ្វើ​ការដាំ​បង្គោល​កំណត់​ព្រំដី ការចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ព្រលានយន្តហោះ​បាត់ដំបង (ព្រលានយន្តហោះ​វាល​បែក​ចាន) ទៅតាម​និ​តី​វិធី​របស់​មន្ត្រី​ជំនាញ​ផងដែរ។

លោក​សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​រាយការណ៍​អំពី​សកម្មភាព​លទ្ធផល​ការងារ ដែល​បាន​អនុវត្ត​កន្លងមក និង​បញ្ហា​ប្រឈម រួមទាំង​ផែនការ​មួយចំនួន​ជូន​គណៈប្រតិភូ​អាកាសចរ​ស៊ីវិល​ផងដែរ និង បាន​ចុះទៅ​ទីតាំង​ព្រលានយន្តហោះ ដើម្បី​ពិនិត្យមើល​ការបោះបង្គោល​ព្រំដី​ព្រលាន​ជាក់ស្តែង។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ធ្លាប់បាន​ឱ្យដឹង​កន្លង​មកនេះ​ថា បច្ចុប្បន្ននេះ គម្រោង​ស្ថាបនា​ព្រលានយន្តហោះ​ខេត្តបាត់ដំបង គឺ​ត្រូវបាន​មន្ត្រី​ជំនាញ និង​ក្រុមការងារ​កំពុងតែ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា។

លោក​បន្តថា “មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​អាកាសចរ​ស៊ីវិល រួមជាមួយ​ក្រុមហ៊ុន​ជំនាញ​ក្នុងស្រុក ពួកគាត់​កំពុងតែ​សិក្សា​លម្អិត​ពាក់ព័ន្ធ ទៅនឹង​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ធ​នានា ដែល​ពាក់ព័ន្ធ​ទៅនឹង​ស្ដារ និង​ស្ថាបនា​បន្ថែម​ទៅលើ​ទីធ្លា​នៃ​ព្រលាន​ចាស់​ថា តើ​គួរតែ​រក្សា​ទំហំ​ព្រលាន​ចាស់ ឬ​ត្រូវធ្វើ​ថ្មី និង​ពង្រីក” ។

លោ​ងួន រតនៈ​បាន​បន្តថា ការស្ដារ​ឬ​ស្ថាបនា​ឡើងវិញ​ក្នុង​ទំហំ​ប៉ុណ្ណា​នោះ គឺ​ត្រូវ​សិក្សា​ឱ្យ​ច្បាស់​ពី​តម្រូវការ​ជាក់ស្ដែង និង​ពិតប្រាកដ​នៅក្នុង​ស្រុក។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ជំនាញ ក៏​កំពុង​សិក្សា​យ៉ាង​លម្អិត​ទៅលើ​ទីធ្លា សម្រាប់​ទី​ចំណត​របស់​យន្តហោះ​ក្នុងស្រុក ក៏ដូចជា​ទី​សម្រាប់​រថយន្ត ចូល​ចត​សម្រាប់​ដឹក​អ្នកដំណើរ និង​សម្រាប់​ដឹកទំនិញ​ផងដែរ ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ពេលវេលា នៃ​ការចាប់​អនុវត្ត​គម្រោង​ជាក់លាក់​នៅពេលណា ហើយ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន នៅ​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ។

រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា​បានឱ្យដឹង​ដែរ​ថា អាកាសយានដ្ឋាន​ខេត្តបាត់ដំបង នៅពេល​បច្ចុប្បន្ននេះ គឺជា​ប្រភេទ​អាកាសយានដ្ឋាន​ក្នុងស្រុក មាន​លក្ខណៈ​តូចចង្អៀត និង​ទ្រុឌទ្រោម ដែល​យើង​ត្រូវតែ​ពិនិត្យ ដើម្បី​ស្ដារ និង​កែលម្អរ​ឡើងវិញ​ឱ្យស្រប​តាម​ទៅ​ស្ដង់ដារ​អន្តរជាតិ ដែល​ការផ្តួចផ្ដើម​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាកាសចរ​ស៊ីវិល បានប្រគល់​ការងារ​ឱ្យ​ក្រុមមន្ត្រី​ជំនាញ ដើម្បី​លើកសំណើរ ថា​តើ​ត្រូវ​កែលម្អរ និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មួយ​នេះ​របៀប​ណា។

លោក​ថ្លែងថា“ជា​ជំហាន​ដំបូង​យើង​គិតថា ត្រូវ​ស្ដារឡើងវិញ​ដើម្បី​ឱ្យបាន​គ្រប់​ស្ដង់ដារ​សុវត្ថិភាព​ត្រឹម​កម្រិត​3C ដែល​យើង​អាច​ទទួល​ចុះចត​យន្តហោះ​ក្នុងស្រុក​ប្រកបដោយ​សុវត្ថិភាព” ។ លោក​បន្តថា “បន្ទាប់មកទៀត យើង​បាន​ពិនិត្យមើល​ផែនការអភិវឌ្ឍន៍​រប​ស់​នគរូបនីយកម្ម​នៅ​ខេត្តបាត់ដំបង ដែល​បានបង្ហាញ​ពី​ភាពសមស្រប ទៅនឹង​ផែនការ​នៃ​ការអភិវឌ្ឍ និង​យល់ស្រប​ក្នុងការ​កែសម្រួល និង​ស្តារ​អាកាសយានដ្ឋាន​មួយ​នេះ​ឡើងវិញ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី និង​មធ្យម ប៉ុន្តែ​សម្រាប់​រយៈពេល​វែង គឺ​ចាំបាច់​ត្រូវតែមាន​ការផ្លាស់ប្ដូរ​ទីតាំង​ថ្មី” ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង​កាលពី​កន្លងមកនេះ បានលើកឡើង គម្រោង​បើក​ដំណើរការ​ឡើងវិញ​ចំណត​អាកាស​យាន្ត​ដ្ឋា​ន​ខេត្តបាត់ដំបង​នេះ ដោយបាន​ស្នើ​ទៅ​លោក​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​ជូនដំណឹង​ដល់​ពលរដ្ឋ ហាម​មិនឱ្យ​សាងសង់​សំណង់ខ្ពស់ៗ ស្ថិត​កៀក​នឹង​តំបន់​ព្រលានយន្តហោះ​បែក​ចាន នា​ខេត្តបាត់ដំបង​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​គម្រោង​សាងសង់​ព្រលានយន្តហោះ​ពេលអនាគត។

ព្រលានយន្តហោះ​ខេត្តបាត់ដំបង បាន​ផ្តើម​បើក​ដំណើរការ​ដំបូង​នា​អំឡុង​ឆ្នាំ១៩៦៧ ហើយ​ត្រូវ​បិទ​ដំណើរការ​ទាំងស្រុង​ត្រឹម​ឆ្នាំ១៩៧៥ ខណៈ​របប​ខ្មែរក្រហម កាន់កាប់​អំណាច នា​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្រោយ​របប​នេះ​បាន​ដួលរលំ ព្រលានយន្តហោះ​ខេត្តបាត់ដំបង ក៏ត្រូវ​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​បម្រើ​ឱ្យតែ​វិស័យ​អាកាសចរណ៍​យោធា​ប៉ុណ្ណោះ ក្រោយមកទៀត​នា​អំឡុង​ឆ្នាំ១៩៩១ ចំណត​អាកាសយានដ្ឋាន​នេះ​ត្រូវ​បិទ​ដំណើរការ​រហូត​បច្ចុប្បន្ន​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here