ដោយ ៖ វុត្ថា
ភ្នំពេញ ៖ មនុស្សមួយចំនួនបានលើកឡើងថា ការទិញដីដែលមានទំហំតូចទុកវិយោគបន្តហាក់ពិបាកក្នុងលក់ចេញវិញ និងទទួលបានឱកាសចំណេញតិច ប៉ុន្តែជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការទិញដីលក់បានលើកឡើងថា ចំពោះការទិញដីសម្រាប់វិនិយោគបន្ត មិនសំខាន់ទៅលើទំហំធំ ឬតូចនោះទេ តែវាអាស្រ័យទៅលើភាពវៃឆ្លាតក្នុងការចេះមើលពីឱកាស និងទំហំទឹកប្រាក់ដែលខ្លួនមានសម្រាប់វិនិយោគតែប៉ុណ្ណោះ។
លោក ឡុង គឹមសួគ៌ អគ្គនាយកក្រមហ៊ុន Century 21 Advance បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី ទាំងទំហំតូច និងធំ ក៏អាចលក់ចេញបានដែរ ដែលក្នុងនោះនោះអតិថិជនខ្លះយកទៅធ្វើជាលំនៅឋាន ខ្លះទៀតអនុវត្តតាមគម្រោងអភិវឌ្ឍរបស់ពួកគេ ឬប្រើប្រាស់ក្នុងវិស័យផ្សេងៗ ។
លោកបន្តថា “ដីតូច អាចយកទៅសាងសង់ផ្ទះល្វែង ដីធំគេយកទៅហាង ឬ សាងសង់អគារផ្សេងៗជាដើម ដែលជាតម្រូវការរបស់អតិថិជន និងអ្នកវិនិយោគ ហើយមុនពេលពួកគេសម្រេចចិត្តទិញ ភាគច្រើនគឺសុទ្ធតែបានសិក្សាពីសក្តានុពល និងឱកាសនៃការអភិវឌ្ឍន៍”។
លោកបន្ថែមថា “នៅក្នុងប្រទេសកកម្ពុជា មិនថាដីប្រភេទណានោះទេ ទាំងតូច ទាំងធំនៅតែអាចលក់ចេញបាន ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានសក្តានុពល និងសេដ្ឋកិច្ចរីកចំរើនទៅមុខ ដែលធ្វើឱ្យតម្រូវការដីធ្លីនៅតែមាន និងមានទីផ្សារខ្ពស់”។
លោកបន្ថែមទៀតថា
“សម្រាប់ទំហំដីកាន់តែធំ កាន់តែលំបាកលក់ ឬ ពិបាករកភ្ញៀវដែលមានធនធានក្នុងការទិញណាស់ ខណៈទំហំកាន់តែតូច ឬមធ្យមងាយស្រួលលក់ ដោយសារសម្បូរអ្នកមានធនធានតិចតួចច្រើន”។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការទិំញដីទំហំធំគឺពិបាកក្នុងការលក់ តែបើលក់ចេញវិញបាន ផលចំណេញក៏បានលុយច្រើនជាងទំហំតូច ពោលអាស្រ័យទៅលើទឹកលុយរបស់អ្នកវិនិយោគដែលមាន ហើយបានបណ្តាក់ទុន ឬទិញដីសម្រាប់វិនិយោគបន្តទាំងទំហំតូច និងធំ នៅតែមានទីផ្សារ៕