តើ​ការសាងសង់​អាគារ​កំពស់ ៧៨ជាន់ នៅក្រោយ​អាគារ The Bridge នឹង​ក្លាយជា​សុបិន?

0

ដោយ​ ស៊ីវ ម៉េង

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ The Glory ដែល​អាចជា​អំនួត​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ​បាន​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈ​គំរោង​នេះ​ត្រូវបាន​តំណាង​ក្រុមហ៊ុន​យាន​ឆ័ង​ប្រចាំ​កម្ពុជា​ធ្លាប់បាន​ឲ្យ​ដឹងថា គំរោង​នេះ​ត្រូវបាន​កែប្រែ​ប្លង់​ស្ថាបត្យកម្ម​មួយចំនួន។

តំណាង​ក្រុមហ៊ុន យាន ឆ័ង ប្រចាំ​កម្ពុជា​លោក ផូ ប៊ី​ល​សម្បត្តិ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការសាងសង់​អាគារ​នេះ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៨ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឌី​សាញ​រូបរាង​អាគារ និង​គ្រឿង​បង្គុំ​របស់​អាគារ​ដ៏​ធំ​នេះ​ឡើងវិញ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនឃើញ​មាន​សកម្មភាព​សាងសង់​នោះទេ។ លោក​បន្តថា ដោយសារ​វា​ជា​អាគារ​ខ្ពស់ ទើប​ក្រុមហ៊ុន​បាននិងកំពុង​គិតគូរ យ៉ាង​យកចិត្តទុកដាក់​ពី​មូលដ្ឋានគ្រឹះ និង​គ្រឿង​បង្គុំ​របស់​អាគារ​នេះ​ដោយ​ម៉ត់ចត់​បំផុត ដើម្បី​បញ្ចៀស​ហានិភ័យផ្សេង។

លោក​បន្តថា “ការសាងសង់​អាគារ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ និង​ចំណាយ​រយៈពេល​សាងសង់៤ទៅ៥ឆ្នាំ ដូច្នេះ យើង​រំពឹងថា​ឆ្នាំ២០២៣ ឬ២០២៤ទើប​អាគារ​នេះ​អាច​ដំណើរការបាន” ។ លោក​បន្តថា “អាគារ​នេះ​នឹង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប អា​ផាត​ម៉ិ​ន ខុន​ដូ សណ្ឋាគារ និង​ការិយាល័យ​ជាដើម” ។

ទីតាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម GLORY កំពស់៧៨ជាន់​នេះ ស្ថិត​នៅជាប់​អាគារ The Bridge ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម លោក​បណ្ឌិត វ៉ាន់ វ៉ាត​បាន​ថ្លែងថា កម្ពុ​ជាមាន​បទបញ្ញត្តិ​ស្តីពី ការកំណត់​កំពស់​អាគារ​រួចហើយ ដូច្នេះ​ប្រសិនជា​យើង​អនុវត្តន៍​ច្បាប់​បញ្ញត្តិ​ដែលមាន​បានល្អ វា​មិន​ត្រឹមតែ​ជួយ​ការពារ​បាន​នូវ​បេ​តិក​ភ័​ណ្ឌ​ក្នុង​ទីក្រុង​នោះទេ តែ​វា​នឹង​រក្សាបាន​នូវ​ទេសភាព សោភ័ណភាព និង​កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ។លោក​បន្តថា តាម​ធម្មតា​ការសាងសង់​អាគារ​ខ្ពស់​បែបនេះ ក្រុមហ៊ុន​បាន​សិក្សា​ពីបទ    ដ្ឋា​នប​ច្ចេកទេស​អស់ហើយ។លោក​បន្តថា ចំណែក​ក្រសួង​ជំនាញ​គ្រាន់តែ​ជា​អ្នក ពិនិត្យ​លើ​បទដ្ឋាន​សំណង់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ក្រុមហ៊ុន​គោរព​បាន​តាម​គោល​ការ ណ៍​ស្នើសុំ​ឬ​អត់​ប៉ុណ្ណោះ។

លោក​បន្តថា “ការ​មាន​អាគារខ្ពស់ៗបែបនេះ វា​ជា​មោទនភាព​ជាតិ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​នោះទេ តែ​វា​ក៏​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ផងដែរ” ។

យ៉ាងណាក៏ដោយ គេហទំព័រ Cambodiafinancialtimes.com នឹង​ផ្សព្វផ្សាយ​ជូន​នូវ​បច្ចុប្បន្នភាព​ព៌​ត​មាន​បន្ថែមទៀត ពេល​អាគារ​នេះ​ចាប់ផ្តើម​សាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here