ច្បាប់មូលបត្ររដ្ឋដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនត្រូវបានអនុម័តដោយគណរដ្ឋមន្រ្តី

0

ដោយៈ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់ស្ដីពី មូលបត្ររដ្ឋទាំងស្រុង សម្រាប់ធ្វើជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

រដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការចាប់ផ្តើមខ្ចីឥទានសម្បទាន ពីដៃគូអភិវឌ្ឍន៍ក្រៅប្រទេសមក ការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាល គឺមានភាពប្រយ័ត្នប្រយែងច្បាស់លាស់ និងម៉ត់ចត់ ដោយផ្អែកលើគោលការណ៍គន្លឹះ មានចំនួន៤ ដូចជា

– ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន

– ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់

– ខ្ចីសម្រាប់វិស័យអាទិភាពទ្រទ្រង់ ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម។

– ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

យុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ នៅតែបន្តអនុវត្តគោលការណ៍គន្លឹះទាំង៤ខាងលើ ហើយកម្ពុជាមាននូវសមត្ថភាពខ្ចីខ្ពស់ជាងមុន និងមានឱកាសខ្ចីបានថោក ដោយមាននូវដៃគូអភិវឌ្ឍន៍ជាច្រើន ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ។ ឈរលើកត្តាអនុគ្រោះនៃ “លទ្ធផលខ្ចីខ្ពស់ជាមួយនឹងអត្រាការប្រាក់ថោក” នេះជាការបោះផ្សាយមូលបត្ររដ្ឋ។

បរិការណ៍បច្ចុប្បន្ន ដោយពិនិត្យឃើញនូវបញ្ហាប្រឈមពីកត្តាខាងក្រៅ និងខាងក្នុងមួយចំនួនដែលអាចបង្កផលប៉ះពាល់ ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ ជាមួយនឹងគោលដៅ នៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន សម្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប (Lower-middle income economy) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-middle income economy)នាពេលខាងមុខ ការចាប់ផ្តើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរទុនពីផ្សារមូលបត្រក្នុង និងក្រៅប្រទេស មកបំពេញសេចក្តីត្រូវការធនធាន និងហិរញ្ញប្បទានដែលកើនឡើងជាងរៀងរាល់ថ្ងៃនេះ បានក្លាយជាកាលានុវត្តភាព និងអាទិភាពថ្មីសម្រាប់កម្ពុជា។

សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋ(ថ្មី)នេះ ជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ថ្មីនេះ មានវិសាលភាពអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយបោះផ្សាយមូលបត្ររដ្ឋ ជាសិទ្ធិអំណាចផ្តាច់មុខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រោមច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ ដូចនេះ សេចក្តីព្រាងច្បាប់ថ្មីនេះ គឺបានផ្តល់សិទ្ធិអំណាច តាមរយៈការចាត់ឱ្យមានការផ្សាយលក់មូលបត្ររដ្ឋ។

ត្រូវកំណត់ដោយប្រកាសនូវវិធីសាស្រ្ត និងយន្តការនៃការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋ ទម្រង់ និងដំណើរការពាក់ព័ន្ធនឹងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលត្រូវបោះផ្សាយ អ្នកចូលរួមដោយផ្ទាល់ និងអ្នកដែលមានសិទ្ធិ ក្នុងការចូលរួមក្នុងទីផ្សារដំបូង ការកត់ត្រាអ្នកធ្វើបរិវិសកម្ម ការរក្សាទុកមូលបត្ររដ្ឋ នៅប្រតិបត្តិកររក្សាទុកណាមួយនិងការចុះបញ្ជីជួញដូរមូលបត្ររដ្ឋ នៅទីផ្សារមូលបត្រប្រតិស្រុត ការទូទាត់ប្រាក់ដើម និងអត្រាគូប៉ុងនៃមូលបត្ររដ្ឋ និងធាតុសំខាន់ផ្សេងៗទៀត។

មូលបត្ររដ្ឋ អាចត្រូវបានបោះផ្សាយជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណបរទេស តាមការកំណត់ដោយប្រកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here