ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថានភាពទីផ្សារខុនដូនៅក្នុងត្រីមាសទី៣ កាលពីពេលកន្លងទៅត្រូវបានអ្នកជំនាញអះអាងថា ចំនួននៃការលក់មានការកើនគួរឱ្យកត់សម្គាល់ ប៉ុន្តែពាក់ព័ន្ធនឹងតម្លៃមានការធ្លាក់ចុះបន្តិច បើប្រៀបធៀបទៅនឹងត្រីមាសទី និងត្រីមាសទី២ ឆ្នាំ២០២០ ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមកបានអះអាងថា ការលក់ខុនដូនៅក្នុងត្រីមាសទី៣ កាលពីពេលកន្លងទៅនេះ គឺមានកំណើន ហើយការកើនឡើងនៃការលក់នេះ នឹងនៅតែបន្តដល់ត្រីមាសទី៤នៃឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា “តាមការកត់សម្គាល់របស់ខ្ញុំ ទិដ្ឋភាពទូទៅនៃទីផ្សារខុនដូនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ការលក់មានកំណើនគួរឱ្យកត់សម្គាល់ ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃថ្លៃដើម ហាក់មានការធ្លាក់ចុះបន្តិច ដោយសារតែម្ចាស់គម្រោងបង្កើតកម្មវិធីលើកទឹកចិត្តដល់អតិថិជន ដើម្បីជំរុញដល់ការលក់” ។
លោកបានបន្តថា សម្រាប់តម្លៃស្នួលនៅលើទីផ្សារ ហាក់មិនមានអ្វីប្រែប្រួលច្រើនច្រើនោះទេ អ្វីដែលប្រែប្រួលគឺការផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការលក់ ដូចជា កម្មវិធីបញ្ចុះភាគរយ ការផ្តល់ជូនកាដូរួមមានគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានបំពាក់នៅក្នុងយូនីតរួចជាស្រេច ក៏ដូចជាការផ្តល់ភាពងាយស្រួល ក្នុងការបង់ប្រាក់ជាដើម ដែលទាំងនេះបានជួយជម្រុញដល់លក់ឱ្យមានការកើនឡើង។
ជាមួយគ្នានេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា បើធ្វើការប្រៀបធៀបទៅនឹងកាលពីប៉ុន្មានខែមុន ការលក់គឺពិតជាកើនឡើង ប៉ុន្តែការកើនឡើងនេះភាគច្រើនជាប្រភេទខុនដូកម្រិតមធ្យមតែប៉ុណ្ណោះ ហើយខុនដូប្រភេទនេះ ស្ថិតនៅតំបន់ទី២បន្ទាប់ពីកណ្តាលក្រុង។
លោកស្រីបានបញ្ជាក់ថា “នៅក្នុងត្រីមាសទី៣កន្លងទៅនេះ មានការប្រែប្រួលតម្លៃបន្តិច ដូចជា ខុនដូកម្រិតខ្ពស់ (កម្រិតA) មានតម្លៃ ៣០៤១ដុល្លារ ក្នុងមួយម៉ែត្រ ខុនដូកម្រិតមធ្យម(កម្រិតB) មានតម្លៃជាង២៤៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយខុនដូកម្រិតសមរម្យឬក្រោមមធ្យម (កម្រិតC)មានតម្លៃ១៥៣៩ដុល្លារក្នុងមួយម៉ែត្រ ដែលតម្លៃទាំងអស់ប្រើប្រៀបធៀបទៅនឹងត្រីមាសទី និងត្រីមាសទី២ មានការធ្លាក់ចុះបន្តិចបន្តួច” ។
ទោះជាយ៉ាងណា លោកស្រីបានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះទីផ្សារខុនដូនៅដំណាច់ចុងឆ្នាំ២០២០ ហើយកាន់តែមានការកើនឡើងបន្ថែមទៀត នៅដើមឆ្នាំ២០២១ ខាងមុខនេះ ៕