អ័រគីដេ ពង្រីកគំរោងថ្មីជាមួយនឹងទីតាំងសក្តានុពលនៅពោធិ៍ចិនតុង

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនOKIDE DEVELOPMENT(អតីតក្រុមហ៊ុនអ័រគីដេវីឡា)បានចាប់ផ្តើមពង្រីកគំរោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតំបន់ពោធិចិនតុង ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន និងងាយស្រួលតភ្ជាប់មកកណ្តាលរាជធានីជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋសម្បូរបែប។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនOKIDE DEVELOPMENT ដែលគេហទំព័រPropertyarea.asiaទើបទទួលបាននាព្រឹកថ្ងៃទី១៩ ឧសភានេះបានឲ្យដឹងថា គំរោងថ្មីនេះត្រូវបានដាក់ឈ្មោះថា អ័រគីដេ ដឺពោធិ៍ចិនតុង ជាមួយនឹងទីតាំងក្បែរវត្តតាំងកសាង ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាតំបន់ទីប្រជុំជនថ្មី ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម
ដោយគិតគូរដល់ផាសុខភាព និងមានហេដ្ឋារចនាសមស្រប សំរាប់ការរស់នៅគម្រោងថ្មីអ័រគីដេ ដឹពោធិ៍ចិនតុង បានផ្តោតលើគុណភាព សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ព្រមទាំងសួនច្បារ ដែលអាចផ្តល់់ការរស់នៅ ប្រកបដោយផាសុខភាពដល់អតិថិជន។

គម្រោងទីតាំងថ្មី របស់ក្រុមហ៊ុនORKIDE DEVELOPMENT មានទីតាំងស្ថិតនៅផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលភាគច្រើនគេស្គាល់ថាជាផ្លូវវត្តតាំងកសាង។

សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា គម្រោងថ្មីនេះ ក្រុមហ៊ុននឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាំងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។

ក្រុមហ៊ុនOKIDÉ DEVELOPMENT នឹងចាប់ផ្តើមបើកលក់គំរោងថ្មីនេះ ជូនអតិថិជន នៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ ជាមួយនឹងការផ្តល់ជូនអតិថិជន នឹកស្មានមិនដល់ថែមទៀតផង។

អតិថិជនចង់ទិញ ដើម្បីឳកាសវិនិយោគ និងរស់នៅក្នុងគម្រោងថ្មីនេះ អតិថិជនអាចទទួលបានព័ត៌មានឲ្យកាន់តែច្បាស់លម្អិត ដោយផ្តល់លេខទូរស័ព្ទរបស់លោក អ្នកតាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ឬ ខលទូរស័ព្ទ 085 999 809 ក្រុមការងារផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់ អ្នកលោកវិញនៅមុនពេលបើកលក់៕

រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់ផ្លូវក្រោមដីចំនួន ៣ បន្ថែមទៀតនាពេលខាងមុខ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីទៅលើគម្រោងសាងសង់ផ្លូវក្រោមដីចំនួន៣ទីតាំងបន្ថែមយ៉ាងប្រាកដ ដើម្បីកាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ដែលកំពុងកើតមានជាប្រចាំថ្ងៃនៅពេលបច្ចុប្បន្ននេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា គម្រោងសាងសង់ផ្លូវក្រោមដីទាំង៣ខ្សែរ ស្ថិតនៅក្នុងខណ្ឌផ្សេងគ្នា គឺដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងកើតមានរាល់ថ្ងៃ និងជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា “ការស្ថាបនាផ្លូវក្រោមដីទាំងនេះ គឺជាយន្តការចាំបាច់ក្នុងការដោះស្រាយវិបត្តកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែងរបស់ប្រជាពលរដ្ឋឆ្លងកាត់ ដែលក្នុងនោះក៏ជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាទេសចរ ដែលធ្វើដំណើរឆ្លងកាត់ផងដែរ តាមរយៈផ្លូវក្រោមដីឆ្លងកាត់ផ្លូវសហព័ន្ធរុស្សុីចូលដល់វិទ្យាស្ថានភាសាបរទេស IFL តែម្ដង”។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីនៅចំណុចមុខវិទ្យាស្ថានភាសាបរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្សុី ដោយតភ្ជាប់ពីផ្លូវ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតចេញចូល និងមិនប្រឈមគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ទៀតនោះទេ”។ លោកបានបន្តថា “ដោយឡែកនៅតំបន់ក្ដាន់២វិញ ដែលកំពុងស្ថាបនារង្វង់មូលថ្មីនៅពេលបច្ចុប្បន្ននេះ ក៏មានផ្លូវក្រោមដីផងដែរ ដោយត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្សុី តភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក់ ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះផងដែរ”។

ផ្លូវក្រោមដីទាំង៣ខ្សែដែលកំពុងត្រៀមសាងសង់ រួមមានទី១៖ ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១ សាងសង់ដោយក្រុមហ៊ុន បុរី ប៉េង ហួត ដែលតភ្ជាប់ពីផ្សារទំនើប PH ECO Mall ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ,ទី២៖ ផ្លូវក្រោមដីនៅម្ដុំមុខវិទ្យាស្ថានភាសាបរទេស និងទី៣ ផ្លូវក្រោមដីនៅម្ដុំក្ដាន់២ ជិតក្រសួងការពារជាតិ ៕

អ្នកជំនាញ៖ ការអភិវឌ្ឍនិងទិញ-លក់លំនៅឋាននៅតែមានភាពល្អប្រសើរ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា រហូតមដល់ពេលនេះ ការអភិវឌ្ឍ និងការទិញលក់លើវិស័យនៅឋាន នៅក្នុងប្រទេសកម្ពុជា ពុំមានសញ្ញាណាមួយថមថយនោះទេ មានតែការរីកចំរើន និងបោះជំហ៊ានទៅមុខ បើទោះបីកម្ពុជាទទួលរងនូវផលវិបត្តិខ្លះក៏ដោយ។


លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal ដែលជាអ្នកធ្វើការផ្ទាល់លើវិស័យលំនៅឋាន បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងរយៈពេលខ្លីក្នុងកន្លងមកនេះ សម្រាប់ការអភិវឌ្ឍគម្រោង និងការទិញលក់លំនៅឋាននៅតែដំណើរការធម្មតា។

លោកថ្លែងថា ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងឃើញមាគម្រោងលំនៅឋានធំៗ និងក្រុមអ្នកទិញលក់នៅតែមានការធ្វើសកម្មភាព ជាពិសេសលើលំនៅឋានពិតប្រកដ ឬផ្ទះដែលមានសំណង់គ្រប់គ្រាន់ តែបើដីធ្លីក្នុងទំហំធំៗអាចមានបញ្ហាខ្លះ

លោកបន្តថា លំនៅឋានពិតប្រកដ ឬលំនៅឋានដែលមានសំណង់គ្រប់គ្រាន់ មានតម្រូវការច្រើន និងគ្មានការថមថយ ជាពិសេសនោះអ្នកអភិវឌ្ឍន៍បានបញ្ចុះតម្លៃ ដែលមានភាពកាន់តែងាយស្រួលដល់ស្វែងរកទិញ។ ម្យ៉ាងទៀត កាលពីក្នុងអំឡុងពេលមានកូវីដ១៩ កន្លងមកនេះ ក៏មានអ្នកដើររកទិញច្រើនផងដែរ ដែលធ្វើឱ្យវិស័យនេះ នៅតែតម្រូវការជារៀងរហូត និងតទៅមុខទៀត។

លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service បានប្រាប់ឱ្យដឹងដែរថា លំនៅឋាននៅតែមានតម្រូវការខ្ពស់ ជាពិសេស វិស័យលំនៅឋានសម្រាប់ប្រកបអាជីវកម្ម ដែលអនុញ្ញាតឱ្យអ្នកទិញ អាចមានលទ្ធភាពប្រកបអាជីវកម្មបាន ឬបង្កើតមុខរបរផ្សេងៗទៅតាមតម្រូវការ។  លោកស្រីបន្តថា ម៉្យាងទៀត អ្នកអភិវឌ្ឍលំនៅដ្ឋានមួយចំនួន បានផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដូចជា ការបង់រំលស់ សម្រួលរយៈពេលបង់ឱ្យមានរយៈពេលវែង និងមានការយោគយល់ដល់អតិថិជន ដោយបត់បែនទៅតាមស្ថានភាពអតិថិជនទៀតផង


សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅឋានទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក្នុងរយៈពេល១ឆ្នាំផងដែរ។

យោងតាមរបាយការស្រាវជ្រាវរបស់អ្នកជំនាញ បានអះអាងកន្លងមកនេះថា ប្រទេសកម្ពុជា មានតម្រូវការលំនៅឋានប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ខណៈភាគច្រើនជាតម្រូវការបស់យុវជន ដែលទើបរៀងការរួច និងអ្នកដែលមានវ័យកណ្តាល៕

ការស្ថាបនាផ្លូវល្បឿនលឿភ្នំពេញ-ព្រះសីហនុសាងសង់មានវឌ្ឍនភាពតិចតួច ខណៈការដោះស្រាយផលប៉ះពាល់មិនទាន់បបញ្ចប់

ដោយវុត្ថា

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញព្រះសីហនុ មានប្រវែងប្រមាណជាង១៩០ គីឡូម៉ែត្រ សម្រេចបានបាន២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះ។


ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុបានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុឱ្យដឹងថា បញ្ហាប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូល ត្រូវមាននិយាមការច្បាស់លាស់ ដើម្បីស្នើទៅក្រសួងសាម៉ីជួយដោះស្រាយ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការស្ថាបនាផ្លូវនេះ គ្រោចំណាយរយៈពេលសាងសង់ចំនួន៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់នាចុងឆ្នាំ២០២២នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ .០០០លានដុល្លារអាមេរិក៕


ធនាគារវិនិយោគអឺរ៉ុបទទួលបានជំនួយឥតសំណង ១២,៧ លានអឺរ៉ូ ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតនៅសង្កាត់បាក់ខែង

ដោយ ប៊ី
ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប EIB ទទួលបានជំនួយ ១២,៧ លានអឺរ៉ូពីសហភាពអឺរ៉ុបសម្រាប់សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់បាក់ខែង និងបណ្តាញចែកចាយទឹក ៥០០ គីឡូម៉ែត្រនៅរាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ធនឹងនាំមកនូវសុវត្ថិភាពទឹកផឹកនិងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនចំនួន ៧០០,០០០ នាក់ ដែលមកពីតំបន់ក្រីក្រមួយចំនួននៅក្នុងទីក្រុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារវិនិយោគអឺរ៉ុប EIB នៅថ្ងៃនេះ។

ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុបនឹងពង្រីកបណ្តាញចែកចាយទឹកទៅដល់តំបន់ក្រីក្របំផុតនៅទីក្រុង។ វាបំពេញបន្ថែមនូវការវិនិយោគដែលមានទឹកប្រាក់ ១៨៥ លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុប (EIB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD។ ជាមួយការលាយបញ្ចូលគ្នានៃធនាគារ EIB ភ្នាក់ងារ AFD និងហិរញ្ញប្បទានសហគមន៍អឺរ៉ុបនឹងផ្តល់ទឹកស្អាតដល់ទីក្រុងភ្នំពេញ ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលតម្រូវការសម្រាប់ទឹកស្អាតត្រូវបានរំពឹងថានឹងកើនឡើងជិតទ្វេដងពីតម្រូវការបច្ចុប្បន្ននៅឆ្នាំ ២០៣០។

គ្រួសារប្រហែល ៨៦ ០០០ គ្រួសារនៅតាមសង្កាត់ក្រីក្របំផុតមួយចំនួននៅភ្នំពេញនឹងទទួលបានទឹកស្អាតប្រើប្រាស់ជាលើកដំបូងមិនធ្លាប់មាន ហើយជួយកាត់បន្ថយប្រភេទជំងឺមួយចំនួនឱ្យបាន ២៦ ភាគរយ។ គម្រោងនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់គ្រួសារក្រីក្របំផុត ព្រោះវានឹងកាត់បន្ថយការចំណាយប្រចាំថ្ងៃលើពិសារទឹកប្រចាំថ្ងៃ។ សព្វថ្ងៃប្រជាជនកម្ពុជាជិត ៧០ ភាគរយមិនមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំង ២៨ ភាគរយ នៃប្រជាជនរស់នៅភ្នំពេញ។
លោក Andrew McDowell អនុប្រធាននៃធនាគារ EIB បានមានប្រសាសន៍ថា “ធនាគារEIB សូមស្វាគមន៍ការផ្តល់ជំនួយរបស់សហភាពអឺរ៉ុបសម្រាប់គម្រោងផ្គត់ផ្គង់ទឹកបាក់ខែង ព្រោះវានឹងធ្វើអោយប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជនរាប់ពាន់នាក់នៅក្នុងទីក្រុង។

លោក Andrew បានបន្តថា “គម្រោងនេះបង្ហាញពីអំណាចនៃកិច្ចសហប្រតិបត្តិការអឺរ៉ុប និងសាមគ្គីភាពជាមួយប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន។ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់អំណាចដល់យើង ដើម្បីពង្រឹងភាពជាដៃគូ និងការគាំទ្ររបស់ EIB នៅក្នុងប្រទេសដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា”។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ទឹកគឺជាប្រភពដ៏សំខាន់នៃជីវិត ហើយការទទួលបានទឹកគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ហើយការរស់នៅដោយគ្មានទឹកស្អាតអាចបណ្តាលឱ្យមានជំងឺ និងភាពក្រីក្រ ហើយវាក៏ជាការគំរាមកំហែងដល់សុខភាពសាធារណៈផងដែរ”។

លោកស្រី បានបន្ថែមថា “គម្រោងទឹកស្អាតបាក់ខែងគឺជាគម្រោងវិនិយោគធំបំផុតរបស់អឺរ៉ុបនៅកម្ពុជាដែលផ្តល់ហិរញ្ញប្បទានដោយដៃគូអឺរ៉ុប និងកម្ពុជាជាច្រើនដែលក្នុងនោះជំនួយឥតសំណងរបស់សហភាពអឺរ៉ុបនឹងជួយធានាដល់សិទ្ធិរបស់សហគមន៍ក្រីក្រនៅភ្នំពេញ ក្នុងការទទួលបានទឹកស្អាត និងតម្លៃសមរម្យ”៕

រដ្ឋាភិបាលអនុញ្ញាតឱ្យមានការសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់រវាទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាថ្មី

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុ បានផ្តល់ជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន OCIC សាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់រវាទីក្រុងកោះពេជ្រទៅកាន់ទីក្រុងកោះនរាថ្មី ដែលស្ពាននេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់។

យោងតាមលិខិតមួយច្បាប់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ នេះ ផ្ញើរជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រុមហ៊ុន OCIC ស្នើសុំគោលគារណ៍ទៅនាំចូលនូវសម្ភារៈ និងគ្រឿងចក្រមួយចំនួនដែលមានតម្លៃ សរុប ៤០, ៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញតាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗ ខាងមុខនេះ ។

លិខិតដដែលនេះ បញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

លិខិតដដែលបន្តថា តាមផែនការក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស បានមួយកម្រិតធំ ពេលស្ថាបនារួច។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ថាបនាច្រាំងទន្លេ និងចាក់ដីបំពេញ រួមទាំងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតបានចាប់ផ្តើម ជាមួយនឹងផែនការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុងនៅឆ្នាំ២០២៣ខាងមុខ។
លោកបន្តថា ក្រុមហ៊ុនកន្លងមកបានសិក្សាស្ពានពីរខ្សែ ដោយផ្តោតលើជម្រើសលើទឹកដែលគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក និងជម្រើសមួយទៀតជាស្ពានឆ្លងកាត់ក្រោមទន្លេ ដែលគ្រោងចំណាយទឹកប្រាក់២០០លានដុល្លារអាមេរិក ៕

ក្រុមហ៊ុន Oakwood គ្រោង​ពង្រីក​សាខា​អចលនទ្រព្យ​របស់ខ្លួន​ចំនួន ២០បន្ថែម នៅ​រយៈពេល ២ឆ្នាំ​ខាងមុខ

ដោយ ៖ ហ្សូ​លី

ភ្នំពេញ ៖ ក្រុមហ៊ុន Oakwood Asia Pacific Limited គឺជា​ក្រុមហ៊ុន​លំនៅដ្ឋាន​សាជីវកម្ម​ពិភពលោក​មួយ ដែល​គ្រោង​នឹង​ពង្រីក​សាខា​អចលនទ្រព្យ​របស់ខ្លួន​ឱ្យបាន​ចំនួន ២០ បន្ថែមទៀត ក្នុង​រយៈពេល ២ឆ្នាំ​ខាងមុខ​ទៀត។

ក្រុមហ៊ុន Oakwood បានធ្វើ​ផែនការ​រៀបចំ​ជាបន្ទាន់​នូវ​ការពង្រីក​សាខា​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ២០ បន្ថែមទៀត ក្នុង​គោលបំណង​ពង្រីក​មុខមាត់ និង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ល្បីល្បាញ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​មួយ​នេះ​កាលពី​សប្តាហ៍​មុន។

នៅក្នុង​សេចក្ដីប្រកាស​ដដែល​បានបង្ហាញ​ពី​គោលបំណង​នៃ​ការពង្រីក​មុខ​ជំនួញ​នេះ គឺ​ដើម្បី​ផ្តល់​សេវាកម្ម​បដិសណ្ឋាកិច្ច និង​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​វិស័យនេះ​ផងដែរ។ គម្រោង​នេះ​បាន​បង្កើតឡើង​ដោយមាន​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន Oakwood ជាមួយនឹង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អន្តរជាតិ Dwellworks ក្នុងការ​ពង្រឹង​នូវ​កេរ្តិ៍ឈ្មោះ និង​បម្រើការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទូទាំង​សកលលោក។

នាយក​ប្រតិបត្តិ Oakwood និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Dean Schreiber បាន​មានប្រសាសន៍ថា ភាពជា​ដៃគូ​ស្រប​នឹង​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ទាំង២ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Oakwood ផ្តោតលើ​ការអភិវឌ្ឍ និង​កំណើន​ផលប័ត្រ​បដិសណ្ឋារកិច្ច​របស់ខ្លួន ចំណែកឯ Dwellworks មាន​តួនាទី​ពង្រីក​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅក្នុង​វិស័យ​លំនៅដ្ឋាន។

លោក​បាន​មានប្រសាសន៍ថា “ Dwellworks គឺជា​ក្រុមហ៊ុន​ដ៏​ឆ្នើម​ម្នាក់​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម​លំនៅដ្ឋាន​សាជីវកម្ម និង​ជា​ដៃគូ​យូរអង្វែង​របស់​ក្រុមហ៊ុន​យើង” ។

លោក​បញ្ជាក់ថា “ពួកគេ​មានបទពិសោធន៍​ស៊ីជម្រៅ និង​ស្គាល់​ច្បាស់​ពី​ដំណើរការ​អាជីវកម្មរ​បស់​យើង ក៏ដូចជា​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការផ្តល់​សេវាកម្ម​ពិសេស​ដល់​អតិថិជន និង​ភ្ញៀវ។ ដំណាក់កាល​ថ្មី​ដ៏​សំខាន់​នេះ នៅក្នុង​ការវិវឌ្ឍ​រប​ស់ Oakwood នឹង​អនុញ្ញាតឱ្យ​យីហោ​នេះ​ផ្តោតលើ​ការពង្រឹង​សេវាកម្ម​របស់ខ្លួន​លើ​វិស័យ​អចលនទ្រព្យ និង​ផ្លាស់ប្តូរ​ទៅជា​ក្រុមហ៊ុន​គ្រប់គ្រង​បដិសណ្ឋារកិច្ច ដើម្បី​តម្រូវ​តាម​កំណើន​តម្រូវការ​ប្រកបដោយ​ចីរភាព និង​ជោគជ័យ​ក្នុង​អាជីវកម្ម” ។

Oakwood មាន​ផលិតផល​សេវាកម្ម​ចំនួន ៦ ដែល​ស្ថិតនៅក្រោម​យីហោ​ក្រុម​ហ៊ុម Oakwood ដែល​ក្នុងនោះ​រួមមាន​ដូចជា Oakwood Premier, Oakwood Apartments, Oakwood Residence, Oakwood Suites, Oakwood ស្ទូ​ឌី​យោ និង Oakwood WaterWalk៕

ទីផ្សារ​ជួល​អគារ​នៅ​កម្ពុជា អាច​បន្ត​ដាំ​ក្បាល​ចុះ​រហូតដល់​ចុងឆ្នាំ២០២០

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ បន្ទាប់ពី​មាន​អត្រា​ថេរ​នៃ​តម្រូវការ​ទីផ្សារ​ជួល​អាគារ​សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​ក្រុមហ៊ុន ស្ថាប័ន​អាជីវកម្ម​នានា នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០កន្លង​ទៅនោះ នៅក្នុង​ត្រីមាស​ទី២ ជាពិសេស​នៅក្នុង​អំឡុង​ខែឧសភា តម្រូវ​ការជួល​នៅក្នុង​វិស័យនេះ​មាន​ភាព​ថមថយ ហើយនឹង​បន្ត​ធ្លាក់ចុះ​រហូតដល់​ចុងឆ្នាំ២០២០ ខាងមុខនេះ។

អគ្គនាយក​ក្រុមហ៊ុន Basac Realty Co., Ltd លោក នី ទី​ណាត បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា ភាព​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្រូវ​ការជួល​អាគារ​សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ ក្រុមហ៊ុន ក៏ដូចជា​អាជីវកម្មផ្សេងៗកំពុង​កើតមាន​យ៉ាងគំហុក ដែល​តម្រូវឱ្យ​បណ្តា​ម្ចាស់​អាគារ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​មាន​ផែនការ​បញ្ចុះតម្លៃ​ជួល ឬ​កម្មវិធី​លើកទឹកចិត្តផ្សេងៗដើម្បី​អាច​រក្សាបាន​ចំណែក​ទីផ្សារ។

លោក នី ទី​ណាត បាន​មានប្រសាសន៍​បន្តថា “មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ​ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត សម្រាប់​ជួល​នោះទេ ភាគច្រើន​គឺ​កំពុង​ជួប​ភាព​ប្រឈម​ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។ ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម​សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន​បម្រើសេវា​ខ្លះ​ក៏​ជួប​បញ្ហា​ដូចគ្នា ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

លោក​បាន​គូសបញ្ជាក់ថា ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យនេះ​ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ ម្ចាស់​អាគារ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​សម្រាប់​ជួល គួរ​មានការ​បន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី ៣០-៥០ ភាគរយ​នៃ​តម្លៃ​ចាស់ ទម្រាំ​វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ ។

តាម​របាយការណ៍​ស្រាវជ្រាវ ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia កាលពីពេលថ្មីៗនេះ​បាន​បង្ហាញថា នៅក្នុង​ត្រី​មាន​ទី១ ដើមឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួល​អាគារ​ការិយាល័យ គឺ​នៅមាន​តម្រូវការ ដែល​ស្ថិតនៅក្នុង​អត្រា​ថេរ ដោយសារតែ​ភាគច្រើន​ទីផ្សារ​ជួល​បាន​ធ្វើឡើង​តាំងពី​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ២០២០ ។

នៅក្នុង​របាយការណ៍​ដ​ដែល​បាន​បញ្ជាក់ទៀតថា ចរន្ត​ទីផ្សារ​នៃ​ការជួល​អគារ​សម្រាប់​ប​ម្រើ​ជា​ការិយាល័យ ក្រុមហ៊ុន​នេះ បានចាប់ផ្តើម​ជួប​ឱនភាព​នៅក្នុង​ត្រីមាស​ទី២ ជាពិសេស នៅក្នុង​អំឡុង​ខែឧសភា​ឆ្នាំ២០២០ នេះ ហើយ​អាច​នឹង​បន្ត​ធ្លាក់ចុះ​រហូតដល់​ដំណាច់ឆ្នាំ២០២០ខាងមុខនេះ៕

ADB គ្រោង​ផ្តល់​ហិរញ្ញប្បទាន ៨៩៥ លាន​ដុល្លារ ដើម្បី​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​រយៈពេល៣ឆ្នាំ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​បានរៀបចំ​កម្មវិធី​ដែលមាន​តម្លៃ ៨៩៥ លាន​ដុល្លារ​សម្រាប់​ការវិនិយោគថ្មីៗនៅ​កម្ពុជា ពី​ឆ្នាំ២០២០-២០២។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។

វិស័យ​ដែល​បានកំណត់​គោលដៅ​សម្រាប់​ការវិនិយោគ គឺ​កសិកម្ម ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​ជនបទ ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង សេវាកម្មផ្សេងៗទៀត វិស័យ​ដឹកជញ្ជូន ការអប់រំ និង​ថាមពល។

តាមរយៈ​ការងារ​បែប​ជឿនលឿន ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ជួយ​សម្រួល​ដល់​កិច្ចពិភាក្សា​គោលនយោបាយ​ផ្អែកលើ​ភាពជាក់ស្តែង ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ចូលរួម​ជាមួយ​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ទីប្រឹក្សាបច្ចេកទេស​ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការធ្វើផែនការ​ឆ្លង​វិស័យ និង​គាំទ្រ​ដល់​ការច្នៃប្រឌិត ជាពិសេស​ទទួលយក​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ក្លាយជា​សេដ្ឋកិច្ច​ឌីជីថល។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់​ឱ្យដឹង​ក្នុង​ឯកសារ​ទាក់ទង​នឹង​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី​កាល​ពីស​ប្តា​ហ៍​មុន​ថា ការព្យាករណ៍​របស់ ADB មាន​កម្រិត​ទាប​ជាង​ការព្យាករណ៍​របស់​ធនា​គារ​ពិភពលោក ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន ដោយបាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា មាន​ចំនួន២,៥ភាគរយ ក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់៥,៩ ភាគរយ ក្នុង​ឆ្នាំ២០២១ ។

ធនាគារ​នេះ​បន្ថែមថា “ការ​ថមថយ​ល្បឿន ត្រូវបាន​រង​ផលប៉ះពាល់​ជា​ចម្បង ពី​ជំងឺ​ Covid-19 ដែល​បណ្ដាលឱ្យ​មានការ​ថមថយ​ល្បឿន​សេដ្ឋកិច្ច នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍សំខាន់ៗ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ព្រមទាំង​ការកាត់បន្ថយ​លទ្ធភាព​ទទួលបាន​ការចូល​ទីផ្សារ​នាំចេញ​របស់​ប្រទេស​នេះ” ។

លោកស្រី Durrani-Jamal បាន​ថ្លែងថា “សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៧ ភាគរយ​ក្នុង​ឆ្នាំ២០២១ ដែល​សន្ម​ត់​ថា ការរីក​រាលដាល​ Covid-19 នឹងត្រូវ​បញ្ចប់ ខណៈ​សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រឡប់មក​ធម្មតា​ឡើងវិញ” ៕

ខណ្ឌ​ចំនួន ៣ ក្នុង​រាជធានី​ភ្នំពេញ កំពុង​លេចធ្លោ​ក្នុងការ​ជាវ​ខុន​ដូ

ដោយ ៖ ហ្សូ​លី

ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​កំពុងមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ទៅលើ​ការវិនិយោគ​វិស័យ​អចលនទ្រព្យ និង​ច្រើន​ប្រភេទ​ដូចជា លំនៅដ្ឋាន បុរី​លំនៅដ្ឋាន អាគារ​ការិយាល័យ អា​ផាត​មិន និង​ខុន​ដូ​ជាដើម ដោយ​ក្នុងនោះ​មាន​ខណ្ឌ​ចំនួន ៣ ដែល​កំពុងមាន​ភាពលេច​ធ្លោ​សម្រាប់​ចរន្ត​នៃ​ការទិញ​លក់​ប្រភេទ​ខុន​ដូ។

សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ជាវ ឬ​វិនិយោគ​ទៅលើ​អចលនវត្ថុ គប្បី​ដឹង​ពី​ចំនុច​មួយចំនួន​ជាមុនសិន មុននឹង​សម្រេចចិត្ត​ដោយ​ផ្អែកលើ​កត្តាសំខាន់ៗមួយចំនួន ដូចជា តម្លៃ ទីតាំង​ភូមិសាស្ត្រ និង​ទំហំ​ជាដើម។ ជាក់ស្តែង អគារ​ខុន​ដូ​ដែល​កំពុងមាន​ភាព​រីក​ដុះដាល និង​មាន​ចរន្ត​ទិញ​លក់​ច្រើនជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ គឺមាន​នៅក្នុង​ខណ្ឌ​ចំនួន ៣ ដែលមាន​លេចធ្លោ​ជាងគេ។

យោងទៅតាម​អ្នកជំនាញ​អចលនទ្រព្យ​ដែល​ធ្លាប់បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Property Area កន្លងមក​បានឱ្យដឹង​ថា ខណ្ឌ​ដែលមាន​សក្តានុពល​ចំពោះ​វិស័យ​ខុន​ដូ​ជាងគេ​រួមមាន​ដូចជា៖

ខណ្ឌ៧មករា  ៖ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ដទៃទៀត ដូចជា បឹង​កេងកង ឬ ផ្លូវ៦០ម៉ែត្រ ខណ្ឌ៧មករា មាន​ភាព​អភិវឌ្ឍ​លើ​វិស័យ​ខុន​ដូ​តិចជាងគេ។ ទោះបី​យ៉ាងនេះ​ក៏ដោយ តំបន់​នេះ​ក៏​ស្ថិតនៅក្នុង​តំបន់​ក្រុង​ដែលមាន​ផ្សារ​ទំនើប ភោជនីយដ្ឋាន សាលារៀន​អន្តរជាតិ មន្ទីរពេទ្យ​ធំ ហ៊ុមព័ទ្ធ​ជុំវិញ ដែល​បង្ហាញថា ខណ្ឌ ៧មករា ក៏​ជាទី​ប្រជុំជន​សម្បូរ​ទៅដោយ​ប្រជាពលរដ្ឋ​ជិតខាង​រស់នៅ​ជុំវិញ។ ជាពិសេស បើ​និយាយ​ពី​តម្លៃ​វិញទៀត​សោត ខុន​ដូ​នៅ​ខណ្ឌ​នេះ​មានតម្លៃ​ទាប​ជាង​ខណ្ឌផ្សេងៗ ព្រោះ​នៅមាន​ការអភិវឌ្ឍ​ថ្មី​ជា​បន្តបន្ទាប់ ស្ថាបត្យកម្ម និង​រចនាបថ​មាន​ភា​ព​ទាន់សម័យ​ច្រើន និង​មាន​គុណភាព​ខ្ពស់ ព្រមទាំង​តម្លៃ​អាច​ទទួលយកបាន។

ខណ្ឌដូនពេញ ៖ គឺជា​ខណ្ឌ​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ និង​ជា​តំបន់​បណ្តុំ​ទៅដោយ​ក្រុមហ៊ុន និង​មុខ​ជំនួញ​នានា។ ខណ្ឌ​នេះ​គឺ​រាប់បញ្ចូល​ទាំង​រមណីយដ្ឋាន​មាត់ទន្លេ អគារ​របស់​រដ្ឋាភិបាល និង​រមណីយដ្ឋាន​ប្រ​វិត្ត​សាស្ត្រ​វត្តភ្នំ។ បច្ចុប្បន្ន​តំបន់​នេះ​មានការ​អភិវឌ្ឍ​អគារខ្ពស់ៗជាច្រើន ដែលជា​ភស្តុតាង​បង្ហាញថា ខណ្ឌដូនពេញ​ជា​ខណ្ឌ​ពោរពេញ​ដោយ​សក្តានុពល​វិនិយោគ។ តម្លៃ​អចលនវត្ថុ​ខុន​ដូ​វិញ​ក៏​ខ្ពស់​ដែរ  ដរាបណា​ទីតាំង​ខុន​ដូ​កាន់តែ​នៅ​កៀក​មាត់ទន្លេ នោះ​អចលនទ្រព្យ​កាន់តែ​ថ្លៃ​ទៅតាម​នោះ។ ភាគច្រើន​ក្នុង​ខណ្ឌ​នេះ ក៏មាន​ការអភិវឌ្ឍ​លើ​អគារ​ពាណិជ្ជកម្ម​ផងដែរ​ក្រៅពី​ខុន​ដូ។

ខណ្ឌ​បឹង​កេងកង ៖ តំបន់​នេះ​គឺមាន​ប្រជាប្រិយភាព​ជាងគេ​បង្អស់​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​សក្តានុពល​នៃ​តំបន់។ បុគ្គល​ដែល​ជាវ ច្រើនតែ​ជា​អ្នក​ដែលមាន​ធនធាន​ច្រើន និង​ចង់បាន​ការរស់នៅ​ប្រកបដោយ​ភាពទាន់សម័យ និង​ងាយស្រួល។ នៅក្នុង​ខណ្ឌ​នេះ ហ៊ុមព័ទ្ធ​ទៅដោយ​សណ្ឋាគារ អគារខ្ពស់ៗ ភោជនីយដ្ឋាន ផ្សារ​ទំនើប ស្ថានទូត ជំនួញ​អន្តរជាតិ និង​សាលា​អន្តរជាតិ។ ជាទូទៅ ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ក៏ ២០០,០០០ដុល្លារ​ដែរ ក្នុង​មួយ​យូ​នី​ត ហើយ​នៅពេល​ក្រោយ​ម្ចាស់​អចលនវត្ថុ​សម្រេចចិត្ត​ទិញ ក៏​នឹង​មានឱកាស​ចំណេញ​ខ្ពស់​ផងដែរ​នាពេល​អនាគត៕ InvestAsian