ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ការគំរាមកំហែងពីវិបត្តិនៃជំងឺឆ្លងនៅពេលបច្ចុប្បន្ននេះ វាមិនមែនជាឧបសគ្គ និងធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជាទ្រុឌទ្រោមនោះឡើយ ផ្ទុយទៅវិញតម្រូវការលំនៅដ្ឋានជាក់ស្ដែងនៅតែបន្តមាន ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនកំពុងមមាញឹកសាងសង់ ដើម្បីដាក់បញ្ចូលទៅក្នុងទីផ្សារ។
អគ្គនាយកក្រុមហ៊ុន PREMIUM GROUP លោក ម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានមួយរូប នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះបានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតដែលតម្រូវការទីផ្សារនៅតែបន្តមាន ជាក់ស្ដែងត្រឹមតែតំបន់ទំនប់កប់ស្រូវដែលស្ថិតនៅជាយក្រុងមានគម្រោងសាងសង់មិនក្រោម១០គម្រោងនោះទេ ដែលមានចំនួនលំនៅដ្ឋានជិត១០០០ខ្នង។
តាមរយៈទូរស័ព្ទ លោកបានមានប្រសាសន៍ថា “មិនថាពេលនេះ ឬបន្តទៅថ្ងៃខាងមុខនោះទេ វិស័យលំនៅដ្ឋាននៅតាមតំបន់ជាយក្រុងនៅតែមានតម្រូវការ ដោយសារតែកំណើនប្រជាជនចូលមករស់នៅរាជធានីភ្នំពេញកាន់តែកើនឡើងជាលំដាប់ ជាក់ស្ដែងនិយាយត្រឹមតែវត្តមានរបស់និស្សិតដែលមកពីតាមបណ្តាខេត្តនានា ដើម្បីសិក្សាបន្ត និងបម្រើការងារមានរហូតជិតដល់៥ម៉ឺននាក់ក្នុងមួយឆ្នាំ”។
លោកបានបន្តទៀតថា “កំណើននៃចំនួននិស្សិត លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញសុទ្ធតែមានតម្រូវការស្នាក់នៅ ខណៈដែលកំណើននៃចំនួនសំណង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ននៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ។ លំនៅដ្ឋានដែលមានទីផ្សារ និងតម្រូវការខ្ពស់បច្ចុប្បន្ននេះ ជាប្រភេទលំនៅដ្ឋានតម្លៃមធ្យម ដែលស្ថិតនៅក្នុងចន្លោះ ជាង៦ម៉ឺន ទៅ៨ម៉ឺនជាង”។
លោក សរ បញ្ញា ដែលជាអ្នកជំនាញផ្នែកលក់អចលនទ្រព្យនៅក្នុងតំបន់ខណ្ឌដង្កោ បានមានប្រសាសន៍ស្រដៀងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “ស្ទើរតែគ្រប់គម្រោងនៅតំបន់ជុំវិញរាជធានីភ្នំពេញភាគច្រើនសុទ្ធតែមានទីផ្សារល្អ លើកលែងតែគម្រោងដែលស្ថិតនៅទីតាំងមិនសូវអំណោយផល ដែលពិបាកលក់”។
លោកបញ្ជាក់ថា “គម្រោងលំនៅដ្ឋានដែលស្ថិតនៅភាគខាងលិចក្នុងខណ្ឌដង្កោ គឺនៅតែមានស្ថានភាពល្អប្រសើរ ហើយអ្វីកាន់តែពិសេសគឺតម្លៃបានបន្តកើនឡើង ខណៈដែលអ្នកទិញក៏នៅតែមានសកម្មភាព។ នៅតំបន់នេះ គម្រោងភាគច្រើនមិននៅទ្រឹងនោះទេ ដោយសារតែទីតាំងគម្រោងមានអំណោយពីហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយរដ្ឋាភិបាលជាច្រើនខ្សែ ជាពិសេសស្ថិតនៅជិតគម្រោងធំដូចជា ផ្សារទំនើប AEON3 ស្ថិតនៅផ្លូវ៦០ម៉ែត្រ មានផ្លូវ៥០ម៉ែត្រនៅអមជាមួយ ស្ថិតនៅជិតគម្រោងព្រលានយន្តថ្មីក្នុងខេត្តកណ្តាល និងគម្រោងទីក្រុងរណបផ្សេងៗទៀត”។
ជាមួយនឹងការរក្សាបាននូវស្ថានភាពល្អប្រសើរក្នុងទីផ្សារលំនៅដ្ឋាននាពេលនេះ លោក សរ បញ្ញា បានបង្ហាញពីភាពជឿជាក់ថា នៅក្នុងអំឡុងពេលឆ្នាំក្រោយ តម្លៃលំនៅដ្ឋានក្នុងខណ្ឌដង្កោអាចនឹងបន្តកើនឡើងមិនក្រោយ៣០ភាគរយនោះទេ ខណៈដែលតម្រូវការនៅតែមានកំណើនបន្តទៀត៕