អ្នកជំនាញ៖ ភ្នំពេញបន្តឈរលំដាប់ទី ១ ជាទីក្រុងវិនិយោគអចលនទ្រព្យទទួលបានផលចំណេញខ្ពស់

0

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅតាមបណ្តារខេត្តក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈរ។ ការសិក្សាអន្តរជាតិបានបង្ហាញថា ទីក្រុងភ្នំេពញនៅតែស្ថិតឈរនៅលំដាប់ទី ១ក្នុងចំណោមទីក្រុងដទៃទៀតក្នុងតំបន់អាស៊ាន ជាទីក្រុងដែលទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចលនវត្ថុ។

កត្តាជាច្រើនដែលជម្រុញឱ្យទីក្រុងភ្នំពេញជាទីក្រុងល្អជាងគេ បើទោះបីជាប្រទេសកំពុងជួបប្រទះវិបត្តិជំងឺសាកលក៏ដោយ។ វិស័យខុនដូ បុរីលំនៅដ្ឋាន អាផាតមិន អគារពាណិជ្ជកម្ម និងដីធ្លី នៅក្នុងទិក្រុងភ្នំពេញ សុទ្ធសឹងតែមានគម្រោងអភិវឌ្ឍ និងចរន្តទិញលក់ឥតឈប់ឈរ។

ប្រធានក្រុមហ៊ុន Knight Frank ប្រចាំប្រទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិសារជាថ្មីថា វិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញមានភាពរីកចម្រើន ហើយតំបន់សំខាន់ៗមួយចំនួនសុទ្ធតែមានសក្តានុពលសម្រាប់អភិវឌ្ឍគម្រោងអចលនទ្រព្យ និងទទួលបានផលចំណេញខ្ពស់។

ជាមួួយគ្នា សក្តានុពលនៃខណ្ឌនិមួយៗក្នុងទីក្រុងភ្នំពេញមានលក្ខណៈពិសេសរៀងខ្លួនៗ ដូចជា ខណ្ឌបឹងកេងកង ជាបណ្តុំគម្រោងខុនដូ អគារពាណិជ្ជកម្មផ្សារទំនើប រីឯខណ្ឌសែនសុខ ពោរពេញដោយបុរីលំនៅដ្ឋាន ចំណែកខណ្ឌទួលគោកមានអគារការិយាល័យជាដើម។ លើសពីនេះ ខណ្ឌផ្សេងៗទៀតដែលស្ថិតក្នុងទីក្រុងភ្នំពេញ បានរីកចម្រើនជាបន្តបន្ទាប់ ស្របតាមផែនការនិងស្ថានភាពសេដ្ឋកិច្ចប្រទេស។

អ្នកវិនិយោគមកពីហុងកុង ចិនដីគោក និងក្នុងតំបន់ មានការចាប់អារម្មណ៍ជាច្រើនក្នុងវិស័យលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE នៅតែព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅឆ្នាំនេះនឹងកើនឡើង៣៤ភាគរយ។

លោក Jame Hodge អនុប្រធានក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា បានលើកឡើងថា រាជធានីភ្នំពេញជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធ្វើដំណើរវែងឆ្ងាយទៅមុខ ដោយពុំមានបញ្ហាអ្វីកើនឡើងច្រើននោះទេ ដែលបណ្តាលឲ្យអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យទទួលបានផលច្រើន និងយូអង្វែង។

តម្រូវការអចលនទ្រព្យពីសំណាក់ប្រជាពលរដ្ឋខ្មែរមានការកើនឡើងខ្ពស់ រីឯច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស ធ្វើឲ្យវិស័យអចលនទ្រព្យកើនឡើជាលំដាប់រហូតមកដល់ពេលនេះ បណ្តាលឲ្យអ្នកវិយោគទទួលបានផលច្រើនជាងប្រទេសដទៃក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here