យុទ្ធសាស្ត្រតម្លៃបញ្ចុះរបស់អ្នកអភិវឌ្ឍន៍ថៃកំពុងទាក់ទាញអ្នកទិញខុនដូសម្រាប់ការវិនិយោគរកផលចំណេញ

Bangkok, panorama, aerial photo

ដោយ ប៊ី

អន្តរជាតិ៖ អ្នកពិគ្រោះយោបល់ផ្នែកអចលនទ្រព្យនៅប្រទេសថៃ បានឱ្យដឹងថា អ្នកទិញខុនដូសម្រាប់ការវិនិយោគកំពុងគ្រប់គ្រងទីផ្សារជាថ្មីម្តងទៀតតាមរយៈការស្វែងរកខុនដូសាងសង់ជាមួយនឹងតម្លៃបញ្ចុះ ហើយរំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេល ២ ឆ្នាំខាងមុខ នៅពេល ជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រង។

លោកស្រី Risinee Sarikaputra ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Knight Frank Thailand បានថ្លែងថា ការបញ្ចុះតម្លៃយ៉ាងខ្លាំងពីអ្នកអភិវឌ្ឍន៍កំពូលៗ បានទាក់ទាញអ្នកទិញវិនិយោគជាច្រើននៅក្នុងខែនេះ បន្ទាប់ពីពួកគេបានបាត់ពីទីផ្សារ នៅពេលដែលការកំណត់ប្រាក់កម្ចីដល់តម្លៃបានចូលជាធរមានកាលពីឆ្នាំមុន។

លោកស្រីបាននិយាយថា “ពួកគេកំពុងតែវិលត្រឡប់មកវិញ ដោយគិតថា ធ្លាក់ចុះទីផ្សាយខុនដូមានតម្លៃសម្រាប់ការវិនិយោគនៅថ្ងៃនេះ” ។

ឧទាហរណ៍ ខុនដូយូនីតនៅតាមផ្លូវ Ratchadaphisek Road ត្រូវដាក់លក់ក្នុងតម្លៃ ២,៦ លានបាត ដែលជាការបញ្ចុះតម្លៃ ៤២ ភាគរយនៃតម្លៃខុនដូយូនីត ៤,២ លានបាត។

អ្នកអភិវឌ្ឍន៍កំពូលៗ នៅខែនេះ ដូចជាក្រុមហ៊ុន Sansiri ក្រុមហ៊ុនAnanda Development ក្រុមហ៊ុន Noble Development និងក្រុមហ៊ុន Major Development បានផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើនដើម្បីបញ្ចេញខុនដូទៅក្នុងទីផ្សារ និងទទួលបានសាច់ប្រាក់ មុនពេលវិបត្តិ COVID-19 កាន់តែអាក្រក់ទៅ ៗ។

Bangkok, panorama, aerial photo

លោកស្រី Risinee បាននិយាយថា “ការបញ្ចុះតម្លៃយ៉ាងច្រើនត្រូវបានអនុវត្តទៅលើយូនីតខុនដូដែលមានកំណត់ និងជាវិធីទាក់ទាញអតិថិជនមករកទីតាំងទាំងនោះ។ បើទោះបីជាយូនីតទាំងនោះត្រូវបានលក់អស់ អ្នកអភិវឌ្ឍន៍នឹងផ្តល់ឱ្យយូនីតផ្សេងទៀតក្នុងតម្លៃដ៏ទាប”។

លោកស្រី បានថ្លែងថា អតិថិជនជាងពាក់កណ្តាលគឺជាអ្នកវិនិយោគ។ អ្នកខ្លះបានលក់ភាគហ៊ុន ក្នុងអំឡុងពេលផ្សារភ័យស្លន់ស្លោ ហើយបានប្រើចំណូលដើម្បីទិញខុនដូ។
អ្នកខ្លះបានខ្ចីប្រាក់ដើម្បីទិញខុនដូ ខណៈដែលអ្នកអភិវឌ្ឍន៍បានផ្តល់ការបង់រំលោះប្រាក់កម្ចីមានទ្រព្យបញ្ចាំរយៈពេលពីរឆ្នាំ៕ Bangkok Post

ក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះជាង ៣០ភាគរយ ដោយសារ Covid-19 វាយលុក

ដោយ ហ្សូលី

ភ្នំពេញ៖ ភ្ញៀវទេសចរក្នុងស្រុកមានអត្រាធ្លាក់ចុះជាង ៣០ភាគរយ ក្នុងអំឡុងពេលវិបត្តិ Covid-19 នេះរាតត្បាត។ នេះបើតាមឱ្យដឹងពីក្រសួងទេសចរណ៍កម្ពុជា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ចាប់ពីខែឧសភា ឆ្នាំ ២០២០នេះទៅ ក្រសួងទេសចរណ៍នឹងផ្តោតសំខាន់យកចិត្តទុកដាក់ទៅលើទេសចរណ៍ក្នុងស្រុកឱ្យបានច្រើននិងយកចំនុចនេះជាអាទិភាព ដោយសារតែរដ្ឋាភិបាលបានចេញច្បាប់បិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងទេសចរណ៍មានគម្រោងដាក់ចេញនូវគោលការណ៍ទេសចរណ៍ថ្មីមួយ ដើម្បីឱ្យវិស័យទេសចរណ៍មានសន្ទុះកក្រើកឡើងវិញនៅក្នុងខែឧសភានេះ។

ទន្ទឹមនេះ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនឬអ្នកផ្តល់សេវាកម្មវិស័យបដិសណ្ឋារកិច្ចអាចនឹងត្រូវបង្ខំចិត្តព្យួរអាជីវកម្ម មុខជំនូួញ ឬបិទចោលតែម្តងប្រសិនបើពួកគេមានភាពបរាជ័យក្នុងការអនុវត្តតាមគោលការណ៍ទេសចរណ៍ថ្មីនេះ។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញថា ការមកដល់នៃភ្ញៀវទេសចរបរទេសមានត្រឹមជាង ១លាននាក់តែប៉ុណ្ណោះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ ធ្លាក់ចុះប្រមាណ៣៨ភាគរយ ដោយសារតែការរងឥទ្ធិពលពីវិបត្តិនៃជំងឺ Covid-19។ ជាការពិត ភ្ញៀវទេសចរចិនបានធ្លាក់ចុះជាង ៦០ភាគរយ អាមេរិកធ្លាក់ចុះជាង ៣០ភាគរយ និង កូរ៉េខាងត្បូងធ្លាក់ចុះជាង ៣៦ ភាគរយ។

កាលពីឆ្នាំមុន កម្ពុជារកចំណូលបានពីភ្ញៀវទេសចរបរទេសចំនួនប្រហែល ៥ ពាន់លានដុល្លារ ពីភ្ញៀវទេសចរចំនួន ៦.៦លាននាក់៕ Vietnamplus

ក្រុមហ៊ុនសឹង្ហបុរីគ្រោងចូលរួមវិនិយោគលើការកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាតនៅខេត្តកំពត

ដោយវុត្ថា

កំពត៖ ក្រុមហ៊ុន ហ្គាអៀ  ដែលជាក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពតគ្រោងសហការជាមួយក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរីក្នុងការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាត ខណៈបច្ចុប្បន្នកំពុងរង់ចាំការដេញថ្លៃ និងមានកិច្ចសន្យាច្បាស់លាស់ជាមួយរដ្ឋបាលខេត្ត ដើម្បីអនុវត្តការងារនាពេលខាងមុខ។

នេះ បើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង អគ្គនាយកក្រុមហ៊ុន ហ្គាអៀ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២០ នេះ ដើម្បីពិភាក្សាពីគម្រោងទាំងពីរនេះ ឱ្យបានលម្អិតមុនប្រតិបត្តិការនាពេលខាងមុខនេះ។ 

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសំដែងបានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានក្នុងការកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាតនៅក្នុងខេត្ត ព្រមទាំងស្នើឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់ការដឹកជញ្ជូនសំរាម។

ក្រុមហ៊ុនសឹង្ហបុរីកាលពីន្លងមកនេះ បានដាក់ផែនការរបស់ខ្លួននៅក្នុងការវិនិយោគលើការកែច្នៃសំរាមធ្វើជាថាមពលអគ្គិសនី ព្រមទាំងការវិនិយោគលើថាមពលសូឡា និង ការចម្រោះទឹកកខ្វក់នៅក្នុងខេត្តកំពត ព្រោះខេត្តនេះគឺជាខេត្តមួយកំពុងអភិវឌ្ឍន៍ ដែលត្រូវការចាំបាច់ ការចូលរួមវិនិយោគរបស់ក្រុមហ៊ុននានាបន្ថែមទៀត ជាពិសេសការវិនិយោគបំលែងសំរាមជាថាមពលអគ្គិសនី គឺជាការចូលរួមសំអាតអនាម័យបរិស្ថានក្នុងខេត្តផងដែរ។

បច្ចប្បន្នបញ្ហាសំរាមជាកត្តាចម្បងដែលរដ្ឋាភិបាលត្រូវដោះស្រាយ ស្របពេលកំណើនប្រជាពលរដ្ឋមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកការប្រើប្រាស់ថាមពលអគ្គិសនីក៏មានការកើនឡើង ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីមានការខ្វះខាតទើបរដ្ឋាភិបាលកម្ពុជាគិតគូរពីការផ្គត់ផ្គង់បន្ថែមក៏ដូចជាស្វែងរកវិធីសាស្រ្តដែលអាចជួយដល់បរិស្ថានផងដែរ៕

ធនាគារ SME ត្រៀមហិរញ្ញប្បទាន ១៥០លានដុល្លារ ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖  ធនាគារ SME ដែលបានបង្កើតឡើងរដ្ឋាភិបាលសម្រាប់គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតភាពក្នុងស្រុកឱ្យកាន់តែមាឧត្តមភាពខ្ពស់ ក្រោមការចូលរួមសហការពីសំណាក់ធនាគារឯកជនចំនួន៣៣ បានបង្កើនកញ្ចប់ឥណទានបម្រុងរហូតដល់ប្រមាណ១៥០លានដុល្លារ។ 

ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ SME នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះថា រហូតមកដល់បច្ចុប្បន្ននេះ កញ្ចប់សហហិរញ្ញប្បទាននៃធនាគារ SME ក្រោមការចូលរួមគាំទ្រ និងសហការពីបណ្តាធនាគារឯកជនជាដៃគូបានកើនឡើងរហូតដល់ប្រមាណ១៥០លានដុល្លារ។ 

លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា “សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេពេលបច្ចុប្បន្ននេះមានកំណើនរហូតដល់ប្រមាណជាង៥៣ម៉ឺនមូលដ្ឋាននៅទូទាំងប្រទេស ដោយក្នុងនោះមានសហគ្រាសខ្លះកំពុងតែជួបបញ្ហា និងមានតម្រូវការថវិកាសម្រាប់ទ្រទ្រង់គាំទ្រដល់ដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងគ្រាអាសន្ននៃវិបត្តិជំងឺ Covid-19”។ 

លោកឧកញ៉ាបន្តថា “សម្រាប់ធនាគារ SME ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាមួួយនឹងការផ្តល់ថវិការចំនួន១០០លានដុល្លារ។ បន្ថែមពីនេះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយមានកិច្ចសហការពីសំណាក់បណ្តាធនាគារឯកជនចំនួន៣៣គ្រឹះស្ថាន កញ្ចប់ឥណទាននៃសហហិរញ្ញប្បទានបានកើនឡើងដល់ប្រមាណ១៥០លានដុល្លារ សម្រាប់ឆ្លៀយតបទៅនឹងតម្រូវការចាំបាច់របស់សហគ្រិនដែលជួបបញ្ហា និងផលលំបាកនៅក្នុងដំណើរផលិតកម្ម”។ លោកបាបញ្ជាក់ថា “ធនាគារនេះមានគោលដៅច្បាស់លាស់ និងលើកកម្ពស់ជាពិសេសដល់សហគ្រាសធុនតូច និងមធ្យម ផ្នែកកម្មន្តសាល កែច្នៃផលិតផលកសិកម្មជាចម្បង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយ”។ 

សម្រាប់លក្ខខណ្ឌនៃការទទួលបានឥណទាន គ្រប់បណ្តាសហគ្រិនទាំងអស់សុទ្ធតែអាចមានឱកាស ក្រោមការសិក្សាលម្អិតពីលទ្ធភាពដោយគណៈកម្មការមន្ត្រីជំនាញរបស់ធនាគារដែលជាដៃគូ ក៏ដូចជាធនាគារ SME ផ្ទាល់ ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ការស្ថាបនាផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាបន្តដំណើរការធម្មតា ទោះបីជាមានការគំរាមកំហែងពីជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ការផ្ទុះឡើងនៃជំងឺ COVID-១៩ បានធ្វើឱ្យវិស័យជាច្រើននៅកម្ពុជាមានការរាំងស្ទះ ដូចជា សណ្ឋាគារត្រូវបានបិទទ្វារ កម្មកររោងចក្រកាត់ដេរជាច្រើនបានព្យួរការងារ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍បានផ្អាក។

ទោះបីឧបសគ្គទាំងអស់បង្កដោយជំងឺរាតត្បាត COVID-19 ការស្ថាបនាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានៅតែបន្តទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្មករចិន និងកម្ពុជា។

តភ្ជាប់ពីទីក្រុងភ្នំពេញ និងខេត្តកំពង់ផែសមុទ្រជ្រៅ ព្រះសីហនុ ផ្លូវល្បឿនលឿនដែលវិនិយោគដោយជនជាតិចិនដែលមានទឹកប្រាក់ ២ ពាន់លានដុល្លារនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោក Xu Song ប្រធានក្រុមសាងសង់កម្មករចំនួន ២៨០ នាក់នៅក្នុងគម្រោងនេះបានប្រាប់កាសែតស៊ីនហួនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា “យើងយល់ពីសារៈសំខាន់នៃផ្លូវល្បឿនលឿននេះ ហើយដឹងច្បាស់ពីទំនួលខុសត្រូវរបស់យើង។

លោក Xu បានថ្លែងថា “ក្នុងអំឡុងពេលពិសេសនេះ ការអនុវត្តន៍នូវវិធានការតឹងរឹងដើម្បីការពារ COVID-19 និងការជម្រុញការសាងសង់ជាប្រចាំគឺជាអាទិភាពរបស់យើង។

ផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រដែលវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation ឬ CRBC នឹងមានដងផ្លូវចំនួន ២ សម្រាប់ទិសដៅនីមួយៗ ហើយរថយន្តអាចធ្វើដំណើរដោយល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការស្ថាបនាគម្រោងនេះបានចាប់ផ្តើមនៅខែមីនាឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះបានបង្កើតការងារចំនួន ៣៥០០ កន្លែង។

នៅក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផ្នែកទី៤ លោក Xu បានប្រាប់ស៊ីនហួថា ដើម្បីធានាសន្តិសុខ និងសុខភាពរបស់កម្មករ ក្រុមហ៊ុនបានអនុវត្តការគ្រប់គ្រងតឹងរឹង និងផ្តោតលើប្រជាជន។

គិតមកត្រឹមថ្ងៃពុធនេះ ប្រទេសកម្ពុជាបានកត់ត្រាករណីឆ្លងសរុបចំនួន ១២២ ករណី និងគ្មានករណីស្លាប់។
លោកបានមានប្រសាសន៍ថា “បុគ្គលិកទាំងអស់ត្រូវធ្វើតេស្ត៍សីតុណ្ហភាពរាល់ថ្ងៃ ព្រោះការិយាល័យ និងអន្តេវាសិកដ្ឋានត្រូវបានធ្វើអនាម័យ ២ ដងក្នុងមួយថ្ងៃ ហើយកម្មករដែលត្រូវបានជ្រើសរើស និងប្រជាជនដែលទើបត្រលប់មកថ្មី បន្ទាប់ពីត្រឡប់វិស្សមកាលនៅប្រទេសចិនចាំបាច់ត្រូវទុកចោលរយៈពេល ១៤ ថ្ងៃ។ យើងបានបោះពុម្ពប័ណ្ណប្រកាសសៀវភៅដៃជាភាសាខ្មែរ ដើម្បីជូនដំណឹងដល់ពលករខ្មែរអំពីការការពារជំងឺ COVID-19”។

លោក Xu បានមានប្រសាសន៍ថា “ក្រុមហ៊ុនក៏ផ្តល់ម៉ាស អនាម័យ និងបន្ទប់អន្តេវាសិកដ្ឋានដល់កម្មករក្នុងស្រុកផងដែរ”។ លោកបន្ថែមថា សុខភាពរបស់កម្មករគឺលក្ខខណ្ឌចំបងសម្រាប់ការសាងសង់។
វិធានការណ៍ទាំងនោះក៏ទទួលបានការគាំទ្រពីកម្មករក្នុងស្រុកផងដែរ។

លោកឈាន ភី ជាកម្មករខ្មែរម្នាក់នៅគម្រោងនេះបានប្រាប់ស៊ីនហួថា ដោយសារតែមានវិធានការបង្ការតឹងរឹងលោកមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការ និងរស់នៅទីនេះជាងនៅខាងក្រៅ។
លោកបានមានប្រសាសន៍ថា “បន្ទប់អន្តេវាសិកដ្ឋានត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ និងធ្វើអនាម័យរាល់ថ្ងៃ។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 នៅកម្ពុជា មិត្តចិនបានផ្តល់ជំនួយជាច្រើន។ សូមអរគុណមិត្តចិន”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកថា ផ្លូវល្បឿនលឿននេះនឹងក្លាយជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបង្កើនប្រសិទ្ធភាពភ័ស្តុភារនៅក្នុងប្រទេស និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញ និងរយៈពេលធ្វើដំណើរ៕

ពាណិជ្ជកម្មទ្វេរភាគីអាមេរិកនិងកម្ពុជា មានតម្លៃជាង ១៦០០លានដុល្លារ ក្នុងដើមឆ្នាំនេះ

ដោយ ហ្សូលី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក ក្នុងដើមត្រីមាសទី ១ ឆ្នាំ ២០២០នេះ មានទំហំជាង ១៦០០លានដុល្លារ កើនឡើងប្រមាណ ៣៥ ភាគរយ បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមឱ្យដឹងពីទិន្នន័យចុងក្រោយបង្អស់ដែលរដ្ឋាភិបាលអាមេរិកបានបង្ហាញជាសាធារណៈ។

ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ ២០២០ កម្ពុជានាំចេញទៅកាន់ប្រទេសដែលជាទីផ្សារធំជាងគេបង្អស់នៅលើពិភពលោក កើនឡើងដល់ទៅ ៤២ ភាគរយ ស្មើនឹងទឹកប្រាក់ ១៥៩៤ពាន់លានដុល្លារ ខណៈពេលដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញត្រឹម ៨៥លានដុល្លារ ធ្លាក់ចុះ ៣០ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជានាំចេញភាគច្រើនជាក្រណាត់ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្មទៅកាន់សហរដ្ឋអាមេរិក រីឯកម្ពុជាវិញនាំចូលពីអាមេរិកវិញមានដូចជា យានជំនិះ ចំនីសត្វ និងម៉ាស៊ីននានា។

កាលពីឆ្នាំ ២០១៩ ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរបានឈានទៅដល់ ៥.៨ពាន់លានដុល្លារ ដែលក្នុងរយៈពេលមួយឆ្នាំនេះគឺកើនឡើង ៣៧ភាគរយ។

ក្នុងចំណោមទីផ្សារធំៗនៅតាមបណ្តាប្រទេសទាំង៦ រួមជាមួយនឹងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងទីផ្សារ អាស៊ាន សហរដ្ឋអាមេរិកនៅតែបន្តឈរនៅលំដាប់កំពូលលើការបញ្ជាទិញទំនិញពីកម្ពុជាដដែល៕

បុរី ខេស៊ី ព្រែកព្នៅ បើកលក់ក្នុងតម្លៃពិសេសជាមួយលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍បុរី ខេស៊ី ត្រូវបានគេមើលឃើញថា កំពុងតែមានភាពសកម្មជាងគេក្នុងការសាងសង់នៅក្នុងតំបន់ស្របពេលដែលកំណើននៃការលក់ក៏មានភាពល្អប្រសើរ ក្រោមការផ្តល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការទិញដោយបង់រំលោះ។

បុរី ខេ ស៊ី ត្រូវបានហ៊ុព័ទ្ធទៅដោយបណ្តុំលំនៅដ្ឋាន ដែលជាមានការអភិវឌ្ឍស្រាប់នាតំបន់ជាយក្រុង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានសំណង់លំនៅដ្ឋានដ៏ទំនើបៗ និងទាន់សម័យដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងតម្លៃទាប គុណភាពសំណង់ខ្ពស់ និងងាយស្រួលក្នុងការប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

ចំពោះលក្ខខណ្ឌនៃការទិញដើម្បីក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។

ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ទាន់សម័យមួយនេះបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើសំណង់់បែបបៃតង ដែលជាការជួយសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឱ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងលំហូរខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

នៅក្នុងគម្រោងបុរី ខេស៊ី ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

អ្វីដែលជាលក្ខណៈពិសេសរបស់បុរី លំនៅដ្ឋាន ខេស៊ី ក្រៅពីមានម៉ូដរចនាដ៏ស្រស់ស្អាត និងទាន់សម័យគួរជាទីទាក់ទាញ គុណភាពសំណង់ខ្ពស់ ដែលផ្តល់ផាសុកភាពដល់ការរស់នៅ ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅអមសងខាង ដូចជានៅខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។

នៅក្នុង ខេស៊ី ត្រូវបានអភិវឌ្ឍន៍លំនៅដ្ឋាន៣ប្រភេទខុសគ្នាប្រកបដោយគុណភាព ប្រសិទ្ធភាព និងផ្ដល់ផាសុកភាពខ្ពស់ក្នុងការរស់នៅ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១

អាមេរិក និងចិនធ្លាក់ចូលសង្គ្រាមត្រជាក់ជាថ្មី ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ដល់កម្រិតសូន្យ

ដោយ ប៊ី

អន្តរជាតិ៖ ភាពល្អក់កករយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យប្រឹក្សារដ្ឋាភិបាលបច្ចុប្បន្ន និងអតីតភាគីទាំងសងខាង និយាយថា ចំណងមិត្តិភាពទ្វេភាគីបានធ្លាក់ចុះដល់ចំណុចទាបមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមករដ្ឋបាល Trump បានគំរាមថា នឹងកាត់បន្ថយកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ និងបង្កើនពន្ធលើប្រទេសចិន ដោយគាំទ្រការត្រួតពិនិត្យការនាំចេញថ្មីដ៏តឹងរឹងសម្រាប់ក្រុមហ៊ុនចិន ដែលទិញផលិតផលបច្ចេកវិទ្យាអាមេរិក ហើយបន្តជំរុញទ្រឹស្តីដែលអះអាងថា ជំងឺ COVID-19 ត្រូវបានបង្កើតឡើងដោយមនុស្សពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន។

ការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា សេតវិមានក៏កំពុង“ច្របូកច្របល់” ជាមួយគំនិតផ្តួចផ្តើមមួយក្នុងចំណោម“ ប្រទេសជាមិត្ត” ដើម្បីជំរុញសង្វាក់ផ្គត់ផ្គង់ផលិតកម្មចេញពីប្រទេសចិន ស្របពេលដែលរបាយការណ៍លេចធ្លាយពីក្រសួងសន្តិសុខសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបិទបាំងភាពធ្ងន់ធ្ងរនៃជំងឺថ្មីនេះ ដូច្នេះខ្លួនអាចស្តុកការផ្គត់ផ្គង់វេជ្ជសាស្រ្តបាននៅដើមឆ្នាំនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងអ្នកការទូត បានបង្កើតការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើឥស្សរជននយោបាយអាមេរិកជាការឆ្លើយតប។

កាលពីសប្តាហ៍មុនវីដេអូឃ្លីបមួយស្តីអំពីការគ្រប់គ្រងរបស់អាមេរិចចំពោះជំងឺថ្មីនេះ ដែលមានចំណងជើងថា“នៅពេលមានមេរោគមួយ” ត្រូវបានចែកចាយយ៉ាងទូលំទូលាយក្នុងចំណោមមន្រ្តីក្រសួងការបរទេស បន្ទាប់ពីវាត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

លោក Shi Yinhong សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិន និងជាទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក និងចិនពិតជាស្ថិតនៅក្នុងយុគសម័យនៃសង្រ្គាមត្រជាក់ថ្មី។

លោក បានថ្លែងថា “ខុសគ្នាពីសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត សង្គ្រាមត្រជាក់ថ្មីរវាងសហរដ្ឋអាមេរិក និងចិនមានលក្ខណៈពេញលេញនៃការប្រកួតប្រជែង និងការចែកផ្លូវគ្នាយ៉ាងឆាប់រហ័ស។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនលែងមានដូចកាលពីប៉ុន្មានឆ្នាំមុន ហើយមិនមានទំនាក់ទំនងដូចកាលពីប៉ុន្មានខែមុនទេ”។

ខណៈការលើកឡើងអំពី “សង្រ្គាមត្រជាក់ថ្មី” គឺជាចំណុចដែលត្រូវបានលើកលើងជាធម្មតានៅវ៉ាស៊ីនតោន វាត្រូវបានគេប្រើតិចជាងមុននៅទីសាធារណៈដោយទីប្រឹក្សា និងអ្នកប្រាជ្ញចិន។ យ៉ាងណាមិញសង្គ្រាមត្រជាក់ដើមបានឈានទៅរកការបញ្ចប់នៃសហភាពសូវៀត និងបានធ្វើឱ្យសហរដ្ឋអាមេរិកទទួលជោគជ័យ៕

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ត្រៀម​បញ្ចេញ​កញ្ចប់​ឥណទាន ១លាន​ដុល្លារ ឆ្លើយតប​តាម​ការស្នើ​កម្ចី​ពី​អតិថិជន

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ពាក់ព័ន្ធ​ទៅនឹង​កសិកម្ម បាន​ត្រៀម​បញ្ចេញ​កញ្ចប់​ឥណទាន​ប្រមាណ១លាន​ដុល្លារ ជាការ​ឆ្លើយតប​ទៅនឹង​សំណើរ​កម្ចី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ចំនួន៧ ។

នាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក កៅ ថាច បានលើកឡើង​នៅ​ថា គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ២០២០នេះ ធនាគារ បាន និង​កំពុងធ្វើការ​ជា​អតិថិជន​ជាបណ្តើរៗ និង​ពិនិត្យ​ទៅលើ​សំណុំ​ឯកសារ​ស្នើសុំ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៧ ដែល​បានដាក់​មកកាន់​ធនាគារ​ដើម្បី​កម្ចី​ឥណទាន​ដែលមាន​តម្លៃ​សរុប​ប្រមាណ១លាន​ដុល្លារ។

លោក កៅ ថាច បាន​មានប្រសាសន៍ថា “រដ្ឋាភិបាល​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ៥០លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្ដល់​ឥណទាន​មានការ​ប្រាក់​ទាប ដល់​វិស័យ​កសិកម្ម ដូច​ជាការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​ដាំ​ដុះ​បន្លែ​ជាដើម​នៅក្នុង​អំឡុង​នៃ​ការ​រាតត្បាត វីរុស Covid-19” ។

លោក​បាន​បញ្ជាក់ទៀតថា “កន្លងមកនេះ​ខាង​ធនាគារ​យើង​បានធ្វើការ​ជាមួយ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម និង​សមាគម​សហគ្រិន​វ័យក្មេង ដើម្បី​ពិនិត្យ និង​ស្វែងរក​អ្នក​ដែលមាន​បំណង​ចង់​ពង្រឹង និង​ពង្រីក​អាជីវកម្ម ដែល​ពាក់ព័ន្ធ​ទៅនឹង​សិប្បកម្ម​កែច្នៃ​ផ្នែក​កសិកម្ម​ដែល​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​លើ​ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប។ លោក​បាន​បន្តទៀតថា “យើង​មាន​គោលនយោបាយ និង​លក្ខខណ្ឌ​នៃ​ការផ្តល់​ឥណទាន​រួចរាល់​អស់ហើយ។ យើង​ដឹងថា ការផ្តល់​កម្ចី​គឺពាក់ព័ន្ធ​សំខាន់​ទៅលើ​ទ្រព្យ​បញ្ចាំ ដែល​សហគ្រិន​ភាគច្រើន​ប្រឈម​នឹង​ភាពខ្វះខាត និង​បំពេញ​តាម​លក្ខខណ្ឌ ប៉ុន្តែ​ធនាគារ​ក៏មាន​ការរៀបចំ និង​បត់បែន​បន្ធូរបន្ថយ​ជូន​ផងដែរ។

នាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក កៅ ថាច បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា រហូតមកដល់​ពេលនេះ ថវិការ​ម្រុ​ង​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កំពុងតែ​ត្រូវបាន​ប្រើប្រាស់ ហើយ​ជាក់ស្ដែង​ពេលនេះ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៧ បានដាក់​ពាក្យស្នើសុំ​កម្ចី​រួចមកហើយ ដែល​យើង​កំពុងដំណើរការ​វាយតម្លៃ​ទៅលើ​លទ្ធភាព ដែល​អាច​ទទួលបាន​ស្របទៅតាម​សមត្ថភាព​របស់​ពួកគាត់។

តាមរយៈ​ការផ្តល់​កម្ចី​របស់​ធនា​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដោយ​ការផ្ដល់​កម្ចី​ការប្រាក់​ទាប​នេះ បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ក្នុង​ការជួយ​សម្រួល​ដ​ល់​ដំណើរការ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ជាពិសេស សហគ្រាស​ដែល​ពា​កើ​ព័ន្ធ​នឹង​ផ្នែក​កសិកម្ម​ឈានមុខ​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​កម្ពុជា៕

រដ្ឋាភិបាល​ចិន​បោះទុន ១,៤ទ្រី​លាន​ដុល្លារ​ដើម្បី​ពង្រីក​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ

ដោយ ហ្សូ​លី

ភ្នំពេញ៖ ប្រទេស​ចិន​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ១,៤ទ្រី​លាន​ដុល្លារ សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស រយៈពេល៦ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០២០-២០២។ នេះ​គឺជា​មធ្យោបាយ​ក្នុងការ​បង្កើន​កំណើនសេដ្ឋកិច្ច​ប្រទេស​ខ្លួន ខណៈ​ប្រទេស​ចិន និង​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​វិ​ត្តិ​ហិរញ្ញវត្ថុ​សក​លោក។

ចិន​បង្កើត​ទស្សនវិស័យ​ថ្មី​ដែល​ដាក់​នាម​ថា “ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី” ។  គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​បានកំណត់​ចំណងជើង​នៃ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ​នេះ ក្នុងឱកាស​ការបើក​កិច្ចប្រជុំ​ស្តីពី​វិធានការណ៍​ត្រួតពិនិត្យ​ជំងឺ Covid-19 កាលពី​ខែមីនា​ឆ្នាំ ២០២០ ដោយ​មើលឃើញថា ផ្លូវ​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​គឺអាច​កើតមានឡើង​តាមរយៈ​ការបង្កើន​ល្បឿន​វិនិយោគ​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី។

គំនិត “ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី” នេះ​បានចាប់ផ្តើម​ដូចជា ការបង្កើត​បញ្ជី​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ពង្រីក​ដើម្បី​រួមបញ្ចូល​ការដឹកជញ្ជូន​កាបូន និង​ថាមពល​ទាប។

ថវិកា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះ​នឹង​គ្របដណ្តប់​លើ​ការវិនិយោគ​លើ​វិស័យ​ចំនួន ៧ រួមមាន បណ្តាញ 5G មជ្ឈមណ្ឌល​ទិន្នន័យ បញ្ញា​សិប្បនិម្មិត AI (Artificial Intelligence) អ៊ី​ន​ធឺ​ណេ​ត​ឧស្សាហកម្ម​នៃ​វត្ថុ​បញ្ជូន​ថាមពល​តង់ស្យុង​ខ្ពស់ (UHV) ផ្លូវដែក​ល្បឿន​លឿន និង​ហេដ្ឋារចនាសម្ព័ន្ធ​រថយន្ត​អគ្គិសនី។

ការវិនិយោគ​សរុប​ដែល​បាន​រំពឹងទុក​សម្រាប់​វិស័យ​ទាំង ៧ នេះ​មាន​ទឹកប្រាក់​ដល់​ទៅ ១.៤ទ្រី​លាន​ដុល្លារ សម្រាប់​រយៈពេល ៦ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២០ ដល់ ២០២៥ ដែល​អនុញ្ញាតឱ្យ​កញ្ចប់​កាបូន​ទាប​ប្រៀបធៀប​ទៅនឹង​វិស័យ​មួយ​ដែល​ស្ថិតនៅក្រោម​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក។  រដ្ឋាភិបាល​ថ្នាក់​ខេត្ត​ជាច្រើន​បាន​បញ្ចូល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅក្នុង​ផែនការ​វិនិយោគថ្មីៗរបស់​ពួកគេ។ រដ្ឋាភិបាល​ថ្នាក់​ខេត្ដ​ចំនួន ២៣ កំពុង​រៀបចំ​គម្រោង​វិនិយោគ​សរុប​ចំនួន ៦.៥ទ្រី​លាន​ដុល្លារ។ ផែនការ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​នៅពេលដែល​វិ​ប​ត្ត Covid-19 បាន​លាតត្រដាង។

ឆ្លើយតប​ទៅនឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក (GFC) ប្រទេស​ចិន​បាន​បង្កើត​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ចំនួន ៤ ពាន់​ពាន់​លាន​យន់ (៥៦៦ ពាន់​លាន​ដុល្លារ​អាមេរិក) កាលពី​ឆ្នាំ ២០០៩-១០ ដែល​គ្របដណ្តប់​លើ​កម្មវិធី​ចំនួន ១០ រួមមាន៖ លំនៅដ្ឋាន​តម្លៃ​សមរម្យ ផ្លូវ​ហាយ​វេ ស្ពាន និង​អាកាសយានដ្ឋាន៕