ស្ថានីយ៍ក្រោមដីធំជាងគេនៅអាស៊ី តម្លៃជិត ៣០០០លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០នេះ

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ គម្រោងស្ថាបនាស្ថានីយ៍ក្រោមដីធំជាងគេនៅតំបន់អាស៊ីដែលមានឈ្មោះថា The Bandra Kurla Complex (BKC) នៅប្រទេសឥណ្ឌា គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០២០នេះ។

ស្ថានីយ៍ក្រោមដីនៅប្រទេសឥណ្ឌា ទីក្រុង Mumbai បានក្លាយជា «ស្ថានីយ៍ក្រោមដីដ៏ធំជាងប្រចាំតំបន់អាស៊ី» ។ ស្ថានីយ៍នេះគឺជាប្រព័ន្ធឆ្លងកាត់លឿនជាងគេ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជា ២.៩ពាន់លានដុល្លារ ស្ថិតនៅកណ្តាលទីក្រុង Mumbai ដែលជាទីប្រជុំជន និងបម្រើដល់ប្រជាពលរដ្ឋសាធារណៈយ៉ាងច្រើន។

ស្ថានីយ៍ក្រោមដីមានទីតាំងស្ថិតនៅលើផ្នែកនៃខ្សែរថភ្លើង Colaba-Bandra-SEEPZ ដែលមានប្រវែង ៣៣.៥ គីឡូម៉ែត្រ (ជាខ្សែទី ៣) ដែលភ្ជាប់ទៅនឹងស្រុក Cuffe Parade នៅភាគខាងត្បូងបំផុតនៃទីក្រុង ទៅកាន់តំបន់កែច្នៃនាំចេញគ្រឿងអេឡិចត្រូនិក Santacruz។ នៅពេលបញ្ចប់ការសាងសង់ BKC នឹងដើរតួជាមជ្ឈមណ្ឌលសំខាន់បំផុតសម្រាប់អ្នកដំណើរដែលចង់ផ្លាស់ប្តូរទៅចំណតខ្សែទី ២ ហើយឆ្ពោះទៅកាន់ព្រលានយន្តហោះទីក្រុង Mumbai។

អ្វីដែលកាន់ពិសេសនោះ ស្ថានីយ៍នេះចំណាយរយៈពេលសាងសង់ត្រឹមតែ ១៤ ខែប៉ុណ្ណោះ ពោលគឺវាចាប់ផ្តើមកាលពីខែមេសា ឆ្នាំ ២០១៩ ហើយទាមទារការសាងសង់បញ្ចប់ត្រឹមឆ្នាំ ២០២០នេះឱ្យបាន។ ម្ចាស់គម្រោងនេះគឺជាក្រុមហ៊ុន Mumbai Metro Rail Corporation Ltd (MMRC) ដែលជាក្រុមហ៊ុនសាងសង់រថភ្លើងក្រោមដីនៅប្រទេសឥណ្ឌា។

ក្រុមហ៊ុនព្យាករណ៍ថា ស្ថានីយ៍ក្រោមដីនេះអាចទទួលអ្នកដំណើរបានប្រមាណជា ១ លាននាក់ ហើយវាក៏នឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនមួយនេះផងដែរ៕
Construction Review

លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា ៖ ការស្ថាបនាផ្លូវទំាង ៣៤ ខ្សែនៅខេត្តព្រះសីហនុ ចាប់ផ្តើមដាក់ខឿន និងកម្រាលចិញ្ចើមផ្លូវ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការស្ថាបនាផ្លូវទំាង ៣៤ ខ្សែនៅខេត្តព្រះសីហនុបានចាប់ផ្តើមដល់ដំណាក់កាលដាក់ខឿន និងកម្រាលចិញ្ចើមផ្លូវ បន្ទាប់ពីលោកបានស្នើដល់ក្រុមហ៊ុនធ្វើការសាងសង់ទាំងថៃ្ង ទាំងយប់ ដើម្បីឱ្យសម្រេចតាមផែនការដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ។

លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរនៅក្នុងទំព័រ Facebook ផ្លូវការនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ នេះថា “ខ្ញុំសូមជម្រាបជូនអំពីវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនៅខេត្តព្រះសីហនុ ដែលចាប់ផ្តើមដាក់ខឿន(curb) និងកម្រាលចិញ្ចើមផ្លូវ (sidewalk) ដែលធើ្វពីថ្មក្រានីត”។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណជិត ៧០ ភាគរយហើយ ។ លោកបន្តថា សកម្មភាពនៃការស្ថាបនាផ្លូវទាំងនេះ នៅតែដំណើរការធម្មតា និងឈានទៅរកសម្រេចតាមផែនការ។

លោកឧបនាយករដ្ឋមន្ត្រីកាលពីកន្លងមកមកនេះបាន ស្នើដល់ក្រុមហ៊ុនធ្វើការស្ថាបនាទាំងថៃ្ង ទាំងយប់ ដើម្បីឱ្យសម្រេចផែនការមុនរដូវភ្លៀងមកដល់អោយបានជាមូលដ្ឋាន ត្រៀមខ្លួនទទួលអ្នកវិនិយោគ និងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ តាមការលើកឡើងរបស់សម្តេចតេជោ”។

ផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុវត្តដោយក្រុមហ៊ុនឯកជនចំនួន៦និងកងវិស្វកម្មចំនួន២ គឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ៕

ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសម្លឹងរកឱកាសទិញភាគហ៊ុនក្នុងស្ថាប័នហិរញ្ញវត្ថុមួយនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Gunung Capital Bhd ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាឡេស៊ី និងជាក្រុមហ៊ុនកាន់កាប់ការវិនិយោគជាចម្បងលើការដឹកជញ្ជូនផ្លូវគោក កំពុងស្វែងរកឱកាសក្នុងការទិញភាគហ៊ុន ២០ ភាគរយនៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយនៅកម្ពុជា។

បណ្តាញសារព័ត៌មានម៉ាឡេស៊ី Bernama បានរាយការណ៍កាលពីម្សិលមិញនេះថា ថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនត្រូវបានអញ្ជើញដោយអ្នកផ្សព្វផ្សាយ ដើម្បីទទួលបានការវាយតម្លៃសំណើរចូលរួមធ្វើអាជីវកម្មធនាគារនៅកម្ពុជា។

ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបច្ចុប្បន្នកំពុងស្ថិតក្នុងការពិភាក្សាជឿនលឿនមួយទាក់ទងនឹងការចូលរួម នៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ ភាគីនានាក៏កំពុងពិភាក្សាគ្នាផងដែរស្តីពីតំរូវការគុណភាព និងបរិមាណដទៃទៀត ដូចជាបញ្ហាអភិបាលកិច្ច ដែលកំណត់ដោយអាជ្ញាធរពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាស្តីពីការចូលរួមភាគហ៊ុនបរទេស។

សារព័ត៌មាន Bernama បានរាយការណ៍ថា “នៅក្នុងដំណាក់កាលវាយតម្លៃ និងពិភាក្សានេះ ក្រុមហ៊ុនមិនអាចបញ្ជាក់ពីចំនួនទឹកប្រាក់នៃការវិនិយោគដែលពាក់ព័ន្ធនោះទេ”។

“នៅពេលបញ្ចប់ការវាយតម្លៃសំណើរ ហើយលទ្ធផលរំពឹងទុកនៃការវិនិយោគភាគហ៊ុនមានអត្ថប្រយោជន៍យ៉ាងច្រើនដល់ក្រុមហ៊ុន បន្ទាប់មក ថ្នាក់ដឹកនាំនឹងស្វែងរកឱកាស ចូលរួមភាគហ៊ុនប្រកបដោយអត្ថន័យយ៉ាងហោចណាស់ភាគហ៊ុន ២០ ភាគរយដើម្បីទទួលបានឱកាសវិនិយោគនេះ”៕

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចបានជាង៣០ភាគរយ

ដោយ ៖ រ៉ាណេត

កំពត ៖ ស្របទៅតាមគម្រោង និងផែនការលើការអភិវឌ្ឍកំពង់ផែទេសចរណ៍ ដែលអាចឈានទៅការដាក់ឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ បច្ចុប្បន្នបានសម្រេចលទ្ធផលប្រមាណ៣០ភាគរយ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះ លទ្ធផលនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត បានសម្រេចប្រមាណ៣០ភាគរយហើយ។

លោកបានមានប្រសាសន៍បន្តទៀតថា “កំពង់ផែមួយនេះគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍បន្ថែមពីលើសក្ដានុពលដែលមានស្រាប់ ដែលក្នុងនោះមានតំបន់រមណីយដ្ឋានសរុបចំនួន១៧ សហគមន៍ទេសចរណ៍ចំនួន៤ និងតំបន់គោលដៅទាក់ទាញទេសចរណ៍ចំនួន៤។ នៅក្នុងចំណោមគោលដៅទាក់ទាញទេសចរណ៍ចំនួន៤ រួមមានដូចជា ទី១ – តំបន់ចម្ការម្រេច ដែលបានទាក់ទាញទេសចរបរទេសប្រមាណ៣០ភាគរយ ទី២- តំបន់កសិទេសចរ ដែលបានទាក់ទាញទេសចរប្រមាណ៥ម៉ឺននាក់កាលពីឆ្នាំ២០១៩ ទី៣- តំបន់ស្រែអំបិល និងទី៤ -តំបន់សំណង់បេតិកភ័ណ្ឌដែលបន្សល់ទុកពីសម័យអាណានិគមបារាំង និងតំបន់ទេសចរណ៍កំពង់បាយ”។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះ យើងមានរបាំងដោយសារវិបត្តិនៃជំងឺ Covid-19 ប៉ុន្តែក្រោយពីបញ្ចប់ និងគ្រប់គ្រងវិបត្តិមួយនេះបាន ខណៈពេលដែលកំពង់ផែទេសចរណ៍អន្តរជាតិបញចប់ការសាងសង់ជាស្ថាពរ យើងជឿជាក់ថា កំណើនទេសចរនឹងកើនឡើងខ្ពស់ ជាពិសេសអាចស្រូបទាញទេសចរអន្តរជាតិប៉ែកអឺរ៉ុប ដែលក្នុងនោះក៏ធ្លាប់មានសារព័ត៌មាអាមេរិកសរសេរផ្សព្វផ្សាយពីសក្ដានុពលនៃខេត្តកំពតដែលជាគោលដៅទេសចរ១ក្នុងចំណោមគោលដៅទាំង៥២នៅលើពិភពលោក”។

គម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទៅកំពង់ផែទេសចរណ៍ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ខេត្តកំពតមានកំពង់ផែចំនួន៤ ដែលទី១ គឺកំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២ កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ និងទី៤ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន៕

រដ្ឋាភិបាលចាប់ផ្តើមពិនិត្យសេចក្តីព្រាងផែនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីជំរុញការវិនិយោគ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានាចាប់ផ្តើមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ២០២០-២០៣០ ដើម្បីជំរុញដល់ការវិនិយោគលើគ្រប់វិស័យ។

នេះ បើយោងតាមកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ ដែលដឹកនាំដោយលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

លោក ខាយ ឃុនហេង ឱ្យដឹងថា ផែនការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការបង្កើតការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងផ្តល់នូវទិសដៅបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការដោយផ្តោតការយកចិត្តទុកដាក់លើការខិតខំប្រឹងប្រែងសំខាន់ៗសំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា ក៏ដូចជាកសាងនូវសហគមន៍មួយដែលចែករំលែកអនាគតនៃសន្តិភាព និងវិបុលសុខជាមួយគ្នាក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

ម្យ៉ាងវិញទៀត ផែនការនេះ ក៏នៅជួយដល់រដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងអនុវត្តគម្រោងនានាក្នុងការធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញការវិនិយោគ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង ១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគត គ្នាប្រកបដោយសនិ្តភាព និងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។

មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕

អ្នកជំនាញ​បង្ហើប​ប្រាប់​ពី​តំបន់​របស់​ទីផ្សារ​លំនៅដ្ឋាន​ក្នុង​បុរី​ដែល​កំពុងមាន​តម្រូវការ​ច្រើន​ពី​អតិថិជន

ដោយ ហ្សូ​លី

ភ្នំពេញ៖ ទីផ្សារ​លំនៅដ្ឋាន​ក្នុង​បុរី​កំពុងមាន​រីក​ស្គុះស្គាយ​ពេញ​ប្រទេស​កម្ពុជា មិន​ថា​នៅក្នុង​ទីក្រុង ទីប្រជុំជន​ឬ​នៅតាម​បណ្តារ​ជាយក្រុង​ទេ ដោយឡែក​បច្ចុប្បន្ន​ដោយ​សារ​ការរីក​រាលដាល​នៃ Covid-19 ដូច្នេះ​តម្រូវការ​មានភាពខុសៗគ្នា ចំណែកឯ​តំបន់​ដែល​កំពុងមាន​សក្តានុពល​ក៏មាន​ភាពខុសគ្នា​ដែរ ទើប​អ្នកជំនាញ​ឆ្លៀតឱកាស​មក​បង្ហាញ​ប្រាប់​ពី​តំបន់​របស់​លំនៅដ្ឋាន​ក្នុង​បុរី​ដែល​កំពុងមាន​សន្ទុះ​តម្រូវការ។

លោក ហៃ រ៉ាវី នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Daily Realty Group បាន​ថ្លែងប្រាប់​គេហទំព័រ Property Area Asia នៅ​រសៀល​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០ នេះ​ថា លំនៅដ្ឋាន​ក្នុង​បុរី និង​ដី កំពុង​តែមាន​ទីផ្សារ​ច្រើន​នៅពេល​បច្ចុប្បន្ន ហើយ​តំបន់​ដែលមាន​ភ្ញៀវ​សម្រុក​ទៅ​ទិញ​ច្រើន​នោះ​មានដូចជា ខណ្ឌ​ច្បារអំពៅ ខណ្ឌ​សែន​សុខ ជាដើម។

លោក​បន្តថា មូលហេតុ​ដែល​អ្នក​ជាវ​អចលនវត្ថុ​សម្លឹង​រក​តំបន់​ទាំងនោះ​ច្រើន ព្រោះតែ​តម្លៃ​នៅ​ទីនោះ​មាន​ភាព​ធូរ​ថ្លៃ ប៉ុន្តែ​ខណ្ឌទួលគោក ខណ្ឌ​បឹង​កេងកង​វិញ មិនសូវ​ជាមាន​បុរី​ច្រើន​ប៉ុន្មាន​ទេ គឺ​មានតែ​បុរីពីមុនៗដែលមាន​តម្លៃ​ថ្លៃ។ ជាធម្មតា តំបន់​ដែលមាន​តម្លៃ​ដី​ធូរ​ច្រើន​តែមាន​តម្រូវការ​ច្រើនជាង​តំបន់​មានតម្លៃ​ដី​ថ្លៃ។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​រូបនេះ​បន្ថែមថា សូម្បីតែ​ខណ្ឌ​ព្រែក​ព្នៅ​ក៏មាន​តម្លៃ​សមរម្យ​ផងដែរ ដោយសារតែ​តម្លៃ​ដី​នៅ​ធូរ​ដូច្នេះហើយ​ទើប​មានការ​សាងសង់​ច្រើន។ និយាយ​ជារួម តម្រូវការ​តំបន់​នេះ​មាន​ច្រើន​ព្រោះ​ទីនោះ​មាន​សក្តានុពល​អភិវឌ្ឍ​ដូចជា រោងចក្រ ឃ្លាំង អាជីវកម្ម​មួយចំនួន​លើក​ទៅ​ម្តុំ​នោះ ទើប​បណ្តាលឱ្យ​ប្រជាជន​ដែល​ចង់​វិនិយោគ​អាច​រស់នៅ​និង​ប្រកប​អាជីវ​កម្មបាន។

ទន្ទឹមនេះ អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Easy Property បាន​លើកឡើងថា លំ​នោ​ដ្ឋា​ន​ក្នុង​បុរី​នៅ​ម្តុំ​ខណ្ឌ​កំ​ប៉ូល ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌដង្កោរ មាន​អតិថិជន​ច្រើន​ដោយសារតែ​តម្លៃ​មាន​ភាព​ធូរ​ថ្លៃ​ច្រើន​ក្រោម ៧ម៉ឺន​ដុល្លារ ឬ​លើ​ហ្នឹង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

លោក​រៀបរាប់ថា ការពិត​ដោយសារតែ​ភ្ញៀវ​ភាគច្រើន​ជា​អ្នករស់នៅ​តំបន់​ទាំងនោះ​ស្រាប់​ឬក៏​នៅ​ឆ្ងាយ​ពី​ហ្នឹង​បន្តិច ឬក៏​គាត់​អាច​រកស៊ី​នៅជិតៗតំបន់​នោះ ទើប​សម្រេច​ថា​ទិញ​តែម្តង។ ម្យ៉ាង​ដោយសារ​បុរី​ច្រើនតែ​សាងសង់​នៅ​កៀក​នឹង​ផ្សារ ឬ​តំបន់​រកស៊ី។ ចំណែកឯ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​លើ ៧ម៉ឺន​ដុល្លារ​វិញ​អាច​ខិត​មក​ចូល​ក្រុង​បន្តិច​ដូចជា​នៅ​ម្តុំ​វេ​ង​ស្រេង និង​ឬ​ស្សី​កែវជា​ដើម តែ​ទៅតាម​ទំហំ​ដែរ អាច​ដល់១០ម៉ឺន​ដុល្លារ​បើសិនជា​ផ្លូវ​មុខ និង​ក្រោម ១០ម៉ឺន​បើសិនជា​នៅ​ផ្លូវ​ខាងក្នុង។

ដោយឡែក លោកស្រី តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បានឱ្យដឹងថា បុរី​លំនៅដ្ឋាន​ដែល​នៅតាម​ជាយក្រុង​អាចមាន​ចរន្ត​ទិញ​លក់ លុះត្រាតែ​គម្រោង​នោះ​មានតម្លៃ​លក់​ល្អ ឬក៏​ជា​ប្រភេទ​ផ្ទះ​លក់​ប្រញាប់។ នៅតាម​តំបន់​ផ្លូវជាតិ​លេខ ១ ផ្លូវជាតិ​លេខ ២ ជាដើម គឹ​មាន​ចលនា​ទិញ​លក់​ប្រសិនជា​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល៕

ក្រុមហ៊ុន NagaCorp បានបង្ហាញ​ការ​រចនា​ថ្មី​នៃ​គម្រោង Naga 3 តម្លៃ ៣៥០០លាន​ដុល្លារ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp កំពុង​បង្ហាញ​ពិភពលោក​នូវ​ទិដ្ឋភាព​ថ្មី​នៃ​ការពង្រីក​ទំហំ​ដ៏​ធំ​នៃ​អចលនទ្រព្យ​របស់ខ្លួន​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ Calvinayre កាលពី​ម្សិលមិញ​នេះ។

នៅ​សប្តាហ៍​នេះ ក្រុមហ៊ុន​ស្ថាបត្យកម្ម Skidmore, Owings & Merrill ឬ SOM ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក បានបង្ហាញ​រូបភាព​ថ្មី​របស់​គម្រោង​សាងសង់ Naga 3 ដែល​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​កាស៊ីណូ NagaCorp គម្រោង​នឹង​វិនិយោក​ទឹកប្រាក់ ៣,៥ពាន់​លាន​ដុល្លារ នៅ​រាជធានី​ភ្នំពេញ។ ផែនការ ដែល​ត្រូវ​បានប្រកាស​ជា​លើកដំបូង​កាល​ពីមួយ​ឆ្នាំមុន គិត​ត្រឹម​កាលពី​ខែ​មុន បានទទួល​ការ​កែស​សម្រួល​យ៉ាងសំខាន់ ដែល​រួមមាន​ការកាត់បន្ថយ​ពី​សណ្ឋាគារ​ចំនួន ៥ អគារ មក​ត្រឹម ៣វិញ។

ទោះយ៉ាងណា ក្រុមហ៊ុន SOM បាន​សង្កត់ធ្ងន់ថា អគារ​មួយ​ក្នុងចំណោម​អគារ​ទាំង ៣ នឹង​ជា​និមិត្តសញ្ញា​ដ៏​សំខាន់ និង​ខ្ពស់បំផុត​នៅក្នុង​ទីក្រុង។ ជា​លទ្ធផល គម្រោង​សាងសង់ Naga 3 នឹង​ក្លាយជា​កន្លែង​សំខាន់បំផុត​សម្រាប់​ទីក្រុង​នាពេល​អនាគត ជាពិសេស​នៅពេលណា​ហ្គា​ខ​ប​បាន​ពង្រីក​សិទ្ធិផ្តាច់មុខ​កាស៊ីណូ​នៅ​ភ្នំពេញ​រហូតដល់​ឆ្នាំ ២០៤៦ ។

បច្ចុប្បន្ន NagaWorld ត្រូវបាន​បិទ​រួមជាមួយ​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​ទៀត​តាម​បញ្ជា​របស់​រដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ COVID-19 ៕

អ្នកជំនាញ ៖ វិស័យ​ដីធ្លី​ជា​ផ្នែក​មួយ​នៃ​អចលនទ្រព្យ​ដែលមាន​ប្រជាប្រិយ​ខ្ពស់​ក្នុងការ​វិនិយោគ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ នៅពេល​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ ភាគច្រើន​គេ​តែង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ទៅលើ​វិស័យ​ដីធ្លី ដែលជា​ផ្នែក​មួយ​មាន​ភាព​សកម្ម និង​មាន​ប្រជាប្រិយភាព​ខ្ពស់​លើ​ការវិនិយោគ និង​ងាយស្រួល​ក្នុងការ​ទទួលបាន​ភាគ​លាភ។ នេះ​បើតាម​ការអះអាង​របស់​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ។

មិន​ថា​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត​នោះទេ វិស័យ​ដីធ្លី​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​លើ​ការទិញ-លក់ សម្រាប់​អភិវឌ្ឍន៍​បម្រើឱ្យ​វិស័យ​ដទៃទៀត​ដូចជា​លំនៅដ្ឋាន តំបន់​ពាណិជ្ជកម្ម សួន​ឧស្សាហកម្ម ទីតាំង​សិប្បកម្ម ក៏ដូចជា​អភិវឌ្ឍន៍​ទៅជា​តំបន់​កម្សាន្ត​កែច្នៃផ្សេងៗដ៏​ទាក់ទាញ​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Land Station Real Estate លោក កាង សុធី បាន​មានប្រសាសន៍ថា “បច្ចុប្បន្ន ទីផ្សារ​អចលនទ្រព្យ​ភាគច្រើន​ត្រូវបាន​គេ​ផ្តោតទៅលើ​វិស័យ​ដីធ្លី ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ និង​ពេញនិយម​ជាងគេ​លើ​ការវិនិយោគ​បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​អចលនទ្រព្យផ្សេងៗទៀត ក្រោម​ហេតុផល​ជាក់ស្ដែង​ថា ការដាក់​លក់​ដី​តែងមាន​ការលក់​ចេញ​បាន​លឿន​ជាង​ការ​អចលនទ្រព្យ​ដទៃទៀត ដូចជា​លំនៅដ្ឋាន និង​ឃ្លាំង​ជាដើម។

ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន
ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

លោក​បាន​បញ្ជាក់ថា “ប្រភេទ​អចលនទ្រព្យ​ដែល​ពេញនិយម​ជាងគេ គឺ​ដីធ្លី ព្រោះ​យើង​អាច​យកមក​កែច្នៃ និង​អភិវឌ្ឍន៍​បាន​គ្រប់​ប្រភេទ មាន​ទាំង​ឃ្លាំង ផ្ទះ រោងចក្រ ទីតាំង​សម្រាប់​សិប្បកម្ម  Resort (តំបន់​កម្សាន្ត​កែច្នៃ) រហូត​ត្រូវបាន​គេ​និយាយថា សម្រាប់​លំនៅដ្ឋាន ពួកគាត់​ចង់​ទិញ​ពេលណា​ក៏បាន ប៉ុន្តែ​បើ​ទិញ​ដី​ដែល​ស្ថិតនៅ​តំបន់​ល្អ អាច​កែច្នៃ និង​អភិវឌ្ឍន៍​សម្រាប់​វិស័យផ្សេងៗបាន គឺ​មិន​ងាយ​រក​ទិញ​នោះទេ។ ពោលគឺ​នៅក្នុង​ចំណោម​អ្នករកស៊ី​ផ្នែក​អចលនទ្រព្យ​ចំនួន ១០ នាក់ គឺមាន​អ្នកទិញ​ដី ដើម្បី​ទុក​លក់​បន្ត​យកចំណេញ​មាន​រហូត​ទៅដល់ ៨នាក់​ទៅហើយ ពោល​គឺមាន​ត្រឹមតែ ២ នាក់​ប៉ុណ្ណោះ ដែល​ជ្រើសរើស​ទិញ​ផ្ទះ។ ដូច្នេះ វិស័យ​ដីធ្លី នៅតែមាន​ប្រជាប្រិយភាព និង​មាន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ” ។

ស្រដៀង​គ្នា​ទៅនឹង​ការលើកឡើង​ខាងលើនេះ នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ KW Sen Sok លោក សំ សុខ​នឿន បាន​មានប្រសាសន៍ថា ការរកស៊ី ទិញ -លក់ ដី គឺមាន​អត្រា​ចំណេញ​ខ្ពស់​បើ​ប្រៀប​ទៅនឹង​ការទិញ​ផ្ទះ ឬ​ខុន​ដូ។ លោក​បាន​បញ្ជាក់ថា “បើ​គេ​ធ្វើការ​ប្រៀបធៀប​ដោយ​ការយក​លុយ១០ម៉ឺន​ដុល្លារ​ទៅ​ទិញ​ផ្ទះ ឬ​ទិញ​ខុន​ដូ សម្រាប់​ជួល ឬ​លក់​បន្ត​យកចំណេញ ជាមួយនឹង​ការយក​លុយ​ទៅ​ទិញ​ដី​ដែលមាន​តម្លៃ១០ម៉ឺន​ដូចគ្នា ភាគច្រើន​គឺ​គេ​រើសយក​ដី ដោយសារតែ​ដី​ងាយស្រួល​លក់​ក្នុង​រយៈពេល​ខ្លី និង​មាន​ទីផ្សារ​ធំ​ទូលាយ” ។

លោក សំ សុខ​នឿន បាន​មានប្រសាសន៍​បន្តទៀតថា “ការទិញ​ផ្ទះ​ទុក​លក់​បន្ត​យកចំណេញ​គឺ​ត្រូវ​ចំណាយ​យូរ​ទើប​អាច​រកបាន​ទីផ្សារ​បន្ត ហើយ​អត្រា​នៃ​ការទទួលបាន​ប្រាក់ចំណេញ​ក៏មាន​កម្រិត​ទាប ប៉ុន្តែ​បើ​ទិញ​ដី​សម្រាប់​វិនិយោគ​បន្ត គឺអាច​ទទួលបាន​អត្រា​ចំណេញ​ភាគរយ​ខ្ពស់ ហើយ​ចំណាយពេល​តិច​ក្នុង​ការរក​ទីផ្សារ ដោយសារ​ដី​នៅតែមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​មិន​ថា​ចំពោះ​ពេលបច្ចុប្បន្ន ឬ​បន្តទៅ​ពេលអនាគត​នោះទេ” ៕

SMEs ផលិត​ចំណីអាហារ​មិនមាន​ផលប៉ះពាល់​ដោយសារ Covid-19 នោះទេ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម (FASMEC) អះអាងថា បើទោះបី​ពិភពលោក ក៏ដូចជា​កម្ពុជា​ទទួល​រង​នូវ​ផលប៉ះពាល់​នូវ​ជំងឺ Covid-19 កន្លងមកនេះ​ក៏ដោយ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ផលិត​ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ផលប៉ះពាល់​នោះទេ ។

លោក​ឧកញ៉ា តែ តាំង​ប៉ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «គម្រោង​សហ​ហិរញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម និង​បញ្ហា​ប្រឈម​របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម»នា​ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ទាំង​ការផលិត​ចំណីអាហារ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុ​ជាមាន​កំណើន​ការផ្គត់ផ្គង់​ក្នុងស្រុក  គឺ​មិន​ព្រួយបារម្ភ​ប៉ះពាល់​ដោយ ជំងឺ Covid-19 ឡើយ ។

លោក​បន្តថា អ្វី​ដែលមាន​ផលប៉ះពាល់​ខ្លាំង គឺ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ផលិត​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើ​សម្រាប់ធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយសារតែ​ប្រទេស​ទាំងនេះ ប្រកាស​បិទ​ទីផ្សារ​នាំចូល​ពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​តំបន់​ដទៃទៀត ដោយសារ​ការព្រួយបារម្ភ​ពី​ការឆ្លង​នូវ​ជំងឺ Covid-19 ។

លោក​ឧកញ៉ា​ថ្លែងថា “ ចឹ​ង​បាន​ថា បញ្ហា SMEs ផ្នែក​ផលិត​ចំណីអាហារ​ហ្នឹង…អត់​មាន​បញ្ហា​បារម្ភ​ថា​ខ្ចីលុយ​គេ​ហើយ ផលិត​ហើយ អត់​នាំចេញ​ទេ គឺ​មិន​ប៉ះពាល់​ទេ តែបើ​ប៉ះពាល់ គឺ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​ឯណោះ​ទេ ដែល​សហគមន៍​អឺរ៉ុប និង​អាមេរិក​គេ​ផ្អាក់​ការបញ្ជាទិញ ។ ចំពោះ SMEs ដែល​ត្រូវ​ដែល​ផលិត​ចំណីអាហារ​នេះ គឺ​មិន​ប៉ះពាល់​ទេ” ។

លោក​ឧកញ៉ា​បន្ថែមថា “ម្យ៉ាង​តាំងពី​យើង​មាន​ជំងឺ Covid-19 ផ្អាក​ការនាំចេញ​នូវ​ផលិតផល​សម្រេច​ពី​បរទេស បានធ្វើឱ្យ SMEs យើង​នៅក្នុង​ស្រុក​លក់បាន តែបើ​ប៉ះពាល់​គឺ​សហគ្រាស​ដែល​ផលិត និង​លក់​ផលិតផល​សម្រាប់​ភ្ញៀវទេសចរ​មួយចំនួន​ប៉ុណ្ណោះ ដោយសារ​គេ​មិនអោយ​ធ្វើ​ចរាចរណ៍​នៅក្នុង​ពិភពលោក។

លោក ឈា ឡា​ហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម នៃ​ក​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹង​ដែរ​ថា នៅក្នុង​អំឡុង​ជំងឺ Covid-19 ប្រទេស​នៅក្នុង​ពិភពលោក ក៏ដូចជា​កម្ពុជា​បាន​នឹង​កំពុង​ជួយ​លើ​កម្ពស់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស ទាំង​បច្ចេកទេស និង​ធនធាន ហើយ​ការគិតគូរ ចាប់តាំងពី​មុន​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ Covid-19 ។

លោក​ពន្យល់ថា សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ក្នុងការ​ជំរុញ​សហគ្រាស​ធុនធំៗ ឱ្យ​ដំណើរការ និង​សេដ្ឋកិច្ចជាតិ​មានការ​រីកចំរើន ។

លោក​ថ្លែងថា តា​មកា​ប៉ាន់ស្មាន​គឺមាន​ប្រមាណ​ជាង ៧ ម៉ឺន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំងប្រទេស តែ តាម​ទិន្ន័យ​របស់​ក្រសួងផែនការ ដែល​បានធ្វើ​ជំរឿន​កាលពី​កន្លងមកនេះ មាន​ចំនួន​ជាង ៥៣ ម៉ឺន សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំងប្រទេស ហើយ ពី ២ ម៉ឺន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ថាប័នរដ្ឋ ឬ ក្រៅ​ប្រព័ន្ធ ដោយ​ក្នុងនោះ​មាន​កម្លាំង​ពលកម្ម​ដែល​កំពុង​បំរើ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ជាង១ លាន​នាក់៕

អ្នកជំនាញ​និយាយ​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល

ដោយ ៖ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានលើកឡើង​ថា ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ទូទាំង​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា គឺមាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​សំណង់​អគារផ្សេងៗ  ខណៈ​រហូតមក​ដល់ពេលនេះ​សម្រេចបាន​ចំនួន១៣ ក្នុងចំណោម​ស្រុក-ក្រុង​ចំនួន២៦ ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate ធ្លាប់បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ប្លង់គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល ត្រូវ​បានកំណត់​ជាក់លាក់​ថា ដី​នៅក្នុង​ទីក្រុង​ណាមួយ​អាច​យកទៅ​ប្រើប្រាស់​អ្វី​បាន  ឬ​សាងសង់​អគារ​បាន​កំពស់​ប៉ុន្មាន​ជាន់​ជាដើម។

លោក​បន្តថា “នៅពេលដែល​យើង​មិនទាន់​មានច្បាប់​ប្រើប្រាស់​ដី​នេះ វា​មាន​ផល​លំបាក​ក្នុង​ការទិញ​ដី  ឬក៏​ត្រូវ​រៀបចំ​ឯកសារ​មុន​ក្នុង​ការសាងសង់​ទៅតាម​ប្រភេទ​ដែល​អាច​ធ្វើបាន  ហើយ​ត្រូវការ​ចំណាយលុយ​មុន ហើយ​ប្រការនេះ អ្នកវិនិយោគ​មិន​ចង់​មានការ​ចំណាយ​ច្រើន​នោះទេ។

លោក​បន្តថា “អ្វីដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នេះ គឺជា​ការល្អ​ប្រើ​សើរ​បំផុត និង​អត្ថប្រយោជន៍​ខ្ពស់​សម្រាប់​អ្នកវិនិយោគ និង​អ្នករកស៊ី​ខាង​វិស័យ​ចលនទ្រព្យ ប្រជាពលរដ្ឋ​ធម្មតា និង​រដ្ឋាភិបាល ជាពិសេស​អាច​គ្រប់គ្រង​ទៅលើ​តាម​តំបន់​ដែល​រដ្ឋាភិបាល​បានដាក់​យុទ្ធសាស្ត្រ​ក្នុង​រៀបចំ​ក្រុង និង​មាន​ភាពងាយស្រួល​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ។

នាយិការ​ក្រុមហ៊ុន CBRE Cambodia ប្រចាំ​កម្ពុជា លោកស្រី អាន សុធី​តា បានឱ្យ ដឹង​ដែរ​ថា ការរៀបចំ​ឱ្យមាន​ការ​ប្លង់គោល​ប្រើប្រាស់​ដី​នៅ​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា វា​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ក្រុង  និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈពេល​វែង​ទៅមុខទៀត ។

លោកស្រី​បន្តថា “ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ចំពោះ​ប្លង់គោល​ប្រើប្រាស់​ដី​នេះ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យផ្សេងៗ ជាពិសេស​លើ​ការរៀបចំ​នគរូបនីយកម្ម និង​សំណង់​ក្នុង​ខេត្ត​ក្រុង​នានា។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា រហូតមកដល់​ពេលនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​ធ្វើការ​កំណត់​នៃ​ការប្រើប្រាស់​ដី​តាម​ប្លង់គោល​នៅតាម​បណ្តា​ស្រុក-ក្រុង​នៅ​ទូទាំងប្រទេស​បាន​ចំនួន១៣ ក្នុងចំណោម​ស្រុក-ក្រុង​ចំនួន២៦ ។

លោក​បន្តទៀតថា “សម្រាប់​ផែនការ​រៀបចំ​ដែនដី​ថ្នាក់​រាជធានី-ខេត្ត​បាន​ចំនួន៣ខេត្ត គឺ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង ដែល​ផែនការ​នៃ​ការរៀបចំ​ដែនដី​នេះ ពិតជា​មាន​សារសំខាន់​បំផុត​ក្នុងការ​រៀបចំ និង​កំណត់​នូវ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បែងចែក​នៃ​ការប្រើប្រាស់​ដី ដើម្បី​ឈានទៅរក​ការអភិវឌ្ឍ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​នឹង​កំពុង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នៅ​គ្រប់​រាជធានី-ខេត្ត  និង​រៀបចំ​ទុកជា​ឯកសារ​យុទ្ធសាស្ត្រ​គោល បម្រើឱ្យ​ម​ហិ​ច្ឆិ​តា​របស់​រាជរដ្ឋាភិបាល និង​គោលដៅ ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥ ក្នុងការ​គ្រប់គ្រង​តំរង់ទិស​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅជាប់​ជុំវិញ ឆ្លើយតបបាន​នឹង​កំណើន​នៃ​ការវិនិយោគ​ឯកជន និង​ចំនួន​ប្រជាជន តាមរយៈ​ការតម្រង់ទិស និង​ជម្រុញ​ការវិនិយោគ​សាធារណៈ ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ៕