ការសិក្សា៖ វិស័យ​អចលនទ្រព្យ​ជា​ជម្រើស​វិនិយោគ​ដែលមាន​សុវត្ថិភាព​ជាងគេ​ក្នុងកំឡុងពេល​នេះ

ដោយ ប៊ី

ភ្នំពេញ៖ ខណៈ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បង្កឱ្យមាន​បញ្ហា​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ជាស​កល វិស័យ​អចលនទ្រព្យ​អាចជា​ជម្រើស​ដ៏​ល្អ​សម្រាប់​វិនិយោគិន ដែល​ស្វែងរក​ផលចំណេញ និង​រួច​ផុតពី​ហានិភ័យ​នាពេលខាងមុខ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​លោកស្រី Amanda Carpo អ្នកជំនាញ​អចលនទ្រព្យ​ដែលមាន​មូលដ្ឋាន​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ ។

លោកស្រី Carpo សហ​ស្ថាបនិក​ក្រុមហ៊ុន KMC Solutions ដែល​ផ្តល់​ការិយាល័យ​ឯកជន កន្លែងធ្វើការ និង​ការជួល​បុគ្គលិក បាន​និយាយថា អចលនទ្រព្យ​នៅតែមាន​សក្តានុពល​ខ្លាំង​ក្នុងការ​ផ្តល់ឱ្យ​វិនិយោគិន​នូវ​ផលចំណេញ​ល្អ បើ​ទោះ​សេដ្ឋកិច្ច​ម៉ាក្រូសេដ្ឋកិច្ច​ធ្លាក់ចុះ។

លោកស្រី Carpo  បានឱ្យដឹងថា “ការវិនិយោគ​លើ​អចលនទ្រព្យ​គឺជា​គំនិតល្អ​ក្នុងការ​ធ្វើ​ពិពិធ​កម្មផល​វិនិយោគ​របស់​អ្នក។ ការលេង​ភាគហ៊ុន​មាន​ភាព​ងាយ​នឹង​បង្ក​ជាហេតុ​គ្រោះថ្នាក់​ដល់​ការវិនិយោគ ហើយ​អាច​ប្រឈម​នឹង​ហានិភ័យ​ជាទូទៅ ហើយ​អចលនទ្រព្យ​អាចជួយ​គ្រប់គ្រង​ភាពប្រែប្រួល និង​ហានិភ័យ និង​ធ្វើឱ្យ​ការវិនិយោគ​របស់​អ្នក​កាន់​តែមាន​ប្រសិទ្ធិភាព” ។

លោកស្រី បន្តថា “ជាងពេលណាៗទាំងអស់ វិនិយោគិន​ត្រូវ​យល់​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល។ នោះ​គឺជា​អ្វីដែល​យើង​នឹង​ជួបប្រទះ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ” ។

ការស្ទង់មតិ​របស់​ក្រុមហ៊ុន YouGov Plc ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ថ្មីៗនេះ បាន​ចាត់​ចំណាត់ថ្នាក់​វិស័យ​អចលនទ្រព្យ​ជាការ​វិនិយោគ​មាន​សុវត្ថិភាព​បំផុត​ទី​បី បន្ទាប់ពី​មាស និង​ការដាក់​ប្រាក់។

លោកស្រី Carpo បាន​និយាយថា ទំនុកចិត្ត​បែបនេះ​កើតឡើង​ដោយមាន​ហេតុផល​ល្អ។ លោកស្រី បាន​បន្តថា “អចលនទ្រព្យ​ផ្តល់​ភាពងាយស្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ លើ​វិធី​រកប្រាក់​ចំណូល – វា​មិន​ត្រឹមតែ​ទិញ ឬ​លក់​ប៉ុណ្ណោះ​ទេ។ វិនិយោគិន​អាច​កែលំអ ឬ​ជួសជុល​សម្រាប់​ជួល ឬ​ជួល​ក្នុង​ជម្រើស​ផ្សេងទៀត​ជាច្រើន” ។

លោក Oscar Jorda ទីប្រឹក្សា​គោលនយោបាយ​ជាន់ខ្ពស់​ធនាគារ Oscar Jorda បាន​និយាយថា ជា​ប្រវត្តិសាស្ត្រ វិស័យ​អចលនទ្រព្យ​គឺជា​ការវិនិយោគ​ប្រសើរ​ជាង​ការលេង​ភាគហ៊ុន។

នៅក្នុង​ឯកសារ​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា អត្រា​នៃ​ផលចំណេញ​ត្រឡប់មកវិញ​លើអ្វីៗគ្រប់យ៉ាង​ឆ្នាំ ១៨៧០-២០១៥ ដែល​បាន​តាមដាន​ទិន្នន័យ​ប្រវត្តិសាស្ត្រ​ដែលមាន​អាយុកាល​ជាង​មួយ​សតវត្សរ៍ លោក Jorda បាន​និយាយថា ជាទូទៅ អចលនទ្រព្យ​លំនៅដ្ឋាន​ផ្តល់​ផលចំណេញ​ត្រឡប់​ប្រសើរ​ជាង​ការលេង​ភាគហ៊ុន ខណៈ​វា​មាន​ហានិភ័យ និង​ភាពប្រែប្រួល​ជាង​ការលេង​ភាគហ៊ុន។

លោកស្រី Carpo បាន​និយាយថា “សព្វថ្ងៃនេះ វា​ពិបាក​ក្នុងការ​ក្រឡេកមើល​ការ​ស្ថានភាព​របស់​ផ្សារភាគហ៊ុន ហើយ​មិន​ចង់​ទាញ​ប្រាក់​របស់​អ្នកចេញ​ទេ។ នៅពេល​អ្នក​ទាញ​ប្រាក់​របស់​អ្នកចេញ អ្នក​ប៉ះប៉ូវ​នឹង​ខាតបង់​របស់​អ្នក” ។

លោកស្រី​បាន​និយាយថា “វា​សំខាន់​ណាស់​ក្នុងការ​វិនិយោគ វា​ជាការ​សំខាន់​ដើម្បី​ធ្វើ​ពិពិធ​កម្ម ហើយ​វិស័យ​អចលនទ្រព្យ​អាចជា​ការការពារ​ដ៏​ល្អ​មួយ។ វា​នឹង​មានការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើងវិញ នៅពេលដែល​សង្គម​អាច​បើក​ម្តងទៀត ហើយ​វា​នឹង​កើតឡើង​ដោយ​ខាន​តែ​បាន” ។

លោកស្រី Carpo បាន​និយាយថា វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ហ្វីលីពីន​កំពុង​ក្លាយជា​វិស័យ​មួយ​ដែលមាន​ភាព​ធន់​ទ្រាំ​ខ្លាំង​នៅក្នុង​សេដ្ឋកិច្ច ទោះបី​ជាមាន​វិបត្តិ Covid-19 ក៏ដោយ។ តម្រូវការ​ពិតប្រាកដ​សម្រាប់​លំនៅដ្ឋាន​ពី​អ្នកធ្វើការ​ក្នុង និង​ក្រៅ​ស្រុក​នៅក្នុង​ប្រទេស​នេះ​អាច​រក្សា​ទីផ្សា​លំនៅដ្ឋាន​មាន​ស្ថាន​ភាពល្អ។

លោកស្រី បន្តថា “ខុន​ដូ​មានគុណ​ប្រយោជន៍​លើ​វិស័យ​អចលនទ្រព្យ​ផ្សេងទៀត ដោយសារ​អ្នក​អភិវឌ្ឍន៍​មាន​ទីតាំង​នៅក្នុង​តំបន់​ដែលមាន​តម្រូវការ​ខ្លាំង។ នេះ សហការ​ជាមួយ​ភាព​ទាក់ទាញ និង​សក្តានុពល​សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​លើ​គម្រោង​របស់​ពួកគេ” ៕

លោក អ៉ិន ណា​ង ៖ ចង់​ចំណេញ​ពី​ការវិនិយោគ​ដី គប្បី​យល់ច្បាស់​ពី​ចំណុច​សំខាន់​ចំនួន៣

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ មនុស្ស​ជាច្រើន​បាន​និយាយថា ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​ការទិញ-លក់​ដីធ្លី គឺជា​រឿង​ងាយស្រួល និង​ឆាប់​មាន​បំផុត ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការគិត​នោះទេ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ  Show Up Real Estate លោក អ៉ិន ណា​ង បាន​ចែករំលែក​នូវ​ចំណេះដឹងខ្លីៗដែលជា​គោលការណ៍​គ្រឹះ និង​ជា​ទុន​យ៉ាងសំខាន់​សម្រាប់​ឈរជើង និង​រកស៊ី​បានយូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ ប្រកបដោយ​ភាពជោគជ័យ​ខ្ពស់។

លោក អ៉ិន ណា​ង បាន​មានប្រសាសន៍ថា “ការចូល​ខ្លួន​មក​ប្រឡូក ឬ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​វា​មិនមែនជា​រឿង​លំបាក និង​ពិបាកធ្វើ​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ភាពរឹងមាំ ដែល​អាចឈរជើង និង​រកស៊ី​នៅក្នុង​សង្គម​ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​មួយ​នេះ​បានយូរ​អង្វែង និង​ទទួល​ភាពជោគជ័យ។ ឧ​ទារ​ហណ៍​ថា ប្រសិនបើ​ចំណាយលុយ​ទិញ​ដី​សម្រាប់​វិនិយោគ គឺ​ត្រូវតែមាន​ទំនុកចិត្ត​ខ្ពស់​ថា នឹង​អាច​ទទួលបាន​ចំណេញ។

លោក​បាន​បញ្ជាក់ថា សម្រាប់​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ ថវិកា​ដែលជា​ទុន​ដំបូង វា​គឺជា​ចំណុច​សំខាន់​មិនអាច​ខ្វះ​បាន ប៉ុន្តែ​នៅមាន​ធាតុ​ផ្សំផ្សេងៗមួយចំនួនទៀត ដែល​អ្នករកស៊ី​នៅក្នុង​វិស័យ​មួយ​នេះ គប្បី​ត្រូវតែមាន នោះ​គឺ​ចំណេះដឹង ភាព​ឆ្លាត​វៃ និង​ស្វែងយល់​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត​ដូចជា៖

១- ចេះ​សិក្សា​ពី​តម្លៃ​ក្នុងស្រុក ៖ នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុងពេល​បច្ចុប្បន្ន ស្គាល់​ពី​តំបន់នីមួយៗ ជាពិសេស​គឺ​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍។ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ -ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ។

២- កុំ​មើលរំលង​តំបន់​ជាយក្រុង ៖ នៅពេល​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន តំបន់​ក្រុង​កាន់តែ​ចង្អៀត នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅកាន់​តំបន់​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា បច្ចុប្បន្ន​តើ​ការអភិវឌ្ឍ​នៅក្នុង​ទីក្រុង​ដល់​កម្រិតណា ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា? ឆ្ពោះទៅ​ទិស​មួយណា? នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​អាទិភាព នោះ​អ្នកនឹង​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ និង​ការទទួលបាន​ផលចំណេញ​ពី​ពី​ការវិនិយោគ។

៣- តាមដាន​ព័ត៌មាន​ឱ្យបាន​ល្អិតល្អន់ ៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នឯកជន ឬ​រដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​រក្សាទុក ។ ម្យ៉ាងទៀត រាល់​ការ​មាន​ទំនាក់ទំនង​ល្អ មិន​ថា​ចំពោះ​ស្ថាប័នរដ្ឋ ឬ​ឯកជន​នោះទេ អ្នក​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ទាំង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ទាំង​ការពង្រីក​ទីផ្សារ​របស់​អ្នក​កាន់តែ​ទូលាយ៕

ខេត្តកំពត​នឹងមាន​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ស្អាត​ថ្មី​មួយ​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី

ដោយ  ៖  វុត្ថា

ភ្នំពេញ៖ រដ្ឋបាល​ខេត្តកំពត​បា​ន​ដាក់ចេញ​ផែនការ​អភិវឌ្ឍ​ឆ្នេរ​ស្អាត​ថ្មី​មួយ​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់តែ​សម្បូរបែប​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ អាច​ទស្សនា​កំសាន្ត និង​ស្នាក់នៅ​យូរ​ជាង​មុន ខណៈ​កន្លងមក ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ មិនមាន​តំបន់ឆ្នេរ​សម្រាប់​ទទួល​ភ្ញៀវទេសចរ​នោះទេ។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពត​នៅ ព្រឹក​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ​ឱ្យដឹងថា រដ្ឋបាល​ខេត្តកំពត​នឹង​បន្ត​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​ស្អាត​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ប្រកបដោយ​ចិ​រ​ភាព និង​គុណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​ច្រើន​ក្នុង​ខេត្ត។

លោក​ឱ្យដឹង​បន្តថា  “ខេត្តកំពត គឺជា​ខេត្ត​ស្ថិតនៅក្នុង​តំបន់ឆ្នេរ ប៉ុន្តែ​ពុំមាន​ឆ្នេរ​ខ្សាច់​សម្រាប់​បំរើ​សេចក្តីត្រូវការ​រប​ស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅឡើយ ដូច្នេះ រដ្ឋបាល​ខេត្តកំពត បានធ្វើ​ការសិក្សា​រៀបចំ​បង្កើត​នូវ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី​មួយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី នៅ​ខាងលិច​ខេត្តកំពត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ក្នុង​ខេត្តកំពត។

លោក​បន្ថែមថា “រដ្ឋបាលខេត្ត កំពុង​សិក្សា​កន្លងមក​ប្រសិទ្ធិ​នាម​ឈ្មោះ​អ្វី​នៅ​ឆ្នេរ​នោះ ? ហើយ​កន្លងមកនេះ​រដ្ឋ​បាល​ខេត្ត​មាន​មហិច្ឆតា​ថា ធ្វើ​ឲ្យ​បើក​ដំណើរការបាន​ខ្លះបណ្តើរៗ មុនពេល​ចូលឆ្នាំ  ប៉ុន្តែ​ដោយសារ​យើង​មាន​បញ្ហា​ជំងឺ Covid-19 ទៅ យើង​ក៏​ពន្យារពេល​ទៅ” ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូបនេះ បន្ថែមថា ក្នុង​រយៈពេល ៥ ឆ្នាំ ចុងក្រោយ ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្តបន្ទាប់ គ្រាន់តែ​ឆ្នាំ ២០១៩ កន្លងមកនេះ ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ ១លាន៦សែន​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ជាង១០ភាគរយ ខណៈ​បច្ចុប្បន្ននេះ ខេត្ត​មាន​តំបន់​ទេសចរណ៍​ចំនួន ១៧ កន្លែង សហគមន៍​ទេសចរណ៍​ចំនួន ៤ កន្លែង និង​គោលដៅ​ទាក់ទាញ​ចំនួន ៤ កន្លែង (ចម្ការ​ម្រេច ស្រែអំបិល សំណង់​បិ​តិក​ភ័​ណ្ឌ និង​សក្តានុពល​ទេសភាព​ដងព្រែក) ។

លោក​បញ្ជាក់ថា  បន្ថែម​ពីនេះ ខេត្តកំពត​មាន​កំពង​ផែ​ទឹក​ជ្រៅ ដែល​អាច​ផ្តល់​លទ្ធភាព ដល់​ការចូល​ចត​របស់​នាវា​ទេសចរណ៍ធំៗ ។ ស្របគ្នា​នេះដែរ ខេត្តកំពត​ជួប​បញ្ហា​ប្រឈម នៃ​កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន កម្រិត​មធ្យម និង​លើ​មធ្យម និង​មជ្ឈមណ្ឌល​សេវាកម្ម​ជាច្រើន​ផ្សេងទៀត។

លោក ភូ លិ អភិបាលរង​ខេត្តកំពត បានឱ្យដឹង​ដែរ​ថា  បច្ចុប្បន្ន រមណីយដ្ឋាន​ឋានសួគ៌​បូ​គោ នៅតែ​ជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ជាទីបំផុត សម្រាប់​ភ្ញៀវ​ជាតិ-អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ក្នុងចំណោម​រមណីយដ្ឋានផ្សេងៗរបស់​ខេត្ត។ ជាមួយគ្នានេះ​ផងដែរ ការកើនឡើង​ជា​បន្តបន្ទាប់​នូវ​សេវាកម្ម​ផ្ទះសំណាក់ បឹង​កា​ឡូ សណ្ឋាគារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន សុទ្ធតែ​បាន​លើកស្ទួយ​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពល្អប្រសើរ​ខ្លាំង។

លោក​បន្តថា ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដទៃទៀត ត្រូវបាន និង​កំពុង​សាងសង់ កែលំអរ​ជា​បន្តបន្ទាប់ សំដៅ​ប្រែក្លាយ​ទឹកដី​ខេត្តកំពត ជា​ទឹកដី​ទាក់ទាញ​ភ្ញៀវទេសចរ ប្រកបដោយ​ភាពស្រស់​បំព្រង និង​ផាសុកភាព ស័ក្តិ​សមជា​ខេត្ត​ដែល​ត្រូវ​ទទួលបាន​ជ័យលាភី ផ្ការំដួល៣ទង។

យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា វិស័យ​ទេសចរណ៍​កម្ពុជា​នៅមាន​សក្តានុពល​ច្រើន​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម និង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ភ្ញៀវទេសចរ​ចំនួន១៥ លាន​នាក់ ជាមួយ​ចំណូល​ប្រមាណ១០ពាន់​លាន​ដុល្លារ​អាមេរិក និង​ការបង្កើត​ការងារ​បាន​ប្រមាណ ២លាន​នាក់ នៅ​ឆ្នាំ២០៣០ ៕

ចំណេះដឹង​ច្បាប់! អ្វី​ជា​ទ្រព្យសម្បត្តិ​ដោយឡែក?

ដោយ ៖  វុត្ថា

ភ្នំពេញ៖ ទ្រព្យសម្បត្តិ​ដោយឡែក គឺជា​ទ្រព្យសម្បត្តិ​ដែល​ស្ថិតនៅក្រោម​កម្មសិទ្ធិ​រប​ស់​សហព័ទ្ធ (ប្តី ឬ ប្រពន្ធ)ណា​ម្នាក់ ដូចខាងក្រោម៖

ក. ទ្រព្យសម្បត្តិ​ដែល​ប្តី ឬ​ប្រពន្ធ​មាននៅ​មុនពេល​រៀប​អាពាហ៍ពិពាហ៍ ។

មានន័យថា​ភាគី​ប្តី ឬ​ប្រពន្ធ​មានទ្រព្យ​នោះ នៅមុន​ពេល​រៀប​អាពាហ៍ពិពាហ៍ ទោះបី​ក្រោយ​រៀប អាពាហ៍ពិពាហ៍​ក៏ដោយ ក៏​គេ​ចាត់ទុកថា ទ្រព្យ​នោះ ជា​ទ្រព្យ​ដោយឡែក​របស់​ប្តី ឬ​ប្រពន្ធ​នោះ​ដដែល។

ឧទាហរណ៍៖ ប្តី​មាន​ផ្ទះមួយ​ល្វែង​មុនពេល​រៀប​អាពាហ៍ពិពាហ៍ ទោះ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍ ក៏​ផ្ទះ​នោះ នៅតែ​ជា​ទ្រព្យ​របស់​ប្តី​ដដែល គឺ​មិនអាច​រាប់​ជា​ទ្រព្យ​រួម​នោះទេ។

ខ. ទ្រព្យសម្បត្តិ​ដែល​ប្តី ឬ​ប្រពន្ធ​ទទួលបាន​ដោយ​ប្រទានកម្ម សន្តតិ​កម្ម ឬ​អច្ច័យទាន នៅក្នុង​អំឡុងពេល​អាពាហ៍ពិពាហ៍ ។

ក្នុងករណី​ប្រសិនបើ​ម្ចាស់​អំណោយ​ទ្រព្យ​អោយទៅ​ប្តី ឬ​ប្រពន្ធ​នោះ​មានន័យថា អំណោយ​នោះ​នឹង​ក្លាយទៅជា​ទ្រព្យ​ដោយឡែក​របស់​ប្តី ឬ​ប្រពន្ធ​នោះ។ លើកលែងតែ​ម្ចាស់​អំណោយ​បានបញ្ជាក់​ថាឱ្យ​ទាំង​ប្តី និង​ប្រពន្ធ ទើប​ទ្រព្យ​នោះ​ក្លាយទៅជា​ទ្រព្យ​រួម​របស់​ប្តី និ​ប្រពន្ធ ។

ឧទាហរណ៍៖ ឪពុក​របស់លោក “ក” បានប្រគល់​ផ្ទះមួយ​ល្វែង​ឱ្យ​គាត់​នៅក្នុងពេល​ចំណងអាពាហ៍ពិពាហ៍។ នោះ គេ​ចាត់ទុកថា​ផ្ទះ​នោះ​ជា​ទ្រព្យ​ដោយឡែក​របស់លោក “ក” ទោះបីជា​ទ្រព្យ​នោះ​បានមក​ក្នុងអំឡុងពេល​អាពាហ៍ពិពាហ៍​ក៏ដោយ។

គ. ទ្រព្យសម្បត្តិ​ជាត​ម្លៃ​តប​ទាក់ទង​នឹង​ការចាត់ចែង​ទ្រព្យ​ដោយឡែក គេ​ចាត់ទុកថា​ជា​ទ្រព្យ​ដោយឡែក។

ឧទាហរណ៍៖ ប្តី​មានផ្ទះ​មួយ​ខ្នង​ដែលជា​ទ្រព្យ​ដោយឡែក​របស់ខ្លួន ក្រោយមក​នៅក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍ ប្តី​បាន​លក់​ផ្ទះ​នោះ​ក្នុងតម្លៃ៥ម៉ឺន​ដុល្លារ ដូច្នេះ​ប្រាក់​ដែល​បានមក ពី​ការលក់​ផ្ទះ​នោះ ក៏​គេ​ចាត់ទុកថា​ជា​ទ្រព្យ​របស់​ប្តី​ដដែល ទោះបីជា​ប្តី​លក់​នៅក្នុង​អំឡុងពេល​ជីវិត​អាពាហ៍ពិពាហ៍​ក៏ដោយ។ ម្យ៉ាងវិញទៀត​ប្រសិនបើ​ប្តី​យកលុយ​នោះ​ទៅ​ទិញ​ដី​ហើយ លក់​ទៅវិញ​បាន​ប្រាក់ចំណេញ​បន្ថែមទៀត​ក៏ដោយ ក៏​វា​នៅតែ​ជា​ទ្រព្យ​ដោយឡែក​របស់​ប្តី​ព្រោះ​ផលចំណេញ​នោះ​កើតចេញពី​តម្លៃ​តប​នៃ​វត្ថុ​ដែលជា​ទ្រព្យ​ដោយឡែក​របស់​ប្តី ៕

ADB គ្រោងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ គ្រោងគ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១៣០០លានដុល្លារ ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ ។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារស្ដីពីការរៀបចំកម្មវិធី គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២១-២០២៣ នៅទីស្ដីក្រសួងជាមួយនាយិកាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ តាមរយៈ Video Conferenceថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតទៅលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងរាតត្បាតលើសាកលលោក។

លោក វង្សី វិស្សុត មានប្រសាសថា “ក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបាន ផ្តល់នូវអាទិភាពខ្ពស់បំផុត លើកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង, ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែងចំនួននៃការឆ្លងមានត្រឹមតែ ១២២ ករណីប៉ុណ្ណោះ ដែលភាគច្រើននៃការឆ្លង ជម្ងឺនេះ គឺការនាំចូល ឬមានប្រភពខាងក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក”។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់ លើការជួយអន្តរាគមន៍ ដើម្បីការរក្សាលំនឹង ជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម, ការបន្តអនុវត្ត គម្រោងសាច់ប្រាក់ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ នៅពេលដែលរោងចក្រព្យួរអាជីវកម្ម។

លោក វង្សី វិស្សុត ក៏បានសង្កតធ្ងន់ផងដែរថា កម្ពុជានៅមានលំហក្នុងការខ្ចីថ្មីបន្ថែម ដោយសារអនុបាតបំណុលគន្លឹះៗទាំងអស់របស់កម្ពុជា មានកម្រិតទាបនៅឡើយ ធៀបនឹងអនុបាតគោល តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។ កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនេះ គឺមួយផ្នែកជាសមិទ្ធិផលនៃការពិភាក្សា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយរួមគ្នា រវាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល និង ADB កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ និងមួយផ្នែកទៀត គឺជាការស្នើសុំរបស់រាជរដ្ឋាភិបាលបន្ទាន់ និងការវិវត្តថ្មីៗរបស់កម្ពុជាផ្ទាល់តែម្តង។

ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺ Covid-19 (COVID 19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន ២៥០ លានដុល្លារ ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាមសំណើបន្ទាន់ របស់កម្ពុជាផងដែរ។ បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការ អភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាពនៃធានាឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញ ការអភិវឌ្ឍកសិធុរកិច្ចប្រកបដោយការប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ១១១ លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយ បញ្ហាប្រឈមជាគន្លឹះរបស់ SME។

តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ នេះ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១៣០០ លានដុល្លារ ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់ ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា។ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស ឆ្នាំ២០២១-២០២៣ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១៥០០លានដុល្លារ។

គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣ ៤៨៥ លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២ ៩៨៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥០២លានដុល្លារ៕

GMAC ស្នើសុំម្ចាស់អាគារបញ្ចុះតម្លៃជួល ៣០ ភាគរយ

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានចេញសេចក្ដីអំពាវនាវដោយស្នើដល់បណ្តាម្ចាស់អាគារនានាដែលជួល និងបម្រើដល់វិស័យកាត់ដេរនៅកម្ពុជា ពិចារណាក្នុងការបញ្ចុះតម្លៃយ៉ាងតិច៣០ភាគរយ ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ 

នៅក្នុងសេចក្ដីអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះបានលើកឡើងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ ដែលជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា បាន និងកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺ Covid-19 ជាក់ស្ដែង មានរោងចក្រចំនួន១៨០ត្រូវបានព្យួរផលិតកម្មរបស់ខ្លួន និងរោងចក្រចំនួន៦០ផ្សេងទៀត កំពុងប្រឈមការព្យួរផលិតកម្មដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ការព្យួរផលិតកម្មទាំងអស់ខាងលើនេះបានបង្ហាញពីភាពមិនអាចទ្រទ្រង់នូវបន្ទុកក្នុងការចំណាយជាប្រចាំបានបន្ទាប់ពីការបញ្ជាទិញរបស់ទីផ្សារអន្តរជាតិត្រូវបានផ្អាក និងលុបចោលជាច្រើន។ 

ជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ពីផលលំបាកយ៉ាងធ្ងន់ធ្ងររបស់ឧស្សាហកម្មកាត់ដេរ ដែលតម្រូវឱ្យបណ្តាម្ចាស់អាគារជួលឱ្យរោងចក្រនានាពិចារណាក្នុងការបញ្ចុះតម្លៃឱ្យបានកម្រិតច្រើន ដែលតិចបំផុតត្រឹម៣០ភាគរយនៃតម្លៃជួលសរុប សម្រាប់រយៈ៣-៦ខែ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយទ្រទ្រង់ដល់វិស័យមួយនេះ និងស្ដារសេដ្ឋកិច្ចនៅកម្ពុជា ដែលកំពុងប្រឈមជាមួយនឹងវិបត្តិនៃជំងឺសាកលនៅពេលបច្ចុប្បន្ន៕

ប្រុងប្រយ័ត្ន៖ បទល្មើសផ្នែកហិរញ្ញវត្ថុមានការកើនឡើង នៅក្នុងអំឡុងពេលវិបត្តិ Covid-19

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ បច្ចុប្បន្ន ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនស្ទើរទូទាំងពិភពលោក។ ទន្ទឹមនេះ បទល្មើសផ្នែកហិរញ្ញវត្ថុក៏មានការកើនឡើងផងដែរ ដូចជា៖ បទល្មើសឆបោក បច្ចេកវិទ្យា ជួញដូរមនុស្ស និងបោកបន្លំមូលនិធិរដ្ឋាភិបាល ឬជំនួយហិរញ្ញវត្ថុអន្តរជាតិជាដើម។

នេះ គឺជាការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជានៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០នេះ និងអំពាវនាវឱ្យស្ថានប័នពាក់ព័ន្ធនានារាយការណ៍ និងយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានខ្ពស់នៅក្នុងអំឡុងនៃវិបត្តិជំងឺ Covid-19 នេះ ។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងារហិរញ្ញវត្ថុ (FATF) បានរៀបចំឯកសារគោលនយោបាយមួយ ស្តីពីបញ្ហាប្រឈម និងគោលនយោបាយឆ្លើយតបប្រឆាំងនឹងហានិភ័យនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មថ្មីៗ ក្នុងអំឡុងពេលដែលជំងឺ Covid-19 កំពុងរីករាលដាលនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក។ 

ធនាគារជាតិបន្ថែមថា អាស្រ័យហេតុនេះ អង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) សូមលើកទឹកចិត្តបុគ្គលរាយការណ៍ទាំងអស់ឱ្យធ្វើការតាមដាន ដោយយកចិត្តទុកដាក់នូវហានិភ័យការសម្អាតប្រាក់ និងហិរញ្ញប្បទាន-ភេរវកម្ម និងចាត់វិធានការឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាបាននឹងកំពុងពិនិត្យ កែសម្រួលដោយក្រសួងមហាផ្ទៃ   នឹងបានត្រូវបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រី។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា  សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីធ្វើឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។ 

សម្តេចបន្ថែមថា ភាពខ្វះខាតនៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ ។

ទីភ្នាក់ងារសារព័ត៌មាន Reuter កាលពីពេលថ្មីៗ នេះបានចុះផ្សាយថា ប្រទេសសកម្ពុជាត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីនៃបណ្ដាប្រទេសដែលសហភាពអឺរ៉ុបត្រូវបង្កើនការត្រួតពិនិត្យលើការលាងលុយកខ្វក់ ។ 

សារព័ត៌មាននេះបានផ្សាយថា ប្រទេសកម្ពុជាគឺជាប្រទេសនៅក្នុងចំណោមប្រទេស ១១ផ្សេងទៀតនៅទូទាំងពិភពលោក ដែលត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីនៃប្រទេស «ដែលបង្កការគំរាមកំហែងខ្លាំងទៅដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប» ដោយសារបរាជ័យក្នុងការលុបបំបាត់ការលាងលុយកខ្វក់៕

កោះសេះ ទំហំ៥០០ហិកតា នឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ថ្មីនៃខេត្តកំពត

ដោយ ៖ រ៉ាណេត

កំពត ៖ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពតគ្រោងនឹងរៀបចំកោះសេះដែលមានផ្ទៃដី៥០០ហិកតា ជាគោលដៅទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបន្ថែមទៀត ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀតនៅក្នុងខេត្ត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ខេត្តកំពត នៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្ត បាន និងកំពុងរៀបចំគោលដៅទេសចរណ៍ថ្មីនៅលើកោះសេះ ឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងកៀរគរឱ្យមានការវិនិយោគលើកោះមួយនេះ ដើម្បីរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចថ្មីសម្រាប់ខេត្តកំពត។

លោកបានបញ្ជាក់ថា “សក្ដានុពលទេសចរណ៍ដែលមាននៅលើកោះសេះ គឺមានភាពល្អប្រសើរស្រស់ស្អាត និងពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងទាក់ទាញ ដែលស្ថិតនៅក្បែរព្រំដែនសមុទ្រជាមួយវៀតណាម។ ជាមួយគ្នានេះរាល់ការវិនិយោគនៅតំបន់ទេសចរណ៍នេះ ត្រូវមានប្លង់គោល និងប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ មិនអាចធ្វើដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលនោះឡើយ”។

យោងតាម Wikipedia បានឱ្យដឹងថា កោះសេះ គឺជាកោះមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រថៃ នៅខាងក្នុងឧទ្យានជាតិរាមខេត្តព្រះសីហនុ ដែលមានចម្ងាយ១,៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី និងប្រហែល៩គីឡូម៉ែត្រ ខាងត្បូងដីសំខាន់នៃឃុំរាមខេត្តព្រះសីហនុ និងមានចម្ងាយ៤.៣ គីឡូម៉ែត្រពីកោះត្រល់ ឬកោះភូគុក ។

ជាមួយនឹងគោលបំណង ដើម្បីធ្វើឱ្យខេត្តកំពតមានសក្ដានុពល និងកាន់តែមានភាពទាក់ទាញផងនោះ កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានកំណត់យកខេត្តកំពតធ្វើជាខេត្តគំរូក្នុងការរៀបចំវិថីម្ហូបអាហារ (Food Street) ជំរុញឱ្យកសាងផ្លូវដាក់ភ្លើងបំភ្លឺទៅកាន់កំពង់ផែទេសចរណ៍ថ្មី រៀបចំចាក់ខ្សាច់បង្កើតឆ្នេរកំពតថ្មី ពង្រឹងគុណភាពសេវាដឹកជញ្ជូនទេសចរតាមផ្លូវទឹក និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពត ត្រូវពង្រឹងសេវាកម្មឱ្យបានល្អប្រសើរឡើងវិញជាដើម៕

ប្រា​សាក់ ឧបត្ថម្ភ​ថវិកា​ចំនួន ២០០លាន​រៀល ជូន​កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ដូច​សព្វដង​និង​ជាថ្មី​ម្តងទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០០លាន​រៀល ជូន​ចំពោះ​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ពិធី​អបអរសាទរ​ខួប​លើក ១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ ក្រោម​ប្រធានបទ «ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា» ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ប្រា​សាក់​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ទៅនឹង​កិច្ចការ​សង្គម​ជាច្រើន ដើម្បី​បង្កើតជា​គុណ​តម្លៃ និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម។

ស្របទៅនឹង​ទស្សនៈវិស័យ និង​ទំនួល​ខុសត្រូវ​សង្គម​របស់​ស្ថាប័ន  ក្រៅពី​ឧបត្ថម្ភ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា ប្រា​សាក់​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ សាងសង់​អគារ​បណ្ណាល័យ ឧបត្ថម្ភ​ការវះកាត់​មាត់​ឆែប ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ ឧបត្ថម្ភ​ទិវា​អំ​ណាន​ជាតិ ឧបត្ថម្ភ​កម្មវិធី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំ​ស្រលាញ់​ប្រាក់រៀល» ចូលរួម​បរិច្ចាគ​ឈាម គាំទ្រ​កម្មវិធី​ពង្រឹងសមត្ថភាព​របស់​យុវជន និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​សហគមន៍​ជាដើម» ។

លោក សាយ សូ​នី បាន​បន្ថែមថា «ប្រា​សាក់ ពិត​ជាមាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​មនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា។ ប្រា​សាក់​សង្ឃឹមថា ការឧបត្ថម្ភ​ថវិកា​នាពេលនេះ នឹងចូលរួម​ចំណែក​ក្នុង​ការជួយ​ឱ្យ​កាកបាទក្រហមកម្ពុជា​កា​ន់​តែមាន​លទ្ធភាព​ទូលំទូលាយ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែមទៀត» ។

អំពី​ប្រា​សាក់៖

ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ប្រតិបត្តិការ 25 ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​ដល់​អតិថិជន រួមមាន៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ទឹក សេវា​ហិរញ្ញវត្ថុ​ឌីជីថល ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​រហ័ស បើកប្រាក់​បៀវត្ស អេ​ធី​អឹម ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង សេវា​បញ្ជាក់​សមតុល្យ​គណនី និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗទៀត​ជូន​ដល់​អតិថិជន។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់  www.prasac.com.kh  ៕

ក្រុមហ៊ុនយក្ស Facebook និង Google បន្តអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើពីផ្ទះរហូតចុងឆ្នាំនេះ

ដោយ ៖ ប៊ី

ក្រុមហ៊ុនយក្ស Facebook និង Google បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់ពួកគេនឹងអនុញ្ញាតឱ្យនិយោជិកបន្តធ្វើការពីផ្ទះរហូតដល់ចុងឆ្នាំនេះ។
ក្រុមហ៊ុនយក្សបច្ចេកវិទ្យាទាំងពីរនេះ បានប្រកាសពីផែនការបើកការិយាល័យរបស់ខ្លួនឡើងវិញឆាប់ៗនេះ ប៉ុន្តែកំពុងអនុញ្ញាតឱ្យមានភាពបត់បែនការងារតាមផ្ទះបន្ថែមទៀត។

ក្រុមហ៊ុន Google បានឱ្យដឹងថា ខ្លួននឹងរក្សាគោលការណ៍ការធ្វើការងារពីផ្ទះរបស់ខ្លួនដល់ថ្ងៃទី១ ខែមិថុនា ប៉ុន្តែត្រូវពន្យារពេលសម្រាប់ការធ្វើការពីចម្ងាយ។
ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួននឹងបើកការិយាល័យរបស់ខ្លួនឡើងវិញនៅថ្ងៃទី៦ ខែកក្កដា នៅពេលស្ថានភាពរឹតបន្តឹងដើម្បីការជំងឺរាតត្បាត COVID-19 ត្រូវបានបន្ធូរបន្ថយបណ្តើរៗ។

នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយថា និយោជិកដែលត្រូវការវិលត្រឡប់មកការិយាល័យវិញនឹងចាប់ផ្តើមធ្វើចាប់ពីខែកក្កដា ដោយមានវិធានការសុវត្ថិភាពបន្ថែម។
លោក Pichai បានបន្ថែមថា ប៉ុន្តែនិយោជិកភាគច្រើនដែលអាចបំពេញការងាររបស់ពួកគេពីផ្ទះនឹងអាចធ្វើបានរហូតដល់ដំណាច់ឆ្នាំនេះ។

ការប្រកាសនេះធ្វើឡើងស្របគ្នានឹងក្រុមហ៊ុន Facebook នៅពេលដែលក្រុមហ៊ុនកាន់តែច្រើនចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្រ្តការត្រឡប់ធ្វើការងារវិញ។
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Facebook បាននិយាយថា “ក្រុមហ៊ុន Facebook បានបោះជំហានបន្ទាប់ក្នុងការវិលត្រឡប់ទៅរកទស្សនវិជ្ជាការងារវិញ។ ដូចដែលអ្នកអាចស្រមៃថា នេះគឺជាស្ថានភាពដែលកំពុងវិវឌ្ឍន៍ នៅពេលដែលនិយោជិក និងក្រុមគ្រួសាររបស់ពួកគេធ្វើការសម្រេចចិត្តសំខាន់ៗ: ត្រឡប់ទៅធ្វើការវិញ”។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា ក្រុមហ៊ុន Facebook នៅតែកំណត់ថា តើនិយោជិកណាដែលនឹងត្រូវស្នើសុំត្រឡប់ចូលធ្វើការនៅការិយាល័យវិញ។
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេ ដែលបានស្នើសុំឱ្យបុគ្គលិករបស់ខ្លួនចាប់ផ្តើមធ្វើការពីចម្ងាយ។ ក្រុមហ៊ុន Facebook បានផ្តល់ប្រាក់រង្វាន់ដល់និយោជិកចំនួន ១.០០០ ដុល្លារ (៨០៧ ដុល្លារ) សម្រាប់ថ្លៃឈ្នួលការងារពីផ្ទះ និងថែទាំកុមារ។

និន្នាការសម្រាប់ធ្វើការពីផ្ទះអាចសមនឹងក្រុមហ៊ុនមួយចំនួន ខណៈពេលដែលពួកគេរៀបចំការិយាល័យឡើងវិញដើម្បីបំពេញតាមគោលការណ៍ណែនាំថ្មីនៃគម្លាតសង្គម៕