ដោយ វុត្ថា
ភ្នំពេញៈ តំបន់នៅស្រុកមុខកំពូលនៃខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ នឹងទាក់ទាញការវិនិយោគលើលំនៅឋាន បែបទំនើបនាពេលខាងមុខនេះ ខណៈតំបន់នេះ គឺជាតំបន់ថ្មីដែលមានសក្តានុពលខ្ពស់ ចំពោះការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជាបានឱ្យដឹងនៅថ្ងៃ២១ ខែសីហានេះថា នៅតាមបណ្តាជាយក្រុងរាជធានីភ្នំពេញ ជាពិសេសនៅចន្លោះផ្លូវជាតិលេខ៥ និងលេខ៦A បាននឹងកំពុងទាក់ទាញ ការវិនិយោគលើនៅឋានកម្រិតខ្ពស់ ។
លោកបន្តថា “ក្រៅពីគម្រោងវិនិយោគរបស់រដ្ឋាភិបាល ក៏មានគម្រោងរបស់វិស័យឯកជនធំៗកំពុងវិនិយោគនៅតំបន់នោះ ដែលវានឹងជះឥទ្ធិពលដល់ស្រុកមុខកំពូល និងធ្វើឱ្យតំបន់នេះ កាន់តែមានការទាក់ទាញ និងសក្តានុពលខ្ពស់លើវិស័យអចលនទ្រព្យ ជាពិសេសវិស័យលំនៅឋាន” ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ធ្លាប់បានបានទទួលស្គាល់ដែរថា ការអភិវឌ្ឍ ទៅលើវិស័យលំនៅឋាននៅទូទាំងខេត្តកណ្តាល ពិតជាមានភាពរីកចម្រើនខ្លាំង និងកើតមានស្ទើរទូទាំងស្រុកនានា ជាពិសេសនៅតាមតំបន់ដែលព័ទ្ធជុំវិញ រាជធានីភ្នំពេញ។
លោកថ្លែងថា “ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់” ។ លោកបន្តថា “វិស័យលំនៅដ្ឋានកម្រិតមធ្យម និងសមរម្យបានដើរតួឈានមុខគេ ស្របពេលដែលកំណើន នៃចំនួនប្រជាជនបានកើនឡើងរហូតដល់ជាង១លាននាក់” ។
ស្រុកមុខកំពូលនៅក្នុងចំណោមស្រុកចំនួន៤ ត្រូវបានជ្រើសរើស និងកំណត់ជាប៉ូលសេដ្ឋកិច្ចប្រចាំខេត្តកណ្តាល ដោយបានគាំទ្រដោយរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលអាចជួយជំរុញ និងលើកកម្ពស់ដល់ទីផ្សារកសិករ ពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅទូទាំងខេត្តកណ្តាល។
ស្រុកមុខកំពូល ស្ថិតនៅភាគខាងជើងនៃខេត្តកណ្តាល មានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ស្រុកពញាឮ ខាងកើតជាប់ស្រុកខ្សាច់កណ្តាល ខាងជើងជាប់ស្រុកបាធាយ និងស្រុកកងមាសនៃខេត្តកំពង់ចាម និងខាងត្បូងជាប់ខណ្ឌឬស្សីកែវនៃរាជធានីភ្នំពេញ៕