កម្ពុជា​នឹង​នាំចេញ​ផលិតផល​ស្រស់​ចំនួន១៦មុខ​ទៅកាន់​ទីផ្សារ​កូរ៉េ​នៅ​ចុងខែមិថុនា​ខាងមុខនេះ

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Hyundai Agro ដែល​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា នឹង​នាំចេញ​បន្លែស្រស់ និង​គ្រឿងផ្សំស្រស់ៗ​ផ្សេង​ទៀត​​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​កូរ៉េ​នៅ​ចុងខែ​មិថុនា​ឆ្នាំនេះ។

លោក​ Chang Hoon Lee ប្រធាន​ក្រុមហ៊ុន បាន​និយាយ​សេចក្តីប្រកាស​ព័ត៌មាន​ចុង​សប្តាហ៍​នេះ​ថា អាហារ​ស្រស់​ប្រហែល ១៦ប្រភេទ នឹងត្រូវ​ប្រមូល និង​វេច​ខ្ចប់ បន្ទាប់មក​នាំចេញ​ទៅ​ប្រទេស​កូរ៉េខាងត្បូង។ ផលិតផលស្រស់ៗរួមមាន​ស្លឹកគ្រៃ ស្លឹកចេក ត្រយូងចេក ស្លឹក​ក្រូចសើច ត្រកួន និង​ជាច្រើន​មុខ​ទៀត។

លោក​បាន​ថ្លែងថា “យើង​បាន​បញ្ជូន​ស្លឹកគ្រៃ សម្រាប់​អ្នក​នាំចូល​ពិនិត្យ ហើយ​ពួកគេ​បានសំរេច​ចិត្ត​ទទួលយក​វា។ ឥឡូវនេះ​យើង​កំពុង​រៀបចំ​ជួប​កសិករ ដើម្បី​ផ្គត់ផ្គង់​ស្លឹកគ្រៃ ហើយ​បុគ្គលិក​របស់ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅគ្រប់​ខេត្ត ដើម្បី​ស្វែងរក​ផលិតផល​ដែលមាន​គុណភាព​ល្អជា​មួយ​នឹង​ជាតិគីមី​តិចជាង​មុន” ។

លោក​បាន​បន្តថា យើង​ត្រូវការ​កសិករ​ដែល​ស្មោះត្រង់ និង​សម​ហេតុផល ហើយ​យើង​នឹង​ផ្គត់ផ្គង់​ជី និង​ថ្នាំ​សំលាប់​សត្វល្អិត​ផ្ទាល់ខ្លួនរ​សប់​យើង ដើម្បី​ធ្វើឱ្យមាន​សុវត្ថិភាព​ក្នុងការ​បរិភោគ។ រហូតមកដល់​ពេលនេះ យើង​បាន​រកឃើញ​កសិករ៥នាក់ ដើម្បី​ដាំ​ដំណាំ​នេះ ហើយ​ពួកគេ​ទាំងអស់​ពិតជា​ចង់​សហការ​ជាមួយ​យើង។

លោក Chang Hoon Lee បាន​បន្តថា “យើង​ត្រូវការ​ប្រហែល​ពី៥០ ទៅ១០០ តោន​ក្នុង​មួយឆ្នាំ នៃ​ដំណាំនីមួយៗរបស់​ស្លឹកចេក ត្រយូងចេក ស្លឹក​ក្រូចសើច និង​សឹ្ល​ក​គ្រៃ ។ ល។ ទោះយ៉ាងណា យើង​នឹង​ចាប់ផ្តើម​បើក​ម្តងមួយៗមួយ​ជំហានម្តង។ យើង​កំពុង​រៀបចំ​ប្រអប់​ក្រ ដាស​បិទ​ផ្លាក​យីហោ និង​ឯកសារ​ពាក់ព័ន្ធ​រួចហើយ” ។

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង២លាន​តោន និង១លាន​តោន​ក្រៅផ្លូវការ​បន្ថែមទៀត ក្នុង​រយៈពេល៤ ខែ​ដើម​ឆ្នាំនេះ៕

ប្រទេស​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​ឡើងវិញ​ក្នុង​កំឡុង​ពាក់កណ្តាលខែឧសភា​នេះ

ដោយ ហ្សូ​លី       

បាងកកៈ ផ្សារ​ទំនើប​លក់ទំនិញ មជ្ឈមណ្ឌល​ហាត់ប្រាណ និង​សួន​កម្សាន្ត ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​កន្លែង​ដែលមាន​ដង់ស៊ីតេ​ខ្ពស់ ក្នុង​ការឆ្លង​រីក​រាលដាល​មេរោគ​ Covid-19 ត្រូវបាន​គេ​រំពឹងថា​នឹង​បើក​ដំណើរការ​ម្តងទៀត ប្រសិនបើ​ចំនួន​នៃ​ការឆ្លង​ថ្មី Covid-19 នៅតែ​បន្ត​ធ្លាក់ចុះ​មួយ​សប្តាហ៍​ទៀត។

មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់ ផ្នែក​សុខភាព​សាធារណៈ បានរៀបចំ​ការប្រជុំ​ជាមួយ​តំណាង នៃ​ក្រុម​អាជីវកម្ម​ចំនួន៨នៅក្នុង​ប​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​ការត្រៀម​សំរាប់​ដំណាក់កាល​បន្ទាប់ នៃ​ការបន្ធូរបន្ថយ​ការឆ្លង​វីរុស និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​ភ្នាក់ងារ​ពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និង​កីឡា ក្រសួងសុខាភិបាល សាលាក្រុង និង​អង្គភាព​រដ្ឋបាល​មូលដ្ឋាន​ផងដែរ។

ជា​លទ្ធផល រដ្ឋាភិបាល​ថៃ គ្រោង​អនុញ្ញាត​ឲ្យ​មាន​ការបើក​ផ្សារ​ទំនើប ភោជនីយដ្ឋា​ន និង​ហាង​អាហារ ការបើក​អាជីវកម្ម​សុខភាព រួមទាំង​ស្ប៉ា និង​ហាង​ម៉ាស្សា ហាង​ថែរក្សា​សម្ផស្ស កន្លែង​ប្រជុំ​សន្និបាត សិក្ខា​សាល សួន​កម្សាន្ត និង​ឧទ្យាន​ទឹក។

ប្រមុខ​រដ្ឋាភិបាល​ថៃ​លោក​ប្រា​យុ​ទ្ឋ ចាន់​អូ​ចា​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០នេះ អាជីវកម្ម និង​ជំនួញ​នឹង​បន្ត​ដំណើរការ​សារជាថ្មី ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍ និង​ផ្តល់ឱកាស​ដល់​ពលរដ្ឋ​មានការ​ងារ​ធ្វើ​វិញ។ យ៉ាងណាក៏ដោយ ការទប់ស្កាត់​និង​ថែរក្សា​អនាម័យ នៅតែមាន​ជានិច្ច៕ Bangkok Post

វិស័យ​បដិសណ្ឋារកិច្ច​អន្តរជាតិ​នៅក្នុង​ប្រទេស​ចិន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ

ដោយ ​វុត្ថា

ប៉េកាំងៈ វិស័យ​ប​ដិ​ស​ណ្ឋ​កិច្ច ដែល​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​នៅក្នុង​ប្រទេស​ចិន ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ជាបណ្តើរៗ បន្ទាប់​ប្រទេស​ចិន​បាន​គ្រប់គ្រង និង​ការពារ​នៃ​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ១៩ បាន​យ៉ាង​ល្អប្រសើរ​នាពេល​កន្លងមក​នេះ។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ Xinhua កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ សណ្ឋាគារ​របស់​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ Hilton ចំនួន២៥០ទីតាំង នៅក្នុង​ប្រទេស​ចិន បាន​បើក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ ហើយ។

លោក​ Chris Nassetta ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Hilton បាន​ថ្លែងថា“ការបើក​សណ្ឋាគារ​ទាំង​អស់​របស់​យើង នៅក្នុង​ប្រទេស​ចិន គឺជា​ជំ​ហ៊ាន​ដំបូង​នៃ​ដំណើរការ​នៃ​ការ​ស្តារឡើងវិញ​នៃ​ពិភពលោក” ។  លោក​បាន​បន្ថែមថា “យើង​មាន​ទំនុកចិត្ត​ថា​នឹងមាន​ថ្ងៃ​ភ្លឺ​ជាងនេះទៀត” ។

Xinhau បាន​បន្តថា  ៩៨ភាគរយ​នៃ​សណ្ឋាគារ​ជាង៤៧០ របស់​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច InterContinental Hotels Group PLC (IHG)នៅ​ប្រទេស​ចិន​បាន​ដំណើរការ​តាំងពី​ថ្ងៃទី ៥ ខែឧសភា កន្លងមកនេះ បើទោះបី​សណ្ឋាគារ​ទាំងនោះ ត្រូវបាន​បិទ​ជាប ណ្តោះ​អាសន្ន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ១៩ ។

លោក ​Jolyon Bulley  នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន InterContinental Hotels Group PLC (IHG) បានឱ្យដឹងថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​លំដាប់​ទី២ និង​ជា​ប្រទេស​ដែល​រីកចម្រើន​លឿន​បំផុត។

លោក​ថ្លែងថា “យើង​មាន​ទំនុកចិត្ត ចំពោះ​ទស្សនវិស័យ​រយៈពេល​វែង នៃ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​នៅក្នុង​ប្រទេស​ចិន” ។

លោក Bulley បញ្ជាក់ថា ការអភិវឌ្ឍ​នគរូបនីយកម្ម  ប្រាក់ចំណូល​របស់​ប្រជាជនមាន​ការកើនឡើង និង​ការកែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និង​កត្តាផ្សេងៗទៀត​នឹង​ជំរុញ​កំណើន​នៃ​តម្រូវការ​ទីផ្សារ​សណ្ឋាគារ​របស់​ប្រទេស​ចិន៕

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន៧នៅ​កម្ពុជា​នៅតែ​បន្ត​ដំណើរការ​សេវាកម្មហោះហើរ​ធម្មតា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​មានការ​គំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 មកទល់នឹង​ពេលនេះ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​នៅ​កម្ពុជា​ចំនួន៧ នៅតែ​បន្ត​ដំណើរការ​របស់ខ្លួន​ដដែល ខណៈពេលដែល​ចំនួន​នៃ​អ្នកធ្វើដំណើរ​តាម​យន្តហោះ បាន​ធ្លាក់ ចុះ​យ៉ាងគំហុក​រហូតដល់​ជាង ៩០ភាគរយ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង ទៅនេះ​ថា ចាប់តាំងពី​ខែមករា រហូតដល់​ខែមេសា ឆ្នាំ២០២០ ស្ថានភាព​នៃ​ការធ្វើដំណើរ​ចេញចូល​របស់​អ្នកដំណើរ តាម​ជើងហោះហើរ​នានា ជាពិសេស​ជនបរទេស គឺមាន​ការធ្លាក់ចុះ​យ៉ាងគំហុក រហូតដល់​ជាង៩០ភាគរយ ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ និង​បាត់បង់​ចំណូល​យ៉ាងច្រើន។

លោក​បាន​បញ្ជាក់ថា “មិន​ថា​ចំពោះ​ការធ្វើដំណើរ ពី​បណ្តា​ប្រទេស​នានា​មកកាន់​កម្ពុជា ឬ​ការធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា ឆ្ពោះ​ប្រទេស​ដទៃទៀត​នោះទេ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បាន​ជះ​ឥទ្ធិ​ល​ទៅដល់​ចំណូល​ថវិកាជាតិ​ផងដែរ។

ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម និង​មាន​ភាពស្ងប់ស្ងាត់​ទៅលើ​ការធ្វើដំណើរ​តាម​ការហោះហើរ​នេះ នៅ​ដើមខែ​ឧសភា ឆ្នាំ២០២០ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ចំនួន៧ នៅតែ​បន្ត​ដំណើរការ​ប្រ​ត្តិ​ប​ត្តិ​ការ​របស់ខ្លួន​ដដែល ហើយ​ភាគច្រើន​គឺ​ដឹកជញ្ជូន​ទំនិញ ជំនួស​ការដឹក​អ្នកដំណើរ​ច្រើនជាង។

លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​បញ្ជាក់ថា ទោះ​ជាមាន​ភាពស្ងប់ស្ងាត់ ក្រោម​ហេតុផល​នៃ​ការភ័យខ្លាច របស់​អ្នកដំណើរ​ចំពោះ​​ជំងឺ Covid-19 ប៉ុន្តែ​ពេលនេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន៧ បាននិងកំពុង​បន្ត​ដំណើរការ​របស់ខ្លួន ដែល​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Air China ដែល​ដឹក​អ្នកដំណើរ និង​ទំនិញ​ចេញ-ចូល​មកពី​ប្រទេស​ចិន ក្រុមហ៊ុន Asian Airline មកពី​ប្រទេស​កូរ៉េ ក្រុមហ៊ុន All Nippon Airways មកពី​ប្រទេស​ជប៉ុន ក្រុមហ៊ុន Cambodian Airways និង Cambodia Angkor Air ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ក្រុមហ៊ុន Cathay Airways  និង Cathay Pacific មកពី​ហុងកុង ដែល​បម្រើ​លើ​ការដឹកជញ្ជូន​ទំនិញ ជាពិសេស​សម្ភារៈប្រើប្រាស់​លើ​ផ្នែក​វេជ្ជសាស្ត្រ។

លោក​បានលើកឡើង​ផងដែរ​ថា នៅក្នុង​ចំណោម​អាកាសយានដ្ឋាន​ទាំង៣នៅ​កម្ពុជា អាកាសយានដ្ឋាន​ភ្នំពេញ-អន្តរជាតិ មាន​ភាព​សកម្ម​ជាងគេ ប៉ុន្តែ​នៅ​អាកាសយានដ្ឋាន​សៀមរាប គឺមាន​តែ អាកាសចរណ៍ Cambodia Angkor Air តែប៉ុណ្ណោះ ដែល​ធ្វើការ​ហោះហើរ​ម្ដងម្កាល ហើយ​នៅ​អាកាសយានដ្ឋាន​កងកេង ក្រុងព្រះសីហនុ គឺមាន​ក្រុមហ៊ុន​ហ៊ុន​ហោះហើរ​ក្នុងស្រុក​ចំនួន៤ ដែលមាន​សកម្មភាព​ម្ដងម្កាល​ផងដែរ។

រហូតមកដល់​បច្ចុប្បន្ន​នេះ មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុងស្រុក​ណាមួយ​របស់​កម្ពុជា ប្រកាស​ក្ស័យធន​ដោយសារ Covid-19 ឡើយ ខណៈ​យោងតាម​ស្ថិតិ​បានឱ្យដឹងថា បន្ទាប់ពី​កើតមាន​ជំងឺ Covid-19 នេះ ក្នុង​ខែមករា​ឆ្នាំ២០២០ ភ្ញៀវ​មានការ​ថយចុះ​ជា​មធ្យម​ប្រមាណ២០ភាគរយ។

កាលពី​ខែកុម្ភៈ អ្នកដំនើរ​តាមផ្លូវ​អាកា​សបាន​ថយចុះ​ប្រមាណ៥០ភាគរយ នៅក្នុង​ខែមីនា​ថយចុះ​ជាង៧០ភាគរយ ហើយ​ចំពោះ​ខែមេសា​នេះ បាន​ថយចុះ​រហូតដល់​ជាង៩០ភាគរយ៕

ចំណេះដឹង! តើ​អាករ​លើ​ការ​ស្នាក់នៅ​ត្រូវបាន​កំណត់​អត្រា​ប៉ុន្មាន​ភាគរយ?

ដោយ ​វុត្ថា

ភ្នំពេញៈ អារ​ករ​ស្នាក់នៅ (Accommodation Tax) គឺ​ត្រូវ​បានកំណត់ និង​ប្រមូល​លើ​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ ដែល​ជាប់ពន្ធ​ក្នុង​របប​ស្វ័យ​ប្រកាស សម្រាប់​គុណប្រយោជន៍​ថវិកា​ថ្នាក់ក្រោម​ជាតិ វៀរលែងតែ​សកម្មភាព ដូចជា៖ការប្រជុំ​ឬ​សិក្ខាសាលា។

យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា​បាន​បង្ហាញថា អាករ​លើ​ការ​ស្នាក់​ត្រូវបាន​កំណត់​តាម​អត្រា២% លើ​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នក​ជាប់ពន្ធ ដែល​ធ្វើការ​ផ្គត់ផ្គង់​សេវា​ស្នាក់នៅ ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​បង់ប្រាក់​អាករ​នេះ ជូន​រដ្ឋបាល​សារពើពន្ធ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី២០ នៃ​ខែ​បន្ទាប់ពី​ខែ​ដែលមាន​ការផ្គត់ផ្គង់។

សម្រាប់​មូលដ្ឋាន​គិត​ជា​អាករ គឺជា​ថ្លៃ​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ ដោយ​រួមបញ្ចូល​ទាំង​ពន្ធ-អាករ និង​បន្ទុក​សេវាផ្សេងៗ (service charge) ប៉ុន្តែ​ត្រូវ​លើកលែង​អាករ​លើ​តម្លៃបន្ថែម និង​អាគារ​ស្នាក់នៅ​ខ្លួនឯង៕

តើស្ថានភាពសេដ្ឋកិច្ចចិនបច្ចុប្បន្នមានសភាពយ៉ាងណាដែរ ក្រោយពីក្តោបក្តាប់ Covid-19 បាន?

ដោយ ហ្សូលី

ប៉េកាំង៖ មួយរយៈនេះ ប្រទេសចិនហាក់បីដូចជាគ្រប់គ្រងការរាតត្បាតជំងឺ Covid-19 នៅក្នុងដៃបាន ហើយសេដ្ឋកិច្ចប្រទេសនេះទៀតសោត ចាប់ផ្តើមវិលត្រឡប់មកស្ថានភាពធម្មតាឡើងវិញ។ អ្នកវិភាគសេដ្ឋកិច្ចហ៊ានអះអាងបែបនេះ ដោយសារការសង្កេតឃើញថា នៅប្រទេសចិនចាប់ផ្តើមសភាពអ៊ូអរ មន្ទីរពេទ្យមានអ្នកជំងឺតិចបំផុត ក៏ដូចជាតួលេខឬទិន្នន័យសេដ្ឋកិច្ច។

ក្នុងចំនោមផ្នែកជាច្រើននៅក្នុងសេដ្ឋកិច្ច ការបញ្ជាទិញក្នុងស្រុក ជាពិសេសការទិញទំនិញតាមរយៈប្រព័ន្ធអនឡាញបានជាសះស្បើយក្នុងល្បឿនលឿនបំផុត។ អំឡុងពិធីបុណ្យឈប់សម្រាក May Day ក្នុងខែឧសភានេះ ទិន្នន័យបង្ហាញថា ការទិញទំនិញអនឡាញតាមរយៈអ្នកលក់រាយមានការកើនឡើងលើស ៣០ ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន។ យោងតាមតួលេខដែលផ្សព្វផ្សាយដោយ State Post Bareau Show បានឱ្យដឹងថា ត្រឹមរយៈពេល ៥ថ្ងៃ ការកម្មង់ទំនិញមានដល់ទៅជាង ១០០០លានកញ្ចប់។

ក្រឡេកទៅមើលនៅតាមបណ្តារសណ្ឋាគារ និងភោជនីយដ្ឋានវិញ ទិន្នន័យដដែលបង្ហាញថា វិស័យទាំងនេះបានដំណើរការអាជីវកម្មប្រមាណជា ៧០ភាគរយ បន្ទាប់ពីធ្វើការបិទទ្វារតាំងពីឆ្នាំ ២០១៩។ សូម្បីតែវិស័យទេសចរណ៍ ដែលរងឥទ្ធិពលខ្លាំងបំផុតក៏ចាប់មានភាពប្រសើរឡើងវិញ ជាក់ស្តែងដូចជានៅទីក្រុងសៀងហៃ សួនកម្សាន្ត DisneyLand នឹងប្រតិបត្តិការការងារនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

របាយការណ៍បានពីរដ្ឋបាលខេត្តហ៊ូណានបញ្ជាក់ថា ការឈប់សម្រាក May day នេះ ទីក្រុងបានស្វាគមន៍ភ្ញៀវទេសខរណ៍ប្រហែលជិត ៤លាននាក់។ រីឯខេត្ត យុនណានវិញ មានភ្ញៀវទៅកម្សាន្តដល់ទៅជិត ១០លាននាក់។ តួលេខនេះគឺជាភស្តុតាងបញ្ជាក់ថា ប្រទេសចិនមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចឡើងវិញហើយ។

តម្រូវការអគ្គិសនីមានការកើនឡើង ០.៣ ភាគរយ បើធៀបនឹងឆ្នាំមុន គ្រាន់តែខេត្តជាំងស៊ូមួយ តម្រូវការអគ្កិសនីហក់ឡើងដល់ ៤៧.៧ ពាន់លានគីឡូវ៉ាត់ ក្នុងមួយម៉ោង។

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ចិនកាលពីខែមេសា ទាំងការនាំចូល និងនាំចេញ បានឈានទៅដល់ ២.៥ទ្រីលានយ័ន។ ថ្វីត្បិតតែតួលេខនេះតិចជាងឆ្នាំ ២០១៩ក៏ពិតមែន ប៉ុន្តែវាបង្ហាញថា ចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទ្រទ្រង់សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនអំឡុងពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសកលលោកនេះ។

ជាការពិតណាស់ សេដ្ឋកិច្ចចិនបានងើបឡើងវិញពិតប្រាកដ ប៉ុន្តែមិនអាចដើរទៅមុខម្នាក់ឯងឡើយ លុះត្រាតែពិភពលោកធូរស្បើយនឹងឧបសគ្គជំងឺឆ្លងនេះសិន ទើបអាចនិយាយបានថា សេដ្ឋកិច្ចប្រទេសមួយមានស្ថានភាពប្រសើរឡើង៕ CGTN

ក្រុមហ៊ុន Apple នឹងបើកហាងមួយចំនួនរបស់ខ្លួនឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយៈពេលជិត២ខែ

ដោយ ៖ ប៊ី

អន្តរជាតិ ៖ ក្រុមហ៊ុន Apple កំពុងត្រៀមបើកហាងរបស់ខ្លួននៅអាមេរិកបម្រើដល់អតិថិជនម្តងទៀត បន្ទាប់ពីបិទទ្វារជិត២ខែ បណ្តាលមកពីការរាតត្បាត ជំងឺ COVID-19 ។

ក្រុមហ៊ុន បានឱ្យដឹងកាលពីថ្ងៃសុក្រ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះថា ខ្លួននឹងបើកហាងលក់រាយមួយចំនួនឡើងវិញនៅសប្តាហ៍ក្រោយនៅទូទាំងរដ្ឋចំនួន ៤ រួមមាន រដ្ឋអាយដាហូ រដ្ឋខារ៉ូលាយណា ខាងត្បូងរដ្ឋអាឡាបាម៉ា និងអាឡាស្កា។ ក្រុមហ៊ុន Apple (AAPL) មិនបានបង្ហាញពីចំនួនហាងដែលនឹងបើកឡើងវិញនោះទេ ប៉ុន្តែវាមានហាងសរុបចំនួន ៦ នៅទូទាំងរដ្ឋទាំង ៤នេះ។ ហាងដំបូងដែលត្រូវបើកដំណើរការវិញនឹងស្ថិតនៅក្នុងតំបន់ Boise រដ្ឋអាយដាហូ នៅថ្ងៃច័ន្ទខាងមុខនេះ។

អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្តល់ដល់ទូរទស្សន៍ CNBC ថា “យើងខកខានចំពោះអតិថិជនរបស់យើង ដែលទន្ទឹងរងចាំ និងផ្តល់ការគាំទ្រ”។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូងដោយស្ថានីយទូរទស្សន៍ CNBC ។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា ក្រុមហ៊ុន Apple នឹងផ្តោតជាចម្បងទៅលើសេវា Genius Bar របស់ខ្លួន ដែលផ្តល់សេវាកម្មដោយផ្ទាល់ និងផ្នែកបច្ចេកវិទ្យា នៅពេលមនុស្សកាន់តែច្រើនប្រើប្រាស់ផលិតផលរបស់ខ្លួនដើម្បីរក្សាទំនាក់ទំនងនៅពេលធ្វើការពីផ្ទះ។

ហាងនឹងដាក់ចេញនូវវិធានការណ៍សុវត្ថិភាពបន្ថែម ដូចជាការត្រួតពិនិត្យសីតុណ្ហភាព និងការបិទបាំងមុខសម្រាប់បុគ្គលិក និងអតិថិជនដោយក្រុមហ៊ុន ផ្តល់នូវម៉ាស ដល់អតិថិជនណាដែលមិនមានម៉ាស។ ក្រុមហ៊ុនក៏នឹងអនុវត្តគោលការណ៍គម្លាតសង្គម។

អ្នកនាំពាក្យរូបនោះបាននិយាយថា “យើងណែនាំឱ្យអតិថិជនទិញតាមអ៊ិនធ័រណេត ដែលអាចធ្វើទៅបានសម្រាប់ការដឹកជញ្ជូនដោយគ្មានការទាក់ទង ឬយកតាមហាង”។

ក្រុមហ៊ុន Apple បានបិទហាងទាំងអស់របស់ខ្លួននៅខាងក្រៅប្រទេសចិនកាលពីដើមខែមីនា ខណៈពេលដែលហាងរបស់ខ្លួននៅតាមប្រទេសនានាក្នុងតំបន់អាស៊ីត្រូវបានបិទកាលពីខែកុម្ភៈ ដោយសារតែការផ្ទុះដំបូងនៃជំងឺ COVID-19 នៅវូហាន។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានបើកហាងមួយឡើងវិញនៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ក៏ដូចជាហាងទាំងអស់នៅអូស្ត្រាលី និងអូទ្រីស។ ហាង Apple ទាំងអស់នៅប្រទេសអាល្លឺម៉ង់ក៏នឹងបើកដំណើរការវិញដែរនៅថ្ងៃច័ន្ទ។

ក្រុមហ៊ុននេះមានហាងចំនួន ៥១០ កន្លែងនៅទូទាំងពិភពលោក ដែលក្នុងនោះមានហាងចំនួន ២៧១ នៅសហរដ្ឋអាមេរិក៕

ក្រុមហ៊ុន HYUNDAI កំពុងសិក្សាបច្ចេកទេសដំណាំស្វាយនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារកូរ៉េ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំណាងក្រុមហ៊ុនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង HYUNDAI បានដឹកនាំគណៈប្រតិភូចុះធ្វើទស្សនកិច្ច និងផ្លាស់ប្ដូរយោបល់សិក្សាទៅលើបច្ចេកទេស និងរកមធ្យោបាយក្នុងការកែច្នៃ និងបង្កើនសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែស្វាយកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េឱ្យកាន់តែច្រើនបន្ថែមទៀតស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា កាលពីសុក្រទី៨ ខែឧសភា ឆ្នាំ២០២០ ក្រុមគណៈប្រតិភូកម្ពុជា រួមជាមួយនឹងគណៈប្រតិភូតំណាងក្រុមហ៊ុន HYUNDAI បានចុះពិនិត្យ និងធ្វើទស្សនកិច្ចលើសង្វាក់ផលិតកម្មក្នុងការរៀបចំ និងវេចខ្ចប់ផ្លែស្វាយកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា “ខ្ញុំផ្ទាល់បានដឹកនាំគណប្រតិភូកម្ពុជាយើង និងលោក LEE CHANGHOON តំណាងក្រុមហ៊ុន HYUNDAIដឹកនាំគណៈប្រតិភូកូរ៉េ ដេីម្បីផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាដំបូងចូលមេីលខ្សែសង្វាក់ផលិតកម្មលាងសំអាតវេចខ្ចប់ផ្លែស្វាយ របស់ក្រុមហ៊ុន HYUNDAI សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាពិសេសប្រទេសកូរ៉េខាងត្បូង”។

លោកឧកញ៉ាបានបន្តទៀតថា “បន្ទាប់មកគណប្រតិភូបាននាំគ្នាចុះទៅពិនិត្យមេីលផ្នែកខ្លះនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះព្រះសីហនុ។ ក្រោយពីបានបំពេញទស្សនកិច្ចសិក្សារួចហេីយភាគីទាំងពីរ និងបន្តកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត ដេីម្បីរិះរកមធ្យោបាយនាំចេញកសិផលរបស់ព្រះរាជាណាចក្រកម្ពុជាយើងទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រេីន” ។

ក្រុមហ៊ុន Hyundai Corporation គឺជាក្រុមហ៊ុនពហុផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង បានសហការជាក្រុមហ៊ុនដាំស្វាយនៅក្នុងស្រុកដ៏ធំ Mao Legacy Co Ltd ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៦ ដើម្បីបង្កើនសក្តានុពលផលិត និងកែច្នៃរួមគ្នាលើផ្ទៃដីចម្ការស្វាយប្រហែល ២៤០០ ហិកតានៅខេត្តកំពង់ស្ពឺ។ តាមរយៈក្រុមហ៊ុនដ៏ធំហ៊ីយុនដាយ កម្ពុជាបានធ្វើការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំ ២០២០ បន្ទាប់ពីអាជ្ញាធរកូរ៉េទទួលស្គាល់គុណភាពស្តង់ដាអនាម័យ។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ត្រឹមរយៈពេល២ខែកាលពីដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយស្រស់ចំនួន ១៦ ៨៦៨ តោនទៅកាន់ទីផ្សារអន្តរជាតិ រួមមានប្រទេសថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និងហុងកុង៕

រដ្ឋាភិបាលសាងសង់មជ្ឈមណ្ឌលសហគ្រិនភាពលើកដំបូងនៅកម្ពុជា ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អាគារមជ្ឈមណ្ឌលនវានុវត្តន៍ និងសហគ្រិនភាពផ្នែកឌីជីថល ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) កម្ពស់ ៤ ជាន់ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២០ខាងមុនេះ ។

នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈដែលលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ NIPTICT ចុះពិនិត្យការសាងសង់អាគារ ។

លោក កាន ច័ន្ទមេត្តា បានថ្លែងថា បេសកកម្មរបស់អាគារមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល គឺលើកកម្ពស់ការចាប់ផ្ដើមជំនួញថ្មី និងសហគ្រិនភាពផ្នែកឌីជីថល និង ភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ សហគ្រាស និងរដ្ឋាភិបាល។

អាគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ត្រូវបានបើកការដ្ឋាសាងសង់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ ដោយប្រើប្រាស់មូលនិធិនៃប្រតិបត្តិករទូរគមនាគមន៍បង់វិភាគទានចំនួន១ ភាគរយនៃចំណូលដុល ដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ទ-ប.គ.ព របស់កម្ពុជា។

អាគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ៤ជាន់ និងទំហំអាគារសរុប ៣៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)។

អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នឹងត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និងប្រែក្លាយសមិទ្ធផលដែលកើតចេញពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត (AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ិនធឺណិតនៃវត្ថុ (IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech) ។ល។ ៕

រដ្ឋមន្ត្រីការបរទេសចិន៖ មិត្តភាពចិន -កម្ពុជា គឺជាមិត្តភាពដែលមិនអាចបំបែកបាន

ដោយ ៖ វុត្ថា

ប៉េកាំង ៖ លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានអះអាងថា មិត្តភាពចិន – កម្ពុជា គឺជាមិត្តភាពដែលមិនអាចបំបែកបាន និងបានទប់ទល់ទៅនឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិ ហើយវាអាចត្រូវបានគេហៅថាជាគំរូនៃការផ្លាស់ប្តូររវាងប្រទេស និងរដ្ឋ។

ការអះអាងរបស់លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើឡើងកាលពីល្ងាថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅក្នុងព្រះរាជសវនការដ៏វិសេសវិសាលជាមួយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក Wang Yi ថ្លែងថា ព្រះករុណា ព្រះមហាក្សត្រ បានទទួលមរតកជាប្រពៃណីដ៏មានតម្លៃនៃសម្តេចព្រះ នរោត្តម សីហនុ ជាមួយប្រទេសចិន និងបានចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា – ចិន ឲ្យកាន់តែមានភាពល្អប្រសើរ។ ដោយឈរលើមូលដ្ឋាននៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការកសាងសហគមន៍នៃវាសនារួមគ្នា និងឈានទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍រួម និងវិបុលភាពរួមគ្នារវាងចិននិងកម្ពុជា។

លោក Wang Yi បន្ថែមថា ភាគីចិនមានសេចក្តីរីករាយដោយឃើញថាក្រោមម្លប់បារមីរបស់ ព្រះករុណា ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាក៏មានការជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

លោក Wang Yi ជឿជាក់ថាប្រជាជនកម្ពុជានឹងជៀសផុតពីការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះទាំងចិន និងកម្ពុជា នៅតែប្រឈមនឹងហានិភ័យនិងបញ្ហាប្រឈមនៃការងើបឡើងវិញនៃជំងឺនេះ ចំពោះប្រជាជនក្នុងស្រុក និងការនាំចូលពីខាងក្រៅ។ ភាគីទាំងពីរគួរតែពង្រឹងថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រង ហើយស្ដារឡើងវិញនូវជីវិតសេដ្ឋកិច្ច និងសង្គម ក្នុងខណៈពេលដែលប្រកាន់ខ្ជាប់នូវការការពារនិងការត្រួតពិនិត្យ ចំពោះការរីករាលដាលនៃជំងឺ COVID-19 ។

ខណៈពេលដែលព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ព្រះអង្គបានសព្វព្រះរាជហឫទ័យបង្ហូតទង់ព្រះមហាក្សត្រត្រឹមពាក់កណ្តាលដង នៅមុខព្រះរាជដំណាក់ ដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។ ចំណែកឯ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនៃប្រទេសកម្ពុជា ដើម្បីបួងសួងដល់ប្រជាជនចិន។ ដំណើរទស្សនកិច្ចរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទៅកាន់ប្រទេសចិនក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង។ ភាគីចិន និងចងចាំជានិច្ចនូវចំណុចនេះ។

ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានការសួរសុខទុក្ខយ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតី Xi JinPing និងលោកជំទាវ ។ ព្រះអង្គ ស្តេចមានព្រះរាជឱង្ការថា ខ្ញុំនឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាពកម្ពុជា – ចិន ដែលបានកសាងដោយសម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន បន្តមរតក និងអភិវឌ្ឍមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។

ព្រះករុណាមានព្រះរាជបន្ទូលថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា – ចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយមិត្តភាពប្រជាជននឹងបន្តកាន់តែស៊ីជម្រៅថែមទៀតផងដែរ”។
ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលសំខាន់ៗដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី Xi JinPing និងបានវាយតម្លៃខ្ពស់ចំពោះទស្សនវិជ្ជាអភិបាលកិច្ចដែលផ្តោតលើប្រជាជនរបស់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ភាគីកម្ពុជា មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍នៃការការពារការឆ្លងរាលដាលជាមួយប្រទេសចិន និងការពារសុវត្ថិភាពដល់ជីវិតប្រជាជន៕