តើការវិនិយោគដីនៅតំបន់ជាយក្រុង និងតាមខេត្តមួយណាមានផលចំណេញលឿនជាង?

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅពេលនិយាយពីការវិនិយោគក្នុងវិស័យដីធ្លី ភាគច្រើនគេតែផ្តោតសំខា​ន់ទៅតាមតំបន់មួយចំនួនដែលស្ថិតនៅជាយក្រុងដែលមានតម្រូវការខ្ពស់ហើយងាយស្រួលក្នុងការលក់ជាងដីនៅតាមបណ្តាខេត្តប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យមួយនេះបានបញ្ជាក់ថាមិនថាជាយក្រុងឬបណ្តាខេត្តនោះទេឱ្យកាសចំណេញគឺមានដូចគ្នាឱ្យតែជាដីស្របច្បាប់និងតម្លៃថោក។

ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោក ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា ការទិញ–លក់ដីធ្លីចំពោះការវិនិយោគវិនិយោគដីមិនថានៅតំបន់ជាយក្រុងឬនៅតាមខេត្តនោះទេឱកាសនៃការទទួលបានចំណេញគឺមានដូចគ្នាប៉ុន្តែអ្វីដែលសំខាន់មុននឹងសម្រេចចិត្តទិញត្រូវតែពិនិត្យទៅលើឯកសារច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន។

លោកបញ្ជាក់ថា “និយាយពីការវិនិយោគដីធ្លី ដែលងាយស្រួលលក់ ភាគច្រើនគេ ផ្តោតទៅតំបន់ជាយក្រុង ដែលមានគម្រោងអភិវឌ្ឍន៍ និងមានមនុស្សរស់នៅច្រើន ប៉ុន្តែការទទួលបានចំណេញ ហាក់មានកម្រិតទាបជាងបណ្តាខេត្តដែលមានសក្ដានុពល”។ លោកបន្តថា “ដីនៅជាយក្រុងងាយស្រួលលក់ ប៉ុន្តែចំណេញតិច ប៉ុន្តែបើនៅតាមខេត្តដោយសារតែតម្លៃដីនៅទាប គឺអាចមានឱកាសទទួលបានចំណេញច្រើន ប៉ុន្តែខ្ញុំផ្តាំថា មិនថាដីនៅជាយក្រុង ឬនៅខេត្តនោះទេ អ្វីដែលសំខាន់គឺត្រូវពិនិត្យលើឯកសារសម្គាល់កម្មសិទ្ធិឱ្យបានច្បាស់លាស់ជៀសវាងជួបការខាតបង់”។

លើកឡើងស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោកឡុង គឹមសួគ៌ បានមានប្រសាសន៍ថា មានអ្នកទិញដីទុកសម្រាប់វិនិយោគបន្តយកចំណេញ បានជ្រើសទីតាំងផ្សេងៗគ្នាជាមួយនឹងក្ដីរំពឹងថា អាចទទួលបានចំណេញនៅពេលលក់ចេញវិញ។

លោកបន្តថា“ខ្ញុំអាចនិយាយថា មិនថាទោះជាពួកគាត់ទិញទៅទីណានោះទេ អត្រា ដែលទទួលបានចំណេញគឺសុទ្ធតែមាន ឱ្យតែពួកគាត់ទិញដោយការពិចារណា និងវិនិច្ឆ័យបានត្រឹមត្រូវ”។លោកបន្តថា “មានអ្នកខ្លះគាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេ​ចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត”។

លោកបន្តថា ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍៕


ចែករំលែក