ផ្លូវឆ្ពោះទៅសហគមន៍ភ្នំត្បែង ខេត្តព្រះវិហារ ស្ថាបនាបានជាង ៨០ ភាគរយ

ដោយ ហ្សូលី

ព្រះវិហារ៖ គិតមកទល់ពេលនេះ ផ្លូវឆ្ពោះទៅសហគមន៍ភ្នំត្បែង ខេត្តព្រះវិហារ ស្ថាបនាបានប្រមាណជាង ៨០ ភាគ។ នេះបើតាមឱ្យដឹងពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនប្រចាំខេត្តព្រះវិហារបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ការស្ថាបនាផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ ភ្នំត្បែង ស្ថិតក្នុងខេត្តព្រះវិហារនេះ សម្រេចបានប្រមាណ ៨០ ភាគរយហើយ។ ការស្ថាបនាផ្លូវឆ្ពោះទៅត្រង់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ ៦២ រហូតដល់ ភ្នំត្បែងនេះ មានដំណើរការចាក់កៅស៊ូ និងចាក់បេតុង។

លោកបន្តថា ផ្លូវមួយខ្សែនេះមានអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងលើកកម្ពស់វិស័យទេសចរណ៍ជាតិ ព្រោះរមណីយដ្ឋានភ្នំត្បែងមានជ័យ មានទេសភាពស្រស់ត្រកាលនិងជាទីសក្ការៈផងដែរ។

បន្ថែមពីលើនេះ លោកមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ពិតជាជួយបានច្រើនមែនទែន មិនត្រឹមតែជាសោភណ្ឌភាព និងភាពងាយស្រួលតែប៉ុណ្ណោះទេ តែបានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអាចឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។

ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលប្រកបទៅដោយស្តង់ដារ និងគុណភាពនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនបានបន្តកិច្ចខិតខំប្រឹងប្រែងដទៃទៀតដូចជា ការពង្រឹងគុណភាពផ្លូវថ្នល់ ការបំពាក់ស្លាកចរាចរណ៍ ការដាក់ទ្រូងផ្លូវដើម្បីបង្កើនភាពងាយស្រួលក្នុងការការបើកបរនិងឆ្លងកាត់ ព្រមទាំងការតម្លើងភ្លើងបំភ្លឺផ្លូវក្នុងគោលបំណងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសៈកម្ពុជានៅតែបន្តរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅចុងឆ្នាំ២០២០

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអះអាងថា កម្ពុជានៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឬហៅកាត់ថា(ASEM) លើទី១៣ ក្នុងនាមជាម្ចាស់ផ្ទះនៅតែដំណើរការធម្មតា ប្រសិនបើពិភពលោកអាចគ្រប់គ្រងស្ថានការណ៍ជំងឺ Covid-19 បាន។


រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣លោក លុយ ដាវីត បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីថ្ងៃចុងសប្ដាហ៍កន្លងមកថា មកដល់ពេលនេះកិច្ចប្រជុំនានាពាក់ព័ន្ធនឹង (ASEM) នៅតែប្រព្រឹត្តទៅជាធម្មតា ពោលគឺការប្រជុំជាមួយភាគីពាក់ព័ន្ធនានាតាមរយៈ (Video Conference) នៅតែបន្តធ្វើ។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់មានផែនការ ពន្យាពេលកិច្ចប្រជុំកំពូលនេះនៅឡើយ ខណដែលកិច្ចប្រជុំកំពូលមួយនេះ នឹងត្រូវធ្វើឡើងនៅជិតចុងឆ្នាំ២០២០ ដែលនៅសល់រយៈពេលយូរទៀត ទើបឈានមកដល់

លោកបានបន្តទៀតថា កិច្ចប្រជុំអាស៊ីអឺរ៉ុប យើងហ្នឹងធ្វើនៅខែ១១ឯណោះទេ ហើយការរៀបចំ នៅតែប្រព្រឹត្តទៅធម្មតាដដែលហ្នឹង ប៉ុន្ដែយើងអត់ទាន់បានពិភាក្សា ជាមួយនឹងដៃគូប្រទេស ASEM ទាំងអស់អំពីការលើកពេលវេលាហ្នឹងទេ ព្រោះដោយសារពេលវេលាហ្នឹងនៅសល់យូរដែរដល់ខែ១១ណោះ។ បើសិនCovid-19 នៅតែបន្ដរាលដាលដដែលកិច្ចប្រជុំណាក៏ត្រូវលើកដែរ ពេលនេះយើងនៅអត់ទាន់នេះទេ ព្រោះដោយសារនៅសល់ពេលវេលាយូរដែរណាស់។


កម្ពុជាបានរៀបចំនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០កន្លងទៅ ជាមួយបណ្តាប្រទេសសម្របសម្រួល ដែលរួមមានដូចជាប្រទេសសឹង្ហបូរី តំណាងឱ្យអាស៊ាន សហភាពអ៊ឺរ៉ុប (EU) និងប្រទេសក្រូអាត តំណាងឲ្យអ៊ឺរ៉ុប និងមានតំណាងប្រទេសផ្សេងទៀត ផ្លាស់ប្ដូរមតិយោបល់អំពីកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះដំណើរការទៅមុខ។

កាលពីឆ្នាំ២០០៤ កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ហើយត្រូវបានផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម ដែលនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបច្រើនជាង៥៣ប្រទេស៕

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ខាងមុខ

ដោយវុត្ថា

ភ្នំពេញប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) លោកLu Weiបានអះអាងថា  អាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ០២៣ ដោយប្រើពេលវេលាសាងសង់រយៈពេល៣៦ខែ។

ការសាងសង់អាកាសយានដ្ឋានថ្មីនេះ បាននិងកំពុងសាងសង់បន្ទាប់ពីបានចាប់ផ្តើមដំណើរការសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០កន្លង​មកនេះ។

ការអះអាងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) បានធ្វើឡើងនៅនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនាថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០នេះ។

លោកបន្តថា ដំណើរការសាងសង់ក្រុមហ៊ុន បានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន

លោកLu Wei ក៏បានអញ្ជើញលោក នាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅធ្វើទស្សនកិច្ច និងពិនិត្យលើការងារសាងសង់តាមពេលវេលាសមស្របឆាប់ៗខាងមុខ។

លោកនាយឧត្តមសេនីយ៍បណ្ឌិតម៉ៅ ហាវណ្ណាល់បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់។

លោកនាយឧត្តម សេនីយ៍ បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរ ធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈមរកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី២៥ ប្រចាំខែ ដើម្បី ពិនិត្យលើវឌ្ឈនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕

អត្រាគ្មានការងារធ្វើនៅអាមេរិកកើនឡើងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំង ពីវិបត្តិសេដ្ឋកិច្ចសកល

ដោយ ប៊ី

អន្តរជាតិៈ ការប្រកាសបិទប្រទេសរបស់អាមេរិក ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ធ្វើឱ្យអត្រាគ្មានការងារធ្វើ និងបានធ្វើឱ្យប៉ះពាល់ដល់កម្មកររាប់លាននាក់ នៅខែមេសា។


ការិយាល័យស្ថិតិការងាររបស់អាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបាត់បង់ការងារចំនួន២០.៥លាននាក់ នៅក្នុងខែមេសា ដែលជាការធ្លាក់ចុះភ្លាមៗ និងធំបំផុតមិនធ្លាប់មាន ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើម តាមដានទិន្នន័យក្នុងឆ្នាំ១៩៣៩។

ការខាតបង់ទាំងនោះកើតឡើង បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងខែមីនាផងដែរ នៅពេលដែលនិយោជិក បានកាត់បន្ថយការងារចំនួន៨៧០,០០០កន្លែង។ រយៈពេលពីរខែនេះ គឺជាពេលដែលការងារបាត់បង់ធ្ងន់ធ្ងរ។

សម្រាប់ជនជាតិអាមេរិកជាច្រើន ដែលបានបាត់បង់ការងារ និងផ្ទះសម្បែងរបស់ពួកគេក្នុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០។ បញ្ហានាពេលនេះធ្វើឱ្យរបួសចាស់កើតឡើងវិញ។ វាបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យស្ថានភាពស្ទុះងើបឡើងវិញ ពីឧបសគ្គទាំងនោះ។ នៅពេលដែលសេដ្ឋកិច្ចវិលត្រលប់មកវិញ និយោជកអាមេរិក បានបន្ថែមការងារចំនួន២២,៨លានក្នុងរយៈពេល១០ឆ្នាំ ដែលជាជោគជ័យសម្រាប់អ្នកទាំងឡាយណា ដែលបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។


ឥឡូវនេះជំងឺរាតត្បាតឆ្លងរាលដាលនេះ មិនត្រឹមតែជាវិបត្ដិនៃសុខភាពសាធារណៈនោះទេ ប៉ុន្តែវាក៏បានបំផ្លាញ ដល់ការខិតខំបង្កើតការងារជិតមួយទសវត្សរ៍នេះ ត្រឹមតែរយៈពេលពីរខែប៉ុណ្ណោះ។

អត្រាគ្មានការងារធ្វើបានកើនឡើងដល់១៤,៧ភាគរយ នៅក្នុងខែមេសា ដែលជាកម្រិតខ្ពស់បំផុតមួយ។

ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោកKevin Hassett បានប្រាប់សារព័ត៌មាCNN ថា អ្នកគ្មានការងារធ្វើម្នាក់ៗ និងជីវិតរបស់ពួកគេ កំពុងស្ថិតក្នុងភាពច្របូកច្របល់

អ្នកជំនាញប្រាប់ពីមូលហេតុដែលលំនៅដ្ឋាននៅតែមានតម្រូវការច្រើនជាងគេ

ដោយ ហ្សូលី 

ភ្នំពេញ៖ បច្ចុប្បន្នលំនៅដ្ឋានរស់នៅប្រចាំថ្ងៃ មិនថាក្នុងបុរី ឬនៅតាមតំបន់នានានោះទេ សុទ្ធសឹងតែជាតម្រូវការចាំបាច់សម្រាប់អ្នកចង់ជាវអចលនវត្ថុ។ ជាក់ស្តែង មានមូលហេតុជាច្រើនដែលបណ្តាលឱ្យផ្នែកលំនៅដ្ឋានទាក់ទាញជាងអចលនវត្ថុផ្សេងៗ ដូច្នេះអ្នកជំនាញអចលនវទ្រព្យបានពន្យល់និងរៀបរាប់ពីហេតុផលដែលលំនៅដ្ឋាននៅតែមានតម្រូវការច្រើន។

 

លោកស្រី តាំង ហ៊ួរ អ្នកជំនាញអចលនទ្រព្យនិងជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា មូលហេតុដែលលំនៅដ្ឋាននៅតែមានតម្រូវការនោះដោយសារលំនៅដ្ឋានមួយចំនួនមានការលក់ប្រញាប់ដូច្នេះហើយអាចមានឱកាសមានតម្លៃសមរម្យច្រើន ឬអាចក្រោមជាងទីផ្សារក៏មាន។ 

លោកស្រីបន្តថា មួយវិញទៀត វិស័យលំនៅដ្ឋានបច្ចុប្បន្នមានជាប្រភេទលំនៅដ្ឋានសម្រាប់ប្រកបអាជីវកម្មផងដែរ ដែលអនុញ្ញាតឱ្យអ្នកជាវអាចប្រកបអាជីវកម្មបាន ឬបង្កើតមុខរបរបានទៀតផងដោយអាស្រ័យទៅតាមតំបន់ដែរ។  

ចំណុចខ្លាំងរបស់លំនៅដ្ឋានមួយទៀតនោះ គឺលក្ខខណ្ឌបង់ប្រាក់ ព្រោះម្ចាស់លំនៅដ្ឋាន ឬម្ចាស់គម្រោងអភិវឌ្ឍលំនៅដ្ឋានមួួយចំនួនផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដូចជា ការបង់រំលស់ សម្រួលរយៈពេលបង់ឱ្យមានរយៈពេលវែង និងមានការយោគយល់ដល់អតិថិជនដោយបត់បែនទៅតាមស្ថានភាពអតិថិជនទៀតផង។ 

ទន្ទឹមនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Daily Realty លោក ហៃ រ៉ាវី ធ្លាប់បានមានប្រសាសន៍ដែរថា ភាគច្រើនលំនៅដ្ឋានគឺមានតម្រូវការច្រើនជាងគេ ដោយសារតែអ្នកជាវត្រូវការសម្រាប់យកមកប្រកបអាជីវកម្មផ្សេងៗ ឬក៏ចង់ទិញទុកយកផលចំណេញនៅពេលក្រោយមានភាពងាយស្រួលលក់។ ម្យ៉ាងវិញទៀត ដោយសារតែអតិថិជនមានបំណងចង់ជាវទុកសម្រាប់ឱ្យកូនក្រែងលោត្រូវឡើងពីខេត្តមកសិក្សានៅទីក្រុង ឬក៏គូស្នេហ៍មួយចំនួនដែលទើបរៀបការដូច្នេះតម្រូវការមានផ្ទះរស់នៅគឺនៅតែមាន។ 

លោកបានសង្កត់ធ្ងន់ថា លំនៅដ្ឋានក្នុងបុរីគឺកំពុងទាក់ទាញខ្លាំង ដោយសារតែអ្នកជាវអចលនវត្ថុគិតថាគម្រោងលំនៅដ្ឋានបុរី មានគម្រោងច្បាស់លាស់។ មិនតែប៉ុណ្ណោះ ការរចនាមានភាពស្រស់ស្អាត មិនថាផ្នែកខាងក្រៅ និងការឌីសាញខាងក្នុង ជាពិសេសមានសួនលំហែកាយជាដើម។ 

បន្ថែមពីនេះ លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property បានលើកឡើងពីមូលហេតុថា ភាគច្រើនគម្រោងលំនៅដ្ឋានច្រើនតែសាងសង់នៅក្បែរតំបន់ទីប្រជុំជន និងជាទីតាំងល្អ ក្នុងការរកស៊ី និងរស់នៅ។ ចំណុចខ្លាំងនោះមានផ្សារនៅក្បែរ ដែលបង្ករឱ្យពលរដ្ឋងាយស្រួលបង្កើតជំនួញ និងធ្វើឱ្យការរស់នៅមានភាពទាន់សម័យនិងងាយស្រួល។ ហេតុផលទាំងអស់នេះហើយ ដែលបណ្តាលឱ្យវិស័យលំនៅដ្ឋានហាក់បីដូចជាមានតម្រូវការច្រើនជាងគេ៕

ផ្សារទំនើប Chip Mong Sen Sok តម្លៃជាង ៤១លានដុល្លារនឹងបញ្ចប់សាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០

ដោយ​៖​ វុត្ថា

ភ្នំពេញ៖ ផ្សារទំនើប Chip Mong Sen Sok តម្លៃជាង ៤១ លានដុល្លារអាមេរិក របស់ក្រុមហ៊ុន “CHIP MONG RETAIL CO., LTD”  ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញគ្រោងនឹងបញ្ចប់សាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមការផ្សព្វផ្សាយ នៅលើទំព័រ Facebook ផ្លូវការ Chip Mong Sen Sok Mall កាលពីពេលថ្មីៗនេះ ។

ផ្សារទំនើបមួយនេះ ត្រូវបានក្រុមហ៊ុន Chip Mong Retail បុកគ្រឹះសាងសង់ កាលពីថ្ងៃទី ១២ ខែកក្កដា  ២០១៨ នៅលើផ្ទៃក្រឡាសរុបប្រមាណ ៤ ម៉ឺនម៉ែត្រការ៉េ ដែលនឹងផ្ដល់សេវាកម្មដូចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែងកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាប្រេនល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ។

ផ្សារទំនើបថ្មីមួយនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកើនឡើងជាបន្តបន្ទាប់ ជាពិសេសសម្រាប់អ្នកដែលកំពុងរស់ក្នុងខណ្ឌសែនសុខទាំងអស់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កន្លងមកនេះ បានអនុម័តឱ្យក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” អនុវត្ត​គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៣៨កន្លែង។

ក្រុមហ៊ុន CHIP MONG RETAIL CO., LTD” កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ បានសម្ពោធផ្សារទំនើប​ ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ១៧,៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដោយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។

ក្រុមហ៊ុន CHIP MONG RETAIL វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់ និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស។

លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា ការអភិវឌ្ឍ ឬការសាងសង់ផ្សារទំនើបនេះ កំពុងមានតម្រូវការខ្ពស់ និងមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជោគជ័យឬអត់នោះអាស្រ័យលើកត្តាជាច្រើន  ហើយអ្នកអភិវឌ្ឍន៍ប្រាកដជាដឹងយ៉ាងច្បាស់ ចំពោះការអភិវឌ្ឍន៍ផ្សារទំនើបបែបនេះ។

លោកស្រីបន្តថា  ការអភិវឌ្ឍគម្រោងផ្សារទំនើប បើទោះមានច្រើន យ៉ាងណាច្រើនក្តី វាអាស្រ័យលើពេលវេលា ចំណុចលេចធ្លោ និងភាពខុសប្លែកពីគេ ព្រមទាំងមានយុទ្ធសាស្ត្រទាក់ទាញអ្នកជួល រួមជាមួយនឹងការគ្រប់គ្រងបានល្អទើបទទួលបានជោគជ័យក្នុងការបើកអាជីវកម្មផ្សារទំនើបនេះ។

ខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ កំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន ជាមួយនឹងគម្រោងជាច្រើន ដែលកំពុងតែលេចរូបរាងជាបណ្តើរៗ។ គម្រោងទាំងអស់មានដូចជា ផ្សារទំនើបអ៊ីអនម៉ល និងមានផ្សារបោះដុំ និងលក់រាយ (ផ្សារម៉ាក្រូ) មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ និងគម្រោងប្រភេទផ្ទះអាជីវកម្ម (Shop House) ដែលមានតម្លៃខ្ទង់សែនដុល្លារក្នុងមួយល្វែងជាដើម៕

កម្ពុជាទទួលបានជំនួយថវិកាប្រមាណ ១៤ លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ Covid-19

ដោយវុត្ថា

ភ្នំពេញ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលកម្ពុជាទទួលជំនួយជាថវិកាពីសប្បុរសជនបានចំនួន ១៤ លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។

លោកស្រី យស់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំងឺកូវីដ ១៩ នៅកម្ពុជានាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានទទួលជំនួយសប្បរសជនបានចំនួនសរុបទាំងអស់ ១៤ លានដុល្លារអាមេរិក ។

លោកស្រីថ្លែងថា ក្នុងចំណោមនេះ ក្រសួងបានចំណាយទៅលើទិញម៉ាស់គ្រប់ភេទ និងអាកុលអស់ថវិកាប្រមាណជាង ៧លានដុល្លារអាមេរិក ហើយ ថវិកាដែលមានសមតុល្យនៅក្នុងធនាគារមានចំនួនជិត៦ លានដុល្លារអាមេរិកសម្រាប់ត្រៀមប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ ១៩នៅក្នុងប្រទេស។

លោកស្រីបន្តថា ថវិកាដែលក្រសួងបានទទួលថវិកាពីមន្ត្រីរាជការដែលបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរហូតមកដល់ពេលនេះ មានចំនួន ៤១ស្ថាប័នដែលសរុបជាថវិកាមានចំនួនជិត ១០ម៉ឺនដុល្លារអាមេរិក។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល បានឱ្យដឹងដែរថា កម្ពុជាមានករណីឆ្លងនូវជំងឺកូវីដ ១៩ ចំនួន ១២២ នាក់ សុទ្ធសឹងតែជាការនាំចូលមកពីក្រៅប្រទេស។ ដោយឡែកក្នុងចំណោមនេះ នៅសល់តែពីរករណីទៀតតែប៉ុណ្ណោះដែលមិនទាន់ព្យាបាលជានៅឡើយ ខណៈមិនមានរកឃើញករណីឆ្លង ថ្មីទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

តែយ៉ាងក៏ដោយ លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបបន្តចូលរួមការពារ និងមានអនាម័យដោយលាងដៃជាមួយ សាប៊ូ អាកុល ឬជៀល ឱ្យបានជាប្រចាំ ខណៈពិភពពលោកមិនទាន់រកឃើញវ៉ាក់សំាងព្យាបាល និង ប្រទេសនៅក្នុងប្រទេសចំនួននៅតែបន្តមានករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ។

លោក រដ្ឋមន្ត្រីរូបនេះថ្លែងថា មកទល់ពេលនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅលើសកលលោក នៅតែមានការកើនឡើង និងនៅតែមានរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី បន្ថែមទៀត ដែលធ្វើឱ្យចំនួន អ្នកមានវីរុសកូវីដ ១៩ បានកើនឡើងហរូងដល់ជាង ៣លាន ៨ សែននាក់ និងមានអ្នកស្លាប់ចំនួនជាង ៣៥ ម៉ឺននាក់៕

មណ្ឌលគីរី បង្កើនផលិតភាពទេសចរណ៍ដោយសួនសត្វ មយូរា និងឥន្ទ្រី នៅសមុទ្រឈើ

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ សមុទ្រឈើ ដែលជាទីរមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញបំផុតនៅប៉ែកឦសាននៃខេត្តមណ្ឌលគីរី នឹងបង្កើនផលិតផលទេសចរណ៍បន្ថែមទៀតជាមួយនឹងសួនសត្វកម្រនៅលើសាកល គឺសួនសត្វឥន្ទ្រី និងសួនសត្វ មយូរា (ក្ងោក) ក្រោមការគាំទ្រពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបង្ហាញពីក្ដីសាទរ និងគាំទ្រយ៉ាងពេញទំហឹងនៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទេសចរណ៍ខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ទៅលើការកែច្នៃបង្កើនផលិតភាពនៃរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី ជាពិសេសគម្រោងនៃការបង្កើតសួនសត្វកម្រនៅលើសាកលលោកចំនួនប្រភេទ រួមមានសួនសត្វអូទ្រីស សួនសត្វឥន្ទ្រី និងសួនសត្វមយូរា ឬសត្វក្ងោកក៏ទាក់ទាញ។

រមណីយដ្ឋាន សមុទ្រឈើ ដែលកំពុងរៀបចំជាទីទេសចរណ៍ដ៏ធំមួយនេះ មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។

ម្ចាស់រមណីយដ្ឋានសមុទ្រឈើ លោក ជុំ វីរៈ បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍បច្ចុប្បន្ននេះមានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនា បទខ្មែរ មានបឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដាយ៉ាងយកចិត្តទុកដាក់។

ផលិតផលទេសចរណ៍ទូទៅ ត្រូវបាន និងកំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់ កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។

រមណីយដ្ឋាននេះក៏បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេង កម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះផងដែរ។ ទន្ទឹមនឹងនោះ គេនឹងរៀបចំឱ្យមានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព ជាមួយនឹងការស្រងក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀកស្និទ្ធនឹងធម្មជាតិ។ ភ្ញៀវទេសចរអាចគយគន់ទស្សនាទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ៕

គម្រោងសំណង់ធំៗនៅតាមផ្លូវជាតិលេខ១កំពុងសម្រុកសាងសង់ដើម្បីបញ្ចប់តាមផែនការ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដំណើរការនៃការសាងសង់សំណង់ធំៗជាច្រើនដែលមានតម្លៃសរុបរាប់រយលានដុល្លារ កំពុងតែបន្តសកម្មភាពយ៉ាងមមាញឹកដើម្បីឈានទៅបញ្ចប់តាមផែនការ និងឆ្លើយបតទៅនឹងតម្រូវការទីផ្សារ។

តម្រូវការទីផ្សារអចលនទ្រព្យនៅតែមាន ជាពិសេសតម្រូវការលំនៅដ្ឋានជាក់ស្ដែងសម្រាប់ស្នាក់នៅដែលមានតម្លៃចន្លោះជាង១០ម៉ឺនដុល្លារ ឬក្រោម១០ម៉ឺនដុល្លារ។ នេះបើតាមការឱ្យដឹងតាមរយៈទូរស័ព្ទពីសំណាក់លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោកស្រីបានបញ្ជាក់ថា “បច្ចុប្បន្ន តំបន់ផ្លូវជាតិលេខ១ រាប់ចាប់គិតពីចំណុចគល់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) រហូតដល់តំបន់ផ្សារព្រែកឯងស្ទើរតែមិនមែនជាតំបន់ជាយក្រុងទៀតនោះទេ ហើយក៏បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ដែលមានកំណើនប្រជាជនកម្រិតមធ្យមរស់នៅច្រើន និងជម្រុញឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែល្អប្រសើរជាងមុន”។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា “គម្រោងសំណង់ធំៗនៅតំបន់នេះភាគច្រើនជាប្រភេទគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃមធ្យម និងកំពុងមានតម្រូវការទីផ្សារខ្ពស់នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,. Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ថា ភាគច្រើនគម្រោងដែលកំពុងមានសកម្មភាពសាងសង់នៅពេលនេះ គឺជាគម្រោងចាស់ដែលបន្សល់មកកាលពីឆ្នាំកន្លងទៅ ហើយសម្រុកសកម្មភាពរបស់ខ្លួនដើម្បីបញ្ចប់ទៅតាមផែនការដែលម្ចាស់គម្រោងបានគ្រោងទុក។

លោកបានមានប្រសាសន៍បញ្ជាក់ថា “ទោះជាស្ថិតនៅក្នុងការគំរាមកំហែងពីវិបត្តិនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែសម្រាប់គម្រោងចាស់ដែលបានចាប់ដំណើរការតាំងពីឆ្នាំមុន ពួកគេនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ដដែល ហើយក៏មានតម្រូវការទីផ្សាររួចជាស្រេច។ ផ្ទុយទៅវិញ សម្រាប់តែគម្រោងថ្មីដែលទើបតែចាប់ផ្តើមត្រឹមដើមឆ្នាំ២០២០ គឺអាចផ្អាកការអនុវត្តគម្រោងដោយសារតែវិបត្តិមួយនេះ”។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “នៅពេលដែលមានគម្រោងអភិវឌ្ឍន៍សំណង់ធំៗកើតមានជាបន្តបន្ទាប់ គម្រោងតូចៗក៏នឹងចាប់ផ្តើមបង្ហាញខ្លួនផងដែរ ហើយវានឹងជម្រុញឱ្យចរន្តទិញ-លក់ ដីធ្លីនៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាងចាប់ផ្តើមមានដង្ហើម ហើយតម្លៃក៏មានកំណើនផងដែរ ប៉ុន្តែកំណើនទាប ឬខ្ពស់ ក៏អាស្រ័យទៅតាមទីតាំង ស្ថានភាពដី និងទំហំដីផងដែរ”។

គម្រោងសំណង់ធំៗដែលគេឃើញកំពុងមានសកម្មភាពយ៉ាងមមាញឹកនៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីគម្រោងដែលមានទុនរាប់រយលានដុល្លាររបស់បុរីប៉េងហួត និងគម្រោងខុនដូក្រោមការវិនិយោគដោយក្រុមហ៊ុនចិន គឺមានគម្រោងបុរី The Palm , គម្រោងបុរី KS Residence គម្រោងបុរី កៀនស្វាយ ផាក , គម្រោងបណ្តុំលំនៅដ្ឋាន កៀនស្វាយផ្លាហ្សា រួមជាមួយនឹងគម្រោងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរីជាច្រើនគម្រោងផ្សេងទៀត៕

ក្រុមហ៊ុន 7-Eleven គ្រោងឈានជើងចូលទីផ្សារកម្ពុជានៅឆ្នាំ២០២១ខាងមុខ ជាមួយមហិច្ឆិតាពង្រីក ៧០០ទីតាំង

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃបានប្រកាសអំពីផែនការបើកហាងទំនិញខ្នាតតូចចំនួន ៧០០កន្លែងនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) បានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនយក្សថៃបាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនចុះកិច្ចព្រមព្រៀងទិញសិទ្ធិ ដែលនឹងនាំយកហាងទំនិញ 7-eleven មកកាន់កម្ពុជា។

ក្រុមហ៊ុន បានឲ្យដឹងថា “ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា”។

របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺយើងនឹងបើកហាងនេះឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។

ក្រុមហ៊ុនថៃនេះ គ្រោងបើកហាងទំនិញនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលមានរយៈពេល៣០ឆ្នាំ ហើយអាចបន្តបាន២០បន្ថែមទៀត។ ការចូលមកវិនិយោគនេះ ក្រសួងពាណិជ្ជកម្មអះអាងថា មិនបង្កឲ្យមានផលប៉ះពាល់ហាងទំនិញនៅកម្ពុជាឡើយ។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងដែរថា ក្រុមហ៊ុន CP ALL គ្រោងនឹងបើកហាងទំនិញ7-Eleven ពី៧០០ទៅ១០០០សាខានៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ឆ្នាំដំបូង។ ជំហានបន្ទាប់ ក្រុមហ៊ុននេះ នឹងបើកលក់ហ្វ្រេនឆាយ 7-Eleven ដល់អ្នកជំនួញក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CP ALL បានបោះទុនតម្កល់ជាង៥ពាន់ដុល្លារ ក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង។

អ្នកនាំពាក្យរូបនេះ អះអាងថា គម្រោងនេះ គឺមិនបង្កឲ្យមានផលប៉ះពាល់ដល់អ្នកលក់ទំនិញនៅកម្ពុជាឡើយ។ លោក បានបន្ថែមថា វាជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០ កន្លែង ក្រោមស្លាកយីហោ 7-eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ ១៩៨៩។ ក្រុមហ៊ុនមេនេះគឺជាក្រុមហ៊ុនដែលមានតម្លៃ ៦៣ពាន់លានដុល្លារ៕