ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ការបណ្តាក់ទុនវិនិយោគទៅលើការបង្កើតសំណង់អាគារការិយាល័យសម្រាប់ជួល (Office Space) ត្រូវបានអ្នកជំនាញនៅក្នុងផ្នែកមួយនេះអះអាងថាមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាងការវិនិយោគផ្នែកខុនដូដោយសារតែតម្រូវការទីផ្សារ និងបរិយាកាសវិនិយោគថ្មីៗនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា គ្រប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា គឺសុទ្ធតែមានឱកាសចំណេញដូចគ្នា ប៉ុន្តែខុសត្រង់ថា អត្រានៃការចំណេញតិច ឬច្រើនតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា “សម្រាប់ការវិនិយោគផ្នែកអាគារការិយាល័យជួលនៅកម្ពុជាគឺមានឱកាសចំណេញច្រើនបើប្រៀបធៀបទៅនឹងការវិនិយោគផ្នែកខុនដូ ដោយសារហេតុផលថា ការវិនិយោគនៅក្នុងផ្នែកខុនដូចាំបាច់ត្រូវមានការរៀបចំតុបតែងនូវសម្ភារៈប្រើប្រាស់ដែលប្រណីតភាព ដែលត្រូវចំណាយតម្លៃថ្លៃដើមខ្ពស់ ហើយប្រសិនបើដាក់ជួលក៏ត្រូវចំណាយលើការរំលោះថ្លៃសម្ភារៈទាំងអស់ ខុសគ្នាពីផ្នែកអាគារការិយាល័យជួល ដែលក្រៅពីជ្រៀសរើសទីតាំងដែលស័ក្ដិសម គឺត្រឹមយកចិត្តទុកដាក់លើគុណភាពអាគារ និងការរៀបចំការរចនាម៉ូដនៃយូនីតឱ្យមានភាពទាក់ទាញ” ។
លោកបន្តថា “បច្ចុប្បន្ន នេះតម្រូវការជួលការិយាល័យគឺមានការធ្លាក់ចុះបន្តិចដោយសារតែបញ្ហាកូវីដ ហើយអត្រានៃការជួលការិយាល័យកម្រិត B មានច្រើនជាងកម្រិត A ហើយកម្រិត C ហាក់មានចំនួនតិចតួច ប៉ុន្តែបន្ទាប់ពីបញ្ហានៃជំងឺស្ងប់ស្ងាត់ ខ្ញុំជឿថា ការជួលកម្រិត A នឹងកើនឡើងខ្ពស់ជាក់ជាមិនខាន” ។
តាមរយៈរបាយការណ៍របស់ CBRE កាលពីពេលកន្លងទៅបានឱ្យដឹងថា តម្លៃជួលការិយាល័យ Grade B នៅតំបន់ពាណិជ្ជកម្ម ធ្លាក់ចុះ ៣,១ ភាគរយ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ខណៈតម្លៃជួលការិយាល័យ Grade B នៅក្រៅតំបន់ពាណិជ្ជកម្មធ្លាក់ចុះ២,៩ ភាគរយ។
ផ្ទុយទៅវិញតម្លៃជួលការិយាល័យ Grade C នៅតំបន់ពាណិជ្ជកម្ម មានកើនឡើង ៨.០ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ហើយតម្លៃជួលការិយាល័យ Grade C នៅក្រៅតំបន់ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ៕