រដ្ឋាភិបាលចិន នៅតែបន្តផ្តល់ជំនួយថ្មីបន្ថែមទៀតដល់កម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិនបានបង្ហាញពីគម្រោងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេស សម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទបន្ថែមទៀត សម្រាប់គាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺ Covid-19 ខណៈដែលកម្ពុជា នៅមានអ្នកឆ្លងនូវជំងឺនេះត្រឹមតែ ១នាក់ ក្នុងចំណោម ១២២នាក់ ដែលត្រូវបានព្យាបាលជាសះស្បើយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០នេះថា  សម្ភារៈទប់ស្កាត់នឹងជំងឺ COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិន នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។

ស្ថានទូចចិនបានបញ្ជាក់ទៀតថា សម្ភារៈទាំងនោះរួមមានសារធាតុតេស្តរកជំងឺឆ្លង Covid-19 ចំនួន ៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨០០០កំផ្លេ វ៉ែនតាការពារចំនួន ៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០គ្រឿង ដែលសម្ភារៈទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។ 

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្លាប់បានឱ្យដឹងថា ចិន និងកម្ពុជា ជាសហគមន៍ជោគវាសនារួម ដែលរួមសុខរួមទុក្ខជាមួយគ្នា និងជាបងប្អូនល្អដែលប្រៀបដូចដៃ និងជើង ។ លោកបានបន្តថា ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជាទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺឆ្លងប្រភេទថ្មីនេះ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុស COVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនេះជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន មកជួយបង្កើនជំនឿចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ លោកបន្តថា “ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិន ក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតល្មួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ” ។

ចាប់តាំងពីមានកាផ្ទុះឡើងនូវជំងឺ Covid-19 នៅកម្ពុជាកន្លងមកនេះ រដ្ឋាភិបាលចិបានផ្តល់ជំនួសជាសម្ភារៈវិជ្ជសាស្ត្រ និងជំនួយជាសម្ភារៈជាច្រើនតោនដល់ក្រសួងការពារជាតិកម្ពុជា ក្រសួងសុខាភិបាល អង្គការសមាគម និងស្ថាប័នរដ្ឋនានា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនូវជំងឺ  Covid-19 នៅក្នុងប្រទេសកម្ពុជា៕

ក្រសួងទេសចរណ៍ថៃព្យាករណ៍ថា ចំនួនទេសចរបរទេសនឹងធ្លាក់ចុះជាង ៦០ភាគរយ ក្នុងឆ្នាំ ២០២០

ដោយ ៖ ហ្សូលី

បាងកក ៖ អាជ្ញាធរទេសចរណ៍ប្រទេសថៃ (TAT) បានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀវទេសចរបរទេសនឹងធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ដោយសារការរាតត្បតនៃវិបត្តិសកលលោក។ 

 

ចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃអាចនឹងធ្លាក់ចុះ ២ ភាគ ៣ ឫ នៅត្រឹម ១៤ លាននាក់នៅឆ្នាំ២០២០នេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលជាហេតុនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទូទាំងពិភពលោក។ នេះបើតាមការប៉ាន់ស្មានពីអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញកាលពីថ្ងៃចន្ទ ទី ១១ ខែឧសភា ឆ្នាំ ២០២០នេះ។

អាជ្ញាធរទេសចរណ៍ថៃព្យាករណ៍ថា នៅឆ្នាំ ២០២០នេះ នឹងមានភ្ញៀវទេសចរបរទេសចន្លោះពី ១៤ លាន ទៅ ១៦ លាននាក់តែប៉ុណ្ណោះដែលមកលេងប្រទេសថៃ។ ចំនួននេះមានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបកាលពីឆ្នាំ ២០១៩កន្លងទៅ មានភ្ញៀវទេសចរបរទេសដល់ទៅចំនួន ៣៩,៨ លាននាក់ ដែលបានមកទស្សនាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ 

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃមានសង្ឃឹមថា ភ្ញៀវទេសចរបរទេសនឹងវិលត្រឡប់មកប្រទេសថៃវិញនៅក្នុងខែតុលា ដែលជារដូវទេសចរណ៍របស់ប្រទេសខ្លួន។

វិស័យទេសចរណ៍មានសារសំខាន់ណាស់សម្រាប់ប្រទេសថៃ ដោយសារចំណូលបានមកពីភ្ញៀវទេសចរបរទេសមានចំនួន ១,៩៣ ទ្រីលានបាត (៥៩,៩៨ ពាន់លានដុល្លារ) ឬស្មើនឹង ១១ ភាគរយ នៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន៕

ក្រសួងពាណិជ្ជកម្ម ពិភាក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារគោលដៅសហភាពអឺរ៉ុប

ដោយ ៖ រ៉ាណេត 

 ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ដើម្បីអាចទទួលបានគុណភាព ឧត្តមភាព និងភាពវិជ្ជមាននៃការនាំចេញទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ជាពិសេសទីផ្សារសហភាពអឺរ៉ុប។

 

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ដែលដឹកនាំកិច្ចប្រជុំក្រោមការការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានមានប្រសាសន៍បញ្ជាក់ថា ការសិក្សា និងពិភាក្សាទៅលើថ្លៃដើមនៃផលិតកម្មមួយនេះគឺមានសារសំខាន់បំផុតសម្រាប់ទ្ធភាពនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ 

លោក សុខ សុភ័ក្ត្រ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងផ្នែកឯកជន បន្តសហការ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ ហើយលោកនឹងបន្តរាយការណ៍អំពីបញ្ហាប្រឈមជូនថ្នាក់ដឹកនាំ និងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះ ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។ 

អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករកម្ពុជារួមមាន ៖ អគ្គិសនី ដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយលើការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់ព័ន្ធផ្សេងៗទៀត។ 

ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់ការនាំចេញដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។ របាយការណ៍នៃលទ្ធផលសិក្សានេះ នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជា និងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស៕

កម្ពុជាស្នើ 7-Eleven ដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%

ដោយវុត្ថា

បាងកក៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ លោកអ៊ូក សោភ័ណ បានស្នើដល់ក្រុមហ៊ុន 7-Eleven Inc. ដែលគ្រោងនឹងបើកដំណើរនៅកម្ពុជានាពេលខាងមុខនេះ គោរពកិច្ចសន្យា ដោយប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។

នេះបើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតកម្ពុជាប្រចំានៅក្នុងប្រទេសថៃស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃជាមួយលោក Chairoj Tiwatmuncharoen អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP ALL (Cambodia) Co., Ltd អំពីគម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាសម្តែងការសាទរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងកម្ពុជាជាដើម។

 លោក Chairoj Chairoj Tiwatmuncharoen បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការអនុវត្តពាក្យសន្យាខាងលើ និងបានស្នើសុំស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មានអំពីផលិតផលខ្មែរ ដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញសម្រាប់លក់នៅក្នុងសាខាដំបូងនៅកម្ពុជា។ 

ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃបានប្រកាសអំពីផែនការបើកហាងទំនិញខ្នាតតូចចំនួន ៧០០កន្លែងនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) បានចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា។

របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺនឹងបើកហាងនេះឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។

ក្រុមហ៊ុនថៃនេះ គ្រោងបើកហាងទំនិញនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលមានរយៈពេល៣០ឆ្នាំ ហើយអាចបន្តបាន២០បន្ថែមទៀត។ ការចូលមកវិនិយោគនេះ ក្រសួងពាណិជ្ជកម្មអះអាងថា មិនបង្កឲ្យមានផលប៉ះពាល់ហាងទំនិញនៅកម្ពុជាឡើយ។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងដែរថា ក្រុមហ៊ុន CP ALL គ្រោងនឹងបើកហាងទំនិញ7-Eleven ពី៧០០ទៅ១០០០សាខានៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ឆ្នាំដំបូង។ ជំហានបន្ទាប់ ក្រុមហ៊ុននេះ នឹងបើកលក់ហ្វ្រេនឆាយ 7-Eleven ដល់អ្នកជំនួញក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CP ALL បានបោះទុនតម្កល់ជាង៥ពាន់ដុល្លារ ក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង។

អ្នកនាំពាក្យរូបនេះ អះអាងថា គម្រោងនេះ គឺមិនបង្កឲ្យមានផលប៉ះពាល់ដល់អ្នកលក់ទំនិញនៅកម្ពុជាឡើយ។ លោក បានបន្ថែមថា វាជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០ កន្លែង ក្រោមស្លាកយីហោ 7-eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ ១៩៨៩។ ក្រុមហ៊ុនមេនេះគឺជាក្រុមហ៊ុនដែលមានតម្លៃ ៦៣ពាន់លានដុល្លារ៕

ក្រសួងទេសចរណ៍​ចាប់ផ្តើម​ពី​ភា​ក្សា​ពី​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពិសេស​គំរោង​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី

ដោយ​ គង់ ម៉ា​លីន

ភ្នំពេញៈ គណៈកម្មការ​រៀបចំ​ផែនការមេ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី គាំទ្រ​រាជរដ្ឋាភិបាល ចំពោះ​គម្រោង​សាងសង់​ព្រលានយន្តហោះ ដែលជា​តម្រូវការ​ដ៏​សំខាន់ ដើម្បី អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី។

អង្គប្រជុំ​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១១ ឧសភា​កន្លងមក​បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​វិស័យ​ពាក់ព័ន្ធ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្នែក​ដឹកជញ្ជូន ពិសេស​គឺ​ការបង្កើត​ព្រលានយន្តហោះ​ថ្មី ដែលមាន​តួនាទី​សំខាន់ ក្នុងការ​បម្រើ​ការដឹក​ជញ្ជូន​ទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជា​បន្លែ ផ្កា ផ្លែឈើ​ទៅកាន់​គោលដៅ​នានា​ក្នុងប្រទេស។

រាជរដ្ឋាភិបាល​បានកំណត់​រួចមកហើយ​ថា ខេត្តមណ្ឌលគិរី និង​ភូមិភាគ​ឦសាន​ទាំងមូល គឺជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា ដែល​ត្រូវមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់។ គណៈកម្មការ​អន្តរក្រសួង បានបង្ហាញ​ការគាំទ្រ ចំពោះ​ការងារ​សិក្សា​រៀបចំ​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តមណ្ឌលគិរី​នេះ ដោយ​កំណត់ថា វិស័យ​ទេសចរណ៍ ពិសេស​វិស័យ​អេកូ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត បន្ទាប់មក គឺ​វិស័យ​កសិកម្ម ដែលមាន​សក្ដានុពល​ខ្លាំង​បំផុត ដូចជា​ការដាំដុះ​បន្លែ​សេរី​រា​ង្គ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា ផ្កាល្អៗ ផ្លែឈើ កាហ្វេ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ខេត្ត និង​ទូទាំងប្រទេស។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន បាន​លើកឡើងថា វិស័យ​ទេសចរណ៍​ជា​វិស័យ​អន្តរ​វិស័យ ដែល​ត្រូវមាន​ការគាំទ្រ​ពី​វិស័យ​ពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួល​ឱ្យមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​វិស័យ​ជាច្រើន​ទៀត ពិសេស​គឺ​ការ រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី របស់​ខេត្ត​ទាំងមូល ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ព្រលានយន្តហោះ ដែល​គណៈកម្មការ​អន្តរក្រសួង សូម​គាំទ្រ​ទាំងស្រុង​ចំពោះ រាជរដ្ឋាភិបាល​ដែល​បានរៀបចំ គម្រោង​កសាង​ព្រលានយន្តហោះ​មួយ​នៅ​ខេត្តមណ្ឌលគិរី សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ពី​តំបន់​ទេសចរណ៍ធំៗ ដូចជា រាជធានី​ភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​និរតី តំបន់​ទេសចរណ៍​នៅ​ភាគ​ពាយព្យ មាន​ខេត្តបាត់ដំបង​ជាដើម។

លោក​បាន​បន្ថែមថា “ទៅ​ថ្ងៃ​អនាគត​ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី​នេះ អាច​នឹងត្រូវ​ប្រើប្រាស់​ជា​ព្រលានយន្តហោះ​ក្នុង​តំបន់ (Regional airport) ត​ភ្ជាប់​ខេត្តមណ្ឌលគិរី ទៅ​គោលដៅ​ទេសចរណ៍​ជិតខាង ដូចជា ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមជាមួយ​ទីក្រុងសំខាន់ៗ ផ្សេងទៀត​របស់​អាស៊ាន និង​ហួស​ទៅដល់​ទីក្រុងសំខាន់ៗរបស់​ប្រទេស​ចិន​ផងដែរ” ។

អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង បានលើកឡើង​ពី​សក្ដានុពល​ទេសចរណ៍ និង​តំបន់​ទេសភាព​ទាក់ទាញ​ប្រមាណ៣៩កន្លែង ក្នុងនោះ​មាន​ទាំង​តំបន់​ទឹកជ្រោះ និង​ទឹកធ្លាក់​ធម្មជាតិ តំបន់​វប្បធម៌​ជនជាតិដើម​ភាគតិច ទេសភាព​សមុទ្រ​ឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ ជ្រលង​ដងអូរ និង​ភ្នំ​ធម្មជាតិ ចម្ការ​ដំណាំ​ចម្រុះ​ពូជ​ដែល​អំណោយផល ដល់​វិស័យ​ក​សិ​ទេសចរណ៍ និង​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ។

ម្យ៉ាងទៀត ទេសភាព​តាម​ដងផ្លូវ​នៅក្នុង​ខេត្ត ក៏​ផ្ដល់នូវ​ភាពស្រស់​ត្រកាល គួប​នឹង​អាកាសធាតុ​អំណោយផល​ដល់​ការ​ទស្សនា និង​ស្នាក់នៅ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ។

អភិបាលខេត្ត​បាន​បន្តថា ការកសាង​ផ្លូវ​ទៅ​ច្រកទ្វារព្រំដែន ជា​ចំណុច​ចាំបាច់​សម្រាប់​ត​ភ្ជាប់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល ទំនិញ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​ប្រទេសជិតខាង ពិសេស​គឺ​ប្រទេស​វៀតណាម។

លោក​រដ្ឋមន្ត្រី ថោង ខុន​បានបង្ហាញ​ការ​ជឿជាក់ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ ត្រូវតែ​ជា​ផែនការ​ដែលមាន​លក្ខណៈ សមាហរណកម្ម​ជាមួយ​វិស័យផ្សេងៗ (Intergrated Master Plan) ពិសេស​ប្លង់គោល​ប្រើប្រាស់​ដីធ្លី (ដែល​ក្រសួង​រៀបចំ​ដែនដី​កំពុង​រៀបចំ) ដើម្បី​សម្រេច​ចក្ខុវិស័យ​ធ្វើឱ្យ​ខេត្តមណ្ឌលគិរី និង​តំបន់​ភូមិភាគ​ឦ​សាន្ត​ទាំងមូល ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​និរន្តរភាព ពិសេស​គឺជា​គោលដៅ​អេកូ​ទេសចរណ៍​ចម្បង​របស់​ប្រទេសជាតិ។

សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី អាច​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច​ខែសីហា ឆ្នាំ២០២០ នេះ៕

អ្នកស្រាវជ្រាវ​ស្នើឱ្យ​រដ្ឋាភិបាល​ត្រៀម​បង្កើន​កញ្ចប់​ថវិកា​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក

ដោយ​ វុត្ថា

ភ្នំពេញៈ អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានស្នើ​ដល់​ក្រសួងទេសចរណ៍​ត្រៀម​កញ្ចប់​ថវិកា ដើម្បី​ត្រៀម​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​នៅពេលដែល​វិបត្តិ​កូ​វីដ១៩បញ្ចប់ ខណៈដែល​ទេសចរណ៍​កម្ពុជា ក៏ដូចជា​ពិភពលោក​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩នេះ។

លោក​ហេង សុ​ភី មន្ត្រី​ស្រាវជ្រាវ​វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ឯកសារ​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ១៩ ដែល​ចេញផ្សាយ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា ប្រសិនបើ​ស្ថានភាព​វិបត្តិ​នេះ នៅ​បន្ត​រយៈពេល​យូរ​តទៅទៀត ក្រសួងទេសចរណ៍​កម្ពុជា គួរតែ​ស្នើ​ទៅ​អង្គការ​ទេសចរណ៍​ពិភពលោក ដើម្បី​រក​ចំណុច​រួមមួយ​ក្នុងការ​សម្រាល​និង​ស្រោចស្រង់​ដល់​វិស័យនេះ ដូចជា ការចេញ​បណ្ណ​ធ្វើដំណើរ​ដល់​ពលរដ្ឋ​ណា ដែល​គ្មាន​ជំងឺ​កូ​វីដ១៩អាចធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​បាន។

លោក​តុ​ប សុភ័ក​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី១១ ខែឧសភា​នេះដែរ​ថា ផែនការ​របស់​ក្រសួង​គឺមាន​កញ្ចប់​ថវិកា ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ នៅក្នុង​ប្រទេស​ទាំង​ក្របខណ្ឌ​ក្នុង​និង​ក្រៅប្រទេស តាមរយៈ​បណ្តាញសារព័ត៌មាន​នានា ជាពិសេស​នៅ CNN និង​អន​ឡាញ​ជាដើម  និង​ចុះទៅ​ផ្ទាល់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មកលេង​កម្ពុជា ដូច​ទៅនឹង​ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា បន្ទាប់​កំពុង​រង​វិបត្តិ​ពី​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​សកម្មភាព​នៃ​ការចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​ត្រូវបាន​ផ្អាក ដោយសារ​បារម្ភ​ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ១៩ និង​ដោយសារ​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​បន្ថយ​ការចំណាយផ្សេងៗ ក្នុងអំឡុង​នៃ​ការផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩នាពេលនេះ។

យ៉ាងណាក៏ដោយ​លោក​អះអាងថា សកម្មភាព​នៃ​ការផ្សព្វផ្សាយ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស និង​ដៃគូ​នានា​កម្ពុជា​នៅតែ​ធ្វើ​ធម្មតា តាមរយៈ Video Conference ដោយ​ខុសពី​ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា “យើង​មិនទាន់​ប៉ាន់​ស្មានថា​ជំងឺ​កូ​វីដ​នេះ នឹងត្រូវ​បញ្ចប់​នៅពេលណា​ដែរ អញ្ចឹង​ខ្ញុំ​មិនទាន់​ហ៊ាន​ថា​យ៉ាងម៉េច ចំពោះ​ការចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​អំពី​ផលិតផល​ទេសចរណ៍​របស់​យើង​នៅក្រៅ​ប្រទេស​នោះទេ” ។

ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា សូម​យក​ឱកាស​នេះ​កែលម្អ​គុណភាព​ឱ្យ​ប្រសើរឡើង ដោយមាន​ចក្ខុវិស័យ​សុទិដ្ឋិនិយម​ថា វិស័យ​ទេសចរណ៍​កម្ពុជា នឹង​វិលត្រឡប់​ទៅរក​ភាពប្រសើរ​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ការរីក​រាលដាល​ជាស​កល នៃ​វីរុស​កូ​វីដ១៩ ស្របតាម​យុទ្ធនាការ «Stay Home Today, Travel Tomorrow» ។

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩បានធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​ផ្អាក​ដំណើរការ និង​បិទ​បញ្ចប់​អាជីវកម្ម​ចំនួន​សរុប២,៨៦៥ទីតាំង និង​បានធ្វើឱ្យ​ប៉ះពាល់​ការងារ​របស់​បុគ្គលិក​ចំនួន៤៦,៣៦៩នាក់។ ចំណែកឯ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​បាន​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍​មាន​ចំនួន​សរុប៩៦នាក់។

របាយការណ៍​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​បានបង្ហាញ​ថា នា​អំឡុង​ឆ្នាំ២០២០នេះ​ភ្ញៀវទេសចរ ទូទាំង​ពិភពលោក​នឹងមាន​ការធ្លាក់ចុះ​ពី២០% ទៅ៣០% ពោលគឺ​ធ្លាក់ចុះ​ពី​កំណើន ដែល​បាន​ប៉ាន់ស្មាន ពី៣% ទៅ៤% នា​ដើមខែ​មករា​ឆ្នាំ២០២០ ។ នេះ​បណ្តាលឱ្យ​ខាតបង់​ពី៣០ ទៅ៥០ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងការ​ចំណាយ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ។

វិបត្តិ​នេះ បើ​ធៀប​នឹង​ផលប៉ះពាល់ នៃ​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០០១ ការផ្ទុះ​ឡើង​នៃ​ជំងឺ​សារ៍​កាលពី​ឆ្នាំ២០០៣ និង​វិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ២០០៩ វិបត្តិ​លើក​នេះ​គឺ​ធំ​ជាង ព្រមទាំង​មិនទាន់​អាច​ប៉ាន់ស្មាន​នៅពេលណា ដែល​នឹងត្រូវ​បញ្ចប់​នៅឡើយ​ទេ៕

ជប៉ុន​គ្រោង​បន្ថែម​កញ្ចប់​ថវិកា​ទ្រទ្រង់​សេដ្ឋកិច្ច​ជា​លើក​ទី២បន្ទាប់ពី​បាន​បញ្ចេញ ១ទ្រី​លាន​ដុល្លារ​លើក​ទី១

ដោយ ហ្សូ​លី

តូ​ក្យូៈ រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​បន្ថែម​ថវិកា ជម្រុញ​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ចាប់ពី​ខែមិថុនា​ខាងមុខ បន្ទាប់ពី​ប្រទេស​នេះ​បានប្រកាសថា ខ្លួន​បាន​ត្រៀម​ថវិកា​ជាង១ទ្រី​លាន​ដុល្លារ ដើម្បី​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី១កន្លងមក។

នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​ជប៉ុន​នឹង​ចាត់វិធានការ​ជំរុញ​បន្ថែម ដើម្បី “ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​វីរុស​នេះ” ។

កញ្ចប់​ថ្មី​នេះ មាន​គោលបំណង​ជួយ​ទប់ស្កាត់​ការប៉ះទង្គិច ដល់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី៣ របស់​ពិភពលោក ដែល​សេដ្ឋកិច្ច​កំពុង​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ចំពេល​មានការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ជា​សាកល និង​ស្ថាន​ភាពអាសន្ន ក្នុង​តំបន់​ដែល​ត្រូវបាន​បន្ត​រហូតដល់​ចុងខែ​ឧសភា។

លោក​អា​បេ​បាន​និយាយថា រដ្ឋាភិបាល​នឹង​ពិចារណា​លើ​ជំហាន​បន្ថែម ដូចជា ជំនួយ​ដល់​ក្រុមហ៊ុន ដែល​កំពុង​ព្យាយាម​បង់ថ្លៃ​ឈ្នួល ការគាំទ្រ​ដល់​និស្សិត ដែល​បាន​បាត់បង់​ការងារ​ក្រៅ​ម៉ោង និង​ប្រាក់ឧបត្ថម្ភ​បន្ថែមទៀត ដល់​ក្រុមហ៊ុន​ដែល​រងគ្រោះ​ដោយសារ​ការលក់​ធ្លាក់ចុះ។

កញ្ចប់​ថវិការ​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិភាក្សា​ថា តើ​គួរតែ​បន្ថែម​ឬ​យ៉ាងណា។

លោក​ស៊ីន​ហ្សូ អា​បេ​បាន​បន្ថែមថា រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់ ដើម្បី​រៀបចំ កញ្ចប់​ថវិកា​បន្ថែម​ជា​លើក​ទី២ ឱ្យបាន​ទាន់ពេលវេលា និង​អាចមាន​លទ្ធភាព​អនុម័ត​នៅ​ថ្ងៃទី១៧ ខែមិថុនា​ខាងមុខ។ ការអនុម័ត​អាស្រ័យ​លើ​ថា តើ​មាន​ខេត្ត​ចំនួន​ប៉ុន្មាន​ដែល​នឹង​អាច​លើក​វិធានការ​បន្ទាន់​របស់រ​ដ្ឋ ដែល​បាន​អនុវត្តន៍​នៅ​ទូទាំងប្រទេស។

លោក​អា​បេ​បញ្ជាក់ថា “យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​រក្សា​និរន្តរភាព​អាជីវកម្ម​របស់​ពួកគេ និង​ការពារ​ការងារ”។

លោក Katsutoshi Inadome អ្នក​យុទ្ធសាស្ត្រ​ប្រាក់ចំណូល​ថេរ នៅ​ក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាន​មានប្រសាសន៍ថា “ទំហំ​ថវិកា​បន្ថែម​ទី​ពីរ​នឹង​តូច​ជាង​ថវិកា​ទីមួយ។

ទោះយ៉ាងណា​ក៏ដោយ ការចេញ​ប័ណ្ណបំណុល​បន្ថែម គឺ​មិនអាច​ជៀសវាង​បាន​នោះទេ។

យោងតាម​ការស្ទង់មតិ​របស់​រ៉​យ​ទ័​រ​បាន​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ទំនងជា​បាន​ធ្លាក់ចុះ ក្នុង​រយៈពេល ២​ត្រីមាស​​ជាប់​គ្នា​នៃ​ឆ្នាំនេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ការ​រាតត្បាត Covid-19 ៕ Al-Jazeera

អ្នកជំនាញ​ផ្នែក​ដីធ្លី លោក​កាង សុធី បង្ហើប​ពី​វិធីសាស្ត្រ​វិនិយោគ​ដី​និង​ទទួលបាន​ចំណេញ​ច្រើន

ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ អ្នកវិនិយោគ​ភាគច្រើន សុទ្ធតែ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ ទៅលើ​ការធ្វើ​ជំនួញ លើ​ផ្នែក​ដីធ្លី​ច្រើនជាង វិស័យ សំណង់ ដោយសារតែ​ការវិនិយោគ​ដី អាច​ធ្វើបាន​ចាប់ពី​ទំហំ​តូច​ឡើងទៅ រហូតដល់ ទ្រង់ទ្រាយ​ធំ និង​ងាយ​ទទួលបាន​ចំណេញ។

លោក កាង សុធី អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ អន្តរជាតិ  Century 21 Land Station ដែល​មាន​អសយដ្ឋាន​នៅ​ ផ្ទះលេខ​១០០​ ផ្លូវ​លេខ​១៣​ ភូមិប៉ាយាប​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​​ថា ការវិនិយោគ​លើ​វិស័យ​ដីធ្លី ត្រូវបាន បែងចែក ជាច្រើន រូបភាព និង ច្រើន​សណ្ឋាន​សម្រាប់​អ្នក ដែល​ចង់​ចូល​ប្រឡូក នៅក្នុង​វិស័យ​មួយ​នេះ សុទ្ធតែ​មានឱកាស​ទាំង​អស់ ហើយក៏​អាច​រីកលូតលាស់ ក្នុងពេល ដ៏​ខ្លី​ផងដែរ។

លោក​បាន​បន្តទៀតថា “សម្រាប់​អ្នក​ដែល​ដាក់ចិត្ត​រកស៊ី នៅក្នុង​វិស័យនេះ ទាមទារ​ឱ្យមាន​ការចេះ សង្កេត បរិយាកាស​ជុំ​ខ្លួន និង​មាន​ភាព​ឆ្លាត​វៃ ក្នុងការ​ស​ម្រេ​ចិត្ត” ។

លោក​កាង សុធី បាន​បន្តទៀតថា “ការទិញ ដី ទុក លក់ យកចំណេញ​ត្រូវតែ​ធ្វើឡើង ដោយ​ភាព​រីករាយ និង​មាន​សេរីភាព​ក្នុងការ​សម្រេចចិត្ត។ មាន​មនុស្ស​មួយចំនួន បាន​បាត់បង់​ឱកាស ដោយសារតែ​មហិច្ឆតា​ខ្ពស់។ ចង់បាន​ចំណេញ​ច្រើន​ហួសប្រមាណ។

លោក បាន​ក្រើន​រំលឹកថា  គួរ​បង្កើន​ការលក់ ក្នុង​រយៈពេល​ដ៏​ខ្លី ទោះ​ចំណេញ​តិច ក៏ដោយ ប៉ុន្តែ​មានឱកាស​លក់បាន​ច្រើនដង ដោយ​មិនត្រូវ​អូស​បន្លាយពេល​ត្រូវតែ​លក់ នោះទេ ។

លោក​បន្តថា “បើ​លក់ដាច់​បាន​ភ្លាម រក​ទិញ​កន្លែង​ថ្មី​ជំនួស​បន្ថែម​វិញ​ភ្លាម  ទើប​យើង​អាច​មានឱកាស​ទទួលបាន​ចំណេញ​ច្រើន​ពី​ការវិនិយោគ​ដី” ៕

ក្រសួង​សេដ្ឋកិច្ច៖ ការវិនិយោគ​ពី​ផ្នែក​ឯកជន​លើ​ផ្នែក​សំណង់ អាច​ប្រែប្រួល​ស្ថានការណ៍​ឲ្យ​ល្អប្រសើរ​ឡើងវិញ

ដោយ ប៊ី

ភ្នំពេញៈ ការវិនិយោគ​ឯកជន និង​សំណង់ អាច​ប្រែប្រួល​ស្ថានការណ៍​ឲ្យ​ត្រឡប់មក​ល្អប្រសើរ​ឡើងវិញ ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​សាកល កំពុងស្ថិត​ក្នុងស្ថានភាព​ធ្លាក់ចុះ​និង​មិន​ច្បាស់លាស់។ នេះ​បើ​យោងតាម​ការ​សេចក្តី​ថ្លែង​ការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​ពី​ព្រឹត្តិបត្រ​សិ្ថ​តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពីពេលថ្មីៗនេះ ខណៈដែល​សេដ្ឋកិច្ច​សកល​ឆ្នាំ២០២០ត្រូវបាន​រំពឹងទុក​ថា នឹង​ធ្លាក់ចុះ​ក្នុង​អត្រា​អវិជ្ជមាន​ប្រមាណ៣ភាគរយ លើ​ស្ថានភាព​ដែល​កំពុង​ប្រឈម នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

បើ​គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២០ នេះ ស្ថានភាព​នៃ​ការប៉ះទង្គិច​មាន​ការវិវត្តផ្សេងៗគ្នា។

សេចក្តីថ្លែងការណ៍​រប​ស់ អគ្គនាយកដ្ឋាន​គោលនយោបាយ​បានឱ្យដឹងថា វិស័យ​អចលនទ្រព្យ ទោះបី​មានការ​អនុញ្ញាត​លើ​សំណើរ​សុំ​វិនិយោគ និង​សាងសង់​យ៉ាងណាក្តី ក៏​ការ​វិនិយោគឯកជន និង​ផ្នែក​សំណង់ អាច​ប្រែប្រួល​ស្ថានការណ៍​ឲ្យ​ត្រឡប់មក​ល្អប្រសើរ​ឡើងវិញ” ។

សេចក្តី​ថ្លែង​ការ​ខាងលើ​បាន​បន្តថា តាម​ការប្រមើលមើល ពី​កំលាំង​សេដ្ឋកិច្ច​សាកល​ក្នុងពេល​អនាគត កំពុងស្ថិត​ក្នុងស្ថានភាព​ធ្លាក់ចុះ និង​មិន​ច្បាស់លាស់។

លោក អ៉ិ​ន ណា​ង អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Show Up Real Estate ដែល​កំពុងមាន​គម្រោង​ជាច្រើន​នៅក្នុង​ដៃ​បាន​មានប្រសាសន៍ថា “ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​ចុង​ក្រោយនេះ ជាពិសេស​ក្រោយ​ភាពស្ងប់ស្ងាត់​នៃ​កា​រាលដាល​ជំងឺ Covid-19 នៅ​កម្ពុជា ទីផ្សារ​អចលនទ្រព្យ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​បន្តិច ជាក់ស្ដែង​ដូចជា​គម្រោង​ដែល​ក្រុមហ៊ុន​របស់លោក មាន​សកម្មភាព​លក់​ចេញ​ជា​បន្តបន្ទាប់ ទាំង​គម្រោង​លំនៅដ្ឋាន ក៏ដូចជា​គម្រោង​ផ្នែក​ដី​ឡូ​តិ៍​ផងដែរ។

លោក​បាន​បន្តទៀតថា “អចលនទ្រព្យ​ពេលនេះ បានផ្តល់​ផលចំណេញ​ដល់​អតិថិជន ជាពិសេស​វិស័យ​លំនៅដ្ឋាន ដោយសារតែ​មានការ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា ពី​រដ្ឋាភិបាល (តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ) ដែលជា​ការចូលរួម​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ជំរុញ​ការលក់” ។ លោក​បន្តថា “អតិថិជន​ថែមទាំង​ទទួលបាន នូវ​ការផ្តល់ជូន លក្ខខណ្ឌ​ងាយស្រួល​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក៏ដូចជា​ក្រុមហ៊ុន​ទទួល​លក់​ផងដែរ ពិសេស​តម្លៃ​ក៏​មានការ​បន្ទាប​ចុះ” ។

លោក​បញ្ជាក់ថា អ៉ិ​ន ណា​ង បាន​អះអាងថា ប្រសិនបើ​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​ស្ថានភាព​ល្អប្រសើរ លើ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បាន ទីផ្សារ​អចលនទ្រព្យ​នឹង​ចាប់ផ្តើម​មាន​ចរន្ត​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងខ្លី​ខាងមុខ” ។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា វិស័យ​សំណង់​របស់​កម្ពុជា បាន​ទាក់ទាញ​ទុនវិនិយោគ​ជាង២,៥០០លាន​ដុល្លារ ជាមួយ​គំរោង​ដែល​បានអនុម័ត​ចំនួន១០០០គម្រោង ក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ។

ក្រសួង​បានឱ្យដឹងថា ទុនវិនិយោគ​ពី​វិស័យ​សំណង់​នៅក្នុង​ត្រីមាស១នេះ បាន​កើនឡើង៥១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះបីជា​កម្ពុជា​កំពុង​ជួបនឹង​វិបត្តិ​COVID-19 ៕

ចំណេះដឹង! តើ​ភូមិសាស្ត្រ​ខេត្តកណ្តាល​មាន​សក្តានុពល​វិនិយោគ​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ ខេត្តកណ្តាល ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី ខេត្ត​ទាំង២៥នៃ​កម្ពុជា ដែលមាន​ព្រំប្រទល់​ខាងលិច ទល់នឹង​ខេត្តកំពង់ស្ពឺ ខាងកើត ទល់នឹង​ខេត្តព្រៃវែង​ខាងជើង​ទល់នឹង​ខេត្តកំពង់ឆ្នាំង កំពង់ចាម ខាងត្បូង​ទល់នឹង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម។

បើ​មើល​ស្ថានភាព​ភូមិសាស្ត្រ កត្តា​ប្រជាសាស្ត្រ និង​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម គឺ​ខេត្តកណ្តាល​ជា​ខេត្ត​មានការ​រីកចម្រើន និង​ទទួល​ឥ​ទ្ឋិ​ពល​មុន​ខេត្ត​ដទៃទៀត​ពី​រាជធានី​ភ្នំពេញ។

យោងតាម​របាយការណ៍​ឆ្នាំ២០១៩កន្លងមកនេះ​បាន​បង្ហាញថា ខេត្តកណ្តាល​មាន​ភូមិសាស្ត្រ​ល្អ គឺ​ហ៊ុំ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ មាន​រោងចក្រ​សហគ្រាស​ជាង៤៧០ ក្នុងនោះ មាន​រោងចក្រ​កាត់ដេ​សំលៀកបំពាក់ និង​ដេរ​ស្បែកជើង​ចំនួន១៨៣រោងចក្រ មានកម្ម​ករ​ជាង១៦ម៉ឺន​នាក់ រកចំនូលបាន៣៧លាន$ក្នុងខែៗ ហើយ​ជា​រៀងរាល់ឆ្នាំ ខេត្តកណ្តាល​សល់​ស្បៀង​គិត​ជា​អង្ក​ជាង៥ម៉ឺន​តោន​សម្រាប់​ការនាំចេញ។

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ ខេត្តកណ្តាល​បង្ហាញថា សក្ដានុពល​របស់​ខេត្តកណ្ដាល មានដូចជា វិស័យ កសិកម្ម ឧស្សាហកម្ម  និង ទេសចរណ៍ ជា វិស័យ គោល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត។       សម្រាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្តកណ្ដាល គឺ​ខេត្ត​មាន​ផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់​ត​ភ្ជាប់​ទៅកាន់​បណ្ដា​ខេត្ត​នានា ដូចជា​ផ្លូវជាតិ​លេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និង​លេខ៥១ ។

ខេត្តកណ្ដាល ក៏មាន​ស្ពានធំៗឆ្លងទន្លេ​ផងដែរ ដូចជា ស្ពាន​អ្នក​លឿង ស្ពាន​ព្រែ​កតា​មាក់ ស្ពាន​ព្រែក​ក្តាម ស្ពាន​កោះធំ ស្ពាន​ព្រែក​សំរោង និង​មាន​ស្ពាន​កោះអន្លង់ចិន​ដែល​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម។

ជាពិសេស​ខេត្តកណ្ដាលឆាប់ៗខាងមុខនេះ នឹងមាន​ព្រលានយន្តហោះ​កម្រិត​អន្តរជាតិ​មួយ១កន្លែង ដែល​បាន​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ១៥០០លាន​ដុល្លារ ដោយ​សាងសង់​លើ​ទំហំ​ផ្ទៃដី​ជាង២៦០០ហិកតា។

ដូចនេះ ខេត្តកណ្ដាល​ជា​ខេត្ត​មួយ ដែលមាន​ក​ក្កា​នុព​ល​ល្អ សម្រាប់​ក្រុមហ៊ុន នានា ចូលមក​វិនិយោគ​នា​ថ្ងៃ​ខាងមុខ៕