ដោយវុត្ថា
ភ្នំពេញ៖ គម្រោងវិនិយោគលើវិស័យសំណង់កម្រិតទាប និងធម្យមនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ នៅតែដំណើរសកម្មភាពរបស់ខ្លួន បើទោះបីកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០នេះ មើលឃើញថា សកម្មភាពនៃការវិនិយោគក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមាន ដែលភាគច្រើនជាសកម្មភាពរបស់អ្នកនៅក្នុងស្រុកកម្រិតទាប និងធម្យម ដោយឡែកសម្រាប់គម្រោងវិនិយោគចូលពីក្រៅស្រុកហាក់មិនទាន់មានសកម្មភាពនោះទេ។
លោកបន្តថា វិស័យសេដ្ឋកិច្ចនៅលើសកលលោក រួមជាមួយនឹងវិស័យសេដ្ឋកិច្ច សំណង់ និងអចលនទ្រព្យកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ ខណៈពុំមានលំហូទុនវិនិយោគពីខាងក្រៅប្រទេស (គ្មានអ្នកធ្វើដំណើរចេញចូល) តែយ៉ាងណាសម្រាប់គម្រោងវិនិយោគនៅក្នុងស្រុកនៅតែមានសកម្មភាពជាធម្មតា។
លោកបន្ថែមថា “ក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ ដូចជាការរកឃើញនូវវ៉ាក់សំាងសម្រាប់ព្យាបាល គម្រោងវិនិយោគនានានឹងចាប់ផ្តើមកើនឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់”។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា គម្រោងវិនិយោគលើវិស័យសំណង់កាលពីឆ្នាំចាស់ នៅតែដំណើរការជាធម្មតា តែសម្រាប់គម្រោងថ្មីគឺមានតិចតួចប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២០នេះ ដែលមានតម្លៃប្រមាណក្រោម ១លានដុល្លារអាមេរិក ។
លោកស្រីបន្ថែមថា គម្រោងទាំងអស់ដែលទទួលបានជាគម្រោងវិនិយោគនៅក្នុងស្រុក ខណៈពីក្រៅស្រុកហាក់មិនទាន់មាននៅឡើយទេ ខណៈដែលវិនិយោគិននៅព្រួយបារម្ភពីការឆ្លងនូវជំងឺកូវីដ ១៩ បើទោះបីកាលពីពេលថ្មីៗមានប្រទេសមួយចំនួនបានប្រកាសពីការរកឃើញនូវវ៉ាក់សំាងក៏ដោយ ។
ពាក់ព័ន្ធនឹងស្ថានភាពវិស័យសំណង់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមការងារគេហទំព័រ propertyarea.asia បានទាក់ទងតាមទូរស័ព្ទទៅអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត សុំធ្វើការអត្ថាធិប្បាយ ខលចូលដែរ តែត្រូវបានចុចបិត ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានឱ្យដឹងកន្លងមកនេះថា គម្រោងសាងសង់វិស័យសំណង់នានា និងលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរការធម្មតាមិនសូវមានផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ ១៩ នោះទេ ខណៈដែលវិស័យនេះ បានផ្តល់ការងារ និងចំណូលដល់ពលរដ្ឋកម្ពុជាជាច្រើនផងដែរ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញទិន្ន័យចុងក្រោយថា នៅក្នុងឆមាសទី ១ ឆ្នាំនេះ ការស្នើសុំគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន ២ ៥២២ គម្រោង កើនឡើង ៤៧៥ ធៀបនឹងឆមាសទី ១ ឆ្នាំមុនមានចំនួន ២ ០៤៧ គម្រោង ខណៈទុនវិនិយោគវិស័យសំណង់ក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះមានតម្លៃជាង ៣,៨៤ ពាន់លានដុល្លារ កើនឡើង ១៣,២៦ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន៕