បឹងកេងកង នៅតែជាតំបន់ដ៏ទាក់ទាញការវិនិយោគអចលនទ្រព្យកម្រិតខ្ពស់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បឹងកេងកង ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិកម្រិតខ្ពស់ប្រចាំនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ខែសីហា ឆ្នាំ២០២០ថា មិនថាពេលនេះ ឬទៅថ្ងៃអនាគតនោះទេ បឹងកេងកងនៅតែជាតំបន់ដែលលេចធ្លោរនៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺមិនសូវមានដីទំនេរសម្រាប់អភិវឌ្ឍន៍ទៀតនោះឡើយ។

លោក Ken Lo បានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ បឹងកេងកងបានក្លាយទៅជាតំបន់ពិសេសនៅក្នុងវិស័យអចលនទ្រព្យរួចទៅហើយ ហើយតម្លៃដីធ្លីនៅក្នុងតំបន់នេះក៏ស្ថិតក្នុងកម្រិតខ្ពស់ ដែលទីតាំងខ្លះមានតម្លៃរហូតដល់ប្រមាណ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះក៏មាន”។

លោកបន្តថា “យើងឃើញហើយថា វត្តមាននៃសំណង់អគារជាច្រើនបានបង្ហាញខ្លួននៅក្នុងតំបន់បឹងកេង ដូចជាអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ) អគារអាផាតមិន សណ្ឋាគារ អាហារដ្ឋានទំនើប ដែលភាគច្រើនសុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់ទាំងអស់”។

ក្រៅពីវត្តមាននៃសំណង់អគារខ្ពស់ៗដូចដែលបានរៀបរាប់ខាងលើនេះ បច្ចុប្បន្ននេះ នៅមានគម្រោងជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅក្នុងតំបន់នេះ ដែលបម្រើដល់ផ្នែកទីផ្សារការិយាល័យជួល ដែលស្ថិតនៅក្នុងកម្រិតកម្រិត B។
លោក Ken Lo បានមានប្រសាសន៍បញ្ជាក់ថា “តាមខ្ញុំមើលឃើញ ឥឡូវមានគម្រោងអគារមួយចំនួនកំពុងតែត្រៀមបង្ហាញខ្លួននៅក្នុងទីផ្សារការិយាល័យជួល ហើយគម្រោងទាំងនេះភាគច្រើនចាប់ពីកម្រិត B។ សម្រាប់អគារការិយាល័យជួលកម្រិត A បច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ដែលក្នុងនោះឃើញមាននៅក្នុងអគារវឌ្ឍនៈ អគារ Exchange Square ហើយមួយចំនួនទៀតនៅតំបន់កោះពេជ្រ”។

លោកបានបន្តឱ្យថា នៅបឹងកេងកង គឺជាតំបន់ដែលស័ក្ដិសមសម្រាប់ទីផ្សារការិយាល័យជួលកម្រិតខ្ពស់ ព្រោះវាបានក្លាយជាតំបន់ពាណិជ្ជកម្មពិសេសកម្រិតខ្ពស់រួចទៅហើយ (តំបន់ CBD) នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់តម្លៃជួលទីធ្លាការិយាល័យកម្រិត A អាចស្ថិតនៅក្នុងចន្លោះពី ២៥-៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិត B អាចស្ថិតនៅក្នុងចន្លោះ ១៥-២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយកម្រិត C អាចស្ថិតនៅក្នុងចន្លោះ ៨-១២ដុល្លារឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here