ដោយស៊ីវ ម៉េង
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឲ្យប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់មេគង្គទាំងអស់ជំរុញឲ្យបានលឿន នូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍មេគង្គ ឡានឆាង ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គឡាងឆាងដែលរៀបចំដោយប្រទេសឡាវនិងធ្វើសហប្រធានរវាងនាយករដ្ឋមន្រ្តីឡាវនិងនាយករដ្ឋមន្រ្តីចិនលីឃឺឈាងនាព្រឹកថ្ងៃទី២៤សីហានេះសម្តេចតេជោបានសម្តែងនូវសមានចិត្តនិងការចូលរួមរំលែកទុក្ខចំពោះប្រជាជននិងរដ្ឋាភិបាលចិនដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលថ្មី្ៗនេះ។
ជាមួយគ្នានេះសមេ្តចតេជោ បានអំពាវនាវប្រទេសជាសមាជិកបន្តរួបរួមសាមគ្គីគ្នា និងមានជំនឿទុកចិត្តទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ព្រមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ លើសពីនេះ សមេ្តចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ទាក់ទងនឹងបរិបទសេដ្ឋកិច្ច ដែលពិភពលោកកំពុងស្ថិតក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ សមេ្តចតេជោហ៊ុន សែន បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់។សមេ្តចតេជោ បានជំរុញឱ្យពន្លឿនការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ–ឡានឆាង ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសម្រាប់អនុតំបន់មេគង្គ–ឡានឆាង ក្នុងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃអនុតំបន់ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។
សមេ្តចតេជោបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់ផងដែរ។
ក្នុងន័យនេះសមេ្តចតេជោ បានបង្ហាញការគាំទ្រចំពោះគ្រប់វិធានការដូចមានចែងក្នុងសេចក្តីប្រកាសសហប្រធាន ស្តីពីកិច្ចសហប្រតិបត្តិការនៃការធ្វើ សហកម្មរវាងកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក–សមុទ្រ។ លើសពីនេះ ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ–១៩ សម្តេចតេជោ បានចូលរួមជាមួយ លោកលី ខឺឈាង ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការធានានូវសនិ្តសុខស្បៀងនៅក្នុងប្រទេសចិន និងអនុតំបន់ និងការជំរុញការនាំចេញផលិតផលកសិកម្ម ពីបណ្តាប្រទេសមេគង្គទៅប្រទេសចិន។
ដើម្បីធានានូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង សមេ្តចតេជោ បានស្នើឱ្យមានការផ្តួចផ្តើមយន្តការតាមដាន និងវាយតម្លៃច្បាស់លាស់ លើការអនុវត្តវិស័យអាទិភាពនីមួយៗ នៃកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង និងការអនុវត្តគម្រោងចាប់តាំងពីពេលដែលដាក់ ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ២០១៦មក សំដៅនាំមកនូវការអភិវឌ្ឍជាក់ស្តែង និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាងលើកទី៣ និងបានកត់សម្គាល់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និង២០១៩ នៃការអនុវត្តផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង (២០១៨–២០២២)។ សហប្រធាន ក៏បានអនុម័តលើសេចក្តីប្រកាសស្តីពី កិច្ចសហប្រតិបត្តិការ នៃការធ្វើសហកម្មរវាងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក–សមុទ្រ៕