ការវិនិយោគ​ខុន​ដូ​នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កំពុង​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ការវិនិយោគ​ខុន​ដូ​នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កំពុង​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក​ចូលមក​ទីផ្សារ​បាន​កាន់តែច្រើន ជាមួយនឹង​ការផ្តល់ជូន​តម្លៃ​កាន់តែ​ប្រសើរ ខណៈ​ចំនួន​វិនិយោគិន​ចិន​នៅតែ​បន្ត​នាំមុខ​នៅក្នុង​ទីផ្សារ​ខុន​ដូ​កម្ពុជា។

លោក James Hodge នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia ត្រូវបាន​ដកស្រង់​កាសែត​ចិន South China Morning Post ដោយ​លោក​និយាយថា អ្នកទិញ​ជនជាតិ​ចិន​ជាធម្មតា​មាន​ចំនួន ៧០ភាគរយ​នៃ​ចំនួន​ខុន​ដូ​យូ​ណី​ត នៅក្នុង​គម្រោង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍ថា “ប្រទេស​កម្ពុជា​នៅតែមាន​តម្លៃ​ល្អ សម្រាប់​វិនិយោគិន​ចិន។ តម្លៃ​មិន​ខ្ពស់​ពេក​ទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​គម្រោង​ដែលមាន​គុណភាព​ល្អ) ហើយ​ការវិនិយោគ​អចលនទ្រព្យ​នៅទីនេះ​ត្រូវ​បានគិត​ជា​ដុល្លារ ដែល​ទាក់ទាញ​សម្រាប់​មនុស្ស​ជាច្រើន” ។

វិនិយោគិន​ក៏​អាច​ជឿជាក់​លើ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​គម្រោង​សាងសង់ថ្មី។

លោក Hodge បាន​មានប្រសាសន៍ថា “នៅពេលដែល​យើង​មើល​ទៅលើ​ការអភិវឌ្ឍន៍ ជាពិសេស​ក្នុង​រយៈពេល ១៨ ខែ​កន្លងមកនេះ យើង​បានឃើញ​ការ​រចនា​គម្រោង​ជាច្រើន​មានការ​ទាក់ទាញ​ស្របតាម​ការរំពឹងទុក​របស់​ប្រជាជន និង​ជាមួយនឹង​ភាពសំបូរ​បែប​នៃ​ការពង្រីក​ខ្លួន​របស់​គម្រោង” ។

លោក បាន​បន្តថា “ការ​បង្វែរ​ទិសដៅ​វិនិយោគ​ទៅ​តំបន់​វិនិយោគ​បន្ទាប់ពី​តំបន់សំខាន់ៗ ដែល​អាចឱ្យ​អ្នក​អភិវឌ្ឍន៍​ផ្តល់ជូន​នូវ​តម្លៃ​កាន់តែ​ប្រសើរ ក៏​អាច​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក​ចូលមក​ទីផ្សារ​បាន​កាន់តែច្រើន​ផងដែរ” ។

លោក​បាន​បន្ថែមថា នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​ការបញ្ចុះ​តម្លៃ​ក្នុង​ចន្លោះ​ពី ៨ ទៅ ១៥ ភាគរយ​ត្រូវ​បានផ្តល់​ជួន។ ខណៈពេលដែល​ការជួល​បាន​ធ្លាក់ចុះ ចាប់តាំងពី​ការ​រាតត្បាត​នេះ លោក Hodge និយាយថា វិនិយោគិន​នៅតែ​អាច​រំពឹងថា​នឹង​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ពី៥.៥ ទៅ ៦ភាគរយ​សម្រាប់​ខុន​ដូ ដែលមាន​គុណភាព​នៅ​ទីតាំង​ល្អ។

ទោះបីជា​ខុន​ដូទំនើបៗ ត្រូវ​ឆ្លងកាត់​ការពិនិត្យ​ម៉ត់ចត់​ជាង​មុន មុនពេល​ពួកគេ​អាច​ចាប់ផ្តើម​លក់បាន​ក៏ដោយ លោក Hodge ណែ​នាំឱ្យ​អ្នកទិញ​ពិនិត្យ​ប្រវត្តិ​របស់​គម្រោង​ឱ្យបាន​ម៉ត់ចត់។ លោក​បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន​អន្តរជាតិ ស្ថានទូត និង​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន មាន​តម្រូវការ​តឹងរឹង​ចំពោះ​សុខភាព និង​សុវត្ថិភាព​បុគ្គលិក​រប​ស់​ពួកគេ ហើយ​គម្រោង​ខ្លះ​ព្យាយាម ដើម្បី​បំពេញ​តាម​បទដ្ឋាន​ទាំងនោះ” ។

ឧទាហរណ៍ សុវត្ថិភាព​អគ្គិភ័យ ដែល​មិន​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ ដូចជា​ស្តង់ដារ​អាមេរិក ហុងកុង ឬ​សឹង្ហ​បុរី អាចជា​ការពិបាក​ក្នុង​ការចរចា ប្រសិនបើ​អ្នក​សង្ឃឹមថា ចង់​ចាប់​អ្នក​ជួល​កម្រិត​ទាំងនេះ។

លោក​បន្តថា “តើ​អ្នក​ឧស្សាហ៍​យកចិត្តទុកដាក់​ចំពោះ​វិធីសាស្ត្រ​របស់​អ្នក​អភិវឌ្ឍន៍ ចំពោះ​គម្រោង​នេះដែរ​ឬទេ? ល​តើ​ពួកគេ​បានគិត​យ៉ាងច្បាស់​អំពី​ការគ្រប់គ្រង​អចលនទ្រព្យ ហើយ​តើ​ពួកគេ​កំណត់​ថ្លៃ​សេវាកម្ម​យ៉ាងដូចម្តេច?” ។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank Cambodia យល់ស្រប​ថា ការគិតថ្លៃ​សេវាកម្ម ជាពិសេស​ថា តើ​វា​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​អគារ​នេះ​ដែរឬទេ – គួរតែ​ពិនិត្យឡើងវិញ ដោយ​យកចិត្តទុកដាក់។

លោក បាន​ថ្លែ​អថា “ខណៈ​វិនិយោគិន​ជាច្រើន​យល់ថា​ថ្លៃ​សេវាកម្ម​ទាប​ជាការ​សន្សំ​ថ្លៃដើម​ក្នុង​រយៈពេល​ខ្លី ផលប៉ះពាល់​រយៈពេល​វែង​លើ​ការវិនិយោគ​អាច​កើតឡើង​នាពេលខាងមុខ ប្រសិនបើ​ថ្លៃ​សេវាកម្ម​មិន​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ថ្លៃដើម។ ទី​ពីរ តើ​អ្នកណា​នឹង​គ្រប់គ្រង​អចលនទ្រព្យ? កត្តា​ទាំងនេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​តម្លៃ​នាពេល​អនាគត” ។

ក្រុមហ៊ុន Knight Frank មើលឃើញ​ពី​ការកើនឡើង​នៃ​ចំនួន​អ្នកវិនិយោគ​ពី​ហុងកុង ដែល​ឥឡូវនេះ​កំពុង​សម្លឹងមើល​ឱកាស​នៅ​កម្ពុជា​ទាំង​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ប្រទេស​ចិន។

ទោះបី​ការជួល​ក្នុង​វិស័យ​ខុន​ដូ​លំដាប់​ប្រណីត​នៅ​ភ្នំពេញ​បាន​ធ្លាក់ចុះ ២៥ ភាគរយ ចាប់តាំងពី​ដើមឆ្នាំ ២០១៧ ដោយសារ​ការផ្គត់ផ្គង់​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​លោក Wheble ជឿជាក់ថា កម្ពុជា​នៅតែ​ល្អ​សម្រាប់​វិនិយោគិន​បរទេស​ក្នុងការ​ពិចារណា។

លោក​ថ្លែងថា “ពិតមែន ប៉ុន្តែ​នេះ​ទាមទារ​ចំណេះដឹង​ទីផ្សារ និង​ការយល់ដឹង​ពី​តម្រូវការ​នាពេល​អនាគត។ ដើម្បីឱ្យ​ទីផ្សារ​មាន​និរន្តរភាព វា​ចាំបាច់​ត្រូវ​ជំរុញ​ដោយ​តំរូវការ​ក្នុងស្រុក ហើយ​វិនិយោគិន​គួរតែ​ផ្តោតលើ​គម្រោង ដែលមាន​តំលៃ​សមរម្យ​នៅ​កម្ពុជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here