ដោយវុត្ថា
ភ្នំពេញៈ ក្នុងរយះពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនឹងកើនឡើងរាប់ពាន់ហិចតា ជាពិសេសគម្រោងលំនៅឋាននៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ស្របតាមកំណើនប្រជាប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះផ្លូវវាងក្រុងដ៏សំខាន់នេះបាននិងកំពុងស្ថាបនា និងឈានទៅបញ្ចប់តាមផែនការ។
លោកស្រី តាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងកាលពីពេលថ្មីៗនេះ ថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួន ជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុង ទី៣ខេត្តកណ្តាលឬក៏ថា៣០ទៅ៤០ គីឡូម៉ែត្រចូលក្រុង។
លោកស្រីបន្តថា “ការពង្រីកនេះដោយសារជីវភាពប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមឱ្យមានលំនៅឋានកាន់តែច្រើន នៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ”។
លោកស្រីបន្ថែមថាម្យ៉ាងទៀតតាមផែនការរបស់រដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យរោងចក្រសហគ្រាសនិងសិប្បកម្មផ្សេងៗឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានាដើម្បីងាយស្រួលក្នុងការដឹកជញ្ជូននិងកាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។
លោកឃួងស្រេងអភិបាលរជធានីភ្នំពេញបានឱ្យដឹងកាលពីពេលថ្មីៗនេះថាទីក្រងភ្នំពេញមានការរីកចំរើនដែលសេដ្ឋវិទូមិនស្មានដល់ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅនិងចរាចរណ៍នៅក្នុងទីក្រុងកើនជាង៣លាននាក់និងពង្រីកក្រុងពី៣០០ទៅ៧០០ម៉ែត្រក្រឡា។
លោកបន្តថា “ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើន ជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗជាច្រើនផងដែរ”៕