សម្ដេច​តេ​ជោ៖ កម្ពុជា​ទទួលបាន​ដី​ជាង ២០០០ហិកតា​ពី​ការដោះដូរ​ជាមួយ​វៀតណាម      

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន​បាន​អះអាងថា កម្ពុជា​នឹង​ទទួលបាន​ដី​ជាង២០០០ហិកតា ពី​ការដោះដូរ​ជាមួយ​វៀតណាម ក្នុងការ​រៀបចំ​ព្រំដែន​រវាង​ប្រទេស​ទាំង២ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​សួន​ទឹក​ស៊ី​ធី ហ្កា​ឌិន​ស្ថិតក្នុង​តំបន់​ទីក្រុង​រណប​តេ​ជោ​មរកត​នា​ព្រឹក​ថ្ងៃទី១៦ សីហា​នេះ​ថា រដ្ឋាភិបាល​បាន​ត្រៀម​យក​ដី​ទាំងនេះ ធ្វើ​សម្បទាន​សង្គមកិច្ច ប្រគល់ជូន​កងទ័ព​ការពារ​ព្រំដែន និង​នគរបាល​តាម​ព្រំដែន ក៏ដូចជា​អតីតយុទ្ធជន ដែល​គ្មាន​ដី​សម្រាប់​តាំង​លំនៅដ្ឋាន។សម្តេច​បន្តថា ដី​ដែល​នឹង​ទទួលបាន​ជាង ២០០០ហិកតា​នេះ នឹង​ប្រគល់ឱ្យ​ថ្នាក់​ខេត្ត​គ្រប់គ្រង និង​ត្រៀម​រៀបចំ​សម្រាប់​កង​ទ័​ព្ធ​ការពារ​នៅ​តំបន់​ព្រំដែន។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “ឥឡូវនេះ​នៅតាម​តំបន់​ព្រំដែន​ទាំង២ វៀតណាម​ត្រូវប្រគល់​ដី​ជាង ២០០០ហិកតា ដែល​យើង​កំពុងតែ​ត្រៀម ហើយ​ខ្ញុំ​បាន​បញ្ជា​ហើយ ដី​នេះ​នៅពេលដែល​វៀតណាម​ប្រគល់ឱ្យ​កម្ពុជា ត្រូវប្រគល់​ឲ្យ​ខេត្តហើយ​ត្រូវ​ធ្វើជា​ដី​សង្គមកិច្ច ប្រគល់ឱ្យ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន” ។ សម្តេច​បន្ថែមថា “ខ្ញុំ​មាន​ចំណារ​លើ​ឯកឧត្តម​វ៉ា គឹម ហុង អញ្ចឹង​ឯកឧត្តម​ជា សុផារ៉ា នៅពេល​ក្រោយ ត្រូវ​ត្រៀម​យក​ដី​នេះ យើង​ឱ្យ​ខេត្ត​គ្រប់គ្រង ហើយ​អាទិភាព​ប្រគល់ឱ្យ​កងទ័ព នគរបាល និង​អតីតយុទ្ធជន ដែល​គ្មាន​ដីធ្លី” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​រំលឹកថា ការរៀបចំ​ព្រំដែន​នេះ គឺ​កម្ពុជា​យកតាម​ផែនទី ដែល​ត្រូវបាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ ហើយ​បា​រាំងជា​អ្នក​គូស កាលពី​អតីតកាល។ សម្តេច​បាន​គូស​រំលេច​ពី​ការដោះដូរ​ដី​មួយកន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​ស   ម្តេច ហេង សំរិន ព្រោះ​កាល​មិនទាន់​រៀបចំ​ព្រំដែន​ថ្មី ភូមិ​មួយ​នេះ​ស្ថិតនៅ​លើដី​វៀតណាម មាន​ចំនួន៥០០ហិកតា ធ្វើឱ្យ​កម្ពុជា​ត្រូវរ​កដី​ដូរ​ជាមួយ​វៀតណាម ឲ្យ​បាន៥០០ហិកតា​វិញ​ដែរ។

សម្តេច​តេ​ជោ​បាន​ពន្យល់ថា “ភូមិ​ខ្មែរ​មួយចំនួន ដែល​ចូលទៅ​ភាគី​វៀតណាម ដោយសារតែ​ខ្សែបន្ទាត់​ព្រំដែន របស់​បារាំង​បាន​គូស​បែប​នោះ។ ហេតុនេះហើយ​ទើប​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀងគ្នា​ក្នុងការ​ដោះដូរ​ដី​ភូមិរៀងៗខ្លួន” ។

បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​ទាំងពីរ​មាន៣ជម្រើស​ក្នុង​ការរៀបចំ​ព្រំដែន ត្រង់ចំណុចពិបាកៗដូចនេះ រួមមាន៖ ជម្រើស​ទី១ ត្រូវ​កាត់​ភូមិ​សម្តេច ហេង សំរិន ទៅឱ្យ​វៀតណាម​គ្រប់គ្រង ដោយ​រក្សាទុក​ខ្សែ​ព្រំដែន​ដដែល។ ជម្រើស​ទី២ រក្សា​ខ្សែ​ព្រំដែន​ដដែល ប៉ុន្តែ​រើ​ភូមិ​របស់​សម្តេច ហេង សំរិន​ចេញ ហើយរ​កដី​ឱ្យ​គាត់​ធ្វើ​ភូមិ​ថ្មី​នៅក្នុង​ដី​ខ្មែរ។ រីឯ​ជម្រើស​ទី៣ ត្រូវ​ដោះដូរ​ដី​គ្នា ដោយ​រៀបចំ​ខ្សែ​ព្រំដែន​ជាថ្មី។ កម្ពុជា-វៀតណាម បាន​ព្រមព្រៀងគ្នា ដោះស្រាយ​បញ្ហា​នេះ​ដោយ​យក​ចំណុច​ទី៣ គឺ​ត្រូវ​ដូរ​ខ្សែ​ព្រំដែន ដោយ​គូស​ខ្សែ​ព្រំដែន​ថ្មី ព័ទ្ធ​យក​ភូមិ​សម្តេច​ហេង សំរិន ឱ្យមក​នៅក្នុង​ដី​ខ្មែរ។

សម្តេច​តេ​ជោ ហ៊ុន សែន​បានបញ្ជាក់​ជាថ្មី​ថា ការរៀបចំ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បានធ្វើ​តាម​ផែន​ទីបោ​ន ១/១០០ ០០០ និង​ផែនទី UTM ១/៥០ ០០០ ។ សម្រាប់​ផែនទី១/២៥ ០០០ គឺធ្វើឡើង​ដើម្បី​ងាយស្រួល ក្នុង​ការមើល​និយាម​ការ​លើ​ព្រំដែន​ជាក់ស្តែង។

សម្តេច​តេ​ជោ​បាន​ថ្លែងថា “ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង មិន​ស្ថិតនៅលើ​មាត់​របស់​ក្រុមប្រឆាំង​ទេ គឺ​ស្ថិតនៅលើ​ច្បាប់​អន្តរជាតិ” ។

កម្ពុជា​និង​វៀតណាម មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង ១,២៧០គីឡូម៉ែត្រ ដោយយោង​ទៅតាម​ការកំណត់​ក្នុង​ផែនទី​បោ​ន​ខ្នាត១ លើ១០០,០០០ ដែល​បន្សល់ទុក​ពីស​ម័ យ​អាណានិគម និង​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ ការបោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៥ មក ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន​ការបោះបង្គោល​ព្រំដែន​នេះ សម្រេចបាន​ប្រមាណ ៨៤ភាគរយ​ហើយ៕

រដ្ឋបាលខេត្ត​កែប កំពុង​ព​ន្លឿ​ន​ល្បឿន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត

ដោយៈ វុត្ថា

កែបៈ រដ្ឋបាលខេត្ត​កែប​បាននិងកំពុង​ជំរុញ និង​ព​ន្លឿ​ន​ល្បឿន​នៃ​កិច្ចអភិវឌ្ឍន៍ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ខេត្ត​ឱ្យ​កាន់​តែមាន​សោភ័ណភាព ដើម្បី​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍ ដែល​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ១៣៣៥ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា កែប ជា​ខេត្ត​ដែលមាន​អំណោយផល​ពី​ធម្មជាតិ ដែលមាន​សក្ដានុពល​ខ្ពស់ ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​តំបន់ឆ្នេរ តំបន់ភ្នំ​មាត់​ព្រែក ដែល​កំពុងមាន​ការចូល​រួម​ពី​វិស័យ​ឯកជន​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង។

លោក​បន្តថា “ខេត្ត​កែប​បច្ចុប្បន្ននេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មានការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ជា​បន្តបន្ទាប់ ខេត្ត​បាន​នឹង​កំពុង​ប្រឹងប្រែង កសាង ជួសជុល​ផ្លូវ​ក្នុង​ខេត្ត​ទាំង​នៅ​ទីក្រុង និង​នៅ​ជនបទ” ។ លោក​បន្តថា “អាជ្ញាធរខេត្ត​បានរៀបចំ​តំបន់​កំសាន្ត​នានា អោយ​កាន់​តែមាន​ភាពស្រស់​ត្រកាល និង​អនាម័យ​ល្អ ខ្យល់អាកាស់​បរិសុទ្ធ និង​ទិដ្ឋភាព​គួ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូលមក​សម្រាកលំហែរ​កំសាន្ត នៅ​ខេត្ត​កែប កាន់តែច្រើនឡើង” ។

លោក​បាន​បន្ថែមទៀតថា នេះ​ជា​សកម្មភាព​មួយ ដោយ​អនុវត្តតាម​គោលនយោបាយ​ជាតិ​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​គ្រប់ពេលវេលា ដោយ​ផ្តោត​សំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាចធ្វើ​ដំណើ​ត្រង់​ទៅលេង​ឆ្នេរកែប ឬ​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សា​តាមផ្លូវ​នេះ បាន​យ៉ាង​ងាយស្រួល។

តាម​របាយការណ៍​រប​ស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានឱ្យដឹងថា កំណាត់​ផ្លូវ​ខេត្ត​លេខ១៣៣៥ នេះ​មាន​ប្រវែង​សរុប៧គឺ​ឡូ​ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុង​នោះបាន​កសាង និង​ចាក់​កៅស៊ូ DBST រួចរាល់​ចំនួន ៤.៩គឺ​ឡូ​ម៉ែត្រ​ស្មើនឹង ៧០ភាគរយ ក្នុង​ឆ្នាំ២០២០ នឹង​នេះ​បន្ត​ជួសជុល និង​ចាក់​កៅស៊ូ​បន្ថែម​ប្រវែង ១.៩គឺ​ឡូ​ម៉ែត្រ​ទៀត ដោយ​អម​ជាមួយនឹង​សំណង់​សិល្បការ​ជាច្រើន​ទៀត៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡាងឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ទី៤នៃខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមរយៈអនឡាញ និងអមដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ នឹងរៀបចំឡើងក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម” ដោយថ្នាក់ដឹកនាំនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

ថ្នាក់ដឹកនាំដែលរួមមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក៏នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺ Covid-19។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕

រដ្ឋបាលខេត្តកំពតជំរុញការដោះស្រាយដីធ្លីនៅសេសសល់ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខ្លួន

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតបើកិច្ចប្រជុំជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្រ្តនៃខេត្តកំពត ដែលនៅសេសសល់មិនទាន់ដោះស្រាយរួច ស្របតាមអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត នៅក្នុងកិច្ចប្រជុំស្ដីពី បញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្រ្តនៃខេត្តកំពតកាលពីថ្ងៃទី ១៤ ខែសីហាម្សិលមិញនេះឱ្យដឹងថា ការងារកាត់ឆ្វៀលដីពាក់ព័ន្ធក្នុងតំបន់ការពារធម្មជាតិ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញលើកកម្ពស់ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានស្របច្បាប់ដើម្បីកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ក្នុងដំណើរការចុះអនុវត្តសកម្មភាពវាស់វែងឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅលើទីតាំងដីដែលស្ថិតក្នុងដែនតំបន់ការពារធម្មជាតិឬគម្របព្រៃឈើក្នុងខេត្ត ឲ្យមានការប្រុងប្រយ័ត្ននិងឱ្យបានលឿនឆាប់រហ័ស ដោយកំណត់ក្នុងការប្រមូលទិន្នន័យនិងកសាងឯកសារមន្ទីរបរិស្ថានខេត្តនិងរដ្ឋបាលព្រៃឈើខេត្តឲ្យបានហើយនៅក្នុងចុងខែសីហាឆ្នាំ ២០២០នេះ ។

ជាមួយនឹងការអនុវត្តសកម្មភាពការងារនេះ លោកអភិបាលខេត្ត ក៏បានណែនាំ ត្រូវមានការយកចិត្តទុកដាក់ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព នឹងទទួលលទ្ធផលបានល្អប្រសើរឆ្លើយតបទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសំណើរបស់ក្រសួងបរិស្ថាន និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឱ្យ មានប្រសិទ្ធភាពខ្ពស់។

យោងតាមទិន្នន័យរបស់មន្ទីរបរិស្ថានខេត្តកំពត មានតំបន់ការពារធម្មជាតិចំនួន២ នៅក្នុងខេត្តកំពត គឺទី១-តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច មិនមានជាប់ពាក់ព័ន្ធ បញ្ហាសេសសល់ដីប្រជាពលរដ្ឋអាស្រ័យផលទេ ដោយសារតំបន់នោះជាតំបន់បឹង និងមានបង្គោលព្រំ ច្បាស់លាស់។

ទី២-ឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងនិងស្រុកចំនួន៣ គឺក្រុងកំពត ស្រុកទឹកឈូនិងស្រុកឈូក ។ ក្នុងស្រុកទាំងបីនៃតំបន់ការពារធម្មជាតិនេះ គឺនៅក្នុងស្រុកទឹកឈូ ដែលមានបញ្ហាដីធ្លីនៅសេសសល់ មិនទាន់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឡើយ ៕

តំបន់ទេសចរណ៍សំខាន់ចំនួន ៣ រំពឹងថានឹងមានភ្ញៀវទៅលេងច្រើននៅក្នុងថ្ងៃឈប់សំរាកសប្តាហ៍ក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរនៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើននៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍យកចិត្តទុកដាក់វិធានការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់ សណ្ឋាគារ និង បឹងហ្គាឡូច្រើន។

លោកស្រីបន្តថា “នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានប្រជាពលរដ្ឋយើងកត់ច្រើននៅខាងតំបន់ឆ្នេរ (កែប កំពត និងកំពង់សោម) តំបន់ឦសាន្ត និងខេត្តសៀមរាបក៏មានច្រើនដែរដោយខេត្តមួយនេះ បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីកំសាន្តសំខាន់ជាច្រើន” ។

លោកស្រីបន្ថែមថា “សម្រាប់ខេត្តសៀមរាបនេះ គឺមានការផ្គត់ផ្គង់ក៏មិនទាន់ពេញដូចខាងតំបន់ឆ្នេរ និងតំនប់ឦសាន្ត នោះទេ ដោយសារតែការផ្គត់នៅក្នុងខេត្តសៀមរាបនេះ មានបរិមាណច្រើន និងផ្គត់ផ្គង់តែសម្រាប់ភ្ញៀវបរទេសនាពេលកន្លងមកនេះ ខណៈបច្ចុប្បន្ននេះមានតែភ្ញៀវនៅក្នុងស្រុក ”។

លោក តុប សុភក្តិ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃឈប់សំរាកខាងមុខនេះ ក្រសួងទេសចរណ៍មិនទាន់បានកំណត់គោលដៅតំបន់ទេសចរណ៍ខាងណាថាមានប្រជពលរដ្ឋយើងទៅលេងច្រើនោះទេ ខណៈដែលកម្ពុជាមានតំបន់ទេសចរណ៍ច្រើនសម្រាប់បំរើដល់ពួកគាត់។

លោកបន្តថា “ប្រជាពលរដ្ឋយើងអាចទៅលេងកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍ណាដែលពួកគាត់មានលទ្ធភាពជាក់ស្តែង ដូច្នេះ ហើយក្រសួងមិនទាន់ហ៊ាននិយាយថាពួកគាត់ទៅលេងតំបន់ណានោះទេ តែ ក្នុងរបាយការណ៍ ៧ កន្លងមកនេះ ពលរដ្ឋខ្មែរយើងបានចេញទៅលេងនៅតំបន់ឆ្នេរ និងប៉ែកឦសាន្តប្រទេសច្រើនជាងតំបន់ផ្សេងៗ”។

លោកបន្តថា “ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានការណ៍មួយចំនួនសម្រាប់ប្រតិបត្តិករទេសចរណ៍ សេវាទេសចរណ៍ និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសឱ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការការពារពីការឆ្លងជំងឺកូវីដ ១៩ ផងដែរ”។

ក្រសួងទេសចរណ៍បានជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសក្នុងថ្ងៃឈប់សម្រាករយៈពេលវែងខាងមុននេះ ដោយបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន ៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម៕

អនុស្ថានីយ៍បញ្ជូនថាមពលកម្លាំង២៣០គីឡូវ៉ុលនៅខេត្តកោះកុងត្រូវបានដាក់ឱ្យដំណើរការ

ដោយ ៖ រ៉ាណេត​

កោះកុង ៖ ដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកោះកុងបានទទួលសមិទ្ធិផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុល ត្រូវបានដាក់ឱ្យដំណើរការបម្រើការប្រើប្រាស់ និងផ្គត់ផ្គង់ស្រុកចំនួន៤។

លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា អគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០គីឡូវ៉ុលពីអនុស្ថានីយ៍ចម្ការហ្លួង ស្រុកកំពង់សីលា (ផ្លូវបំបែកស្រែអំបិល) មកស្រុកបូទុមសាគរ ប្រវែង ៥៤គីឡូម៉ែត្រ ព្រមទាំងដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលនៅក្នុងស្រុកបូទុមសាគរនេះ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូននិងការផ្គត់ផ្គង់ចែកចាយអគ្គិសនី ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ គីរីសាគរ កោះកុង និងស្រុកស្រែអំបិល នៃខេត្តកោះកុង។

លោក កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះស្ថិតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាពនៃការបញ្ជូនផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។

គម្រោងនេះត្រូវបានសិក្សាត្រួតពិនិត្យដោយវិស្វកររបស់អគ្គិសនីកម្ពុជាតាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ២០១៤ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង EDF ហើយសាងសង់ដោយក្រុមហ៊ុនធំៗរបស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល និង TBEA សម្រាប់អនុស្ថានីយ ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល។

គម្រោងនេះមិនត្រឹមតែឲ្យយើងទទួលបាននូវមួយផ្នែក នៃហេដ្ឋារចនាសម្ព័ន្ធជាតិបញ្ជូនអគ្គិសនីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) នូវបច្ចេកវិជ្ជាទំនើបពីបណ្តាជំនាញបច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ដោយខ្លួនឯងនៅពេលអនាគត។ ខ្សែបញ្ជូននេះជាផ្នែកមួយនៃប្រព័ន្ធជាតិបញ្ជូនអគ្គិសនីភាគខាងត្បូង ដែលគ្រោងនឹងភ្ជាប់ជាមួយខេត្តកោះកុងនៅចុងឆ្នាំ២០២០នេះ ដើម្បីបង្កើតបានជាប្រព័ន្ធកងបញ្ជូនធំមួយទៀតឆ្លងកាត់ខេត្តព្រះសីហនុ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចបញ្ជូនថាមពលជួយគ្នាទៅវិញទៅមកដោយយកប្រភពពីរោងចក្រធ្យូងថ្មខេត្តព្រះសីហនុ និងបណ្តាវារីអគ្គិសនីភាគខាងលិច ក្នុងខេត្តកោះកុង និងពោធិសាត់។

លោក កែវ រតនៈ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅក្នុងតំបន់ស្រុកបូទុមសាគរ គីរីសាគរ និងភាគខ្លះនៃស្រុកស្រែអំបិល និងស្រុកកោះកុង នឹងទទួលបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានគុណភាព និងស្ថិរភាព ល្អប្រសើរជាងមុន ពីប្រភពផ្គត់ផ្គង់ថ្មីនេះជំនួសការយកថាមពលពីប្រភពអនុស្ថានីយ៍ឆ្ងាយៗដូចពីមុន បញ្ជូនតាមបណ្តាញតង់ស្យុងមធ្យមដែលជារឿយៗតែងជួបប្រទះការរអាក់រអួលដោយសារមែកឈើប៉ះ បណ្ដាលពីខ្យល់ព្យុះ ភ្លៀងខ្លាំង មកលើបង្គោលបេតុងតូចៗដែលដាំតាមផ្លូវជាដើម។

ជាមួយគ្នានេះដែរ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ថ្មីនេះអាចផ្តល់លទ្ធភាពបញ្ជូនថាមពលរហូតដល់៦០០មេហ្កាវ៉ាត់ ដែលអាចពង្រីកបន្ថែមការអភិវឌ្ឍន៍តាមរបៀង មាត់សមុទ្ររបស់ប្រទេសយើងតាមផ្លូវជាតិលេខ ៤៨ ដែលនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស៕

កម្ពុជា និងសឹង្ហបុរីនឹងចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញនៅខែក្រោយ

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍Silk Air របស់ប្រទេសសឹង្ហបុរី ដែលមានទិសដៅហោះហើរសឹង្ហបុរី–ភ្នំពេញ–សឹង្ហបុរីត្រូវបានរំពឹងថានឹងចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញនៅខែកញ្ញាខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានទទួលការយល់ព្រម ក្នុងការបន្តជើងហោះហើររបស់ខ្លួនឡើងវិញ ហើយក៏ទទួលបានការយល់ព្រមសម្រាប់អ្នកដំណើរ ដែលធ្វើដំណើរពីប្រទេសកម្ពុជាឆ្លងកាត់នៅសិង្ហបុរីផងដែរ។ ការវិវឌ្ឍវិជ្ជមាននេះកើតឡើង បន្ទាប់ពីប្រទេ​សកម្ពុជាផ្អាកជើងហោះហើរពីគោលដៅចំនួន៣ដូចជាប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងហ្វីលីពីន។

ទន្ទឹមនឹងនេះ នៅក្នុងការវិវត្តផ្សេងទៀត ប្រទេសជប៉ុន នឹងសិង្ហបុរីបានព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១០ ចាប់ពីខែកញ្ញាខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោកToshimitsu Motegi បាននិយាយថា លោកបានឯកភាពជាមួយភាគីសឹង្ហបុរី លោក Vivian Balakrishnan ថាប្រទេសទាំងពីរនឹងចាប់ផ្តើមធ្វើទស្សនកិច្ចទៅវិញទៅមករបស់អ្នកជំនួញនិងជនបរទេសចាប់ពីខែកញ្ញាខាងមុខនេះប្រសិនបើពួកគេចាត់វិធានការប្រុងប្រយ័ត្នជាមុន។

ប្រទេសជប៉ុនបច្ចុប្បន្នបានហាមឃាត់១៤៦ប្រទេស ក្នុងការចូលក្នុងប្រទេសរបស់​ខ្លួនជាគោលការណ៍បានឱ្យដឹងកាលពីចុងខែកក្កដាថាខ្លួននឹងបើកការពិភាក្សាថ្មីជាមួយប្រទេស១២រួមទាំងប្រទេសសឹង្ហបុរីផងដែរអំពីវិធីសាស្រ្តក្នុងការធ្វើដំណើរឡើងវិញ។

រដ្ឋមន្រ្តីទាំងពីររូបនៅក្នុងជំនួបផ្ទាល់លើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនក៏មានផែនការពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូងដែលចិនកំពុងបង្កើនការទាមទារដែនសមុទ្រនិងមធ្យោបាយដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

ក្រុមរដ្ឋមន្រ្តីទាំងពីរត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរទស្សនគ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ដែលអាចប៉ះពាល់ដល់ការបង្កើត មជ្ឈមណ្ឌលអាស៊ាន៕ KT/BangkokPost


ឳកាសពិសេស! អញ្ជើញមកបុរីប៊ុនលីនឹងទទួលបាន10,000​​ដុល្លារ និងកាតសមាជិកជាមួយអត្ថប្រយោជន៍ជាច្រើន

ដោយសាមឿន

ភ្នំពេញៈ ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោនហោស៍– ប៊ីTown House-B ដំណាក់កាលទី២ ក្នុង​ទីតាំងថ្មីគម្រោងតែមួយ ដែលមានត្រឹមតែ50ខ្នងតែប៉ុណ្ណោះ​ បុរី ប៊ុន លី ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់$10,000 ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើ​ញមក ការិយាល័យលក់ចាប់ពីថ្ងៃទី24 ខែសីហា រហូតដល់ថ្ងៃទី24 ខែកញ្ញា ឆ្នាំ​2020ខាងមុខនេះ។


បន្ថែមពីនេះ បុរី ប៊ុន លី ក៍ផ្តល់ជូន​កាតសមាជិកពិសេស​ ជា​កាដូ​ដល់​អតិថិជនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអតិថិជនគ្រាន់តែអញ្ចើញ មកការិយាល័យលក់ ដើម្បីទទួ​លបានកាតសមាជិកដោយគ្មានលក្ខខណ្ខ។ នេះជាការ​លើកទឹកចិត្ត​ និង​ដើម្បី​តបស្នង​ជូន​ដល់អតិថិជនទាំងអស់ដែរមានទំនុកចិត្ត ជឿជាក់លើគម្រោងរបស់បុរី ប៊ុន លី​។

គម្រោង​ ថោន ហោសន៍ ប៊ី (Town-House B) ថ្មីរបស់បុរី ប៊ុន​ លីនេះនឹងក្លាយជា  ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុន​ លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្ម ដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជន ក្នុងតំបន់ដែ​ល​​កំ​ពុង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ៣ហិកតា។


គម្រោងបុរី ប៊ុន​ លី ផ្តល់ជូនជាប្រភេទផ្ទះ​២ប្រភេទ និង​៤ជម្រើស ដូចជា ហ្សប ហោស៍ អេ​​ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-B), ថោនហោស៍ អេ (Town House-A), និង​ ថោនហោស៍ ប៊ី (Town House-B) ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមរយៈលេខ៖ 010/068/077 22 77 89 ឬតាមអាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ៕

ក្រុមហ៊ុនផ្សារទំនើប AEON Mall3តម្លៃជិត៣០០លានដុល្លារចាប់ផ្ដើមសាងសង់សំណង់ការិយាល័យហើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់ផ្សារទំនើបAEON3 ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោកែងផ្លូវ៥០ម៉ែត្រ បានចាប់ផ្តើមសាងសង់ទីស្នាក់ការ សម្រាប់អ្នកបច្ចេក​ទេ​សនិងបុគ្គលិកជំនាញដែលនឹងគ្រោងប្រារព្វពិធីបុកគ្រឹះសាងសង់ជាផ្លូវនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ទីតាំងគម្រោងសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិទី៣របស់ក្រុមហ៊ុន AEON Mall បានចាប់ផ្តើមសង់សំណង់ផ្ទាល់ដីសម្រាប់ជាទីស្នាក់ការនៃការដ្ឋានរបស់ក្រុមអ្នកបច្ចេកទេសនិងបុគ្គលិកជំនាញផ្នែកសំណង់ខណៈដែលសម្ភារៈសម្រាប់សាងសង់និងថ្មគ្រឹះបាននិងកំពុងត្រៀមដឹកជញ្ជូនយកមកកាន់កំពង់ផែព្រះសីហនុ។

តាមប្រភពព័ត៌មានដែលជឿទុកចិត្តបានបញ្ជាក់ប្រាប់ថា ការបុកគ្រឹះសាងសង់ផ្សារទំនើបដ៏ធំរបស់ជប៉ុននេះ នឹងចាប់ផ្តើមនៅខែតុលាយ៉ាងយូរបំផុត ឬអាចបន្តត្រឹមដំណាច់ឆ្នាំនេះ និងមិនឆ្លងចូលដល់ដើមឆ្នាំ២០២១នោះទេ។ ជាក់ស្ដែងពេលនេះ ក្រុមហ៊ុនតំណា​ងនៅកម្ពុជាបានចាប់ផ្តើមសាងសង់សំណង់ផ្ទាល់ដីសម្រាប់ធ្វើការិយាល័យនៃការដ្ឋានហើយ។

លោកបានបញ្ជាក់ថា “វាជាការធម្មតាទេ គ្រប់ការដ្ឋានទាំងអស់ គឺត្រូវតែមានការិយា​ល័យ ឬទីស្នាក់ការសម្រាប់បុគ្គលិកបច្ចេកទេស និងបុគ្គលិកជំនាញផ្នែកសាងសង់”។ លោកបន្តថា “បន្ទាប់មកគេនឹងនាំយកសម្ភារៈសំខាន់ៗ សម្រាប់សាងសង់ដំបូង ជាពិសេ​សថ្មសរសរគ្រឹះ ដែលកំពុងត្រៀមដឹកជញ្ជូនយកមកជាបណ្តើរៗ ខណៈដែលរាល់ឯកសារដឹកជញ្ជូនត្រូវបានរៀបចំរួចរាល់ជាស្រេច”។

លោកបន្តឲ្យដឹងទៀតថា“ខ្ញុំមិនអាចបញ្ជាក់ថាបុកគ្រឹះថ្ងៃទីប៉ុន្មាននោះទេ ប៉ុន្តែអា​ច​ប្រាប់ថានៅក្នុងខែតុលា ឬយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២០នេះ ហើយនឹងត្រូវបញ្ចប់ទាំង​ស្រុងមិនលើសពី២៧ខែក្រោយពេលបុកគ្រឹះនោះទេ”។

គម្រោង Aeon Mall 3 ជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា និងមានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ Aeon Mall3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ក្រោមទំហំទុនវិនិយោគប្រមាណ៣០០លានដុល្លារ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

តើវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងវិវត្តន៍យ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការប្រែប្រួលចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដ១៩ ដែលបណ្តាក្រុមហ៊ុនវិនិយោគ និងអ្នករកស៊ីក្នុងវិស័យនេះបានឹងកំពុងខិតខំប្រឹងប្រែងទប់ ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមតែមួយរស់ និង ស្វែងរកយុទ្ធសាស្ត្រីថ្មី ក្នុងការវិនិយោគស្របតាមកាលៈទេសៈដ៏លំបាកនេះ។

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលោកច្រឹក សុខនីមបានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្រុមហ៊ុនវិនិយោគនីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែង ឱ្យបានតែមួយរស់ៗតែប៉ុណ្ណោះ  នៅក្នុងវិបត្តិជំងឺកូវីដ ១៩នាពេលនេះ បើទោះបីវិស័យអចលនទ្រព្យមួយចំនួន របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការឡើងថ្លៃខ្ពស់នោះទេ ហើយក៏មិនមានការធ្លាក់ថ្លៃផងដែរ។

លោកបញ្ជាក់ថា“ស្ថានភាពទីផ្សារអចលនទ្រព្យនៅពេលនេះ ហាក់នៅទ្រឹង ហើ​យយើងក៏ឃើញមានការលក់ អចលនទ្រព្យមួយចំនួនក្នុងស្ថានភាពបន្ទាន់ និងចុះតម្លៃផ្សេង​ៗ”។លោកបន្តថា “អ្វីៗវិវត្តន៍ទៅតាមស្ថានភាពបុគ្គល ឬម្ចាស់អចលនទ្រព្យប៉ុណ្ណោះ  តែយ៉ាងណានៅក្នុងស្ថានភាពបែបនេះ គឺមិនមានបញ្ហាធ្លាក់ចុះ ឬវិបត្តិធ្ងន់ធ្ងរខ្លាំងក្លានៅក្នុងវិស័យអចលនទ្រព្យនោះទេ”។

លោកច្រឹក សុខនីមបន្ថែមថា ការវិនិយោគឬការទិញ–លក់ផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បនេះមានតែនៅក្នុងស្រុកប៉ុណ្ណោះខណៈអ្នកមកពីខាងក្រៅគឺមិនមាននោះទេដែលបញ្ហានេះទាមទាពេលវេលាយូបន្ថែមទៀតឬរហូតដល់ស្ថានភាពសេដ្ឋកិច្ចសកលមានភាពធូស្រាយនិងអាចទប់ស្កាត់បាននូវការរីករាលនូវជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន EASY PROPERTY INVESTMENTបានឱ្យដឹងដែរថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់ឈាន់ដល់ការព្រួយបារម្ភខ្លាំងពេកនោះទេ ខណៈដែលការទិញលក់នៅតែបន្តមានកសកម្មភាពជាធម្មតាម ។

លោកបន្តថា “តម្លៃអចលនទ្រព្យវិញ ក៏មិនទាន់ជាមានបញ្ហាផងដែរ ហើយក៏មិនទាន់មានឃើញនណាម្នាក់ យល់ព្រមទំលាក់តម្លៃខ្លាំងហួសហេតុផងដែរ”៕