ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តម្លៃជិត១០០លានដុល្លារ អាចបញ្ចប់មុនការកំណត់

ដោយ ៖ រ៉ាណេត

ព្រៃវែង ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១១ ដែលមានប្រវែង៩៦គីឡូម៉ែត្រ អាចនឹងបញ្ចប់មុន៨ខែនៃកាលកំណត់រវាងក្រុមហ៊ុន និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។ នេះបើតាមការអះអាងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិ១១ រួមជាមួយនឹងរង្វង់មូលអ្នកលឿង និងរង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូAC សម្រេចការសាងសង់បានចំនួន ៩១,១៤ ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថាឱ្យដឹងថា ផ្លូវនេះមានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤ គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណត់ផ្លូវនេះជាកំណត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយដែលចាំបាច់ត្រូវពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះ សម្រេច បាន ៩១,១៤ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ។ ជាមួួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។

លោកបានគូសបញ្ជាក់ថា សម័យតេជោសែន ផ្លូវត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកទាំងក្រុងប្រទេស និងក្នុងតំបន់ ពោលគឺយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសដោយមិនចាំបាច់ត្រឡប់ថយក៏បាន។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ក៏ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិយើង ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ៕

អាជ្ញាធរជាតិអប្សារាអនុញ្ញាតឱ្យពលរដ្ឋជួសជុលផ្ទះ និងសាងសង់សំណង់បានចំនួន ១១១០គ្រួសារ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះនិងសាងសង់សំណង់តូចតាចរបស់ប្រជាពលរដ្ឋ បានចំនួន ១១១០គ្រួសារ គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ៤ ខែឧសភានេះឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ ក្រុមការងារសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះនិងសាងសង់តូចតាចតាមភូមិមួយចំនួនក្នុងតំបន់ឧទ្យានអង្គរបានចំនួន ១៥២៣គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១១១០គ្រួសារ ។

របាយការណ៍ដដែលបន្តថា ករណីអនុញ្ញាតនេះ បានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១១៤គ្រួសារ ស្រុកអង្គរធំចំនួន៧៥គ្រួសារ ស្រុកពួកចំនួន ២៥៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៤៩៧គ្រួសារ និងក្រុងសៀមរាបចំនួន ១៦៩គ្រួសារ។

ក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ៕

ទីផ្សារអចលនទ្រព្យនៅហុងកុងបានបាត់បង់ប្រភពវិនិយោគសំខាន់បំផុតរបស់ខ្លួន

ដោយ ប៊ី

អន្តរជាតិ៖ ទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកបានបាត់បង់ប្រភពសំខាន់បំផុតនៃលំហូរចូលការវិនិយោគរបស់ខ្លួន។

អ្នកទិញជនជាតិចិនដីគោកកំពុងចាកឆ្ងាយពីការវិនិយោគលើអចលនទ្រព្យនៅហុងកុង ខណៈដែលជំងឺរាតត្បាតរីករាលដាលធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ច និងរារាំងវិនិយោគិនមិនឱ្យធ្វើដំណើរទៅទីក្រុង។

យោងតាមក្រុមហ៊ុន CBRE Group Inc ដែលតាមដានកិច្ចព្រមព្រៀងលើទឹកប្រាក់ចំនួន ៧៧ លានដុល្លារហុងកុង (១៤,១៨ លានដុល្លារ) មិនមានប្រតិបត្តិការជំនួញដូរអចលនទ្រព្យណាមួយនៅក្នុងត្រីមាសទី ១ ពាក់ព័ន្ធនឹងអ្នកទិញពីប្រទេសចិនដីគោកទេ។ វាផ្ទុយស្រឡះពីប៉ុន្មានឆ្នាំមុន នៅពេលចំនួនវិនិយោគិនចិនបានកើនឡើងលើផ្នែកការវិនិយោគលើការិយាល័យ និងកន្លែងលក់រាយ។

ខណៈពេលដែលទីក្រុងហុងកុងបានឈ្នះលើការរក្សាការរីករាលដាលនៃ Covid-19 ដែលស្ថិតនៅក្រោមការគ្រប់គ្រងនោះ ខណៈទីក្រុងកំពុងចាប់ផ្តើមងើបឡើងវិញពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេលជាច្រើនខែដែលបានផ្ទុះឡើងនូវការប្រយុទ្ធគ្នានៅតាមដងផ្លូវ និងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងចិនដីគោក និងប្រជាជនហុងកុង។ ក្រុមសេដ្ឋវិទូ Bloomberg ប៉ាន់ស្មានថា សេដ្ឋកិច្ចខ្នាតតូច និងបើកចំហរបស់ទីក្រុងនេះនឹងត្រូវបានជះឥទ្ធិពលដោយការកកស្ទះនៃតម្រូវការ និងពាណិជ្ជកម្មសកលដោយធ្លាក់ចុះប្រហែល ២ ភាគរយនៅឆ្នាំ ២០២០ ។

លោក Reeves Yan ប្រធានទីផ្សារមូលធននៅក្រុមហ៊ុនសេវាកម្មអចលនៈទ្រព្យ CBRE បានមានប្រសាសន៍ថា “អ្នកទិញដីគោកភាគច្រើនកំពុងតែបោះជំហានទៅមុខវិញ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ច និងជម្លោះដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាមិនចង់បានអចលនទ្រព្យ”៕ Business Times

ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឈរក្នុងលំដាប់ទី១

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេសចិនឈរក្នុងលំដាប់ទី១ ដែលបានចាក់បញ្ចូលការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈទុនវិនិយោគរបស់ចិនមានប្រមាណជាង ១ ពាន់ប៊ីលានរៀល នៅក្នុងចំណោមប្រទេសធំៗចំនួន៤ផ្សេងទៀត ដែលកំពុងវិនិយោគលើវិស័យនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាដែលចេញកាលពីដើមខែនេះ។

របាយការណ៍ បានឱ្យដឹងថា “ពាក់ព័ន្ធលំហូរចូលទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនោះ ចិនមានទុនវិនិយោគជាង ១ ពាន់ប៊ីលានរៀល ដោយឈរក្នុងលំដាប់ទី១,សិង្ហបុរី ចំនួន ២៧១ប៊ីលានរៀល ឈរក្នុងលំដាប់ទី២, អាមេរិកជាង ២១៤ ប៊ីលានរៀល ឈរក្នុងលំដាប់ទី៣, កូរ៉េខាងត្បូងចំនួន ១០៩ ប៊ីលានរៀល, ជប៉ុន ៦២ ប៊ីលានរៀល និងប្រទេសផ្សេងៗទៀតប្រមាណជាង ៧៨ ប៊ីលានរៀល”។

លោកលោកច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ជារួម ចិនបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះពួកគេដឹងពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងថា “បញ្ហាប្រឈមបច្ចុប្បន្នគឺជាបញ្ហារយៈពេលខ្លី ហើយនៅពេល អ្វីៗត្រឡប់មករកសភាពធម្មតាឡើងវិញ វិស័យអចលនទ្រព្យនៅកម្ពុជានឹងកំណើនកាន់តែខ្លាំងជាងមុនទៅទៀត។

លោកបានបន្តថា “ការងើបឡើងវិញសេដ្ឋកិច្ចចិន គឺជារឿងល្អមួយសម្រាប់អចលនទ្រព្យនៅកម្ពុជា ព្រោះគាត់នឹងមកបន្តការវិនិយោគនៅកម្ពុជា” ។

ធនាគារជាតិ នៃកម្ពុជា បានបង្ហាញអំពីទូរលេខ នៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បើតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ឆ្នាំ២០១៩ ក្នុងនោះ តាមការប៉ាន់ស្មានតាមប្រព័ន្ធរាយការណ៍អំពីប្រតិបត្តិការអន្តរជាតិ របស់ធនាគារជាតិ នៃកម្ពុជា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យ (រួមបញ្ចូលនៅគ្រប់អចលទ្រព្យនិងខុនដូរ) នៅក្នុងឆ្នាំ២០១៩ មានទុនវិនិយោគ ១៧៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៣៧ លានដុល្លារអាមេរិក និងការវិនិយោគជាដើមទុននៅកម្ពុជា មានចំនួនជាង ១៤ ពាន់ប៊ីលានរៀល ពោល គឺបានកើនឡើងខ្ពស់នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ជុំវិញបញ្ហាអភិវឌ្ឍន៍វិស័យអចលនទ្រព្យនេះ គឺស្ថិតនៅក្រោមជំនួយបច្ចេកទេសមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយធនាគារជាតិ នៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មលើទម្រង់របាយការណ៍ ប្រមូលព័ត៌មាន ស្តីពីវឌ្ឍនភាពវិស័យអចលនទ្រព្យ ក្នុងគោលដៅលើកប្រសិទ្ធភាពរបាយការណ៍ គុណភាពទិន្នន័យ និងសូចនាករសន្ទស្សន៍ថ្លៃអចលនវត្ថុ។
សូចនាករសន្ទស្សន៍ថ្លៃអចលនវត្ថុ នឹងផ្តល់ព័ត៌មានសំខាន់ៗស្តីពីវឌ្ឍនភាព និងទិដ្ឋភាពនៃទីផ្សារអចលនវត្ថុ ដែលនឹងជួយដល់ធនាគារជាតិនៃកម្ពុជា ដូចជា គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនិងអចលនទ្រព្យនៅកម្ពុជា៕

រដ្ឋាភិបាលមិនទាន់មានផែនការឱ្យបើកសេវាកម្មកម្សាន្តនៅឡើយទេ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសុខាភិបាលមិនទាន់មានផែនការដាក់ឱ្យដំណើរការអាជីវកម្ម KTV និងអាជីវកម្មមួយចំនួនទៀត ដែលត្រូវបានរដ្ឋាភិបាលបានប្រកាសបិទកាលពីកន្លងមកនេះនៅឡើយទេ ខណៈ អត្រានៃការឆ្លងនូវជំងឺកូវីដ ១៩ ថ្មី នៅកម្ពុជាមិនមានយ៉ាងណាក្តី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជានាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ នេះ ឱ្យដឹង ថា ទោះបីកម្ពុជាបានត្រួតត្រា និងគ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ កន្លងមកនេះ បានយ៉ាងណាក្តី តែអត្រានៃការឆ្លងគឺនៅតែមាន ខណៈនៅលើពិភបលោកនៅតែមាន ដូច្នេះ កម្ពុជាមិនទាន់អនុញ្ញាតឱ្យកន្លែងកម្សាន្ត KTV បើកដំណើរការវិញនោះទេ។

ជាមួយគ្នានេះ លោក ម៉ម ប៊ុន ហេង ស្នើឱ្យពលរដ្ឋរៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ លោករដ្ឋមន្ត្រីរូបនេះថ្លែងថា “វាមិនបញ្ហាចោទប៉ុន្មានទេ ចាំបន្តិចទៅ ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ”។

លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងដែរថា ការដែលបិទអាជីវកម្មនីមួយៗ គឺជាការសម្រេចចិត្តដ៏លំបាក មិនមែនជាការងាយស្រួលនោះទេ ទាំងម្ចាស់អាជីវកម្ម ទាំងរដ្ឋាភិបាល និងបុគ្គលផ្សេងៗទៀត។

លោកស្រីបន្តថា ជំងឺកូវីដ ១៩ នេះ គឺជាជំងឺប្រភេទថ្មី ដែលអាចងាយនឹងឆ្លង ព្រោះមេរោគនៃជំងឺកូវីដ១៩នេះ វាអាចទំលើវត្ថុ និងទីតាំងដែលគ្មានខ្យល់ចេញចូល ជាពិសេសកន្លែងប្រមូលផ្តុំ ដូចជាKTV ជាដើម។ លោកស្រី Li Ailan បន្ថែមថា ក្នុងករណីរដ្ឋាភិបាលចង់ឱ្យអាជីវកម្មមួយចំនួនដំណើរការវិញនោះ គឺត្រូវធ្វើឡើងមួយជំហានម្ដងៗ ដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕

គម្រោងផ្លូវដែកតម្លៃជិត ៦ពាន់លានដុល្លារ តភ្ជាប់ពីឡាវទៅចិន គ្រោងដាក់ដំណើរការនៅចុងឆ្នាំ ២០២១

ដោយ ហ្សូលី

វៀងចន្ទ៖ គម្រោងផ្លូវដែកប្រវែង ៤១៤ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងប្រទេសឡាវ និងជាគម្រោងមួួយក្នុងចំនោមគម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់សាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរការស្ថាបនាឡើងវិញម្តងទៀត បន្ទាប់ពីផ្អាកមួយរយៈដោយសារការវាយលុកនៃជំងឺ Covid-19។

គំនិតផ្តួចផ្តើមនៃគម្រោងផ្លូវដែកនេះមិនមែនមានត្រឹមតែផ្លូវដែកមួយមុខនោះទេ ប៉ុន្តែមានរូងផ្លូវក្រោមដីប្រវែង ១៩៨ គីឡូម៉ែត្រ និងស្ពានប្រវែង ៦២ គីឡូម៉ែត្រ ដែលធ្វើដំណើរចាប់ពីភាគខាងជើងប្រទេសឡាវទៅដល់ព្រំដែនប្រទេសចិន។ ប្រតិបត្តិការល្បឿននៃគម្រោងទាំងនោះមានចំនួន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវដែកឡាវ-ចិន គ្រោងចំណាយថវិកាប្រមាណជិត ៦ពាន់លានដុល្លារ ក្នុងនោះថវិកា ១២ភាគរយ ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលឡាវ ២៨ភាគរយ គឺជាជំនួយរបស់រដ្ឋាភិបាលចិន សល់ ៦០ ភាគរយទៀត គឺជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។ ទន្ទឹមនេះ គម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលើគ្រោងនឹងបើកដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១ ប៉ុន្តែដោយសារការរអាក់រអួលសាងសង់ ដូច្នេះមិនទាន់មានការបញ្ជាក់ឬផ្លាស់ប្តូរពេលវេលាជាក់លាក់នៅឡើយ។

លោក Huang Hong ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន China Railway Group Limited បានថ្លែងប្រាប់សារព័ត៌មាន Xinhua ថា កម្លាំងស្នូលនៃគម្រោងសាងសង់ផ្លូវដែកនេះបានចាប់ផ្តើមការងារនៅភ្នំភាគខាងជើងប្រទេសឡាវ ១០០ ភាគរយហើយ។

លោកបន្តថា ដោយសារតែការរាតត្បាតនៃមេរោគ Covid-19 បានបណ្តាលឱ្យមានផលប៉ះពាល់ទៅដំណើរការសាងសង់ ប៉ុន្តែយ៉ាងណាក៏ក្រុមការងារព្យាយាមថែរក្សាសុខភាព ការពារការឆ្លងឱ្យបានល្អបំផុត និងកាត់បន្ថយហានិភ័យយ៉ាងមានប្រសិទ្ធភាព។

គម្រោងផ្លូវដែកចិន-ឡាវនេះ គឺជាយុទ្ធសាស្រ្តក្នុងការចងសម្ព័ន្ធភាពរវាងប្រទេសក្នុងតំបន់អាស៊ី និងជាយុទ្ធសាស្រ្តរបស់ប្រទេសឡាវដែលប្តូរពីប្រទេសដាច់ដោយឡែកទៅជាប្រទេសភ្ជាប់បណ្តាញ។ ក្រុមហ៊ុន Lao-China Railway Co,.Ltd គឺជាក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ហើយសព្វថ្ងៃនេះបានកំពុងប្រតិបត្តិការការងារលើគម្រោងនេះដោយមានការគាំទ្រពីក្រុមហ៊ុន China Railway Group Limited៕ Xinhua

រាជរដ្ឋាភិបាលបន្តជួយសម្របសម្រួលបញ្ចុះតម្លៃប្រេងនៅទូទាំងប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
បានបន្តសម្របសម្រួលក្នុងការជួយបញ្ចុះតម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេសក្នុងរយៈពេល១៥ថ្ងៃបន្តទៀត ដោយរាប់ចាប់គិតពីថ្ងៃទី១-១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្មស្ដីពីការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយនៅតាមបណ្តាស្ថានីយ៍ចែកចាយនៅទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះបានបញ្ជាក់ថារដ្ឋាភិបាលបានជួយសម្រួលទម្លាក់តម្លៃប្រេងប្រមាណ៤សេនដុល្លារក្នុងមួយលីត្រ ស្មើនឹងប្រមាណ១៦០រៀល។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា សម្រាប់ការចែកចាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានាទូទាំងប្រទេសត្រូវបានកំណត់ចាប់ពីថ្ងៃទី១-១៥ ខែឧសភា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,១៥០រៀលក្នុង១លីត្រ៕

អង្គការសុខភាពពិភពលោក ៖ ការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ Covid-19 នៅត្រូវការរយៈពេលយូរទៀត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោកបានអះអាងថា ការបង្កើតវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលកំពុងតែរាតត្បាតនៅលើសាកលលោកនៅពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាលសិក្សា និងពិសោធន៍ជាជំហាននៅឡើយ ដោយវាត្រូវការពេលវេលាយូរបន្ថែមទៀតដើម្បីអាចសម្រេចបានភាពជោគជ័យក្នុងការបង្កើត និងផលិតជាផ្លូវការ។

មន្ត្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Li Ailan បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាលថា រហូតមកដល់ពេលនេះ ការធ្វើពិសោធន៍ទៅលើការផលិតវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺឆ្លង Covid-19 នៅឡើយនោះទេ ដែលវាត្រូវការពេលវេលាជាច្រើនខែទៀត។

លោកស្រីបានមានប្រសាសន៍ថា “រហូតមកដល់ថ្ងៃនេះ អង្គការសុខភាពពិភពលោកកំពុងតែធ្វើការសម្របសម្រួលជាមួយបណ្តាប្រទេសផ្សេងៗដែលជាសមាជិកក្នុងកិច្ចការងារសាកល្បងបែបសាមគ្គីរួមគ្នាដែលធ្វើការពិសោធន៍ទៅលើការបង្កើតថ្នាំវ៉ាក់សាំង និងថ្នាំព្យាបាល ដែលមានលក្ខណៈស្ដងដារជាសាកលសម្រាប់ពិភពលោក ដោយក្នុងនោះមានបណ្តាប្រទេសមួយចំនួនធំៗក៏មានការចូលរួមសាកល្បង”។

លោកស្រីបានបញ្ជាក់ថា “ពេលនេះយើងមានបេក្ខភាពវ៉ាក់សាំងមួយចំនួនផងដែរ ដែលមានការវិវឌ្ឍន៍ល្អដូចដែលនាងខ្ញុំបានជម្រាបជូនកាលពីពេលកន្លងទៅជាបន្តបន្ទាប់ដែលការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលដែលមានប្រសិទ្ធភាព គឺផ្តោតសំខាន់ទៅគុណភាព និងសុវត្ថិភាព ដែលចាំបាច់ត្រូវការពេលវេលាគ្រប់គ្រាន់។ នៅពេលនេះបើទោះជាយើងនៅមិនទាន់ទទួលបានលទ្ធផលជាក់លាក់នៅឡើយក៏ពិតមែន ប៉ុន្តែយើងមានការវិវឌ្ឍទៅមុខបានល្អ។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមថា ប្រទេសកម្ពុជាអាចចូលរួមនៅក្នុងការសាកល្បងណាមួយនៅពេលខាងមុខនេះផងដែរ ខណៈដែលអង្គការសុខភាពពិភពលោកបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានអាទិភាព នៅពេលដែលមានវ៉ាក់សាំង ឬថ្នាំព្យាបាល អង្គការសុខភាពពិភពលោកនឹងធ្វើការសម្របសម្រួលឱ្យមានសិទ្ធិទទួលបាននូវថ្នាំ និងវ៉ាក់សាំងមានភាពស្មើៗគ្នាដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ”។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគ្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំមានការធ្វេសប្រហែសទៅនឹងការរក្សាអនាម័យ និងបង្ការខ្លួនពីការចម្លងនៃជំងឺ Covid-19 ឱ្យសោះ បើទោះជាក្នុងខាងរយៈចុងក្រោយនេះ កម្ពុជាមិនមានការកើនឡើងនូវចំនួនអ្នកឆ្លងក៏ដោយ។ សូមកុំឱ្យមានការរីករាលដាលសាជាថ្មីដូចប្រទេសដទៃទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានសុវត្ថិភាព ដែលអាចជួយគាំទ្រ និងជួយសម្រួលដល់កិច្ចព្យាយាមរបស់រាជរដ្ឋាភិបាលផងដែរ៕

លោក ឡុង គឹមសួគ៌៖ ចង់​ទិញ​ដី​នៅ​ជាយក្រុង ឬ​តាម​ខេត្ត សុទ្ធតែ​មានឱកាស​ចំណេញ​ឱ្យតែ​ចេះ​ពិចារណា​ទៅលើ​សក្តានុពល​តំបន់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជម្រើស​នៃ​ការទិញ​អចលនទ្រព្យ ក៏ដូចជា​ដីធ្លី​នៅតាម​បន់​ណា ដែល​អាច​ទទួលបាន​ចំណេញ​ខ្ពស់ នៅតែ​ជា​ប្រធានបទ​មួយ ដែលមាន​ប្រជាប្រិយភាព និង​ជាការ​ចង់ដឹង​ពី​សំណាក់ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance Property លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅក្នុង​សប្ដាហ៍​នេះ​ថា មិន​ថា​ទោះជា​ទិញ​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត ដែល​ឃ្លាតឆ្ងាយ​ពី​ក្រុង​នោះទេ អត្រា​ទទួលបាន​ចំណេញ​នៅតែមាន ប្រសិនបើ​អ្នកទិញ​មាន​ភាព​ឆ្លាត​វៃ និង​បាន​សិក្សា​លម្អិត​ពី​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ពាក់ព័ន្ធ។

លោក​បញ្ជាក់ថា “ខ្ញុំ​និយាយ​តែ​ផ្នែក​ដីធ្លី មាន​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ បាន​ជ្រើស​ទីតាំងផ្សេងៗគ្នា​ជាមួយនឹង​ក្ដី​រំពឹងថា អាច​ទទួលបាន​ចំណេញ​នៅពេល​លក់​ចេញ​វិញ” ។ លោក​បន្តថា “មិន​ថា​ពួកគាត់​ទិញ​ទៅ​ទីណា​នោះទេ អត្រា​ដែល​ទទួលបាន​ចំណេញ​គឺ​សុទ្ធ​តែមាន ឱ្យតែ​ពួកគាត់​ទិញ​ដោយ​ការពិចារណា និង​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ” ។

លោក​បន្តថា អ្នកខ្លះ​គាត់​មិន​បានដឹង​លម្អិត​ពី​ព័ត៌មាន និង​គម្រោង​អភិវឌ្ឍន៍​ដែល​ជម្រុញឱ្យមាន​តម្រូវការ​ទីផ្សារ​នោះទេ ហើយ​ទិញ​តាម​គេ​ផ្អើល តែ​ក៏​អាច​ទទួលបាន​ចំណេញ​ដូច​គេ ដែល​ការ​ចំណេញ​នេះ​វា​គឺជា​រឿង​ចៃដន្យ​សម្រាប់​គាត់។ ចំពោះ​ករណីបែបនេះ​មិនមែន​ចេះតែ​ទទួលបាន​រហូត​នោះទេ” ។

លោក​ឡុង គឹមសួគ៌​បាន​បន្តថា មាន​អ្នកខ្លះ គាត់​មាន​ធនធាន​តិចតួច ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការទិញ​ដី​នៅ​ជាយក្រុង​ទុក ជាពិសេស​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​របស់​ពួកគាត់​គឺមាន​ច្រើន ហើយ​រហ័ស​ទៀត។ ប្រសិនបើ​ពួកគាត់​សម្រេច​លក់ ក្នុងតម្លៃ​ចរចា​ណាមួយ ដែល​អាច​ទទួលបាន​ចំណេញ ហើយ​យកទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេងទៀត ដែលមាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់គាត់ នឹង​កើនឡើង​ច្រើនជាង​អ្នក​ដែលមាន​លុយ​ច្រើន​ដែល​ទិញ​ដី​ទំហំ ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនមាន​គម្រោង​អភិវឌ្ឍន៍។

លោក​បាន​បញ្ជាក់ថា មិន​ថា​ទោះជា​នៅ​តំបន់​ជាយក្រុង ឬ​នៅក្នុង​ខេត្ត​ណាមួយ​នោះទេ ភាគរយ​ចំណេញ​នៅតែមាន​ដូចគ្នា សំខាន់​ត្រង់​ថា​មុនពេល​ទិញ​សម្រាប់​ទុក​វិនិយោគ ត្រូវតែ​ចេះ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​គម្រោង​នៃ​ការអភិវឌ្ឍ​ឱ្យបាន​គ្រប់​ជុង​ជ្រោយ​យ៉ាង​លម្អិត ទើប​ការវិនិយោគ​មិន​ជួប​ភាពបរាជ័យ៕

សប្បាយ​ទិញ សប្បាយ​ដើរ​កម្សាន្ត​នៅ​ផ្សារ​ទំនើប FURI Times Square ក្នុង​ទិវាមាតា​ពិភពលោក

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ជា​រៀងរាល់​សប្ដាហ៍ ផ្សារ​ទំនើប​ដ៏​ធំ​ប្រចាំ នៅក្នុង​ក្រុងព្រះសីហនុ FURI Times Square តែង​បង្កើត​កម្មវិធីសប្បាយៗ ព្រឹត្តិការណ៍ប្លែកៗ ជាមួយនឹង​ការលក់ទំនិញល្បីៗបញ្ចុះតម្លៃ​ជាច្រើន ជាពិសេស​នៅក្នុង​ឱកាស​នៃ​ទិវា​មាតា​ពិភពលោក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ចុង​សប្ដាហ៍​នេះ។

កញ្ញា​ប៉ែន ម៉ា​រ៉ា បុគ្គលិក​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​នៅ​ផ្សារ​ទំនើប FURI Times Square បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០កន្លងមក​ថា ក្រោម​ការយកចិត្តទុកដាក់ ក្នុងការ​រៀបចំ​តុបតែង​លម្អ ទូទាំង​ក្នុង​បរិ​វេញ​នៃ​ផ្សារ​ទំនើប​ដ៏​ធំ និង​លើកដំបូង​នៅ​ក្រុងព្រះសីហនុ​ FURI Times Square គ្រប់​អតិថិជន​ទាំងអស់​កាន់តែ​រីករាយ និង​សប្បាយ​ដើរ ​Shopping ជាមួយនឹង​ការដាក់​តាំង​លក់​ផលិតផល​ម៉ាកល្បីៗ ចំរុះ​យ៉ាង​សម្បូរបែប ប្រកបដោយ​គុណភាព​ខ្ពស់​នាំចូល​ពី​បរទេសពិត។

កញ្ញា​បាន​បញ្ជាក់ថា “សម្រាប់​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០) ជាការ​អបអរសាទរ​នៅក្នុង​ទិវា​មាតា​ពិភពលោក គណៈកម្មាធិការ​គ្រប់គ្រង​ផ្សារ​ទំនើប FURI Times Square បានរៀបចំ និង​តុបតែង​លម្អ​យ៉ាង​ស្រស់ស្អាត​ពិសេស សម្រាប់​អតិថិជន​ទាំងអស់​ដើរ​កម្សាន្ត ថតរូប​អនុស្សាវរីយ៍ និង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​ផងដែរ។

កញ្ញា​បាន​បន្តថា “នៅក្នុង​ឱកាស​នៃ​ថ្ងៃ​ដ៏​ពិសេស​នេះ ស្ទើរតែ​គ្រប់​ស្ដង់ និង​ហាង​លក់ទំនិញ​ទាំងអស់ សុទ្ធតែ​មានការ​ផ្តល់ជូន​នូវ​កម្មវិធី​សប្បាយ ជាពិសេស​ការផ្តល់ជូន​នូវ​សន្លឹក​ប័ណ្ណ​ផ្សងសំណាង​ជាដើម។ សូម​មក​ចូលរួម​រីករាយ សប្បាយៗជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្ដិ​ទាំងអស់គ្នា​នៅក្នុង​ទិវា​មាតា​ពិភពលោក”។

បច្ចុប្បន្ន FURI Times Square បានរៀបចំ​តុបតែង​លម្អ​កាន់តែ​ស្រស់ស្អាត​ជាង​មុន ជាមួយនឹង​ការនាំ​យកមក​នូវ​ផលិតផល សម្ភារៈប្រើប្រាស់ ក៏ដូចជា​ចំណីអាហារ​និង​ភេសជ្ជៈ កាន់តែ​សម្បូរបែប ដែល​សុទ្ធតែ​មានកេរ្តិ៍ឈ្មោះល្បីៗកម្រិត​អន្តរជាតិ។

កញ្ញា​បាន​បន្តទៀតថា “អតិថិជន​ដែល​មកកាន់​ផ្សារ​ទំនើប FURI Times Square ភាគច្រើន ពួកគាត់​មកជា​លក្ខណៈ​គ្រួសារ និង​មកជា​ក្រុម ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​ក៏​មក​ដើរ​កម្សាន្ត ទទួលទាន​អាហារ ហើយ​អ្នក​ខ្លះមក​ក្នុង​បំណង​ទិញ​សម្ភារ​ប្រើប្រាស់ និង​ផលិតផល​ដែលមាន​គុណភាព” ។

តាម​ការ​កំណត់ចំណាំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំនួន​អតិថិជន​គឺមាន​ការកើនឡើង​ជាប់​ជាប្រចាំ ជាពិសេស​នៅ​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​ចុង​សប្ដាហ៍​ស្រប​ពេលដែល​ក្រុមហ៊ុនថ្មីៗ និង​ល្បីឈ្មោះ​ជាច្រើន​បានមក​បង្ហាញ​វត្តមាន របស់ខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ម​យ​នេះ​ច្រើនជាង៣០ក្រុមហ៊ុន រួមជាមួយ​នឹង​ការលក់​បញ្ចុះតម្លៃ​ផងដែរ។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ឯករាជ្យ ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខាងត្បូង​វិមានឯករាជ្យ។ ផ្សារ​ទំនើប ដ៏​ធំ និង​ទាន់សម័យ ទើបតែ​មាន​ជា​លើកដំបូង​ប្រចាំ នៅក្នុង​ក្រុងព្រះសីហនុ​មួយ​នេះ បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ យ៉ាង​សម្បូរបែប ដែល​សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ច្រើនជាង៣០ក្រុម​ហ៊​ន ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Smart ក្រុមហ៊ុន Park Café  ក្រុមហ៊ុន​ដ៏​ល្បី​របស់​ចិន Hauwei ក្រុមហ៊ុន BURGER KING  ក្រុមហ៊ុន ARROW  រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផងដែរ៕