ឥណទាន​សំរាប់​វិស័យ​អ​ល​ច​ទ្រព្យ​នៅក្នុង​ប្រទេស​ចិន​មាន​កំណើន​យឺត

ដោយ ​វុត្ថា

ប៉េកាំងៈ ទិន្នន័យ​របស់​ធនាគា​រ​កណ្តាល​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​បន្ត​កើនឡើង​ក្នុង​ល្បឿន​យឺត​នៅក្នុង​ត្រីមាស​ទីមួយ ដោយសារតែ​ប្រទេស​នេះ រក្សា​នូវ​ការអនុវត្ត​ច្បាប់​លើ​ការទិញ​ផ្ទះ​នៅតែមាន​ភាព​តឹងរ៉ឹង។

យោងតាម​របាយការណ៍​ពី​ធនាគារ​ប្រជាជន​ចិន (PBOC) ដែល​សារព័ត៌មាន Xinhua បាន​ចុះផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្ល​មកនេះ​ឱ្យដឹងថា ប្រាក់កម្ចី​លើ​អចលវត្ថុ​របស់​ចិន​បាន​កើនឡើង១៣,៩ភាគរយ ស្មើនឹង​ទំហំ​ទឹកប្រាក់៤៦,១៦ពាន់​ពាន់​លាន​យន់ (ប្រហែល ៦,៥៩ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក) គិត​ត្រឹម​ចុងខែ​មីនា ពោល​អត្រាកំនើន​នេះ​កើន​ប្រមាណ០,ពិន្ទុ​ភាគរយ​ទាប​ជាង​កាលពី​ចុង​ឆ្នាំមុន។

របាយការណ៍​ដដែល​ប​ន្ត​ថា ការផ្តល់​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ បុគ្គល​កើនឡើង ១៥,៩ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដល់៣ ១,១៥ពាន់​ពាន់​លាន​យន់ នៅ​ចុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ ពោលគឺ​ធ្លាក់ចុះ ០,៨ ភាគរយ​នឹង​ចុងខែ​ធ្នូ​ឆ្នាំមុន។

លោក ​Zou Lan មន្ត្រី​ធនាគារ​ប្រជាជន​ចិន (PBOC) បានឱ្យដឹងថា សមាមាត្រ​នៃ​ប្រាក់កម្ចី​អចលនទ្រព្យ​បាន​បន្ត​ធ្លាក់ចុះ ខណៈពេលដែល​ការផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​ធ​ម្យ​ម និង​ចង្វាក់​ផលិតកម្ម​បាន​រក្សា​នូវ​កំណើនថេរ។

អ្នកធ្វើ​គោលនយោបាយ​របស់​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា នឹង​ធានាឱ្យមាន​ស្ថេរភាព និង​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ ដោយបាន​បញ្ជាក់​ម​ម្តង​ហើយ​ម្តង​ទៀតថា ផ្ទះ​គឺ​សម្រាប់​ការរស់នៅ​មិនមែន​សម្រាប់​ការវិនិយោគ​នោះទេ៕

ក្រុមហ៊ុន KrisEnergy ទទួលបាន​កិច្ចព្រមព្រៀង​ឥណទាន៨៧លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ការរុករក​ប្រេង​ដំណាក់​កាលទី១នៅ​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy ដែលជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទាន​ស​ម្រាប់​អណ្តូងប្រេង​នៅ​ប្លុក ​A ក្នុងប្រទេស​កម្ពុជាទទួលបាន​កិច្ចព្រមព្រៀង​ឥណទាន​តម្លៃ៨៧លាន​ដុល្លារ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ របស់​ក្រុមហ៊ុន​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

កិច្ចព្រមព្រៀង​ទីតាំង​ឥណទាន ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Kepinvest Singapore Pte និង​បង្កើត​ហិរញ្ញប្បទាន គម្រោង​សម្រាប់​ការផ្តល់​មូលនិធិ នៃ​ការអភិវឌ្ឍ​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខាងមុខ របស់​ក្រុមហ៊ុន​នៅឯ​ប្លុក​Aរបស់​កម្ពុជា ដែលជា​ធន ធាន​ប្រេង និង​ឧស្ម័ន​អភិវឌ្ឍន៍​នៅ​ឯនាយសមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ដែនទឹក​សមុទ្រ​ខ្មែរ លើ​ផ្ទៃក្រឡា​សរុប៣០៨៣ គីឡូម៉ែត្រ​ក្រឡា។

យោងតាម​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ដូចដែល​បានប្រកាស​នៅ​ថ្ងៃទី៩ ខែធ្នូ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​វេទិកា ដែល​ត្រូវបាន​ហៅថា Mini-Platform សម្រាប់​អណ្តូងប្រេង​អប្សរា​ក្នុង​ឯ​ប្លុក​ A របស់​កម្ពុជា។

សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា “ដោយសារតែ​ដំណើរការ​ផលិតកម្ម​ជាច្រើន​នៅលើ​ដែនទឹក​សមុទ្រ​ខ្មែរ ការអភិវឌ្ឍ​អណ្តូងប្រេង​អប្សរា នឹង​ស្ថិតក្នុង​ដំណាក់កាល​ជាច្រើន​ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ផ្តល់​ពេលវេលា​សម្រាប់​ការប្រមូល និង​វិភាគ​ទិន្នន័យសំខាន់ៗដែល​ត្រូវអនុវត្ត​នៅក្នុង​ដំណាក់កាល​នាពេល​អនាគត។

សេចក្តីថ្លែងការណ៍​បានឱ្យដឹង​ទៀតថា “ប្រសិនបើ​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​ប្លុក ​A របស់​កម្ពុជា ត្រូវបាន​ដំណើរការ​តាម​ការគ្រោងទុក ផលិតកម្ម​កម្រិត​ខ្ពស់​ត្រូវបាន​រំពឹងថា​នឹង​មាននៅ​ចន្លោះ​ឆ្នាំ២០២៤ និង ២០២៦” ។

យ៉ាងហោចណាស់​អណ្តូង​ពីរ ក្នុងចំណោម​អណ្តូង​ទាំង៥ នឹង​កំណត់​ទិសដៅ ដែលមាន​អណ្តូង​រុករក​ប្រេង ដែល​ទទួលបាន​ជោគជ័យ​ពីមុន។ មី​នី​ដំណាក់កាល​ទី១ អា​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​នៅ​ឆ្នាំ២០២០ និង​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៃ​ការផលិត​ប្រេង៧.៥០០ បារ៉ែល​ក្នុង​មួយថ្ងៃ។

ក្រុមហ៊ុន​ប៉ាន់ប្រមាណ​ថា ថវិកា​ប្រមាណ៨៧លាន​ដុល្លារ​នេះ នឹងត្រូវ​បានផ្តល់​សម្រាប់​ការអភិវឌ្ឍ​ដំណាក់កាល​ទី១ រហូត​ទាល់តែ​ប្រេង​ដំបូង ត្រូវបាន​ផលិត​ដែល​បច្ចុប្បន្ន​ត្រូវបាន​កំណត់​សម្រាប់​ឆ្នាំ២០២០ ៕

ចំណេះដឹង! តើ​ការផ្សះផ្សា និង​ដោះស្រាយ​វិវាទ​រវាង​អ្នក​អភិវឌ្ឍ​អចលនវត្ថុ​និង​អ្នកទិញ​មាន​និតិ​វិធី​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ វិវាទ​រវាង​អ្នក​អភិវឌ្ឍ​អចលនវត្ថុ និង​អ្នកទិញ​ពាក់ព័ន្ធ​កិច្ចសន្យាលក់-ទិញ​អចលនវត្ថុ អាចជា​កម្មវត្ថុ​សម្រុះសម្រួល និង​ផ្សះផ្សា​ដោយ​ក្រសួង ឬ​មន្ទីរ។

យោងតាម​ប្រកាស​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម អភិវឌ្ឍ​អចលនវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ក្រសួង ឬ​មន្ទីរ សម្រុះសម្រួល​និង​ផ្សះផ្សា​វិវាទ តាម​ការស្នើសុំ​របស់​ភា​គី​វិវាទ ក្នុង​រយៈពេល២ខែ​យ៉ាងយូ។ ការផ្សះផ្សា​វិវាទ អាច​ឈានទៅ​ការចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​គូវិវាទ និង​មាន​ការទទួល​ដឹងលឺ ដោយ​នាយកដ្ឋាន​ឬ​មន្ទីរ។ កិច្ចព្រមព្រៀង​ផ្សះផ្សា មាន​អនុភាព​អនុវត្តភ្លាមៗ ចំពោះ​គូភាគី។

ប្រការ៤១នៃ​ប្រកាស​ខាងលើ​បាន​ចែងថា គូភាគី​វិវាទ ដែល​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច ឬ​វិធានការផ្សេងៗរបស់​ក្រសួង ឬ​មន្ទីរ មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹងតវ៉ា​មក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុននឹង​អនុវត្ត​នីតិវិធី​បណ្តឹង ទៅ​តុលាការ លើកលែងតែ​រឿង​ព្រហ្មទណ្ឌ។

ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​ដោះស្រាយ​បណ្តឹង​ក្នុង​រយៈពេល៩០ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​ក្រោយពី​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា ឬ​ក្នុង​រយៈពេល​មួយ​សមស្រប។

ក្នុងការ​ដោះស្រាយ​វិវាទ ក្រុមប្រឹក្សា​នីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​អញ្ជើញ​ភាគី​វិវាទ ដើម្បី​សាកសួរ​ឬ​ផ្តល់​ភស្តុតាង​តាម​ការចាំបាច់។  សេចក្តីសម្រេច​ស្តីពី​ការដោះស្រាយ​វិវាទ ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ ដោយមាន​ការបញ្ជាក់​ពី​អង្គហេតុ សំអាង​ហេតុ និង​ការសន្និដ្ឋាន។ ក្នុងករណី​មិន​ពេញចិត្ត នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​នីតិកម្ម ភាគី​វិវាទ​អាចដាក់​ពាក្យ​បណ្តឹងតវ៉ា ទៅ​តុល​ការ​មាន​សមត្ថកិច្ច ដោយ​អនុលោម​តាម​បទ​ប្បញ្ញា​ត្តិ​ជា​ធរមាន៕

វិស័យឯកជនថៃបានស្នើរដ្ឋាភិបាលរបស់ខ្លួន ផ្អាកការយកពន្ធលើដីធ្លី និងអាគារថ្មីរយៈពេលមួយឆ្នាំ

ដោយ ៖ ប៊ី

អន្តរជាតិ ៖ វិស័យឯកជនថៃបានស្នើរដ្ឋាភិបាលរបស់ខ្លួន ផ្អាកសកម្មភាពយកពន្ធលើដីធ្លី និងអាគារថ្មីរយៈពេលមួយឆ្នាំដោយលើកឡើងពីបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នមិនទាន់មានភាពប្រសើរឡើងវិញក្នុងការចាប់ផ្តើមប្រមូលនៅខែសីហាឆ្នាំនេះ ដូចការគ្រោងទុក។

លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បន្ទាប់ពីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការប្រឹក្សាដល់នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ច័ន្ទអូចា បាននិយាយថា ពន្ធដី និងអាគារថ្មីចាំបាច់ត្រូវពន្យារពេលឥឡូវនេះ ដែលសាធារណជន និងអាជីវកម្ម នឹងទទួលបានការពន្យារពេលបង់ពន្ធ ដោយសារតែផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត COVID-19។

ពន្ធលើដីធ្លី និងអាគារថ្មីបានចូលជាធរមាននៅដើមឆ្នាំនេះ ហើយគ្រោងនឹងចាប់ផ្តើមប្រមូលនៅខែមេសា ប៉ុន្តែរដ្ឋាភិបាលបានសម្រេចពន្យាពេលការអនុវត្តរហូតដល់ខែសីហា ដើម្បីផ្តល់ឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកបង់ពន្ធនូវពេលវេលាបន្ថែមទៀតដើម្បីត្រៀម។

ពន្ធនេះអនុវត្តចំពោះកន្លែងស្នាក់នៅដីចម្ការ តំបន់ពាណិជ្ជកម្ម និងដីមិនទាន់អភិវឌ្ឍន៍។ អត្រាខុសគ្នាអាស្រ័យលើរបៀបប្រើប្រាស់អចលនទ្រព្យ។

រចនាសម្ព័ន្ធថ្មីនេះត្រូវបានមើលឃើញថា ដី និងអាគារប្រើប្រាស់សំរាប់ស្នាក់នៅដែលមានតម្លៃត្រឹម ៥០ លានបាតត្រូវបានលើកលែងសម្រាប់ផ្ទះធំៗ រីឯផ្ទះដែលមានតំលៃពី ៥០ – ៧៥ លានបាត ត្រូវបានបង់ពន្ធ ០.០៣ ភាគរយ អចលនទ្រព្យតម្លៃ ៧៥-១០០ លានបាតនៅ ០,០៥ ភាគរយ និងច្រើនជាង ១០០ លានបាតតម្រូវឱ្យបង់ ០,១ ភាគរយ។

អ្នកដែលមានផ្ទះផ្ទាល់ខ្លួនដែលមានតម្លៃត្រឹម ១០ លានបាតនៃតម្លៃផ្ទះរបស់ពួកគេ តែមិនមានដីធ្លីទេ មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកលែងពន្ធ។ លំនៅដ្ឋានដែលមានតម្លៃកំណត់ជាង ១០-៥០ លានបាតត្រូវបានគិតថ្លៃ ០,០២ ភាគរយ ច្រើនជាង ៥០-៧៥ លានបាតត្រឹម ០,០៣ ភាគរយ ច្រើនជាង ៧៥-១០០ លានបាតត្រឹម ០,០៥ ភាគរយ និងជាង ១០០ លានបាតស្មើនឹង ០,១ ភាគរយ។

ប្រសិនបើម្ចាស់ផ្ទះមានផ្ទះលើសពីមួយកន្លែង វាតម្រូវឱ្យបង់ពន្ធ ០.០២ ភាគរយសម្រាប់អ្នកដែលមានការវាយតម្លៃខ្ពស់រហូតដល់ ៥០ លានបាត ហើយអត្រាពន្ធដូចគ្នានឹងផ្ទះធំត្រូវបានអនុវត្តសម្រាប់អ្នកដែលមានការវាយតម្លៃខ្ពស់ជាង ៥០ លានបាត៕

អនុស្ថានីយ៍អគ្គិសនីកំពង់ចាមមានលទ្ធភាពអាចផ្គត់ផ្គង់ជូនពលរដ្ឋបាន ៤ ខេត្ត

ដោយ ៖ វុត្ថា

កំពង់ចាម ៖ អនុស្ថានីយ៍អគ្គិសនីកំពង់ចាមមានអានុភាព ផលិតថាមពលអគ្គិសនីរហូតដល់ទៅ ១០០ MW (មេហ្គាវ៉ាត់) មានវិសាលភាពអាចផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងផ្នែកខ្លះរបស់ខេត្តត្បូងឃ្មុំ កំពង់ធំ និងខេត្តព្រៃវែងផងដែរ ខណៈតាមផែនការរបស់រដ្ឋាភិបាលគឺឱ្យពលរដ្ឋមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់ភូមិនៅទូទាំងប្រទេសនាពេលខាងមុខនេះ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលអនុស្ថានីយ៍ចែកចាយអគ្គីសនីខេត្តកំពង់ចាម ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីកាលពីពេលកន្លងមកនេះ មានការរីកចំរើនគួរឱ្យកត់សម្គាល់ ទាំងប្រភពអគ្គិសនី ទាំងអនុស្ថានីយ៍ និងទាំងបណ្តាញអគ្គិសនីគ្រប់ប្រភេទ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងគោលដៅរបស់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យអគ្គិសនី មិនត្រឹមតែខិតខំជំរុញការអភិវឌ្ឍលើគ្រប់ផ្នែកនៃការផ្គត់ផ្គង់អគ្គិសនីនោះទេ គឺធ្វើយ៉ាងណាឱ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានគុណភាព មានស្ថិរភាព សុវត្ថិភាពៃ និងមានតម្លៃកាន់តែសមរម្យបន្ថែមទៀតជូនដល់ពលរដ្ឋ និងអ្នកវិនិយោគ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានអះអាងសារថា សម្រាប់ឆ្នាំ ២០២០ នេះតទៅ កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ មិនដូចឆ្នាំ ២០១៩ កន្លងមកនេះនោះទេ ដែលបានជួបប្រទះបញ្ហាខ្វះខាតអគ្គិសនីយដោយមានការផ្តាច់ការផ្គត់ផ្គង់នៅតំបន់មួយចំនួន។

លោកបន្តថា ក្រសួងតែងតែធ្វើផែនការមេមួយយ៉ាងម៉តចត់ដើម្បីឱ្យអ្នកវិនិយោគ ឬរដ្ឋាភិបាលខ្លួនឯងធ្វើការវិនិយោគប្រភពអគ្គិសនីមួយឱ្យបានពិតប្រកដ និងរៀបចំបណ្តាញខ្សែមួយឱ្យបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស។

លោកបញ្ជាក់ថា “សម្រាប់ឆ្នាំ ២០២០ នេះ កម្ពុជាត្រូវការអគ្គិសនីបន្ថែមប្រមាណ ៤១៤ មេហ្គាវ៉ាត់ ខណៈយើងមានជាង ៧០០ មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស។ ដូច្នេះ អាចនិយាយបានថា សម្រាប់ឆ្នាំ ២០២០ នេះ មិនអាចខ្វះខាតនោះទេនារដូវប្រាំងនេះ ព្រោះគម្រោងអគ្គិសនីមានលើសពីសេចក្តីត្រូវការ ដែលមកដល់ពេលនេះ ការតបណ្តាញអគ្គិសនីសម្រេចបានស្ទើរតែគ្រប់ ១០០ភាគរយ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ហើយតាមផែនការ គឺនឹងតបណ្តាញឱ្យចប់នៅត្រឹមឆ្នាំ ២០២០នេះ ឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ៕

ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ៥០ ទៅ ៦០ ភាគរយនៅត្រីមាសទី ២

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ៥០ ទៅ ៦០ ភាគរយនៅត្រីមាសទី២ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លងរាលដាល COVID-19។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក ហេង សួរ មានប្រសាសន៍ថា ការនាំចេញក្នុងត្រីមាសទី១ មានការថយចុះ ៨០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលជំងឺ COVID-19 បានផ្ទុះឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតសម្រាប់ផលិតផលសម្លៀកបំពាក់របស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេទំព័រ VN News នៅថ្ងៃនេះ។

នៅពាក់កណ្តាលខែមេសា រោងចក្រកាត់ដេរប្រហែល ១០ ទៀតនៅកម្ពុជាត្រូវបញ្ឈប់ប្រតិបត្តិការដែលប៉ះពាល់ដល់កម្មករជាង ៦,០០០ នាក់។ ក្នុងកំឡុងពេលដែលពួកគេត្រូវបានផ្អាកការងារ កម្មករត្រូវបានទទួលប្រាក់ខែ ៧០ ដុល្លារក្នុងមួយខែ ដែលក្នុងនោះ ៤០ ដុល្លារជាថវិការបស់រដ្ឋាភិបាល និង ៣០ ដុល្លារពីនិយោជករបស់ពួកគេ។

យោងតាមលោក ហេង សួរ រោងចក្រកាត់ដេរចំនួន ១៣០ នៅកម្ពុជាបានផ្អាកប្រតិបត្តិការដោយសារការបញ្ជាទិញធ្លាក់ចុះ និងដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 ដោយបានប៉ះពាល់ដល់កម្មករ ១០០,០០០ នាក់។

យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម កម្ពុជាមានរោងចក្រចំនួន ១,០៩៩ ដែលប្រតិបត្តិការនៅក្នុងឧស្សាហកម្មវាយនភណ្ឌ ស្បែកជើង និងកាបូប៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចកែសម្រួលនីតិវិធីនៃការគ្រប់គ្រងទំនិញផ្ទុកក្នុងកុងតែន័រដែលមានច្រើនម្ចាស់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានចេញលិខិតមួយច្បាប់កែប្រែនិតិវិធីនៃការគ្រប់គ្រងទំនិញផ្ទុកក្នុងកុងតែន័រមានម្ចាស់ច្រើន ដើម្បីសម្រួលដល់ដំណើរការពាណិជ្ជកម្មនាំចេញ-នាំចូលឱ្យកាន់តែប្រសើរ ខណៈដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីជំងឺ Covid-19 ។

យោងតាមលិខិតលេខ ១០៣៨/២០ អ.គ.រ ដែលចុះហត្ថលេខាដោយ លោក គុណ ញឹម កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ ២០២០ ផ្ញើជូនលោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យ និងរដ្ឋាករ ឱ្យដឹងថា ក្នុងគោលបំណងជំរុញនូវកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដល់ធុរជននាំចេញ និងនាំចូល  អគ្គនាយកដ្ឋានគយ និងរដ្ឋាករសម្រេចកែសម្រួលនីតិវិធីនៃការគ្រប់គ្រងទំនិញផ្ទុកកុងតែន័រដែលមានច្រើនម្ចាស់ដោយពុំតម្រូវឱ្យសាខាគយ និងរដ្ឋាករពាក់ព័ន្ធស្នើសុំមក អ.គ.រ ដើម្បីទទួលបាននូវការអនុញ្ញាតទៀតឡើយ នៅពេលរៀបចំបំពេញបែបបទបញ្ចេញទំនិញពីគយ។

លោក គុណ ញឹម បន្តថា  ក្នុងន័យនេះ ប្រធានសាខាគយ និងរដ្ឋាករមានសមត្ថកិច្ចពាក់ព័ន្ធមានសិទ្ធិសម្រេចនៅនឹងកន្លែងដោយអនុញ្ញាតឱ្យកាត់សៀលរើទំនិញពីកុងតែន័រនៃមុខទំនិញដែលមានច្រើនម្ចាស់ ដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយ និង/ ឬ សម្រាប់ការរក្សាទុកក្នុងឃ្លាំងតាមនីតិវិធី និងបទបញ្ញត្តិជាធរមាន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៨ កន្លងមកនេះ បានចេញលិខិតលេខ ០០៥២ / ១៨ អគរ  នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទំនិញផ្ទុកក្នុងកុងតែន័រ ដែលរក្សាទុកនៅសន្និធិគយបណ្តោះអាសន្ន ឬ ឃ្លាំងទំនិញដែលគ្រប់គ្រងដោយគយមុននឹងបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះទំនិញមានម្ចាស់ច្រើន (LCL) ៕

បណ្ឌិត​គីម ហ៊ាង ប្តេជ្ញា​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ជុំវិញ​បូកគោ​កើនឡើង១០ដង​ក្នុង​រយៈពេល១០ឆ្នាំ

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន Keller Williams Cambodia និង​ទីប្រឹក្សា​ផ្ទាល់​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន Sokimex Investment Group បាន​ប្តេជ្ញា​ធ្វើអោយ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​គំរោង​ឋានសួគ៌​បូកគោ​របស់ អ្នកឧកញ៉ា សុខ គង់ កើនឡើង១០ដង ក្នុង​រយៈពេល ១០ឆ្នាំ។

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​សរសេរ​នៅលើ​ទំព័រ Facebook ផ្លូវការ​នា​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះ ខណៈដែល​លោក​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នូវ​តំបន់​គំរោង​ឋានសួគ៌​បូកគោ​របស់​អ្នកឧកញ៉ា សុខ គង់ ថា “ក្នុងនាម​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន Sokimex Investment Group ខ្ញុំបាទ​មានការ​ងារ​សំខាន់​តែមួយគត់ គឺ​ធ្វើអោយ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នេះ កើនឡើង១០ដង ក្នុង​រយៈពេល ១០ឆ្នាំ!” ។

លោក​ឧក​ញ្ញ៉ា​បណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា លោក​បណ្ឌិត​បានស្នើ​សុំ​ទៅ​អ្នកឧកញ៉ា សុខ គង់ ប្រធាន Sokimex Investment Group Co., Ltd ធ្វើជា​ទីប្រឹក្សា​របស់គាត់​ដោយ​មិន​ទទួល​ប្រាក់ខែ ដើម្បី​បាន​ឱកាស​អោយ​ក្រុមការងារ​របស់លោក​ជួយ​លក់​គំរោង​ឋានសួគ៌​បូកគោ និង​គំរោង​ច្រើន​ទៀត! ។

គម្រោង​លំនៅដ្ឋាន​កំណប់​ឋានសួគ៌​របស់ អ្នកឧកញ៉ា សុខ គង់ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពីដើម​ខែមីនា ឆ្នាំ ២០២០កន្លងមកនេះ ក្រោម​ការ​អ​ញ្ញើញ​ចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ នៅលើ​ភ្នំ​បូកគោ ដោយមាន៤ ទីតាំង ទីតាំង​ទី១-បុរី​មរ​ត​ឋានសួគ៌​ភូមិគ្រឹះ​បេតុង​កម្ពស់ ២ជាន់ មាន​ចំនួន ១៣៩១ខ្នង លើ​ផ្ទៃដី​ទំហំ ១៦ម៉ែត្រ គុណ​នឹង ២២ម៉ែត្រ។

ទីតាំង​ទី២-បុរី​អម្រឹត​ឋានសួគ៌ ផ្ទះល្វែង​កម្ពស់ ៣ជាន់ មាន ៤២៤០ល្វែង មាន​ផ្ទៃដី​ទំហំ៥ម៉ែត្រ គុណ​នឹង២១ម៉ែត្រ ក្នុងនោះ​មាន​ផ្សារ មន្ទីរពេទ្យ និង​សាលារៀន។

ទីតាំង៣-ក្រោ​ន​អ៊ី​ស្តេត ភូមិគ្រឹះ​កម្ពស់៣ជាន់ មាន ៥៥៨៥ខ្នង លើ​ផ្ទៃដី​ដី​ទំហំ ១០ម៉ែត្រ​គុណ​នឹង១៨ម៉ែត្រ ផ្ទះល្វែង​កម្ពស់៣ជាន់ ១៥៩៥២ល្វែង មាន​ផ្ទៃដី​ទំហំ៦ ម៉ែត្រ​គុណ​នឹង១៤ម៉ែត្រ និង​ទី​តាំងទី៤ បុរី ម៉ោ​ន ស៊ី​វី​យូ សាងសង់​ភូមិគ្រឹះ មាន​កម្ពស់៣ជាន់ ចំនួន៦៣៧ខ្នង ក្នុងនោះ ភូមិគ្រឹះ​ប្រភេទ-ក ចំនួន៣៦ខ្នង​ទំហំ​ផ្ទៃដី៣៥ គុណ​និង២៥ម៉ែត្រ និង​ភូមិគ្រឹះ​ប្រភេទ-ខ ៦០១ខ្នង​មាន​ផ្ទៃដី២០គុណ​នឹង២៥ម៉ែត្រ។

អនុលោម​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល កាលពី​កន្លងមកនេះ បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ហើយ​ក្រុមហ៊ុន​បានរៀបចំ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅលើ​ភ្នំ​បូកគោ ដោយ​ពុះ​បំបែក​ដី​ជា​ឡូត៍តូចៗ មាន​ដីឡូត៍ សម្រាប់​សាងសង់​ផ្ទះល្វែង សម្រាប់​សាងសង់​ភូមិគ្រឹះ និង​សម្រាប់​សាងសង់​អគារ​ពាណិជ្ជកម្ម ជាដើម ៕

លោក ខន គង្គា៖ ការសិក្សា៥ចំណុច​ពី​អ្នក​អភិវឌ្ឍន៍​របស់​ភ្នាក់ងារ​អចលនទ្រព្យ​នឹង​ធ្វើឱ្យ​អ្នកទិញ​មាន​ទំនុកចិត្ត

ដោយ ប៊ី

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា ជាមួយ​ការទទួលយក​គម្រោង​អចលនទ្រព្យ​សម្រាប់​លក់ ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​សិក្សា៥ចំណុច​ពី​អ្នក​អភិវឌ្ឍន៍​ដើម្បី​ធ្វើឱ្យ​អតិថិជន​មាន​ទំនុកចិត្ត ខណៈ​អ្នក​អភិវឌ្ឍន៍​ក៏ត្រូវ​សិក្សា​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុ​ការលក់​គម្រោង​របស់ខ្លួន។

លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២០ នេះ​ថា ធម្មតា​គម្រោង​មាន​ច្រើន​សម្រាប់​ភ្នាក់ងារ​យកមក​ដាក់លក់ ខណៈ​ភ្នាក់ងារ​ត្រូវ​សិក្សា​ពី​ចំណុច​មួយចំនួន​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការលក់។

លោក បាន​បន្តថា “ទី១ ច្បាប់​សាងសង់​របស់គាត់ (អ្នក​អភិវឌ្ឍ) គាត់​មាន​ចុះបញ្ជី​ពន្ធដារ​ត្រឹមត្រូវ ឬ​អត់? បើសិនជា​គាត់​បំពេញបាន​នូវ​លក្ខខណ្ឌ​ហ្នឹង យើង​អាច​សហការ​ជាមួយ​គាត់​បាន​ហើយ។

ពេល​សួរ​តើ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ធ្វើឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​គម្រោង​ដែល​ភ្នាក់ងារ​យកមក​ដាក់លក់ លោក គង្គា បានឱ្យ​ដឹងថា “ធម្មតា យើង​មិនអាច​និយាយបាន ១០០ ភាគរយ​នោះទេ​ជាក់ស្តែង។ យើង​អាច​និយាយថា បើសិន​គម្រោង​ហ្នឹង​គ្រប់​លក្ខខណ្ឌ​ដែល​យើង​បាន​ត្រួតពិនិត្យ​គឺ​មានន័យថា លទ្ធភាព​នៃ​ជោគជ័យ​របស់គាត់​មាន​ច្រើន។ ឧទាហរណ៍ ទី១ ការកាន់កាប់​ដី​របស់គាត់​ជា​ដី​របស់គាត់​ផ្ទាល់ ទី២ គាត់​មាន​ចុះបញ្ជី​ពាណិជ្ជកម្ម ទី៣ គាត់​មានច្បាប់​សាងសង់ ទី៤ គាត់​ប្រកាស​ពន្ធ និង​ទី៥គាត់​មាន​អ​ជ្ញា​ប័ណ្ណ​សាងសង់ ឬ​អ​ជ្ញា​ប័ណ្ណ​អភិវឌ្ឍន៍” ។

លោកបាន​ថ្លែងថា “មាន ៥ ចំណុច​នេះ​ជា​កត្តា​មួយ​ដែល​យើង​អាច​និយាយបានថា គាត់​ឆ្លងកាត់ ៥០ ភាគរយ បន្ទាប់មក​ទៀត​យើង​សិក្សា​ពី​ប្រវត្តិ​របស់គាត់ ចំណេះ​ជំនាញ​របស់គាត់ តើ​ថា​គាត់​ធ្វើ​អ្វីខ្លះ​នៅក្នុង​វិស័យនេះ។ បើ​គាត់​មាន​បទពិសោធ​មួយ ធ្លាប់​ឆ្លងកាត់ ធ្លាប់​អភិវឌ្ឍ យើង​នឹងសិក្សា​បន្ថែមទៀត រហូតដល់​សម្រេចចិត្ត​ថា យើង​អាចឈាន​ទៅដល់​ការយក​គម្រោង​នោះមក​លក់” ។

ជាមួយគ្នានេះដែរ អតិថិជន ឬ​អ្នកទិញ​ត្រូវការ​ធានា​មួយ​ដើម្បី​មាន​ទំនុកចិត្ត​ក្នុង​ការទិញ​អចលនទ្រព្យ​ក្នុង​គម្រោង​មួយ។

ជាមួយគ្នានេះដែរ សម្រាប់​អ្នក​អភិវឌ្ឍន៍ សំខាន់​គាត់​យក​លទ្ធផល។ អ្វីដែល​គាត់​មើល​មក​យើង​ថា​តើ យើង​មានលទ្ធភាព​ជួយ​លក់​គាត់​បាន​ជោគជ័យ ឬ​អត់។

លោក គង្គា បាន​ថ្លែងថា អាស្រ័យ​លើ​លទ្ធផល​គឺ​ទី។ ទី២ គឺ​កម្លាំង​របស់​យើង អាចមាន​កម្លាំង​គ្រប់គ្រាន់។ ឧទាហរណ៍ បើសិន​ក្រុមហ៊ុន​មាន​កម្លាំង ៤ ទៅ៥នាក់ ហើយ​ង​គម្រោង​តម្លៃ ៤០០ ទៅ ៥០០ លាន​ដុល្លារ យើង​ធ្វើបាន​យ៉ាងដូចម្តេច?

លោក បាន​បន្តថា “បើ​និយាយ​ពី​គម្រោង ក្រុមហ៊ុន​ណា​ក៏​លេខ១ដែរ តែ​ការអនុវត្ត​ជាក់ស្តែង។ អ្នក​អភិវឌ្ឍន៍​ប្រាកដជា​ដឹង​កិច្ចការ​នេះ ដូច្នេះ​អ្វី​ជាក់ស្តែង​គឺ​លទ្ធផល​ដែល​យើង​ផ្តល់​គាត់” ៕

អ្នកជំនាញ​ស្នើឱ្យ​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ប្តូរ​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយ​ការ Live លក់​តាម​អន​ឡាញ

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានស្នើ​ដល់​បណ្តា​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ទាំងអស់ ប្តូរ​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយ​ការ Live លក់​គម្រោង និង​អចលនទ្រព្យ​នានា​តាម​អន​ឡាញ ខណៈដែល​បច្ចុប្បន្ននេះ​អតិថិ​តិ​ជន​ភាគច្រើន​ស្នាក់​នៅតាម​ផ្ទះ​ដោយសារ​ភ័យខ្លាច​ឆ្លង​នូវ​ជំងឺ​កូ​វីដ១៩ និង​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ច្រើន ជាពិសេស​បណ្តាញ​សង្គម Facebook។

លោក Chenda  Moek  អ្នកជំនាញ​មកពី​ក្រុមហ៊ុន realestate.com.kh បានឱ្យដឹង​នៅក្នុង​កម្មវិធី​ស្ដីពី “ការផ្ដល់​ប្រឹក្សា​អាជីវកម្ម​អចលនវត្ថុ” ដែល​រៀបចំ​ដោយ​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​អចលនវត្ថុ​កម្ពុជា តាមរយៈ​អន​ឡាញ កាលពីពេលថ្មីៗនេះ​ថា ក្នុង​រយៈពេល​ដែលមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ១៩ ស្ទើ​តែ​គ្រប់​វិស័យ​ទទួលរង​ផលប៉ះពាល់ ជាមួយគ្នានេះ​វិស័យ​អចលនទ្រព្យ​ក៏​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ណាស់ដែរ​តាមរយៈ​ការលក់​គម្រោង​មិន​ចេញ​ដែល​ធ្វើ​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់។

លោក​បន្តថា “ក្នុង​រយៈពេល​នេះ ទាំង​ម្ចាស់​គម្រោង និង​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​ត្រូវមាន​ការប្ដូ​រ​យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​ការពង្រឹង​អន​ឡាញ​ដោយ​ការ Live លក់​នូវ​ផលិតផល​របស់ខ្លួន ដោយ​កុំឱ្យ​អតិថិជន​ភ្លេចឈ្មោះ​បាន” ។

លោក​បន្ថែមថា “បច្ចុប្បន្ននេះ យើង​ឃើញ​គម្រោង​ដីឡូត៍ និង​លំនៅឋាន​មួយចំនួន​បាន​ទៅ Live លក់​គម្រោង ខណៈ​ដែលមាន​មនុស្ស​នៅក្នុង​ផ្ទះ​ច្រើន កំពុងតែ​អន​ឡាញ ហើយ​ក្នុង​រយៈពេល​នេះ យើង​ត្រូវ​សាង​កេរ្តិ៍ឈ្មោះ​ដោយ​បង្ហាញ​ពី​ផលិតផល​របស់​យើង​ទៅកាន់​អតិថិជន” ។

លោក Mot Chantharith  ម្ចាស់​គម្រោង​លំនៅឋាន​មួយ បានឱ្យដឹង​ដែរ​ថា ចាប់តាំងពី​មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩កន្លងមកនេះ បានធ្វើឱ្យ​ជីវ​កម្ម​លក់​លំនៅឋាន​មានការ​ធ្លាក់ចុះ ខណៈដែល​ការចំណាយ​នានា​កើនឡើង ដូចជា​ការចំណាយ​ទៅលើ​កម្មករ និង​សេវាកម្មផ្សេងៗ ដែល​ទាំងអស់នេះ គឺជា​ហា​នី​ភ័យ​ខ្ពស់​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​ការប្រកបមុខរបរ។

លោក​បន្តថា “ចំណែក​អតិថិជន​បានដាក់​សំណើសុំ​ពន្យា​ពេល​ការបង់ប្រាក់​មក​ក្រុមហ៊ុន​ច្រើន​ដែល​ធ្វើឱ្យ​ចំណូល​មានការ​ធ្លាក់ចុះ ។ ជាមួយគ្នានេះ យើង​ក៏បាន​ពិភាក្សា​ជាមួយ​អតិថិជន​ផងដែរ ពី​ផលប៉ះពាល់​នេះ ហើយ​បើ​យើង​មិន​យល់ព្រម​អនុគ្រោះ តាម​សំណើ​របស់​ពួកគេ និង​ធ្វើឱ្យ​អតិថិជន​រត់ចោល​យើង បើ​យើង​អនុគ្រោះ​ធំពេកៗ ក៏មាន​បញ្ហា​ហិរញ្ញវត្ថុ​ផងដែរ។ ដូច្នេះ​យើង​ត្រូវ​ថ្លឹងថ្លែង​ពី​បញ្ហា​នេះ” ។

លោក​ច្រឹ​ក  សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​បាន​នឹង​កំពុង​ថមថយ​ក្នុង​រយៈពេល​ខ្លី​ជាពិសេស​ក្នុងអំឡុង​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩ នេះ យ៉ាងណាក៏ដោយ​សកម្មភាព​នៃ​ការរកស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​នៅតែមាន​សកម្មភាព​រស់​រ​ង្វើ​ក ដែល​ប្រការនេះ​ជំរុញ​ឱ្យ​វ​ស័​យ​អចលនទ្រព្យ​នៅតែ​បន្តទៅ​ឆ្ពោះទៅមុខ។

លោក​បន្តថា បើទោះបី​ពួកគេ នៅ​សម្ងំ​ក្នុងផ្ទះ តែ​ពួកគេ​នៅតែ​ស្រាវជ្រាវ​តាមរក​ទិញ និង​លក់ដូរ​ជាប្រចាំ​ដែរ ប្រការនេះ នឹងមិន​ធ្វើឱ្យ​វិស័យ​អចលន​ទ្រ​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច មិន​ថមថយ​ខ្លាំង​នោះទេ ខណៈដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ជំ​ង​កូ​វីដ​នេះ ក៏ដោយ។

លោក​បន្ថែមថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​បាន​ទទួលរងផ្ទួនៗ នៃ​ការ​ថមថយ​តាមរយៈ​ការបិទ​ល្បែង​អន​ឡាញ ការចូល​ឆ្នាំ​សកល ចូលឆ្នាំ​ចិន និង​ចុងក្រោយ​បំផុត​គឺ​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩ តែ​យ៉ាងណាក៏ដោយ​គឺ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​នឹង​កំពុង​គិត​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ៕