គម្រោង The Peak នៅតែមានវឌ្ឍនភាព ទោះបីប្រឈមនឹងបញ្ហាមួយចំនួន

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោង The Peak ដែលជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំនៅដ្ឋាន នៅតែបន្តមានវឌ្ឍនភាពសាងសង់ជាបន្តបន្ទាប់ ទោះបីជាត្រូវប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការខ្វះខាតកម្លាំងពលកម្ម និងការពន្យាពេលផ្គង់ផ្គង់ទីផ្សារអំឡុងពេលវិបត្តិ Covid-19 ក្តី។

ក្រុមហ៊ុន Oxley Gem (Cambodia) Co., LTD ដែលជាក្រុមហ៊ុនម្ចាស់គម្រោងអភិវឌ្ឍន៍ចម្រុះ The Peak ទើបតែប្រកាសកាលពីខែមីនាកន្លងមុននេះថា គម្រោងសាងសង់ The Peak បានផ្លាស់ប្តូរក្រុមហ៊ុនសាងសង់ហើយដោយប្រគល់ជូនការងារនេះទៅឱ្យក្រុហ៊ុន China Railway Urban Construction Group Co,. Ltd វិញ។ មកទល់ពេលនេះដំណើរការនៃការសាង់សង់នៅតែបន្តជាធម្មតា ទោះបីជាមានការរអាក់រអួលបន្តិចបន្តួចដោយសារមេរោគ Covid-19 យ៉ាងណាក្តី។

ក្រុមហ៊ុន China Railway Urban Construction Group Co,. Ltd បានស្វែងរកដំណោះស្រាយយ៉ាងជោគជ័យដើម្បីពន្លឿនវឌ្ឍនភាពគម្រោង ដោយបង្កើនដំណើរការសាងសង់ទាំងយប់ទាំងថ្ងៃ ជាមួយកម្លាំងពលកម្មបន្ថែម។

អគ្គនាយកសាខានៃក្រុមហ៊ុន China Railway Urban Construction Group លោក Jia Ruo Hua បានមានប្រសាសន៍ថ្លែងអំណរគុណដល់ចំពោះម្ចាស់គម្រោងដែលបានផ្តល់ទំនុកចិត្តនិងផ្តល់ឱកាសក្នុងការគ្រប់គ្រងគម្រោង The Peak នេះ។

គម្រោង The Peak ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជាគម្រោងអភិវឌ្ឍន៍ អគារចម្រុះកម្ពស់ ៥៥ជាន់ រួមមាន អគារ១សម្រាប់សណ្ឋាគារ និងការិយាល័យ ព្រមទាំង អគារចំនួន២ផ្សេងទៀត គឺជាអគារសម្រាប់ស្នាក់នៅ និងមានផ្សារទំនើប និងចំណតរថយន្ត ជាច្រើនជាន់៕

កម្ពុជាទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ ២,៥០០ លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញ៖ ទិន្នន័យពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស័យសំណង់របស់កម្ពុជាបានទាក់ទាញទុនវិនិយោគបានជាង ២,៥០០ លានដុល្លារពី ១០០០ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ពីក្រសួងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។

ក្រសួងបានឱ្យដឹងថា ទុនវិនិយោគពីវិស័យសំណង់នៅក្នុងត្រីមាស១នេះ បានកើនឡើង ៥១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាកម្ពុជាកំពុងជួបនឹងវិបត្តិ COVID-19។

ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់សំណង់គម្រោងជាង ១០០០ ដោយបានកើនឡើងលើសឆ្នាំមុន ១៧គម្រោងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០។

ទិន្នន័យខាងលើ បានឱ្យដឹងថា គម្រោងចំនួនជា ១០០០នេះមានទឹកប្រាក់ជាង ២.,៥០០លានដុល្លារ ធៀបនឹងឆ្នាំមុន មានទុនវិនិយោគត្រឹមតែជាង ១,៧០០លានដុល្លារប៉ុណ្ណោះ ពោលគឺទុននិយោគបានកើនឡើងជាង ៥១ ភាគរយ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលើកទិសដៅបន្ត” កាលពីខែមីនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ គម្រោងសាងសង់សំណង់ជាច្រើន នៅតែមានសកម្មភាពក្នុងការអភិវឌ្ឍដដែល ដោយចំនួនសរុបមានរហូតដល់៥២៣គម្រោង គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួនត្រឹមជាង៣០០គម្រោងតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ជាមួយនឹងការកើនឡើងនូវចំនួនគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យសំណង់នេះ បានជំរុញឱ្យទុនវិនិយោគកើនឡើងស្ទើរទ្វេដង ហើយវានឹងនៅតែបន្តកើនឡើងទៀត ប្រសិនបើបញ្ហានៃជំងឺCovid-19 ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពក្នុងពេលដ៏ខ្លីខាងមុខនេះ”។

របាយការណ៍ដដែលបង្ហាញទៀតថា គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ មាន៩៧ គម្រោងស្មើនឹង ១១៥អគារ, សំណង់លំនៅដ្ឋានមាន ៩០៦ គម្រោង, សំណង់បុរីលំនៅដ្ឋាន និងលក្ខណៈបុរី ១៩គម្រោងស្មើនឹងជាង ៤ពាន់ខ្នង, អគារផ្ទះល្វែងជាង ៥.៥០០ល្វែង, អគារស្នាក់នៅរួម ៤១ គម្រោង, សំណង់សណ្ឋាគារ ៩គម្រោង, សំណង់អគារពាណិជ្ជកម្ម ១១៤គម្រោង, សំណង់អគាររោងចក្រ ២៥ គម្រោង និងសំណង់អគារពហុមុខងារចំនួន ១៧ គម្រោង៕

ប្រាក់ចំនូលនៃការលក់សំបុត្រទស្សនាប្រាសាទអង្គរវត្តធ្លាក់ចុះជិត ៦០ភាគរយ ក្នុងរយៈពេល៤ខែនេះ

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រាសាទអង្គរវត្តដែលស្ថិតក្នុងខេត្តសៀមរាបទទួលបានប្រាក់ចំណូលត្រឹមតែ ១៧,៩៥ លានដុល្លារអាមេរិក ប៉ុណ្ណោះ ពីការលក់សំបុត្រចូលទស្សនាក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២០នេះ។ នេះបើតាមឱ្យដឹងពិសេចក្តីប្រកាសព័ត៌មានដែលត្រូវបានចែករំលែកជាសាធារណៈដោយគ្រឹះស្ថានអង្គរនៅថ្ងៃតី ០១ ឧសភា ឆ្នាំ ២០២០នេះ។

គ្រឹះស្ថានអង្គរដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងប្រាក់ចំណូលអង្គរបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រាក់ចំណូលដែលរកបានពីការលក់សំបុត្រទស្សនាប្រាសាទអង្គរនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងជិត ៦០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ចំនួនសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៨៤.៣១៧ នាក់ដែលធ្លាក់ចុះ ៦០.៥១ ភាគរយ ដោយបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៧៦ ម៉ឺនដុល្លារត្រូវបានបរិច្ចាគទៅមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា។

វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19។

កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពិផលប៉ះពាល់នៃជំងឺ Covid-19 លើវិស័យទេសចរណ៍អាស៊ាន តាមរយៈវីដេអូ Video Conference ដើម្បីស្វែងរកដំណោះស្រាយ រៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពជួយសង្ក្រោះវិស័យទេសចរណ៍នៅចំពោះមុខ។ ជាពិសេសគ្រោងផែនការស្តារឡើងវិញបន្ទាប់ពីវិបតិ្តជំងឺឆ្លងនេះកន្លងផុតទៅ៕

រដ្ឋបាលខេត្តក្រចេះគ្រោងប្រែក្លាយតំបន់ធម្មជាតិមួយកន្លែងមានដីទំហំ ១២ ហិកតា ជាតំបន់អេកូទេសចរណ៍

ដោយ ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះតាមរយៈសំណើររបស់វិនិយោគឯកជនគ្រោងប្រែក្លាយតំបន់ធម្មជាតិមួយកន្លែងដែលមានដីទំហំ ១២ ហិកតា និងមានសក្តានុពលធម្មជាតិមួយចំនួនដូចជា អូរ ព្រៃឈើ សត្វព្រៃ ដំណាំចំការ និងធនធានធម្មជាតិផ្សេងទៀតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទៅជាតំបន់អេកូទេសចរណ៍ ។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះ ថា តាមការស្នើសុំរបស់វិស័យឯកជន អភិបាលខេត្តក្រចេះ បានដឹកនាំមន្ត្រី ពាក់ព័ន្ធចុះពិនិត្យមើលទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចថា គួរឱ្យវិនិយោគបែបណាដើម្បីបានត្រឹមត្រូវក្បួនខ្នាតនៃវិស័យទេសចរណ៍។

លោកបន្តថា “តាមគម្រោង គឺយើងនឹងរៀបចំតំបន់នេះ ជាអេកូទេសចរណ៍ ដែលមានកន្លែងលេងកម្សាន្តផ្សេងៗ ដូចជាមានកន្លែងលេងទឹក កន្លែងចិញ្ចឹមសត្វ ផ្ទះសំណាក់ និងកន្លែងហូមចុកផ្សេងៗ ដើម្បីតម្រូវការភ្ញៀវទេសចរ”។

តែយ៉ាងណាក៏ដោយ លោក ប្រធានមន្ទីរទេសចរណ៍រូបនេះ មិនទាន់ហ៊ានប្រាប់ពីទំហំទឹកប្រាក់ដែលវិស័យឯកជនបណ្តាក់ទុនវិនិយោគនៅឡើយទេ ព្រោះខាងមន្ត្រីជំនាញខេត្តកំពុងធ្វើការសិក្សា និងវាយតម្លៃផលប៉ះពាល់នៅក្នុងតំបន់នេះ។

លោក ជួប រតនា បន្ថែមថា វិស័យឯកជនដែលនឹងចូលរួមវិនិយោគតំបន់អេកូទេសចរណ៍នេះបានស្នើសុំបីទីតាំងនៅក្នុងខេត្តក្រចេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកាន់តែច្រើនបន្ថែមទៀត តែ ការសម្រេចយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ ព្រោះទាំងរដ្ឋបាលខេត្ត និងវិស័យឯកជនកំពុងធ្វើការសិក្សាលម្អិតចំពោះគម្រោងនេះ។

លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះកាលពី ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងសុំសិទ្ធិវិនិយោគជាតំបន់អេកូទេសចរណ៍នេះ ដែលតាមរយៈការវិនិយោគមួយនេះនឹងអាចប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍តាមរយៈការអភិវឌ្ឍសម្បទាទេសចរណ៍ផ្សេងៗ ដែលអាចជួយការពារនូវធនធានធម្មជាតិ និងជួយបង្កើតមុខរបរឲ្យប្រជាពលរដ្ឋមូលដ្ឋានតាមរយៈវិស័យទេសចរណ៍អេកូទេសចរណ៍ផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បង្ហាញថា រហូតមកដល់ពេលនេះ ខេត្តក្រចេះ មានតំបន់អេកូទេសចរណ៍ចំនួន ៣កន្លែងរួមមានសហគមន៍អេកូទេសចរណ៍កោះសាមសិប សហគមន៍អូកូទេសចរណ៍កោះផ្តៅ និងសហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ និងមានរមណីយដ្ឋានទេសចរណ៍ចំនួន ១៦ កន្លែងរួមមាន ក្នុងនោះមានតែ ៤ ទៅ ៥ កន្លែងប៉ុណ្ណោះដែលពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត៕

តើគេប្រើប្រាស់វិធីសាស្ត្រអ្វីខ្លះ ដើម្បីដឹងអចលនទ្រព្យមួយមានតម្លៃក្រោមទីផ្សារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាទូទៅ នៅលើបណ្តាញផ្សព្វផ្សាយ ក៏ដូចជាប្រព័ន្ធឃោសនាមួយចំនួនដែលបង្ហាញពីតម្រូវការលក់អចលនទ្រព្យឱ្យកាន់តែឆាប់លក់ដាច់ ភាគច្រើនគេតែងប្រើពាក្យថា អចលនទ្រព្យតម្លៃទាបជាងទីផ្សារ ដែលជាការផ្តល់ឱកាសចំណេញដល់អ្នកទិញ។ សំណួរសួរថា តើធ្វើដូចម្ដេចទើបអាចដឹងថា អចលនទ្រព្យទាំងអស់នោះពិតជាមានតម្លៃទាបជាងផ្សារ ហើយមានឯកត្តាអ្វីដើម្បីយកមកប្រៀបធៀប ?

ជាការចែករំលែកចំណេះដឹង លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ថា តម្លៃនៅលើទីផ្សារ គឺជាតម្លៃដែលត្រូវបានឆ្លងកាត់ការវាយតម្លៃពីសំណាក់អ្នកជំនាញ ហើយបានដាក់លក់ជាតម្លៃចរន្តទីផ្សាររួម។ ដោយឡែកសម្រាប់តម្លៃទាបជាងទីផ្សារ គឺជាការដាក់លក់ក្នុងតម្លៃទាបជាងការវាយតម្លៃរួម ដែលទទួលស្គាល់ដោយអ្នកជំនាញ។

លោកស្រីបានលើកជាឧទាហរណ៍ថា “នៅក្នុងតំបន់មួយតម្លៃដីធ្លីត្រូវបានបណ្តាអ្នកជំនាញវាយតម្លៃ និងទទួលស្គាល់តម្លៃទីផ្សារប្រមាណ២០០ដុល្លារក្នុង១ម៉ែត្រការ៉េ ប៉ុន្តែដោយសារតែម្ចាស់អចលនទ្រព្យ ឬម្ចាស់ដីធ្លីមានតម្រូវការផ្នែកចរន្តសាច់ប្រាក់ចាំបាច់ ហើយត្រូវបានប្រកាសដាក់លក់ត្រឹម ១៩០ ឬទាបជាងនេះ ដូច្នេះមានន័យថា តម្លៃដែលប្រកាសលក់នេះជាតម្លៃដែលទាបជាងទីផ្សារ”។

លោកស្រីបានបញ្ជាក់ថា “ចំពោះការវាយតម្លៃដីធ្លី ឬអចលនទ្រព្យនៅតំបន់ណាមួយ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានការសិក្សាលម្អិតពីកត្តារួមផ្សំ និងជាក់ស្ដែង ដូចជាសកម្មភាពនៃការអភិវឌ្ឍ ភាពជាក់ស្ដែងនៃកត្តាប្រជាសាស្ត្រ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជននៅក្នុងតំបន់នាពេលអនាគតជាដើម”។

ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រ និងគោលការណ៍នៃការវាយតម្លៃអចលនទ្រព្យឱ្យមានភាពសុក្រិត្យ ត្រឹមត្រូវ និងសមស្របទៅនឹងទីផ្សាររួម ត្រូវបានលោកស្រីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ចេវ សុឃុន បញ្ជាក់ថា ៖ តម្លៃទីផ្សារ គឺជាតម្លៃមួយដែលបានប៉ាន់ប្រមាណលើទ្រព្យសកម្មណាមួយ តាមរយៈកាលបរិច្ឆេទដែលតម្លៃនោះមានការព្រមព្រៀងរវាងអ្នកទិញ និង អ្នកលក់មានឆន្ទៈរួមនៅក្នុងប្រតិបត្តិការទិញលក់មួយ បន្ទាប់ពីបានធ្វើការសិក្សាតម្លៃតាមទីផ្សារបានត្រឹមត្រូវ ដោយផ្អែកលើចំណេះដឹងដោយប្រុងប្រយ័ត្ន និងដោយគ្មានការបង្ខិតបង្ខំ។

ដោយឡែក ចំពោះវិធីសាស្ត្រទីផ្សារ ឬប្រៀបធៀបការលក់ អាចជួយឱ្យយើងមានភាពងាយស្រួលក្នុងការកំណត់តម្លៃមួយដែលល្អ និងអាចទុកចិត្តបានថា ស្ថិតនៅតម្លៃទីផ្សារ ឬទាបជាងទីផ្សារ ដែលវិធីសាស្ត្រទីផ្សារបែបនេះ ត្រូវបានទាញចេញដោយការប្រៀបធៀបអចលនទ្រព្យដែលរងនូវការវាយតម្លៃចំពោះលក្ខណៈសម្បត្តិស្រដៀងគ្នា និងបានលក់ដាច់ថ្មីៗ។ បន្ទាប់មកទាញឯកត្តាសមស្របនៃការប្រៀបធៀប និងការធ្វើឱ្យការកំណត់តម្រូវទៅលើតម្លៃលក់នៃការប្រៀបធៀបដោយផ្អែកលើធាតុនៃការប្រៀបធៀបតាមរយៈការបរិច្ឆេទ ការលក់ទិញ ទីតាំង ទំហំ អាយុកាលសំណង់ រចនាបទ សេវាផ្សេងៗ និងកត្តាផ្សេងៗទៀត។ វិធីសាស្ត្រនៃការប្រៀបធៀបក្នុងការវាយតម្លៃអចលនទ្រព្យ គឺផ្អែកជាចម្បងទៅលើគោលការណ៍នៃការជំនួស ដោយការសន្មត់ថា នឹងចំណាយទៅលើអចលនទ្រព្យមិនច្រើនជាងតម្លៃដើម្បីទិញអចលនទ្រព្យប្រៀបធៀបជំនួស៕

ផ្សារហ៊ុនកម្ពុជាកាន់តែមានការទាក់ទាញក្រុមហ៊ុនចូលរួមបោះមូលបត្រកាន់តែច្រើន

ដោយ ប៊ី

ភ្នំពេញ៖ ផ្សារហ៊ុនកម្ពុជារហូតមកពេលនេះបាននិងកំពុងទាក់ទាញក្រុមហ៊ុន និងគ្រឹះស្ថានហិរញវត្ថុជាច្រើនក្នុងការចូលរួមបោះមូលបត្រកាន់ច្រើន បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិCOVID-19 ក៏ដោយ។

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA Cambodia) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានចុះបញ្ជីលក់មូលបត្របំណុលចំនួន ៨០ពាន់លានរៀល ដែលស្មើនឹង២០លានដុល្លារអាមេរិក ដែលមានរយៈពេល៥ឆ្នាំជាមួយអត្រាគូប៉ុង ៥.៥០%ក្នុងមួយឆ្នាំនៅផ្សារមូលបត្រកម្ពុជា ដែលជាការ បោះផ្សាយលក់មូលបត្របំណុល លើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ”) បានបញ្ចប់ដំណើរការបរិវិសកម្ម កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ ធនាគារបានទទួលការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា លើលទ្ធផលនៃការធ្វើបរិវិសកម្ម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

ទាក់ទងនឹងការបោះផ្សាយមូលបត្របំណុលរបស់ RMA Cambodia លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយតករមូលបត្ររបស់កម្ពុជា បានឱ្យដឹងដែរថា ការបោះផ្សាយមូលបត្របំណុល ដោយជោគជ័យរបស់ RMA Cambodia នឹងក្លាយជាគំរូមួយសម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុល ដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើស ឧបករណ៍ហិរញ្ញវត្ថុថ្មីមួយសម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន។

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងដែរថា ទោះបីមានស្ថានភាពទីផ្សារ មានភាពមិននឹងនរក៏ដោយ នឹងនៅតែបន្តសម្រេច ក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន RMA Cambodia នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។

សម្រាប់ធនាគារអេស៊ីលីដាបានទទួលការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា “ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏វិនិយោគិនប្រមាណ ២.៤៩៧ នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគនៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី”។

លោក បានមានប្រសាសន៍ថា “ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្តរបស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា”។

លោកបានបន្ថែមថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០ ។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា” ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែងមួយ។

លោក Han Kyung Tae បានថ្លែងបន្តថា ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្តោតលើការបង្កើនសន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់”។

លោក បានបន្តថា “យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្រ្តជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ”៕

MSMEs និងប្រភេទអាជីវកម្មបង្កើតថ្មីនៅកម្ពុជាកំពុងរងប៉ះពាល់ដោយបញ្ហាកូវីដ១៩

ដោយវុត្ថា

ភ្នំពេញៈ សហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) និងប្រភេទអាជីវកម្មបង្កើតថ្មី( Tech Startup)នៅកម្ពុជា កំពុងទទួលរងផលបះពាល់ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ខណៈស្ថាប័នពាក់ព័ន្ធបាននិងកំពុងស្វែងរកដំណោះស្រាយសមស្របជួយឱ្យកាន់តែប្រសើរក្រោយចប់កូវីដ១៩។


នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍នៅថ្ងៃទី ខែឧសភា ឆ្នាំ ២០២០ នេះ បន្ទាប់ពីកិច្ចប្រជុំវាង លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងកិច្ចប្រជុំជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្តីពីការវាយតម្លៃផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើ MSMEs និង Tech Startup នៅកម្ពុជា

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺមានសារ:សំខាន់ ដើម្បីបានស្តាប់បទឧទ្ទេសនាម នូវលទ្ធផលអង្កេតស្រាវជ្រាវពីអ្នកជំនាញ និងការផ្លាស់ប្តូរយល់ទាក់ទងនិងផលបច្ច័យដែលជាវិបត្តិបង្កឡើងពីជំងឺកូវីដ១៩ ទៅលើវិស័យ MSMEs និងប្រភេទអាជីវកម្មបង្កើតថ្មី ( Tech Startup )នៅកម្ពុជា

លោកទេសរដ្ឋមន្ត្រីបន្តថា យើងក៏អាចប្រមូលធាតុចូល តាមរយ:អនុសាសន៍ ក៏ដូចជាកង្វល់នានា ដែលបានលើកឡើងពីវាគ្មិនពាក់ព័ន្ធ រួមជាមួយវិធានការណ៌ជាអាទិភាពមួយចំនួនដែលត្រូវប្រកាន់យក ដើម្បីស្តារភាពរស់រវើកឡើងវិញ ក្រោយពីវិបត្តិCovid-19 បានថមថយនិងរលត់ទៅ។

លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន  ឱ្យដឹងថា កិច្ចសហការដ៏ល្អរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើគំនិតផ្តួចផ្តើមមួយចំនួនបានជួយលើកកំពស់វិស័យ MSMEs និងប្រភេទអាជីវកម្មបង្កើតថ្មី (Tech Startup) នៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។


លោកបន្ថែមថា “”លទ្ធផលបង្ហាញពីការអង្កេត ស្រាវជ្រាវ ចាត់ទុកជាការពាំនាំនូវសម្លេងនៃវិស័យឯកជនពាក់ព័ន្ធខាងលើ ដើម្បីពិនិត្យមើលថាតើបច្ច័យទាំងអស់នេះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ប្រកាន់យកវិធានការណ៌ រឺកត្តាអាទិភាពយ៉ាងណាខ្លះ? ដើម្បីគាំទ្រទៅដល់ Eco-Systemរបស់យើង ដូចជាតាមរយ:វិធានការណ៍ហិរញវត្ថុ គោលនយោបាយ ពន្ធដា និងពាក់ព័ន្ធធនាគារដែលផ្តល់កម្ចីជាដើម

លោកស៊ឹម ច័ន្ទគីរីរ័ត្ន តំណាងមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងដែរថា  ផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) និងប្រភេទអាជីវកម្មបង្កើតថ្មី (Tech Startup) នៅកម្ពុជា បានចាប់ផ្តើមឡើងកាលពីចុងខែមីនា និងចុងខែមេសាឆ្នាំ២០២០កន្លងមក។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ឱ្យដឹងបន្ថែមថា ផលប៉ះពាល់ពីជំងឺកូវីដ១៩ បានបង្អាក់ដំណើររីកលូតលាស់សេដ្ឋកិច្ចជាសកល។ ចំពោះកម្ពុជាក៏ដូចគ្នា ផ្តើមចេញពីបញ្ហានេះ ពិតណាស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារអភិវឌ្ឍន៍ វិស័យធនាគារ និងដៃគូឯកជនត្រូវរួមគ្នារិះរកមធ្យោបាយសមស្រប ដើម្បីធ្វើឲ្យប្រសើរឡើងវិញនៃឱកាអាជីវកម្មក្រោយ កូវីដ១៩

លោកចម ប្រសិទ្ធថ្លែងថា  យើមិនអាចធ្វើអ្វីដោយគ្មានការវិភាគ និងកំណត់មុខសញ្ញាច្បាស់លាស់ទេ គឺយើត្រូវកំណត់កត្តាអាទិភាព តាមវិស័យនីមួយៗ ហើយក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គសំខាន់ក្នុងការចូលរួមសហការទាំងអស់គ្នា


រដ្ឋាភិបាលអនុម័តទុនវិនិយោគ ៦៣០លានដុល្លារ លើគម្រោងវិនិយោគចំនួន ៣៧

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៣០ថ្ងៃនៃដើមត្រីមាសទី២ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានទុនវិនិយោគបន្ថែមរហូតដល់ជិត៦៣០លានដុល្លារ ទៅលើគម្រោងចំនួន៣៧ ដែលមានទីតាំងប្រតិបត្តិការនៅតាមបណ្តាខេត្ត ក្រុង និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងនៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះខេត្តកំពង់ស្ពឺស្ថិតនៅជួរមុខគេដោយទទួលបានគម្រោងចំនួន៩។

តាមរយៈការទិន្នន័យដែលបានបង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា នៅក្នុងរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ដល់៣០ ខែមេសា កន្លងទៅនេះ រាជរដ្ឋាភបាលកម្ពុជា បានគាំទ្រ និងអនុម័តទៅលើគម្រោងស្នើសុំវិនិយោគថ្មីចំនួន៣៧ ដែលមានទុនសរុបប្រមាណ៦២៩,៥លានដុល្លារ។

គម្រោងវិនិយោគទាំងអស់នេះ រួមមានផ្នែកឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង រោងចក្រកាបូប រោងចក្រក្តាបន្ទះ រោងចក្រផលិតចំណីសត្វ រោងចក្រកែច្នៃ និងវេចខ្ចប់ រោងចក្រដែក រោងចក្រផលិតបន្ទះអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ រោងចក្រស្រាបៀរ គម្រោងសាងសង់សណ្ឋាគារ មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។

តាមរយៈទិន្នន័យដែលបានបង្ហាញខាងលើបានបញ្ជាក់ថា គម្រោងវិនិយោគទាំង៣៧ នេះនឹងបង្ហាញវត្តមាននៅក្នុងខេត្ត/ក្រុងផ្សេងៗគ្នានៅទូទាំងប្រទេស ដូចជាខេត្តកំពង់ស្ពឺមានចំនួន ៩គម្រោង មានទំហំទឹកប្រាក់សរុបចំនួន ៩៤,៧ លានដុល្លារ, រាជធានីភ្នំពេញមាន ៧គម្រោង ទំហំទឹកប្រាក់សរុបចំនួន ២២១លានដុល្លារ, ខេត្តព្រះសីហនុមានចំនួន ៥គម្រោង ទំហំទឹកប្រាក់សរុបចំនួន ៧៤,៣លានដុល្លារ, ខេត្តស្វាយរៀងមានចំនួន ៣គម្រោង ទំហំទឹកប្រាក់សរុបចំនួន ៦,៩៨លានដុល្លារ, ខេត្តតាកែវមានចំនួន ៣គម្រោង ទំហំទឹកប្រាក់ ១៣,៨លានដុល្លារ។

ក្រៅពីនេះនៅមានខេត្តកណ្តាលចំនួន ២គម្រោង ទំហំទឹកប្រាក់សរុបចំនួន ១៦៥,៦លានដុល្លារ , ខេត្តពោធិ៍សាត់ចំនួន ២គម្រោង ទំហំទឹកប្រាក់សរុបចំនួន១៣,៦លានដុល្លារ, ខេត្តកំពង់ចាមចំនួន ២គម្រោង ទំហំទឹកប្រាក់សរុបចំនួន ១៨,៤លានដុល្លារ, ខេត្តកោះកុងចំនួន ១គម្រោង ទំហំទឹកប្រាក់ចំនួន ៦លានដុល្លារ, ខេត្តត្បូងឃ្មុំចំនួន ១គម្រោង ទំហំទឹកប្រាក់ ២,១លានដុល្លារ, ខេត្តស្ទឹងត្រែងមានចំនួន ១គម្រោង ទំហំទឹកប្រាក់ចំនួន ២,៧លានដុល្លារ និងខេត្តបន្ទាយមានជ័យមានចំនួន ១គម្រោង ទំហំទឹកប្រាក់ចំនួន ១០,៤លានដុល្លារ ៕

កម្ពុជាស្នើឱ្យអាមេរិកជួយគាំទ្រលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាស្នើឱ្យសហរដ្ឋអាមេរិកពិចារណាក្នុងការជួយគាំទ្រលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាពដល់មន្ត្រីជំនាញនៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវវគ្គបណ្តុះបណ្តាលឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង Los Angeles ជាដើម។

សំណើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅទីស្តីការក្រសួង ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ចំពោះសំណើររបស់ភាគីកម្ពុជានេះ នឹងទទួលយកទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។

លោកបន្តថា សម្រាប់ខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខែនីមួយៗនៃឆ្នាំនេះនឹងផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដូចជាខែមេសា និងឧសភា គឺជាខែសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ រីឯខែកញ្ញា ត្រូវផ្តោតលើប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មកកាន់ កម្ពុជាជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។

លោកបន្ថែមទៀតថា ចំពោះស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរ រួមទាំងស្ថានភាពសេដ្ឋកិច្ច ជាពិសេសការធ្វើចរាចរណ៍ដោយរលូននៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ទោះបីជាមានការអនុវត្តនូវវិធានការចត្តាឡីស័ក ដែលដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ចំពោះបញ្ជាការនាវិកបរទេសដែលចូលមកកម្ពុជា និងចំពោះការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោកជាមួយប្រទេសវៀតណាម ដើម្បីបញ្ចៀសការចម្លងនៃជំងឺនេះ តម្រូវឱ្យមានការផ្លាស់ប្តូរអ្នកបើកបររថយន្តដឹកទំនិញនៅតំបន់ស៕

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ រដ្ឋាភិបាលនឹងរៀបចំកញ្ចប់វិធានការពិសេសជួយអន្តរាគមន៍ដល់វិស័យឯកជន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសិក្សាលម្អិតទៅលើការរៀបចំជាកញ្ចប់វិធានការថ្មីសម្រាប់ជួយអន្តរាគមន៍ដល់វិស័យឯកជននានា ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាចំណែកនៃឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិកាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយវិស័យឯកជនស្ដីពីស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានានៅក្នុងបរិបទជំងឺ Covid-19 កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺ Covid-19 នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួមក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុងទូកតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា។ វិស័យឯកជន និងរាជរដ្ឋាភិបាល ត្រូវបន្តសហការយ៉ាងជិតស្និទ្ធក្នុងការត្រៀមកម្លាំងរួចជាស្រេចក្នុងការចាប់យកកាលានុវត្តភាពថ្មីនានាដែលអាចកើតមានឡើងក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺ Covid-19 ”។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា “ការចូលរួមចំណែកក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ ក្នុងការជួយស្ដារការអភិវឌ្ឍប្រទេសកម្ពុជាក្នុងអំឡុងពេលលំបាកនេះ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៣ជុំរួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់នៅក្នុងវិស័យសំខាន់ៗដោយគិតគូរលើគ្រប់ទិដ្ឋភាពដូចជា ទី១-ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តអាជីវកម្មបាន។ ទី២-ជួយដល់កម្មករ និយោជិត ដែលបាត់បង់ ឬព្យួរការងារឱ្យមានលំនឹងជីវភាព ហើយទី៣-ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

នៅក្នុងកិច្ចប្រជុំពិសេសនេះ តំណាងធុរជនសំខាន់ៗនៃវិស័យឯកជន លើកឡើងពីការវាយតម្លៃស្ថានភាពធុរកិច្ចបច្ចុប្បន្ននៅកម្ពុជា ជាពិសេសបញ្ហាដែលកំពុង ជួបប្រទះក្នុងវិស័យនីមួយៗបន្ថែមទៀត និងស្នើជាវិធានការជូនរាជរដ្ឋាភិបាលពិចារណា សំដៅចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះ វិស័យឯកជនក៏បានសម្ដែងឆន្ទៈយ៉ាងមុះមុត និងការអត់ធ្មត់របស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងពាក់ព័ន្ធនានា។

ការរីករាលដាលនៃជំងឺ Covid-19 បាន និងកំពុងគំរាមកំហែងកាន់តែខ្លាំងមកលើដំណើរការអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយសារតែកំណើនសេដ្ឋកិច្ចតំបន់ និងសាកលមានការថមថយ ជាពិសេស ការធ្លាក់ចុះនៃតម្រូវការទីផ្សារខាងក្រៅ ការបិទការធ្វើដំណើររបស់ប្រទេសក្នុងតំបន់ និងសាកលលោក និងប្រសិទ្ធភាពនៅមានកម្រិតនៃការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺដែលកំពុងតែរាតត្បាតមួយនេះ ៕