អាគារ​ការិយាល័យ​ថ្មី​ចំនួន៦ បាន​ឈានចូល​ទីផ្សារ​ជួល​នៅ​កម្ពុជា ខណៈ​តម្លៃជួល​បាន​ធ្លាក់ចុះ

0

ដោយ៖ ប៊ី

ភ្នំពេញៈ អាគារ​ការិយាល័យធំៗចំនួន៦ ត្រូវបាន​សាងសង់​បញ្ចប់​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២០ បើទោះបី​អាត្រា​ជួល​ការិយាល័យ​ធ្លាក់ចុះ៤,៥ ភាគរយ នៅ​ត្រីមាស​ទី២ ឆ្នាំ២០២០ ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគារ​ការិយាល័យ​ជួល នៅ​បន្ត​កើនឡើង​រហូតដល់​ជិត៦០,០០០ម៉ែត្រការ៉េ​រហូតដល់​ចុងឆ្នាំ​នេះ។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា គម្រោង​ការិយាល័យ​ជួលថ្មីៗចំនួន៥ រួមមាន​គម្រោង​ការិយាល័យ Grade B មាន១គម្រោង និង​គម្រោង Grade C មាន​ចំនួន៤ គម្រោង ត្រូវបាន​បញ្ជ​ប់​នៅក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២០នេះ ខណៈ​គម្រោងកា​រិ​យោ​ជួល​សហកម្ម​សិទ្ធ១ បានបញ្ចប់​នៅ​ត្រីមាស​ទី២នេះ។

តម្លៃ​ជួល​ការិយាល័យ Grade B នៅ​តំបន់​ពាណិជ្ជកម្ម ធ្លាក់ចុះ៣,១ភាគរយ ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ខណៈ​តម្លៃ​ជួល​ការិយាល័យ Grade B នៅក្រៅ​តំបន់​ពាណិជ្ជកម្ម​ធ្លាក់ចុះ២,៩ភាគរយ។

ផ្ទុយទៅវិញ តម្លៃ​ជួល​ការិយាល័យ Grade C នៅ​តំបន់​ពាណិជ្ជកម្ម មាន​កើនឡើង ៨.០ភាគរយ នៅក្នុង​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ហើយ​តម្លៃ​ជួល​ការិយាល័យ Grade C នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ។

របាយការណ៍​បានឱ្យដឹងថា អ្នក​ជួល​ដែលមាន​ស្រាប់ នៅតែមាន​បំណង​បន្ត​ការជួល​របស់​ពួកគេ ហើយ​រំពឹងថា​ការផ្គត់ផ្គង់​ការិយាល័យ​ជួល​ថ្មី ដែលមាន​ទំហំ ៥៩,០០០ ម៉ែត្រការ៉េ​នឹង​ចូលមកក្នុង​ទីផ្សារ​នៅ​ចុងឆ្នាំ២០២០នេះ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​ប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺឆ្លង ចាប់តាំងពី​ពាក់កណ្តាល​ត្រីមាស​ទី១ ឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួល​អាគារ​ការិយាល័យ​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

លោកស្រី​បន្តថា “ទីផ្សារ​នៃ​ការជួយ​អាគារ​ការិយាល័យ នៅក្នុង​ត្រីមាស​ទី១ឆ្នាំនេះ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ប៉ុន្តែ​នៅត្រឹម​ដើម​ត្រីមាស​ទី២ ហាក់​មាន​ភាព​ងើប​ឡើងវិញ​បន្តិច ដោយសារតែ​ការគ្រប់គ្រង​នៃ​ការ​រាលដាល នៃ​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ម្ចាស់​អាគារ​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​បញ្ចុះតម្លៃ ដើម្បី​ជួយ​សម្រាល​ដល់​អតិថិជន​ចាស់ និង​ឈោង​ចាប់យក​អតិថិជន​ថ្មី” ។

លោកស្រី​អាន សុធី​តា​បាន​បន្តទៀតថា បច្ចុប្បន្ននេះ តាម​ការមើល​ពី​ភាពជាក់ស្ដែង ទីផ្សារ​ជួល​អាគារ​ការិយាល័យ ហាក់​មាន​ភាពល្អប្រសើរ​ជាង​ពេលមុន​បន្តិច ហើយក៏​ល្អ​ជាង​ទីផ្សារ​ជួល ទីតាំង​លក់រាយ​នៅតាម​បណ្តា​ផ្សារ​នើ​ប​ផងដែរ ដែល​គេ​រំពឹងថា នឹង​កាន់​តែមាន​ស្ថាន​ភាពល្អ​ជាង​នេះ​នៅ​ត្រីមាស​បន្ទាប់ ជាពិសេស​នៅ​ដើមឆ្នាំ​ក្រោយ ខណៈដែល​ការ​ភាពភ័យខ្លាច នៃ​ការឆ្លង​ជំងឺ​ត្រូវបាន​កាត់បន្ថយ ហើយ​ការគ្រប់គ្រង​ស្ថាន​ការ​របស់​រដ្ឋាភិបាល​កាន់តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here